« មេរៀនទី ៦១—គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៦:១–៦ ៖ ‹ អ្នករាល់គ្នាមិនត្រូវបណ្ដេញជនណាមួយឡើយ › » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៦:១–៦ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
នៅក្នុងឆ្នាំ ១៨៣១ ដោយសារការបៀតបៀន និងការរំខាន ពួកបរិសុទ្ធមួយចំនួនបានចាប់ផ្តើមការអនុវត្តដោយអនុញ្ញាតឲ្យតែសមាជិកសាសនាចក្រប៉ុណ្ណោះ ចូលរួមការប្រជុំថ្វាយបង្គំ ។ ទាក់ទងនឹងបញ្ហានេះ និងបញ្ហាផ្សេងទៀត យ៉ូសែប ស៊្មីធ បានអធិស្ឋានទូលសូមការណែនាំ ហើយបានទទួលវិវរណៈដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៤៦ ។ នៅក្នុងវិវរណៈនេះ ព្រះអង្គសង្គ្រោះបានបញ្ជាសមាជិកសាសនាចក្រឲ្យស្វាគមន៍អ្នកទាំងអស់គ្នា « កំពុងតែព្យាយាមស្វែងរកនគរ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៤៦:៥ ) ដើម្បីចូលរួមកម្មវិធីថ្វាយបង្គំ ។ មេរៀននេះអាចជួយសិស្សឲ្យកែលម្អការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការបង្កើតបរិយាកាសស្វាគមន៍នៅឯការប្រជុំរបស់សាសនាចក្រ ។
សកម្មភាពរៀនសូត្រដែលអាចមាន
សូមពិចារណាអំពីមូលហេតុដែលអ្នកគិតថា ស្លាកសញ្ញានេះជាញឹកញាប់មានដាក់នៅសាលាប្រជុំដែលជាកម្មសិទ្ធិរបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
-
តើអារម្មណ៍ស្វាគមន៍នៅព្រះវិហារអាចរួមចំណែកដល់បទពិសោធន៍នៃការថ្វាយបង្គំរបស់មនុស្សដោយរបៀបណា ?
សូមពិចារណាបង្ហាញសំណួរខាងក្រោម ហើយអញ្ជើញសិស្សឲ្យវាយតម្លៃខ្លួនឯងដោយស្ងៀមស្ងាត់តាមរង្វាស់ ១ ( មិនដែល ) ដល់ ៥ ( ជានិច្ច ) ។ ពួកគេអាចកត់ត្រាចម្លើយរបស់ពួកគេនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
-
តើអ្នកមានអារម្មណ៍ស្វាគមន៍យ៉ាងណានៅក្នុងវួដ សាខា ឬថ្នាក់សិក្ខាសាលារបស់អ្នក ?
-
តើអ្នកព្យាយាមស្គាល់អ្នកដទៃឲ្យបានប្រសើរជាងមុនក្នុងព្រះវិហារញឹកញាប់ប៉ុនណា ?
-
តើអ្នកមានអារម្មណ៍ថា មិត្តភក្តិរបស់អ្នក និងមនុស្សផ្សេងទៀតនៅជិតខាងអ្នកនឹងមានអារម្មណ៍ស្វាគមន៍យ៉ាងណានៅកម្មវិធីថ្វាយបង្គំនៅព្រះវិហារ ?
នៅពេលអ្នកសិក្សាថ្ងៃនេះ សូមរកមើលការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ដែលអ្នកអាចប្រើដើម្បីជួយអ្នក និងអ្នកដទៃឲ្យមានអារម្មណ៍ស្វាគមន៍នៅព្រះវិហារ ។
សេចក្តីណែនាំរបស់ព្រះអម្ចាស់អំពីការស្វាគមន៍អ្នកដទៃ
សូមចែកចាយសេចក្តីសង្ខេបខាងក្រោម ដើម្បីជួយសិស្សឲ្យយល់អំពីបរិបទសម្រាប់ខគម្ពីរដែលពួកគេនឹងសិក្សា គោលលទ្ធិ និងសេចក្តីសញ្ញា ៤៦ ។
ក្នុងឆ្នាំ ១៨៣១ មានការព្រួយបារម្ភមួយដែលសមាជិកសាសនាចក្រមួយចំនួនបានបដិសេធមិនអនុញ្ញាតឲ្យមនុស្សដែលមិនមែនជាសមាជិកចូលរួមការប្រជុំថ្វាយបង្គំរបស់សាសនាចក្រ ។ ការអនុវត្តនេះបានកើតឡើង ដោយសារសត្រូវនៃសាសនាចក្ររំខានដល់កម្មវិធីថ្វាយបង្គំ ។ បន្ទាប់ពីយ៉ូសែប ស្ម៊ីធ បានអធិស្ឋានទូលសូមការណែនាំ ព្រះអម្ចាស់បានបើកសម្ដែងការបង្រៀនសំខាន់ៗអំពីរបៀបដែលពួកបរិសុទ្ធគួរដឹកនាំការប្រជុំរបស់ខ្លួន ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៤៦:១–៦ រកមើលការណែនាំរបស់ព្រះអង្គសង្គ្រោះអំពីអ្នកដែលចង់ចូលរួមការប្រជុំក្នុងព្រះវិហារ ។
-
តើអ្នកបានរៀនអ្វីខ្លះចេញពីខគម្ពីរទាំងនេះអំពីរបៀបព្រះអម្ចាស់ចង់ឲ្យយើងប្រព្រឹត្តចំពោះអ្នកដទៃនៅក្នុងការប្រជុំក្នុងព្រះវិហាររបស់យើង ?
សិស្សអាចរកឃើញសេចក្តីពិតដែលស្រដៀងគ្នាដូចតទៅនេះ ៖ ព្រះអម្ចាស់បានបញ្ជាយើងឲ្យស្វាគមន៍មនុស្សគ្រប់គ្នាចូលក្នុងការប្រជុំរបស់ព្រះវិហារយើង ។
ដើម្បីបញ្ជាក់ពីសារៈសំខាន់នៃសេចក្ដីពិតនេះ វាអាចនឹងមានអត្ថប្រយោជន៍ក្នុងការឲ្យសិស្សអាន នីហ្វៃទី៣ ១៨:២២–២៥ ។ អ្នកក៏អាចឲ្យសិស្សអានកថាខណ្ឌនៅក្រោមចំណងជើងថា « ប្រព្រឹត្តចំពោះមនុស្សគ្រប់គ្នាដូចជាបុត្ររបស់ព្រះ » នៅក្នុង « ស្រឡាញ់ព្រះ និងស្រឡាញ់អ្នកជិតខាងរបស់អ្នក » នៃផ្នែក ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំសម្រាប់ធ្វើការជ្រើសរើស ( [ ឆ្នាំ ២០២២ ] ទំព័រ ១២ ) ។
-
ហេតុអ្វីបានជាអ្នកគិតថា ការស្វាគមន៍អ្នកដទៃមានសារៈសំខាន់ខ្លាំងចំពោះព្រះអង្គសង្គ្រោះនៅក្នុងសាសនាចក្ររបស់ទ្រង់ ?
-
តើមានឧបសគ្គអ្វីខ្លះនៅសម័យរបស់យើង ដែលអាចនឹងធ្វើឲ្យមានការលំបាកសម្រាប់នរណាម្នាក់ក្នុងការទទួលអារម្មណ៍ស្វាគមន៍ក្នុងការប្រជុំក្នុងព្រះវិហារ ?
-
តើមានអ្វីជាក់លាក់ខ្លះដែលយើងអាចធ្វើបាន ដើម្បីជួយអ្នកដទៃឲ្យមានអារម្មណ៍ស្វាគមន៍ក្នុងការប្រជុំក្នុងព្រះវិហាររបស់យើង ?
ជាផ្នែកនៃការពិភាក្សានៃសំណួរមុន សូមពិចារណាបង្ហាញវីដេអូ « Inviting Others to ‹ Come and Stay › » ( ១:៣៩ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
1:39
ពេលមនុស្សមានអារម្មណ៍ស្វាគមន៍នៅព្រះវិហារ ពួកគេនឹងចង់នៅដោយឯកឯង។ វីដេអូនេះសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយបង្ហាញពីរបៀបសាមញ្ញដើម្បីជួយដល់ភ្ញៀវឲ្យមានភាពកក់ក្ដៅ ពេលពួកគេមកព្រះវិហារជាលើកដំបូង។
ព្រះយេស៊ូវគ្រីស្ទជាគំរូនៃការស្វាគមន៍មនុស្សទាំងអស់គ្នា
ព្រះអង្គសង្គ្រោះគឺជាគំរូដ៏ល្អឥតខ្ចោះនៃការអញ្ជើញ និងស្វាគមន៍មនុស្សគ្រប់គ្នា ។ សូមស្វែងរកឧទាហរណ៍មួយ ឬច្រើនចេញពីបទគម្ពីរដែលព្រះយេស៊ូវកំពុងស្វាគមន៍ និងពេញដោយក្តីស្រឡាញ់ដល់មនុស្សទាំងអស់គ្នា ។
ប្រសិនបើសិស្សត្រូវការការណែនាំបន្ថែម អ្នកអាចប្រាប់ពួកគេឲ្យទៅកាន់វគ្គបទគម្ពីរដូចជា ម៉ាថាយ ៩:៩–១៣; ១៩:១៣–១៥; លូកា ១៩:១–១០ ឬ នីហ្វៃទី៣ ១១:១២–១៥ ។ សូមពិចារណាអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេរកឃើញ ហើយពិភាក្សាអំពីចម្លើយរបស់ពួកគេចំពោះសំណួរខាងក្រោម ។ អ្នកអាចអញ្ជើញសិស្សឲ្យធ្វើកំណត់ចំណាំខ្លះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេជាមួយនឹងគំនិតអំពីរបៀបដែលពួកគេអាចធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ។
សូមសង្កត់ធ្ងន់លើគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ៖ សម្រាប់ជំនួយបន្ថែមក្នុងការអញ្ជើញសិស្សឲ្យមើលអំពីរបៀបដែលព្រះអង្គសង្គ្រោះបង្ហាញឧទាហរណ៍អំពីអ្វីដែលពួកគេកំពុងរៀន សូមមើលការបំពាក់បំប៉នដែលមានចំណងជើង « សង្កត់ធ្ងន់លើគំរូរបស់ព្រះយេស៊ូវគ្រីស្ទ » ដែលមាននៅក្នុង ជំនាញការអភិវឌ្ឍគ្រូបង្រៀន ៖ ផ្តោតលើព្រះយេស៊ូវគ្រីស្ទ ។
សំណួរខាងក្រោមអាចប្រើដើម្បីជួយសិស្សចែកចាយនូវអ្វីដែលពួកគេបានរៀន និងទទួលអារម្មណ៍ ។
-
នៅពេលអ្នកបានសិក្សាគំរូរបស់ព្រះអង្គសង្គ្រោះ តើសេចក្ដីស្រឡាញ់របស់ទ្រង់បានធ្វើឲ្យមានភាពខុសគ្នាយ៉ាងណាចំពោះមនុស្សដែលទ្រង់មានទំនាក់ទំនងជាមួយ ?
-
តើអ្នកបានរៀនអ្វីខ្លះអំពីព្រះអង្គសង្គ្រោះពីអ្វីដែលអ្នកបានសិក្សា ដែលអ្នកអាចព្យាយាមធ្វើតាមនៅក្នុងជីវិតរបស់អ្នកផ្ទាល់ ?
សូមពិចារណាអញ្ជើញសិស្សឲ្យគិតអំពី និងចែកចាយបទពិសោធន៍ដែលពួកគេធ្លាប់មាន ដែលពួកគេបានឃើញពីភាពល្អ ដែលអាចមកពីការជួយអ្នកដទៃឲ្យមានអារម្មណ៍ស្វាគមន៍នៅក្នុងការប្រជុំនៅក្នុងព្រះវិហាររបស់យើង ។ អ្នកក៏អាចចែកចាយបទពិសោធន៍ចេញពីជីវិតផ្ទាល់ខ្លួនអ្នកផងដែរ ។
ការអនុវត្តការបង្រៀនរបស់ព្រះអង្គសង្រ្គោះ
សូមដាក់ផែនការដើម្បីអនុវត្តបទបញ្ជារបស់ព្រះអង្គសង្គ្រោះ ដើម្បីជួយមនុស្សទាំងអស់គ្នាឲ្យមានអារម្មណ៍ស្វាគមន៍នៅឯការប្រជុំនៅក្នុងព្រះវិហារ ។ សូមកត់ត្រាផែនការរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ សូមពិចារណាសំណួរដូចខាងក្រោមដើម្បីជួយអ្នកក្នុងផែនការរបស់អ្នក ៖
-
តើមានរបៀបជាក់លាក់អ្វីខ្លះដែលអ្នកអាចអនុវត្តតាមដំបូន្មានរបស់ព្រះអង្គសង្គ្រោះដែលអ្នកបានសិក្សានៅថ្ងៃនេះ ?
-
តើអ្នកអាចធ្វើអ្វីខ្លះដើម្បីកាន់តែទទួលអារម្មណ៍ស្វាគមន៍នៅក្នុងការប្រជុំនៅក្នុងព្រះវិហារសម្រាប់ខ្លួនឯង ?
សូមពិចារណាអញ្ជើញសិស្សឲ្យខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីធ្វើសកម្មភាពតាមការបំផុសគំនិត ដែលពួកគេអាចមាន និងផែនការដែលពួកគេបានធ្វើនៅថ្ងៃនេះ ។ សូមលើកទឹកចិត្តសិស្សឲ្យខិតខំយកចិត្តទុកដាក់ទៅនឹងតម្រូវការរបស់អ្នកដែលនៅជុំវិញពួកគេ ។ វាអាចជាការសមរម្យក្នុងការអញ្ជើញសិស្សឲ្យចែកចាយបទពិសោធន៍របស់ពួកគេ ក្នុងការស្វាគមន៍អ្នកដទៃជាមួយសិស្សក្នុងថ្នាក់ក្នុងអំឡុងពេលមេរៀនជាបន្តបន្ទាប់ ។