ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៦៤—គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៩ ៖ អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​ត្រូវ​បាន​តែងតាំង​ឡើង​ដោយ​ព្រះ


« មេរៀន​ទី ៦៤—គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៩ ៖ អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​ត្រូវ​បាន​តែងតាំង​ឡើង​ដោយ​ព្រះ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៩ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ៦៤ ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៩–៥០

គោលលទ្ធិ និង​សេចក្តីសញ្ញា ៤៩

អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​ត្រូវ​បាន​តែងតាំង​ឡើង​ដោយ​ព្រះ

គូស្វាមី​ភរិយា​ថ្មីថ្មោង​សម្លឹង​មើលទៅ​ព្រះវិហារ​បរិសុទ្ធ

គំនិតនិង​ទំនៀម​ទម្លាប់​ខុសឆ្គង​ជាច្រើន​បាន​កើតឡើង នៅពេល​ដែល​ការស្ដារឡើង​វិញ​បាន​ចាប់ផ្តើម​បើកឡើង ។ ព្រះអង្គសង្គ្រោះ​បាន​កែ​តម្រូវ​គំនិត​ខុសឆ្គង​ដោយ​ក្ដី​ស្រឡាញ់ និង​បាន​បញ្ជាក់​ពី​ចំណុច​នៃ​គោលលទ្ធិ​ដែល​សំខាន់​ចំពោះ​សេចក្ដី​សង្គ្រោះ​របស់​យើង ដូចជា​អាពាហ៍ពិពាហ៍ និង​គ្រួសារ ។ មេរៀន​នេះ​មាន​គោលបំណង​ជួយ​សិស្ស​ឲ្យ​យល់​អំពី​សារៈសំខាន់​នៃ​អាពាហ៍ពិពាហ៍ និង​គ្រួសារ​នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

គោលបំណង​នៃ​ផែនដី

ផែនដី

ដើម្បី​ចាប់ផ្តើម​ថ្នាក់ សូម​ពិចារណា​បង្ហាញ​រូបភាព​ដែល​ទាក់ទង​អ្វី​ដែល​អ្នក​ស្រឡាញ់​អំពី​ផែនដី ។ សូម​សួរ​សិស្ស​នូវ​សំណួរ​ដូច​ខាងក្រោម ៖

  • តើ​អ្នក​ស្រឡាញ់​អ្វី​ខ្លះ​អំពី​ផែនដី ?

  • តើ​នរណា​ជា​អ្នក​បង្កើត​ផែនដី ? ( សូមមើល ម៉ូសេ ១:៣៣; អ័ប្រាហាំ ៣:២២–២៤ ) ។

  • តើ​មាន​មូលហេតុ​អ្វីខ្លះ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្កើត​ផែនដី ?

សិស្ស​ទំនង​ជា​មាន​ចម្លើយ​ផ្សេងៗ​គ្នា​ជា​ច្រើន​ចំពោះ​សំណួរ​ចុងក្រោយ ។ ទទួលស្គាល់ និង​អរគុណ​ចំពោះ​ការឆ្លើយតប​របស់​ពួកគេ ។ ប្រសិនបើ​សិស្ស​មិន​និយាយ​អំពី​អាពាហ៍ពិពាហ៍ ឬ​គ្រួសារ​ទេ សូម​និយាយ​ថា ប្រធាន រ័សុល អិម ណិលសុន បានផ្តល់​ហេតុផល​បន្ថែម​សម្រាប់​ការបង្កើត​ផែនដី​នេះ ។ សូម​ចែកចាយ​សេចក្តី​ថ្លែងការណ៍​ខាង​ក្រោម​នេះ ។ បន្ទាប់ពី​បាន​អាន​សេចក្តី​ថ្លែងការណ៍​នេះ សូម​ពិចារណា​សុំ​ឲ្យ​សិស្ស​ចែកចាយ​គំនិត​របស់​ពួកគេ​អំពី​សេចក្តី​ថ្លែងការណ៍​នេះ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​ស្វែងរក​ភស្តុតាង​ដែល​គាំទ្រ​សេចក្តីថ្លែងការណ៍​នេះ​ពេញ​មួយ​មេរៀន ។

ប្រធាន រ័សុល អិម ណិលសុន⁠

សរុប​សេចក្តី​មក​យ៉ាង​សាមញ្ញ ផែនដី​នេះ​ត្រូវបាន​បង្កើត​ឡើង​ដើម្បី​ឲ្យ​មាន​ក្រុមគ្រួសារ​អាច​រស់នៅ​បាន ។ ( រ័សុល អិម ណិលសុន « The Creation » Ensign ខែ ឧសភា ឆ្នាំ ២០០០ ទំព័រ ៨៥ )

« អាពាហ៍ពិពាហ៍​គឺ​ត្រូវ​បាន​តែងតាំង​ឡើង​ដោយ​ព្រះ »

មេរៀន​នេះ​នឹង​ផ្ដោតលើ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៩:១៥–១៧ និង​គោលលទ្ធិ​នៃ​អាពាហ៍​ពិពាហ៍ និង​គ្រួសារ ។ ប្រសិនបើ​សិស្ស​អាច​ទទួល​បាន​អត្ថប្រយោជន៍​មកពី​ការពិភាក្សា​អំពី​ប្រធានបទ​ផ្សេងទៀត​ដែល​មាន​នៅក្នុង​ផ្នែក​នេះ សូម​ពិចារណា​ប្រើប្រាស់​ផ្នែក « សកម្មភាព​រៀនសូត្រ​បន្ថែម » នៃ​មេរៀន​នេះ ។

មិន​យូរ​ប៉ុន្មាន បន្ទាប់ពី​ពួកបរិសុទ្ធ​បាន​ចាប់ផ្ដើម​រៀបចំ​ឡើង​នៅ​ទីក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ អ្នក​ប្រែចិត្តជឿ​ថ្មី​ម្នាក់​ដែល​មាន​ឈ្មោះ​ថា លីម៉ាន ខូព្លី ចង់​ឲ្យ​អ្នកផ្សព្វផ្សាយ​សាសនា​ផ្សាយ​ដំណឹងល្អ​ទៅដល់​សមាជិក​នៃ​ក្រុម​សាសនា​របស់គាត់​ពីមុន ដែល​មាន​ឈ្មោះថា​ក្រុម​សេកើរ ។ ក្រុម​សេកើរ​ជឿ​ថា​ការយាង​មក​ជា​លើក​ទីពីរ​បានកើត​ឡើង​រួច​ហើយ ហើយ​ថា​ព្រះគ្រីស្ទ បាន​លេច​មក​ជា​ស្ត្រី​ឈ្មោះ អាណ លី ។ ពួកគេ​បាន​ច្រានចោល​ការរៀបការ ហើយ​ក្រុម​សេកើរ មួយ​ចំនួន​បាន​ហាម​ឃាត់​ការបរិភោគ​សាច់ ។ ព្យាការី យ៉ូសែប ស៊្មីធ បាន​ទូល​សូម​ព្រះអម្ចាស់​សម្រាប់​ការបំភ្លឺ ហើយ​បាន​ទទួល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៩ ។ ព្រះអម្ចាស់​បានណែនាំ​ទៅ ស៊ីឌនី រិកដុន, ប៉ាលី ភី ប្រាត្ត និង លីម៉ាន ខូព្លី ឲ្យ​ទទួល​យក​វិវរណៈ​ទៅ​កាន់​ក្រុម​សេកើរ ហើយ​ផ្សាយ​សេចក្តីពិត​ដល់​ពួកគេ ។

រូបតំណាង​ចំណេះចំណាន​ខាងគោលលទ្ធិ គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៩:១៥–១៧ គឺជា​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​គូសចំណាំ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ​តាម​របៀប​ដែល​ងាយ​ចំណាំ ដើម្បី​ពួកគេ​អាច​ងាយ​រក​វា​ឃើញ ។

សូម​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៩:១៥–១៧ រកមើល​ការបង្រៀន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ទាក់ទង​នឹង​អាពាហ៍​ពិពាហ៍ និង​គ្រួសារ ។

  • តើ​អ្នក​មាន​សំណួរ​អ្វីខ្លះ​អំពី​ខគម្ពីរ​ទាំងនេះ ?

  • តើ​យើង​អាច​សង្ខេប​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​ចេញពី​ខគម្ពីរ​ទាំងនេះ​ដោយ​របៀបណា ?

    សូម​ពិចារណា​ឲ្យ​ពេល​សិស្ស​មួយ​ភ្លែត​ដើម្បី​គិត​អំពី​សេចក្តី​ថ្លែងការណ៍​សង្ខេប ។ បន្ទាប់មក សូម​អញ្ជើញ​សិស្ស​ពីរបី​នាក់​ឲ្យ​ចែកចាយ​សេចក្តីថ្លែងការណ៍​របស់​ពួកគេ​នៅលើ​ក្ដារខៀន ។ សម្រាប់​សិស្ស​ដើម្បី​ទទួល​បាន​ជោគជ័យ អ្នក​ប្រហែល​ជា​ត្រូវ​ជួយ​បញ្ជាក់​ឃ្លា​មួយ​ចំនួន​មកពី​ខគម្ពីរ ។ សូម​ជួយ​ពួកគេ​ឲ្យ​រកឃើញ​សេចក្តីពិត​ដូចជា អាពាហ៍ពិពាហ៍​រវាង​បុរស និង​ស្ត្រី​ត្រូវ​បាន​តែងតាំង​ឡើង​ដោយ​ព្រះ និង ភរិយា និង​ស្វាមី​គឺ​ត្រូវបាន​បញ្ជា​ឲ្យ​ក្លាយ​ជា​មនុស្ស​តែមួយ និង​ត្រូវ​មាន​កូន ។

  • ហេតុអ្វី​បាន​ជា​សេចក្ដីពិត​ទាំង​នេះ​មាន​សារៈសំខាន់​សម្រាប់​ក្រុម​សេកើរ និង​អ្នក​ដទៃ​ទៀត​នៅក្នុង​ជំនាន់​របស់​យ៉ូសែប ស្ម៊ីធ ដើម្បី​យល់ ?

    អ្នក​ប្រហែល​ជា​ចង់​ចង្អុល​បង្ហាញ​ថា ក្រុម​សេកើរ បាន​ជឿ​លើ​ការរស់នៅ​ក្នុងជីវិត​ដែល​នៅលីវ​ទាំងស្រុង ឬ​ចៀសវាង​ពី​ការរៀបការ និង​ទំនាក់ទំនង​ខាង​ផ្លូវភេទ ។ បន្ទាប់មក អ្នក​អាច​ពិភាក្សា​អំពី​ជំនឿ​ទូទៅ​នៅ​ជំនាន់​របស់​យើង ដែល​បណ្តាល​ឲ្យ​មនុស្ស​បដិសេធ​ការរៀបការ ។ អ្នក​អាច​ប្រើ​សំណួរ​មួយ ឬ​ពីរ​នៃ​សំណួរ​ដូច​តទៅ​នេះ ។

  • តើ​ជំនឿ​ខាង​លោកិយ​អ្វី​ខ្លះដែល​ធ្វើ​ឲ្យ​មនុស្ស​បដិសេធ​ការ​រៀបការ​នៅ​សម័យ​យើង ?

  • តើ​ភស្ដុតាង​អ្វី​ខ្លះ​ដែល​អ្នក​បាន​ឃើញ​​សាតាំង​ព្យាយាម​កែប្រែ ឬ​បំផ្លាញ​ភាពពិសិដ្ឋ​នៃ​អាពាហ៍ពិពាហ៍ និង​គ្រួសារ​នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ ?

រូបតំណាង​សំណៅ​ចែកសំណៅ​ចែក​ខាងក្រោម​អាច​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​អំពី​អាពាហ៍ពិពាហ៍ និង​គ្រួសារ ។ អ្នក​អាច​នឹង​ចង់​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​សាក្សី​ខាង​វិញ្ញាណ​អំពី​សារៈសំខាន់​នៃ​អាពាហ៍ពិពាហ៍ និង​គ្រួសារ នៅពេល​ពួកគេ​សិក្សា ។ អ្នក​អាច​បែងចែក​ថ្នាក់​ជា​ពាក់កណ្តាល ហើយ​ចាត់​ឲ្យ​ពាក់កណ្តាល​នីមួយៗ​សិក្សា​ផ្នែក​មួយ​នៃ​សំណៅចែក​ដោយ​ខ្លួនឯង ។ បន្ទាប់ពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​ផ្គូផ្គង​សិស្ស​ម្នាក់ៗ​ជាមួយ​នរណា​ម្នាក់​មកពី​សិស្ស​ពាក់​កណ្ដាល​ថ្នាក់​ទៀត ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​ជាមួយ​គ្នា ហើយ​និយាយ​អំពី​សំណួរ​ពិភាក្សា ។

អាពាហ៍ពិពាហ៍ និង​គ្រួសារ​ត្រូវបាន​តែងតាំង​ឡើង​ដោយ​ព្រះ ។

អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់

សូម​សិក្សា ៖

សូម​អាន ម៉ាកុស ១០:៦–៩; កូរិនថូស ទី១ ១១:១១ និង​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ស៊ីស្ទើរ បូនី អិល អូស្ការសុន អតីត​ប្រធាន​យុវនារី​ទូទៅ ។ សូម​រកមើល​ការបង្រៀន​អំពី​អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់ ។

ប្រធាន បូនី អិល អូស្ការសុន

យើង​ត្រូវ​បានបង្រៀន​នៅក្នុង​បទគម្ពីរ​ថា « ប៉ុន្តែ​ក្នុង​ព្រះអម្ចាស់ នោះ​បុរស​មិនមែន​ជា​ឥត​ពឹង​អាស្រ័យ​ដល់​ស្ត្រី​ឡើយ ហើយ​ស្ត្រី​ក៏​មិនមែន​ជា​ឥត​ពឹង​អាស្រ័យ​ដល់​បុរស​ដែរ » [ កូរិនថូស ទី១ ១១:១១ ] ។ សម្រាប់​អ្នក​ដែល​ទទួល​ភាពពេញលេញ​នៃ​ពរជ័យ​បព្វជិតភាព គឺ​ច្បាស់​ជា​ស្វាមិ និង​ភរិយា ដែល​បានផ្សារភ្ជាប់​នៅក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់ ធ្វើ​ការរួមគ្នា​ក្នុង​សេចក្ដីសុចរិត ហើយ​បន្ដ​នៅ​ស្មោះត្រង់​ចំពោះ​សេចក្ដីសញ្ញា​របស់​ពួកគេ ។ នេះ​គឺជា​ផែនការ​របស់​ព្រះអម្ចាស់​សម្រាប់​បុត្រាបុត្រី​របស់​ទ្រង់ ហើយ​គ្មាន​ការពិភាក្សា​ជា​សាធារណៈ​ណា ឬ​ការរិះគន់​ណា នឹង​ផ្លាស់ប្ដូរ​នូវ​អ្វី​ដែល​ព្រះអម្ចាស់​បាន​ប្រកាស​នោះ​ដែរ ។… ចូរ​យើង​ធ្វើជា​អ្នកការពារ​អាពាហ៍ពិពាហ៍ ដូច​ដែល​ព្រះអម្ចាស់​បាន​តែងតាំង​វា​ឡើង ដោយ​បន្ដ​បង្ហាញ​សេចក្ដី​ស្រឡាញ់ និង​មេត្តា​ករុណា​ដល់​អ្នកទាំងឡាយ​ដែល​មាន​ទស្សនៈ​ខុសពី​យើង ។ ( បូនី អិល អូស្ការសុន « Defenders of the Family Proclamation » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១៥ )

សូម​ពិភាក្សា ៖

  • តើ​អាពាហ៍ពិពាហ៍​រវាង​ស្ត្រី​ម្នាក់ និង​បុរស​ម្នាក់​ជួយ​បំពេញ « ផែនការ​របស់​ព្រះដ៏​បង្កបង្កើត​សម្រាប់​ជោគវាសនា​ដ៏​នៅអស់កល្ប​ជានិច្ច​សម្រាប់​បុត្រាបុត្រី​របស់​ទ្រង់ » យ៉ាង​ដូចម្ដេច ? ( « ក្រុមគ្រួសារ ៖ ការ​ប្រកាស​ដល់​ពិភពលោក » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

  • តើ​យើង​អាច​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ចំពោះ​អ្នកទាំងឡាយណា​ដែល​មាន​ទស្សនៈ​ខុស​គ្នា​ដោយ​របៀប​ណា ខណៈ​ដែល​នៅ​តែ​ការពារ​គោលលទ្ធិ​របស់​ព្រះអង្គ​សង្គ្រោះ​អំពី​អាពាហ៍ពិពាហ៍​រវាង​បុរស និង​ស្ត្រី​នោះ ?

« ចូរ​បង្កើត​កូន​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពេញពាស​លើ​ផែនដី​ចុះ »

សូម​សិក្សា ៖

សូម​អាន លោកុប្បត្តិ ១:២៧–២៨; ទំនុក​ដំកើង ១២៧:៣; ម៉ាកុស ១០:១៣–១៤ និង​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរនាក់ ។ សូម​រកមើល​ការបង្រៀន​របស់​ព្រះអម្ចាស់​អំពី​កូនចៅ ។

អែលឌើរ នែល អិល អាន់ឌើរសិន

នៅពេល​យើង​ក្រឡេកមើល​ទៅក្នុង​ក្រសែ​ភ្នែក​របស់​ក្មេង​ម្នាក់ យើង​ឃើញ​បុត្រា ឬ​បុត្រី​របស់​ព្រះ ដែល​ឈរ​ជាមួយ​យើង​ក្នុង​ជីវិត​មុន​ឆាក​ជីវិត​នេះ ។

វាជា​ឯកសិទ្ធិ​ដ៏វិសេស​វិសាល​មួយ​របស់​ស្វាមី និង​ភរិយា​ដែល​អាច​មាន​កូន​បាន ដើម្បី​ផ្ដល់​នូវ​រូបកាយ​នៃ​ជីវិត​រមែង​ស្លាប់​ដល់​បុត្រា​បុត្រី​ខាង​វិញ្ញាណ​របស់​ព្រះ​ទាំងនេះ ។ យើង​ជឿ​លើ​ក្រុមគ្រួសារ​ទាំងឡាយ ហើយ​យើង​ជឿ​ជាក់​លើ​កូនចៅ​ទាំងអស់ ។

នៅពេល​ទារក​ម្នាក់​ចាប់​កំណើត​ជាមួយ​ស្វាមី និង​ភរិយា​មួយ​គូ នោះ​ពួកគេ​កំពុងតែ​បំពេញ​ផ្នែក​មួយ​នៃ​ផែនការ​របស់​ព្រះវរបិតា​សួគ៌​របស់​យើង ដើម្បី​នាំ​កូនៗ​មក​កាន់​ផែនដី​ហើយ ។ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា « នេះ​ហើយ​ជា​កិច្ចការ​របស់​យើង និង​សិរីល្អ​របស់​យើង—គឺ​ដើម្បី​នាំឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច​ដល់​មនុស្ស » [ ម៉ូសេ ១:៣៩ ] ។ មុនពេល​មាន​អមតភាព នោះ​វា​ត្រូវតែ​មាន​ជីវិត​រមែង​ស្លាប់​សិន ។ ( នែល អិល អាន់ឌើរសិន « Children » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ២៨ )

សូម​ពិភាក្សា ៖

  • តើ​ការមើលទៅ​កូនៗ និង​ក្រុម​គ្រួសារ​ដោយ​ទស្សន​ដ៏​អស់​កល្ប​មួយ អាច​ជួយ​គូស្វាមី​ភរិយា​ឲ្យ​ដាក់​អាទិភាព​ដល់​ការសម្រេច​ចិត្ត​មួយចំនួន​របស់​ពួកគេ​ដោយ​របៀបណា ?

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​មកពី​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​អំពី​របៀប​ដែល​យើង​ប្រព្រឹត្ត និង​ប្រាស្រ័យទាក់ទង​ជាមួយនឹង​កូនៗ ?

សូម​ពិចារណា​ផ្ដល់​ពេល​ឲ្យ​សិស្ស​ពន្យល់​អំពី​តួនាទី​នៃ​អាពាហ៍​ពិពាហ៍ និង​គ្រួសារ​នៅក្នុង​ផែនការណ៍​របស់​ព្រះវរបិតាសួគ៌ ។ ពួកគេ​អាច​ជ្រើសរើស​ជំនឿ​ខាង​លោកិយ​មួយ​អំពី​អាពាហ៍ពិពាហ៍​ដែល​បាន​ពិភាក្សា​ពីមុន ហើយ​ប្រើ​គោលលទ្ធិ​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​បាន​បង្រៀន​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៩:១៥–១៧ ដើម្បី​កែតម្រូវ​សេចក្តីជំនឿ​នោះ ។

អ្នក​អាច​នឹង​ចង់​ចែកចាយ​ទីបន្ទាល់​របស់អ្នក​អំពី​របៀប​ដែល​គោលលទ្ធិ​របស់​ព្រះអង្គ​សង្គ្រោះ​អំពី​អាពាហ៍ពិពាហ៍ និង​គ្រួសារ​បាន​ផ្ដល់ពរ​ដល់​ជីវិត​របស់អ្នក ។ សិស្ស​ក៏​អាច​ចែកចាយ​បទពិសោធន៍ និង​ទីបន្ទាល់​ផងដែរ ។

សូម​ពិចារណា​អំពី​ការអញ្ជើញ​សិស្ស​ឲ្យ​កត់ត្រា​ចំណាប់អារម្មណ៍​ដែល​ពួកគេ​មាន​អំពី​សារៈសំខាន់​នៃ​អាពាហ៍ពិពាហ៍ និង​គ្រួសារ​នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។