ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៦៧—វាយ​តម្លៃ​ការរៀនសូត្រ​របស់​អ្នក ទី​៤ ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤១–៥០


« មេរៀន​ទី ៦៧—វាយ​តម្លៃ​ការរៀនសូត្រ​របស់​អ្នក ទី៤ ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤១–៥០⁠ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក ទី៤ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ៦៧ ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៩–៥០

វាយ​តម្លៃការ​រៀនសូត្រ​របស់​អ្នក ទី​៤

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤១–៥០

យុវមជ្ឈិមវ័យ​មើល​ទៅ​ផែនទី

ការផ្ដល់​ពេលវេលា​ឲ្យ​សិស្ស​ដើម្បី​វាយតម្លៃ​ការរីកចម្រើន​ខាង​វិញ្ញាណ អាច​ជួយ​ពួកគេ​ខិត​ទៅជិត​ព្រះអង្គ​សង្រ្គោះ និង​ព្យាយាម​ដើម្បី​ប្រែក្លាយ​ដូចជា​ទ្រង់ ។ ពួកគេ​ក៏​អាចឃើញ​ការរីកចម្រើន​ដែល​ពួកគេ​បាន​ធ្វើ និង​កន្លែង​ដែល​ពួកគេ​អាច​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​បាន ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ចងចាំ និង​វាយតម្លៃ​ពី​របៀប​ដែល​បទពិសោធន៍​សិក្សា​របស់​ពួកគេ​ក្នុង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្តីសញ្ញា​កន្លង​មក បាន​ជួយ​ពួកគេ​ឲ្យ​រីកចម្រើន​ខាងវិញ្ញាណ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

វាយ​តម្លៃ​ចំណុច​សំខាន់​ខាងវិញ្ញាណ​របស់​អ្នក

ខាងក្រោម​នេះ​អាច​រៀបចំ​សិស្ស​ឲ្យ​ប្រៀបធៀប​ចំណុច​សំខាន់​ខាង​រូបកាយ ទៅនឹង​ភស្តុតាង​ដែល​ពួកគេ​អាច​រកឃើញ​ពី​ការរីកចម្រើន​ខាង​វិញ្ញាណ​របស់​ពួកគេ ។ ពួកគេ​អាច​បំពេញ​សកម្មភាព​នេះ​ជា​លក្ខណៈ​បុគ្គល ឬ​ជា​ថ្នាក់​ដោយ​គូរ​ផែនទី​មួយ​នៅលើ​ក្ដារខៀន ។

សូម​ជ្រើសរើស​គោលដៅ​ក្នុង​មូលដ្ឋាន ហើយ​គូរផែនទី​ពី​ទីតាំង​បច្ចុប្បន្ន​របស់អ្នក​ទៅកាន់​គោលដៅ​នោះ ។ សូម​រួមបញ្ចូល​ចំណុច​សំខាន់​ដែល​នឹង​ជួយ​នរណា​ម្នាក់​ដឹង​ថា ពួកគេ​កំពុង​នៅ​លើ​ផ្លូវ​ត្រឹមត្រូវ ។

  • តើ​ចំណុច​សំខាន់​ណា​ខ្លះ​ដែល​អ្នក​បាន​បញ្ចូល ? ហេតុអ្វី ?

  • តើ​ចំណុច​សំខាន់​មាន​តួនាទី​អ្វីខ្លះ​ក្នុងការ​ជួយ​អ្នក​ស្វែងរក​គោលដៅ ?

    ប្រសិនបើ​អ្នក​គូរ​ផែនទី​នៅលើ​ក្តារខៀន​នោះ អ្នក​អាច​ជំនួស​គោលដៅ​ដើម​ដោយ​ឃ្លា​ថា « ការប្រែក្លាយ​ដូច​ជា​ព្រះយេស៊ូវ​គ្រីស្ទ » ។ នៅ​ពេល​សិស្ស​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​បន្ទាប់ អ្នក​អាច​ជំនួស​ចំណុច​សំខាន់​មួយ​ចំនួន​ជាមួយ​នឹង​ចម្លើយ​របស់​សិស្ស ។

    សូម​គិត​អំពី​វិធី​មួយ​ដើម្បី​ជួយ​សិស្ស​ផ្លាស់ប្តូរ​ការ​គិត​អំពី​ជីវិត​របស់​ពួកគេ​ផ្ទាល់ ។ អ្នក​អាច​នឹង​និយាយ​អ្វី​មួយ​ដូច​ខាងក្រោម​ជា​ពាក្យ​សម្ដី​របស់​អ្នក​ផ្ទាល់ ។

  • ប្រសិន​បើ​គោលដៅ​របស់​យើង​គឺ​ដើម្បីចង់​ក្លាយ​កាន់តែ​ដូច​ព្រះយេស៊ូវ​គ្រីស្ទ តើ​អ្វី​ទៅ​ដែល​អាច​ជា​ចំណុច​សំខាន់​ខាង​វិញ្ញាណ​ដែល​អាច​ជួយ​អ្នក​ឲ្យ​ដឹង​ថា អ្នក​កំពុង​ដើរ​នៅលើ​ផ្លូវ​នោះ ?

ការ​អាច​មើល​ឃើញ​យ៉ាង​ច្បាស់​អំពី​ការ​រីកចម្រើន​របស់​យើង តម្រូវ​ឲ្យ​មាន​ការ​ជញ្ជឹង​គិត និង​ការ​ដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សូម​ចំណាយ​ពេល​ខ្លះ​ដើម្បី​ស្វែងរក​ការរីកចម្រើន​មួយ​ចំនួន ដែល​អ្នក​បាន​ធ្វើ​ដោយ​ការរកមើល​ចំណុច​សំខាន់​ខាង​វិញ្ញាណ​នៅក្នុង​ជីវិត​របស់​អ្នក ។ ម្យ៉ាង​វិញ​ទៀត សូម​រក​មើល​ភស្តុតាង​ដែល​ថា​អ្នក​កំពុង​ក្លាយ​ដូច​ជា​ព្រះយេស៊ូវ​គ្រីស្ទ ដូច​ដែល​អ្នក​បាន​សិក្សា​គោលលទ្ធិ និង​សេចក្តី​សញ្ញា​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ។

អ្នក​គួរតែ​ទុក​ពេល​ឲ្យ​សិស្ស​ពិចារណា និង​ជញ្ជឹង​គិត​អំពី​ខ្លួន​ពួកគេ​ផ្ទាល់ ។ បន្ទាប់​ពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។

ម៉្យាង​ទៀត អ្នក​អាច​ប្រើ​សកម្មភាព​ខាង​ក្រោម​ដើម្បី​ជួយ​សិស្ស​ឲ្យ​ជញ្ជឹងគិត អំពី​ការរីកចម្រើន​ខាងវិញ្ញាណ​របស់​ពួកគេ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ។ សកម្មភាព​វាយ​តម្លៃ​នៅ​ក្នុង​មេរៀន​នេះ តាមដាន​លើ​មេរៀន​ថ្នាក់​សិក្ខា​សាលា​ពី​មុនៗ ។ ប្រសិន​បើ​មេរៀន​ទាំងនេះ​ត្រូវ​បាន​កែសម្រួល​ឬ​មិន​បាន​បង្រៀន សកម្មភាព​វាយ​តម្លៃ​នេះ​ក៏​នឹង​ត្រូវ​កែសម្រួល​ផង​ដែរ ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​បទពិសោធន៍​ដែល​សិស្ស​របស់​អ្នក​មាន ។

ជាមួយ​នឹង​សកម្មភាព​នីមួយៗ អ្នក​គួរ​តែ​បញ្ជាក់​ដល់​សិស្ស​ថា ការ​វាយតម្លៃ​ការ​រៀន​សូត្រ​របស់​ពួកគេ​តាម​វិធី​ទាំងនេះ អាច​ប្រៀប​នឹង​ការ​កត់​សម្គាល់​ចំណុច​សំខាន់​នៅលើ​ការ​ធ្វើ​ដំណើរ​ដែល​បញ្ជាក់​ថា ពួកគេ​កំពុង​ធ្វើ​ដំណើរ​ក្នុង​ទិសដៅ​ត្រឹម​ត្រូវ ។ ចូរ​យក​ចិត្ត​ទុកដាក់​ចំពោះ​សិស្ស​ដែល​ប្រហែលជា​មិនមាន​អារម្មណ៍​ថា ពួកគេ​កំពុង​រីក​ចម្រើន ឬ​មិន​ទាន់​បាន​ឃើញ​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ហើយ​គិត​អំពី​វិធី​ដើម្បី​លើក​ទឹក​ចិត្ត​ពួកគេ​ក្នុង​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ពួកគេ ។

មាន​បំណងប្រាថ្នា​កាន់តែខ្លាំង​ដើម្បី​រស់​នៅ​ក្នុង​ជីវិត​ដែល​ថ្វាយ​ដល់​ព្រះ

សកម្មភាព​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ជញ្ជឹង​គិត​អំពី​បំណង​ប្រាថ្នា​របស់​ពួកគេ​ដើម្បី​រស់នៅ​ក្នុង​ជីវិត​ដែលស្មោះ​ស្ម័គ្រ​ដូច​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ ។ សកម្មភាព​នេះ​ទាញ​យក​អ្វី​ដែល​សិស្ស​អាច​នឹង​បាន​រៀន​អំពី​ការ​រស់​នៅ​ក្នុង​ជីវិត​ដែល​ថ្វាយ​ដល់​ព្រះ នៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៤២:២៩–៤២ ។ សំណួរ​មួយ​ចំនួន​ខាងក្រោម​អាច​ជួយ​សិស្ស​ពិនិត្យមើល​ការយល់ដឹង​របស់​ពួកគេ​អំពី​ក្រឹត្យវិន័យ​នៃ​ការថ្វាយ ។

  • តើ​អ្នក​ចងចាំ​អ្វី​ខ្លះ​អំពី​ក្រឹត្យវិន័យ​នៃ​ការថ្វាយ ?

  • តើ​ខគម្ពីរ​មួយ​ណា​ចេញពី គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤២ អាច​ជួយ​យើង​ឲ្យ​យល់​ពី​ក្រឹត្យវិន័យ​នេះ​កាន់តែ​ច្បាស់ ?

  • តើ​មាន​គំរូ​អ្វី​ខ្លះ​អំពី​អ្វី​ដែល​មនុស្ស​វ័យក្មេង​អាច​ធ្វើ​បាន ដើម្បី​រស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ការថ្វាយ​នៅ​សព្វថ្ងៃ​នេះ ?

    ខគម្ពីរ​មួយចំនួន​ដែល​សិស្ស​អាច​លើក​ឡើង​រួមមាន ខទី ២៩–៣៨ ។ ប្រសិនបើ​សិស្ស​មិន​និយាយ​អ្វីមួយ​ក្នុង​ចំណោម​ការណ៍​ទាំង​នេះ​ទេ វា​អាច​ជា​ការល្អ​ក្នុងការ​ឲ្យ​ពួកគេ​អាន​ខគម្ពីរ និង​ចែកចាយ​អ្វី​ដែល​ពួកគេ​រកឃើញ ។ អំឡុងពេល​នៃ​មេរៀន​អំពី​នៃ​ក្រឹត្យវិន័យ​នៃ​ការថ្វាយ​នេះ សិស្ស​អាច​នឹង​សរសេរ​ថា « ព្រះហស្ត​របស់​ទ្រង់ » ឬ​ដាន​រូប​ដៃ​ម្ខាង​របស់​ពួកគេ​ដាក់​ក្នុង​សៀវភៅ​កំណត់ហេតុ​របស់​ពួកគេ ។ ពួកគេ​ប្រហែលជា​បាន​វាយ​តម្លៃ​អំពី​បំណង​របស់​ពួកគេ​ដើម្បី​ធ្វើ​ដូចជា​ព្រះហស្ត​របស់​ព្រះអម្ចាស់​ក្នុង​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ដទៃ ។ ប្រសិនបើ​សិស្ស​បាន​ធ្វើ​ដូច​នេះ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​ការសរសេរ​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ហើយ​មើល​អំពី​របៀប​ដែល​ពួកគេ​ឆ្លើយតប ។ សំណួរ​ខាងក្រោម​អាច​ជួយ​សិស្ស​វាយតម្លៃ​អំពី​របៀប​ដែល​អារម្មណ៍​របស់​ពួកគេ​អំពី​ក្រឹត្យវិន័យ​នៃ​ការថ្វាយ​អាច​នឹង​មាន​ការផ្លាស់ប្តូរ ។ សិស្ស​អាចឆ្លើយ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​របស់​ពួកគេ ។

  • តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ការលះបង់​ពេលវេលា ទេពកោសល្យ និង​អ្វី​ផ្សេង​ទៀត​ដែល​ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់​អ្នក ដើម្បី​ស្ថាបនា​នគរ​របស់​ទ្រង់ រួមទាំង​ការជួយ​ដល់​អ្នក​ដែល​ខ្វះខាត ?

  • តើ​អារម្មណ៍​របស់​អ្នក​ប្រៀបធៀប​នឹង​ពេល​ដែល​អ្នក​បាន​សិក្សា​ក្រឹត្យវិន័យ​នៃ​ការថ្វាយ​កាល​ប៉ុន្មាន​សប្តាហ៍​មុន​យ៉ាង​ណា​ដែរ ? តើ​អ្នក​គិត​ថា អ្វី​ទៅ​ដែល​បាន​ជះឥទ្ធិពល​ដល់​អារម្មណ៍​របស់អ្នក ?

បន្ទាប់ពី​សិស្ស​មាន​ពេល​ដើម្បី​ពិចារណា​រួចហើយ អ្នក​អាច​សុំ​ឲ្យ​ពួកគេ​ធ្វើ​ការវាយតម្លៃ​ពី​អារម្មណ៍​របស់​ពួកគេ​ដោយ​ស្មោះត្រង់ ។ សូម​អាច​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀនមក​ពី​សកម្មភាព​នេះ ។ សូម​ពិចារណា​ជួយ​សិស្ស​ឲ្យ​ពិចារណា​អំពី​របៀប​ដែល​ការរស់នៅ​ក្នុង​ជីវិត​ដែល​បាន​ថ្វាយ អាច​ជះឥទ្ធិពល​ដល់​ពួកគេ​ក្នុង​រយៈពេល ១, ៥ ឬ ១០ ឆ្នាំ​ចាប់​ពី​ពេល​នេះ ។ អ្នក​ក៏​អាច​ចែកចាយ​អំពី​របៀប​ដែល​អ្នក​បាន​ទទួល​ពរ​ក្នុង​ការខិតខំ​របស់​អ្នក ក្នុង​ការរស់នៅ​ក្នុង​ជីវិត​ដែល​បានថ្វាយ និង​របៀប​ដែល​វា​បាន​ជួយ​អ្នក​ឲ្យ​កាន់តែ​ប្រែក្លាយ​ដូចជា​ព្រះគ្រីស្ទ ។

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ស្វែងរក​វិវរណៈ​អំពី​របៀប ដែល​ពួកគេ​អាច​មាន​ឆន្ទៈ​ខិតខំ​អស់​សមត្ថភាព​របស់​ពួកគេ​បន្ថែមទៀត ដើម្បី​ជួយ​ដល់​អ្នក​ខ្វះខាត និង​ស្ថាបនា​នគរ​ព្រះ​នៅលើ​ផែនដី​សព្វថ្ងៃ​នេះ ។

ការគោរពប្រតិបត្តិ​តាម​បទបញ្ញត្តិ​របស់​ព្រះ

ដើម្បី​ជួយ​សិស្ស​ឲ្យ​វាយ​តម្លៃ​ការខិតខំ​នា​ពេល​ថ្មីៗ​នេះ​របស់​ពួកគេ​ដើម្បី​គោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ នោះ​សូម​អញ្ជើញ​ពួកគេ​ឲ្យ​ពិនិត្យ​ឡើងវិញ​នូវ​គោលលទ្ធិ និង​សេចក្តីសញ្ញា ដោយ​រកមើល​បទបញ្ញត្តិ​ដែល​ពួកគេ​បាន​រៀន​នា​ពេល​ថ្មីៗ​នេះ ។ អ្នក​អាច​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​រាយ​បញ្ជី​បទបញ្ញត្តិ​មួយ​ចំនួន​ដែល​បាន​បង្ហាញ​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤២:១៨–៥២ នៅលើ​ក្ដារខៀន ។

  • តើ​ការគោរព​ប្រតិបត្តិ​តាម​បទបញ្ញត្តិ​របស់​យើង​អាច​ប្រៀបធៀប​ទៅ​នឹង​ចំណុច​សំខាន់ៗ​ខាង​វិញ្ញាណ​ក្នុង​ដំណើរ​របស់​យើង ដើម្បី​ប្រែក្លាយ​កាន់តែ​ដូច​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា ?

ប្រសិនបើ​សិស្ស​ដាក់​គោលដៅ​ដើម្បី​រក្សា​បទបញ្ញត្តិ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នៅក្នុង​មេរៀន​មុន​នោះ ការរំឭក​ឲ្យ​សរសេរ​កំណត់ហេតុ​ខាងក្រោម​អាច​ជួយ​ពួកគេ​ឲ្យ​ពិចារណា​ពី​គោលដៅ​របស់​ពួកគេ​បាន ។

សូម​ពិចារណា​ពី​បទបញ្ញត្តិ​មួយ​ដែល​អ្នក​ទើបតែ​បាន​ទទួល​ការបំផុស​គំនិត​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​ផ្ដោតលើ ។

  • តើ​អ្នក​នឹង​ពិពណ៌នា​អំពី​ការខិតខំ​របស់​អ្នក ដើម្បី​រក្សា​បទបញ្ញត្តិ​នេះ​ដោយ​របៀបណា ?

  • តើ​ព្រះអង្គសង្រ្គោះ​បាន​ប្រទានពរ​នៅក្នុង​កិច្ចខិតខំ​របស់​អ្នក​ដោយ​របៀប​ណា ?

  • តើ​មាន​របៀប​ណាមួយ​ដែល​អ្នក​មាន​អារម្មណ៍​ថា​អ្នក​អាច​ធ្វើ​បាន​ប្រសើរ​ជាង​នេះ​ដែរ​ឬ​ទេ ? តើ​អ្នក​នឹង​ធ្វើ​អ្វី ?

  • តើ​មាន​បទបញ្ញត្តិ​ផ្សេង​ទៀត​ដែល​អ្នក​មាន​អារម្មណ៍​ថា​បំផុសគំនិត​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​ផ្ដោត​លើ​ដែរឬ​ទេ ? តើ​អ្នក​នឹង​ធ្វើ​អ្វី ?

ពន្យល់​អំពី​តួនាទី​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ

លំហាត់​នេះ​អាច​ជួយ​សិស្ស​ពន្យល់​ពី​អ្វី​ដែល​ពួកគេ​បានរៀន​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅក្នុង​ការសិក្សា​របស់​ពួកគេ​អំពី​គោលលទ្ធិ និង​សេចក្តីសញ្ញា ។ អ្នក​អាច​សរសេរ « តួនាទី​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ » នៅលើ​ក្ដារខៀន ។ សូម​ឲ្យ​សិស្ស​រាយបញ្ជី​តួនាទី​ផ្សេងៗ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដោយ​មាន​បទគម្ពីរ​គាំទ្រ ប្រសិនបើ​អាច​ធ្វើ​ទៅ​បាន ។ សូម​ពិភាក្សា​អំពី​មូលហេតុ​ដែល​ទាំងនេះ​ជា​តួនាទី​សំខាន់​សម្រាប់​ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើ ។

ខាង​ក្រោម​នេះ​គឺជា​តួនាទី​មួយ​ចំនួន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សិស្ស​អាច​អាន​ខគម្ពីរ​ដែល​ទាក់ទង ហើយ​បន្ទាប់មក​បង្កើត​ស្ថានភាព​មួយ​ដែល​ការយល់ដឹង​ពី​តួនាទី​ជាក់លាក់​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​នរណា​ម្នាក់​បាន ។ បន្ទាប់មក សូម​អញ្ជើញ​សិស្ស​ឲ្យ​ប្រើ​ព្រះគម្ពីរ​ដើម្បី​ពន្យល់​អំពី​តួនាទី​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​ជួយ​មនុស្ស​ក្នុង​ស្ថានភាព​នោះ ។