« មេរៀនទី ៦៥—គោលលទ្ធិ និងសេចក្តីសញ្ញា ៥០ ផ្នែកទី ១ ៖ ការចៀសវាងពីការបោកបញ្ឆោត » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ៥០ ផ្នែកទី ១ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ដោយចិត្តចង់ទទួលបានអំណោយទានខាងវិញ្ញាណ អ្នកប្រែចិត្តជឿដំបូងៗមួយចំនួននៅទីក្រុងខឺតឡង់ រដ្ឋអូហៃអូ ត្រូវបានគេបោកបញ្ឆោតឲ្យគិតថា ការបើកសម្តែងមិនធម្មតាមួយចំនួនគឺមកពីព្រះវិញ្ញាណបរិសុទ្ធ ទោះបីជាការបើកសម្តែងទាំងនោះមិនមែនក៏ដោយ ។ ព្រះអម្ចាស់បានផ្ដល់ការណែនាំដើម្បីជួយពួកគេឲ្យយល់ដឹងពីអ្វីដែលបានមកពីទ្រង់ និងអ្វីដែលមិនមែនមកពីទ្រង់ ។ មេរៀននេះមានគោលបំណងជួយសិស្សឲ្យយល់អំពីរបៀបដែលព្រះអម្ចាស់អាចជួយពួកគេឲ្យស្គាល់សេចក្ដីពិត និងចៀសវាងពីការបោកបញ្ឆោត ។
សកម្មភាពរៀនសូត្រដែលអាចមាន
អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចែកចាយដំណើរររឿងដូចតទៅ ៖
2:3
លោកតា ហ្រ្គូវឺ … បានរស់នៅយ៉ាងឆ្ងាយ ក្នុងផ្ទះមួយក្រៅក្រុងនៅតាមជនបទ ។ លោកតា ហ្គ្រូវើរ មានវ័យចំណាស់ ។ យើងគិតថា កូនប្រុសយើងគួរតែជួបគាត់ មុនពេលគាត់លាចាកលោកទៅ ។ ដូច្នេះនាពេលរសៀលមួយ យើងបានជិះឡានយ៉ាងយូរទៅលេងផ្ទះកំសត់របស់គាត់ ។ យើងអង្គុយលេងជុំគ្នា ហើយណែនាំកូនប្រុសរបស់យើងប្រាប់គាត់ ។ មិនទាន់បានសន្ទនាយូរផង កូនប្រុសពីរនាក់របស់យើងប្រហែលអាយុប្រាំ និងប្រាំមួយឆ្នាំបានចេញទៅលេងខាងក្រៅ ។
ដោយឮសំណើបស់ពួកគេ លោកតា ហ្គ្រូវើរ ឱនមុខគាត់ចុះទល់នឹងមុខពួកគេ ។… គាត់និយាយប្រាប់ពួកគេក្នុងសំឡេងធ្ងន់ថា « ប្រយ័ត្ន—មានសត្វស្កាច្រើនណាស់នៅខាងក្រៅនេះ » ។ ដោយស្ដាប់ឮបែបនេះ លីសា និងខ្ញុំបានភ្ញាក់ផ្អើល យើងបារម្ភខ្លាចពួកគេរងរបួសដោយសារសត្វស្កា ! ក្មេងៗបានចេញទៅលេងខាងក្រៅភ្លាម កាលយើងបន្ដនិយាយគ្នាលេង ។
ក្រោយមក ពេលយើងជិះឡានមកផ្ទះវិញ ខ្ញុំបានសួរកូនៗថា « តើកូនបានឃើញសត្វស្កាទេ ? » កូនម្នាក់បានឆ្លើយថា « ទេ យើងមិនបានឃើញសត្វស្កាអីផង តែយើងបានឃើញកូនឆ្មាពណ៌ខ្មៅ មានឆ្នូតសនៅលើខ្នងវា ! » ( ហ្គែរី អ៊ី ស្ទីវ៉ែនសុន « Deceive Me Not » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៩៣ )
-
ហេតុអ្វីបានជាអ្នកគិតថា ក្មេងៗទាំងនេះមិនស្គាល់សត្វស្កា ?
-
តើអ្វីទៅជាគ្រោះថ្នាក់នៃការមិនស្គាល់លក្ខណៈពិតនៃអ្វីមួយ ?
-
តើដំណើររឿងនេះទាក់ទងនឹងអ្វីដែលសាតាំងចង់ឲ្យយើងជឿវាដោយរបៀបណា ?
-
តើមានរបៀបណាខ្លះដែលសាតាំងព្យាយាមបោកបញ្ឆោតក្មេងជំទង់នៅសព្វថ្ងៃនេះ ?
-
ហេតុអ្វីបានជាអ្នកគិតថា ពេលខ្លះការបោកបញ្ឆោតរបស់សាតាំងដំណើរការយ៉ាងល្អ ?
ការបោកបញ្ឆោតក្នុងចំណោមពួកបរិសុទ្ធសម័យដើម
នៅពេល យ៉ូសែប ស្ម៊ីធ បានមកដល់ទីក្រុងខឺតឡង់ រដ្ឋអូហៃអូ នៅដើមខែ កុម្ភៈ ឆ្នាំ ១៨៣១ លោកបានសង្កេតឃើញថា « គំនិតចម្លែក និងវិញ្ញាណមិនពិតមួយចំនួនបានជ្រៀតចូលទៅក្នុងចំណោម » ពួកបរិសុទ្ធ ( នៅក្នុងប្រវត្តិសាស្រ្ត ឆ្នាំ ១៨៣៨–១៨៥៦ [ Manuscript History of the Church ] ភាគ ក-១ ទំព័រ ៩៣ នៅលើគេហទំព័រ josephsmithpapers.org ) ។
យ៉ូហាន វិតមើរ បានកត់ត្រាដូចខាងក្រោមអំពីរយៈពេលនេះ ។
មនុស្សមួយចំនួនមានការនិមិត្ត ហើយមិនអាចប្រាប់នូវអ្វីដែលពួកគេបានឃើញនោះទេ មនុស្សមួយចំនួនទៀត រវើរវាយលើកខ្លួនឯងថា គេមានដាវរបស់ឡាបាន់ ហើយមានអំណាចប្រើវា [ ដូចជាទាហានជិះនៅលើខ្នងសេះ ] អ្នកខ្លះប្រព្រឹត្តដូចជាជនជាតិអាមេរិកកាំងដើម ពាក់មួករោមសត្វ អ្នកខ្លះនឹងរំអិល ឬរំកិលខ្លួន… [ នៅលើ ] កម្រាលឥដ្ឋ លឿនដូចសត្វពស់ ។… ហេតុដូច្នោះហើយ អារក្សបានបិទភ្នែកសិស្សល្អៗ និងទៀងត្រង់មួយចំនួន ។ ( យ៉ូហាន វិតមើរ History ឆ្នាំ ១៨៣១–ប្រហែលឆ្នាំ ១៨៤៧ ទំព័រ ២៦ នៅលើគេហទំព័រ josephsmithpapers.org )
ការព្រួយបារម្ភអំពីសកម្មភាពទាំងនេះបាននាំឲ្យ យ៉ូសែប ស៊្មីធ ទៅទូលសួរព្រះអម្ចាស់ ហើយទទួល គោលលទ្ធិ និងសេចក្តីសញ្ញា ៥០ ។ នៅក្នុង ខទី ១–៩ ព្រះអម្ចាស់បានព្រមានពួកអែលឌើរនៃសាសនាចក្រអំពីវិញ្ញាណក្លែងក្លាយ និងសូម្បីតែសមាជិកដែលកំពុងបោកបញ្ឆោតអ្នកដទៃ ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៥០:១–៣ សូមរកមើលការព្រមានមួយរបស់ព្រះអម្ចាស់ ។
សូមអានខគម្ពីរខាងក្រោម ដោយរកមើលអំពីរបៀបដែលអ្នកនឹងបំពេញសេចក្តីពិតខាងក្រោម ៖ ព្រះអម្ចាស់នឹងជួយយើងឲ្យចៀសវាងការបោកបញ្ឆោត នៅពេលយើង …
របៀបច្បាស់លាស់ដើម្បីចៀសវាងការបោកបញ្ឆោត
ព្រះអម្ចាស់បានបញ្ចប់ដោយការធានាពេញដោយក្ដីស្រឡាញ់ថា ដោយសារទ្រង់ យើងមិនចាំបាច់ខ្លាចឡើយ ។ សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៥០:៤០–៤៤ ដោយស្វែងរកអ្វីដែលអ្នករៀនអំពីព្រះអង្គសង្រ្គោះ ។
-
តើអ្នកចាប់អារម្មណ៍អ្វីខ្លះមកពីខគម្ពីរទាំងនេះអំពីព្រះអង្គសង្រ្គោះ ?
-
តើការដឹងរឿងនេះអំពីទ្រង់អាចជួយយើងនៅក្នុងពិភពលោក ដែលពោរពេញទៅដោយការបោកបញ្ឆោតដោយរបៀបណា ?
-
តើអ្នកបានស្គាល់ ឬជឿសេចក្ដីពិតទាំងនេះអំពីព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនដូចខាងក្រោម អំពីរបៀបដែលយើងអាចទូលសូមជំនួយរបស់ព្រះអម្ចាស់ដើម្បីចៀសវាងការបោកបញ្ឆោត ៖
5:49
ឥទ្ធិពល និងសម្ពាធពីខាងពិភពលោកនេះមានភាពទាក់ទាញ និងមានចំនួនយ៉ាងច្រើន ។ ប៉ុន្តែឥទ្ធិពលជាច្រើន គឺជាទម្រង់បោកបញ្ឆោត ប្រលោមចិត្ត និងអាចនាំយើងឲ្យដើរខុសផ្លូវនៃសេចក្តីសញ្ញា ។ ដើម្បីជៀសវាងពីការខូចចិត្តដែលនឹងកើតឡើងយ៉ាងពិតប្រាកដនេះ ខ្ញុំសូមអង្វរបងប្អូននៅថ្ងៃនេះ ឲ្យប្រឆាំងនឹងការល្បួងខាងពិភពលោកនេះ តាមរយៈការមានពេលវេលាសម្រាប់ព្រះអម្ចាស់នៅក្នុងជីវិតរបស់បងប្អូន—ជារៀងរាល់ថ្ងៃ ។
ប្រសិនបើព័ត៌មានភាគច្រើនដែលបងប្អូនបានទទួលនោះចេញមកពីប្រព័ន្ធផ្សព្វផ្សាយសង្គម ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត នោះសមត្ថភាពរបស់បងប្អូនដើម្បីស្តាប់ឮការខ្សឹបប្រាប់មកពីព្រះវិញ្ញាណនឹងចុះអន់ខ្សោយ ។ ប្រសិនបើបងប្អូនមិនបានខិតខំស្វែងរកព្រះអម្ចាស់តាមរយៈការអធិស្ឋាន និងការសិក្សាដំណឹងល្អប្រចាំថ្ងៃទេ នោះបងប្អូនកំពុងបណ្តោយខ្លួនឲ្យធ្លាក់ទៅក្នុងទស្សនវិជ្ជាដែលហាក់ដូចជាគួរឲ្យចាប់អារម្មណ៍ ប៉ុន្តែមិនពិតហើយ ។ ពួកបរិសុទ្ធដែលស្មោះត្រង់ក៏ដោយ ក៏អាចត្រូវធ្លាក់ចេញពីផ្លូវដោយសារការល្បួងដ៏មិនចេះចប់របស់ពិភពលោកនេះបានដែរ ។
បងប្អូនប្រុសស្រីរបស់ខ្ញុំ ខ្ញុំសូមអង្វរបងប្អូនឲ្យមានពេលវេលាសម្រាប់ព្រះអម្ចាស់ ។ សូមធ្វើឲ្យគ្រឹះខាងវិញ្ញាណផ្ទាល់ខ្លួនរបស់បងប្អូនរឹងមាំ ហើយអាចទប់ទល់នឹងការសាកល្បងដោយការធ្វើនូវរឿងទាំងឡាយដែលអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយបងប្អូន ជានិច្ច ។ ( រ័សុល អិម ណិលសុន « មានពេលវេលាសម្រាប់ព្រះអម្ចាស់ » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ១២០ )