ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៦៨—គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥១ ៖ « អ្នក​កាន់កាប់​ត្រួតត្រា​ដោយ​ស្មោះត្រង់ យុត្តិធម៌ និង​ឈ្លាស​វៃ »


« មេរៀន​ទី ៦៨—គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥១ ៖ ‹ អ្នក​កាន់កាប់​ត្រួតត្រា​ដោយ​ស្មោះត្រង់ យុត្តិធម៌ និង​ឈ្លាស​វៃ › » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥១ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ៦៨ ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥១–៥៧

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥១

« អ្នក​កាន់កាប់​ត្រួតត្រា​ដោយ​ស្មោះត្រង់ យុត្តិធម៌ និង​ឈ្លាស​វៃ »

យុវវ័យ​កំពុង​ធ្វើ​ពង្សប្រវត្តិ

នៅ​និទាឃ​រដូវ​នា​ឆ្នាំ ១៨៣១ យ៉ូសែប ស៊្មីធ បាន​ទទួលវិវរណៈ​មួយ ។ ព្រះអម្ចាស់​បានណែនាំ​សមាជិក​នៃ​សាខាខូលស្វិល រដ្ឋ​ញូវយ៉ក ឲ្យ​តាំង​ទីលំនៅ​តំបន់​ថមសុន រដ្ឋ​អូហៃអូ និង​ដើម្បី​បំពេញ​កាន់កាប់​ត្រួតត្រា​របស់​ពួកគេ​ដោយ​ការរស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​​ការឧទ្ទិស​ថ្វាយ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​អំពី​របៀប​ដែល​ពួកគេ​អាច​ធ្វើ​តាម​ការទូន្មាន​របស់​ព្រះអម្ចាស់ ដើម្បី​ធ្វើជា​អ្នក​កាន់កាប់​ត្រួតត្រា​ដោយ​ស្មោះត្រង់ យុត្តិធម៌ និង​ឈ្លាស​វៃ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ការទទួលខុសត្រូវ​នៃ​ការកាន់កាប់​ត្រួតត្រា

ដើម្បី​ជួយ​រៀបចំ​សិស្ស​ឲ្យ​រៀន​អំពី​ការកាន់កាប់​ត្រួតត្រា សូម​ពិចារណា​ធ្វើ​សកម្មភាព​មួយ​ចំនួន​ដូច​ខាងក្រោម ។

សូម​ស្រមៃ​ថា ឪពុក ឬ​ម្តាយ​ម្នាក់​បាន​សុំ​កូនប្រុស ឬ​កូនស្រី​របស់គាត់​ឲ្យ​មើល​ប្អូន​ប៉ុន្មាន​ម៉ោង ខណៈ​ឪពុក ឬ​ម្តាយ​មិន​នៅ ។

  • ហេតុអ្វី​បាន​ជា​ឪពុក ឬ​ម្ដាយ​ដែល​ពេញ​ដោយ​ក្ដី​ស្រឡាញ់​ចង់​ឲ្យ​កូន​ច្បង​ទទួល​ទំនួល​ខុសត្រូវ​នេះ ?

  • តើ​អ្នក​គិត​ថា​ឪពុក ឬ​ម្ដាយ​រំពឹង​អ្វី​ខ្លះ​ក្នុង​ស្ថានភាព​នេះ ?

សូម​ពន្យល់​ថា ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ក៏​បាន​ប្រគល់​ការទទួលខុសត្រូវ​ជាច្រើន​ដល់​យើង​ក្នុង​ជីវិត​របស់​យើង​ផងដែរ ។ ការទទួលខុសត្រូវ​ទាំងនេះ​ក៏​អាច​ហៅ​ថា ការកាន់កាប់​ត្រួតត្រា​ផងដែរ ។

ប៊ីស្សព ហ្គែរ៉ល កូសសេ នៃ​គណៈប៊ីស្សព​ជា​អធិបតី បាន​ចែកចាយ​អត្ថន័យ​នៃ​ពាក្យ ការកាន់កាប់​ត្រួតត្រា ។

ប៊ីស្សព ហ្គែរ៉ល កូសសេ

នៅក្នុង​វាក្យសព្ទនៃ​ដំណឹងល្អ ពាក្យ ការកាន់កាប់​ត្រួតត្រា បាន​កំណត់​នូវ​ការទទួល​ខុសត្រូវ​ខាងវិញ្ញាណ ឬ​ខាងសាច់ឈាម​ដ៏ពិសិដ្ឋ ដើម្បី​ថែរក្សា​អ្វីមួយ​ដែលជា​កម្មសិទ្ធិ​របស់​ព្រះ ដែល​យើង​មាន​ទំនួលខុសត្រូវ ។ ( ហ្គែរ៉ល កូសសេ « ការកាន់កាប់​ត្រួតត្រា​នៅលើ​ផែនដី​របស់​យើង » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ៥៧ )

  • តើ​គំរូ​អ្វី​ខ្លះ​នៃ​ការកាន់កាប់​ត្រួតត្រា​ដែល​ព្រះ​ប្រទាន​ដល់​យើង​ក្នុង​ជីវិត​របស់​យើង ?

សូម​សរសេរ​ចម្លើយ​របស់​សិស្ស​ចំពោះ​សំណួរ​មុន​នៅលើ​ក្ដារខៀន ឬ​អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ឡើង​មក​មុខ​ក្ដារខៀន ហើយ​សរសេរ​ចម្លើយ​របស់​ពួកគេ ។

ប្រសិនបើ​ចាំបាច់ អ្នក​អាច​ប្រើ​អ្វី​ដែល​មាន​ខាងក្រោម​ជា​ឧទាហរណ៍ ៖ ផ្នែក​នៃ​ភពផែនដី​ដែល​យើង​រស់នៅ ក្រុមគ្រួសារ​របស់​យើង ការហៅបម្រើ ឬ​ការចាត់តាំង​នៅក្នុង​សាសនាចក្រ ទ្រព្យសម្បត្តិ និង​ការកាន់កាប់​របស់យើង រូបកាយ​របស់​យើង ពេលវេលា​របស់​យើង ។

បន្ទាប់ពី​បាន​រកឃើញ​គំរូ​ទាំងនេះ​ហើយ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពី​ការកាន់កាប់​ត្រួតត្រា​ដែល​ពួកគេ​មាន​ក្នុង​ជីវិត​របស់​ពួកគេ ដោយ​ការចែកចាយ​ដូច​ខាង​ក្រោម ៖

នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក សូម​សរសេរ​នូវ​ការកាន់កាប់​ត្រួតត្រា​មួយ​ចំនួន​ដែល​អ្នក​មាន ឬ​អ្វី​ដែល​ព្រះអម្ចាស់​បាន​ប្រគល់​ឲ្យ​អ្នក ។ នៅពេល​អ្នក​សិក្សា​ថ្ងៃ​នេះ សូម​រកមើល​សេចក្តីពិត​ដែល​អាច​ជួយ​អ្នក​ឲ្យ​ក្លាយ​ជា​អ្នក​ត្រួតត្រា​ដ៏​ប្រសើរ​លើ​អ្វីៗ​ដែល​អ្នក​បាន​សរសេរ​ក្នុង​បញ្ជី​របស់​អ្នក ។

ការកាន់កាប់​ត្រួតត្រា​នៃ​ពួក​បរិសុទ្ធ​សម័យ​ដើម

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​អំពី​បរិបទ​នៃ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥១ សូម​អាន ឬ​សង្ខេប​កថាខណ្ឌ​ដូច​ខាងក្រោម ។ អ្នក​ក៏​អាច​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​វា​ដល់​ថ្នាក់​ផងដែរ ។

នៅ​និទាឃ​រដូវ​ឆ្នាំ ១៨៣១ ពួកបរិសុទ្ធ​ជាច្រើន​បាន​ចាប់ផ្តើម​មក​ដល់​រដ្ឋ​អូហៃអូ បន្ទាប់ពី​បាន​ធ្វើ​ចំណាក​ស្រុក​ពី​ភាគ​ខាងកើត​សហរដ្ឋ​អាមេរិក ។ ក្រុមមួយ​បាន​ចេញមកពី ខូលស្វិល រដ្ឋ​ញូវយ៉ក ដោយ​មាន​ការលះបង់​យ៉ាង​ខ្លាំង ។ ក្រុម​នេះ​ត្រូវ​បាន​ណែនាំ​ឲ្យ​បោះទីតាំងនៅ ថមសុន រដ្ឋ​អូហៃអូ ហើយ​រស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ការថ្វាយ ។ វិវរណៈ​ដែល​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥១ មាន​នូវ​សេចក្តីណែនាំ​របស់​ព្រះអម្ចាស់​ទៅកាន់​ពួក​បរិសុទ្ធ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចម្លង​តារាង​ដូច​ខាងក្រោម​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ និង​ដើម្បី​បំពេញ​វា​នៅពេល​ពួកគេ​សិក្សា គោលលទ្ធិ និង​សេចក្តីសញ្ញា ៥១ ។

ការ​ទទួល​ខុសត្រូវ​របស់​ប៊ីស្សព ប៉ាទ្រិច

ការ​ទទួល​ខុសត្រូវ​របស់​ពួក​បរិសុទ្ធ

សូម​អាន គោលលទ្ធិ និង​សេចក្តីសញ្ញា ៥១:១–៤ ដោយ​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​បង្រៀន​ដល់​​ប៊ីស្សព អែតវឺត ប៉ាទ្រិច អំពី​ទំនួលខុសត្រូវ​របស់​លោក ។

  • តើ​ទំនួលខុសត្រូវ​អ្វីខ្លះ​ដែល​ព្រះអម្ចាស់​បាន​ប្រគល់​ទៅឲ្យ​ប៊ីស្សព ប៉ាទ្រិច ?

នៅពេល​សិស្ស​ឆ្លើយ វា​អាច​មាន​អត្ថប្រយោជន៍​ដើម្បី​លើកឡើង​ថា « [ ការ ] ប្រគល់​ចំណែក​ដល់​ប្រជារាស្ត្រ​នេះ​រៀងៗ​ខ្លួន » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥១:៣ ) សំដៅ​ទៅ​លើ​ទ្រព្យ​សម្បត្តិ និង​ទំនិញ​ដែល​ពួក​បរិសុទ្ធ​នឹង​ទទួល​ជា​ផ្នែក​នៃ​ច្បាប់​នៃ​ការ​ឧទ្ទិស​ថ្វាយ។ មុន​នឹង​បន្ត វា​អាច​មាន​ប្រយោជន៍​ក្នុងការ​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​ដឹង ឬ​ចងចាំ​អំពី​ក្រឹត្យវិន័យ​នៃ​ការឧទ្ទិស​ថ្វាយ ។

ប្រសិនបើ​ចាំបាច់ សូម​ពន្យល់​ថា ដោយ​ជា​ផ្នែក​នៃ​ក្រឹត្យវិន័យ​នៃ​ការឧទ្ទិស​ថ្វាយ នោះ​ពួកបរិសុទ្ធ​នឹង​លះបង់​ទ្រព្យសម្បត្ដិ និង​របស់របស​ពួកគេ​ថ្វាយ​ដល់ព្រះអម្ចាស់ ។ បន្ទាប់មក​តាមរយៈ​ប៊ីស្សព ពួកគេ​នឹង​ទទួល​បាន​ទ្រព្យសម្បត្តិ និង​ទំនិញ​ជា​ការកាន់កាប់​ត្រួតត្រា​ដើម្បី​មើលថែ និង​ប្រើប្រាស់ ។ ពួកបរិសុទ្ធ​ក៏​នឹង​បរិច្ចាគ​ចំនួនលើស​នៃ​អ្វី​ដែល​ពួកគេ​បានដាំ ចិញ្ចឹម ឬ​បានទទួល​ទៅកាន់​ប៊ីស្សព​ដើម្បី​ផ្តល់​ដល់​ជនក្រីក្រ ។

សូម​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥១:៩, ១២–១៥, ១៩ ហើយ​បំពេញ​តារាង​ផ្នែក​លើ​អ្វី​ដែល​អ្នក​រកឃើញ ។

វា​អាច​មាន​អត្ថប្រយោជន៍​សម្រាប់​សិស្ស​ដើម្បី​ដឹង​ថា​ឃ្លាំង​ដែល​បាន​លើកឡើង​នៅក្នុង ខទី ១៣ គឺជា​កន្លែង​ដែល​ប៊ីស្សព​នឹង​ទុក​ស្បៀង​អាហារ និង​គ្រឿង​ផ្គត់ផ្គង់​សម្រាប់​មើលថែ​ជនក្រីក្រ និង​អ្នក​ខ្វះខាត ។

  • តើ​ដំបូន្មាន​អ្វីខ្លះ​ចេញមក​ពី​ខគម្ពីរ​ទាំងនេះ​ដែល​អាច​ជួយ​ពួកបរិសុទ្ធ​ឲ្យ​យក​ឈ្នះ​លើ​ការលំបាក ដែល​ពួកគេ​ជួបប្រទះ​ក្នុង​ការ​រស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ការឧទ្ទិស​ថ្វាយ ?

  • តើ​ព្រះ​ពរជ័យ​អ្វី​ដែល​ព្រះអម្ចាស់​បានសន្យា​នៅ​ក្នុង ខទី ១៩ ដល់​អ្នក​កាន់កាប់​ត្រួតត្រា​ដោយ​ស្មោះត្រង់ យុត្តិធម៌ និង​ឈ្លាស​វៃ ?

    សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​ការពិត​មួយ​ដែល​អនុវត្ត​ចំពោះ​ការកាន់កាប់​ត្រួតត្រា​របស់​ពួកគេ ដោយ​ផ្អែកលើ​ការបង្រៀន​របស់ព្រះអម្ចាស់​នៅក្នុង ខទី ១៩ ។ ពួកគេ​អាច​ស្វែងរក​អ្វី​មួយ​ដូចជា​តទៅ​នេះ ៖ នៅពេល​យើង​ធ្វើ​ជា​អ្នក​កាន់កាប់​ត្រួតត្រា​ដោយ​ស្មោះត្រង់ យុត្តិធម៌ និង​ឈ្លាស​វៃ នោះ​យើង​អាច​ដកពិសោធន៍​នៃ​អំណរ​របស់​ព្រះអម្ចាស់ ហើយ​ទទួល​បាន​អំណោយទាន​នៃ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

    ប្រសិនបើ​មាន​ប្រយោជន៍ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ចំណាយពេល​បន្តិច​ដើម្បី​ឲ្យ​និយមន័យ​ពាក្យ​ដូច​តទៅ​នេះ ៖ ស្មោះត្រង់, យុត្តិធម៌ ឬ ឈ្លាសវៃ ។ សិស្ស​អាច​ចែកចាយ​ការយល់ដឹង​របស់​ពួកគេ ដោយ​ប្រើ​សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ឬ​ប្រើ​វចនានុក្រម ។

  • តើ​អ្វី​ខ្លះអាច​ជា​គំរូ​នៃ​អំណរ​ដែល​យើង​អាច​នឹង​ទទួល​អារម្មណ៍ ឬ​ពរជ័យ​ដែល​យើង​អាច​នឹង​ទទួល​បាន នៅពេល​យើង​មាន​ភាពស្មោះត្រង់​ក្នុង​ការកាន់កាប់​ត្រួតត្រា​របស់​យើង ?

ឧទាហរណ៍​នៃ​អ្នក​កាន់កាប់​ត្រួតត្រា​ដោយ​ស្មោះត្រង់ យុត្តិធម៌ និង​ឈ្លាស​វៃ

សកម្មភាព​ខាងក្រោម​អាច​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​អត្ថន័យ​នៃ​ការធ្វើ​ជា​អ្នក​កាន់កាប់​ត្រួតត្រា​ដោយ​ស្មោះត្រង់ យុត្តិធម៌ និង​ឈ្លាស​វៃ ។ សូម​ពិចារណា​ពី​ការបង្ហាញ​សកម្មភាព និង​ការបែងចែក​សិស្ស​ជា​ក្រុម​តូចៗ ដើម្បី​បំពេញ​វា​ជាមួយ​គ្នា ។ ប្រសិនបើ​សកម្មភាព​នេះ​ត្រូវ​បាន​ធ្វើ​ជា​ក្រុម សូម​ប្រាកដ​ថា​បាន​ចាត់តាំង​ឲ្យ​មាន​អ្នកដឹកនាំ​ការពិភាក្សា​សម្រាប់​ក្រុម​នីមួយៗ ។

សកម្មភាព ក ៖ គំរូ​របស់​ព្រះអង្គ​សង្គ្រោះ

ព្រះអង្គ​សង្គ្រោះ​គឺជា​គំរូ​ដ៏​ល្អ​ឥតខ្ចោះ​នៃ​ការធ្វើ​ជា​អ្នក​កាន់កាប់​ត្រួតត្រា​ដោយ​ស្មោះត្រង់ យុត្តិធម៌ និង​ឈ្លាស​វៃ ។

សូម​ស្វែងរក​គំរូ​មួយ​នៅក្នុង​ព្រះគម្ពីរ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ បំពេញ​ទំនួលខុសត្រូវ​មួយ​របស់​ទ្រង់​ក្នុង​ការមើលថែ និង​ជួយ​យើង ។ ឧទាហរណ៍​នៃ​បទគម្ពីរ​ទាំងឡាយ​ដែល​អ្នក​អាច​សិក្សា រួម​មាន អេសេគាល ៣៤:១១–១៦; យ៉ូហាន ៦:៣៨–៣៩; ១៧:១–៤; នីហ្វៃទី៣ ១៧:៦–៩ និង គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៩:១៦–១៩ ។

សូម​ជញ្ជឹងគិត​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​ជា​អ្នក​កាន់កាប់​ត្រួតត្រា​ដោយ​ស្មោះត្រង់ យុត្តិធម៌ និង​ឈ្លាស​វៃ​លើ​អ្នក ។

  • តើ​ការខិតខំ​របស់​ព្រះអង្គ​សង្គ្រោះ​បាន​នាំ​មក​នូវ​អំណរ និង​ពរជ័យ​ដល់​អ្នក​យ៉ាង​ដូចម្ដេច ?

  • តើ​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​អាច​ជំរុញ​អ្នក​ឲ្យ​ក្លាយ​ជា​អ្នក​កាន់កាប់​ត្រួតត្រា​ដោយ​ស្មោះត្រង់ យុត្តិធម៌ និង​ឈ្លាស​វៃ​ដោយ​របៀបណា ?

សកម្មភាព ខ ៖ ការកាន់កាប់​ត្រួតត្រា​នៅ​សព្វថ្ងៃ​នេះ

យើង​ក៏​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ ដោយ​អ្នក​កាន់កាប់​ត្រួតត្រា​ដោយ​ស្មោះត្រង់ យុត្តិធម៌ និង​ឈ្លាស​វៃ​ផងដែរ ។

សូម​ជ្រើសរើស​គំរូ​មួយចំនួន​នៃ​ការកាន់កាប់​ត្រួតត្រា​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​យើង ដែល​រាយបញ្ជី​នៅលើ​ក្ដារខៀន ( ឬ​ឧទាហរណ៍​ផ្សេងទៀត​ដែល​អ្នក​នឹកឃើញ ) ។

សូម​ពិពណ៌នា​អំពី​អ្វី​ដែល​នរណា​ម្នាក់​អាច​ធ្វើ​បាន ដើម្បី​ធ្វើ​ជា​អ្នក​កាន់កាប់​ត្រួតត្រា​ដោយ​ស្មោះត្រង់ យុត្តិធម៌ និង​ឈ្លាស​វៃ​នៃ​កិច្ចការ​ទាំងនេះ ។ អ្នក​អាច​ដាក់​បញ្ចូល​ឧទាហរណ៍​ដែល​អ្នក​បានឃើញ ឬ​របៀប​ដែល​អ្នក​បានព្យាយាម​ធ្វើ​ជា​អ្នក​កាន់កាប់​ត្រួតត្រា​ដ៏​ល្អ​ម្នាក់ ។

  • ហេតុអ្វី​បាន​ជា​ព្រះអម្ចាស់​សព្វ​ព្រះហឫទ័យ​ចង់​ឲ្យ​នរណា​ម្នាក់​នៅ​សព្វថ្ងៃ​នេះ ខិតខំ​ធ្វើ​ជា​អ្នក​កាន់កាប់​ត្រួតត្រា​ដោយ​ស្មោះត្រង់ យុត្តិធម៌ និង​ឈ្លាស​វៃ ?

  • តើ​ការខិតខំ​របស់​ពួកគេ​អាច​នាំ​មក​នូវ​អំណរ និង​ពរជ័យ​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ផ្សេងៗ​ឲ្យ​ចែកចាយ​នូវ​ការយល់ដឹង​ដែល​ពួកគេ​មាន​មកពី​ការពិភាក្សា​នេះ ។ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​បទគម្ពីរ​ដែល​ពួកគេ​បាន​រកឃើញ​នៅ​ក្នុង​សកម្មភាព ក ដែល​ពួកគេ​បាន​រកឃើញ​ថា​មាន​តម្លៃ ឬ​មាន​អត្ថន័យ​ជា​ពិសេស ។ អ្នក​ក៏​អាច​សុំ​ឲ្យ​សិស្ស​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បានរៀន​ពី​មិត្ត​រួមថ្នាក់​ដែល​ពួកគេ​បាន​ធ្វើការ​ជាមួយ​ផងដែរ ។

អ្វី​ដែល​អ្នក​បាន​រៀន

ដើម្បី​ជួយ​សិស្ស​ដំណើរការ​អ្វី​ដែល​ពួកគេ​បានរៀន​នៅក្នុង​មេរៀន​នេះ សូម​ពិចារណា​អញ្ជើញ​ពួកគេ​ឲ្យ​ឆ្លើយ​សំណួរ​ដូច​តទៅ​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

  • អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ថ្ងៃនេះ​អំពី​ការកាន់កាប់​ត្រួតត្រា​ដែល​អ្នក​ចង់​ចងចាំ ?

  • តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ធ្វើ​ជា​អ្នក​កាន់កាប់​ត្រួតត្រា​ដោយ​ស្មោះត្រង់ យុត្តិធម៌ និង​ឈ្លាស​វៃ​នៅ​ចំណុច​មួយ​នៃ​ជីវិត​របស់​អ្នក ?

សម្រាប់​សំណួរ​ទាំង​ពីរ​មុន​នេះ សូម​អញ្ជើញ​សិស្ស​ដែល​ស្ម័គ្រចិត្ត​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ សូម​ថ្លែងទីបន្ទាល់​អំពី​អំណរ​ដែល​បាន​មក​ដល់​អ្នក នៅពេល​អ្នក​ខិតខំ​បំពេញ​ការកាន់កាប់​ត្រួតត្រា​របស់​អ្នក​ពី​ព្រះអម្ចាស់ ។