ថ្នាក់​សិក្ខាសាលា
មេរៀនទី ៦៩—គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥៧ ៖ របៀប​ដែល​ព្រះអម្ចាស់​ស្ថាបនា​ស៊ីយ៉ូន


« មេរៀន​ទី ៦៩—គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥៧ ៖ របៀប​ដែល​ព្រះអម្ចាស់​ស្ថាបនា​ស៊ីយ៉ូន » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥៧⁠ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ៦៩ ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥១–៥៧

គោលលទ្ធិ និង​សេចក្តីសញ្ញា ៥៧

របៀប​ដែល​ព្រះអម្ចាស់​ស្ថាបនា​ស៊ីយ៉ូន

យុវនារី​ជជែក​គ្នា

នៅពេល​ព្រះអម្ចាស់​បានបើក​សម្តែង​បន្ថែម​ទៀត​អំពី​ស៊ីយ៉ូន​ទៅដល់​ព្យាការី យ៉ូសែប ស៊្មីធ នោះ​ពួកបរិសុទ្ធ​មាន​អារម្មណ៍​អន្ទះសា និង​រំភើបចិត្ត​ក្នុង​ការក្លាយ​ជា​ផ្នែក​មួយ​នៃ​សហគមន៍​បែប​នេះ ។ នៅពេល​ទីកន្លែង​ដែលត្រូវ​សាងសង់​ក្រុង​ស៊ីយ៉ូន​ត្រូវ​បាន​បើកសម្តែង នោះ​ព្រះអម្ចាស់​បាន​ណែនាំ​បុគ្គល​មួយចំនួន​ឲ្យ​ចាប់ផ្តើម​បង្កើត​សហគមន៍ ។ មេរៀន​នេះ​មាន​គោលបំណង​ជួយ​សិស្ស​ឲ្យ​មាន​អារម្មណ៍​ចង់​ក្លាយជា​រាស្ដ្រ​របស់​ព្រះអម្ចាស់​ដោយ​ការស្ថាបនា​ទីក្រុង​ស៊ីយ៉ូន​កាន់តែ​ខ្លាំង ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ក្រុង​ស៊ីយ៉ូន

សូម​ពិចារណា​បង្ហាញ​រូបភាព​ព្រះអង្គ​សង្គ្រោះ ។

សូម​ស្រមៃ​ថា អ្នក​មាន​ឱកាស​រស់​នៅ​ក្បែរ​ព្រះយេស៊ូវ​គ្រីស្ទ ។

  • តើ​ទ្រង់​មាន​លក្ខណៈ​សម្បត្តិ​អ្វីខ្លះ ដែល​អាច​ធ្វើ​ឲ្យ​មានភាព​រីករាយ​ក្នុង​ការ​រស់នៅ​ក្បែរ​ទ្រង់ ?

ឥឡូវ​នេះ សូម​ស្រមៃ​គិត​ថា តើ​វា​នឹង​មាន​អារម្មណ៍​យ៉ាង​ណា ពេល​រស់​នៅ​ក្នុង​សហគមន៍​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​មនុស្ស​ដែល​ខិតខំ​ធ្វើ​តាម​ការ​បង្រៀន និង​គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ឧទាហរណ៍​នៃ​សហគមន៍​បែបនេះ​បាន​កើត​ឡើង​ក្នុង​សម័យ​ព្រះគម្ពីរ​សញ្ញា​ចាស់​ជាមួយ​ប្រជាជន​ហេណុក ។

សូម​ពិចារណា​បង្ហាញ​រូបភាព​ហេណុក និង​ប្រជាជន​របស់​លោក ហើយ​សួរ​សិស្ស​ថា តើ​ពួកគេ​ដឹង​អ្វីខ្លះ​អំពី​ដំណើររឿង​នេះ​នៅក្នុង​ព្រះគម្ពីរ ។

ប្រជាជន​ហេណុក

សូមអាន ម៉ូសេ ៧:១៨ ដោយ​រកមើល​លក្ខណៈ​សម្បត្តិ​របស់​ប្រជាជន​ទាំងនេះ ។

  • តើ​យើង​ប្រឈម​មុខ​នឹង​បញ្ហា​អ្វី​ខ្លះ​សព្វ​ថ្ងៃ​នេះ ដែល​គួរតែ​ត្រូវ​បាន​ដោះស្រាយ ឬ​កាត់​បន្ថយ​ក្នុង​សហគមន៍​បែប​នេះ ?

  • តើ​អ្នក​គិត​ថា ប្រជាជន​ទាំងនេះ​បាន​ធ្វើអ្វីខ្លះ​ដើម្បី​ឈាន​ទៅដល់​ចំណុច​នេះ ?

សូម​ចំណាយ​ពេល​មួយ​ភ្លែត​ដើម្បី​គិត​អំពី​របៀប​ដែល​ការ​រស់​នៅ​តាម​របៀប​កាន់តែ​ដូច​ព្រះគ្រីស្ទ​ដូចជា​ប្រជាជន​នៃ​ទីក្រុង​ស៊ីយ៉ូន​អាច​ផ្ដល់​ពរជ័យ​ដល់​ជីវិត​របស់​អ្នក ។ នៅពេល​អ្នក​សិក្សា​ថ្ងៃនេះ សូម​រកមើល​ការបង្រៀន​ដែល​អាច​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​ជួយ​ស្ថាបនា​ទីក្រុង​ស៊ីយ៉ូន​ជុំវិញខ្លួន​អ្នក ។

ទីក្រុង​ស៊ីយ៉ូន

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​អំពី​បរិបទ​សម្រាប់​ខគម្ពីរ​ដែល​ពួកគេ​នឹង​សិក្សា​ថ្ងៃនេះ សូម​អាន ឬ​សង្ខេប​ព័ត៌មាន​ខាងក្រោម ។ អ្នក​ក៏​អាច​អាន ពួក​បរិសុទ្ធ ១:១១៨–១៩​ ផង​ដែរ ។

បន្ទាប់​ពី​ការ​រៀបចំ​សាសនាចក្រ​មិន​យូរ​ប៉ុន្មាន ពួកបរិសុទ្ធ​ជា​ច្រើន​បាន​រំភើប​ចិត្ត​ក្នុង​ការ​បង្កើត​សហគមន៍​ស៊ីយ៉ូន​ដូច​ជា​ប្រជាជន​របស់​ហេណុក ។ ព្រះអម្ចាស់​បាន​សន្យា​ថា​នឹង​មាន​ទីក្រុង​ស៊ីយ៉ូន​បាន​សាងសង់​ឡើង​នៅ​ថ្ងៃ​ចុងក្រោយ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៥:៦៥–៧១, ម៉ូសេ ៧:៦២ ) ។

នៅ​ខែ មិថុនា ឆ្នាំ ១៨៣១ ព្រះអម្ចាស់​បាន​បង្គាប់​ដល់ យ៉ូសែប ស្ម៊ីធ និង​ពួក​អែលឌើរ​មួយ​ក្រុម​ឲ្យ​ធ្វើ​ដំណើរ​ប្រហែល ៨០០ ម៉ែលស៍ ( ១,២៨៧ គីឡូម៉ែត្រ ) ពី​រដ្ឋ​អូហៃអូ​ទៅ​រដ្ឋមិសសួរី ជា​កន្លែង​ដែល​ពួកគេ​នឹង​ធ្វើ​សន្និសីទ ហើយ​សិក្សា​អំពី​ទឹកដី​មរតក​របស់​ពួកគេ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥២:១–២, ៥ ) ។ វិវរណៈ​ដែល​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥៧ ត្រូវ​បាន​ទទួលនៅ​ពេលដែល យ៉ូសែប ស្ម៊ីធ និង​ពួក​អែលឌើរ​បាន​មកដល់​រដ្ឋ​មិសសួរី​នៅ​ខែ ​កក្កដា ឆ្នាំ ១៨៣១ ។

សូម​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥៧:១–៣ ដើម្បី​មើល​ឃើញ​អ្វីដែល​ពួកបរិសុទ្ធ​បាន​រៀន ។

  • តើ​ព្រះអម្ចាស់​បាន​ចង្អុល​បង្ហាញ​ថា ទីក្រុង​ស៊ីយ៉ូន​នឹង​ត្រូវ​បាន​សាងសង់​នៅឯណា ?

  • តើ ខទី ៣ ជួយ​អ្នក​ឲ្យ​យល់​អ្វីខ្លះ​អំពី​សារៈសំខាន់​នៃ​ព្រះវិហារ​បរិសុទ្ធ​ចំពោះ​ព្រះអម្ចាស់ ?

សិស្ស​អាច​មាន​សំណួរ​អំពី​ការ​បង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង ខទី ១–៣ ។ វា​ប្រហែល​ជា​មាន​ប្រយោជន៍​ក្នុង​ការ​ពន្យល់​ថា ការ​ខិត​ខំ​របស់​ពួក​បរិសុទ្ធ​ក្នុង​ទសវត្សរ៍ ឆ្នាំ ១៨៣០ ដើម្បី​ស្ថាបនា​ទីក្រុង​ស៊ីយ៉ូន​នៅ អ៊ិនឌីប៉ែនដែនស៍ រដ្ឋ​មិសសួរី មិន​បាន​ជោគជ័យ​ដោយ​សារ​ការបៀត​បៀន ។ នៅឆ្នាំ ១៨៣៨ ពួក​បរិសុទ្ធ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​រដ្ឋ​មិសសួរី ដោយ​សារ​សត្រូវ​របស់​ពួកគេ ។

ទោះ​ជា​ព្រះអម្ចាស់​បាន​សន្យា​ថា​នឹង​មាន​ទីក្រុង​ស៊ីយ៉ូន​មួយ​ដែល​បាន​ស្ថាបនាឡើង​នៅ​លើ​ទ្វីប​អាមេរិក​នា​ពេល​អនាគត​ក៏​ដោយ ( សូមមើល មាត្រា​នៃ​សេចក្តីជំនឿ ១:១០ ) ក៏​សព្វ​ថ្ងៃ​នេះ យើង​ត្រូវ​បាន​ប្រឹក្សា​ឲ្យ​កសាង​ទីក្រុង​ស៊ីយ៉ូន​គ្រប់​ទីកន្លែង​ដែល​យើង​រស់​នៅ ដោយ​ការ​ខិតខំ​រស់នៅ​ដោយ​សុចរិត ហើយ​បង្កើត​សាសនាចក្រ​ទូទាំង​ពិភពលោក​ដែរ ( សូមមើល « Zion » Topics and Questions នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org ) ។

ការស្ថាបនា​ទីក្រុង​ស៊ីយ៉ូន

នៅក្នុង​វិវរណៈ​ដែល​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥៧ ព្រះអម្ចាស់​បាន​ប្រទាន​ការណែនាំ​ដល់​បុគ្គល​មួយ​ចំនួន​ដើម្បី​ចាប់​ផ្តើម​កសាង​ទីក្រុង​ស៊ីយ៉ូន ។

វិធី​មួយ​ដែល​អ្នក​អាច​ជួយ​សិស្ស​ឲ្យ​រៀន​ចេញពី​ខគម្ពីរ​ខាងក្រោម​នេះ​គឺ​បំបែក​ពួកគេ​ជា​បួនក្រុម ហើយ​បែងចែក​ខគម្ពីរ​ដល់​សមាជិក​ក្រុម ( ខទី ៦–៧, ៨–១០, ១១–១២, ១៣–១៤ ) ។ សមាជិក​ក្រុម​នីមួយៗ​អាច​កំណត់​អត្តសញ្ញាណ​បុគ្គល ឬ​បុគ្គល​ដែល​ត្រូវ​បាន​លើកឡើង និង​អ្វីដែល​ពួកគេ​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​ធ្វើ ។ បន្ទាប់មក សិស្ស​អាច​ចែក​រំលែក​ការ​រក​ឃើញ​របស់​ពួកគេ​ជាមួយ​សមាជិក​ក្រុម​របស់​ពួកគេ ។

សូម​អាន គោលលទ្ធិ និង​សេចក្តីសញ្ញា ៥៧:៦-១៤ ដោយ​ស្វែងរក​អ្វី​ដែល​ព្រះអម្ចាស់​បាន​សុំ​ឲ្យ​ពួកគេ​ម្នាក់ៗ​ធ្វើ ។

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា ព្រះអម្ចាស់​បាន​សុំ​មនុស្ស​ផ្សេង​គ្នា​ឲ្យ​ធ្វើ​កិច្ចការ​ផ្សេង​គ្នា ?

  • តើ​ការណ៍​នេះ​បង្រៀន​យើង​អ្វីខ្លះ​អំពី​របៀប​ដែល​ព្រះអម្ចាស់​ស្ថាបនា​ទីក្រុង​ស៊ីយ៉ូន នគរ​របស់​ទ្រង់​នៅលើ​ផែនដី ?

    សូម​ជួយ​សិស្ស​ឲ្យ​ស្គាល់​គោលការណ៍​នេះ ៖ ព្រះអង្គសង្គ្រោះ​បង្កើត​ទីក្រុង​ស៊ីយ៉ូន​ដោយ​ប្រើ​សមត្ថភាព​ផ្ទាល់ខ្លួន​របស់​យើង។

    សូម​ពន្យល់​ថា បុរស​ទាំងនេះ​បាន​ទៅ​ធ្វើការ ហើយ​សម្រេច​នូវ​អ្វី​ដែល​ព្រះអម្ចាស់​បាន​សុំ​ពួកគេ​ឲ្យ​ធ្វើ ។ ដោយ​មាន​ការ​លះបង់​ខ្ពស់ ពួកគេ « ដាក់ » ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥៧:៨, ១១, ១៤, ១៥ ) ខ្លួន​ឯង​នៅ​រដ្ឋ​មិសសួរី ជា​កន្លែង​ដែល​មិនមាន​ភាព​ងាយ​ស្រួល​ច្រើន​លើ​អ្វី​ដែល​នៅ​ពេល​នោះ​ជា​ព្រំដែន​ភាគ​ខាង​លិច​នៃ​សហរដ្ឋ​អាមេរិក ។

  • តើ​វា​អាច​ជួយ​យើង​ឲ្យ​យល់​ថា ព្រះអង្គ​សង្គ្រោះ​ស្ថាបនា​នគរ​របស់​ទ្រង់​តាម​របៀប​ណា ?

ព្រះអម្ចាស់​ទំនង​ជា​នឹង​មិន​ប្រទាន​ឲ្យ​អ្នក​នូវ​កិច្ចការ​ដូចគ្នា​ដើម្បី​កសាង​ទីក្រុង​ស៊ីយ៉ូន ដូច​បុគ្គល​ដែល​បាន​រៀបរាប់​នៅក្នុង​ខគម្ពីរ​ទាំងនេះ​ឡើយ ។ ទោះ​ជា​យ៉ាង​ណា ទ្រង់​បាន​សុំ​ឲ្យ​យើង​កសាង​ក្រុង​ស៊ីយ៉ូន​ឡើង​នៅ​ថ្ងៃ​នេះ ។ តាម​រយៈ​ព្យាការី​របស់​ទ្រង់ ទ្រង់​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ស្ថាបនា​ទីក្រុង​ស៊ីយ៉ូន​នៅ​គ្រប់​ទីកន្លែង​ដែល​យើង​រស់​នៅ ( សូម​មើល ឌី ថត គ្រីស្តូហ្វឺសិន « Come to Zion » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៣៨ ) ។

  • តើ​មាន​វិធី​អ្វីខ្លះ​ដែល​អ្នក​អាច​ស្ថាបនា​ទីក្រុង​ស៊ីយ៉ូន​ជុំវិញខ្លួន​អ្នក​នៅថ្ងៃនេះ​ ?

អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ទិដ្ឋភាព​ជាក់លាក់​នៃ​ជីវិត​របស់​ពួកគេ ដែល​ពួកគេ​អាច​ស្ថាបនា​ទីក្រុង​ស៊ីយ៉ូន ដូចជា​នៅផ្ទះ ក្នុងវួដ ឬ​សាខា​របស់​ពួកគេ នៅ​សាលារៀន ឬ​នៅ​ក្នុង​អន្តរកម្ម​ផ្សេង​ទៀត​របស់​ពួកគេ ។

ជាផ្នែក​មួយ​នៃ​ការពិភាក្សា​នេះ សូម​ពិចារណា​ប្រើ​ឧទាហរណ៍​មួយ ឬពីរ​ដូចខាងក្រោម ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​របៀប​ដែល​គំរូ​ទាំងនេះ​ជួយ​ពួកគេ​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​របៀប​ដែល​ពួកគេ​អាច​ស្ថាបនា​ទីក្រុង​ស៊ីយ៉ូន​នៅជុំវិញ​ខ្លួនពួកគេ ។

សូមមើល « Eyes to See » ពី​នាទី​ទី ៤:៥៤ ដល់​នាទី​ទី ៦:៥៤ និង « The Needs before Us » ពី​នាទី​ទី ៦:០៣ ដល់​នាទី​ទី ៨:១០ ។ វីដេអូ​ទាំងពីរ​នេះ​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

9:44
2:3

ការស្ថាបនា​ទីក្រុង​ស៊ីយ៉ូន​នៅជុំវិញខ្លួន​អ្នក

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​បទពិសោធន៍​ដែល​ពួកគេ​មាន ឬ​ដឹង​អំពី​អ្វីដែល​ពួកគេ ឬ​អ្នក​ដទៃ​ទៀត​បាន​ជួយ​ស្ថាបនា​ទីក្រុង​ស៊ីយ៉ូន ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ពរជ័យ​ដែល​ពួកគេ​បាន​ជួបប្រទះ​ដោយសារ​ការខិតខំ​ទាំងនេះ ។

រូបតំណាង​ការបំពាក់​បំប៉នជួយ​សិស្ស​ឲ្យ​មាន​ចេតនា​ខិតខំ​ប្រែក្លាយ​កាន់តែ​ដូច​ព្រះយេស៊ូវ​គ្រីស្ទ ៖ នៅពេល​សិស្ស​ចែកចាយ​បទពិសោធន៍​ទាំងនេះ ពួកគេ​អាច​សម្គាល់​វិធី​ដែល​ពួកគេ ឬ​អ្នក​ផ្សេងទៀត​កាន់តែ​ដូចជា​ព្រះគ្រីស្ទ ។ សម្រាប់​ការអនុវត្ត​បន្ថែម​ទៀត​អំពី​របៀប​ដែល​អ្នក​អាច​ចង្អុល​បង្ហាញ​ពី​របៀប​ដែល​ពួកគេ​កំពុង​ក្លាយ​ដូចជា​ព្រះគ្រីស្ទ សូម​មើល​ការបណ្តុះ​បណ្តាល « Observe Christlike attributes in students and share what you’ve noticed in ways that inspire them to continue to be like Him »​ដែល​មាន​នៅ​ក្នុង​ការបណ្ដុះបណ្ដាល ជំនាញ​ការអភិវឌ្ឍ​គ្រូបង្រៀន ៖ ផ្តោតលើ​ព្រះយេស៊ូវ​គ្រីស្ទ ។

បន្ទាប់មក សូម​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​នឹង​សំណួរ​មួយ ឬ​ពីរ​ដូច​ខាង​ក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​របស់​ពួកគេ ។

  • តើ​អ្នក​បាន​រៀន ឬ​ទទួល​អារម្មណ៍​អ្វីខ្លះ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ តាមរយៈ​ការ​សិក្សា​របស់​អ្នក​នៅ​ថ្ងៃនេះ ?

  • តើ​អ្នកបាន​ទទួល​អារម្មណ៍​បំផុស​គំនិត​ឲ្យ​ធ្វើ​អ្វី​ខ្លះ ដោយសារ​តែ​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ថ្ងៃ​នេះ ?

ប្រសិន​បើ​មិនមែន​ជា​រឿង​ផ្ទាល់​ខ្លួន​ពេក​ទេ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ចម្លើយ​របស់​ពួកគេ ។ សូម​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ទាំងឡាយ​ដែល​អ្នក​បាន​ពិភាក្សា ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​សកម្មភាព​តាម​ការ​បំផុស​គំនិត​ណាមួយ​ដែល​ពួកគេ​បាន​ទទួល​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​ស្ថាបនា​ទីក្រុង​ស៊ីយ៉ូន ។