« មេរៀនទី ៨៥—គោលលទ្ធិ និងសេចក្តីសញ្ញា ៧៦:១–១៩ ៖ ‹ ភ្នែកនៃយោបល់របស់យើងខ្ញុំក៏បានបើក › » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ៧៦:១–១៩ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
នៅខែ មករា ឆ្នាំ ១៨៣២ ព្យាការី យ៉ូសែប ស្ម៊ីធ និង ស៊ីឌនី រិកដុន បានជញ្ជឹងគិតអំពីអត្ថន័យនៃ យ៉ូហាន ៥:២៩ ខណៈកំពុងធ្វើការលើការបកប្រែដ៏បំផុសគំនិតនៃព្រះគម្ពីរប៊ីប ។ នៅពេលពួកលោកជញ្ជឹងគិត នោះពួកលោកបានមានការនិមិត្តជាបន្តបន្ទាប់ ដែលព្រះអម្ចាស់បានបើកសម្ដែងពីសេចក្ដីពិតសំខាន់ជាច្រើនអំពីផែនការរបស់ទ្រង់ ។ មេរៀននេះអាចជួយសិស្សឲ្យរៀនដោយអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ នៅពេលដែលពួកគេមានពេលវេលាដើម្បីជញ្ជឹងគិតអំពីព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការស្វែងរកវិវរណៈផ្ទាល់ខ្លួន
-
តើកាលៈទេសៈ ឬស្ថានភាពណាខ្លះដែលអ្នកកំពុងប្រឈមមុខ ឬអាចនឹងប្រឈមមុខ ដែលអ្នកចង់ទទួលបានការណែនាំមកពីព្រះអម្ចាស់តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ?
-
ហេតុអ្វីអ្នកចង់ទទួលបានជំនួយរបស់ព្រះអម្ចាស់នៅក្នុងរឿងទាំងនេះ ?
ថ្ងៃនេះ អ្នកនឹងរៀនអំពីរបៀបមួយដែលអ្នកអាចអញ្ជើញព្រះអម្ចាស់ ឲ្យមានបន្ទូលមកកាន់អ្នកតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ កាលអ្នកសិក្សា សូមយកចិត្តទុកដាក់ទៅលើការបំផុសគំនិតមកពីព្រះវិញ្ញាណ ដែលអាចជួយដល់អ្នកនៅក្នុងស្ថានភាព ឬសំណួរមួយដែលអ្នកបានរកឃើញនេះ ។
នៅថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ១៨៣២ យ៉ូសែប ស្ម៊ីធ, ស៊ីឌនី រិកដុន និងបុរសដទៃទៀតប្រហែលចំនួន ១២ រូបបាននៅក្នុងបន្ទប់ជាន់លើនៃផ្ទះរបស់ ចន និង អែលសា ចនសុន នៅទីក្រុងហៃរុម រដ្ឋអូហៃអូ ។ ខណៈដែល យ៉ូសែប និង ស៊ីឌនី បានធ្វើការលើការបកប្រែដ៏បំផុសគំនិតនៃព្រះគម្ពីរប៊ីប នោះពួកលោកបានសិក្សា យ៉ូហាន ៥:២៩ ជាបទគម្ពីរមួយដែលបានរៀបរាប់អំពីស្ថានសួគ៌ ហើយពួកលោកចង់ដឹងបន្ថែមទៀត ។ នៅពេលពួកលោកបានជញ្ជឹងគិត នោះពួកលោកបានឃើញការនិមិត្តមួយ ដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៧៦ ។ ព្រះអង្គសង្គ្រោះបានបង្ហាញ យ៉ូសែប និង ស៊ីឌនី នូវការនិមិត្តប្លែកៗជាបន្តបន្ទាប់ ដែលបានបង្រៀនពួកលោកអំពីសេចក្ដីពិតសំខាន់ជាច្រើនអំពីផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះវរបិតាសួគ៌ ។
គោលលទ្ធិ និងសេចក្តីសញ្ញា ៧៦ ចាប់ផ្ដើមដោយការដែលព្រះអម្ចាស់ចែកចាយសេចក្ដីពិតដ៏សំខាន់ជាច្រើនអំពីព្រះអង្គទ្រង់ ។
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦:១–១០ ហើយស្វែងរកពាក្យ ឬឃ្លាដែលអ្នកមានអារម្មណ៍ថា វាបង្ហាញអំពីអ្វីដែលព្រះយេស៊ូវគ្រីស្ទសព្វព្រះទ័យចង់ឲ្យយើងយល់អំពីទ្រង់ ។ សូមចំណាំថា ការកោតខ្លាចដល់ព្រះ ( ខទី ៥ ) មានន័យថា ការថ្វាយបង្គំ ការស្រឡាញ់ និងការស្ញប់ស្ញែងដល់ទ្រង់ ។
ការជញ្ជឹងគិតអំពីបទគម្ពីរនាំឲ្យមានវិវរណៈ
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦:១១–១៩ ហើយស្វែងរកអ្វីដែល យ៉ូសែប និង ស៊ីឌនី បានធ្វើមុននឹងទទួលបានការនិមិត្តរបស់ពួកលោក ។
-
តើអ្នកគិតថាសកម្មភាពអ្វីខ្លះ ដែលបាននាំឲ្យ យ៉ូសែប និង ស៊ីឌនី ដកពិសោធន៍អ្វីដែលពួកលោកបានទទួលនេះ ?
-
តើសេចក្ដីពិតអ្វី ដែលអ្នកបានរៀនមកពីខគម្ពីរទាំងនេះ អំពីរបៀបមួយដែលយើងអាចរៀបចំខ្លួនយើង ដើម្បីទទួលបានវិវរណៈតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ?
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពិពណ៌នាអំពីរបៀបដែលយើងអាចសិក្សា និងជញ្ជឹងគិតអំពីបទគម្ពីរតាមរបៀបមួយ ដែលនាំឲ្យមានវិវរណៈតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។
2:3
នៅពេលខ្ញុំនិយាយថា « សិក្សា » ខ្ញុំចង់សំដៅលើសពីការអានទៅទៀត ។ … ខ្ញុំឃើញថា ពេលខ្លះអ្នកអានពីរបីខគម្ពីរ ឈប់ដើម្បីជញ្ជឹងគិតអំពីខគម្ពីរនោះ អានខគម្ពីរនេះម្តងទៀតដោយយកចិត្តទុកដាក់ ហើយនៅពេលអ្នកគិតអំពីអត្ថន័យរបស់វា សូមអធិស្ឋានដើម្បីទទួលបានការយល់ដឹង សួរសំណួរនៅក្នុងគំនិតរបស់អ្នក រង់ចាំការបំផុសគំនិតខាងវិញ្ញាណ រួចសរសេរទុកនូវការបំផុសគំនិត និងទស្សនវិស័យដែលនឹងកើតមាន ដើម្បីឲ្យអ្នកអាចចងចាំ ហើយរៀនសូត្របានកាន់តែប្រសើរឡើង ។ ការសិក្សារបៀបនេះ អ្នកប្រហែលមិនអានច្រើនជំពូក ឬច្រើនខគម្ពីរនោះទេនៅក្នុងរយៈពេលកន្លះម៉ោង ប៉ុន្ដែអ្នកនឹងទុកកន្លែងមួយសម្រាប់ព្រះបន្ទូលនៃព្រះនៅក្នុងដួងចិត្តរបស់អ្នក ហើយទ្រង់នឹងមានព្រះបន្ទូលមកកាន់អ្នក ។ ( ឌី ថត គ្រីស្តូហ្វឺសិន « When Thou Art Converted » Liahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ១១ )
អនុវត្តការសិក្សា និងការជញ្ជឹងគិតប្រកបដោយអធិស្ឋាន
ចំណាយពេលខ្លះដើម្បីអនុវត្តការសិក្សា និងការជញ្ជឹងគិតអំពីបទគម្ពីរ ។ គិតអំពីកាលៈទេសៈ ឬស្ថានភាពដែលអ្នកបានរកឃើញពីមុនមក ដែលអ្នកចង់ទទួលបានជំនួយពីព្រះអម្ចាស់ ។ អធិស្ឋានសូមការណែនាំ ជញ្ជឹងគិតអំពីអ្វីដែលអ្នកកំពុងអាន និងយកចិត្តទុកដាក់លើការបំផុសគំនិតមកពីព្រះវិញ្ញាណ ដែលអាចផ្តល់ឲ្យអ្នកនូវការណែនាំ ឬជំនួយដែលអ្នកត្រូវការ ។ សូមកត់ត្រាគំនិត និងចំណាប់អារម្មណ៍របស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
-
តើការសិក្សា និងការជញ្ជឹងគិតអំពីបទគម្ពីរបានជួយរៀបចំអ្នកឲ្យទទួលបានវិវរណៈតាមរយៈព្រះវិញ្ញាណបរិសុទ្ធដោយរបៀបណា ?
-
តើបទពិសោធន៍នេះបានបង្រៀនអ្នកអ្វីខ្លះ អំពីព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និងព្រះវិញ្ញាណបរិសុទ្ធ ?
-
តើអ្នកអាចធ្វើអ្វីខ្លះ ឬបន្តធ្វើអ្វីខ្លះ ដើម្បីទទួលបានជំនួយ និងវិវរណៈបន្ថែមទៀតមកពីព្រះអម្ចាស់ ?