ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៨៦—គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧៦:១៩–២៤ ៖ « នេះ​គឺជា​ទីបន្ទាល់ … ដែល​យើងខ្ញុំ​សូម​ថ្លែង​អំពី​ទ្រង់ »


« មេរៀន​ទី ៨៦—គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧៦:១៩–២៤ ៖ ‹ នេះ​គឺជា​ទីបន្ទាល់ … ដែល​យើងខ្ញុំ​សូម​ថ្លែង​អំពី​ទ្រង់ › » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្តីសញ្ញា ៧៦:១៩–២៤ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ៨៦ ៖ គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧៦

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧៦:១៩–២៤

« នេះ​គឺជា​ទីបន្ទាល់ … ដែល​យើងខ្ញុំ​សូម​ថ្លែង​អំពី​ទ្រង់ »

ព្រះយេស៊ូវ​កំពុង​ញញឹម

នៅក្នុង​ចំណោម​ការនិមិត្ត​ទាំងឡាយ​ដែល​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧៦ យ៉ូសែប ស្ម៊ីធ និង ស៊ីឌនី រិកដុន បាន​ឃើញ​ព្រះយេស៊ូវ​គ្រីស្ទ​ផ្ទាល់ ។ ពួកលោក​បាន​រៀន​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​គឺជា​អង្គ​ដ៏​សំខាន់​ចំពោះ​សេចក្ដី​សង្គ្រោះ​របស់​យើង រួចហើយ​បាន​ថ្លែង​ទីបន្ទាល់​អំពី​ទ្រង់ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​កាន់តែ​ខ្លាំង​ឡើង​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ និង​តួនាទី​របស់​ទ្រង់​នៅក្នុង​ផែនការ​របស់​ព្រះវរបិតា​សួគ៌ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ព្រះយេស៊ូវ​គ្រីស្ទ​គឺ​សំខាន់​ចំពោះ​ខ្ញុំ

សូម​ផ្ដល់​ឱកាស​ឲ្យ​សិស្ស​ពិភាក្សា​អំពី​មូលហេតុ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​មាន​សារៈសំខាន់​ចំពោះ​ពួកគេ ។ អ្នក​អាច​ពិចារណា​ប្រើប្រាស់​សាច់រឿង​ខាងក្រោម​នេះ ឬ​អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​បង្កើត​សាច់រឿង​ផ្សេង​មួយ​ទៀត ។

អាប៊ី និង សារីកា រៀន​ក្នុង​ថ្នាក់​បីបួន​ជាមួយ​គ្នា​នៅ​សាលារៀន ។ ថ្ងៃមួយ​នៅពេល​អាហារ​ថ្ងៃត្រង់ សារីកា បាន​មើល​ទៅ អាប៊ី ហើយ​និយាយ​ថា « ខ្ញុំ​បាន​ឮ​គេ​និយាយ​អំពី​ព្រះយេស៊ូវ​ពេញ​មួយ​ជីវិត​ខ្ញុំ ។ ខ្ញុំ​ថែមទាំង​ឮ​ឯង​និយាយ​ថា ឯង​ជឿ​លើ​ទ្រង់​ដែរ ។ ខ្ញុំ​មិន​ដែល​រៀន​អំពី​ព្រះយេស៊ូវ​សោះ ហើយ​ខ្ញុំ​មាន​ចម្ងល់ ។ តើ​ឯង​អាច​ប្រាប់​ខ្ញុំ​អ្វីខ្លះ​អំពី​ទ្រង់ ឬ​ហេតុអ្វី​បានជា​ទ្រង់​មាន​សារៈសំខាន់​ចំពោះ​ឯង » ?

  • ប្រសិនបើ​អ្នក​គឺជា អាប៊ី តើ​អ្នក​នឹង​និយាយ​អ្វីខ្លះ​ទៅកាន់ សារីកា ?

មុននឹង​សុំឲ្យ​សិស្ស​ពីរបី​នាក់​ឆ្លើយតប សូម​ពិចារណា​ផ្ដល់​ពេលវេលា​ឲ្យ​ពួកគេ​គិត​ពិចារណា​អំពី​អ្វី​ដែល​ពួកគេ​អាច​នឹង​និយាយ​សិន ។ វា​អាច​មាន​ប្រយោជន៍​សម្រាប់​សិស្ស​ដើម្បី​បង្កើត​បញ្ជី​មួយ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ អំពី​អ្វី​ដែល​ពួកគេ​គិត​ថា មនុស្ស​ទាំងអស់​គួរតែ​ដឹង​អំពី​ព្រះយេស៊ូវ ។

សូម​គិត​អំពី​អារម្មណ៍​របស់​អ្នក​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ភាពងាយស្រួល​នៃ​អារម្មណ៍​របស់​អ្នក​ក្នុង​ការនិយាយ​ជាមួយ​អ្នកដទៃ​អំពី​ទ្រង់ ។ នៅពេល​អ្នក​សិក្សា​នៅ​ថ្ងៃនេះ សូម​ស្វែងរក​ការបង្រៀន​នានា ដែល​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​ស្រឡាញ់​ព្រះយេស៊ូវ​គ្រីស្ទ​កាន់តែ​ខ្លាំង​ឡើង ។

ការនិមិត្ត​អំពី​ព្រះរាជបុត្រា​នៃ​ព្រះ

វា​អាច​មាន​ប្រយោជន៍​ក្នុង​ការអញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​ចងចាំ​អំពី​កាលៈទេសៈ​នានា ដែល​បាន​នាំឲ្យ យ៉ូសែប ស្ម៊ីធ និង ស៊ីឌនី រិកដុន ឃើញ​ការនិមិត្ត​នេះ ដែល​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង​សេចក្តីសញ្ញា ៧៦ ។ ប្រសិនបើ​ចាំបាច់ សូម​រំឭក​ពួកគេ​ថា កាល យ៉ូសែប ស្ម៊ីធ និង ស៊ីឌនី រិកដុន បាន​ជញ្ជឹង​គិត​អំពី​បទគម្ពីរ នោះ​ព្រះអម្ចាស់ « បាន​ពាល់​ភ្នែក​នៃ​យោបល់​របស់ [ ពួកលោក ] » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧៦:១៩ ) ហើយ​ពួកលោក​បាន​ទទួល​នូវ​ការនិមិត្ត​ដ៏​អស្ចារ្យ​មួយ ។

រូបតំណាង​ចំណេះចំណាន​ខាង​គោលលទ្ធិ គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧៦:២២–២៤ គឺជា​វគ្ក​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​គូសចំណាំ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​តាម​របៀប​ដែល​ងាយ​ចំណាំ ដើម្បី​ពួកគេ​អាច​ងាយ​រក​វា​ឃើញ ។

សូម​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧៦:១–៦, ១៩–២៤ ដោយ​ស្វែងរក​អ្វី​ដែល យ៉ូសែប និង ស៊ីឌនី បាន​ប្រកាស​អំពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​តាមដាន​នូវ​អ្វី​ដែល​ពួកគេ​រកឃើញ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។ ឧទាហរណ៍ ពួកគេ​អាច​បង្កើត​បញ្ជី​មួយ​អំពី​ការរកឃើញ​របស់​ពួកគេ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

ជា​ជម្រើស សូម​ពិចារណា​ចែក​ក្រដាស​ធំៗ​បីបួន​សន្លឹក ដែល​សិស្ស​អាច​កត់ត្រា​អ្វី​ដែល​ពួកគេ​បាន​រៀន ។ នៅពេល​សិស្ស​បញ្ចប់ អ្នក​អាច​បង្ហាញ​ក្រដាស​ទាំងនោះ​នៅលើ​ជញ្ជាំង​ថ្នាក់រៀន​បាន ។ សិស្ស​អាច​ផ្លាស់ទី​ជុំវិញ​បន្ទប់​រៀន ដើម្បី​អាន​អ្វី​ដែល​អ្នកដទៃ​បាន​រកឃើញ ហើយ​បន្ទាប់​មក​គូរ​បេះដូង​នៅក្បែរ​អ្វី​ដែល​ពួកគេ​ចូលចិត្ត ឬ​ចង់​ដឹង​បន្ថែម​ទៀត ។ សូម​ផ្ដល់​ពេលវេលា​ឲ្យ​សិស្ស​ពិភាក្សា​អំពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។

  • តើ​សេចក្ដីពិត​អ្វីខ្លះ​មកពី​ខគម្ពីរ​ទាំងនេះ​ដែល​អ្នក​ចាប់​អារម្មណ៍ ? ហេតុអ្វី ?

អ្នក​ប្រហែល​ជា​បាន​រកឃើញ​សេចក្ដីពិត​ជាច្រើន​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។ ក្នុង​ចំណោម​សេចក្ដីពិត​ទាំងនោះ អ្នក​ប្រហែល​ជា​បាន​កត់​សម្គាល់​ឃើញ​សេចក្ដីពិត​នេះ ៖

  • ព្រះយេស៊ូវ​គ្រីស្ទ​មាន​សេចក្ដី​មេត្តា​ករុណា និង​រីករាយ​ព្រះទ័យ​ក្នុង​ការប្រទាន​ពរជ័យ​ដល់​យើង នៅពេល​យើង​គោរព និង​បម្រើ​ដល់​ទ្រង់ ( ខទី ៥ ) ។

  • ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​អង្គ​ដែល​មាន​ព្រះជន្ម​រស់នៅ និង​រុងរឿង ( ខទី ២២ ) ។

  • ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​បុត្រា​បង្កើត​តែមួយ​នៃ​ព្រះវរបិតា ( ខទី ២៣ ) ។

  • ក្រោម​ការដឹកនាំ​របស់​ព្រះវរបិតា​សួគ៌ ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​អង្គ​បង្ក​បង្កើត​នូវ​អ្វីៗ​គ្រប់យ៉ាង ( ខទី ២៤ ) ។

  • តើ​សេចក្ដីពិត​ទាំងនេះ​ជួយ​អ្នក​ឲ្យ​យល់ពី​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​ដល់​អ្នក និង​អ្នកដទៃ​បាន​យ៉ាង​ដូចម្ដេច ?

សកម្មភាព​ខាងក្រោម​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ស៊ីជម្រៅ និង​ដឹងពី​សារៈសំខាន់​នៃ​សេចក្ដីពិត​ចំនួន​ពីរ ដែល​ខគម្ពីរ​ទាំងនេះ​បង្រៀន ។ អ្នក​អាច​ជ្រើសរើស​សកម្មភាព​មួយ ឬ​ទាំងពីរ​យក​មក​សិក្សា​ជាមួយ​គ្នា​ក្នុង​ថ្នាក់រៀន ។ ឬ​អ្នក​អាច​បង្ហាញ​សេចក្ដី​ណែនាំ​អំពី​សកម្មភាព​នេះ ហើយ​ចាត់ជា​ក្រុម​តូចៗ ឬ​ជា​ដៃគូ​ដើម្បី​ធ្វើ​សកម្មភាព​មួយ ឬ​ទាំងពីរ​ជាមួយ​គ្នា ។

សកម្មភាព ក ៖ ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះជន្ម​នៅរស់ !

ប្រសិនបើ​ចាំបាច់ សូម​ផ្តល់​ច្បាប់​បោះពុម្ព​ចម្លង​នៃ​ទំនុកច្រៀង​នៃ​ទំនុក​តម្កើង « ខ្ញុំ​ដឹង​ថា​ព្រះប្រោសលោះ​ខ្ញុំ​នៅរស់ » ( ទំនុក​តម្កើង ល.រ. ៧៦ ) ឲ្យ​សិស្ស​ប្រើប្រាស់ ។ ប្រសិនបើ​អ្នក​កំពុង​ធ្វើ​សកម្មភាព​នេះ​ជាមួយ​គ្នា​ក្នុង​ថ្នាក់រៀន នោះ​អ្នក​អាច​ច្រៀង​ទំនុក​តម្កើង​នេះ​អំឡុង​ពេល​បង្រៀន​ផ្នែក​នេះ​នៃ​មេរៀន​នេះ ។

បន្ថែមពី​លើ​ការឲ្យ​សិស្ស​សិក្សា​ទំនុក​តម្កើង​នៅក្នុង​ជំហាន​ទី ៣ អ្នក​ក៏​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​បទគម្ពីរ ឬ​សេចក្ដី​ថ្លែងការណ៍​មកពី​ថ្នាក់ដឹកនាំ​សាសនាចក្រ ដែល​ពិពណ៌នា​អំពី​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​អាច​ធ្វើ​បាន​សម្រាប់​យើង ដោយសារ​ទ្រង់​មាន​ព្រះជន្ម​រស់ ។ ឧទាហរណ៍​នៃ​បទគម្ពីរ​ដែល​អ្នក​អាច​ផ្ដល់​យោបល់ រួមមាន យ៉ូហាន ៦:៤០; ភីលីព ៤:១៣; គោលលទ្ធិ និង​សេចក្តីសញ្ញា ៥៨:៤២; ៨៤:៨៨ ។

សូម​ពិចារណា​ប្រើប្រាស់​វីដេអូ​មួយ​ក្នុង​ចំណោម​វីដេអូ​ទាំងនេះ​ផងដែរ នៅក្រោម​ចំណងជើង​ថា « វីដេអូ​បន្ថែម ៖ ទ្រង់​មាន​ព្រះជន្ម​រស់ ! » នៅក្នុង « សកម្មភាព​រៀនសូត្រ​បន្ថែម » ។

  1. សូម​ពិចារណា​គូសសម្គាល់​ពាក្យ​ថា « ទ្រង់​មាន​ព្រះជន្ម​រស់ ! » នៅក្នុង ខទី ២២ តាម​របៀប​មួយ​ដែល​ធ្វើឲ្យ​ពាក្យ​ទាំងនោះ​លេចធ្លោ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

  2. សូម​សរសេរ​ឃ្លា​នេះ ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះជន្ម​រស់ … នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។

  3. សូម​អាន​ទំនុកច្រៀង​នៃ​ទំនុក​តម្កើង « ខ្ញុំ​ដឹង​ថា​ព្រះ​ប្រោស​លោះ​ខ្ញុំ​នៅរស់ » ( ទំនុក​តម្កើង ល.រ. ៧៦ ) ដោយ​រកមើល​គំរូ​អំពី​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​ដល់​អ្នក​បាន ដោយសារ​ទ្រង់​មាន​ព្រះជន្ម​នៅរស់ ។

  4. សូម​សរសេរ​យ៉ាង​ហោច​ណាស់​វិធី​ប្រាំ​យ៉ាង ដែល​អ្នក​អាច​បញ្ចប់​ឃ្លា​នោះ​បាន ដែល​វា​សំខាន់​បំផុត​ចំពោះ​អ្នក ។

សកម្មភាព ខ ៖ ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​អង្គ​បង្ក​បង្កើត​នៃ​អ្វីៗ​គ្រប់យ៉ាង

ដើម្បី​ជួយ​សិស្ស​ឲ្យ​រៀបចំ​ខ្លួន​បាន​កាន់តែ​ប្រសើរ ដើម្បី​ឆ្លើយតប​ទៅនឹង​ជំហាន​ទី ៤ សូម​ពិចារណា​ចែកចាយ​សេចក្តី​ថ្លែងការណ៍​នេះ​ដោយ​ប្រធាន ប៊យដ៏ ខេ ផាកកឺ នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ។

  1. សូម​ពិចារណា​គូស​ចំណាំ​ឃ្លា « ដោយសារ​ព្រះអង្គ និង​តាមរយៈ​ព្រះអង្គ ហើយ​ពី​ព្រះអង្គ នោះ​ពិភពលោក​ទាំងឡាយ​មាន​ឡើង ហើយ​បាន​បង្កើត​មក » ( ខទី ២៤ ) តាម​របៀប​មួយ​ដែល​ធ្វើឲ្យ​ឃ្លា​នេះ​លេចធ្លោ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

  2. សូម​ស្វែងរក​បទគម្ពីរ ឬ​សេចក្តី​ថ្លែងការណ៍​មកពី​ថ្នាក់ដឹកនាំ​សាសនាចក្រ ដែល​ពង្រីក​ការយល់ដឹង​របស់​អ្នក​ឲ្យបាន​កាន់តែ​ស៊ីជម្រៅ​អំពី​តួនាទី​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ជា​អង្គ​បង្ក​បង្កើត ។ ឧទាហរណ៍​នៃ​បទគម្ពីរ​ដែល​អ្នក​អាច​សិក្សា​បាន រួមមាន យ៉ូហាន ១:១–៣; នីហ្វៃ​ទី​៣ ៩:១៥; គោលលទ្ធិ និង​សេចក្តីសញ្ញា ៩៣:៩–១០; ម៉ូសេ ១:៣៣; ៧:៣០ ។

  3. សូម​ពិភាក្សា​អំពី​ការបង្ក​បង្កើត​មួយ​ចំនួន​របស់​ព្រះអង្គ​សង្គ្រោះ ដែល​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​នៃសេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​ពន្យល់​ពី​មូលហេតុ ។

  4. សូម​សរសេរ​យ៉ាង​ហោច​ណាស់​របៀប​បី​យ៉ាង​ដែល​អ្នក​មាន​អារម្មណ៍​ថា ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​អ្នក​បាន ពីព្រោះ​ទ្រង់​គឺជា​អង្គ​បង្ក​បង្កើត​នៃ​អ្វីៗ​គ្រប់យ៉ាង ។

នៅពេល​សិស្ស​បាន​បញ្ចប់​សកម្មភាព​នេះ ឬ​សកម្មភាព​ទាំងឡាយ​ហើយ សូម​ឲ្យ​ពួកគេ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន និង​មាន​អារម្មណ៍ ។ សូម​ប្រាកដ​ថា​បាន​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន អំពី​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​ដល់​ពួកគេ​បាន ដោយសារ​ទ្រង់​មាន​ព្រះជន្ម​នៅរស់ និង​ដោយសារ​ទ្រង់​គឺជា​អង្គ​បង្ក​បង្កើត ។ សិស្ស​អាច​ចែកចាយ​ការយល់ដឹង​របស់​ពួកគេ​មកពី​កៅអី​អង្គុយ​របស់​ពួកគេ ឬ​អ្នក​អាច​អញ្ជើញ​សិស្ស​ដែល​ស្ម័គ្រចិត្ត​ឲ្យ​ឡើង​មក​ខាង​មុខ​ថ្នាក់ ដើម្បី​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

ទន្ទេញ

អ្នក​អាច​នឹង​ចង់​ជួយ​សិស្ស​ឲ្យ​ទន្ទេញ​សេចក្ដីយោង​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​អំឡុង​មេរៀន​នេះ ហើយ​រំឭក​វា​ក្នុង​មេរៀន​ក្រោយៗ​ទៀត ។ ឃ្លា​បទគម្ពីរ​គន្លឹះ​គឺ « តាមរយៈ [ ព្រះយេស៊ូវ​គ្រីស្ទ ] ពិភពលោក​ទាំងឡាយ​មាន​ឡើង ហើយ​បាន​បង្កើត​មក » ។ គំនិត​សម្រាប់​សកម្មភាព​ទន្ទេញ​ចាំ មាន​នៅក្នុង​ឯកសារ​ឧបសម្ព័ន្ធ​ដែល​នៅក្រោម « សកម្មភាព​រំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ឡើងវិញ » ។