« មេរៀនទី ៨៧—គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦:៥០–៧០ ៖ ‹ បានធ្វើឲ្យល្អឥតខ្ចោះតាមរយៈព្រះយេស៊ូវ › » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ៧៦:៥០–៧០ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៨៧ ៖ គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦
គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦:៥០–៧០
« បានធ្វើឲ្យល្អឥតខ្ចោះតាមរយៈព្រះយេស៊ូវ »
នៅក្នុងការនិមិត្តអំពីនគរនៃសិរីល្អដែល យ៉ូសែប ស្ម៊ីធ និង ស៊ីឌនី រិកដុន បានឃើញ នោះយើងទទួលបានការយល់ដឹងអំពីតួនាទីដ៏សំខាន់របស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងជីវិតរបស់មនុស្សទាំងអស់ ដែលនឹងគ្រងមរតកនៅនគរសេឡេស្ទាល ។ មេរៀននេះមានគោលបំណងជួយសិស្សឲ្យមានសេចក្ដីសង្ឃឹមថា ពួកគេអាចទទួលបានការតម្កើងឡើងតាមរយៈព្រះយេស៊ូវគ្រីស្ទ ។
សកម្មភាពរៀនសូត្រដែលអាចមាន
តើអាចទៅដល់នគរសេឡេស្ទាលបានដែរឬទេ ?
សូមពិចារណាចែកចាយសាច់រឿងខាងក្រោមនេះ និងពិភាក្សាអំពីសំណួរដែលមានបន្ទាប់ទៀត ។ សិស្សនឹងទទួលបានឱកាសដើម្បីឆ្លើយតបកាន់តែផ្លូវការទៅនឹងសាច់រឿងនេះនៅពេលក្រោយក្នុងមេរៀននេះ ។
លូកា គឺជាយុវជនម្នាក់ដែលមានសេចក្ដីជំនឿលើព្រះ ហើយគាត់ខំអស់ពីសមត្ថភាពដើម្បីរស់នៅដោយសុចរិត ។ គាត់ចង់មានភាពស័ក្តិសមដើម្បីរស់នៅជាមួយព្រះបន្ទាប់ពីជីវិតនេះ ។ ប៉ុន្ដែ លូកា ទទួលស្គាល់ថា គាត់មិនបានរក្សាបទបញ្ញត្តិទាំងឡាយជានិច្ចនោះទេ ហើយថាគាត់នៅឆ្ងាយពីភាពល្អឥតខ្ចោះខ្លាំងណាស់ ។ ពេលខ្លះ គាត់បាក់ទឹកចិត្ត ដោយសារតែភាពទន់ខ្សោយរបស់គាត់ ហើយគិតថាវាមិនអាចទៅរួចទេក្នុងការមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់នគរសេឡេស្ទាលនោះ ។
-
តើក្មេងជំទង់ផ្សេងទៀតអាចយល់ពីអារម្មណ៍របស់ លូកា បានយ៉ាងដូចម្ដេច ?
-
តើផ្នែកណាមួយនៃការគិតរបស់គាត់ដែលមានអារម្មណ៍ថាត្រឹមត្រូវ ឬមិនត្រឹមត្រូវនោះ ? ហេតុអ្វី ?
សូមអញ្ជើញសិស្សឲ្យគិតអំពីអារម្មណ៍ ឬសំណួរផ្ទាល់ខ្លួនរបស់ពួកគេ អំពីការអាចត្រឡប់ទៅកាន់វត្តមានរបស់ព្រះវិញ ហើយទទួលបានពរជ័យនៃភាពតម្កើងឡើង ។ អ្នកអាចចង់ពន្យល់ថា ភាពតម្កើងឡើងមានន័យថា ការរស់នៅអស់កល្បជានិច្ចជាមួយនឹងព្រះវរបិតាសួគ៌នៅក្នុងនគរសេឡេស្ទាល ។ ព្រះគម្ពីរក៏សំដៅទៅលើពរជ័យនេះថាជាជីវិតដ៏អស់កល្បជានិច្ចផងដែរ ។
សូមលើកទឹកចិត្តសិស្ស នៅពេលពួកគេសិក្សាដើម្បីស្វែងរកសេចក្ដីពិត ដែលអាចជួយពួកគេឲ្យមានសេចក្ដីសង្ឃឹមកាន់តែខ្លាំងថា ពួកគេ និងអ្នកដទៃអាចទទួលបានពរជ័យនេះតាមរយៈព្រះយេស៊ូវគ្រីស្ទ ។
ការនិមិត្តអំពីនគរសេឡេស្ទាល
អ្នកអាចនៅចាំថា យ៉ូសែប ស្ម៊ីធ និង ស៊ីឌនី រិកដុន បានឃើញការនិមិត្តដ៏អស្ចារ្យមួយ នៅពេលដែលពួកលោកធ្វើការលើការបកប្រែដ៏បំផុសគំនិតអំពីព្រះគម្ពីរប៊ីប ។ ជាផ្នែកមួយនៃការនិមិត្តនេះ ពួកលោកបានដឹងថា ស្ថានសួគ៌មានកម្រិត ឬនគរនៃសិរីល្អខុសៗគ្នា ។ នៅក្នុងមេរៀននេះ យើងនឹងផ្តោតទៅលើអ្វីដែល យ៉ូសែប និង ស៊ីឌនី បានដឹងអំពីនគរសេឡេស្ទាល និងអស់អ្នកដែលនឹងទទួលមរតកនេះ ។
ដើម្បីជួយសិស្សឲ្យរៀបចំខ្លួនសិក្សាផ្នែកនៃការនិមិត្តនេះ សូមអញ្ជើញពួកគេឲ្យបង្កើតតារាងមួយដែលមានជួរឈរពីរ ដែលមានចំណងជើងដូចខាងក្រោមនេះនៅលើទំព័រមួយនៃសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
របៀបដែលមនុស្សទៅដល់នគរសេឡេស្ទាល |
ពរជ័យដែលមនុស្សនៅក្នុងនគរសេឡេស្ទាលទទួលបាន |
---|---|
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៧៦:៥០–៧០ ហើយបំពេញតារាងនេះដោយផ្អែកលើអ្វីដែលអ្នកបានរៀន ។
អ្នកអាចអញ្ជើញសិស្សឲ្យធ្វើការជាមួយដៃគូម្នាក់ដើម្បីអានខគម្ពីរទាំងនេះ និងបំពេញតារាងនេះ ។ អ្នកអាចអញ្ជើញសិស្សឲ្យសួរសំណួរដែលពួកគេអាចមាន អំពីអ្វីដែលពួកគេបានអាន ។
សេចក្តីថ្លែងការណ៍មួយចំនួននៅក្នុង « ធនធានបន្ថែមទាំងឡាយ » អាចជួយឆ្លើយតបទៅនឹងសំណួររបស់សិស្សបាន ។
-
តើអ្នកបានរកឃើញអ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះ ដែលមានអត្ថន័យចំពោះអ្នក ? ហេតុអ្វី ?
-
តើអ្នកនឹងពិពណ៌នាអំពីឥទ្ធិពលដែលព្រះយេស៊ូវគ្រីស្ទមាននៅក្នុងជីវិតរបស់អស់អ្នកដែលគ្រងមរតកនគរសេឡេស្ទាលយ៉ាងដូចម្ដេច ?
ជាផ្នែកមួយនៃការពិភាក្សាអំពីសំណួរមុននេះ សូមប្រាកដថា សិស្សយល់ពីសេចក្ដីពិតដូចតទៅនេះ ៖ តាមរយៈព្រះយេស៊ូវគ្រីស្ទ យើងអាចធ្វើឲ្យបានល្អឥតខ្ចោះ ហើយទទួលបានពរជ័យនៃភាពតម្កើងឡើង ។
-
តើអ្នកគិតថា វាមានន័យយ៉ាងណាទៅ ដែលបានធ្វើឲ្យល្អឥតខ្ចោះតាមរយៈព្រះយេស៊ូវគ្រីស្ទ ?
-
តើសេចក្ដីពិតនេះអាចជួយយើងឲ្យមានសេចក្ដីសង្ឃឹមកាន់តែខ្លាំងថា យើង និងអ្នកដទៃអាចគ្រងមរតកនគរសេឡេស្ទាលនៅថ្ងៃណាមួយបានដោយរបៀបណា ?
សេចក្តីសង្ឃឹមតាមរយៈព្រះយេស៊ូវគ្រីស្ទ
ដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់ពីសេចក្ដីសង្ឃឹម ដែលយើងទាំងអស់គ្នាមានតាមរយៈព្រះយេស៊ូវគ្រីស្ទ សូមពិចារណាអញ្ជើញពួកគេឲ្យសិក្សាសេចក្ដីថ្លែងការណ៍ដែលមាននៅក្នុងសំណៅចែកដែលអមមកជាមួយនេះ ។ សូមអញ្ជើញពួកគេឲ្យគូសចំណាំឃ្លានានា ដែលមានអត្ថន័យចំពោះពួកគេ ។ ជាជាងឲ្យសិស្សអានសេចក្ដីថ្លែងការណ៍របស់អែលឌើរ ជេ ដេវណ៍ ខួនីស្ស អ្នកក៏អាចពិចារណាបង្ហាញវីដេអូនេះ « Am I Good Enough? » ( ៣:២៨ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ដល់ពួកគេផងដែរ ។
Am I Good Enough?
សេចក្តីសង្ឃឹមតាមរយៈព្រះយេស៊ូវគ្រីស្ទ
ហេតុអ្វីខ្ញុំត្រូវការជំនួយរបស់ព្រះយេស៊ូវគ្រីស្ទដើម្បីបានល្អឥតខ្ចោះ ?
អែលឌើរ ជេ ដេវណ៍ ខួនីស្ស នៃពួកចិតសិបនាក់បានចែកចាយ ៖
សមាជិកយើងសួរខ្លួនឯងជាញឹកញាប់ថា « តើខ្ញុំជាមនុស្សគ្រប់លក្ខណ៍ហើយឬនៅ ? » ឬ « តើខ្ញុំពិតជាអាចទៅកាន់នគរសេឡស្ទាលបានដែរឬទេ ? » ប្រាកដណាស់ គ្មាននរណាម្នាក់ « បានគ្រប់លក្ខណ៍ » នោះទេ ។ ខ្ញុំសូមបកស្រាយចម្ងល់នេះថា គ្មាននរណាម្នាក់អាច « រកបាន » ឬ « សមនឹង » សេចក្តីសង្គ្រោះនោះទេ ប៉ុន្តែវាជាធម្មតាទេដែលយើងឆ្ងល់ថា តើព្រះអម្ចាស់ទទួលយកយើងឬអត់នោះ ។ …
ខ្ញុំសូមនិយាយឲ្យត្រង់ និងច្បាស់លាស់ ។ ចម្លើយចំពោះសំណួរថា « តើខ្ញុំបានគ្រប់លក្ខណ៍ហើយឬនៅ ? » និង « តើខ្ញុំអាចបានគ្រប់លក្ខណ៍ដែរឬទេ ? » គឺថា « មែនហើយអាចបាន ! បងប្អូននឹងបានគ្រប់លក្ខណ៍ » មែនហើយ « បងប្អូននឹងធ្វើវាបាន ដរាបណាបងប្អូនបន្តប្រែចិត្ត ហើយពុំដោះសារ ឬបះបោរនោះ » ។ ព្រះមិនមែនជាអាជ្ញាកណ្ដាលចិត្តអាក្រក់ ដែលសម្លឹងមើលរាល់ការដោះសារដើម្បីដកយើងចេញពីនគរទ្រង់ឡើយ ។ ទ្រង់ជាព្រះវរបិតាដ៏ឥតខ្ចោះ ដែលសព្វព្រះទ័យឲ្យកូនចៅទ្រង់ទាំងអស់ត្រឡប់ទៅស្ថានសួគ៌ ហើយរស់នៅជាមួយទ្រង់ជាគ្រួសារវិញជារៀងរហូត ជាងអ្វីៗទាំងអស់ ។ ទ្រង់ពិតជាបានប្រទានព្រះរាជបុត្រាបង្កើតតែមួយ ដើម្បីឲ្យយើងមិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ ! សូមជឿចុះ ហើយបន្តមានក្ដីសង្ឃឹម និងការលួងលោមចិត្តមកពីក្ដីពិតដ៏អស់កល្បនេះ ។ ព្រះវរបិតាសួគ៌យើងសព្វព្រះទ័យឲ្យយើងត្រឡប់ទៅឯទ្រង់វិញ្ ! នោះគឺជាកិច្ចការ និងសិរីល្អរបស់ទ្រង់ ។ ( ជេ ដេវណ៍ ខួនីស្ស « Am I Good Enough? Will I Make It? » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៣២–៣៣ )
តើខ្ញុំអាចធ្វើអ្វីខ្លះ ដើម្បី « បានធ្វើឲ្យល្អឥតខ្ចោះតាមរយៈព្រះយេស៊ូវ » ?
ស៊ីស្ទើរ ខារ៉ុល អេហ្វ ម៉ាកខន់ឃី អតីតគណៈប្រធានយុវនារីទូទៅបានបង្រៀន ៖
សេចក្ដីសង្ឃឹមរបស់យើងដើម្បីបានសេចក្ដីបរិសុទ្ធ គឺផ្ដោតទៅលើព្រះគ្រីស្ទ និងក្ដីមេត្តាករុណា និងព្រះគុណរបស់ទ្រង់ ។ តាមការមានក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងលើដង្វាយធួនរបស់ទ្រង់ នោះយើងអាចបានស្អាតស្អំ គ្មានស្នាមប្រឡាក់ ខណៈដែលយើងមិនបណ្ដោយខ្លួនទៅក្នុងសេចក្ដីអាក្រក់ [ សូមមើល មរ៉ូណៃ ១០:៣២–៣៣ ] ហើយប្រែចិត្តដោយស្មោះនោះ ។ យើងបានទទួលបុណ្យជ្រមុជទឹក សម្រាប់ការផ្ដាច់បាប ។ ព្រលឹងយើងត្រូវបានធ្វើឲ្យបរិសុទ្ធ នៅពេលយើងទទួលព្រះវិញ្ញាណបរិសុទ្ធដោយស្មោះសរ ។ រាល់សប្ដាហ៍ យើងទទួលពិធីសាក្រាម៉ង់ ។ ពេលយើងមានស្មារតីប្រែចិត្តដោយមានបំណងដ៏ស្មោះដើម្បីមានភាពសុចរិត នោះយើងចុះសេចក្ដីសញ្ញាថា យើងនឹងមានឆន្ទៈលើកដាក់ព្រះនាមនៃព្រះគ្រីស្ទមកលើខ្លួន ចងចាំទ្រង់ ហើយគោរពតាមព្រះបញ្ញត្តិទាំងឡាយ ដើម្បីយើងអាចមានព្រះវិញ្ញាណរបស់ទ្រង់គង់ជាមួយយើងជានិច្ច ។ យូរៗទៅ ពេលយើងព្យាយាមជាបន្ដបន្ទាប់ដើម្បីមានបំណងតែមួយជាមួយព្រះវរបិតា ព្រះបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ នោះយើងបានជាអ្នកទទួលបាននិស្ស័យនៃព្រះ [ សូមមើល ពេត្រុស ទី២ ១:៤ ] ។ ( ខារ៉ុល អេហ្វ ម៉ាកខន់ឃី « The Beauty of Holiness » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ១០ )
អែលឌើរ ឌែល ជី រិនឡាន់ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ព្រះយកព្រះទ័យទុកដាក់ខ្លាំងថាតើយើងជានរណា ហើយយើងនឹងក្លាយជានរណា ច្រើនជាងថាតើកាលពីមុនយើងជានរណា ។ ទ្រង់យកព្រះទ័យទុកដាក់ថា តើយើងបន្តការព្យាយាមដែរឬទេ ។ ( ឌែល ជី រិនឡាន់ « Latter-day Saints Keep on Trying » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៥៦ )
បន្ទាប់ពីសិស្សមានពេលវេលាសិក្សាហើយ សូមអញ្ជើញពួកគេឲ្យពិភាក្សាអំពីអ្វីដែលពួកគេបានរៀន និងទទួលអារម្មណ៍ ។ របៀបមួយដើម្បីធ្វើបែបនេះ គឺការរំឭកពួកគេអំពីសាច់រឿងនៅដើមមេរៀននេះ ។ អ្នកអាចអញ្ជើញពួកគេឲ្យសរសេរការឆ្លើយតបមួយទៅកាន់ លូកា ដែលអាចជួយគាត់ឲ្យមានសេចក្ដីសង្ឃឹមថា គាត់អាចទៅកាន់នគរសេឡេស្ទាលបាន ។ សូមអញ្ជើញពួកគេឲ្យបញ្ចូលការបង្រៀននានាមកពី គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦ ព្រមទាំងអ្វីមួយមកពីសេចក្ដីថ្លែងការណ៍មួយ ឬច្រើនដែលពួកគេបានសិក្សា ពេលពួកគេធ្វើការឆ្លើយតប ។ បន្ទាប់មក សិស្សអាចចែកចាយ ឬសង្ខេបចម្លើយរបស់ពួកគេជាមួយដៃគូម្នាក់ ឬសិស្សស្ម័គ្រចិត្តអាចចែកចាយវាជាមួយនឹងសិស្សក្នុងថ្នាក់បាន ។
គិតពិចារណាអំពីអ្វីដែលអ្នកបានរៀន
សូមបញ្ចប់មេរៀននេះដោយការផ្ដល់ពេលវេលាឲ្យសិស្សគិតពិចារណាអំពីអ្វីដែលពួកគេបានរៀន និងទទួលអារម្មណ៍នៅថ្ងៃនេះ ។ អ្នកអាចបង្ហាញសំណួរខាងក្រោមនេះ ហើយផ្តល់ពេលឲ្យសិស្សកត់ត្រាចម្លើយរបស់ពួកគេចំពោះសំណួរទាំងនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
-
តើអ្នកបានរៀន ឬទទួលអារម្មណ៍អ្វីខ្លះនៅថ្ងៃនេះ ដែលបានផ្ដល់សេចក្ដីសង្ឃឹមដល់អ្នកតាមរយៈព្រះយេស៊ូវគ្រីស្ទ ?
-
តើអ្វីដែលអ្នកបានរៀន ឬទទួលអារម្មណ៍ អាចជះឥទ្ធិពលយ៉ាងណាដែរទៅលើរបៀបដែលអ្នកចង់រស់នៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក ?