ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៨៨ ៖ គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៧៦:៧១–១១២ ៖ « ក្លាហាន​ក្នុង​ទី​បន្ទាល់​ពី​ព្រះ​យេស៊ូវ »


« មេរៀន​ទី ៨៨—គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧៦:៧១–១១២ ៖ ‹ ក្លាហាន​ក្នុង​ទី​បន្ទាល់​ពី​ព្រះ​យេស៊ូវ › » សៀវភៅសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧៦:៧១–១១២ » សៀវភៅសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ៨៨ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ៧៦

គោលលទ្ធិ និង​សេចក្តីសញ្ញា ៧៦:៧១–១១២

« ក្លាហាន​ក្នុង​ទី​បន្ទាល់​ពី​ព្រះ​យេស៊ូវ »

កម្រិត​បី​នៃ​សិរីល្អ

បន្ទាប់ពី​បានឃើញ​ការនិមិត្ត​ជាច្រើន រួមទាំង​ការនិមិត្ត​អំពី​សិរីល្អ​របស់​ព្រះវរបិតា និង​ព្រះរាជបុត្រា ការធ្លាក់​របស់​លូស៊ីហ្វើរ និង​នគរ​សេឡេស្ទាល យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បានឃើញ​អ្នក​ដែល​នឹង​ទទួល​មរតក​នៃ​នគរ​ទេរេសទ្រាល និង​ទេឡេស្ទាល ។ លក្ខណៈ​ពិសេស​មួយ​នៃ​អ្នក​ដែល​នៅ​ក្នុង​នគរ​ទេរេសទ្រាល​គឺ​ថា​ពួកគេ​មិន​ក្លាហាន​ក្នុង​ទី​បន្ទាល់​ពី​ព្រះ​យេស៊ូវ​ទេ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​កាន់តែ​មាន​ភាពក្លាហាន​ក្នុង​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ

សូម​ពិចារណា​សរសេរ​ពាក្យ ទីបន្ទាល់​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ នៅលើ​ក្ដារខៀន ។ សូម​សួរ​សិស្ស​ថា​តើ​ពួកគេ​គិត​ថាវា​មាន​អត្ថន័យ​យ៉ាង​ណា​ក្នុង​ការ​មាន​ទីបន្ទាល់​អំពី​ព្រះអង្គ​សង្រ្គោះ ។ បើ​ចាំបាច់ សូម​ពន្យល់​ថា ទីបន្ទាល់​គឺជា​អ្វី​ដែល​យើង​ដឹង​ថា​ពិត​នៅ​ក្នុង​ចិត្ត និង​គំនិត​របស់​យើង ដែល​បាន​ប្រទាន​ដល់​យើង​ដោយ​សាក្សី​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨:២ ) ។ បន្ទាប់មក សូម​ពិភាក្សា​សំណួរ​ខាងក្រោម​នេះ ៖

រូបតំណាង​ការបំពាក់បំប៉ន សួរ​សំណួរ​ដែល​នាំ​ឲ្យ​មាន​វិចារណញាណ ៖ សម្រាប់​វគ្គ​បំពាក់បំប៉ន​ជាច្រើន​ទៀត​អំពី​របៀប​ធ្វើ​កិច្ចការ​នេះ សូមមើល​វគ្គ​បំពាក់បំប៉ន​ដែល​មាន​ចំណងជើង​ថា « បង្កើត​បរិយាកាស និង​ឱកាស​សម្រាប់​សិស្ស​ដើម្បី​ឲ្យ​ព្រះវិញ្ញាណបរិសុទ្ធ​បង្រៀន​ពួកគេ » ដែល​មាន​នៅក្នុង ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន ៖ បង្រៀន​ដោយ​ព្រះវិញ្ញាណ ។ សូម​ពិចារណា​ពី​ការអនុវត្ត​ជំនាញ​នេះ​ដោយ​ការបង្កើត​ស្វ័យ​វាយតម្លៃ​របស់​សិស្ស​អំពី​គោលលទ្ធិ សេចក្តីពិត ឬ​គោលការណ៍នានា ។

  • តើ​ទីបន្ទាល់​អំពី​ព្រះអង្គ​សង្គ្រោះ​អាច​ជះឥទ្ធិពល​ដល់​អ្នក​ក្នុង​ជីវិត​នេះ និង​ដល់​ភាពអស់កល្ប​ជានិច្ច​ដោយ​របៀប​ណា ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ទីបន្ទាល់​ផ្ទាល់​ខ្លួន​របស់​ពួកគេ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ រួមទាំង​របៀប​ដែល​ទីបន្ទាល់​របស់​ពួកគេ​មាន​ឥទ្ធិពល​លើ​ទង្វើ​របស់​ពួកគេ​ផងដែរ ។ អ្នក​ក៏​អាច​អញ្ជើញ​ពួកគេ​ឲ្យ​គិត​អំពី​បំណងប្រាថ្នា​ដែល​ពួកគេ​មាន​សម្រាប់​ទីបន្ទាល់​របស់​ពួកគេ​ផងដែរ ។

សូម​លើកទឹកចិត្ត​សិស្ស​នៅពេល​ពួកគេ​សិក្សា ឲ្យ​រកមើល​ការបង្រៀន​ដែល​អាច​ជួយ​ពួកគេ​ស្គាល់​ពី​សារៈសំខាន់​នៃ​ការមាន​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ការរស់នៅ​ស្របតាម​អ្វី​ដែល​ពួកគេ​ដឹង ។

ការនិមិត្ត​ពី​នគរ​នៃ​សិរី​ល្អ

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​សង្ខេប​នូវ​អ្វី​ដែល​ពួកគេ​បានសិក្សា​កន្លងមក​អំពី​ការនិមិត្ត​ដែល​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៧៦ ។ បន្ទាប់មក​ពន្យល់​ដូច​ខាងក្រោម ។

អ្នក​ប្រហែល​ជា​ចងចាំ​ថា គោលលទ្ធិ និង​សេចក្តី​សញ្ញា ៧៦ មាន​នូវ​ការពិពណ៌នា​អំពី​ការនិមិត្ត​ដ៏​អស្ចារ្យ​មួយ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​យ៉ូសែប ស្ម៊ីធ និង ស៊ីឌនី រិកដុន ។ ជា​ផ្នែក​មួយ​នៃ​ការនិមិត្ត​របស់​ពួកលោក យ៉ូសែប និង ស៊ីឌនី បានរៀន​ពីចរិក​លក្ខណៈ​របស់​មនុស្ស​ដែល​នឹង​រស់នៅ​ក្នុង​នគរ​នៃ​សិរីល្អ​ខុសៗ​គ្នា​បន្ទាប់ពី​ការរស់ឡើងវិញ ។

វា​ប្រហែល​ជា​មាន​អត្ថ​ប្រយោជន៍​ក្នុងការ​ពន្យល់​ថា សិស្ស​នឹង​មិន​សិក្សា​ខគម្ពីរ​ទាំងអស់​ដែល​ពិពណ៌នា​អំពី​នគរ​នៃ​សិរីល្អ​នៅក្នុង​មេរៀន​នេះ​ទេ ។ សិរីល្អ​នៃ​នគរសេឡេស្ទាល​គឺ​ត្រូវបាន​ពិពណ៌នា​នៅក្នុង ខទី ៥០–៧០, ៩២–៩៦ សិរីល្អ​នៃ​នគរទេរេសទ្រាល​នៅក្នុង ខទី ៧១–៨០ និង​នគរទេឡេស្ទាល​នៅក្នុង ខទី ៨១–៩០, ៩៨–១១២ ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​គូស ឬ​ដាក់​ស្លាក​ខគម្ពីរ​ទាំងនេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ដើម្បី​ពួកគេ​អាច​សិក្សា​វា​ឲ្យ​កាន់តែ​លម្អិត​ដោយ​ខ្លួនឯង ។

សូម​អាន​បទគម្ពីរ​ខាងក្រោម ដោយ​រកមើល​ភាពខុសគ្នា​នៅក្នុង​ទីបន្ទាល់​នៃ​អស់អ្នក​ដែលរស់នៅក្នុង​នគរ​នៃ​សិរីល្អ​នីមួយៗ ៖

បន្ទាប់​ពី​សិស្ស​បញ្ចប់​ការសិក្សា​ហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ពិភាក្សា​សំណួរ​ដូច​តទៅ​នេះ​ជា​ថ្នាក់ ឬ​នៅក្នុង​ក្រុម​តូចៗ ៖

  • តើ​អ្នក​សម្គាល់ឃើញ​ភាពខុសគ្នា​អ្វីខ្លះ​រវាង​ទីបន្ទាល់​នៃ​ក្រុម​ទាំងនេះ ?

  • តើ​ការណ៍​នេះ​អាច​បង្រៀន​អ្នក​អ្វីខ្លះ​អំពី​ប្រភេទ​នៃ​ទីបន្ទាល់​ដែល​ចាំបាច់​ដើម្បី​ទទួល​មរតក​នៃ​នគរ​សេឡេស្ទាល ?

សូម​ជួយ​សិស្ស​ស្វែងរក​សេចក្តីពិត​ដូច​តទៅ​នេះ ៖ ប្រសិន​បើ​យើង​ក្លាហាន​ក្នុង​ទី​បន្ទាល់​ពី​ព្រះ​យេស៊ូវ នោះ​យើង​អាច​ទទួល​បាន​នគរ​សេឡេស្ទាល​របស់​ព្រះ ។

ក្លាហាន​ក្នុង​ទី​បន្ទាល់​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ

  • តើ​អ្នក​គិត​ថា វា​មាន​អត្ថន័យ​យ៉ាង​ណា​ដើម្បី​ក្លាហាន​ក្នុង​ទី​បន្ទាល់​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ ?

ដោយ​ជា​ផ្នែក​មួយ​នៃ​ការពិភាក្សា​របស់អ្នក​អំពី​សំណួរ​មុន សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​សិក្សា នីហ្វៃទី២ ៣១:២០–២១ ហើយ​រកមើល​ការបង្រៀន​ដែល​អាច​បន្ថែម​ការយល់ដឹង​របស់​ពួកគេ ។ សេចក្តី​ថ្លែងការណ៍​ដូចខាងក្រោម​នេះ​ក៏​អាច​ជា​ប្រយោជន៍​ផងដែរ ។

អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ជួយ​យើង​ឲ្យ​យល់​ពី​អត្ថន័យ​នៃ​ការមាន​ចិត្ត​ក្លាហាន​ក្នុង​ទីបន្ទាល់​ពី​ព្រះយេស៊ូវ ៖

15:34
អែលឌើរ ឃ្វីនថិន អិល ឃុក

គោលលទ្ធិ និង​សេចក្តីសញ្ញា កណ្ឌទី ៧៦ ប្រាប់​យ៉ាង​ច្បាស់ថា « ក្លាហាន​ក្នុង​ទីបន្ទាល់​ពី​ព្រះយេស៊ូវ » [ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៧៦:៧៩ ] គឺជា​ការសាកល្បង​ដ៏​សាមញ្ញ និង​ចាំបាច់​រវាង​អស់​អ្នក​ដែល​នឹង​គ្រង​ពរជ័យ​នគរ​សេឡេស្ទាល និង​អ្នក​ដែល​ស្ថិត​នៅ​កម្រិត​ទាប​ជាង​គឺ នគរ​ទេរេសស្ទ្រាល ។ ដើម្បី​ក្លាហាន យើង​ត្រូវ​ផ្ដោត​ទៅលើ​ព្រះចេស្ដា​របស់ព្រះ​យេស៊ូវគ្រីស្ទ និង​ពលិកម្ម​ធួន​របស់ទ្រង់​ដើម្បី​ឈ្នះ​ក្ដី​ស្លាប់ និង​តាមរយៈ​ការប្រែចិត្ត​របស់យើង ដើម្បី​សម្អាត​យើង​ចេញពី​អំពើបាប ហើយ​ធ្វើ​តាម​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ [ សូមមើល នីហ្វៃទី២ ៣១:១៧–២១ ] ។ យើង​ក៏​ត្រូវការ​ពន្លឺ និង​ចំណេះដឹង​អំពី​ព្រះជន្ម និង​ការបង្រៀន​របស់​ព្រះសង្គ្រោះ ដើម្បី​ដឹកនាំ​យើង​នៅ​លើ​មាគ៌ា​នៃ​សេចក្ដីសញ្ញា រួមមាន​ពិធីបរិសុទ្ធ​ក្នុង​ព្រះ​វិហារបរិសុទ្ធ​ផងដែរ ។ យើង​ត្រូវតែ​ខ្ជាប់ខ្ជួន​ក្នុង​ព្រះគ្រីស្ទ ទទួលទាន​ព្រះ​បន្ទូល​របស់​ទ្រង់ ហើយ​កាន់ខ្ជាប់​ដល់​ចុងបំផុត [ នីហ្វៃទី២ ៣១:២០–២១ ] ។ ( ឃ្វីនថិន អិល ឃុក « Valiant in the Testimony of Jesus » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៤៣ )

  • តើ​មាន​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​អ្នក ឬ​អ្នក​ដទៃ​មាន​ការលំបាក​ក្នុង​ការរក្សា​ភាពក្លាហាន​ក្នុង​ទីបន្ទាល់​របស់​អ្នក​ពី​ព្រះយេស៊ូវ​គ្រីស្ទ ?

  • តើ​មាន​អ្វី​ដែល​ជួយ​អ្នក​ឲ្យ​ខិតខំ​មាន​ភាពក្លាហាន​ក្នុង​ទីបន្ទាល់​របស់​អ្នក​ពី​ព្រះអង្គសង្គ្រោះ ?

ដោយ​ជា​ផ្នែក​នៃ​ការពិភាក្សា​សំណួរ​ពីមុន សូម​ពិចារណា​អំពី​ការអញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក និង​ចែកចាយ​ព្រះគម្ពីរ​ដែល​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ក្លាហាន​ក្នុង​ទីបន្ទាល់​របស់ពួកគេ​ពី​ព្រះយេស៊ូវ​គ្រីស្ទ ។ អ្នក​អាច​ណែនាំ​ថា​ពួកគេ​ចាប់ផ្តើម​ជាមួយ ហេលេមិន ៥:១២ ។

ដាក់​ផែនការ

សូម​ចំណាយ​ពេល​ខ្លី​ជញ្ជឹង​គិត​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​កាន់តែ​ក្លាហាន​ក្នុង​ទីបន្ទាល់​របស់​អ្នក​ពី​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​បំពេញ​សេចក្តី​ថ្លែងការណ៍​បី​ខាងក្រោម​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។

  1. ខ្ញុំ​អាច​ក្លាហាន​ក្នុង​ទីបន្ទាល់​របស់ខ្ញុំ​ពី​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ថ្ងៃ​នេះ ដោយ …

  2. ខ្ញុំ​អាច​ក្លាហាន​ក្នុង​ទីបន្ទាល់​របស់ខ្ញុំ​ពី​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​ដោយ …

  3. ខ្ញុំ​អាច​ជួយ​អ្នក​ដទៃ​ឲ្យ​រក្សា​ភាពក្លាហាន​ក្នុង​ទីបន្ទាល់​របស់ពួកគេ​ពី​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ …

សូម​ពិចារណា​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ដែល​ចង់​ចែកចាយ​សេចក្តី​ថ្លែងការណ៍​ដែល​ពួកគេ​បាន​បញ្ចប់​មួយ ឬ​ច្រើន ។ ជា​ចុង​បញ្ចប់ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​ចែកចាយ​សាក្សី​របស់​ពួកគេ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ឬ​ចែកចាយ​សាក្សី​ផ្ទាល់​របស់អ្នក​អំពី​ទ្រង់ ។