ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៩២—គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨២:៨–២៤ ៖ « យើង​ជា​ព្រះ​អម្ចាស់​ជាប់​សន្យា កាលណា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​អ្វី ដែល​យើង​មាន​ព្រះ​បន្ទូល »


« មេរៀន​ទី ៩២—គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨២:៨–២៤ ៖ ‹ យើង​ជា​ព្រះ​អម្ចាស់​ជាប់​សន្យា កាលណា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​អ្វី ដែល​យើង​មាន​ព្រះ​បន្ទូល ›» សៀវភៅ​សិក្សា​​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ២០២៥ )

« គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨២:៨–២៤ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ៩២ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ៨១–៨៣

គោលលទ្ធិ និង​សេចក្តីសញ្ញា ៨២:៨–២៤

« យើង​ជា​ព្រះ​អម្ចាស់​ជាប់​សន្យា កាលណា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​អ្វី ដែល​យើង​មាន​ព្រះ​បន្ទូល » ។

ព្រះអង្គ​សង្គ្រោះ

ព្រះអង្គសង្រ្គោះ​បានអញ្ជើញ​សមាជិក​នៃ​សហក្រុម​ឲ្យ​ចង​ខ្លួន​ពួកគេ​ដោយ​សេចក្ដីសញ្ញា​ដើម្បី​គ្រប់គ្រង​កិច្ចការ​នៃ​សាសនាចក្រ​របស់​ទ្រង់ ។ ទ្រង់​បាន​ប្រទាន​បទបញ្ញត្តិ​ដល់​ពួកគេ និង​បាន​សន្យា​ថា​ប្រទានពរ​ដល់​ពួកគេ​នៅពេល​ពួកគេ​គោរពតាម ។ នៅពេល​យើង​ចុះ​សេចក្តី​សញ្ញា​ដើម្បី​គោរពតាម​ព្រះ​បញ្ញត្តិ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ទ្រង់​សន្យា​ប្រទានពរជ័យ​ដល់​យើង ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​អំពី​របៀប​ដើម្បី​រក្សា​សេចក្តី​សញ្ញា​ដែល​យើង​ធ្វើ​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

ចងភ្ជាប់​នឹង​ព្រះអម្ចាស់

មេរៀន​ដោយ​ប្រើ​វត្ថុ​ខាងក្រោម​នេះ​អាច​ជួយសិស្ស​ឲ្យ​ជញ្ជឹងគិត​អំពី​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយនឹង​ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវ​គ្រីស្ទ​បាន ។ សូម​បង្ហាញ​មេដែក​ចំនួន​ពីរ​ទៅ​សិស្ស ។ សិស្ស​អាច​បង្ហាញ​ពី​របៀប​ដែល​មេដែក​នៅ​ជិតគ្នា វា​នឹង​ស្រូប ឬ​ច្រាន​គ្នា​ចេញ ។ សូម​ឲ្យ​សិស្ស​ស្រមៃ​ថា​មេដែក​មួយ​តំណាង​ឲ្យ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​មួយទៀត​តំណាង​ពួកគេ ។

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​អំពី​ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ចេញ​ពី​មេដែក​ទាំងនេះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅ​ពេល​សិស្ស​សិក្សា គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨២ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ស្វែងរក​វិវរណៈ​ផ្ទាល់ខ្លួន​អំពី​របៀប​ដែល​ពួកគេ​អាច​ពង្រឹង​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

« យើង​ជា​ព្រះអម្ចាស់​ជាប់​សន្យា កាលណា​អ្នករាល់គ្នា​ប្រព្រឹត្ត​តាម​អ្វី​ដែល​យើង​មាន​ព្រះបន្ទូល » ។

នៅក្នុង គោលលទ្ធិ និង​សេចក្តីសញ្ញា ៨២ ព្រះអម្ចាស់​បាន​រំឭក​ឡើងវិញ​នូវ​សេចក្តីណែនាំ​ដែល​បាន​ប្រទាន​ឲ្យ​នៅក្នុង​វិវរណៈ​ពីមុន ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៧៨ ) ។ សេចក្តីណែនាំ​នេះ​គឺ​ដើម្បី​បង្កើត​សហក្រុម ដើម្បី​គ្រប់គ្រង​កិច្ចការ​ខាងសាច់ឈាម​នៃ​សាសនាចក្រ និង​ស្ថាបនា​ស៊ីយ៉ូន ។

រូបតំណាង​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨២:១០ គឺ​ជា​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​គូសចំណាំ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ​តាម​របៀប​ដែល​ងាយ​ចំណាំ ដើម្បី​ពួកគេ​អាច​ងាយ​រក​វា​ឃើញ ។

សូម​អាន គោលលទ្ធិ និង​សេចក្តីសញ្ញា ៨២:៨–១០ ដោយ​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​អំពី​ព្រះបញ្ញត្តិ​របស់​ទ្រង់ ។

  • តើ​អ្វី​ជា​ហេតុផល​របស់​ព្រះអង្គ​សង្គ្រោះ​សម្រាប់​ការប្រទាន​បទបញ្ញត្តិ​ដល់​យើង ?

  • តើ​ព្រះអង្គ​សង្គ្រោះ​សន្យា​អ្វីខ្លះ ប្រសិនបើ​យើង​រក្សា​បទបញ្ញត្តិ​របស់​ទ្រង់ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ថ្លែង​ឡើងវិញ​នូវ​សេចក្ដីពិត​មួយ​ពី​ខគម្ពីរ​ទាំងនេះ​ជា​ពាក្យសម្ដី​របស់​ពួកគេ​ផ្ទាល់ ។ ពួកគេ​ក៏​អាច​សរសេរ​វា​នៅក្នុង​ទិនានុប្បវត្តិ​របស់​ពួកគេ ឬ​នៅលើ​ក្ដារខៀន​ផងដែរ ។ សិស្ស​អាច​ស្វែងយល់​ពី​សេចក្តីពិត​ស្រដៀង​ទៅ​នឹង​សេចក្តីពិត​នេះ ៖ នៅពេល​យើង​គោរពតាម​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ ទ្រង់​សន្យា​ថា​នឹង​ប្រទាន​ពរជ័យ​ដល់​យើង ។

តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​អ្វីខ្លះ​ដល់​អ្នក​អំពី​បុគ្គលិកលក្ខណៈ​នៃ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្គាល់​នៅពេល​ដែល​ពួកគេ​បានឃើញ​ការបំពេញ​នៃ​សេចក្តីពិត​នេះ អ្នក​ប្រហែល​ជា​ចង់​ធ្វើ​សកម្មភាព​ដូច​តទៅ​នេះ ៖

សូម​ចែក​សិស្ស​ជា​ក្រុម​តូចៗ ។ សូម​ឲ្យ​ក្រុម​នីមួយៗ​ស្វែងរក​គំរូ​នៃ​ព្រះអង្គសង្គ្រោះ​ប្រទានពរ​ដល់​អ្នក​ដែល​គោរព​តាម​បទបញ្ញត្តិ​របស់​ទ្រង់ ។ សិស្ស​អាច​រៀបរាប់​ឧទាហរណ៍ចេញ​ពី​ព្រះគម្ពីរ ជីវិត​របស់​ពួកគេ ឬ​ជីវិត​របស់​មនុស្ស​ដែល​ពួកគេ​ស្គាល់ ។ បន្ទាប់ពី​មាន​ពេលវេលា​គ្រប់គ្រាន់​ហើយ អ្នក​អាច​អញ្ជើញ​ក្រុម​ឲ្យ​ចែក​វេន​គ្នាលើក​ឧទាហរណ៍ ។ អ្នក​អាច​ពិភាក្សា​ពី​អ្វី​ដែល​យើង​អាច​រៀន​ពី​គំរូ​ទាំងនេះ​អំពី​ឆន្ទៈ​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ការរក្សា​ការសន្យា​របស់​ទ្រង់ ។

ចងភ្ជាប់​ដោយ​សេចក្ដីសញ្ញា

អ្នក​អាច​ចង់​ជួយ​សិស្ស​ឲ្យ​មើលឃើញ​ពី​របៀប​ដែល ខទី ១ អាច​បង្រៀន​អំពី​ទំនាក់ទំនង​នៃ​សេចក្ដីសញ្ញា​របស់​យើង​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ តាមរយៈ​សេចក្ដីសញ្ញា យើង​ធ្វើ​ការសន្យា​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ទ្រង់​ទាំងទ្វេ​ធ្វើ​ការសន្យា​ជាមួយ​យើង ។

  • តើ​អ្នក​គិតថា ខទី ១០ បង្រៀន​អ្វីខ្លះ​អំពី​សេចក្ដីសញ្ញា​ដែល​យើង​ធ្វើ​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ?

សូម​អាន​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​មកពី​ប្រធាន រ័សុល អិម ណិលសុន⁠ ហើយ​ស្វែងរក​អ្វី​ដែល​លោក​បង្រៀន​អំពី​សេចក្តី​សញ្ញា ។

ប្រធាន រ័សុល អិម ណិលសុន⁠

ពេលយើង​ចុះ​សេចក្តី​សញ្ញា​ជាមួយ​ព្រះ នោះ​យើង​ពុំ​នៅ​លើ​ដី​អព្យាក្រឹត​ទៀតឡើយ ។ ព្រះ​នឹង​មិន​បោះបង់​ចោល​ទំនាក់​ទំនង​របស់​ទ្រង់​ជា​មួយ​អស់​អ្នក​ដែល​បាន​បង្កើត​ចំណងមិត្តភាព​បែប​នោះ​ជា​មួយទ្រង់​ឡើយ ។ តាមពិត អស់​អ្នក​ទាំងឡាយ​ណា​ដែល​បាន​ចុះ​សេចក្តី​សញ្ញា​ជាមួយ​ព្រះ អាច​ទទួល​បាន​សេចក្តី​ស្រឡាញ់ និង​សេចក្តីមេត្តាករុណា​ដ៏​ពិសេស​មួយ ។ …

កាល​បងប្អូន និង​ខ្ញុំ​បាន​ចុះ​សេចក្ដីសញ្ញា​ជាមួយ​ព្រះ នោះ​ទំនាក់ទំនង​របស់​យើង​ជាមួយ​ទ្រង់ ប្រែ​កាន់តែ​ជិតស្និទ្ធ​ជាង​ពីមុន​សេចក្ដីសញ្ញា​របស់​យើង​ទៅ​ទៀត ។ ឥឡូវ​យើង​បាន​ចង​ភ្ជាប់​ជាមួយ​គ្នា ។ ដោយសារតែ​សេចក្តីសញ្ញា​របស់​យើង​ជាមួយ​ព្រះ នោះ​ទ្រង់​ពុំ​ដែល​នឿយហត់​ក្នុង​ការជួយ​យើង​ឡើយ ហើយ​យើង​នឹង​ទទួលបាន​ការអត់ធ្មត់​ដ៏​មេត្តា​របស់​ទ្រង់​ជាមួយ​យើង​ជានិច្ច ។ យើង​ម្នាក់ៗ​មាន​កន្លែង​ពិសេស​នៅក្នុង​ព្រះទ័យ​របស់​ព្រះ ។ ទ្រង់​មាន​ក្តីសង្ឃឹម​ដ៏​ធំ​សម្រាប់​យើង ។ ( រ័សុល អិម ណិលសុន « សេចក្តីសញ្ញាដ៏​នៅ​អស់កល្ប​អស់កាល​ជានិច្ច » លីអាហូណា ខែ តុលា ឆ្នាំ ២០២២ ទំព័រ ៥–៦ ) ។

  • តើ​អ្នក​គិត​ថា​អ្វី​ដែល​សំខាន់​ក្នុង​ការចងចាំ​ពី​សេចក្តី​ថ្លែងការណ៍​នេះ ?

ការរក្សា​សេចក្តីសន្យា​នាំមក​នូវ​ពរជ័យ​ជាច្រើន

ដោយ​ជា​ផ្នែក​នៃ​សេចក្តី​ណែនាំ​របស់​ព្រះអម្ចាស់​ដល់​ពួក​អ្នកដឹកនាំ​សហក្រុម ទ្រង់​បាន​ទូន្មាន​ដល់ យ៉ូសែប ស៊្មីធ, អូលីវើរ ខៅឌើរី, អែតវឺត ប៉ាទ្រិច និង​អ្នក​ដទៃ​ទៀត​ឲ្យ « ចង​ជុំ​គ្នា​ដោយ​ចំណង និង​សេចក្ដី​សញ្ញា » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨២:១១ ) ដើម្បី​គ្រប់គ្រង​កិច្ចការ​ខាងសាច់ឈាម​របស់​សាសនាចក្រ ។ ក្នុង​នាម​ជា​បុត្រាបុត្រី​នៃ​សេចក្តីសញ្ញា​នៃ​ព្រះ យើង​ក៏​បាន​ចុះ​សេចក្តីសញ្ញា​ដើម្បី​ធ្វើ​កិច្ចការ​មួយ​ចំនួន នៅពេល​យើង​ធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​ផងដែរ ។

សូម​ពិចារណា​បំបែក​សិស្ស​ជា​ពីរ​ក្រុម ហើយ​អញ្ជើញ​ក្រុម​នីមួយៗ​ឲ្យ​ចងក្រង​បញ្ជី​មួយ​ដូច​ខាងក្រោម ។ សិស្ស​អាច​សរសេរ​បញ្ជី​របស់ពួកគេ​នៅលើ​ក្ដារខៀន ។

សូម​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨២:១២–១៩ ធ្វើ​បញ្ជី​នៃ​អ្វី​ដែល​ព្រះអម្ចាស់​បាន​សុំ​សមាជិក​នៃ​សហក្រុម​ឲ្យ​ចុះ​សេចក្តីសញ្ញា​ដើម្បី​ធ្វើ ។

សូម​អាន ម៉ូសាយ ១៨:៨–១០ និង គោលលទ្ធិ និង​សេចក្តី​សញ្ញា ២០:៧៧ ហើយ​ធ្វើ​បញ្ជី​នៃ​អ្វី​ដែល​ព្រះអម្ចាស់​បង្គាប់​ឲ្យ​យើង​ចុះ​សេចក្ដី​សញ្ញា​ដើម្បី​ធ្វើ​នៅ​ថ្ងៃ​នេះ ។

  • តើ​អ្នក​ចាប់​អារម្មណ៍​អ្វី​ខ្លះ​អំពី​បញ្ជី​ទាំង​នេះ ?

  • តើ​ការទទួល​ខុសត្រូវ​នៃ​សេចក្តីសញ្ញា​ទាំងនេះ​ស្រដៀង​គ្នា​ដោយ​របៀប​ណា ?

  • តើ​អ្នក​គិតថា​ការគោរពតាម​សេចក្តី​សញ្ញា​របស់​យើង​អាច​ជួយ​យើង​ប្រែក្លាយ​ដូចជា​ព្រះអង្គសង្រ្គោះ​ដោយ​របៀប​ណា ?

សូម​អាន គោលលទ្ធិ និង​សេចក្តីសញ្ញា ៨២:២៤ ដោយ​ស្វែងរក​អ្វី​ដែល​ព្រះអម្ចាស់​បាន​សន្យា​ដល់​អស់​អ្នក​ដែល​គោរពតាម​សេចក្តីសញ្ញា​របស់​ពួកគេ​ជាមួយ​ទ្រង់ ។

សូម​ពិចារណា​បង្ហាញ​មេដែក​ដែល​ឆក់​គ្នា ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី​មេរៀន​នេះ​អំពី​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​ព្រះយេស៊ូវ​គ្រីស្ទ ។ អ្នក​ក៏​អាច​ចែកចាយ​អារម្មណ៍​របស់​អ្នក​អំពី​ពរជ័យ​ដែល​អ្នក​បាន​ទទួល​ពី​ការធ្វើ និង​ការគោរពតាម​សេចក្ដីសញ្ញា​ជាមួយ​នឹង​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ផងដែរ ។

ទន្ទេញ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

នៅ​អំឡុង​មេរៀន​នេះ អ្នក​អាច​ចង់​ជួយ​សិស្ស​ឲ្យ​ទន្ទេញ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨២:១០ និង​ឃ្លា​បទគម្ពីរ​គន្លឹះ « យើង​ជា​ព្រះ​អម្ចាស់​ជាប់​សន្យា កាលណា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​អ្វី ដែល​យើង​មាន​ព្រះ​បន្ទូល » ។ បន្ទាប់មក​អ្នក​អាច​រំឭក​វា​ឡើងវិញ​នៅ​មេរៀន​ខាងមុខ ។ គំនិត​សម្រាប់​សកម្មភាព​ទន្ទេញ​មាន​នៅក្នុង​ឯកសារ​ឧបសម្ព័ន្ធ​ដែល​នៅក្រោម « សកម្មភាព​រំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ឡើងវិញ » ។