« សកម្មភាពរំឭកចំណេះចំណានខាងគោលលទ្ធិ ៖ គំនិតសម្រាប់រំឭកគោលការណ៍ទាំងឡាយនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៥ )
« សកម្មភាពរំឭកចំណេះចំណានខាងគោលលទ្ធិ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ឧបសម្ព័ន្ធ
សកម្មភាពរំឭកចំណេះចំណានខាងគោលលទ្ធិ
គំនិតសម្រាប់រំឭកគោលការណ៍ទាំងឡាយនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ
អំឡុងពេលមេរៀនការអនុវត្តចំណេះចំណានខាងគោលលទ្ធិនីមួយៗ វាអាចមានអត្ថប្រយោជន៍ក្នុងការផ្តល់ឱកាសឲ្យសិស្សពិនិត្យមើលឡើងវិញនូវគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។ ការណ៍នេះនឹងជួយពួកគេឲ្យរៀបចំខ្លួនបានកាន់តែប្រសើរ ដើម្បីអនុវត្តគោលការណ៍ទាំងនេះ ទាំងនៅក្នុងសាច់រឿងក្នុងថ្នាក់ និងស្ថានភាពជីវិតពិត ។
ខាងក្រោមនេះជាឧទាហរណ៍មួយចំនួននៃរបៀបដែលអ្នកអាចជួយសិស្សរបស់អ្នកពិនិត្យមើលឡើងវិញនូវគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ៖
សូត្រគោលការណ៍ទាំងឡាយចេញពីការចងចាំ ។ សូមសួរសិស្សថា តើពួកគេអាចថាឡើងវិញនូវគោលការណ៍ទាំងបីនៃការទទួលបានចំណេះចឹងខាងវិញ្ញាណដែរឬទេ ។ សិស្សអាចសរសេរគោលការណ៍នីមួយៗនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេរៀងៗខ្លួន ឬសមាជិកផ្សេងៗនៅក្នុងថ្នាក់អាចសូត្រគោលការណ៍នេះឲ្យឮៗ ។ បើសិស្សត្រូវការជំនួយ ពួកគេអាចយោងទៅ កថាខណ្ឌទី ៤ នៃផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ២០២៣ ) ។ អ្នកក៏អាចផ្តល់ជាតម្រុយ ដូចជាសកម្មភាពបំពេញចន្លោះ ឬផ្តល់តួអក្សរទីមួយនៃពាក្យនីមួយៗក្នុងគោលការណ៍ផ្សេងៗគ្នាផងដែរ ។
ផ្គូផ្គងប្រយោគទាំងឡាយជាមួយនឹងគោលការណ៍ត្រឹមត្រូវ ។ សូមសរសេរគោលការណ៍បីនៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅលើក្ដារខៀន ។ បន្ទាប់មកសូមអាន ឬដាក់តាំងប្រយោគ ឬឃ្លាផ្សេងៗពី កថាខណ្ឌទី ៥–១២ នៃផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ។ សូមអញ្ជើញសិស្សឲ្យចែកចាយថា តើគោលការណ៍ណាមួយនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ដែលប្រយោគនោះទាក់ទងបំផុត ។
ពន្យល់ពីអត្ថន័យ សូមអញ្ជើញសិស្សផ្សេងៗឲ្យពន្យល់ពីគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណជាពាក្យពេចន៍របស់ពួកគេផ្ទាល់ ។ ការណ៍នេះអាចធ្វើឡើងដោយការសួរសិស្សផ្សេងៗអំពីគោលការណ៍ផ្សេងគ្នា ឬអ្នកអាចបែងចែកសិស្សជាក្រុមដែលមានគ្នាបីនាក់ ហើយចាត់គោលការណ៍មួយដល់សិស្សម្នាក់ៗ ។ ប្រសិនបើចាំបាច់ សូមរំឭកគោលការណ៍ទាំងនេះឡើងវិញនៅក្នុង កថាខណ្ឌទី ៥–១២ នៃផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ពីមុនសុំឲ្យធ្វើការពន្យល់ ។
សង្ខេបជា ១០ ពាក្យ ឬតិចជាងនេះ សូមអញ្ជើញសិស្សឲ្យបង្កើតសេចក្ដីសង្ខេបមួយសម្រាប់គោលការណ៍នីមួយៗនៃការទទួលបានចំណេះដឹងខាងវិញ្ញាណដែលមាន ១០ ពាក្យ ឬតិចជាងនេះ ។ សូមអញ្ជើញសិស្សផ្សេងៗឲ្យចែកចាយសេចក្ដីសង្ខេបរបស់ពួកគេ ហើយពន្យល់ពីមូលហេតុដែលពួកគេជ្រើសរើសពាក្យដែលពួកគេបានជ្រើសរើស ។
បង្កើតរូបភាព ឬរូបតំណាង សូមអញ្ជើញសិស្សឲ្យបង្កើតនិមិត្តសញ្ញា រូបភាព ឬរូបតំណាងសម្រាប់គោលការណ៍នីមួយៗនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។ ការបង្កើតរបស់ពួកគេគួរតែតំណាងឲ្យនូវអ្វីដែលត្រូវបង្រៀនដោយគោលការណ៍នេះ ។ នៅពេលសិស្សបានធ្វើរួចរាល់ហើយ សូមអញ្ជើញពួកគេឲ្យបង្ហាញការបង្កើតរបស់ពួកគេដល់អ្នកដទៃ ហើយពន្យល់ពីមូលហេតុដែលពួកគេរួមបញ្ចូលនូវអ្វីដែលពួកគេបានធ្វើ ។
សូមពិនិត្យមើលខណៈពិភាក្សាអំពីសាច់រឿង បន្ទាប់ពីចែកចាយសាច់រឿងជាក់ស្តែង សូមអញ្ជើញសិស្សឲ្យសិក្សា កថាខណ្ឌទី ៥–១២ នៃផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ។ សិស្សអាចរកមើល និងចែកចាយការបង្រៀនពីកថាខណ្ឌទាំងនេះ ដែលអាចជួយមនុស្សក្នុងសាច់រឿងនេះ (១) ធ្វើសកម្មភាពដោយជំនឿ (២) ពិនិត្យមើលគោលគំនិត និងសំណួរដោយទស្សនវិស័យដ៏អស់កល្បមួយ និង (៣) ខិតខំស្វែងយល់បន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព ។
ចែកចាយបទពិសោធន៍ អាចសុំសិស្សឲ្យចែកចាយបទពិសោធន៍ដែលពួកគេមានដោយប្រើគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។ ពួកគេអាចពន្យល់ពីរបៀបដែលគោលការណ៍ទាំងនោះបានជួយពួកគេជាមួយនឹងសំណួរ ឬស្ថានភាពរបស់ពួកគេ ឬរបៀបដែលពួកគេអាចប្រើគោលការណ៍ទាំងនេះដើម្បីជួយអ្នកដទៃ ។
ជ្រើសរើសឃ្លាមួយ សូមចាត់សិស្សម្នាក់ៗឲ្យផ្ដោតលើគោលការណ៍មួយនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។ សូមផ្តល់ពេលឲ្យពួកគេជ្រើសរើសឃ្លាមួយចេញពីកថាខណ្ឌនីមួយៗនៅក្នុងផ្នែកដែលបានចាត់របស់ពួកគេ ដែលពួកគេមានអារម្មណ៍តំណាងឲ្យអ្វីដែលបានបង្រៀននៅក្នុងកថាខណ្ឌនោះល្អបំផុត ។ បន្ទាប់មក សូមអញ្ជើញសិស្សឲ្យទៅជុំវិញបន្ទប់ ហើយស្វែងរកនរណាម្នាក់ដែលត្រូវបានចាត់ឲ្យនូវគោលការណ៍ដូចគ្នានឹងពួកគេ ហើយប្រៀបធៀបឃ្លាដែលពួកគេបានជ្រើសរើសនោះ ។ បន្ទាប់មក សិស្សអាចស្វែងរកសិស្សដែលបានចាត់នូវគោលការណ៍ពីរផ្សេងទៀត ហើយចែកចាយឃ្លាដែលពួកគេបានជ្រើសរើសនោះ ។
គំនិតសម្រាប់ការពិនិត្យវគ្គចំណេះចំណានខាងគោលលទ្ធិឡើងវិញ
សូមចំណាយពេលពេញមួយឆ្នាំ ដើម្បីពិនិត្យមើលជាប្រចាំនូវវគ្គចំណេះចំណានខាងគោលលទ្ធិដែលសិស្សកំពុងសិក្សា ។ ការណ៍នេះអាចជួយបង្កើនសមត្ថភាពរបស់សិស្សរបស់អ្នកក្នុងការចងចាំសេចក្តីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះ ។ វាក៏អាចជួយពួកគេឲ្យយល់កាន់តែច្បាស់ ពន្យល់ និងអនុវត្តគោលលទ្ធិដែលបានបង្រៀននៅក្នុងវគ្គចំណេះចំណានខាងគោលលទ្ធិផងដែរ ។ បញ្ជីនៃ វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះ អាចរកបាននៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ។
ខាងក្រោមនេះជាសកម្មភាពមួយចំនួនដែលអាចប្រើ ឬបត់បែនដើម្បីជួយសិស្សរបស់អ្នកពិនិត្យមើលឡើងវិញនូវវគ្គចំណេះចំណានខាងគោលលទ្ធិតាមរបៀបផ្សេងៗគ្នា ។
ទន្ទេញ
ប័ណ្ណសម្រាប់ទន្ទេញ សូមអញ្ជើញសិស្សឲ្យបង្កើតប័ណ្ណសម្រាប់ទន្ទេញដោយមានសេចក្ដីយោងបទគម្ពីរសរសេរនៅលើក្រដាសម្ខាង និងឃ្លាបទគម្ពីរគន្លឹះសរសេរនៅលើក្រដាសម្ខាងទៀត ។ សិស្សអាចបង្កើតប័ណ្ណសម្រាប់វគ្គចំណេះចំណានខាងគោលលទ្ធិជាច្រើននៅលើក្រដាសមួយសន្លឹក ហើយបន្ទាប់មកកាត់ប័ណ្ណសម្រាប់ទន្ទេញចេញ ។ បន្ទាប់មក ពួកគេអាចធ្វើការដោយខ្លួនឯង ឬជាមួយដៃគូដើម្បីអនុវត្តការទន្ទេញសេចក្តីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះ ។ ការពិនិត្យមើលឡើងវិញដោយប្រើប័ណ្ណសម្រាប់ទន្ទេញទាំងនេះ អាចធ្វើឡើងយូរៗម្តងពេញមួយឆ្នាំ ។
កម្មវិធីចំណេះចំណានខាងគោលលទ្ធិ ប្រើសកម្មភាពទន្ទេញនៅលើកម្មវិធីចំណេះចំណានខាងគោលលទ្ធិ ។ ប្រសិនបើអាចធ្វើទៅបាន អ្នកអាចភ្ជាប់ឧបករណ៍ចល័តរបស់អ្នកទៅនឹងម៉ាស៊ីនបញ្ចាំងស្លាយ ឬទូរទស្សន៍ ដើម្បីបង្ហាញមាតិកានៃកម្មវិធីនេះ ដើម្បីឲ្យសិស្សអាចបញ្ចប់សកម្មភាពទន្ទេញនេះជាថ្នាក់រួមគ្នា ។ អ្នកក៏អាចអញ្ជើញសិស្សដែលមានឧបករណ៍ចល័តឲ្យប្រើកម្មវិធីនេះដើម្បីចំណាយពេលធ្វើសកម្មភាពទន្ទេញក្នុងថ្នាក់ ឬក្រៅថ្នាក់ផងដែរ ។
ការសូត្រនៅក្នុងថ្នាក់ បន្ទាប់ពីអ្នកនិយាយសេចក្ដីយោងបទគម្ពីរមួយរួចហើយ សិស្សក្នុងថ្នាក់អាចនិយាយឡើងវិញនូវឃ្លាបទគម្ពីរគន្លឹះព្រមៗគ្នា ។ អ្នកក៏អាចនិយាយឃ្លាបទគម្ពីរគន្លឹះមួយ ហើយអញ្ជើញសិស្សក្នុងថ្នាក់ឲ្យនិយាយឡើងវិញនូវសេចក្ដីយោងបទគម្ពីរដែលដូចគ្នាហើយព្រមៗគ្នា ។
រូបភាពដែលទាក់ទង ស្វែងរករូបភាព ឬគំនូរដែលទាក់ទងនឹងការបង្រៀននៃវគ្គចំណេះចំណានខាងគោលលទ្ធិ ។ បង្ហាញរូបភាពទាំងនេះដល់សិស្ស នៅពេលពួកគេអនុវត្តការទន្ទេញសេចក្តីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះ ។ ក៏អាចអញ្ជើញសិស្សឲ្យស្វែងរក ឬបង្កើតរូបភាពផ្ទាល់ខ្លួនរបស់ពួកគេ ដែលជួយពួកគេឲ្យទន្ទេញវគ្គបទគម្ពីរផងដែរ ។ ប្រសិនបើសិស្សក្នុងថ្នាក់ទាំងមូលប្រើរូបភាពដូចគ្នា នៅពេលទន្ទេញវគ្គបទគម្ពីរដែលបានផ្តល់ឲ្យ នោះអ្នកអាចលើករូបភាពទាំងនោះឡើងយូរៗម្តងក្នុងអំឡុងពេលថ្នាក់នៅលើក្រោយ ដើម្បីមើលថាតើសិស្សនៅតែអាចចងចាំឃ្លា និងសេចក្តីយោងបានដែរឬទេ ។
ធ្វើឲ្យដូចសភាពដើម បង្ហាញពាក្យនៃសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះតាមលំដាប់លំដោយដែលបានច្របល់ចូលគ្នា ហើយអញ្ជើញសិស្សឲ្យធ្វើឲ្យដូចសភាពដើមវិញ ។
តួអក្សរដំបូង បង្ហាញតែតួអក្សរដំបូងនៃពាក្យនីមួយៗសម្រាប់សេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះ ហើយអញ្ជើញសិស្សឲ្យព្យាយាមកែសេចក្ដីយោង និងឃ្លាគន្លឹះឲ្យបានត្រឹមត្រូវ ។ លុបតួអក្សរដំបូងៗឲ្យកាន់តែច្រើនឡើងៗ នៅពេលដែលសមត្ថភាពរបស់សិស្សក្នុងការសូត្រសេចក្តីយោង និងឃ្លាគន្លឹះកាន់តែកើនឡើង ។
បំពេញចន្លោះ បង្ហាញសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះជាមួយនឹងពាក្យមួយចំនួនដែលបាត់ ។ សូមអញ្ជើញសិស្សឲ្យសូត្រសេចក្តីយោង និងឃ្លាគន្លឹះ ខណៈពេលបំពេញចន្លោះ ។ លុបពាក្យឲ្យកាន់តែច្រើនឡើងៗ នៅពេលដែលសមត្ថភាពរបស់សិស្សក្នុងការសូត្រសេចក្តីយោង និងឃ្លាគន្លឹះកាន់តែកើនឡើង ។
ផ្គូផ្គង ដាក់បង្ហាញសេចក្តីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះជាច្រើនក្នុងជួរឈរពីរ ។ នៅក្នុងជួរឈរទីមួយ សូមរាយបញ្ជីសេចក្ដីយោងបទគម្ពីរតាមលំដាប់លំដោយ ។ នៅក្នុងជួរឈរទីពីរ សូមរាយបញ្ជីឃ្លាបទគម្ពីរគន្លឹះតាមលំដាប់ព្រាវៗ ។ បន្ទាប់មក សូមអញ្ជើញសិស្សឲ្យផ្គូផ្គងសេចក្តីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះ ។
ស្វែងយល់ និងពន្យល់
សេចក្តីយោងបទគម្ពីរ សូមអញ្ជើញសិស្សឲ្យស្វែងរកសេចក្តីយោងបទគម្ពីរជាច្រើនដែលទាក់ទងនឹងវគ្គចំណេះចំណានខាងគោលលទ្ធិ ។ បន្ទាប់មក ពួកគេអាចបង្រៀនមិត្តរួមថ្នាក់របស់ពួកគេអំពីអ្វីដែលពួកគេបានរៀន ដោយរួមទាំងរបៀបដែលបទគម្ពីរបន្ថែមទៀត ដែលពួកគេបានសិក្សាទាក់ទងនឹងវគ្គចំណេះចំណានខាងគោលលទ្ធិ ។ អ្នកអាចនឹងផ្ដល់យោបល់ថា សេចក្តីយោងបទគម្ពីរខ្លះ ដែលពួកគេរកឃើញបានមកពីវគ្គចំណេះចំណានខាងគោលលទ្ធិនៅក្នុងគម្ពីរផ្សេងៗទៀត ។
ទាក់ទងទៅនឹងព្រះយេស៊ូវគ្រីស្ទ សូមចាត់សិស្សនូវវគ្គចំណេះចំណានខាងគោលលទ្ធិមួយដើម្បីសិក្សា ហើយសុំពួកគេឲ្យគិតអំពីរបៀបផ្សេងៗដែលវគ្គបទគម្ពីរនេះទាក់ទងនឹងព្រះយេស៊ូវគ្រីស្ទ ។ ពួកគេអាចគិត និងពិភាក្សាអំពីអ្វីដែលវគ្គបទគម្ពីរដែលបានចាត់របស់ពួកគេ ជួយពួកគេឲ្យយល់កាន់តែច្បាស់អំពីព្រះយេស៊ូវគ្រីស្ទ គោលលទ្ធិរបស់ទ្រង់ ឬផែនការនៃសេចក្តីសង្គ្រោះ ។ ពួកគេក៏អាចរកមើលឧទាហរណ៍អំពីរបៀបដែលព្រះអង្គសង្គ្រោះបានបង្រៀន ឬធ្វើជាគំរូដល់សេចក្តីពិតដែលមាននៅក្នុងវគ្គបទគម្ពីរនេះផងដែរ ។
ការពន្យល់សាមញ្ញៗ សូមអញ្ជើញសិស្សឲ្យរៀបចំពន្យល់អំពីគោលលទ្ធិដែលបានបង្រៀននៅក្នុងវគ្គចំណេះចំណានខាងគោលលទ្ធិផ្សេងៗដល់នរណាម្នាក់ដែលមិនស្គាល់ការបង្រៀនទាំងនោះ ។ ពួកគេអាចស្រមៃថា ពួកគេកំពុងពន្យល់ពីការបង្រៀនទាំងនេះដល់កុមារ ឬដល់នរណាម្នាក់ដែលមិនមែនជាសមាជិកនៃសាសនាចក្រ ។ សូមអញ្ជើញពួកគេឲ្យសរសេរការពន្យល់របស់ពួកគេនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ហើយបន្ទាប់មកចែកចាយវាជាមួយមិត្តរួមថ្នាក់ ។
មួយបន្ទាត់ម្តងៗ សូមបង្ហាញទំព័រនៃគំរូមួយបន្ទាត់ម្តងៗចេញពីទស្សនាវដ្តី ដើម្បីកម្លាំងនៃយុវជន ដែលពាក្យ ឬឃ្លាសំខាន់ៗចេញពីវគ្គបទគម្ពីរត្រូវបានវិភាគ ។ គំរូមួយនៃទំព័រនោះគឺ « Line upon Line: A Watchman » ( ដើម្បីកម្លាំងនៃយុវជន ខែតុលា ឆ្នាំ២០២២ ទំព័រ ៣២ ) ។ សូមអញ្ជើញសិស្សឲ្យបង្កើតកំណែផ្ទាល់ខ្លួនរបស់ពួកគេនៃទំព័រមួយបន្ទាត់ម្តងៗ ។ សុំឲ្យពួកគេជ្រើសរើសពាក្យគន្លឹះមួយចំនួនពីវគ្គចំណេះចំណានខាងគោលលទ្ធិ ហើយបញ្ចូលបទគម្ពីរដែលទាក់ទង សេចក្តីថ្លែងការណ៍មកពីថ្នាក់ដឹកនាំសាសនាចក្រ និងនិយមន័យដែលជួយឲ្យការយល់ដឹងកាន់តែស៊ីជម្រៅអំពីពាក្យគន្លឹះទាំងនោះ ។
សួរសំណួរ សូមអញ្ជើញសិស្សឲ្យជ្រើសរើសវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិដែលពួកគេចង់ស្វែងយល់បន្ថែម ។ សូមអញ្ជើញពួកគេឲ្យអានវគ្គបទគម្ពីរ ហើយរាយបញ្ជីសំណួរពីរ ឬបីដែលពួកគេមានអំពីវគ្គបទគម្ពីរនោះ ។ សំណួរទាំងនេះអាចទាក់ទងនឹងពាក្យ ឬឃ្លាដែលពួកគេចង់យល់ឲ្យកាន់តែច្បាស់ ឬហេតុអ្វីបានជាវគ្គបទគម្ពីរនេះមានសារៈសំខាន់ដើម្បីយល់ ។ នៅពេលដែលសិស្សបានរាយបញ្ជីសំណួររបស់ពួកគេរួចហើយ សូមអញ្ជើញពួកគេឲ្យប្រើធនធានដូចជាកម្មវិធីបណ្ណាល័យដំណឹងល្អ សេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ ឬឧបករណ៍សិក្សាផ្សេងទៀតដើម្បីស្វែងរកចម្លើយចំពោះសំណួររបស់ពួកគេ ។ សូមឲ្យសិស្សចែកចាយអ្វីដែលពួកគេបានរៀន ។
តំណាងជំនួយចក្ខុ សិស្សអាចបង្កើតរូបគំនូរ បណ្តុំរូបភាព meme រូបភាពនៃបណ្តុំវាក្យសព្ទ បណ្ដុំវាក្យសព្ទ ឬតំណាងជំនួយចក្ខុផ្សេងទៀត ដែលជួយពិពណ៌នានូវអ្វីដែលបានបង្រៀននៅក្នុងវគ្គចំណេះចំណានខាងគោលលទ្ធិ ។ បន្ទាប់មក សិស្សអាចបង្ហាញការបង្កើតរបស់ពួកគេដល់អ្នកដទៃ ហើយពន្យល់ពីរបៀបដែលវាទាក់ទងនឹងវគ្គចំណេះចំណានខាងគោលលទ្ធិ ដែលពួកគេបានផ្តោតទៅលើ ។
អនុវត្ត
សាច់រឿង សូមចែកចាយសាច់រឿងផ្សេងៗដែលទាក់ទងនឹងស្ថានភាព ឧបសគ្គ ឬសំណួរខាងវិញ្ញាណដែលក្មេងវ័យជំទង់អាចមាន ។ សូមអញ្ជើញសិស្សឲ្យចែកចាយវគ្គចំណេះចំណានខាងគោលលទ្ធិមួយ ឬច្រើនដែលពួកគេមានអារម្មណ៍ថា អាចអនុវត្តចំពោះសាច់រឿងនេះ ហើយពន្យល់ពីរបៀបដែលពួកគេគិតថា វគ្គបទគម្ពីរទាំងនេះអាចជួយបាន ។
ចែកចាយបទពិសោធន៍ សិស្សអាចជ្រើសរើសវគ្គចំណេះចំណានខាងគោលលទ្ធិមួយ ដែលពួកគេបានអនុវត្តក្នុងជីវិតរបស់ពួកគេនាពេលថ្មីៗនេះ ឬថាពួកគេចង់អនុវត្តកាន់តែពេញលេញនៅក្នុងជីវិតរបស់ពួកគេ ។ អាចអញ្ជើញសិស្សឲ្យចែកចាយពីរបៀបដែលការបង្រៀនទាំងនេះមានឥទ្ធិពលលើពួកគេ ។
សិក្សាវគ្គបទគម្ពីរដោយគិតដល់កាលៈទេសៈផ្ទាល់ខ្លួននៅក្នុងគំនិត សូមអញ្ជើញសិស្សឲ្យគិតពីកាលៈទេសៈ សំណួរ ឬការសម្រេចចិត្តមួយ ដែលពួកគេកំពុងប្រឈមមុខ ។ សូមអញ្ជើញពួកគេឲ្យស្វែងរកវគ្គចំណេះចំណានខាងគោលលទ្ធិ ដែលនឹងជួយក្នុងស្ថានភាពរបស់ពួកគេ និងដើម្បីចែកចាយអ្វីដែលពួកគេបានរកឃើញថា មានអត្ថប្រយោជន៍ ។
ជួយក្មេងវ័យជំទង់ សូមអញ្ជើញសិស្សឲ្យគូររូបក្មេងវ័យជំទង់ជាមនុស្សចង្កឹះ ហើយសរសេរឈ្មោះ អាយុ និងស្ថានភាពគ្រួសាររបស់ពួកគេ ព្រមទាំងសំណួរ បញ្ហា ឬឧបសគ្គនានាដែលពួកគេកំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះ ។ បន្ទាប់មក សិស្សអាចស្វែងរកវគ្គចំណេះចំណានខាងគោលលទ្ធិ ដែលពួកគេមានអារម្មណ៍ថានឹងជួយក្មេងវ័យជំទង់រូបនេះ ។ ពួកគេអាចពន្យល់ពីគោលលទ្ធិនៅក្នុងវគ្គបទគម្ពីរដែលបានជ្រើសរើសរបស់ពួកគេ និងផ្តល់យោបល់សម្រាប់សកម្មភាពដែលអាចធ្វើបាន ដែលក្មេងវ័យជំទង់រូបនេះអាចធ្វើបាន ។
រៀបចំការប្រជុំធម្មនិដ្ឋាន ឬសុន្ទរកថា សូមផ្តល់ឱកាសដល់សិស្សឲ្យប្រើវគ្គចំណេះចំណានខាងគោលលទ្ធិ ដើម្បីរៀបចំសារលិខិតសម្រាប់ការប្រជុំធម្មនិដ្ឋាន ឬសុន្ទរកថាខ្លីមួយ ។ នៅពេញមួយឆមាស អ្នកអាចពិចារណារៀបចំកាលវិភាគសិស្សម្នាក់ៗឲ្យចែកចាយការប្រជុំធម្មនិដ្ឋាន ឬសុន្ទរកថារបស់ពួកគេ នៅពេលចាប់ផ្តើមថ្នាក់ ។ សូមជួយពួកគេរៀបចំសង្ខេបបរិបទ និងពន្យល់ពីសេចក្តីពិតដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរនេះ ។ សូមអញ្ជើញសិស្សឲ្យចែកចាយបទពិសោធន៍ដ៏មានអត្ថន័យ ឬឧទាហរណ៍នៃការអនុវត្តសេចក្ដីពិតពីវគ្គបទគម្ពីរដែលពួកគេបានជ្រើសរើស ហើយថ្លែងទីបន្ទាល់អំពីសេចក្ដីពិតដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរទាំងឡាយ ។