ថ្នាក់​សិក្ខាសាលា
គំនិត​សម្រាប់​ភាពចម្រុះ


« គំនិត​សម្រាប់​ភាពចម្រុះ » សៀវភៅសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៥ )

« គំនិត​សម្រាប់​ភាពចម្រុះ » សៀវភៅសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

ឧបសម្ព័ន្ធ

គំនិត​សម្រាប់​ភាពចម្រុះ

គំនិត​សម្រាប់​ភាពចម្រុះ

ធនធាន​នេះ​រួមមាន​នូវ​របៀប​ជាច្រើន​ដើម្បី​ជួយ​សិស្ស​ឲ្យ​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​មេរៀន​ទាំងឡាយ ។ សូម្បី​តែ​បច្ចេកទេស​បង្រៀន​ដ៏​ប៉ិនប្រសប់យ៉ាង​ណា​ក៏​ដោយ ប្រសិនបើ​ប្រើ​ច្រើន​ពេក អាច​ទៅ​ជា​គ្មាន​ប្រសិទ្ធភាព ឬ​គួរ​ឲ្យ​ធុញទ្រាន់ ។ ខណៈពេល​ដែល​អ្នក​មិន​គួរ​ជ្រើសរើស​វិធីសាស្រ្ត​សម្រាប់​ជា​ប្រយោជន៍​នៃ​របៀប​បង្រៀន​តែ​មួយ​មុខ សូម​ពិចារណា​ពី​ការផ្លាស់ប្តូរ​របៀប​ផ្សេងៗ​ដែល​អ្នក​បង្រៀន​ក្នុង​អំឡុង​ពេល​មេរៀន​នីមួយៗ ។ ការប្រើប្រាស់​វិធីសាស្រ្ត​បង្រៀន​ផ្សេងៗ​គ្នា អាច​ជួយ​សិស្ស​កាន់តែ​ច្រើន ។ ទាំងនេះ​គឺជា​សំណួរ​មួយចំនួន​ដែល​ត្រូវ​ពិចារណា នៅពេល​ជ្រើសរើស​សកម្មភាព​ដើម្បី​បញ្ចូល​ក្នុង​បទពិសោធន៍​រៀនសូត្រ ៖

  • តើ​សកម្មភាព​នេះ​ជួយ​សម្រួល​ដល់​បទពិសោធន៍​ដែល​ផ្ដោតសំខាន់លើ​ព្រះគ្រីស្ទ ផ្អែក​លើ​បទគម្ពីរ និង​បទពិសោធន៍​ដែល​ផ្ដោត​លើ​សិស្ស​ដែរ​ឬ​ទេ ? សូមមើល ការបំពាក់​បំប៉ន​ស្ដីពី​ការទទួលយក និង​ការកែសម្រួល​កម្មវិធីសិក្សា​ថ្នាក់​សិក្ខាសាលា បន្ថែមទៀត​អំពី​កិច្ចការ​នេះ ។

  • តើ​សកម្មភាព​នេះ​យាង​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​បង្រៀន និង​ថ្លែង​ទីបន្ទាល់​ដែរ​ឬ​ទេ ? សូម​គិត​ពី​របៀប​ដែល​សកម្មភាព​នេះ​អាច​នឹង​ជះឥទ្ធិពល​ដល់​បរិយាកាស​ដែល​មាន​គារវភាព ដែល​ចាំបាច់​សម្រាប់​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​បំពេញ​តួនាទី​របស់​ទ្រង់ ។

  • តើ​វិធីសាស្ត្រ​នេះ​តំណាង​ឲ្យ​ព្រះបន្ទូល​ដ៏​ពិសិដ្ឋ​របស់​ព្រះ​យ៉ាង​ដូចម្ដេច ? ព្រះគម្ពីរ និង​ប្រសាសន៍​របស់​ព្យាការី ចាំបាច់​ត្រូវ​បង្ហាញ​តាម​របៀប​ដ៏​ថ្លៃថ្នូរ និង​បរិសុទ្ធ ។

  • តើ​សិស្ស​គ្រប់​រូប​នឹង​ទទួល​បាន​ការប្រព្រឹត្ត​ចំពោះ​ដោយ​សេចក្តី​ថ្លៃថ្នូរ​ដែរ​ឬ​ទេ ? សូម​ស្វែងរក​ដើម្បី​ចិញ្ចឹម​បីបាច់​អារម្មណ៍​នៃ​សាមគ្គីភាព និង​សេចក្តី​ស្រឡាញ់ ។ ចៀសវាង​សកម្មភាព​ដែល​អាច​ធ្វើ​ឲ្យ​សិស្ស​មាន​អារម្មណ៍​មិន​ស្រណុកចិត្ត បាក់​ទឹក​ចិត្ត ឬ​ឯកោ ។

  • តើ​សកម្មភាព​នេះ​ស័ក្តិសម​នឹង​ចំណាយ​ម៉ោង​រៀន​ដែរ​ឬ​ទេ ? ពេលវេលា​ដែល​អ្នក​បានជួបជុំ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់​សិក្ខាសាលា​គឺជា​ពេល​វេលា​ដ៏​មាន​តម្លៃ ។ សកម្មភាព​អាច​មាន​ប្រសិទ្ធភាព​ដោយ​មិន​ចាំបាច់​ចំណាយ​ពេល​ច្រើន​ពេក ។

  • តើ​សកម្មភាព​នេះ​ត្រូវការ​ពេលវេលា​ប៉ុន្មាន និង​ធនធាន​ប៉ុន្មាន​ដើម្បី​រៀបចំ ? វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការគ្រប់គ្រង​ពេលវេលា និង​ធនធាន​ដ៏​មាន​តម្លៃ​របស់​អ្នក​ឲ្យ​បាន​ល្អ ។

ជារឿយៗ គំនិត​ទាំងនេះ​អាច​ប្រើ​នៅកន្លែង​ជាច្រើន​ក្នុង​មេរៀន​មួយ ។ ក្នុង​ករណី​ជា​ច្រើន ការផ្តល់​គំរូ​ដល់​សិស្ស​អំពី​អ្វី​ដែល​បាន​ស្នើ​ឲ្យ​ពួកគេ​ធ្វើ​នឹង​ជួយ​ពួកគេ​ឲ្យ​កាន់តែ​ទទួល​ជោគជ័យ ។ សូម​ប្រាកដថា អ្នក​យល់​ច្បាស់​អំពី​សកម្មភាព​នេះ ហើយ​អាច​ផ្តល់​នូវ​ការណែនាំ និង​គំរូ​កាន់តែ​ច្បាស់ ប្រសិនបើ​វា​មាន​អត្ថប្រយោជន៍ មុន​ពេល​សិស្ស​ចាប់ផ្តើម​សកម្មភាព​នេះ ។ សកម្មភាព​ទាំងនេះ​ត្រូវ​បាន​រៀបចំ​តាម​ផ្នែក​ខាង​ក្រោម​នេះ ៖

  1. សិក្សា​ព្រះគម្ពីរ​ដើម្បី​យល់​អំពី​សាច់រឿង និង​ស្វែងយល់​គោលការណ៍ ឬ​គោលលទ្ធិ​នៃ​ដំណឹងល្អ

  2. ធ្វើ​ឲ្យ​ការយល់ដឹង​ពី​សម្រង់ និង​បទគម្ពីរ​កាន់តែ​ស៊ីជម្រៅ

  3. ចែកចាយ​អ្វី​ដែល​ពួកគេ​កំពុងរៀនសូត្រ

  4. បង្កើត​តំណាង​ពី​អ្វី​ដែល​ពួកគេ​បានរៀន

ដើម្បី​ផ្តល់​មតិកែលម្អ ឬ​ណែនាំ​គំនិត​បន្ថែម សូម​ផ្ញើ​អ៊ីមែល​ទៅកាន់ CES-Manuals@ChurchofJesusChrist.org ។ រួមទាំង​នៅក្នុង​ប្រធានបទ « គំនិត​សម្រាប់​ភាពចម្រុះ » ។

១. សិក្សា​ព្រះគម្ពីរ​ដើម្បី​យល់​អំពី​សាច់រឿង និង​ស្វែងយល់​គោលការណ៍ ឬ​គោលលទ្ធិ​នៃ​ដំណឹងល្អ

មេរៀន​ទាំងឡាយ​ជា​ញឹកញាប់​បញ្ចូល​នូវ​សកម្មភាព​ដែល​សិស្ស​សិក្សា​បណ្ដុំ​ខគម្ពីរ​ជា​វគ្គៗ​ដើម្បី​យល់​អំពី​បរិបទ​សំខាន់ៗ និង​សាច់រឿង​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​អាច​ស្វែងយល់​ពី​គោលការណ៍ ឬ​គោលលទ្ធិ ។ សកម្មភាព​ខាងក្រោម​គឺជា​របៀប​មួយចំនួន​ដែល​អ្នក​អាច​ជួយ​សិស្ស​ធ្វើ​កិច្ចការ​នេះ​បាន ។

ការបកស្រាយ​ដោយ​ប្រើ​គំនូរ

ប្រើ​គំនូរ​ដំណឹងល្អ​ដើម្បី​ពិភាក្សា​ដំណើររឿង​មួយ ។ បង្ហាញ​រូបភាព​មកពី Media Library របស់​សាសនាចក្រ និង​អញ្ជើញ​សិស្ស​ឲ្យ​សិក្សា​ខគម្ពីរ​ទាំងឡាយ​ដែល​បានពិពណ៌នា​នៅក្នុង​រូបភាព​នោះ ។ សូម​សួរ​សិស្ស ៖

  • តើ​អ្នក​នឹង​ផ្លាស់ប្តូរ​អ្វី ?

  • តើ​អ្វី​ជា​ការបកស្រាយ​សិល្បៈ ( រក​មិន​ឃើញ​ក្នុង​អត្ថបទ ) ?

  • តើ​ខគម្ពីរ​មួយ​ណា​ដែល​តំណាង​ឲ្យ ?

ការប្រែប្រួល ៖ ជំនួស​ឲ្យ​ការបង្ហាញ​រូបភាព​ទាំងមូល​នៅ​ពេល​ចាប់​ផ្តើម​ថ្នាក់ ដើម្បី​ចាប់ផ្តើម​ការពិភាក្សា សូម​បំបែក​រូបភាព​ជា​ផ្នែកៗ ។ បង្ហាញ​មួយ​ផ្នែក​ម្តងៗ ហើយ​ឲ្យ​សិស្ស​ទាយ​ថា​មាន​អ្វី​កើតឡើង​នៅក្នុង​រូបភាព​ទាំងមូល ។ សុំ​ឲ្យ​ពួកគេ​ពិពណ៌នា​អំពី​អ្វី​ដែល​ពួកគេ​មើលឃើញ និង​ស្មាន​លើ​អ្វី​ដែល​ពួកគេ​មិន​បាន​មើលឃើញ ។

ការប្រែប្រួល ៖ ជ្រើសរើស​រូបភាព​មួយ​ចំនួន​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​ដាក់​វា​នៅលើ​ក្តារខៀន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​មើល​យឺតៗ​លើ​ពណ៌ ការផ្ដោត និង​ប្លង់​រូបភាព ហើយ​កំណត់​នូវ​អ្វី​ដែល​រូបភាព​មួយៗ​បង្រៀន​អំពី ថាតើ​ព្រះយេស៊ូវ​គ្រីស្ទ​ជា​នរណា ។ បន្ទាប់ពី​កំណត់​គោលការណ៍​មួយ​ហើយ អ្នក​អាច​សួរ​សំណួរ​ដូចជា ៖

  • តើ​រូបភាព​របស់​ព្រះគ្រីស្ទ​មួយ​ណា ដែល​អ្នក​មាន​អារម្មណ៍​ថា តំណាង​ឲ្យ​គោលការណ៍​ដែល​អ្នក​បាន​រកឃើញ ហើយ​ហេតុអ្វី ?

  • តើ​រូបភាព​មួយ​ណា​របស់​ព្រះយេស៊ូវ​ទាំងនេះ ជួយ​អ្នក​ឲ្យ​យល់​ពី​សារៈសំខាន់​នៃ​សេចក្ដីពិត​នេះ ?

  • តើ​អ្នក​ចង់​ឲ្យ​មិត្តភក្តិ​ម្នាក់​ដឹង​អ្វីខ្លះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ នៅពេល​គិត​អំពី​សេចក្ដីពិត​នេះ ?

បន្ថែម​ការសន្ទនា​ទៅនឹង​រូបភាព

បន្ថែម​ការសន្ទនា​ទៅនឹង​រូបភាព

ចម្លង​រូបភាព​ចេញពី ដំណើរ​រឿង​ក្នុង​ព្រះគម្ពីរ​សម្រាប់​កុមារ ហើយ​បិទភ្ជាប់​វា​ទៅនឹង​សំណៅចែក​សម្រាប់​សិស្ស ។ បន្ថែម​ពាក្យ​ក្នុង​រូប​ពពុះៗ​ដែល​បង្ហាញ​ពី​ការគិត ឬ​និយាយ ដែល​សិស្ស​អាច​សរសេរ​នូវ​អ្វី​ដែល​តួអង្គ​កំពុង​និយាយ ឬ​គិត ។

ដំណើររឿង​ថ្មី ឬ​សៀវភៅ​របាយការណ៍

ដំណើររឿង​ថ្មី ឬ​សៀវភៅ​របាយការណ៍

សូម​ឲ្យ​ផ្នែក​នៃ​ខគម្ពីរ​ដែល​ពួកគេ​នឹង​សិក្សា​ដល់​សិស្ស​ម្នាក់ៗ ។ បន្ទាប់មក​ផ្តល់​ឲ្យ​ពួកគេ​នូវ​តម្រូវការ​នៃ​ដំណើររឿង​ព័ត៌មាន ឬ​សៀវភៅ​របាយការណ៍ ( នៅលើ​ក្រដាស ឬ​ក្តារខៀន ) ។ វា​អាច​បញ្ចូល​នូវ​តួអង្គ​សំខាន់ៗ សាច់រឿង មេរៀន​មួយ ឬ​ពីរ​ដែល​បានរៀន ( ដកស្រង់​ខគម្ពីរ​ដែល​វា​បានមក ) និង​កម្មវិធី​សម្រាប់​ក្មេង​វ័យ​ជំទង់ ។ សូម​ផ្តល់​ពេល​ឲ្យ​សិស្ស​ចែកចាយ​ជាមួយ​សិស្ស​ម្នាក់​ទៀត​នូវ​អ្វី​ដែល​ពួកគេ​បានរៀបចំ ។

ការប្រែប្រួល ៖ នៅក្នុង​ក្រុម​តូច​មួយ សិស្ស​ម្នាក់ៗ​អាច​យក​ផ្នែក​មួយ​នៃ​ដំណើររឿង ឬ​សៀវភៅ​របាយការណ៍ ៖ តួអង្គ​សំខាន់ៗ សាច់រឿង មេរៀន ឬ​ការអនុវត្ត ។

កំណត់​សំណួរ

បន្ទាប់ពី​សិស្ស​អាន​បណ្តុំ​ខគម្ពីរ​មួយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រាយបញ្ជី​សំណួរ​ដែល​ខគម្ពីរ​ទាំងនោះ​អាច​ជួយ​ឆ្លើយ ។ សូម​ដាក់​សំណើ​ឲ្យ​សិស្ស​សរសេរ​សំណួរ​ដែល​មាន​អត្ថន័យ ទាក់ទង​សម្រាប់​ក្មេង​វ័យ​ជំទង់ ជាជាង​សំណួរ​ស្វែងរក​សាមញ្ញៗ ។ ឧទាហរណ៍ ជំនួស​ឲ្យ​ការសួរ​ថា « តើ​អាលម៉ា​និយាយ​ថា សេចក្ដីជំនឿ​ជាអ្វី ? តើ​គាត់​និយាយ​ថា អ្វី​ដែល​មិន​មាន​សេចក្តី​ជំនឿ ? » សិស្ស​អាច​សួរ​ថា « តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ដឹង​ដោយ​ខ្លួន​ខ្ញុំ​ថា អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​គឺជា​ការពិត ? » ប្រសិនបើ​មាន​បណ្ដុំ​ខគម្ពីរ​ច្រើន​ជាង​មួយ​សម្រាប់​សិស្ស​សិក្សា នោះ​ពួកគេ​អាច​រាយបញ្ជី​សំណួរ​របស់​ពួកគេ ហើយ​ចែកចាយ​ជាមួយ​សិស្ស​ដែល​បានសិក្សា​បណ្ដុំ​ខុសៗ​គ្នា ។ សិស្ស​អាច​រកមើល ហើយ​គិត​អំពី​ចម្លើយ​ចំពោះ​សំណួរ​របស់​មិត្ត​រួមថ្នាក់​របស់​ពួកគេ ។

ការសម្ភាស​អ្នក​និពន្ធ

សូម​ឲ្យ​សិស្ស​ស្រមៃ​ថា ពួកគេ​ជា​អ្នក​និពន្ធ​ដំណើររឿង​ក្នុង​បទគម្ពីរ ហើយ​មាន​នរណា​ម្នាក់​សម្ភាស​ពួកគេ​អំពី​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ សិស្ស​អាច​អាន​ដំណើររឿង​ក្នុង​បទគម្ពីរ ហើយ​ប្តូរ​វេន​គ្នា​បំពេញ​តួនាទី​របស់​អ្នក​សម្ភាស និង​អ្នក​និពន្ធ ។ សំណួរ​មួយចំនួន​ដែល​អ្នក​សម្ភាស​អាច​សួរ​បាន​គឺ ៖

  • តើ​មាន​ទិដ្ឋភាព​អ្វីខ្លះ​នៃ​ខគម្ពីរ​ទាំងនេះ ដែល​អ្នក​មិន​ចង់​ឲ្យ​អ្នកអាន​ខកខាន ?

  • តើ​អ្នក​ចង់​និយាយ​ថា​អ្វី​ជា​ចំណុច​សំខាន់​របស់​អ្នក ឬ​ចំណុច​មួយ​នៃ​ចំណុច​សំខាន់​របស់​អ្នក ?

  • តើ​អ្នក​សង្ឃឹម​ថា អ្នក​អាន​អាច​យក​វា​ទៅ​ប្រើ​ក្នុង​ជីវិត​របស់​ពួកគេ​ដោយ​របៀប​ណា ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បានរៀន​ពី​បទពិសោធន៍​នេះ ។ សូម​ប្រើ​មតិ​របស់​ពួកគេ​ដើម្បី​បញ្ជាក់​សេចក្តីពិត​ដែល​ដ៏​សំខាន់ ។

ការផ្គូផ្គង

សូម​ផ្តល់​សេចក្តីយោង​បទគម្ពីរ​ជាច្រើន​នៅក្នុង​ជួរ​ឈរ​មួយ និង​សេចក្តីពិត​ដែល​ត្រូវគ្នា​តាម​របៀប​លាយឡំ​គ្នា​នៅក្នុង​ជួរ​ឈរ​ផ្សេង​មួយ​ទៀត ។ សិស្ស​អាច​សិក្សា និង​ផ្គូផ្គង ។

ការពិត​ដ៏​សំខាន់​បំផុត

ការពិត​ដ៏​សំខាន់​បំផុត

នៅពេល​សិស្ស​កំពុង​សិក្សា​ជំពូក​បទគម្ពីរ​ដែល​បញ្ចូល​នូវ​សេចក្ដីពិត​ជាច្រើន ដែល​ពួកគេ​អាច​រកឃើញ អ្នក​អាច​ឲ្យ​ពួកគេ​ចាប់ផ្ដើម​ដោយ​សិក្សា​ដោយ​ខ្លួន​ពួកគេ​ផ្ទាល់ ។ ម្នាក់ៗ​អាច​សម្រេចចិត្ត​ថា​អ្វី​ដែល​ពួកគេ​ជឿ​ថា ជា​សេចក្តីពិត ឬ​គំនិត​សំខាន់​បំផុត​ចំនួន​បី ឬ​បួន​នៅក្នុង​បណ្ដុំ​នេះ ហើយ​សរសេរ​វា​ទុក ។ បន្ទាប់មក អាច​រៀបចំ​សិស្ស​ជា​ក្រុមៗ​ដែល​មាន​គ្នា​ពីរ​នាក់ និង​ប្រៀបធៀប​សេចក្តីពិត​ដែល​ពួកគេ​រកឃើញ ។ សិស្ស​មួយគូៗ​កំណត់​នូវ​អ្វី​ដែល​ពួកគេ​មាន​អារម្មណ៍​ថា ជា​សេចក្ដីពិត​សំខាន់​បំផុត​ពីរ ហើយ​កត់ត្រា​សេចក្តីពិត​ទាំងនោះ ។ ចំណាំ ៖ គំនិត​ទាំងនេះ​អាច​ខុស​ពី​គំនិត​បួន​ពី​ខាងដើម ។ សិស្ស​គូ​នីមួយៗ​ចូលរួម​គូ​ផ្សេង​ទៀត​ដើម្បី​បង្កើត​ក្រុម​ដែល​មាន​គ្នា​បួន​នាក់ សិស្ស​ទាំងបួន​នាក់​រួម​គ្នា​ចែកចាយ និង​ប្រៀបធៀប​គំនិត​របស់​ពួគគេ ហើយ​ធ្វើការ​ជា​ក្រុម​តែមួយ​ដើម្បី​កំណត់​ថាតើ​សេចក្តីពិត​មួយ​ដែល​សំខាន់​ជាង​គេ​បំផុត​នៅក្នុង​អត្ថបទ​នេះ ។

បន្ទាត់​ពេលវេលា​ជា​រូបភាព

បន្ទាត់​ពេលវេលា​ជា​រូបភាព

សូម​បង្ហាញ​រូបភាព​មួយ​ចំនួន​ដែល​តំណាង​ឲ្យ​ដំណើររឿង​បទគម្ពីរ​ដែល​សិស្ស​នឹង​សិក្សា ។ បង្ហាញ​ខគម្ពីរ​ដែល​សិស្ស​នឹង​អាន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ដាក់​រូបភាព​លំដាប់​លំដោយ​ត្រឹមត្រូវ ។

គំនូស​តាង​ឌីយ៉ាក្រាម

គំនូស​តាង​ឌីយ៉ាក្រាម

សូម​ជួយ​សិស្ស​ឲ្យ​ស្គាល់​គោលលទ្ធិ ឬ​គោលការណ៍​ដែល​បានបង្រៀន​នៅក្នុង​ដំណើររឿង​ព្រះគម្ពីរ​ដោយ​មាន​គំនូស​តាង​ដ្យាក្រាម ។ កំណត់​ធាតុ​ផ្សេងៗ​គ្នា​នៃ​គំនូស​តាង រួម​មាន​ដូច​ខាងក្រោម​នេះ ៖

  1. ស្ថានភាព​ចាប់ផ្តើម ( រួមមាន​នរណា អ្វី កន្លែងណា ពេលណា ) ។

  2. ការបង្កើន​ជម្លោះ ឬ​សកម្មភាព ។ កំណត់​ការផ្លាស់ប្តូរ​ដែល​ជះឥទ្ធិពល​ដល់​ជីវិត​របស់​បុគ្គល​នៅក្នុង​ដំណើររឿង​នេះ ។

  3. គ្រា​នៃ​ចំណុច​កំពូល ។ នេះ​គឺជា​ចំណុច​សំខាន់​នៃ​ដំណើររឿង ។ ជារឿយៗ​មាន​ការផ្លាស់ប្តូរ​ដ៏​ធំ​មួយ ដូចជា​មនុស្ស​ម្នាក់​ដែល​យកឈ្នះ​លើ​ឧបសគ្គ ឬ​មាន​ពេល​នៃ​ការរកឃើញ ។

  4. សកម្មភាព​បរាជ័យ ។ លទ្ធផល​ពី​គ្រា​នៃ​ចំណុច​កំពូល នៅពេល​ដែល​សកម្មភាព​ថយចុះ ។

  5. ដំណោះ​ស្រាយ ។ ការណ៍​នេះ​ពិពណ៌នា​អំពី​ការយល់ដឹង​ថ្មី​ដែល​មនុស្ស​មាន ដោយសារ​បទពិសោធន៍​របស់​ពួកគេ ។

សូម​សរសេរ​សេចក្ដីយោង​បទគម្ពីរ​សម្រាប់​ផ្នែក​នៃ​គ្រោង​នីមួយៗ​នៅលើ​ក្ដារខៀន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​ខគម្ពីរ​សម្រាប់​ផ្នែក​នៃ​គំនូស​តាង​នីមួយៗ ហើយ​គូរ​រូបភាព​នៃ​អ្វី​ដែល​ពួកគេ​កំពុង​អាន ឬ​សរសេរ​បញ្ជី​នៃ​ព្រឹត្តិការណ៍​សំខាន់ៗ ។ នៅពេល​សិស្ស​បញ្ចប់​ជំហាន​ចុងក្រោយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​មើល​ដំណើររឿង​ទាំងមូល ហើយ​សរសេរ​សេចក្ដីថ្លែងការណ៍​នៃ​សេចក្ដីពិត​ដែល​ពួកគេ​បានរៀន ។

រូប​ផ្គុំ

រូប​ផ្គុំ

សូម​បង្កើត​ល្បែង​ផ្គុំរូប​សាមញ្ញ​មួយ​ពី​រូបភាព​ដែល​តំណាង​ឲ្យ​បណ្ដុំ​ខគម្ពីរ ។ សរសេរ​សេចក្ដី​យោង​បទគម្ពីរ​នៅ​ខាងក្រោយ​បំណែក​នីមួយៗ ។ អាច​រៀបចំ​សិស្ស​ជា​ក្រុមៗ ហើយ​ម្នាក់ៗ​មាន​ល្បែង​ផ្គុំ​រូប​មួយ​ផ្នែកៗ ។ សិស្ស​សិក្សា​សេចក្តីយោង ហើយ​រៀបចំ​សង្ខេប​ខគម្ពីរ​របស់​ពួកគេ ។ នៅពេល​ដែល​ក្រុម​ចែកចាយ​សេចក្ដីសង្ខេប​របស់​ពួកគេ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ពួកគេ​អាច​បិទ​បំណែក​ទាំងនោះ​ដាក់​លើ​ក្ដារខៀន ដើម្បី​បង្កើត​រូបភាព​ពេញលេញ ។

ក្រុម​អ្នក​អាន​សាច់រឿង

សម្រាប់​ដំណើររឿង​ដែល​មាន​ការសន្ទនា​ច្រើន សូម​រៀបចំ​ខគម្ពីរ​ទាំងឡាយ​ទៅជា​នាដកថា​មួយ ដើម្បី​ឲ្យ​សិស្ស​ម្នាក់ៗ​អាច​ស្វែងរក​ផ្នែក​របស់​ពួកគេ​បាន​យ៉ាង​ឆាប់រហ័ស ។ សូម​ប្រើ​អ្នកអត្ថាធិប្បាយ​ម្នាក់​ដើម្បី​អាន​ខគម្ពីរ​ដែល​មិន​មែន​ជា​ការសន្ទនា ។ អ្នក​អាច​ចម្លង​ខគម្ពីរ ហើយ​គូសចំណាំ​ផ្នែក​នីមួយៗ​ដោយ​ប្រើ​ហ្វឺត​គូសចំណាំ​ពណ៌​ផ្សេងៗ​គ្នា ។ ចំណាំ ៖ សូម​ចងចាំ​ថា សមាជិក​នៃ​ក្រុមព្រះ​គួរ​ត្រូវបាន​តំណាង​ដោយ​មាន​ការគោរព​ដ៏​ខ្ពង់ខ្ពស់​បំផុត ។ ប្រសិនបើ​សមាជិក​នៃ​ក្រុម​ព្រះ រួមទាំង​ព្រះយេស៊ូវ​គ្រីស្ទ​ផងដែរ មាន​នៅក្នុង​ដំណើររឿង​ក្នុង​បទគម្ពីរ ដែល​អ្នក​ចង់​ធ្វើ​សកម្មភាព​នេះ សូម​ឲ្យ​អ្នកអត្ថាធិប្បាយ​អាន​ព្រះបន្ទូល​របស់​ទ្រង់ ។

ការអាន​បទគម្ពីរ

មាន​របៀប​ជាច្រើន​ដើម្បី​អាន​បទគម្ពីរ​នៅក្នុង​ថ្នាក់ ។ របៀប​នីមួយៗ​អាច​បម្រើ​ក្នុង​គោលបំណង​ផ្សេងៗ​ពីគ្នា ។ សូម​ពិចារណា​ពី​តម្រូវការ​នៃ​ថ្នាក់​របស់​អ្នក នៅពេល​ជ្រើសរើស​វិធីសាស្ត្រ​អាន ។

  • ការអាន​ដោយ​ស្ងៀមស្ងាត់ ៖ សិស្ស​អាច​អាន​ដោយ​ស្ងៀមស្ងាត់​ក្នុង​ចិត្ត​រៀងៗ​ខ្លួន ។ ការធ្វើ​បែប​នេះ​អាច​ធ្វើ​ឲ្យ​មាន​ពេល​ដើម្បី​ជញ្ជឹងគិត​អំពី​បទគម្ពីរ ហើយ​អាន​តាម​ល្បឿន​របស់​ពួកគេ​ផ្ទាល់ ។

  • ការអាន​ជា​គូ ឬ​ជា​ក្រុម ៖ ការធ្វើ​បែប​នេះ​អនុញ្ញាត​ឲ្យ​សិស្ស​ចូលរួម​កាន់តែ​ច្រើន និង​មាន​អារម្មណ៍​មិន​សូវ​ខ្លាច​ចំពោះ​ការអាន​ឲ្យ​ឮៗ ។

  • គ្រូបង្រៀន ឬ​សំឡេង​ដែល​បានថត​ទុក ៖ គ្រូបង្រៀន​អាច​អាន​អត្ថបទ ចាក់​សំឡេង​ដែល​បាន​ថតទុក​នោះ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​អាន​តាម ។

  • ការអាន​ឲ្យ​ឮៗ ៖ អាច​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ទាំងមូល​ឲ្យ​អាន​ខគម្ពីរ​ទាំងនោះ​ជាមួយ​គ្នា ។ សិស្ស​ស្ម័គ្រចិត្ដ​ជា​ច្រើន​នាក់​អាច​អាន​ឮៗ​ទៅ​កាន់​សិស្ស​ក្នុង​ថ្នាក់ ឬ​អាច​អញ្ជើញ​ពីមុន និង​ផ្តល់​ពេលវេលា​ដើម្បី​រៀបចំ​ខ្លួន​ដើម្បី​អាន ។ សូម​ធានា​ដល់​សិស្ស​ថា​ពួកគេ​អាច « រំលង » ប្រសិនបើ​ពួកគេ​មិន​មាន​អារម្មណ៍​ស្រណុកចិត្ត​ដើម្បី​អាន ។

សិក្សា​បទគម្ពីរ​ស៊ីជម្រៅ

សូម​រៀបចំ​សំណួរ​ជា​ច្រើន​អំពី​ខគម្ពីរ​បណ្តាក់​គ្នា​នៅក្នុង​ព្រះគម្ពីរ​នៅលើ​សន្លឹក​ក្រដាស​ដាច់​ដោយ​ឡែក ។ ហៅ​សិស្ស​ទៅ​ខាង​មុខ​ថ្នាក់រៀន ហើយ​ឲ្យ​សំណួរ​មួយ​ដល់​ពួកគេ ។ អញ្ជើញ​ពួកគេ​ឲ្យ​ត្រឡប់​ទៅ​តុ​របស់​ពួកគេ​វិញ ដើម្បី​ស្វែងរក​ចម្លើយ ។ នៅពេល​ពួកគេ​រកឃើញ​ចម្លើយ​ហើយ ពួកគេ​នឹង​មក​មុខ​សិស្ស​ក្នុង​បន្ទប់​រៀន​ម្ដង​ទៀត ហើយ​ទទួល​សំណួរ​បន្ទាប់​ដើម្បី​ឆ្លើយ ។ ការណ៍​នេះ​ក៏​អាច​ធ្វើ​ឡើង​ជា​ក្រុម​តូចៗ​បាន​ដែរ ។

ការធ្វើ​ត្រាប់​តាម

សូម​រៀបចំ​ថ្នាក់រៀន​តាម​របៀប​មួយ​ដែល​តំណាង​ឲ្យ​ការធ្វើ​ត្រាប់​តាម​ដំណើររឿង​ដែល​ត្រូវ​អាន​ក្នុង​បទគម្ពីរ​នៅ​ថ្ងៃ​នោះ ។ ឧទាហរណ៍ ប្រសិនបើ​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ១២១ អាច​រៀប​កៅអី​ដើម្បី​បង្កើត​ចន្លោះ​ឲ្យ​ស្មើ​នឹង​ទំហំ​បន្ទប់​គុក​លិបើទី ។ វិធីសាស្រ្ត​នេះ​ជួយ​សិស្ស​ឲ្យ​ទទួល​បាន​គំនិត​ដែល​មើលឃើញ​អំពី​អ្វី​ដែល​ពួកគេ​នឹង​រៀន ។ សម្រាប់ គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣៦ អាច​រៀបចំ​សិស្ស​ធ្វើ​ជា​ពួក​អ្នក​ត្រួសត្រាយផ្លូវ ហើយ​ជ្រើសរើស​ប្រធាន​ក្រុម​ធ្វើ​ជា​អ្នក​នាំ​ពាក្យ ។

សញ្ញា​ឈប់

សូម​ផ្ដល់​សេចក្តីពិត​សំខាន់​ដល់​សិស្ស ។ សូម​អាន​ខគម្ពីរ​មួយចំនួន​ឲ្យ​ពួកគេ​ស្ដាប់​យឺតៗ ហើយ​សុំ​ឲ្យ​ពួកគេ​លើកដៃ​ឡើង ឬ​និយាយ​ថា « ឈប់ » នៅពេល​ពួកគេ​ដឹង​ពី​អ្វីមួយ​នៅក្នុង​ខគម្ពីរ​ដែល​ជួយ​បង្រៀន​ពី​សេចក្ដីពិត​នោះ ។ បន្ទាប់មក សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បានសម្គាល់​ឃើញ ។

ការសង្ខេប​របស់​សិស្ស

មុន​ចូលរៀន សូម​ផ្តល់​ឲ្យ​សិស្ស​ម្នាក់ ឬ​ច្រើន​នាក់​នូវ​បរិបទ ឬ​ខ្លឹមសារ​អំពី​បទគម្ពីរ​ដែល​អ្នក​ចង់​ឲ្យ​ពួកគេ​សង្ខេប​សម្រាប់​សិស្ស​ក្នុង​ថ្នាក់ ។ បទគម្ពីរ​ទាំងនេះ​អាច​ត្រូវ​បាន​បោះពុម្ព និង​ចែកចាយ​នៅ​មួយ​ថ្ងៃ​មុន ឬ​ប្រគល់​ឲ្យ​សិស្ស​នៅពេល​ពួកគេ​ចូល​ក្នុង​ថ្នាក់ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រៀបចំ​ដើម្បី​ចែកចាយ​សេចក្ដី​សង្ខេប នៅពេល​ហៅ​តាម​ពេលវេលា​សមស្រប​នៅក្នុង​ថ្នាក់ ។

បកស្រាយ​ខម្ពីរ​មួយ

បន្ទាប់ពី​សិស្ស​អាន​បណ្តុំ​បទគម្ពីរ​មួយ​ហើយ អ្នក​អាច​ឲ្យ​ពួកគេ​ជ្រើសរើស​ខគម្ពីរ​មួយ​ដើម្បី​បកស្រាយ ឬ​សរសេរ​ឃ្លា​នីមួយៗ​តាម​ពាក្យពេចន៍​របស់​ពួកគេ​ផ្ទាល់ ។ សូម​ជួយ​ពួកគេ​ឲ្យ​អនុវត្ត​ការស្វែងរក​និយមន័យ ឬ​ការប្រើប្រាស់​បទគម្ពីរ និង​ឧបករណ៍​សិក្សា​ព្រះគម្ពីរ​ផ្សេង​ទៀត ដើម្បី​យល់​ពាក្យ និង​ឃ្លា​ពិបាកៗ ។

ខុស ឬ​ត្រូវ

សូម​សរសេរ​សេចក្តី​ថ្លែងការណ៍​ខុស ឬ​ត្រូវ​ផ្សេងៗ​អំពី​ព័ត៌មាន​លម្អិត​សំខាន់ៗ​ក្នុង​បណ្ដុំ​បទគម្ពីរ ។ ជា​ដំបូង សូម​អញ្ជើញ​សិស្ស​ឲ្យ​ចង្អុល​បង្ហាញ​ថា​តើ​ពួកគេ​យល់​ស្រប ឬ​មិន​យល់​ស្រប​ទៅ​នឹង​សេចក្ដី​ថ្លែងការណ៍​នោះ​ឬ​អត់ ។ អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​ភស្តុតាង ឬ​ប្រឆាំង​នឹង​សេចក្តី​ថ្លែងការណ៍​នោះ នៅពេល​ពួកគេ​សិក្សា​បណ្ដុំ​បទគម្ពីរ ។ បន្ទាប់មក សិស្ស​សរសេរ​សេចក្ដីថ្លែងការណ៍​ដែល​មិន​ត្រឹមត្រូវ​ឡើងវិញ​ឲ្យ​បាន​ត្រឹមត្រូវ នៅពេល​ពួកគេ​អាន​វគ្គ​បទគម្ពីរ ។

ប្រើ​រូបថត

សូម​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​រូបថត​ដែល​សំខាន់​សម្រាប់​ពួកគេ ។ រូបថត​នេះ​អាច​នៅ​លើ​ទូរសព្ទ​របស់​ពួកគេ ឬ​ពួកគេ​អាច​យក​មក​ពី​ផ្ទះ​ក៏​បាន ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​ចែកចាយ​ដូច​ខាងក្រោម​នេះ ៖

  • សាវតារ​ដែល​ពិពណ៌នា​ពី​អ្វី​ដែល​បានកើតឡើង​ដែល​នាំ​ទៅកាន់​រូបថត​នោះ ។

  • ចំណុច​សំខាន់ ឬ​គោលបំណង​នៃ​រូបថត ។

  • ព័ត៌មាន​លម្អិត​មួយចំនួន​ដែល​មាន​សារៈសំខាន់​សម្រាប់​ពួកគេ ។

បន្ទាប់ពី​សិស្ស​ចែកចាយ​រួច​ហើយ ពួកគេ​អាច​អាន​បណ្តុំ​បទគម្ពីរ​សម្រាប់​មេរៀន​នោះ ហើយ​រៀបចំ​កិច្ចការ​បី​ដូច​គ្នា​ដែល​ទាក់ទង​នឹង​បណ្ដុំ​បទគម្ពីរ​នោះ ។

ការនឹកគិត​ក្នុង​ចិត្ត

សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្រមៃ​គិត​អំពី​ដំណើររឿង​មួយ ឬ​ផ្នែក​នៃ​អត្ថបទ​ដែល​បានសិក្សា ។ សិស្ស​អាច​បិទភ្នែក​របស់​ពួកគេ ហើយ​ផ្តោតលើ​ការនឹកគិត​ក្នុង​ចិត្ត​ពី​រូបភាព​ដែល​គ្រូបង្រៀន​បាន​ពិពណ៌នា ។ ឧទាហរណ៍ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ស្រមៃ​ថា ពួកគេ​ជា​អ្នកគង្វាល​ដែល​បានធ្វើ​តាម​ការអញ្ជើញ​របស់​ទេវតា ឲ្យ​ស្វែងរក​ព្រះឱរស​ព្រះគ្រីស្ទ​ដែល​កំពុង​ផ្ទុំ​នៅក្នុង​ស្នូក ។ បន្ទាប់មក អ្នក​អាច​និយាយ​អ្វី​មួយ​ដូច​ជា « នៅពេល​អ្នក​ឈាន​ជើង​ចូល​ទៅក្នុង​ក្រោល​ដែល​មាន​ម៉ារា​បី​ព្រះឱរស​ព្រះ​គ្រីស្ទ ។ តើ​អ្នក​ឃើញ​នរណា​នៅ​ទីនោះ ? តើ​សត្វ​មួយ​ណា​ដែល​អ្នក​ស្រមៃ​ថា​ឃើញ ? តាម​ការស្រមៃ​របស់​អ្នក តើ​ម៉ារា​ឆ្លើយតប​យ៉ាងណា​ចំពោះ​ការមក​ដល់​របស់​អ្នក ? » សូម​បន្ត​សួរ​សំណួរ​ដែល​ជួយ​សិស្ស​ឲ្យ​ស្រមៃឃើញ​អំពី​ស្ថានភាព​នោះ ។

រូបភាព​នៃ​បណ្ដុំ​វាក្យសព្ទ

រូបភាព​នៃ​បណ្ដុំ​វាក្យសព្ទ

សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​ពាក្យ និង​ឃ្លា​ដែល​ពួកគេ​មាន​អារម្មណ៍​ថា​មាន​សារៈសំខាន់​នៅក្នុង​វគ្គ​បទគម្ពីរ ។ សូម​បង្កើត​រូបភាព​នៃ​បណ្ដុំ​វាក្យសព្ទ​ទូទៅ​បំផុត ឬ​ពាក្យ​និង​ឃ្លា​សំខាន់ៗ​ដែល​ពួកគេ​កំណត់ ។ ទំហំ​នៃ​ពាក្យ​អាច​បង្ហាញ​ពី​កម្រិត​នៃ​សារៈសំខាន់​របស់​ពាក្យ ។

២. ធ្វើ​ឲ្យ​ការយល់ដឹង​កាន់តែ​ស៊ីជម្រៅ​ជាមួយនឹង​សម្រង់សម្តី និង​បទគម្ពីរ​ទាំងឡាយ

មេរៀន​ជា​ញឹកញាប់​នឹង​រួម​បញ្ចូល​នូវ​វគ្គ​បទគម្ពីរ​ជាច្រើន​ពី​គម្ពីរ​បមាណីយ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ស៊ីជម្រៅ​អំពី​គោលការណ៍ ឬ​គោលលទ្ធិ​ដែល​ពួកគេ​កំពុងសិក្សា ។ វា​ក៏​នឹង​មាន​មេរៀន​ដែល​រួមបញ្ចូល​ការដកស្រង់​ជាច្រើន​ពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ ។ សកម្មភាព​ខាងក្រោម​នេះ​គឺជា​របៀប​មួយ​ចំនួន​ដែល​អ្នក​អាច​ជួយ​សិស្ស​ឲ្យ​សិក្សា​បទគម្ពីរ ឬ​សម្រង់សម្តី​ទាំងឡាយ ហើយ​ផ្តល់​ឲ្យ​ពួកគេ​នូវ​ឱកាស​មួយ​ដើម្បី​ស្វែងរក​សេចក្តីពិត​សម្រាប់​ខ្លួន​ឯង ។

បង្កើត​ទីតាំង​សិក្សា

បង្កើត​ទីតាំង​សិក្សា

ការបង្កើត​ទីតាំង​សិក្សា​នៅ​ទូទាំង​ថ្នាក់​រៀន ។ ទីតាំង​នីមួយៗ​អាច​រួមបញ្ចូល​ការណែនាំ​ដែល​បិទ​នៅលើ​ជញ្ជាំង ឬ​នៅលើ​តុ ។ ការណែនាំ​ទាំងនេះ​អាច​រួមបញ្ចូល​បទគម្ពីរ ឬ​សម្រង់សម្តី​ដើម្បី​អាន និង​សំណួរ ឬ​សកម្មភាព​ផ្សេង​ទៀត​ដែល​ត្រូវ​បំពេញ ។ សិស្ស​អាច​ឆ្លាស់​វេន​គ្នា​ក្នុង​ក្រុម​តូចៗ ដោយ​ពិភាក្សា​អំពី​អ្វី​ដែល​ពួកគេ​បានរៀន​នៅ​ទីតាំង​នីមួយៗ ។ ពួកគេ​ក៏​អាច​ធ្វើ​វា​រៀងៗខ្លួន និង​ធ្វើ​តាម​ល្បឿន​របស់​ពួកគេ​ផងដែរ ។ អ្នក​អាច​មាន​សន្លឹក​ក្រដាស​ធំ​មួយ​នៅ​ទីតាំង​នីមួយៗ​សម្រាប់​ក្រុម​នីមួយៗ ឬ​សិស្ស​ដើម្បី​កត់ត្រា​ចម្លើយ​របស់​ពួកគេ ។ ពួកគេ​អាច​អាន និង​គិតពិចារណា​ពី​អ្វី​ដែល​អ្នក​ដទៃ​បាន​សរសេរ ។

បង្កើត​លេខយោង​របស់​អ្នក​ផ្ទាល់

សូម​អញ្ជើញ​សិស្ស​ឲ្យ​បន្ថែម​លេខយោង​ទៅ​ក្នុង​បទគម្ពីរ​ដែល​ពួកគេ​កំពុង​សិក្សា ។ លេខយោង​ទាំងនេះ​អាច​បន្ថែម​ដោយ​ការបង្កើត​តំណភ្ជាប់​រវាង​វគ្គ​បទគម្ពីរ​ដែល​កំពុង​សិក្សា និង​បទគម្ពីរ​ផ្សេង​ទៀត និង​សេចក្តីថ្លែងការណ៍​ពី​ថ្នាក់ដឹកនាំ​សាសនាចក្រ ។ សិស្ស​អាច​សរសេរ​សេចក្តីយោង​ឆ្លង​នៅក្នុង​រឹម​ទំព័រ​របស់​ពួកគេ ឬ​ប្រើ​មុខងារ​តំណភ្ជាប់​ក្នុង​បណ្ណាល័យ​ដំណឹងល្អ ។ ពួកគេ​អាច​ចែកចាយ​សេចក្តីយោង​បន្ថែម​ជាច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដែល​ផ្តល់​ការយល់ដឹង​បន្ថែម​លើ​ប្រធានបទ ។ ការប្រែប្រួល ៖ សិស្ស​អាច​ប្រើ​ស្លាក​នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ​របស់​ពួកគេ ដើម្បី​ភ្ជាប់​បទគម្ពីរ​ផ្សេងៗ និង​សម្រង់​ពី​មេរៀន​មួយ ។

កំណត់​និយមន័យ

សិស្ស​កំណត់​និយមន័យ​ពាក្យ ឬ​គោលគំនិត​ដែល​ពិបាក​យល់។ សូម​ឲ្យ​ពួកគេ​ស្វែងរក​ធនធាន​ទាំងឡាយ​ដែល​រួម​មាន​បទគម្ពីរ និង​ឧបករណ៍​សិក្សា​ព្រះគម្ពីរ​ផ្សេងៗ ( Topical Guide សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ ប្រធានបទ និង​សំណួរ ) ដើម្បី​ជួយ​ពួកគេ​ស្វែងយល់​បន្ថែម​អំពី​ពាក្យ​នោះ ។ សូម​ឲ្យ​ពួកគេ​ឲ្យ​និយមន័យ​ពាក្យ ឬ​ឃ្លា​តាម​ពាក្យពេចន៍​ផ្ទាល់​ខ្លួន​របស់​ពួកគេ ។

កំណត់ចំណាំ​ដែល​មាន​ទម្រង់​ផ្សេងៗ

កំណត់ចំណាំ​ដែល​មាន​ទម្រង់​ផ្សេងៗ

នៅពេល​សិស្ស​សិក្សា សូម​ផ្តល់​ឲ្យ​ក្រដាស​ដែល​មាន​រូប​ពពុះៗ​ដែល​បង្ហាញ​ពី​ការគិត ឬ​ផ្នែក​ដែល​ពួកគេ​អាច​សរសេរ​អ្វី​ដែល​ពួកគេ​រកឃើញ ។

អ្នកជំនាញ

អ្នកជំនាញ

សូម​រៀបចំ​សិស្ស​ជា​ក្រុម​តូចៗ ហើយ​ចាត់​ក្រុម​នីមួយៗ​នូវ​ប្រធានបទ​ដើម្បី​រៀន ។ ផ្តល់​ពេល និង​ធនធាន​ឲ្យ​ក្រុម​ទាំងឡាយ​ដើម្បី​សិក្សា​ប្រធានបទ ដើម្បី​ឲ្យ​សមាជិក​ក្រុម​នីមួយៗ​ក្លាយ​ជា​អ្នកជំនាញ​លើ​ប្រធានបទ​ក្រុម​របស់​ពួកគេ ។ បន្ទាប់ពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​រៀបចំ​សិស្ស​ជា​ក្រុម​ថ្មី ដើម្បី​ឲ្យ​ក្រុម​នីមួយៗ​បញ្ចូល « អ្នក​ជំនាញ » លើ​ប្រធានបទ​ផ្សេង​គ្នា ។ បន្ទាប់មក សិស្ស​នឹង​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី​ប្រធានបទ​របស់​ពួកគេ ។

សម្រាប់​ការភ្ជាប់​នឹង​ដើម្បី​កម្លាំង​នៃ​យុវជន

សូម​ជ្រើសរើស​ផ្នែក​មួយ​នៅក្នុង​កូនសៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បី​ធ្វើ​ការជ្រើសរើស ហើយ​អញ្ជើញ​សិស្ស​ដើម្បី​ស្វែងរក​សេចក្តីថ្លែងការណ៍​ដែល​ពង្រឹង​ដល់​សេចក្តីពិត​ដែល​ពួកគេ​បាន​រកឃើញ​ចេញពី​បណ្ដុំ​បទគម្ពីរ ។

មួយ​បន្ទាត់​ម្ដងៗ

សូម​ឲ្យ​សិស្ស​សរសេរ​បទគម្ពីរ​ឡើងវិញ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់ពួកគេ​មួយ​បន្ទាត់​ម្តងៗ ឬ​មួយ​ប្រយោគ​ម្តងៗ ។ ពួកគេ​គួរតែ​ទុក​ចន្លោះ​រវាង​បន្ទាត់ ឬ​ប្រយោគ​នីមួយៗ ។ សិស្ស​អាច​សិក្សា​ដោយ​យកចិត្ត​ទុកដាក់ និង​គិតពិចារណា​លើ​ពាក្យ​នីមួយៗ​នៅក្នុង​ឃ្លា ឬ​ប្រយោគ​នោះ ។ ពួកគេ​ក៏​អាច​ស្វែងរក​សេចក្តីយោង​ឆ្លង ឬ​ព័ត៌មាន​បណ្ណាល័យ​ដំណឹងល្អ​ផ្សេង​ទៀត​អំពី​ឃ្លា​នោះ ។ បន្ទាប់មក​ធ្វើ​ដូចគ្នា​ជាមួយនឹង​ឃ្លា​បន្ទាប់​នៃ​វគ្គបទគម្ពីរ​នោះ ។ គំរូ​មួយ​ពី​ការណ៍​នេះ​អាច​រកបាន​នៅ​ឯ « Fear Not » ដើម្បី​កម្លាំង​នៃ​យុវជន ខែកុម្ភៈ ឆ្នាំ២០២១ ទំព័រ ៣២ ។

ផែនទី​គំនិត

ផែនទី​គំនិត

សូម​អញ្ជើញ​សិស្ស​ឲ្យ​បង្កើត​ផែនទី​គំនិត​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ​ដូច​អត្ថបទ​ខាងលើ ។ ពួកគេ​អាច​សរសេរ​គោលការណ៍ ឬ​គោលលទ្ធិ​ដែល​ពួកគេ​បានរកឃើញ​នៅក្នុង​ប្រអប់​កណ្តាល ។ បន្ទាប់មក សូម​ឲ្យ​ពួកគេ​ស្វែងរក​បទគម្ពីរ​បន្ថែម ឬ​សម្រង់​ដែល​បន្ថែម​ដល់​ការយល់ដឹង​របស់​ពួកគេ ។ ពួកគេ​អាច​បន្ថែម​ការយល់ដឹង​របស់​ពួកគេ​អំពី​ប្រធានបទ​នោះ​នៅក្នុង​ប្រអប់​ខាងក្រៅ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពង្រីក​ផែនទី​គំនិត​របស់​ពួកគេ​ដោយ​បន្ថែម​ប្រអប់ និង​ភ្ជាប់​ប្រអប់​នោះ​ទៅនឹង​អ្វី​ដែល​ពួកគេ​កំពុងរៀន​ជាបន្ត ។

គំនិត​ត្រួតស៊ីគ្នា

គំនិត​ត្រួតស៊ីគ្នា

សូម​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​ប្រធានបទ​ពីរ ឬ​ច្រើន​ពី​មេរៀន​ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​ខ្លះ និង​ខុស​គ្នា​ខ្លះ ។ បង្កើត​ដ្យាក្រាម​ស្រដៀង​នឹង​រូបភាព​ខាងលើ ដែល​សិស្ស​អាចរៀបចំ​អ្វី​ដែល​វត្ថុ​ទាំងនេះ​មាន​ជារួម និង​អ្វី​ដែល​ខុស​គ្នា​អំពី​ប្រធានបទ​ទាំងពីរ ។ ការណ៍​នេះ​អាច​ត្រូវ​បានធ្វើ​ជាមួយ​បុគ្គល​ពីរ​នាក់​នៅក្នុង​ដំណើររឿង​មួយ ( ឧទាហរណ៍ លេមិន និង​នីហ្វៃ ) ឬ​ប្រធានបទ​ពីរ ( ឧទាហរណ៍ បុណ្យរំលង និង​សាក្រាម៉ង់ ) ។

ការចែកចាយ​ពីការយល់ដឹង

សូម​ផ្តល់​ឲ្យ​សិស្ស​នូវ​ទំព័រ​ចម្លង​នៃ​បណ្ដុំ​បទគម្ពីរ ហើយ​ឲ្យ​ពួកគេ​សរសេរ​ឈ្មោះ​របស់​ពួកគេ​នៅ​ផ្នែក​ខាងលើ ។ សូម​ទុក​ពេល​មួយ​ទៅ​ពីរ​នាទី​ដើម្បី​អាន​បណ្ដុំ​នោះ ហើយ​សរសេរ​ការយល់ដឹង​ដែល​ពួកគេ​បានរៀន​ពី​ការសិក្សា​របស់​ពួកគេ ។

ឧទាហរណ៍​អាច​រួម​មាន ៖ សិស្ស​អាច​គូសចំណាំ​លេខយោង ចែកចាយ​សម្រង់​ប្រសាសន៍​របស់​ព្យាការី គូសបន្ទាត់​ពីក្រោម​ឃ្លា​សំខាន់ៗ គូសរង្វង់​ពាក្យ​ពិសេសៗ សរសេរ​គោលការណ៍ និង​ចែកចាយ​ទីបន្ទាល់​របស់ពួកគេ និង​ការយល់ដឹង​ផ្សេងទៀត​នៅក្នុង​រឹម​ទំព័រ ។

បន្ទាប់ពី​ពេលវេលា​អស់ហើយ សូម​ឲ្យ​ពួកគេ​ហុច​ក្រដាស​របស់​ពួកគេ​ទៅ​សិស្ស​ថ្មី​ទៀត ដើម្បី​សរសេរ​ការយល់ដឹង​ផ្សេងៗ ។ បន្ទាប់ពី​សិស្ស​ពីរបី​នាក់​បាន​ធ្វើ​ហើយ សូម​ឲ្យ​ពួក​គេ​ប្រគល់​ក្រដាស​របស់​ពួកគេ​ទៅ​សិស្ស​ដើម​វិញ ។ ការប្រែប្រួល ៖ ជំនួស​ឲ្យ​បណ្ដុំ​បទគម្ពីរ ក្រដាស​នីមួយៗ​មាន​សំណួរ​កម្មវិធី​ផ្សេង​គ្នា​ដែល​ទាក់ទង​នឹង​បណ្ដុំ​នោះ ។ សិស្ស​ជាច្រើន​អាច​ឆ្លើយ​សំណួរ​ដោយ​ប្រើ​ព្រះគម្ពីរ ហើយ​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​អំពី​ប្រធានបទ​នោះ ។

ជ្រើសរើស​សម្រង់​ព្រាវៗ

សូម​ដាក់​សម្រង់​មួយចំនួន​ដែល​បង្រៀន​ពី​សេចក្តីពិត​មកពី​មេរៀន​នៅក្នុង​មួក ឬ​កាបូប ។ អញ្ជើញ​អ្នក​ស្ម័គ្រ​ចិត្ត​ឲ្យ​លូក​យក​សម្រង់​មួយ​ចេញពី​មួក ហើយ​ចែកចាយ​ពី​របៀប​ដែល​វា​ទាក់ទង​នឹង​សេចក្ដីពិត​ដែល​ពួកគេ​កំពុងរៀន និង​ពី​អត្ថន័យ​របស់​វា​ចំពោះ​ពួកគេ ។ ត្រូវ​ប្រាកដ​ថា​ទុក​ពេល​ឲ្យ​ពួកគេ​អាន និង​រៀបចំ​ចែកចាយ ។ ការប្រែប្រួល ៖ នៅពេល​ដែល​សិស្ស​បាន​ចែកចាយ​ហើយ ពួកគេ​ប្តូរ​សម្រង់ ហើយ​ស្វែងរក​ដៃគូ​ថ្មី​ដែល​ពួកគេ​ចែកចាយ​សម្រង់​ថ្មី​ជាមួយ ។

បទគម្ពីរ​ក្នុង​ដង្កៀប

បទគម្ពីរ​ក្នុង​ដង្កៀប

សូម​ជ្រើសរើស​សេចក្ដីយោង​បទគម្ពីរ​ចំនួន ១៦ ហើយ​សរសេរ​សេចក្ដីយោង​នីមួយៗ​នៅលើ​បន្ទាត់​ទាំង ១៦ ក្នុង​ជួរ​ឈរ​ខាងក្រៅ​ដង្កៀប ។ អញ្ជើញ​សិស្ស​ជា​ដៃគូ ឬ​ក្រុម​តូចៗ​ឲ្យ​អាន​បទគម្ពីរ​ដែល​គូ​ជាមួយ​គ្នា​នៅក្នុង​ដង្កៀប​នីមួយៗ ហើយ​កំណត់​ថា​តើ​សេចក្តីយោង​មួយ​ណា​ដែល​មាន​អត្ថន័យ​បំផុត​ចំពោះ​យុវវ័យ​សព្វថ្ងៃ​នេះ ។ វគ្គបទគម្ពីរ​ដែល​ពួកគេ​ជ្រើសរើស​នៅ​ដង្កៀប​បន្ទាប់ ។ សិស្ស​បន្ត​ពិភាក្សា​អំពី​បទគម្ពីរ​នីមួយៗ​រហូត​ដល់​ពួកគេ​រកឃើញ​បទគម្ពីរ​មួយ​ដែល​ពួកគេ​យល់ថា​មាន​អត្ថន័យ​បំផុត ហើយ​ពិភាក្សា​អំពី​មូលហេតុ ។ សិស្ស​អាច​ចែកចាយ​បទគម្ពីរ​ទាំងនេះ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។

សិស្ស​ជ្រើសរើស​សកម្មភាព​សិក្សា

សូម​ធ្វើ​បញ្ជី​សកម្មភាព​សិក្សា​ចំនួន​ប្រាំមួយ ។ បន្ទាប់ពី​សិស្ស​បានរកឃើញ​សេចក្តីពិត​ពី​បណ្តុំ​បទគម្ពីរ​មួយ​ហើយ សូម​ប្រើ​របៀប​ស្មានៗ​សម្រាប់​សិស្ស​ដើម្បី​ជ្រើសរើស​សកម្មភាព​ណាមួយ​ដែល​ត្រូវ​បំពេញ ( គ្រាប់​ឡុកឡាក់ គូរ​ប័ណ្ណ រើសយក​ក្រដាស​មួយ​សន្លឹក ម៉ាស៊ីន​បង្កើត​លេខ​ស្មានៗ ) ។

ឧទាហរណ៍​អាច​រួមមាន ៖

  1. ចែកចាយ​ដំណើររឿង​មួយ​ពី​ព្រះជន្ម​របស់​ព្រះយេស៊ូវ ដែល​ទ្រង់​បានបង្រៀន ឬ​បង្ហាញ​សេចក្តីពិត ។

  2. ស្វែងរក​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ ឬ​វគ្គ​បទគម្ពីរ​ផ្សេង​ទៀត​អំពី​សេចក្តីពិត​នោះ ។

  3. ស្វែងរក​ឧទាហរណ៍​ពី​ដំណើររឿង​ក្នុង​បទគម្ពីរ​អំពី​នរណា​ម្នាក់​ដែល​រស់នៅ​តាម​សេចក្ដីពិត​នោះ ។

  4. ស្វែងរក​សេចក្តី​ថ្លែងការណ៍​មួយ​ពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ដែល​បង្រៀន​ពី​សេចក្ដីពិត​នោះ ។

  5. ចែកចាយ​បទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​មនុស្ស​ម្នាក់​ដែល​បានទទួល​ពរជ័យ​ដោយសារ​សេចក្ដីពិត​នោះ ។

  6. ជ្រើសរើស​គំរូ​ផ្ទាល់ខ្លួន​របស់​អ្នក​អំពី​អ្វីមួយ​ដែល​យើង​អាច​ធ្វើ ដើម្បី​រស់នៅ​តាម​សេចក្តីពិត​នោះ ។ ស្វែងរក​វគ្គ​បទគម្ពីរ​ដែល​បង្រៀន​អំពី​គំរូ​ដែល​អ្នក​ចែកចាយ ។

ការសិក្សា​របៀប​ដូច​ពស់

ការសិក្សា​របៀប​ដូច​ពស់

នៅ​លើតុ ឬ​កៅអី​នីមួយៗ សូម​ដាក់​កាត​ដែល​មាន​ការណែនាំ​ដូចជា « អាន​វគ្គ​បទគម្ពីរ ឬ​សម្រង់​មួយ » ឬ « ឆ្លើយ​សំណួរ​ពី​មេរៀន » ។ សិស្ស​អាច​ប្តូរ​កៅអី ហើយ​ធ្វើ​តាម​ការណែនាំ​នៅ​លើ​ប័ណ្ណ​នោះ ។

ចង្កោម​ប្រធានបទ

ទីតាំង​សិក្សា​ចំនួន ៧ កន្លែង

សូម​អញ្ជើញ​សិស្ស​ឲ្យ​បង្កើត​ដ្យាក្រាម​ដូច​នេះ ដែល​ចាប់ផ្តើម​ដោយ​សេចក្ដីពិត​សំខាន់ៗ ឬ​ប្រធានបទ​នៅ​ចំ​កណ្តាល ។ បន្ទាប់មក សិស្ស​គូស​បន្ទាត់​ទៅ​រង្វង់​ខាងក្រៅ ហើយ​ដាក់​ស្លាក​វា​ជាមួយ​នឹង​បទគម្ពីរ សេចក្ដីពិត ឬ​គោលគ្រឹះ​នៃ​ប្រធានបទ​សំខាន់ៗ ។ ឧទាហរណ៍ សិស្ស​អាច​កត់ត្រា​ការអញ្ជើញ​របស់​ស្តេច​បេនយ៉ាមីន « សូម​ជឿ​ដល់​ព្រះ​ចុះ » នៅ​កណ្ដាល​រង្វង់​ដោយ​មាន​សេចក្តីយោង « ម៉ូសាយ ៤:៩–១០ » ។ បន្ទាប់មក ពួកគេ​អាច​រាយ​បញ្ជី​ក្នុង​រង្វង់​ខាងក្រៅ​នូវ​អ្វី​ដែល​ស្តេច​បេនយ៉ាមីន​អញ្ជើញ​យើង​ឲ្យ​ជឿ​លើ​ព្រះ ។

ផ្អាក​វីដេអូ

សូម​ប្រើ​វីដេអូ​ដែល​បង្ហាញ ឬ​បង្រៀន​អំពី​គោលការណ៍​នៃ​ដំណឹងល្អ ។ ផ្អាក​នៅ​ពេល​ផ្សេងៗ​គ្នា​ដើម្បី​បង្កើត​ការចាប់​អារម្មណ៍ ឬ​ដើម្បី​ជួយ​សិស្ស​វិភាគ​អ្វី​ដែល​ពួកគេ​កំពុងមើល ។ អ្នក​អាច​សួរ​សំណួរ​សិស្ស​ដូចជា ៖

  • « តើ​អ្នក​អាច​កំពុង​គិត ឬ​មាន​អារម្មណ៍​យ៉ាងណា ឬ​សំណួរ​អ្វី​ដែល​អ្នក​អាច​មាន​ប្រសិនបើ​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​នេះ ? »

  • « តើ​អ្នក​បានសិក្សា​បទគម្ពីរ​អ្វី​នៅ​ថ្ងៃ​នេះ ដែល​អាច​ជួយ ?

  • « តើ​អ្នក​សង្ឃឹម​ថា​បុគ្គល​រូប​នេះ​អាច​យល់​អំពី​សេចក្តីពិត​ដែល​យើង​បានសិក្សា​ថ្ងៃ​នេះ​អ្វីខ្លះ ? »

  • « តើ​អ្នក​មើលឃើញ​ខ្លួនឯង​នៅ​កន្លែង​ណា​ក្នុង​ដំណើររឿង​នេះ​នៅ​សព្វថ្ងៃ​នេះ ? »

៣. ចែកចាយ​អ្វី​ដែល​ពួកគេ​កំពុង​រៀន ។

ពេញ​មួយ​មេរៀន អាច​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​គំនិត និង​ការយល់ដឹង​របស់​ពួកគេ ។ នៅពេល​សិស្ស​ពន្យល់ ចែកចាយ និង​ថ្លែង​ទីបន្ទាល់​ទៅ​ដៃគូ ក្រុម​តូច​មួយ ឬ​សិស្ស​ក្នុង​ថ្នាក់ នោះ​ជា​ញឹកញាប់​ពួកគេ​ត្រូវ​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​មាន​ទីបន្ទាល់​កាន់តែ​ជ្រាលជ្រៅ​នៃ​អ្វី​គ្រប់យ៉ាង​ដែល​ពួកគេ​កំពុង​បង្ហាញ ។ តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ពាក្យសម្ដី និង​ចំណាប់​អារម្មណ៍​របស់​ពួកគេ​ក៏​អាច​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​លើ​ចិត្ត និង​គំនិត​នៃ​អស់​អ្នក​ដែល​កំពុង​ស្ដាប់​ផងដែរ ។ ការចែកចាយ​វា​សំខាន់ ប៉ុន្តែ​វា​ក៏​អាច​ជា​ការលំបាក​សម្រាប់​សិស្ស​ក្នុង​ការធ្វើ​ដោយ​ហេតុផល​មួយ​ចំនួន​ដែរ ។ សូម​ចងចាំ​ដើម្បី​ធ្វើ​ឲ្យ​សិស្ស​មាន​អារម្មណ៍​ថា ពួកគេ​មិនបាច់​ចែកចាយ​ទេ ប្រសិន​បើ​ពួកគេ​មិន​ស្រណុក​ចិត្ត​ក្នុង​ការចែកចាយ ។ គំនិត​ខាងក្រោម​អាច​ជួយ​សិស្ស​ចែកចាយ​នូវអ្វី​ដែល​ពួកគេ​កំពុងរៀន ។

វិភាគ​វគ្គ​បទគម្ពីរ

8:12

សូម​សរសេរ​ខគម្ពីរ​មួយ​នៅ​កណ្តាល​ក្រដាស​ធំមួយ ( ជា​ជម្រើស អ្នក​អាច​ដាក់បង្ហាញ​វា​នៅលើ​ក្ដារខៀន ) ។ ត្រូវ​ប្រាកដ​ថា វា​មាន​ទំហំ​ធំ​ល្មម​ដើម្បី​ឲ្យ​សិស្ស​គ្រប់រូប​អាច​មើលឃើញ ។ សិស្ស​អាច​ចំណាយ​ពេល​ពីរបី​នាទី​សួរ​សំណួរ​ជាច្រើន​អំពី​ខគម្ពីរ​តាម​ដែល​ពួកគេ​អាចធ្វើបាន ។ បន្ទាប់មក ទុកពេល​ពីរបី​នាទី​ដើម្បី​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ទាំងនោះ​ក្នុង​បណ្ណាល័យ​ដំណឹងល្អ ។ ម្យ៉ាងវិញទៀត បទគម្ពីរ​អាច​ត្រូវបាន​បោះពុម្ព​នៅ​លើ​ក្រដាស ហើយ​សិស្ស​អាចធ្វើ​សកម្មភាព​ដូចគ្នា​នេះ​រៀងៗ​ខ្លួន ។

ក្តារខៀន​បណ្តុំ​គំនិត

ក្តារខៀន​បណ្តុំ​គំនិត

សិស្ស​អាច​ប្រើ​ក្រដាស​សម្រាប់​ចារ ឬ​ក្រដាស​តូចៗ​ដើម្បី​សរសេរ​គំនិត​របស់​ពួកគេ​អំពី​របៀប​អនុវត្ត​សេចក្ដីពិត​នៃ​ដំណឹងល្អ ហើយ​បិទ​វា​នៅលើ​ក្ដារខៀន ។ ឧទាហរណ៍ សិស្ស​អាច​ត្រូវ​បាន​សុំ​ឲ្យ​សរសេរ​គំនិត​របស់​ពួកគេ​អំពី​របៀប​អនុវត្ត​គោលការណ៍​នៃ​ដំណឹងល្អ ។ ក្តារខៀន​បណ្តុំ​គំនិត​អាច​មាន​រូបភាព​ធំមួយ​អំពីអ្វី​ដែល​ទាក់ទង​នឹង​ប្រធានបទ ។ ឧទាហរណ៍ ប្រសិនបើ​ការសិក្សា​ដើមឈើ​ជីវិត សិស្ស​អាច​សរសេរ​អំពី​របៀប​បរិភោគ​ផ្លែឈើ​នោះ ហើយ​ដាក់បង្ហាញ​វា​នៅលើ​មែកឈើ​នៅលើ​ក្តារខៀន ។ សូម​ទុកពេល​ឲ្យ​សិស្ស​ពិនិត្យ​ឡើងវិញ​នូវ​អ្វី​ដែល​សិស្ស​ដទៃ​បាន​សរសេរ ។

ស្គាល់​អ្នកស្ដាប់​របស់​អ្នក

សូម​ឲ្យ​សិស្ស​ជ្រើសរើស​អ្នកស្ដាប់​គោលដៅ​ម្នាក់ ហើយ​ចែកចាយ​អ្វីដែល​ពួកគេ​កំពុង​រៀន​តាម​របៀប​ដែល​អ្នកស្ដាប់​នោះ​យល់ ។ សិស្ស​អាច​ធ្វើ​សកម្មភាព​នេះ​ជាមួយ​ដៃគូ ឬ​ជាក្រុម ។ វា​អាច​មាន​ប្រសិទ្ធភាព​ក្នុងការ​ផ្តល់​ឲ្យ​សិស្ស​នូវ​ជម្រើស​ជាច្រើន ហើយ​អនុញ្ញាត​ឲ្យ​ពួកគេ​ជ្រើសរើស​អ្នកស្ដាប់​ដែល​ពួកគេ​ចង់​បង្រៀន ។ នេះ​គឺជា​ជម្រើស​មួយ​ចំនួន​ដែល​អ្នក​អាច​ជ្រើសរើស​បាន ៖

  • មិត្ត​មាន​ជំនឿ​ផ្សេង​នៅ​ក្នុង​បេសកកម្ម​របស់​អ្នក ។

  • កុមារ​នៅក្នុង​ថ្នាក់​អង្គការ​បឋម​សិក្សា ។

  • មិត្ត​ម្នាក់​នៅ​សាលា ។

  • សមាជិក​គ្រួសារ​របស់​អ្នក ។

បន្ត​ការសន្ទនា

បន្ត​ការសន្ទនា

មុន​នឹង​មាន​ការ​ពិភាក្សា​រួមគ្នា វា​អាច​ជួយ​ដើម្បី​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ស្តាប់​គ្នា​ដោយ​យកចិត្ត​ទុកដាក់ ។ គំនិត​ខាងក្រោម​អាច​ត្រូវបាន​ផ្តល់​ឲ្យ​សិស្ស​មុនពេល​ពិភាក្សា ។ ការណ៍នេះ​អាច​ជួយ​ពួកគេ​ឲ្យ​ស្តាប់គ្នា​ទៅវិញ​ទៅមក​ដោយ​យកចិត្ត​ទុកដាក់ និង​បង្កើត​ការពិភាក្សា​ដែល​ពង្រឹង ដោយដាក់បញ្ចូល​សិស្ស​ជាច្រើន​នៅក្នុង​ការពិភាក្សា ។ អ្នក​អាច​ដាក់​បង្ហាញ​វា ឬ​ផ្តល់​ឲ្យ​សិស្ស​នូវ​សំណៅចែក​អំពី​គំនិត​ទាំងនេះ ។

បន្ថែម​ទៅ​លើ​ការសន្ទនា—ចែកចាយ​នូវ​អ្វី​ដែល​អ្នក​ចូលចិត្ត​អំពី​សេចក្ដី​ថ្លែងការណ៍​របស់​មិត្ត​រួម​ថ្នាក់ ហើយ​បន្ទាប់​មក​បន្ថែម​គំនិត​ផ្ទាល់​ខ្លួន​របស់​អ្នក ។

  • « វា​រំឭក​ខ្ញុំ​អំពី … »

  • « ខ្ញុំ​យល់ស្រប ព្រោះ …»

  • « ត្រូវ ។ គំរូ​មួយ​ទៀត​គឺ​នៅពេល​ដែល … »

  • « នោះ​ជា​គំនិត​ល្អ​ណាស់ … » ។

សរុប​មក—សូម​រៀបរាប់ឡើងវិញ​នូវ​អ្វី​ដែល​មិត្ត​រួម​ថ្នាក់​របស់​អ្នក​បាន​និយាយ ហើយ​បន្ទាប់​មក​សូម​ផ្តល់​យោបល់​បន្ថែមពីលើ​នោះ ។

  • « ខ្ញុំ​ឮ​អ្នក​និយាយ​ថា … »

  • « ដូច្នេះ បើ​ខ្ញុំ​ស្តាប់​អ្នក​មិន​ច្រលំ​ទេ … »

  • « ខ្ញុំ​ចូលចិត្ត​នូវ​អ្វី​ដែល​អ្នក​បាន​និយាយ … »

សំណួរ—សូម​សួរ​សំណួរ​សិស្ស​ម្នាក់​ទៀត​អំពី​អ្វី​ដែល​ពួកគេ​បាន​និយាយ ។

  • « តើ​អ្នក​អាច​ប្រាប់​ខ្ញុំ​បន្ថែម​អំពី​ចំណុច​នោះ​បាន​ឬ​ទេ ? »

  • « ខ្ញុំ​ពុំ​ប្រាកដ​ថា​ខ្ញុំ​យល់ … ទេ ? »

  • « ខ្ញុំ​យល់​ពី​គំនិត​របស់​អ្នក​ហើយ តែ​ចុះ​បើ … យ៉ាង​ម៉េច​ដែរ ? »

  • « តើ​អ្នក​ធ្លាប់​បាន​គិត​អំពី … ទេ ? »

ហុច​ក្រដាស

ហុច​ក្រដាស

សូម​បង្កើត​ក្រដាស​មួយ​ដែល​មាន​ការណែនាំ​ជាបន្ត ដែលអាច​រួមមាន​បទគម្ពីរ ឬ​សម្រង់​ដើម្បី​អាន និង​សំណួរ​ដែល​ត្រូវឆ្លើយ ។ ត្រូវ​ប្រាកដ​ថា​មាន​ចន្លោះ​គ្រប់គ្រាន់​ទុក​ឲ្យ​សិស្ស​សរសេរ​ចម្លើយ​របស់​ពួកគេ ។ សូម​ឲ្យ​សំណៅ​មួយ​ដល់​សិស្ស​ម្នាក់ៗ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​ឈ្មោះ​របស់​ខ្លួន​នៅ​ផ្នែក​ខាង​លើ ។ សិស្ស​ឆ្លើយ​សំណួរ​ទីមួយ ។ បន្ទាប់មក ពួកគេ​បត់​ក្រដាស​ដើម្បី​បិទបាំង​ចម្លើយ​របស់​ពួកគេ ។ ពួកគេ​ហុច​ក្រដាស​នោះ​ទៅ​សិស្ស​ម្នាក់​ទៀត​ដែល​ឆ្លើយ​សំណួរ ឬ​ការបំផុស​គំនិត​បន្ទាប់ ។ សិស្ស​ម្នាក់ៗ​បត់​ក្រដាស​ដើម្បី​បិទ​លើ​ចម្លើយ​របស់​ពួកគេ ហើយ​ហុច​វា​ទៅ​ឲ្យ​សិស្ស​ម្នាក់​ទៀត ។ នៅ​ចុង​បញ្ចប់​នៃ​ការប្តូរ​វេន​គ្នា​នេះ ត្រូវ​ប្រគល់​ក្រដាស​ទាំងនោះ​ទៅ​សិស្ស​ដែល​ជា​ម្ចាស់​ដើម​វិញ ដែល​ជា​អ្នក​អាន​នូវ​អ្វី​ដែល​មិត្ត​រួមថ្នាក់​របស់​ពួកគេ​បាន​សរសេរ ។

រៀបចំ​ដើម្បី​ចែកចាយ

សូម​ចែកចាយ​សំណួរ​សំខាន់​មួយ ដែល​អ្នក​ចង់​ឲ្យ​សិស្ស​ឆ្លើយ ។ ត្រូវ​ប្រាកដ​ថា​ត្រូវ​ចែកចាយ​វា​ពីរបី​នាទី​មុនពេល​អញ្ជើញ​ពួកគេ​ឲ្យ​ឆ្លើយ​សំណួរ ។ ឧទាហរណ៍ អ្នក​អាច​និយាយ​ថា « ​ចាប់​ពីរបី​នាទី​ពី​ឥឡូវ​នេះ ខ្ញុំ​ចង់​ឲ្យ​ប្អូនៗ​មួយ​ចំនួន​ចែកចាយ​គំនិត​របស់​ប្អូនៗ​អំពី ______________ ។ សូម​គិត​អំពី​អ្វី​ដែល​ប្អូនៗ​ចង់​ចែកចាយ នៅពេល​យើង​សិក្សា​វគ្គ​បទគម្ពីរ​ខាងក្រោម​នេះ » ។ អាច​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ជាមួយ​ដៃគូ ឬ​ក្រុម​មួយ​ជាមុន​សិន ។

ការបោះឆ្នោត​របស់​សិស្ស​ក្នុង​ថ្នាក់

ចែក​ការបោះឆ្នោត​ក្នុង​ចំណោម​សិស្ស​របស់​អ្នក​ដោយ​ផ្តល់​ឲ្យ​ពួកគេ​នូវ​ក្រដាស​តូច​មួយ ។ សិស្ស​អាច​ឆ្លើយ​ជា​អនាមិក រួច​ដាក់​ឯកសារ​របស់​ពួកគេ​ក្នុង​ប្រអប់ ឬ​មួក ។ អ្នក​អាច​ប្រមូល​គំនិត​របស់​ពួកគេ​អំពី​គោលការណ៍ សំណួរ ឬ​ការសម្រេច​ចិត្ត​ដែល​នរណា​ម្នាក់​អាច​ធ្វើ​នៅក្នុង​សាច់រឿង​មួយ ។ ម្យ៉ាងវិញទៀត ប្រសិនបើ​សិស្ស​មាន​ទូរសព្ទ​ឆ្លាតវៃ​ប្រើ អ្នក​អាច​ប្រើ​កម្មវិធី​បោះឆ្នោត​ដែល​មិន​គិត​ថ្លៃ និង​ងាយ​ស្រួល​ប្រើ ។ ផ្តល់​ឲ្យ​សិស្ស​នូវ​កិច្ចការ​សិក្សា និង​តំណភ្ជាប់​ការបោះឆ្នោត​ទៅកាន់​សំណួរ​មួយ ហើយ​ឲ្យ​ពួកគេ​ឆ្លើយតប​ដោយ​ប្រើ​ទូរសព្ទ​របស់​ពួកគេ ។ អ្នក​នឹង​អាច​មើលឃើញ​ការឆ្លើយតប ហើយ​អ្នក​អាច​បង្ហាញ​វា​នៅក្នុង​ថ្នាក់ ។ មាន​កម្មវិធី​បោះឆ្នោត​ដែល​ឥតគិត​ថ្លៃ​ជាច្រើន ដែល​អាច​ជួយ​សម្រួល​ដល់​កិច្ចការ​នេះ ។

ឃ្លា​ដែល​មាន​អានុភាព

សូម​ប្រើ​ឃ្លា​ដែល​មាន​អានុភាព​ដើម្បី​បង្ហាត់​សិស្ស​របស់​អ្នក​ឲ្យ​ចែកចាយ និង​ជំរុញ​ឲ្យ​មាន​ការពិភាក្សា​នៅក្នុង​ថ្នាក់ ។

ការធ្វើ​បែប​នេះ​គឺជា​វិធី​ដ៏​មាន​ប្រយោជន៍​សម្រាប់​ថ្នាក់ ដែល​ស្ងប់ស្ងាត់ ឬ​មិន​ច្បាស់​អំពី​របៀប ឬ​អ្វី​ដែល​ត្រូវ​ចែកចាយ ។ បង្ហាញ​បញ្ជី​ឃ្លា​ខាងក្រោម ដើម្បី​ជួយ​សិស្ស​គ្រោង​នូវ​អ្វី​ដែល​ពួកគេ​អាច​ចែកចាយ ។ សូម​ឲ្យ​ពួកគេ​សិក្សា​បណ្ដុំ​បទគម្ពីរ ហើយ​រៀបចំ​ចែកចាយ​ដោយ​ប្រើ​ឃ្លា​ដែល​មាន​អានុភាព​មួយ ឬ​ច្រើន ។ សម្របសម្រួល​ការពិភាក្សា ឬ​ឲ្យ​សិស្ស​សម្របសម្រួល​ការពិភាក្សា​នោះ ។

  • ខគម្ពីរ​ដែល​ខ្ញុំ​ស្រឡាញ់​គឺ…

  • ឃ្លា​ដែល​ខ្ញុំ​បានយល់​ច្បាស់​គឺ…

  • អ្វី​ដែល​បាន​រៀន​ពី​មេរៀន​នេះ​គឺ…

  • ខ្ញុំ​រកឃើញ​គោលការណ៍…

  • ពាក្យ​ដែល​ខ្ញុំ​ចាប់អារម្មណ៍/ច្របូកច្របល់​គឺ…

  • អ្វីមួយ​ដែល​យុវវ័យ​ត្រូវ​ដឹង​ពី​នេះ​គឺ…

  • អ្វីមួយ​ដែល​ខ្ញុំ​ដឹង​ថា នេះ​គឺជា​ការពិត​គឺ…

  • អ្វីមួយ​ដែល​ខ្ញុំ​មិន​ច្បាស់​គឺ…

  • រឿង​មួយ​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​គួរ​ធ្វើ​ជាមួយ​ការណ៍​នេះ​នៅ​ថ្ងៃ​នេះ​គឺ…

  • រឿងមួយ​ដែល​ខ្ញុំ​រៀន​អំពី​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​នេះ​គឺ…

ប័ណ្ណ​ចូលរួម

ចែក​ប័ណ្ណ​ដែល​សិស្ស​អាច​លើកឡើង​ជា​ចម្លើយ​ផ្ទាល់ភ្នែក​ចំពោះ​សំណួរ​ដែល​អ្នក​សួរ ។ សិស្ស​អាច​ប្រើ​ប័ណ្ណ​នេះ​ដើម្បី​បង្ហាញ​ចម្លើយ​របស់​ពួកគេ ឬ​នៅពេល​ពួកគេ​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ចែកចាយ ឬ​ពិភាក្សា​អំពី​គំនិត​របស់​ពួកគេ ។ ឧទាហរណ៍ ៖

  • បៃតង​សម្រាប់​ត្រូវ ក្រហម​សម្រាប់​ខុស

  • « នៅ​តែ​គិត » នៅ​ម្ខាង និង « រួចរាល់​ដើម្បី​ចែកចាយ » នៅ​ម្ខាង​ទៀត ។

  • ប័ណ្ណ​ដែល​មាន​លេខ ឬ​អក្សរ​ដែល​តំណាង​ឲ្យ​ជម្រើស​ផ្សេងៗ​ដែល​មាន​រាយ​នៅលើ​ក្តារខៀន ។ សិស្ស​ទាំងអស់​ចង្អុល​ទៅ​លេខ ឬ​អក្សរ​សម្រាប់​ចម្លើយ​របស់​ពួកគេ ដើម្បី​អ្នក​អាច​មើលឃើញ​ការឆ្លើយតប​របស់​ពួកគេ ហើយ​ជ្រើសរើស​សិស្ស​ឲ្យ​ឆ្លើយតប ។

  • ប័ណ្ណ​ដែល​មាន​ចម្លើយ​ជាច្រើន​នៅ​ផ្នែក​ផ្សេង​គ្នា ( សូមមើល​ឧទាហរណ៍​ខាងក្រោម ) ។ នៅពេល​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយតប នៅ​កណ្តាល​ខាងលើ​គឺជា​ទីតាំង​របស់​ពួកគេ ។ បន្ទាប់មក អ្នក ឬ​សិស្ស​អាច​ហៅ​សិស្ស​ដោយ​ផ្អែកលើ​គោលជំហរ​ដែល​ពួកគេ​កំពុង​បង្ហាញ ។

ប័ណ្ណ​ចូលរួម

សាច់រឿង​អ្នក​ចាប់ផ្ដើម

សូម​ឲ្យ​សាច់រឿង​ដែល​មិន​ពេញលេញ​ទៅ​សិស្ស ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​បន្ថែម​ព័ត៌មាន​លម្អិត​ទាំងឡាយ​ដើម្បី​ធ្វើ​ឲ្យ​វា​កាន់តែ​ទាក់ទង និង​អាច​ប្រដូច​បាន ។ ឧទាហរណ៍ អ្នក​អាច​និយាយ​អ្វីមួយ​ដូចជា « ចូរ​យើង​បង្កើត​សាច់រឿង​មួយ​អំពី​នរណា​ម្នាក់​ដែល​មាន​អាយុ​ស្របាល​អ្នក ដែល​មាន​ឈ្មោះ​ថា ជូលៀ ដែល​កំពុង​ប្រឈម​នឹង​ឧបសគ្គ​ក្នុង​ជីវិត ។ តើ​ការណ៍​ទាំងនេះ​អាច​ជា​អ្វីខ្លះ ? » នៅពេល​សិស្ស​ចែកចាយ សូម​ជួយ​ពួកគេ​ណែនាំ​ព័ត៌មាន​លម្អិត​ដើម្បី​ធ្វើ​ឲ្យ ជូលៀ ឬ​ឈ្មោះ​ផ្សេង​ទៀត ដែល​អ្នក​បានជ្រើសរើស ហាក់​ដូចជា​មនុស្ស​ពិតប្រាកដ ។ អ្នក​ក៏​អាច​បន្ថែម​ព័ត៌មាន​លម្អិត​សំខាន់ៗ​ដែល​មាន​ឥទ្ធិពល​លើ​ការពិភាក្សា​ដូចជា សំណួរ​សំខាន់ៗ​របស់ ជូលៀ ជា​ដើម ។

ម្យ៉ាងវិញទៀត អ្នក​អាច​ឲ្យ​សិស្ស​បង្កើត​សាច់រឿង​ផ្ទាល់ខ្លួន​របស់​ពួកគេ ហើយ​សរសេរ​វា​នៅលើ​ក្រដាស ។ អ្នក​អាច​ផ្លាស់ប្តូរ​សាច់រឿង​ទាំងនេះ ហើយ​ឲ្យ​សិស្ស​ឆ្លើយតប​ដោយ​ប្រើ​អ្វី​ដែល​ពួកគេ​បានរៀន ។

សាច់រឿង​ឆ្លើយឆ្លង​សារ​ជា​អក្សរ

សូម​បង្កើត​សាច់រឿង​ដែល​ចាប់ផ្តើម​ដោយ​សារ​ជា​អក្សរ​តែ​មួយ ប៉ុន្តែ​កុំ​បង្ហាញ​ដល់​សិស្ស​អំពី​កាលៈទេសៈ​ដែល​នាំ​ឲ្យ​មាន​សារ​ជា​អក្សរ​នោះ ។ អ្នក​អាច​ផ្តល់​ឲ្យ​សិស្ស​ម្នាក់ៗ​នូវ​គំរូ​អត្ថបទ​ទទេ​ដូចជា​ខាងក្រោម ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​បង្កើត​ការសន្ទនា​នៃ​ការឆ្លើយឆ្លង​គ្នា​ជា​សារ​ជា​អក្សរ ។

សាច់រឿង​ឆ្លើយឆ្លង​សារ​ជា​អក្សរ

ការបង្កើត​មិត្តភាព​ឲ្យ​បាន​លឿន

ការបង្កើត​មិត្តភាព​ឲ្យ​បាន​លឿន

ការជួយ​សិស្ស​ឲ្យ​មាន​អារម្មណ៍​មាន​ទំនុកចិត្ត​ក្នុង​ការចែកចាយ​គ្នា​ទៅវិញ​ទៅមក ចាប់ផ្តើម​ដោយ​ការជួយ​ពួកគេ​ឲ្យ​ស្គាល់​មិត្ត​រួមថ្នាក់​របស់​ពួកគេ ។ សកម្មភាព​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ស្គាល់​គ្នា ក៏​ដូចជា​ចែកចាយ​អ្វីមួយ​អំពី​បទគម្ពីរ​ដែរ ។ រៀបចំ​សិស្ស​ជា​ដៃគូ​ដោយ​រៀបចំ​កៅអី​ជា​ពីរ​ជួរ​ទល់​មុខ​គ្នា ។ បន្ទាប់មក សូម​អញ្ជើញ​សិស្ស​ឲ្យ​គូសចំណាំ​វគ្គ​បទគម្ពីរ​ដែល​បាន​ផ្ដល់​ឲ្យ ហើយ​ឆ្លើយ​សំណួរ​មួយ​ដែល​អ្នក​បានរៀបចំ​អំពី​វគ្គ​បទគម្ពីរ​នោះ ។ អញ្ជើញ​គូ​ដែល​ទល់​មុខ​គ្នា​ឲ្យ​ឆ្លើយ​សំណួរ​មិត្តភាព​ដែល​អ្នក​បានរៀបចំ ដែល​អាច​ជួយ​ពួកគេ​ស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ប្តូរ​ដៃគូ ហើយ​ធ្វើ​ដំណើរការ​នេះ​ឡើងវិញ​ជា​ច្រើនដង​ដោយ​ប្រើ​សំណួរ និង​វគ្គ​បទគម្ពីរ​ផ្សេងៗ ។ ដើម្បី​ឲ្យ​សិស្ស​ធ្វើការ​ជាមួយ​គ្រប់​ដៃគូ សិស្ស​ដែល​អង្គុយ​នៅ​កៅអី​ជ្រុង​មួយ​មិន​ប្តូរ​វេន​គ្នា​ទេ ។

ក្ដារខៀន​បិទ​ក្រដាស​សម្រាប់​ចារ

ក្ដារខៀន​បិទ​ក្រដាស​សម្រាប់​ចារ

ដាក់​សំណួរ​មួយចំនួន​នៅលើ​ក្ដារខៀន​ឲ្យ​សិស្ស​ឆ្លើយ ឬ​ខគម្ពីរ​ដែល​ពួកគេ​អាច​ចែកចាយ​ការយល់ដឹង​អំពី​ខគម្ពីរ​នោះ ។ សិស្ស​ម្នាក់ៗ​សរសេរ​ឈ្មោះ​របស់​ពួកគេ​នៅលើ​ក្រដាស​សម្រាប់​ចារ(ច្រើន) ហើយ​ដាក់​វា​នៅជាប់​នឹង​សំណួរ(ច្រើន) ឬ​ខគម្ពីរ(ច្រើន)​ដែល​ពួកគេ​ស្ម័គ្រចិត្ត​ឆ្លើយ ឬ​ផ្តល់យោបល់​អំពី ។

ការប្រែប្រួល ៖ ពណ៌​ទាំងឡាយ​អាច​បង្ហាញ​ពី​អ្វី​ដែល​សិស្ស​ចង់​ចែកចាយ នោះ​គឺជា​ការយល់ដឹង សំណួរ សេចក្តីយោង​ឆ្លង​ជាដើម ។

ថត​រូប

សូម​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​វត្ថុ​មួយ​នៅក្នុង​ថ្នាក់រៀន ឬ​រូបភាព​មួយ​នៅលើ​ទូរសព្ទ​របស់ពួកគេ ដែល​អាច​ប្រើ​ដើម្បី​ជួយ​បង្រៀន​គោលការណ៍ ឬ​គោលលទ្ធិ ។ អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​នឹង​បង្រៀន​នរណា​ម្នាក់​ពី​អ្វី​ដែល​ពួកគេ​បានរៀន​ដោយ​ប្រើ​វត្ថុ ឬ​រូបភាព​នោះ ។

សរសេរ​មុនពេល​អ្នក​ចែកចាយ

ផ្តល់​ពេលវេលា​ឲ្យ​សិស្ស​កត់ត្រា​ចម្លើយ​ចំពោះ​សំណួរ​សំខាន់ៗ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ មុនពេល​អញ្ជើញ​ពួកគេ​ឲ្យ​ឆ្លើយឮៗ ។

៤. បង្កើត​តំណាង​នៃ​អ្វី​ដែល​ពួកគេ​បានរៀន

មេរៀន​ទាំងឡាយ​ជារឿយៗ​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​អ្វី​មួយ ដើម្បី​បង្ហាញ​អំពី​អ្វី​ដែល​ពួកគេ​បានសិក្សា ។ ការណ៍​នេះ​អាច​ទាក់ទង​នឹង​ការប្រើ​ជំនាញ​ច្នៃប្រឌិត ។ សកម្មភាព​ខាងក្រោម​គឺជា​របៀប​មួយចំនួន​ដើម្បី​ជួយ​សិស្ស​ធ្វើ​កិច្ចការ​នេះ​បាន ។

កំណាព្យ​តាម​តួ​អក្សរ​ដំបូង

សូម​ប្រើ​តួអក្សរ​ដំបូង​នៃ​ឈ្មោះ ទីតាំង ឬ​គោលលទ្ធិ ដើម្បី​បង្កើត​កំណាព្យ​មួយ​ដោយ​ប្រើ​អ្វី​ដែល​ពួកគេ​បានរៀន​នៅក្នុង​ថ្នាក់ ។ ឧទាហរណ៍ សិស្ស​អាច​សរសេរ​កំណាព្យ​តាម​តួ​អក្សរ​ដំបូង​ដោយ​ប្រើ​ពាក្យ​ជំនឿ​ដូច​ខាង​ក្រោម ៖

ក – ការធ្វើតាម​គំរូ​របស់ព្រះ​យេស៊ូវគ្រីស្ទ ។

ធ – ធ្វើ​តាម​ការបំផុសគំនិត​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ប – បញ្ចូល​សំណួរ ឬ​កង្វល់​របស់​យើង​នៅក្នុង​ការអធិស្ឋាន​របស់​យើង ។

ទ – ទុកចិត្ត​លើ​ពួក​ព្យាការី​របស់​ព្រះ ។

ស – សង្ឃឹម​ថា​ទទួល​បាន​ពរជ័យ​ដែល​បានសន្យា​របស់​ទ្រង់ ។

ការបង្កើត​កម្មវិធី

ការបង្កើត​កម្មវិធី

សិស្ស​រចនា​កម្មវិធី​ផ្ទាល់ខ្លួន​របស់​ពួកគេ​នៅលើ​ក្រដាស​មួយ ។ កម្មវិធី​នោះ​អាច​បង្ហាញពី​សេចក្តីពិត​ដែល​បង្រៀន​នៅក្នុង​បទគម្ពីរ​ដែល​បានសិក្សា ហើយ​បញ្ចូល​សកម្មភាព រូបភាព បទគម្ពីរ ឬ​សម្រង់ ដែល​អាច​ជួយ​នរណា​ម្នាក់​អនុវត្ត​វា​ទៅក្នុង​ជីវិត​របស់​ពួកគេ ។

Chiasmus ( លំដាប់​ពាក្យ )

លំដាប់​ពាក្យ គឺជា​រូបភាព​នៃ​ការនិយាយ​ដែល​ពាក់កណ្តាល​ប្រយោគ កថាខណ្ឌ ឬ​ការសរសេរ​ពាក់​កណ្ដាល​ទីពីរ​ឆ្លុះបញ្ចាំង និង​និយាយ​ឡើងវិញ​តាម​លំដាប់​បញ្ច្រាស​នៅ​ពាក់​កណ្តាល​ទីមួយ ។ សារលិខិត​ដ៏​សំខាន់​ត្រូវ​បាន​រកឃើញ​នៅ​កណ្តាល ( សូមមើល អាលម៉ា ៣៦ ជា​ឧទាហរណ៍ ) ។ អញ្ជើញ​សិស្ស​ឲ្យ​បង្កើត​លំដាប់ពាក្យ​ពី​អ្វី​ដែល​ពួកគេ​សិក្សា ។ សិស្ស​អាច​ដាក់​សេចក្ដីពិត​ដែល​សំខាន់​នៅ​កណ្តាល ហើយ​បន្ថែម​ជួរ​ខាងលើ និង​ខាងក្រោម​វា​ជាមួយ​នឹង​បទគម្ពីរ ឬ​សេចក្ដីថ្លែងការណ៍​របស់​ព្យាការី​ដែល​គាំទ្រ ។ វា​អាច​មើល​ទៅ​ស្រដៀង​នឹង​បែប​នេះ ៖

ក – អ្វី​ដែល​សិស្ស​មាន​អារម្មណ៍​អំពី​សេចក្តីពិត ឬ​បទពិសោធន៍​ដែល​ពួកគេ​មាន​ជាមួយ​វា ។

ខ - អ្វី​ដែល​សិស្ស​យល់​អំពី​សេចក្តីពិត

គ – សេចក្តីពិត ឬ​គោលការណ៍​នៃ​ដំណឹងល្អ

គ – សេចក្តីពិត ឬ​គោលការណ៍​នៃ​ដំណឹងល្អ

ខ – ការយល់ដឹង​បន្ថែម​អំពី​សេចក្តីពិត

ក – បទពិសោធន៍​បន្ថែម​ដែល​សិស្ស​មាន​ជាមួយនឹង​សេចក្តីពិត​នេះ និង​របៀប​ដែល​ពួកគេ​មាន​អារម្មណ៍​អំពី​វា

ការសិក្សា​រឿង​កំប្លែង

ការសិក្សា​រឿង​កំប្លែង

សូម​ឲ្យ​សិស្ស​នូវ​គំរូ​សៀវភៅ​កំប្លែង​ទទេ ឬ​ឲ្យ​ពួកគេ​បង្កើត​គំរូ​នៅលើ​ក្រដាស​មួយ ។ សិស្ស​អាន​បណ្តុំ​បទគម្ពីរ ហើយ​បង្កើត​រឿង​កំប្លែង​ដែល​បង្ហាញ​ពី​សាច់រឿង​ក្នុង​បណ្ដុំ​នោះ ។ ឲ្យ​ពួកគេ​ប្រើ​ប្រអប់​ចុងក្រោយ​ដើម្បី​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​មាន​អារម្មណ៍​ថា​ជា​សេចក្តីពិត​ដ៏​មាន​តម្លៃ​បំផុត​ដើម្បី​រៀន​ពី​ដំណើររឿង​នោះ ។ ពួកគេ​អាច​ចែកចាយ​រឿង​កំប្លែង​របស់​ពួកគេ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។ ម្យ៉ាង​វិញ​ទៀត ពួកគេ​អាច​ប្រើ​សកម្មភាព​នេះ​ដើម្បី​បង្ហាញ​ពី​ការអនុវត្ត​នៃ​សេចក្ដីពិត ឬ​គោលការណ៍​នៅក្នុង​សម័យ​ទំនើប ។

បង្កើត​គម្រោង​មេរៀន

បង្កើត​គម្រោង​មេរៀន

សូម​បង្កើត​គ្រោង​ដែល​សិស្ស​អាច​ប្រើ​ដើម្បី​រៀបចំ​មេរៀន​សង្ខេប សុន្ទរកថា សារលិខិត ឬ​របៀប​ដើម្បី​ចែកចាយ​វគ្គបទគម្ពីរ​នោះ ។ អ្នក​អាច​ផ្តល់​នូវ​គំរូ​គ្រោង​ទទេ ដែល​សិស្ស​កត់ត្រា​ការរកឃើញ​របស់​ពួកគេ ។ អ្នក​អាច​ណែនាំ​សិស្ស​ឲ្យ​បញ្ចូល​ព័ត៌មាន​ផ្សេងៗ​គ្នា​នៅក្នុង​ប្រអប់​នីមួយៗ ។ ឧទាហរណ៍ សិស្ស​អាច​សរសេរ​ចំណងជើង​នៅក្នុង​ប្រអប់​ទីមួយ សង្ខេប​ខគម្ពីរ​សំខាន់ៗ​នៅក្នុង​ប្រអប់​បន្ទាប់​នោះ ឧទាហរណ៍ ឬ​ដំណើររឿង​ផ្ទាល់ខ្លួន​នៅក្នុង​ប្រអប់​វែង​ទាំង​បី និង​ទីបន្ទាល់​នៅក្នុង​ប្រអប់​ចុងក្រោយ ។

បង្កើត​ខិត្តប័ណ្ណ

បង្កើត​ខិត្តប័ណ្ណ

សូម​ផ្តល់​ឲ្យ​សិស្ស​ម្នាក់ៗ​នូវ​ក្រដាស​មួយ​សន្លឹក ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​បត់​វា​ទៅ​ជា​បី​ភាគ ។ សិស្ស​អាច​បង្កើត​ទំព័រ​ចំណងជើង​ដែល​មាន​គោលការណ៍ ឬ​គោលលទ្ធិ​ដែល​ពួកគេ​បាន​កំណត់ ។ សិស្ស​អាច​បង្កើត​ទំព័រ​ជា​លំដាប់លំដោយ ដែល​មាន​ចំណងជើង​រង និង​ព័ត៌មាន​លម្អិត​ពី​អ្វី​ដែល​ពួកគេ​កំពុងរៀន ។ អ្នក​អាច​សុំ​ពួកគេ​ឲ្យ​រក្សាទុក​ចន្លោះ​នៅ​ផ្នែក​ខាងក្រោយ​ខិត្តប័ណ្ណ​ដើម្បី​សរសេរ​គោលដៅ ឬ​ផែនការ​ណាមួយ​ដែល​ពួកគេ​ធ្វើ​ក្នុង​ពេល​មេរៀន​នេះ ។

ផ្នែក​ផាត់ពណ៌

បោះពុម្ព​ទំព័រ​ដែល​បានចម្លង​នៃ​បណ្ដុំ​បទគម្ពីរ ហើយ​ចែក​ខ្មៅដៃ​ពណ៌​ដើម្បី​គូសចំណាំ​បទគម្ពីរ ។ កំណត់​ប្រភេទ​ដូចជា « ពរជ័យ​ដែល​បានសន្យា » « កិច្ចការ​នៃ​សេចក្តីជំនឿ » ឬ « បទបញ្ញត្តិ » ។ ប្រភេទ​នីមួយៗ​អាច​ត្រូវ​ចាត់​ជា​ពណ៌ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សិក្សា​ខគម្ពីរ ហើយ​គូស​ចំណាំ​ប្រភេទ​ពណ៌​នៅពេល​រកឃើញ​វា ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​គូសចំណាំ និង​បានរៀន​ចេញពី​សកម្មភាព​នេះ ។

វាយតម្លៃ​ផែនការ

វាយតម្លៃ​ផែនការ

អ្នក​អាចប្រើ​កម្មវិធី​រៀបចំ​ក្រាហ្វិក ដើម្បី​ជួយ​សិស្ស​វាយតម្លៃ​ផែនការ​របស់​ពួកគេ ។ សិស្ស​ឆ្លើយ​សំណួរ​នៅក្នុង​ផ្នែក​នីមួយៗ​នៃ​ក្រាហ្វិក ។

តារាង​លំហូរ

សិស្ស​អាច​បង្កើត​ក្រាហ្វិក​ដែល​បង្ហាញ​ពី​ទំនាក់ទំនង​រវាង​ការសម្រេចចិត្ត ឬ​គំនិត​ផ្សេងៗ​នៅក្នុង​មេរៀន ។ ឧទាហរណ៍ តារាង​ដូច​ខាងក្រោម​អាច​ប្រើប្រាស់​ដើម្បី​បង្ហាញ​ពី​កន្លែង​ដែល​សេចក្ដីជំនឿ ឬ​សេចក្ដីសង្ឃឹម​លើ​ព្រះយេស៊ូវគ្រីស្ទ​អាច​ដឹកនាំ​ទៅ​រក ។

តារាង​លំហូរ

ការសាងសង់​ដោយដៃ

សូម​ចែក​ឲ្យ​សិស្ស​នូវ​សម្ភារ​ដែល​ពួកគេ​អាច​ប្រើ​បាន ដូចជា​ដុំឈើ ឬ​ដុំថ្ម ឬ​គំរូ​ដីឥដ្ឋ​ដើម្បី​បង្កើត​អ្វី​មួយ​ដែល​តំណាង​ឲ្យ​អ្វី​ដែល​ពួកគេ​បានសិក្សា ។ ឧទាហរណ៍ សិស្ស​អាច​ប្រើ​ដុំឈើ ឬ​ដុំថ្ម​ដើម្បី​តំណាង​ឲ្យ​បន្ទាយ​ដែល​មេទ័ព​មរ៉ូណៃ​បានបញ្ជា​ប្រជាជន​របស់​លោក​ឲ្យ​សាងសង់ ( សូមមើល អាលម៉ា ៤៨:៧–៩ ) ។ សិស្ស​អាច​ដាក់​ស្លាក​ដុំឈើ ឬ​ដុំ​ថ្ម​នីមួយៗ​ជាមួយនឹង​របៀប​ដែល​យើង​អាច​រៀបចំ​ខាងវិញ្ញាណ​ដើម្បី​ទប់ទល់​នឹង​ការវាយ​ប្រហារ​របស់​សាតាំង ។

ការរចនា​រូបភាព

ការរចនា​រូបភាព

សិស្ស​អាច​ស្វែងរក​រូបភាព​នៅ​លើ​ទូរសព្ទ​របស់​ពួកគេ ឬ​នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ​ដែល​ទាក់ទង​នឹង​សេចក្តីពិត ។ ពួកគេ​អាច​បង្កើត​ការរចនា​ជា​ឌីជីថល និង​ចែកចាយ​វា​នៅក្នុង​ថ្នាក់ ។

ដឹង – ឆ្ងល់ – រៀន

សិស្ស​បែងចែក​ក្រដាស​មួយ​សន្លឹក​ជា​បី​ជួរឈរ ។ នៅក្នុង​ជួរឈរ​ទីមួយ ពួកគេ​សរសេរ​នូវ​អ្វី​ដែល​ពួកគេ​ដឹង​រួចទៅ​ហើយ​អំពី​ប្រធានបទ​មួយ ។ នៅពេល​បន្ទាប់ ពួកគេ​សរសេរ​អ្វី​ដែល​គេ​ចង់​ដឹង ។ ជួរ​ទី​បី​ត្រូវ​បានបំពេញ​ក្នុង​អំឡុងពេល និង​ក្រោយ​មេរៀន ជាមួយនឹង​អ្វី​ដែល​សិស្ស​បានរៀន ។ អាច​អញ្ជើញ​ពួកគេ​ឲ្យ​កំណត់​អ្វី​ដែល​បាន​ជួយ​ពួកគេ​រៀន ឬ​ជះ​ឥទ្ធិពល​លើ​អារម្មណ៍​របស់​ពួកគេ​ក្នុង​អំឡុង​ពេល​មេរៀន​នេះ ។

សំបុត្រ​សម្រាប់​អនាគត

សិស្ស​អាច​សរសេរ​សំបុត្រ​មួយ​ច្បាប់​ទៅ​កាន់​ខ្លួន​ឯង ដើម្បី​បើក និង​អាន​នៅពេល​ជាក់លាក់​ណាមួយ ( ក្នុង​បេសកកម្ម ការរៀបការ ការមាន​កូន​ដំបូង ) ។ ជម្រើស​មួយ​ទៀត​អាច​ជា​ការឲ្យ​សិស្ស​សរសេរ​សំបុត្រ​ទៅ​សមាជិក​គ្រួសារ​របស់​ពួកគេ​នា​ពេល​អនាគត ឬ​ពួកគេ​អាច​សរសេរ​សំបុត្រ​មួយ​ច្បាប់​ទៅ​សិស្ស​ដែល​នឹង​មក​ថ្នាក់​សិក្ខាសាលា​នា​ពេល​អនាគត ហើយ​ពន្យល់​ពី​អ្វី​ដែល​ពួកគេ​បានរៀន និង​អារម្មណ៍​របស់​ពួកគេ ។

បង្កើត meme

បង្កើត meme

សិស្ស​ម្នាក់ៗ​កំណត់​គោលការណ៍​មួយ​ពី​ការសិក្សា​របស់​ពួកគេ ហើយ​បង្កើត​ឃ្លា​ស្រួលចាំ ដែល​បង្ហាញ​ពី​គោលការណ៍​នោះ ។ សូម​ឲ្យ​ពួកគេ​គូរ​ផងដែរ​នូវ​រូបភាព​ដែល​បង្ហាញ​ពី​គោលការណ៍​នោះ ។ សូម​ប្រាកដ​ថា​ពួកគេ​បញ្ចូល​សេចក្ដីយោង​បទគម្ពីរ ។ សូម​ឲ្យ​ពួក​គេ​ចែកចាយ​និង​ពន្យល់​ពី meme របស់​ពួកគេ ។ អ្នក​អាច​បង្ហាញ​គំរូ​មួយ​ចំនួន​ចេញពី​ទស្សនាវដ្តី ដើម្បី​កម្លាំង​នៃ​យុវជន នាពេល​ថ្មីៗ​នេះ ។

ធ្វើ​ផែនការ​ដើម្បី « ទៅ ហើយ​ធ្វើ »

ទៅ ហើយ​ធ្វើ
ផែនទី​ផ្លូវ

សិស្ស​អាច​បង្កើត​ផែនការ​មួយ​ដើម្បី​ធ្វើ​សកម្មភាព​ដ៏​សុចរិត​ប្រកបដោយ​ប្រសិទ្ធភាព​ចេញពី​អ្វីដែល​ពួកគេ​រៀន​និង​ទទួល​អារម្មណ៍​នៅក្នុង​មេរៀន​នេះ ។ ដើម្បី​ធ្វើដូច្នេះ អ្នក​អាច​ឲ្យ​ពួកគេ​កំណត់​នូវអ្វី​ដែល​ពួកគេ​ចង់ធ្វើ ហើយ​បង្កើត​ជំហាន​ជាក់លាក់​អំពី​របៀប​ដែល​ពួកគេ​នឹង​សម្រេច​ផែនការ​របស់​ពួកគេ ។ ការណ៍​នេះ​អាច​រួមបញ្ចូល​ការកំណត់​ឧបសគ្គ​ដែល​ពួកគេ​អាច​ប្រឈមមុខ និង​ជំហាន​ជាក់លាក់​ដើម្បី​ដោះស្រាយ​ឧបសគ្គ​ទាំងនេះ ។ នៅពេល​សិស្ស​បង្កើត​ផែនការ​របស់​ពួកគេ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​បំបែក​វា​ទៅជា​ជំហាន​តូចៗ ។ ការផ្លាស់ប្តូរ​បន្តិច​បន្តួច​ចំពោះ​កិច្ចការ​ដែល​ពួកគេ​ធ្វើ​ជារៀង​រាល់ថ្ងៃ​អាច​ជួយ​ឲ្យ​ពួកគេ​មានអារម្មណ៍​ថា​ទទួល​បាន​ជោគជ័យ​ញឹកញាប់​ជាងមុន ។

ធ្វើ​ផែនការ « មែកធាង​ការសម្រេចចិត្ត »

មែកធាង​ការសម្រេចចិត្ត

សិស្ស​អាច​ប្រើ​មែកធាង​ការសម្រេចចិត្ត​មួយ​ដើម្បី​ជួយ​អនុវត្ត​គោលការណ៍​នៃ​ដំណឹងល្អ​ដោយ​សរសេរ​ពី​គុណសម្បត្តិ និង​គុណវិបត្តិ​នៃ​ការសម្រេច​ចិត្ត​ផ្សេងៗ ។ ពួកគេ​អាច​ចាប់ផ្តើម​ជាមួយនឹង​សំណួរ​មួយ​អំពី​គោលការណ៍​នៃ​ដំណឹងល្អ ហើយ​បន្ទាប់​ពី​បាន​សរសេរ​គុណសម្បត្តិ និង​គុណវិបត្តិ សូម​វាយតម្លៃ​ជម្រើស​របស់ពួកគេ​ក្នុង​ការសម្រេចចិត្ត​នោះ ។ សូម​បង្កើត​មែកធាង​ដាច់​ដោយឡែក​សម្រាប់​សំណួរ និង​ការសម្រេចចិត្ត​នីមួយៗ​នៅក្នុង​ផែនការ​នោះ ។

ឧទាហរណ៍ ៖ រៀបចំ​ផែនការ​សិក្សា​ព្រះគម្ពីរ

សំណួរ ៖

  1. តើ​ខ្ញុំ​នឹង​សិក្សា​ព្រះគម្ពីរ​របស់​ខ្ញុំ​នៅ​ពេល​ណា ? ( ធ្វើ​មែកធាង​ការសម្រេចចិត្ត​មួយ ) ។

  2. តើ​ខ្ញុំ​នឹង​សិក្សា​ព្រះគម្ពីរ​របស់​ខ្ញុំ​នៅ​ឯណា ? ( ធ្វើ​មែកធាង​ការសម្រេចចិត្ត​មួយទៀត ) ។

  3. តើ​ខ្ញុំ​នឹង​ចំណាយ​ពេល​ប៉ុន្មាន​ដើម្បី​សិក្សា​ព្រះគម្ពីរ​របស់​ខ្ញុំ ? ( ធ្វើមែកធាង​ការសម្រេចចិត្ត​ទីបី ) ។

នៅចុង​បញ្ចប់​នៃ​ដំណើរការ​នេះ ការសម្រេចចិត្ត​ទាំងបី​រួមគ្នា​បង្កើត​ជា​ផែនការ ឬ​គោលដៅ ជាមួយ​នឹង​ជំហាន​ជាក់លាក់​ដើម្បី​សម្រេច​វា ។

វគ្គ​ទំនុក​តម្កើង​ថ្មី

សិស្ស​អាច​ជ្រើសរើស​ទំនុកតម្កើង​មួយ​អំពី​សេចក្ដីពិត​មួយ​ដែល​បាន​សិក្សា​នៅក្នុង​មេរៀន​នេះ ។ អញ្ជើញ​ពួកគេ​ឲ្យ​បង្កើត​វគ្គ​ថ្មី​នៃ​ទំនុកតម្កើង​ចេញពី​អ្វី​ដែល​ពួកគេ​បាន​សិក្សា ។ សិស្ស​អាច​ជ្រើសរើស​វគ្គ​ថ្មី​មួយចំនួន​ដើម្បី​បង្ហាញ និង​ច្រៀង ។

ការរៀនសូត្រ​ដែល​ផ្តោត​លើ​ការ​ធ្វើ​គម្រោង

សិស្ស​អាច​បង្កើត​គម្រោង​មេរៀន​ច្រើន ដែល​ពួកគេ​នឹង​បន្ថែម​ខ្លឹមសារ​នៅក្នុង​មេរៀន/សប្តាហ៍​បន្តបន្ទាប់ ។ គម្រោង​មេរៀន​នេះ​អាច​ជា​កំណាព្យ ទំនុកតម្កើង វីដេអូ គម្រោង​សិល្បៈ ឬ​កិច្ចការ​ច្នៃប្រឌិត​ផ្សេងទៀត​ដែល​ពួកគេ​បង្កើត​ក្នុង​មេរៀន​ជាបន្ត​បន្ទាប់ ។

សរសេរ​សេចក្ដីបញ្ចប់​ឡើងវិញ

សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ឡើងវិញ​នូវ​សេចក្ដី​បញ្ចប់​នៃ​ដំណើររឿង​បទគម្ពីរ ឬ​រឿងមួយ​ដែល​អ្នក​ចែកចាយ​ដូចជា​មនុស្ស​នោះ​បាន​ធ្វើ​ការសម្រេច​ចិត្ត​ដែល​ល្អ​ជាង/ផ្សេងគ្នា ។

រូបមន្ត

រូបមន្ត

សិស្ស​បង្កើត​រូបមន្ត​ដោយ​ប្រើ​អ្វីដែល​ពួកគេ​កំពុង​រៀន ។ អ្នក​អាច​ចាប់ផ្តើម​ដោយ​បង្ហាញ​ពួកគេ​នូវ​ឧទាហរណ៍​នៃ​រូបមន្ត​ដែល​រួមបញ្ចូល​គ្រឿងផ្សំ ការវាស់វែង និង​ការណែនាំ ។ បន្ទាប់មក​ជួយ​សិស្ស​ធ្វើតាម​គំរូ​នោះ ដើម្បី​រៀបចំ​អ្វី​ដែល​ពួកគេ​កំពុង​រៀន ។ ពួកគេ​អាច​ដាក់​ចំណងជើង​រូបមន្ត​របស់​ពួកគេ​ថា « របៀប​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​មាន​ឥទ្ធិពល » ឬ « របៀប​ដើម្បី​មាន​ការសិក្សា​ព្រះគម្ពីរ​កាន់តែ​មាន​ប្រសិទ្ធភាព » ហើយ​បន្ទាប់​មក​បញ្ចូល​នូវ​អ្វី​ដែល​ពួកគេ​មាន​អារម្មណ៍​ថា​ជា​ធាតុ​ដ៏​សំខាន់​ដោយ​ប្រើ​បទគម្ពីរ និង​សម្រង់ ។ ឧទាហរណ៍ នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា⁠ ៧៦ សិស្ស​អាច​សរសេរ​គ្រឿងផ្សំ ការវាស់វែង និង​ការណែនាំ​សម្រាប់​ការក្លាយ​ជា​បុគ្គល​សេឡេស្ទាល ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​មាន​គំនិត​ច្នៃ​ប្រឌិត​ក្នុង​រូបមន្ត​របស់​ពួកគេ ។ ពួកគេ​អាច​គូរ​រូបភាព​ដែល​តំណាង​ឲ្យ​ផលិតផល​ចុងក្រោយ​នៃ​រូបមន្ត​នោះ ។

ដើរ​តួសម្ដែង

សិស្ស​អាច​សម្ដែង​ជា​សាច់រឿង​មួយ ។ មាន​ការផ្លាស់ប្ដូរ​ជាច្រើន​ដើម្បី​ធ្វើ​កិច្ចការ​នេះ ។ អ្នក​អាច​ឲ្យ​សិស្ស​ស្ម័គ្រចិត្ត​មក​ខាងមុខ​ក្ដារខៀន ដើម្បី​សម្ដែង​ជា​សាច់រឿង​នោះ ។ សិស្ស​ក៏​អាច​សម្ដែង​ជាគូ ឬ​ជាក្រុម​តូចៗ ។ ឬ​អ្នក​អាច​សម្ដែង​ជា​ផ្នែក​មួយ​នៃ​មនុស្ស​ម្នាក់​ដែល​មាន​សំណួរ ហើយ​ឲ្យ​ថ្នាក់​ទាំងមូល​ដោះស្រាយ​សំណួរ ឬ​កង្វល់​របស់​អ្នក ។

វីដេអូ​ខ្លី

អញ្ជើញ​សិស្ស​ឲ្យ​រៀបចំ​ផែនការ​វីដេអូ​ខ្លី​មួយ ។ ពួកគេ​អាច​បង្កើត​នាដកថា​មួយ ហើយ​សម្រេច​ចិត្ត​ពី​របៀប​បង្ហាញ​អ្វីមួយ​ដែល​ពួកគេ​បាន​រៀន​ពី​មេរៀន​នេះ ។ ប្រសិនបើ​អាច​ធ្វើបាន សិស្ស​អាច​បង្កើត​វីដេអូ ហើយ​ចែកចាយ​វា​នៅក្នុង​ថ្នាក់ ។

ការចុះផ្សាយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម

ការចុះផ្សាយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម

សូម​អញ្ជើញ​សិស្ស​ឲ្យ​បង្កើត​ការចុះផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដើម្បី​ចែកចាយ​ពី​ជំនឿ ឬ​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​ពួកគេ​ទាក់ទង​នឹង​គោលការណ៍​ដែល​បាន​ពិភាក្សា​នៅក្នុង​ថ្នាក់ ។ ការណ៍នេះ​អាចជា​អ្វីមួយ​ដែល​ពួកគេ​ចុះផ្សាយ​តាមអនឡាញ ឬ​អ្វីមួយ​ដែល​ពួកគេ​បង្កើត​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ឬ​ពួកគេ​អាច​ស្រមៃថា មាន​នរណា​ម្នាក់​បាន​ចុះផ្សាយ​សំណួរ​ទាក់ទង​នឹង​អ្វីដែល​បានសិក្សា​នៅក្នុង​ថ្នាក់ ហើយ​បង្កើត​ការឆ្លើយតប​ដោយ​ប្រើ​ចំណេះដឹង​ដែល​ពួកគេ​បាន​រៀន ។ ឬ​សិស្ស​អាច​សិក្សា​ការចុះផ្សាយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ថ្មីៗ​របស់​ថ្នាក់ដឹកនាំ​សាសនាចក្រ ហើយ​សរសេរ​ចម្លើយ ឬ​កំណត់​ចំណាំ​លើក​ទឹកចិត្ត​នៅ​លើ​ការចុះផ្សាយ​នោះ ។ ចំពោះ​អត្ថបទមួយ​ដែល​ជួយ​សិស្ស​បង្កើត​ការចុះផ្សាយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែលមាន​អត្ថន័យ សូមមើល « Social Media: Power to Change Lives » For the Strength of Youth ខែមេសា ឆ្នាំ២០២២ ។

ការដាក់បង្ហាញ​រូបភាព

ការដាក់បង្ហាញ​រូបភាព

សូម​ដាក់​សិស្ស​ជាក្រុម​ដើម្បី​ប្រើ​បទគម្ពីរ សម្រង់ និង​ធនធាន​សិក្សា​ផ្សេងទៀត ដើម្បី​បង្កើត​ផ្ទាំង​រូបភាព ឬ​ការដាក់បង្ហាញ​លើ​ជញ្ជាំង​សម្រាប់​ថ្នាក់រៀន ។ ផ្ទាំង​រូបភាព ឬ​ការដាក់បង្ហាញ​ទាំឡាយ​របស់​ពួកគេ​អាច​រួមបញ្ចូល​បទគម្ពីរ​សំខាន់ៗ សំណួរ​ដែល​ដំណើរឿង​បទគម្ពីរ​អាច​ឆ្លើយ សេចក្ដីពិត​ដ៏អស់កល្ប រូបភាព ជាដើម ។ សិស្ស​អាច​ប្ដូរ​ទីតាំង​គ្នា​ដើម្បី​មើល​ស្នាដៃ​របស់​ក្រុម​ផ្សេងទៀត ។

សរសេរ​អត្ថបទ​មួយ​សម្រាប់​ទស្សនាវដ្តី​សាសនាចក្រ

សិស្ស​អាច​ស្រមៃ​ថា ពួកគេ​កំពុង​សរសេរ​អត្ថបទ​មួយ​ក្នុង​ទស្សនាវដ្ដី ដើម្បី​កម្លាំង​នៃ​យុវជន ប្រិយមិត្ត ឬ លីអាហូណា ដោយ​ចែកចាយ​អ្វី​ដែល​ពួកគេ​បានសិក្សា និង​របៀប​ដែល​វា​អាច​ជួយ​យុវវ័យ​ជុំវិញ​ពិភពលោក ។ អ្នក​អាច​ដាក់បង្ហាញ​អត្ថបទ​មួយ​ជាឧទាហរណ៍ ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​បន្ថែម​រូបភាព គំនូសតាង និង​ព័ត៌មាន​ក្រាហ្វិក ។