« ការបំពាក់បំប៉នស្ដីពីការទទួលយក និងការកែសម្រួលកម្មវិធីសិក្សាថ្នាក់សិក្ខាសាលា » ការបំពាក់បំប៉នកម្មវិធីសិក្សាថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
ការបំពាក់បំប៉នស្ដីពីការទទួលយក និងការកែសម្រួលកម្មវិធីសិក្សាថ្នាក់សិក្ខាសាលា
មានរបៀបដ៏មានប្រសិទ្ធភាពជាច្រើន ដើម្បីរៀបចំបង្រៀនដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ ការរៀបចំនេះតែងតែបញ្ចូលការសិក្សាព្រះបន្ទូលរបស់ព្រះប្រកបដោយការអធិស្ឋាន និងការស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធជានិច្ច ដើម្បីដឹងអំពីរបៀបដ៏ល្អបំផុតក្នុងការជួយដល់អ្នកដែលអ្នកបង្រៀន ឲ្យមានការប្រែចិត្ដដ៏ជ្រាលជ្រៅទៅលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ដែលបានស្ដារឡើងវិញ ។
កម្មវិធីសិក្សាថ្នាក់សិក្ខាសាលាគឺជាធនធានដែលអ្នកអាចជឿទុកចិត្ដបានដើម្បីដឹកនាំអ្នកសម្រាប់ការរៀបចំមេរៀនរបស់អ្នក និងជួយអ្នកបង្រៀនគោលលទ្ធិពិត ។ កាលអ្នកប្រើធនធាននេះ ជាដំបូងសូមស្វែងរកដើម្បីទទួលយកនូវអ្វីដែលមានក្នុងកម្មវិធីសិក្សានេះជាមុនសិន ហើយក្រោយមកសូមពិចារណាអំពីតម្រូវការសិស្សរបស់អ្នក និងការណែនាំពីព្រះវិញ្ញាណបរិសុទ្ធដើម្បីយល់ថា តើអ្នកត្រូវកែសម្រួលគំនិតណាខ្លះចេញពីកម្មវិធីសិក្សានេះ ។
សូមពិចារណាអំពីដំបូន្មានដូចតទៅនេះ ដោយប្រធាន ដាល្លិន អេក អូក នៃគណៈប្រធានទីមួយអំពីការប្រើកម្មវិធីសិក្សានេះដើម្បីរៀបចំមេរៀនថ្នាក់សិក្ខាសាលា ៖
ជាដំបូង យើងទទួលយក បន្ទាប់មក យើងកែសម្រួល ។ ប្រសិនបើយើងធ្វើតាមគ្រប់ជំហាន ដូចដែលបានរៀបរាប់នៅក្នុងមេរៀនដែលយើងត្រូវបង្រៀនដោយភាពហ្មត់ចត់ នោះយើងនឹងអាចធ្វើតាមព្រះវិញ្ញាណដើម្បីកែសម្រួលវាបាន ។ ប៉ុន្ដែមានការល្បួងមួយឲ្យមានការចាប់ផ្ដើមដោយធ្វើការកែសម្រួល ជាជាងការទទួលយក នៅពេលដែលយើងនិយាយអំពីភាពបត់បែននេះ ។ វាគឺជាតុល្យភាពមួយ ។ វាគឺជាឧបសគ្គដ៏ឥតឈប់ឈរមួយ ។ ប៉ុន្ដែវិធីសាស្ត្រនៃការទទួលយកជាមុន ហើយបន្ទាប់មកកែសម្រួល គឺជារបៀបដ៏ល្អមួយដើម្បីមានជំហរឈរនៅលើគោលការណ៍ដ៏រឹងមាំមួយ ។ ( « A Panel Discussion with Elder Dallin H. Oaks[ ការចាក់ផ្សាយតាមផ្កាយរណបអំពីថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាននៃសាសនា ថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០១២ ] នៅលើគេហទំព័រ broadcasts.ChurchofJesusChrist.org )
-
ហេតុអ្វីបានជាអ្នកគិតថា វាសំខាន់ដើម្បីទទួលយកនូវអ្វីដែលមាននៅក្នុងកម្មវិធីសិក្សា ពីមុនការកែសម្រួលមេរៀននោះ ?
ការទទួលយកកម្មវិធីសិក្សា
គោលបំណងថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានសាសនាថ្លែងថាយើង « ជួយយុវវ័យ និងយុវមជ្ឈិមវ័យឲ្យមានការប្រែចិត្តជឿកាន់តែខ្លាំងលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ដែលបានស្តារឡើងវិញ » ។ គោលបំណងនេះថ្លែងបន្ដទៀតអំពីការជួយសិស្សឲ្យមានការប្រែចិត្ដជឿកាន់តែខ្លាំង ដូចតទៅ ៖
យើងផ្តោតបទពិសោធន៍នៃការរៀនសូត្រនីមួយៗទៅលើព្រះយេស៊ូវគ្រីស្ទ និងគំរូរបស់ទ្រង់ ព្រមទាំងបុគ្គលិកលក្ខណៈ និងព្រះចេស្តាប្រោសលោះរបស់ទ្រង់ផងដែរ ។ យើងជួយសិស្សឲ្យរៀនពីដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ដូចដែលមាននៅក្នុងបទគម្ពីរ និងប្រសាសន៍របស់ពួកព្យាការី ។ យើងជួយសិស្សឲ្យបំពេញតួនាទីនៃការរៀនសូត្ររបស់ពួកគេ ។ យើងព្យាយាមអញ្ជើញយាងព្រះវិញ្ញាណបរិសុទ្ធឲ្យបំពេញតួនាទីរបស់ទ្រង់ នៅក្នុងបទពិសោធន៍នៃការរៀនសូត្រនីមួយៗ ។
កម្មវិធីសិក្សាថ្នាក់សិក្ខាសាលាគឺបានរៀបរៀងឡើងដោយយកចិត្តទុកដាក់ ដើម្បីជួយអ្នកផ្ដល់នូវបទពិសោធន៍នៃការរៀនសូត្របែបនេះ ។ មេរៀននីមួយៗផ្ដោតសំខាន់លើបទពិសោធន៍នៃការរៀនសូត្រទៅលើព្រះយេស៊ូវគ្រីស្ទ( ផ្តោតសំខាន់លើព្រះគ្រីស្ទ ) ជួយសិស្សរៀនដំណឹងល្អចេញពីព្រះគម្ពីរ និងប្រសាសន៍របស់ព្យាការី ( ផ្អែកលើព្រះគម្ពីរ ) និងផ្ដល់ឱកាសដល់សិស្សដើម្បីបំពេញតួនាទីរបស់ពួកគេនៅក្នុងបទពិសោធន៍នៃការរៀនសូត្រ ( ផ្ដោតលើសិស្ស ) ។ ដោយការច្របាច់បញ្ចូលនូវធាតុសំខាន់ៗទាំងបីនៃគោលបំណង យើងអញ្ជើញយាងព្រះវិញ្ញាណបរិសុទ្ធឲ្យបំពេញតួនាទីរបស់ទ្រង់ នៅក្នុងបទពិសោធន៍នៃការរៀនសូត្រ ។ ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ចង្អុលបង្ហាញថា « ព្រះវិញ្ញាណគឺជាគ្រូបង្រៀនដ៏ពិត ហើយជាប្រភពដ៏ពិតនៃការប្រែចិត្តជឿ » ។ មានតែពេលដែលមានវត្ដមានរបស់ព្រះវិញ្ញាណតែប៉ុណ្ណោះ ទើបការប្រែចិត្ដជឿកាន់តែខ្លាំងលើព្រះអង្គសង្គ្រោះអាចកើតមានឡើងពិតប្រាកដ។
ដ្យាក្រាមនេះបង្ហាញពីគំរូនៃបទពិសោធន៍នៃការផ្ដោតសំខាន់លើព្រះគ្រីស្ទ ការផ្អែកលើព្រះគម្ពីរ និង ការផ្ដោតលើសិស្ស ដែលអញ្ជើញយាងព្រះវិញ្ញាណបរិសុទ្ធឲ្យបំពេញតួនាទីរបស់ទ្រង់ ។ ព៌ណលឿងនេះចង្អុលបង្ហាញពីកម្រិតនៃបទពិសោធន៍នៃការរៀនសូត្រដែលអញ្ជើញយាងព្រះវិញ្ញាណបរិសុទ្ធបានកាន់តែប្រសើរ ។ ចំណុចកណ្ដាលនៃដ្យាកាមនេះបង្ហាញពីពេលដែលព្រះវិញ្ញាណកំពុងដឹកនាំបទពិសោធន៍នៃការរៀនសូត្រ ហើយសិស្សទាំងឡាយគឺកំពុងតែមានការប្រែចិត្ដជឿកាន់តែខ្លាំងឡើងលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ដែលបានស្ដារឡើងវិញ ។ ដោយការទទួលយកកម្មវិធីសិក្សាថ្នាក់សិក្ខាសាលា យើងបង្កើននូវលទ្ធភាពដែលសិស្សអាចមានបទពិសោធន៍នៃការរៀនសូត្រដែលដឹកនាំដោយព្រះវិញ្ញាណនៅក្នុងថ្នាក់សិក្ខាសាលា ។ កម្មវិធីសិក្សាថ្នាក់សិក្ខាសាលាក៏ត្រូវបានត្រួតពិនិត្យឡើងវិញយ៉ាងយកចិត្ដទុកដាក់ផងដែរ ហើយបានធ្វើឲ្យមានភាពស៊ីសង្វាក់គ្នាដើម្បីជួយអ្នក ៖
-
ធានាបាននូវភាពត្រឹមត្រូវនៃគោលលទ្ធិ
-
ឆ្លុះបញ្ចាំងនូវចេតនារបស់អ្នកនិពន្ធដ៏បំផុសគំនិត
-
សូមរក្សានូវវិធីសាស្ដ្រប្រកបដោយតុល្យភាពចំពោះគោលការណ៍គំរូនៃការបង្រៀនដូចព្រះគ្រីស្ទ ដែលមាននៅក្នុង ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ។
-
ផ្ដល់នូវបទពិសោធន៍ការរៀនសូត្រដើម្បីសិស្សចែកចាយ និងបង្ហាញអ្វីដែលពួកគេកំពុងរៀន ។
-
ប្រើវិធីសាស្ត្រផ្សេងៗគ្នា ។
មានការពិចារណាសំខាន់ៗជាច្រើនដែលយើងត្រូវចងចាំពេលរៀបចំមេរៀន ។ ការទទួលយកកម្មវិធីសិក្សាអាចជួយដឹកនាំអ្នកឲ្យដឹងពីអ្វី និងរបៀបដែលអ្នកត្រូវបង្រៀន ។ វាក៏អាចជួយអ្នកឲ្យស្ថិតនៅលើគ្រឹះនៃគោលលទ្ធិដ៏រឹមាំផងដែរ ។
នេះគឺជាវិធីមួយចំនួនដែលអ្នកអាចទទួលយកកម្មវិធីសិក្សា ៖
-
អានគោលបំណងនៃមេរៀនដោយប្រុងប្រយ័ត្ន ។ គោលបំណងនៃមេរៀនមាននៅក្នុងឯកសារទិដ្ឋភាពទូទៅ និងនៅក្នុងប្រយោគចុងក្រោយនៃបុព្វកថាក្នុងមេរៀននីមួយៗ ។ រាល់មាតិកា និងសកម្មភាពទាំងអស់ គឺស្របគ្នាជាមួយនឹងគោលបំណង ឬលទ្ធផលនៃការរៀនសូត្រនេះ ។
-
អានមេរៀនពីដើមដល់ចប់ ។ ពិចារណាពីរបៀបដែលសិស្សនឹងអានខគម្ពីរដែលបានជ្រើសរើសសេចក្ដីពិតជាអក្សរដិត សម្រង់សម្ដី និងសកម្មភាពទាំងឡាយ មានភាពស្របគ្នាទៅនឹងគោលបំណងមេរៀន ហើយផ្ដល់នូវបទពិសោធន៍ការផ្ដោតសំខាន់លើព្រះគ្រីស្ទ ការផ្អែកលើព្រះគម្ពីរ និងការផ្ដោតលើសិស្ស ។ ផ្ដោតការយកចិត្ដទុកដាក់ខ្ពស់ទៅលើសកម្មភាពរៀនសូត្រនៅចុងបញ្ចប់នៃមេរៀន ដែលនឹងផ្ដល់ឱកាសដល់សិស្សក្នុងបង្ហាញគោលបំណងនៃមេរៀន ។
-
សូមពិចារណាក្នុងការឆ្លើយសំណួរ និងធ្វើសកម្មភាពទាំងឡាយប្រៀបដូចជាអ្នកជាសិស្សអ៊ីចឹងដែរ ។ ការធ្វើបែបនេះអាចជួយអ្នករៀនដោយព្រះវិញ្ញាណ និងចូលទៅក្នុងថ្នាក់រៀនដោយមានភាពស្អាងឡើង ត្រូវបានលើកស្ទួយ ហើយមានការរៀបចំខ្លួនយ៉ាងប្រសើរដើម្បីផ្ដល់បទពិសោធន៍ស្រដៀងគ្នានេះដល់សិស្សរបស់អ្នក ។
-
ស្វែងរកដើម្បីយល់ និងបង្រៀនមេរៀនគ្រប់ប្រភេទទាំងអស់ដែលមាននៅក្នុងកម្មវិធីសិក្សា ទោះបីជាមេរៀនទាំងនោះថ្មីសម្រាប់អ្នកក៏ដោយ ។ ( ប្រភេទនៃមេរៀនរួមមាន មេរៀនវគ្គសិក្សាបទគម្ពីរ មេរៀនការអនុវត្ដចំណេះចំណានខាងគោលលទ្ធិ មេរៀនវាយតម្លៃការរៀនសូត្ររបស់អ្នក និងមេរៀននៃការរៀបចំជីវិត ) ។ បទពិសោធន៍នៃការរៀនសូត្រនីមួយៗទាំងនេះរួមចំណែកនៅក្នុងរបៀបដ៏ពិសេសមួយដើម្បធ្វើឲ្យការប្រែចិត្តជឿរបស់សិស្សលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់កាន់តែមានភាពជ្រាលជ្រៅ ។
ការជ្រើសរើសដើម្បីទទួលយកអ្វីដែលមានក្នុងកម្មវិធីសិក្សាអាចមានសារៈសំខាន់ជាពិសេសសម្រាប់មេរៀននៃការរៀបចំជីវិត ។ មេរៀនទាំងនេះផ្ដោតលើប្រធានបទសំខាន់ៗជាច្រើនប្រភេទសម្រាប់ជីវិតរបស់សិស្ស ។ មេរៀនទាំងនេះបានរៀបរៀងឡើងដោយមានជំនួយមកពីនាយកដ្ឋានផ្សេងៗនៃសាសនាចក្រ និងអ្នកជំនាញលើប្រធានបទសំខាន់ៗផ្សេងៗទៀត ។ គ្រូបង្រៀនមួយចំនួនអាចមានអារម្មណ៍ថាមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីបង្រៀនប្រធានបទជាក់លាក់មួយចំនួននៃការរៀបចំជីវិតនោះទេ ប៉ុន្ដែមានអារម្មណ៍ថាពួកគេមានចំណេះដឹងទូលំទូលាយទៅលើប្រធានបទមួយចំនួនផ្សេងទៀតនៃការរៀបចំជីវិតវិញ ។ ក្នុងករណីមួយណាក៏ដោយ គ្រូបង្រៀនទាំងឡាយគួរតែមានភាពឈ្លាសវៃក្នុងការទទួលយកកម្មវិធីសិក្សានេះជាមុនសិន មុនពេលព្យាយាមដើម្បីកែសម្រួលវា ។ ( សូមមើលករណីសិក្សារបស់ បងប្រុស អាលវ៉ារេស្ស និង បងស្រី សាតូ ដូចខាងក្រោម ) ។
ករណីសិក្សាសម្រាប់ការទទួលយកកម្មវិធីសិក្សា
បងប្រុស អាលវ៉ារេស្ស—ជាគ្រូបង្រៀនម្នាក់ដែលមានអារម្មណ៍ថាមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីបង្រៀនមេរៀនជាក់លាក់មួយនៃការរៀបចំជីវិត
បងប្រុស អាលវ៉ារេស្ស គឺជាអ្នកផ្លាស់ប្រែចិត្ដជឿ ហើយមិនបានបម្រើបេសកកម្មពេញម៉ោងនោះទេ ។ គាត់មានអារម្មណ៍ថាមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីបង្រៀនអំពីការរៀបចំចេញជាអ្នកផ្សព្វផ្សាយសាសនាទេ ដោយសារតែគាត់មិនដែលបានបម្រើបេសសកម្ម ហើយបានពិចារណានឹងរំលងផ្នែកការរៀបចំចេញជាអ្នកផ្សព្វផ្សាយសាសនាក្នុងមេរៀននៃការរៀបចំជីវិត ។ ប៉ុន្ដែ កាលគាត់ចាប់ផ្ដើមមើលមេរៀន គាត់កត់សម្គាល់ឃើញថាមេរៀនទាំងនោះផ្ដោតលើព្រះគ្រីស្ទជាគំរូដ៏ឥតខ្ចោះនៃការចែកចាយដំណឹងល្អរបស់ទ្រង់ ហើយមិនមែនផ្អែកលើបទពិសោធន៍របស់គាត់ផ្ទាល់់នោះទេ ។ មេរៀនទាំងនោះរួមបញ្ចូលខគម្ពីរដែលប្រកបដោយការយល់ដឹង និងសកម្មភាពទាំងឡាយដែលគួរឲ្យចាប់ចិត្ដដើម្បីជួយសិស្សរបស់គាត់រៀបចំដើម្បីបម្រើជាពួកអ្នកផ្សព្វផ្សាយសាសនាសម្រាប់ព្រះអម្ចាស់ ។ គាត់បានដឹងថា មេរៀននៃកម្មវិធីសិក្សានេះអាចជួយសិស្សរបស់គាត់ឲ្យមានបទពិសោធន៍យ៉ាងអស្ចារ្យ ទោះបីជាគាត់មិនមានបទពិសោធន៍រៀបចំខ្លួនចេញជាអ្នកផ្សព្វផ្សាយសាសនាក្ដី ។
បងស្រី សាតូ—ជាគ្រូបង្រៀនដែលមានបទពិសោធន៍ទូលំទូលាយនៅក្នុងប្រធានបទជាកលាក់មួយនៃការរៀបចំជីវិត
បងស្រី សាតូ កំពុងរៀបចំបង្រៀនមេរៀននៃការរៀបចំជីវិតអំពីការគ្រប់គ្រងហិរញ្ញវត្ថុ ។ គាត់គឺជាអ្នកជំនាញផែនការហិរញ្ញវត្ថុម្នាក់ ហើយរំភើបដើម្បីចែកចាយចំណេះដឹង និងបទពិសោធន៍របស់គាត់ជាមួយថ្នាក់សិក្ខាសាលារបស់គាត់ ។ កាលគាត់សិក្សាកម្មវិធីសិក្សាប្រកបដោយការអធិស្ឋាន គាត់ទទួលស្គាល់នូវភាពសាមញ្ញនៃសម្ភារ និងការសង្កត់ធ្ងន់លើព្រះយេស៊ូវគ្រីស្ទ និងព្រះគម្ពីរ ។ គាត់កំណត់ថា ការបង្រៀនមេរៀនដូចដែលបានដាក់ចេញនៅក្នុងកម្មវិធីសិក្សានេះនឹងជួយសិស្សរបស់គាត់ពង្រឹងសេចក្ដីជំនឿរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទ និងផ្ដល់ដល់ពួកគេនូវគោលការណ៍ហិរញ្ញវត្ថុដ៏សមរម្យសម្រាប់ទិសដៅក្នុងជីវិតរបស់ពួកគេ ។ ជំនួសឲ្យការរៀបចំបង្រៀនគោលការណ៍ហិរញ្ញវត្ថុកម្រិតខ្ពស់ បងស្រី សាតូ សម្រេចចិត្ដបន្ដប្រើមេរៀនដែលមាននៅក្នុងកម្មវិធីសិក្សា ។
ការកែសម្រួលកម្មវិធីសិក្សា
ក្នុងនាមជាគ្រូបង្រៀនថ្នាក់សិក្ខាសាលា អ្នកស្ថិតនៅក្នុងតួនាទីដ៏មានអភ័យឯកសិទ្ធិដើម្បីជួយសិស្សរបស់អ្នកឲ្យមករកព្រះយេស៊ូវគ្រីស្ទ ។ តាមរយៈការមានទំនាក់ទំនងជាទៀងទាត់ជាមួយសិស្សរបស់អ្នក អ្នកនឹងស្គាល់ពួកគេច្បាស់ ហើយស្រឡាញ់ពួកគេខ្លាំង ។ ការស្គាល់ និងការស្រឡាញ់សិស្សរបស់អ្នកនឹងបង្កើនសមត្ថភាពរបស់អ្នកក្នុងការទទួលបានការបំផុសគំនិតមកពីព្រះវិញ្ញាណបរិសុទ្ធ អំពីពេលណានិងរបៀបណាដើម្បីធ្វើការកែសម្រួលកម្មវិធីសិក្សានេះ ។ កាលអ្នករៀបចំមេរៀនដោយការប្រើកម្មវិធីសិក្សានេះ សូមចាប់ផ្ដើមការរៀបចំរបស់អ្នកដោយការអធិស្ឋាន ។ ព្រះវរបិតាសួគ៌នឹងបំផុសគំនិតដល់អ្នកនូវអ្វីដែលអ្នកគួរកែសម្រួលតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ប្រសិនបើមាន អ្នកអាចនឹងបង្កើតមាតិកាមេរៀនដែលប្រសើរជាងដើម្បីឲ្យស្របនឹងតម្រូវការ និងសមត្ថភាពនៃសិស្សរបស់អ្នក ។
មូលហេតុមួយចំនួនដែលអ្នកអាចនឹងកែសម្រួលមេរៀនរួមមាន ៖
-
ដើម្បីជួយសិស្សដោះស្រាយបញ្ហា និងសំណួរថ្មីៗ ។ ( សូមមើលករណីសិក្សារបស់ បងប្រុស ចូនស៍ ) ។
-
ដើម្បីឲ្យផ្នែកនៃមេរៀនកាន់តែមានភាពទាក់ទងផ្អែកលើតម្រូវការ សមត្ថភាព វប្បធ៌មរបស់សិស្ស ឬផ្អែកលើធនធានដែលមាន ។ ( សូមមើលករណីសិក្សារបស់ បងស្រី ឌូបេ បងប្រុស រេយេស៍និង បងស្រី រ៉ូឌ្រីហ្គេស៍ ) ។
-
ដើម្បីប្រើប្រាស់ សេចក្ដីថ្លែងការណ៍ ការណែនាំ ឬធនធាននានាដែលថ្មីបំផុតដែលបានផ្តល់មកពីថ្នាក់ដឹកនាំសាសនាចក្រ ។ ( សូមមើលករណីសិក្សារបស់ បងស្រី ឆ្មីដ ) ។
-
ដើម្បីស្វែងរករបៀបដ៏ប្រសើរក្នុងការសម្រេចផ្នែកមួយដែលបានផ្តល់ឲ្យនៅក្នុងមេរៀននោះ ។ ឧទាហរណ៍អាចរួមមាន ការកែតម្រូវមេរៀនដែលមានវត្ថុតំណាងឲ្យនៅក្នុងរបៀបមួយដែលនៅតែអាចរៀបចំគំនិត និងដួងចិត្ដរបស់សិស្សឲ្យទទួលការបង្រៀន ឬអញ្ជើញសិស្សឲ្យសម្ដែងនូវដំណើររឿងមួយចេញពីព្រះគម្ពីរ ជាជាងការមើលវីដេអូដែលបង្ហាញពីព្រឹត្ដិការណ៍ដូចគ្នា ។ ( សូមមើលករណីសិក្សារបស់ បងប្រុស លី ) ។
ពីមុនកែសម្រួលកម្មវិធីសិក្សានេះ សូមពិចារណាដោយសួរខ្លួនឯងនូវសំណួរដូចតទៅនេះ ៖
-
តើការកែសម្រួលរបស់ខ្ញុំនឹងនៅតែផ្ដល់បទពិសោធន៍នៃការរៀនសូត្រ ដែលផ្ដោតសំខាន់លើព្រះគ្រីស្ទ ផ្អែកលើព្រះគម្ពីរ និងផ្ដោតលើសិស្ស ដែរឬទេ ?
-
តើការកែសម្រួលរបស់ខ្ញុំត្រូវគ្នាជាមួយនឹងការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ និងគោលការណ៍នៃការបង្រៀនដូចព្រះគ្រីស្ទដែលមាននៅក្នុង ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះដែរឬទេ ?
-
តើការកែសម្រួលនេះឆ្លុះបញ្ចាំងពីបំណងរបស់អ្នកនិពន្ធដ៏បំផុសគំនិតដែរឬទេ ?
-
តើការកែសម្រួលនេះផ្តោតលើគោលការណ៍នៃការប្រែចិត្តជឿដែរឬទេ ?
-
តើខ្ញុំយល់ពីរបៀបដែលការកែសម្រួលរបស់ខ្ញុំអាចប៉ះពាល់ដល់មេរៀននាពេលអនាគត និងបទពិសោធន៍នៃការវាយតម្លៃដល់សិស្សទាំងឡាយដែរឬទេ ?
ករណីសិក្សាសម្រាប់ការកែសម្រួលកម្មវិធីសិក្សា
បងប្រុស ចូនស៍—កែសម្រួលមេរៀនមួយផ្អែកលើបញ្ហាថ្មីៗ និងបន្ទាន់
បងប្រុស ចូនស៍ បានរៀបចំខ្លួនយ៉ាងឧស្សាហ៍ព្យាយាមនៅថ្ងៃសុក្រ ពីមុនសន្និសីទទូទៅនៅចុងសប្តាហ៍ ដើម្បីបង្រៀនមេរៀនវគ្គសិក្សាបទគម្ពីរសម្រាប់ថ្ងៃចន្ទបន្ទាប់នេះ ។ ដោយក្តីភ្ញាក់ផ្អើល គាត់បានឮព្យាការីប្រកាសអំឡុងពេលសន្និសីទថា នៅតំបន់ដែលគាត់បង្រៀននោះនឹងមានព្រះវិហារបរិសុទ្ធមួយដែលនឹងសាងសង់ ។ គាត់ដឹងថា សិស្សនឹងមករៀនទាំងអារម្មណ៍រំភើប ដើម្បីនិយាយអំពីព្រះវិហារបរិសុទ្ធ ហើយថាសិស្សច្រើននាក់ទៀតនឹងមានសំណួរអំពីព្រះវិហារបរិសុទ្ធនោះ ។
បងប្រុស ចូនស៍ មានអារម្មណ៍បំផុសគំនិតដោយព្រះវិញ្ញាណបរិសុទ្ធដើម្បីកែសម្រួលសេចក្តីណែនាំអំពីល្បឿនបង្រៀនរបស់គាត់ ដើម្បីបង្រៀនមេរៀនមួយក្នុងចំណោមមេរៀនការរៀបចំខ្លួនទៅព្រះវិហារបរិសុទ្ធ ចេញពីផ្នែកការរៀបចំជីវិតនៃកម្មវិធីសិក្សានៅថ្ងៃចន្ទ ជាជាងការបង្រៀនមេរៀនវគ្គសិក្សាបទគម្ពីរ ។
បងប្រុស រេយេស៍—កែសម្រួលសកម្មភាពដោយផ្អែកលើសមត្ថភាពរបស់សិស្ស
ខណៈដែលកំពុងសិក្សាមេរៀនមួយ បងប្រុស រេយេស៍ កត់សម្គាល់ឃើញថាមេរៀននេះគឺពឹងផ្អែកយ៉ាងខ្លាំងលើទម្រង់ការពិភាក្សាសម្រាប់សិស្ស ។ បងប្រុស រេយេស៍ បានសង្កេតឃើញថា សិស្សរបស់គាត់ជារឿយៗគឺស្ងប់ស្ងាត់ និងមិនមានការឆ្លើយតបល្អទេក្នុងការពិភាក្សា ។ ផ្ទុយទៅវិញ ពួកគេចូលចិត្ដសរសេរចូលក្នុងសៀវភៅកំណត់ហេតុរបស់ពួកគេ ។ ជាជាងការសម្រេបសម្រួលការពិភាក្សា គាត់សម្រេចចិត្ដសរសេរសំណួរពីរ ចេញពីកម្មវិធីសិក្សានេះនៅលើក្ដារខៀន ហើយអញ្ជើញពួកសិស្សឲ្យសរសេរចម្លើយរបស់ពួកគេ ។ គាត់មានគម្រោងឲ្យសិស្សស្ម័គ្រចិត្តឡើងចែកចាយអ្វីដែលពួកគេបានសរសេរ ។
បងស្រី រ៉ូឌ្រីហ្គេស៍—កែសម្រួលមេរៀនដោយផ្អែកតាមវប្បធម៍ក្នុងមូលដ្ឋាន
បងស្រី រ៉ូឌ្រីហ្គេស៍ កំពុងរៀបចំបង្រៀនមេរៀនមួយដែលរួមបញ្ចូលខគម្ពីរយោងអំពីម៉ារា ជាម្ដាយរបស់ព្រះយេស៊ូវ ។ មានវប្បធម៌មួយអំពីការយល់ និងជំនឿខុសៗគ្នាយ៉ាងខ្លាំងអំពីម៉ារា នៅក្នុងទីក្រុងដែលបងស្រី រ៉ូឌ្រីហ្គេស៍ កំពុងរស់នៅទីនោះ ។ មនុស្សជាច្រើនថ្វាយបង្គំម៉ារា ដោយសារគាត់គឺជាមាតារបស់ព្រះយេស៊ូវគ្រីស្ទ ។ ពេលគាត់សិក្សាមេរៀនមកពីកម្មវិធីសិក្សានេះ បងស្រី រ៉ូឌ្រីហ្គេស៍ រកមើលកន្លែងសមរម្យមួយដើម្បីជួយសិស្សឲ្យយល់អំពីអ្វីដែលព្រះគម្ពីរ និងថ្នាក់ដឹកនាំសាសនាចក្របានបង្រៀនអំពីម៉ារា ។ គាត់សម្រេចចិត្តកែសម្រួលមេរៀននោះ ដោយការបន្ថែមសំណួរពីរដូចតទៅនេះ ទៅលើអ្វីដែលមាននៅក្នុងកម្មវិធីសិក្សា ៖
« តើ អាលម៉ា ៧:១០ ជួយយើងឲ្យយល់អ្វីខ្លះអំពីម៉ារា ? ទោះបីយើងគោរព និងស្រឡាញ់ម៉ារា និងពួកសិស្សដ៏ស្មោះត្រង់ដទៃទៀតនៅក្នុងព្រះគម្ពីរក្តី តើ អាលម៉ា ៧:១១–១៣ ជួយយើងឲ្យយល់ពីមូលហេតុដែលយើងថ្វាយបង្គំតែព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
បងស្រី ឌូបេ—កែសម្រួលមេរៀនផ្អែកទៅលើធនធានដែលមាន
ពេលដែលបងស្រី ឌូបេ រៀបចំមេរៀន គាត់កត់សម្គាល់ឃើញថា មានការអញ្ជើញមួយនៃការអញ្ជើញជាច្រើនគឺសម្រាប់សិស្សស្រាវជ្រាវពីបុព្វការីជនរបស់ពួកគេនៅលើគេហទំព័រ FamilySearch.org ។ គាត់ដឹងថា សិស្សរបស់គាត់ភាគច្រើនគ្មានអ៊ីនធឺណិតប្រើទេ ។ គាត់បានកែសម្រួលការអញ្ជើញដោយឆ្លាតវៃ ដោយឲ្យសិស្សចាប់ផ្តើមបំពេញក្រុមគ្រួសារនៅលើក្រដាស ហើយនិយាយជាមួយអ្នកប្រឹក្សាយោបល់ផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិវួដ ដើម្បីរៀនអំពីរបៀបដែលពួកគេអាចស្រាវជ្រាវរកឈ្មោះរបស់គ្រួសារផ្សេងទៀត ។
បងស្រី ឆ្មីដ—កែសម្រួលមេរៀនមួយដើម្បីប្រើប្រាស់សេចក្ដីថ្លែងការណ៍ថ្មីៗពីថ្នាក់ដឹកនាំសាសនាចក្រ
ក្នុងអំឡុងការរៀបចំមេរៀនរបស់គាត់ បងស្រី ឆ្មីដ កំពុងអានមេរៀនដែលគាត់នឹងបង្រៀននៅថ្ងៃបន្ទាប់ ។ ខណៈពេលកំពុងអានសេចក្ដីថ្លែងការណ៍ពីអ្នកដឹកនាំសាសនាចក្រនៅក្នុងមេរៀន គាត់ចងចាំពីសេចក្ដីថ្លែការណ៍ថ្មីមួយដែលអាចសម្រេចបាននូវគោលបំណងដូចគ្នានេះ ។ ថ្មីៗនេះ គាត់បានសិក្សាសុន្ទរកថានៅក្នុងការសិក្សាផ្ទាល់ខ្លួនរបស់គាត់ ហើយវានៅដក់ជាប់ក្នុងចិត្ដរបស់គាត់ ។ គាត់សម្រេចចិត្ដប្រើប្រាស់សេចក្តីថ្លែងការណ៍ចុងក្រោយបំផុតនេះជំនួសឲ្យការប្រើប្រាស់សេចក្ដីថ្លែងការណ៍ដែលនៅកម្មវិធីសិក្សានេះ ។
បងប្រុស លី—កែសម្រួលសកម្មភាពរៀនសូត្រដើម្បីសម្រេចនូវគោលបំណងបានកាន់តែប្រសើរ
ពេលដែលបងប្រុស លី កំពុងរៀបចំដើម្បីបង្រៀនមេរៀនចេញពីកម្មវិធីសិក្សានេះ គាត់អានការណែនាំដែលឲ្យយកបាល់ទាត់មកថ្នាក់រៀន ។ គាត់កត់សម្គាល់ឃើញថា គោលបំណងនៃមេរៀនដែលមានវត្ថុតំណាងនេះ គឺដើម្បីជួយសិស្សឲ្យមើលឃើញថាការដឹងបន្ថែមអំពីប្រវត្ដិរបស់បាល់ទាត់អាចមានឥទ្ធិពលដល់តម្លៃរបស់វាបាន ។
ដោយចង់សម្រេចបាននូវគោលបំណងនេះ ក្នុងរបៀបមួយដ៏មានប្រសិទ្ធភាពបំផុតសម្រាប់សិស្សរបស់គាត់ នោះគាត់ពិចារណាមួយសន្ទុះអំពីវត្ថុមួយដែលអាចយកទៅថ្នាក់រៀន ដែលត្រូវបំផុតជាមួយនឹងសិស្សរបស់គាត់ ។ គាត់សម្រេចចិត្តកែសម្រួលមេរៀននោះ ដោយយកខ្សែកដ៏សាមញ្ញមួយទៅថ្នាក់រៀន ។ បន្ទាប់ពីសិស្សចែកចាយអំពីតម្លៃដែលពួកគេគិតទៅលើខ្សែកនោះ គាត់នឹងចែកចាយពីបុគ្គលដែលធ្វើខ្សែកនោះ និងមូលហេតុដែលការស្គាល់ប្រវត្តិរបស់ខ្សែកនោះ ធ្វើឲ្យវាមានតម្លៃកាន់តែច្រើនជាងអ្វីៗផ្សេងទៀតចំពោះគាត់ ។
ការណែនាំសម្រាប់ការទទួលយក និងការកែសម្រួល
ទោះបីជារាល់សម្ភារដែលនៅក្នុងកម្មវិធីសិក្សានេះអាចត្រូវបានកែសម្រួលក្ដី ក៏ដ្យាកា្រមដូចតទៅនេះនឹងបង្ហាញពីលំដាប់នៃរបៀបដែលផ្នែកផ្សេងៗនៃមេរៀនអាចនឹងសមស្របដើម្បីកែសម្រួល ជាងផ្នែកដទៃផ្សេងទៀតដែរ ។
ឧទាហរណ៍ គោលបំណងមេរៀន បរិបទនៅក្នុងបណ្ដុំ ឬសេចក្ដីពិតដែលមានជាអក្សរដិតអាចមិនសូវសមរម្យដើម្បីបត់បែន ជាងរបៀបដើម្បីចាប់ផ្ដើមមេរៀន ឬឧទាហរណ៍អ្វីដែលគ្រូបង្រៀននឹងចែកចាយចេញពីសេចក្ដីពិតដែលមានជាអក្សរដិតនោះទេ ។ សម្ភារដែលនៅកៀកផ្នែកខាងឆ្វេងជាញឹកញាប់អាចត្រូវបានទទួលយក ខណៈដែលសម្ភារនៅផ្នែកខាងស្ដាំជាញឹកញាប់អាចកែសម្រួលបាន ។ សូមចងចាំថា ទាំងនេះគឺជាការផ្ដល់យោបល់តែប៉ុណ្ណោះ ។ គ្រូង្រៀនទាំងឡាយមិនត្រូវបានរំពឹងឲ្យកែសម្រួលគ្រប់យ៉ាងដែលនៅផ្នែកខាងស្ដាំនោះឡើយ គឺដូចគ្នាដែលពួកគេក៏នឹងមិនត្រូវបានរំពឹងឲ្យទទួលយកគ្រប់យ៉ាងដែលនៅផ្នែកខាងឆ្វេងនោះដែរ ។
សេចក្ដីបញ្ចប់
ព្រះវរបិតាសួគ៌នឹងដឹកនាំអ្នកតាមរយៈព្រះវិញ្ញាណបរិសុទ្ធ កាលអ្នកសិក្សាព្រះបន្ទូលរបស់ទ្រង់ប្រកបដោយការអធិស្ឋាន ហើយរៀបចំមេរៀនដើម្បីផ្ដល់ពរជ័យដល់បុត្រា និងបុត្រីទាំងឡាយរបស់ទ្រង់ ។ ទ្រង់អាចជួយអ្នកយល់ពីរបៀបដើម្បីទទួលយកអ្វីដែលបានផ្ដល់ឲ្យនៅក្នុងកម្មវិធីសិក្សានេះ និងពេលណាដែលគួរធ្វើការកែសម្រួលដើម្បីជួយសិស្សរបស់អ្នកបានកាន់តែប្រសើរ ។