« ការបំពាក់បំប៉នស្តីពីការបង្កើតសេចក្តីណែនាំអំពីល្បឿនបង្រៀន » ការបំពាក់បំប៉នកម្មវិធីសិក្សាថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
ឧបសម្ព័ន្ធ
ការបំពាក់បំប៉នស្ដីពីការបង្កើតសេចក្តីណែនាំអំពីល្បឿនបង្រៀន
សេចក្តីផ្ដើម
នៅក្នុងថ្នាក់សិក្ខាសាលា សិស្សសិក្សាដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ តាមរយៈមេរៀនវគ្គសិក្សាបទគម្ពីរ និងមេរៀននៃការរៀបចំជីវិត ។ តារាងខាងក្រោមនេះ រាយបញ្ជីនូវប្រភេទផ្សេងៗគ្នាដែលទាក់ទងនឹងប្រភេទនៃមេរៀនទាំងនេះ ។
ប្រភេទមេរៀនវគ្គសិក្សាបទគម្ពីរ |
ប្រភេទមេរៀននៃការរៀបចំជីវិត |
---|---|
ប្រភេទមេរៀនវគ្គសិក្សាបទគម្ពីរ
| ប្រភេទមេរៀននៃការរៀបចំជីវិត
|
ពេលបង្កើតសេចក្ដីណែនាំអំពីល្បឿនបង្រៀន វាអាចពិបាកដើម្បីដឹងអំពីពេលណា និងញឹកញាប់ប៉ុនណាដើម្បីដាក់កាលវិភាគសម្រាប់ប្រភេទនៃមេរៀនខុសគ្នាៗទាំងនេះសម្រាប់រយៈពេលពេញមួយឆ្នាំ ។ ការបំពាក់បំប៉ននេះ គឺមានគោលបំណងដើម្បីផ្ដល់ការណែនាំទៅកាន់អ្នកគ្រប់គ្រងកម្មវិធី អ្នកសម្របសម្រួល និងគ្រូបង្រៀននៅក្នុងការបង្កើតសេចក្ដីណែនាំអំពីល្បឿនបង្រៀន ដែលនឹងប្រាកដថាប្រភេទមេរៀនទាំងនេះ គឺត្រូវបានបង្រៀនជាមួយនឹងតុល្យភាពសមស្រប ។
គោលការណ៍ដើម្បីធ្វើតាម នៅពេលបង្កើតសេចក្ដីណែនាំអំពីល្បឿនបង្រៀន
គោលការណ៍ទាំងបួនខាងក្រោមនេះអាចនឹងមានអត្ថប្រយោជន៍ដើម្បីយល់ និងធ្វើតាមពេលបង្កើតសេចក្ដីណែនាំអំពីល្បឿនបង្រៀន ។
គោលការណ៍ទី ១ ៖ សូមធ្វើតាមកាលវិភាគប្រចាំសប្ដាហ៍របស់សៀវភៅសិក្សា ចូរមកតាមខ្ញុំ នៅពេលដាក់កាលវិភាគមេរៀនវគ្គសិក្សាបទគម្ពីរ ។
មាតិកានៅក្នុងមេរៀនវគ្គសិក្សាបទគម្ពីរ គឺមានគោលបំណងដើម្បីដាក់ស្របទៅអ្វីដែលសិស្សកំពុងសិក្សាផ្ទាល់ខ្លួន និងសិក្សាជាមួយក្រុមគ្រួសាររបស់ពួកគេនៅគេហដ្ឋាន ។ ហេតុដូច្នោះហើយ គ្រូបង្រៀនជាទូទៅគួរតែបង្រៀនមេរៀនវគ្គសិក្សាបទគម្ពីរនៅក្នុងសប្ដាហ៍តែមួយដែលមានដាក់កាលវិភាគនៅក្នុងសៀវភៅសិក្សា ចូរ មកតាមខ្ញុំ ។ ពេលខ្លះ មេរៀនវគ្គសិក្សាបទគម្ពីរអាចត្រូវបានបង្រៀននៅក្នុងថ្នាក់សិក្ខាសាលា នៅពេលដែលមិនស្របនឹងល្បឿនបង្រៀននៃសៀវភៅសិក្សា ចូរមកតាមខ្ញុំ ប៉ុន្ដែករណីទាំងនេះគឺគួរតែកម្រ ហើយគ្រូបង្រៀនគួរតែចៀសវាងបង្រៀនមេរៀនដែលយឺតជាង ឬលឿនជាង ចូរមកតាមខ្ញុំ ។
គោលការណ៍ទី ២ ៖ ដាក់កាលវិភាគឲ្យបានសមរម្យសម្រាប់មេរៀនវគ្គសិក្សាបទគម្ពីរ និងមេរៀននៃការរៀបចំជីវិតសម្រាប់សប្ដាហ៍នីមួយៗ ។
មេរៀនវគ្គសិក្សាបទគម្ពីរ ( រួមមានការអនុវត្ដចំណេះចំណានខាងគោលលទ្ធិ និងវាយតម្លៃការរៀនសូត្ររបស់អ្នក ) និងមេរៀននៃការរៀបចំជីវិត គឺមានសារៈសំខាន់សម្រាប់បទពិសោធន៍ថ្នាក់សិក្ខាសាលា ។ សូមព្យាយាមដើម្បីផ្ដល់នូវវិធីសាស្ដ្រមួយដ៏មានតុល្យភាពអំពីរបៀបដែលអ្នកដាក់កាលវិភាគសម្រាប់មេរៀនទាំងនេះនៅក្នុងសប្ដាហ៍នីមួយៗ ។ ឧទាហរណ៍ ជាមធ្យមនៅក្នុងកម្មវិធីដែលរៀនប្រាំដងក្នុងមួយសប្ដាហ៍ ជាធម្មតាគួរតែបង្រៀនបីមេរៀននៃមេរៀនវគ្គសិក្សាបទគម្ពីរ និងពីរមេរៀនសម្រាប់មេរៀននៃការរៀបចំជីវិត ។
ប្រហែលជាមានសប្ដាហ៍មួយចំនួនដែលសមរម្យដើម្បីកែសម្រួលតុល្យភាពដែលបានណែនាំនេះ ។ ឧទាហរណ៍ ក្នុងអំឡុងវគ្គសិក្សាព្រះគម្ពីរមរមន គ្រូបង្រៀនអាចបែងចែកពេលវេលាច្រើនជាងសម្រាប់មេរៀនវគ្គសិក្សាបទគម្ពីរក្នុងអំឡុងសប្ដាហ៍ដែលពួកគេបង្រៀន អំពីការបង្ហាញព្រះកាយរបស់ព្រះអង្គសង្គ្រោះដែលបានកត់ត្រានៅក្នុងនីហ្វៃទី ៣ ។ ប្រហែលជាមានសប្ដាហ៍មួយចំនួនទៀតដែលគ្រូបង្រៀនអាចចំណាយពេលវេលាច្រើនជាងទៅលើមេរៀននៃការរៀបចំជីវិត ។ ដើម្បីជួយគ្រូបង្រៀន និងអ្នកគ្រប់គ្រងកម្មវិធីធ្វើការសម្រេចចិត្ដទាំងនេះ ពេលខ្លះកម្មវិធីសិក្សាមាននូវមេរៀនវគ្គសិក្សាបទគម្ពីរចំនួនពីរ ឬបួននៅក្នុងសប្ដាហ៍នោះ ជាជាងធម្មតាដែលមានបីមេរៀន ។ សម្រាប់សប្ដាហ៍ដូចនេះ អាចជួយអ្នកឲ្យដឹងថា គួរសង្កត់ធ្ងន់ជាងទៅលើមេរៀនវគ្គសិក្សាបទគម្ពីរ ឬមេរៀននៃការរៀបចំជីវិតនៅពេលណា ។ ពេលដែលមេរៀនវគ្គសិក្សាបទគម្ពីរមានតិចជាងបីមេរៀន អ្នកអាចរួមបញ្ចូលមេរៀននៃការរៀបចំបន្ថែមនៅក្នុងសប្ដាហ៍នោះ ។ ប្រសិនបើមានមេរៀនវគ្គសិក្សាបទគម្ពីរច្រើនជាងបីមេរៀន នោះអ្នកអាចចំណាយពេលតិចជាងទៅលើមេរៀននៃការរៀបចំជីវិតនៅក្នុងសប្ដាហ៍នោះ ។
ទោះជាយ៉ាងណាក៏ដោយ សូមធ្វើឲ្យបានល្អបំផុតនៅក្នុងការបង្រៀនមេរៀននៃការរៀបចំជីវិតនីមួយៗក្នុងអំឡុងឆ្នាំសិក្សា ។ មេរៀននៃការរៀបចំជីវិតអាចរកឃើញនៅបន្ទាប់ពីមេរៀនវគ្គសិក្សាបទគម្ពីរនៅក្នុងសៀវភៅសិក្សា ។
សេចក្ដីណែនាំខាងក្រោមនេះអាចជួយអ្នកធ្វើការសម្រេចចិត្ដអំពីពេលណាដើម្បីដាក់កាលវិភាគសម្រាប់ប្រភេទខុសគ្នាៗនៃមេរៀននៃការរៀបចំជីវិត ។
-
កំណត់ចំនួនមេរៀននៃការរៀបចំជីវិតឲ្យមានចំនួនប្រហាក់ប្រហែលគ្នាសម្រាប់ពាក់កណ្ដាលវគ្គសិក្សានីមួយៗ ។ ការណ៍នេះនឹងជួយគ្រូបង្រៀនឲ្យមានតុល្យភាពរវាងមេរៀនវគ្គសិក្សាបទគម្ពីរ និងមេរៀននៃការរៀបចំជីវិតក្នុងរយៈពេលពេញមួយឆ្នាំ ។
-
សូមប្រាកដថា គ្រូបង្រៀនដែលអ្នកមើលការខុសត្រូវ បង្រៀនមេរៀននៃការរៀបចំជីវិតដូចគ្នានៅក្នុងពាក់កណ្ដាលនៃវគ្គសិក្សានោះ ។ ការណ៍នេះនឹងជួយទប់ស្កាត់ការរៀនច្រំដែលនៃមេរៀននៃការរៀបចំជីវិតដែលសិស្សនឹងរៀន ប្រសិនបើពួកគេប្ដូរគ្រូបង្រៀនបន្ទាប់ពីបានបញ្ចប់ពាក់កណ្ដាលនៃវគ្គសិក្សាហើយ ។
-
សូមធ្វើតាមការណែនាំដែលបានផ្ដល់ដោយតំបន់ក្នុងមូលដ្ឋាន ភូមិភាគ ឬកម្មវិធីនានា ។ តំបន់ក្នុងមូលដ្ឋាន ភូមិភាគ ឬកម្មវិធីនានា អាចផ្ដល់នូវការណែនាំអំពីពេលណាដែលត្រូវបង្រៀនមេរៀននៃការរៀបចំជិវិតមួយចំនួន ឬទាំងអស់ ។
-
សូមយោងទៅលើការណែនាំល្បឿនបង្រៀននៅក្នុងផ្នែកទិដ្ឋភាពទូទៅនៃប្រភេទមេរៀននៃការរៀបចំជីវិតនីមួយៗ ។ ប្រភេទនីមួយៗនៃមេរៀននៃការរៀបចំជីវិតរួមបញ្ជូលការណែនាំល្បឿនបង្រៀននៅក្នុងផ្នែក « ទិដ្ឋភាពទូទៅ » របស់មេរៀននោះ ។ ការណែនាំទាំងនេះអាចជួយអ្នកធ្វើការសម្រេចចិត្ដអំពីពេលណាដែលជាពេលល្អបំផុតដើម្បីបង្រៀនមេរៀនមួយចំនួននៃមេរៀននៃការរៀបចំជីវិត ។ ឧទាហរណ៍ នៅក្នុងទិដ្ឋភាពនៃ « ការរៀបចំសម្រាប់ការអប់រំ និងការងារ » ការណែនាំគឺបង្កើតឡើងដើម្បីបង្រៀនមេរៀនដែលមានចំណងជើងថា « សារៈសំខាន់នៃការអប់រំ » នៅពេលចាប់ផ្ដើមឆ្នាំសិក្សា ។ ផ្នែក « ទិដ្ឋភាពទូទៅ » ក៏អាចផ្ដល់ការណែនាំអំពីមេរៀននៃការរៀបចំជីវិតជាក់លាក់ដែលមានប្រសិទ្ធភាពជាងនៅពេលបង្រៀនបន្ដបន្ទាប់គ្នា ឬកៀកគ្នា ។
-
កំណត់ពេលវេលាក្នុងឆ្នាំនោះ នៅពេលដែលសិស្សអាចទទួលបានអត្ថប្រយោជន៍ច្រើនបំផុតចេញពីមេរៀននៃការរៀបចំជីវិតជាក់លាក់ ។ ប្រហែលមានពេលខ្លះ ជាពេលដែលល្អបំផុតនៃឆ្នាំនោះដើម្បីបង្រៀនមេរៀននៃការរៀបចំជីវិតជាក់លាក់មួយចំនួន ។ ឧទាហរណ៍ វាប្រហែលជាល្អបំផុតដើម្បីបង្រៀនមេរៀនការរៀបចំខ្លួនក្លាយជាអ្នកផ្សព្វផ្សាយសាសនានៅចុងឆ្នាំសិក្សា ប្រសិនបើមានសិស្សថ្នាក់សិក្ខាសាលានឹងចេញបម្រើបេសកកម្មឆាប់ៗ ។ ឬមេរៀនសុខភាព ខាងផ្លូវកាយ និងសតិអារម្មណ៍មួយចំនួនអាចនឹងបង្រៀនអំឡុងពេលនៃឆ្នាំសិក្សា នៅពេលដែលសិស្សមានអារម្មណ៍តានតឹងខ្លាំង ។
-
កំណត់មេរៀនវគ្គសិក្សាបទគម្ពីរដែលទាក់ទងនឹងប្រភេទមេរៀននៃការរៀបចំជីវិត ។ ជាញឹកញាប់ មេរៀនវគ្គសិក្សាបទគម្ពីរទាំងនេះមាននូវមាតិកាដែលមេរៀននៃការរៀបចំជីវិតអាចបង្រៀនបន្ថែមពីលើបាន ។ ឧទាហរណ៍ អ្នកអាចដាក់កាលវិភាគថ្នាក់ការរៀបចំទៅព្រះវិហារបរិសុទ្ធនៅជិតនឹងបណ្ដុំព្រះគម្ពីរដែលផ្ដោតលើព្រះវិហារបរិសុទ្ធ ដូចជា គោលលទ្ធិ និងសេចក្ដីសញ្ញា ៩៥; ១០៩–១០; ១២៤; ១២៧–២៨; និក្ខមនំ ៣៥–៤០ ឬ ពង្សាវតារក្សត្រ ទី១ ៦–៩ ។
គោលការណ៍ទី ៣ ៖ សិស្សគួរតែមានឱកាសជាទៀងទាត់ដើម្បីគិតពិចារណា ចែកចាយ និងបង្ហាញពីអ្វីដែលពួកគេកំពុងរៀន ។
សៀវភៅសិក្សានេះមាននូវមេរៀនវាយតម្លៃការរៀនសូត្ររបស់អ្នក និងមេរៀនការអនុវត្ដចំណេះចំណានខាងគោលលទ្ធិ ដែលមានតាមពេលកំណត់នៅពេញមួយមេរៀនវគ្គសិក្សាបទគម្ពីរ ។ ទាំងនេះគឺជាផ្នែកដ៏សំខាន់នៃបទពិសោធន៍នៅថ្នាក់សិក្ខាសាលារបស់សិស្ស ។ មេរៀនវាយតម្លៃការរៀនសូត្ររបស់អ្នក ផ្ដល់ឱកាសឲ្យសិស្សដើម្បីពន្យល់គោលលទ្ធិសំខាន់ៗ និងគិតពិចារណាពីរបៀបដែលពួកគេកំពុងលូតលាស់ខាងវិញ្ញាណ ។ ការចូលរួមនៅក្នុងមេរៀនទាំងនេះ ក៏ជាតម្រូវការសម្រាប់សិស្សដើម្បីទទួលបានក្រេឌីតសម្រាប់ថ្នាក់សិក្ខាសាលាផងដែរ ។ មេរៀនការអនុវត្ដចំណេះចំណានខាងគោលលទ្ធិ ផ្ដល់ឱកាសដល់សិស្សដើម្បីធ្វើកិច្ចការឆ្ពោះទៅកាន់ការសម្រេចបាននូវលទ្ធផលនៃចំណេះចំណានខាងគោលលទ្ធិ ។
កាលអ្នកបង្កើតសេចក្ដីណែនាំអំពីល្បឿនបង្រៀនរបស់អ្នក សូមកុំរំលងមេរៀនវាយតម្លៃការរៀនសូត្ររបស់អ្នក ឬមេរៀននៃការអនុវត្ដចំណេះចំណានខាងគោលលទ្ធិដែលមាននៅក្នុងម៉ោងសិក្សាថ្នាក់សិក្ខាសាលាឡើយ ។ ទោះជាយ៉ាងណា អ្នកមិនចាំបាច់ប្តូរមេរៀនវាយតម្លៃការរៀនសូត្ររបស់អ្នក ឬមេរៀនការអនុវត្ដចំណេះចំណានខាងគោលលទ្ធិ ដែលនឹងមាននៅពេលសិស្សមិនទៅសាលារៀននោះទេ ដូចជាវិស្សមកាលរដូវក្ដៅ ឬរដូវរងា ជាដើម ។
គោលការណ៍ទី ៤ ៖ ដាក់កាលវិភាគសម្រាប់មេរៀនវគ្គសិក្សាបទគម្ពីរ ដែលអ្នកនឹងវាយតម្លៃនៅពេលក្រោយ ។
នៅសប្ដាហ៍មួយចំនួន ប្រហែលជាមានមេរៀនវគ្គសិក្សាបទគម្ពីរខ្លះ ដែលអាចនឹងបង្រៀនបានច្រើនជាងថ្ងៃដែលមានសម្រាប់បង្រៀនមេរៀនទាំងនោះ ។ ហេតុដូច្នោះហើយ ការសេម្រេចចិត្ដជាញឹកញាប់់នឹងត្រូវធ្វើឡើងថាតើមេរៀនវគ្គសិក្សាបទគម្ពីរណាមួយនឹងត្រូវដាក់កាលវិភាគ ។ នៅពេលធ្វើការសម្រេចចិត្ដទាំងនេះ សូមដាក់អាទិភាពមេរៀនវគ្គសិក្សាបទគម្ពីរដែល ( ១ ) ទាក់ទងនឹងអ្វីដែលបានគូសបញ្ជាក់នៅក្នុងមេរៀនវាយតម្លៃការរៀនសូត្ររបស់អ្នក និង ( ២ ) មាននូវវគ្គចំណេះចំណានខាងគោលលទ្ធិ ។ ការធ្វើបែបនេះ វានឹងធ្វើឲ្យមេរៀនដែលទាក់ទង និងមេរៀនវគ្គសិក្សាបទគម្ពីរគោលលិទ្ធិសំខាន់ៗត្រូវបានដាក់កាលវិភាគឲ្យរៀន ។
ខាងក្រោមនេះ អាចជួយអ្នកដឹងពីរបៀបកំណត់មេរៀនវគ្គសិក្សាបទគម្ពីរដែលទាក់ទងទៅនឹងមេរៀនវាយតម្លៃការរៀនសូត្ររបស់អ្នក និងមេរៀនការអនុត្ដចំណេះចំណានខាងគោលលទ្ធិ ៖
-
កំណត់មេរៀនវគ្គសិក្សាបទគម្ពីរដែលទាក់ទងនឹងមេរៀនវាយតម្លៃការរៀនសូត្ររបស់អ្នក ។ ជារឿយៗ សកម្មភាពទាំងឡាយចេញពីមេរៀនវគ្គសិក្សាបទគម្ពីរជាច្រើនមានយោងនៅក្នុងមេរៀនវាយតម្លៃការរៀនសូត្ររបស់អ្នក ។ ការអានមេរៀនវាយតម្លៃការរៀនសូត្ររបស់អ្នក ដែលអ្នកបានដាក់កាលវិភាគអាចជួយអ្នកដឹងពីមេរៀនវគ្គសិក្សាបទគម្ពីរដែលអ្នកដាក់់ជាអាទិភាពនៅក្នុងសេចក្ដីណែនាំអំពីល្បឿនបង្រៀនរបស់អ្នកបាន ។
-
កំណត់មេរៀនវគ្គសិក្សាបទគម្ពីរដែលមានវគ្គចំណេះចំណានខាងគោលលទ្ធិ ។ កម្មវិធីសិក្សាថ្នាក់សិក្ខាសាលារៀងរាល់ឆ្នាំ មានវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិចំនួន ២៤ ។ បញ្ជីនៃវគ្គបទគម្ពីរទាំងនេះអាចរកបាននៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២៣ ) ។ ប្រសិនបើសាលានៅបន្តបង្រៀន នៅពេលមេរៀនវគ្គសិក្សាបទគម្ពីរដែលមានវគ្គចំណេះចំណានខាងគោលលទ្ធិបានលេចឡើង មេរៀនទាំងនោះគួរតែត្រូវបានបង្រៀន ។ ទោះជាយ៉ាងណាក៏ដោយ ខណៈពេលដែលសិស្សមិនរៀននៅសាលារៀន ដូចជាអំឡុងវិស្សមកាលរដូវក្ដៅ ឬរដូវរងាជាដើម ការបង្រៀនមេរៀនវគ្គសិក្សាបទគម្ពីរដែលមានវគ្គចំណេះចំណានខាងគោលលទ្ធិគឺមិនចាំបាច់នោះទេ បើទោះជាមានមេរៀននេះក៏ដោយ ។
ឧទាហរណ៍ជាជំហានៗនៃការបង្កើតសេចក្ដីណែនាំអំពីល្បឿនបង្រៀន
មានរបៀបជាច្រើនដែលអ្នកអាចបង្កើតសេចក្ដីណែនាំអំពីល្បឿនបង្រៀនដោយប្រើប្រាស់បញ្ជីគោលការណ៍ខាងលើ ។ ឧទាហរណ៍ អ្នកអាចបង្កើតសេចក្ដីណែនាំអំពីល្បឿនបង្រៀនរបស់អ្នកតាមលំដាប់លំដោយនេះ ៖
-
ដាក់កាលវិភាគមេរៀនវគ្គសិក្សាបទគម្ពីរ រួមមាន ៖
-
មេរៀនវាយតម្លៃការរៀនសូត្ររបស់អ្នក
-
មេរៀននៃការអនុវត្តចំណេះចំណានខាងគោលលទ្ធិ
-
មេរៀនវគ្គសិក្សាបទគម្ពីរដែលរៀបចំសិស្សសម្រាប់មេរៀនណាមួយដែលបានរាយបញ្ជីខាងលើនេះ
-
-
ដាក់កាលវិភាគមេរៀននៃការរៀបចំជីវិត
-
ធ្វើការកែសម្រួល បើសិនជាចាំបាច់