« ការបំពាក់បំប៉នមេរៀននៃការរៀបចំជីវិត » ការបំពាក់បំប៉នកម្មវិធីសិក្សាថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
ការបំពាក់បំប៉នមេរៀននៃការរៀបចំជីវិត
ទិដ្ឋភាពទូទៅ
បន្ទាប់ពីកោតសរសើរដល់គ្រូបង្រៀនទាំងឡាយចំពោះកិច្ចខិតខំរបស់ពួកគាត់ក្នុងការផ្ដល់ពរដល់យុវវ័យ ប្រធាន ហែនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយបានមានប្រសាសន៍ថា « ប៉ុន្ដែ [ សិស្សរបស់់យើង ] ត្រូវការថែមទៀត ។ មានសិស្សានុសិស្សជាច្រើនបញ្ចប់ការសិក្សាពីថ្នាក់សិក្ខាសាលា ប៉ុន្តែមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចេញទៅបម្រើបេសកកម្មឡើយ ។ មានសិស្សានុសិស្សដ៏ស្មោះត្រង់របស់យើងជាច្រើន ដែលមិនធ្លាប់ទទួលពរជ័យនៃពិធីបរិសុទ្ធនៅព្រះវិហារបរិសុទ្ធឡើយ ។ ទំហំនៃសោដនាកម្មក្នុងចំណោមពួកគេនឹងកើនឡើង ប្រសិនបើយើងមិនផ្លាស់ប្ដូរទេ »( « We Must Raise Our Sights » [ សន្និសីទ ស៊ី.អ៊ី.អេស. នាថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០០១ ] នៅលើបណ្ណាល័យដំណឹងល្អ ) ។
វាលើសពី ២០ ឆ្នាំហើយ ចាប់តាំងពីប្រធាន អាវរិង បានផ្ដល់សេចក្ដីថ្លែងការណ៍នោះ ។ យុវវ័យរបស់យើងប្រឈមមុខនឹងឧបសគ្គ និងការប្រឆាំងកាន់តែធំឡើង—មិនគ្រាន់តែលើសេចក្ដីជំនឿរបស់់ពួកគេទេ គឺថែមទាំងទៅលើផ្នែកផ្សេងទៀតនៃជីវិតរបស់ពួកគេផងដែរ ។ មេរៀននៃការរៀបចំជីវិត ត្រូវបានរៀបរៀងឡើងដើម្បីបំពេញតម្រូវការសម្រាប់យុវវ័យនៅក្នុងជំនាន់នេះ ។ មេរៀននៃការរៀបចំជីវិតទាំងនេះផ្ដល់ដល់សិស្សនូវឱកាសដើម្បីអនុវត្ដការបង្រៀនរបស់ព្រះអង្គសង្គ្រោះដើម្បី ៖
-
ទប់ទល់នឹងសំណួរពិបាកៗ និងឧបសគ្គក្នុងកាលៈទេសៈនៃជីវិត។
-
ស្ថាបនាភាពខ្លួនទីពឹងខ្លួនដើម្បីចិញ្ចឹមបីបាច់ខ្លួនឯង និងគ្រួសារ ។
-
មានសុខភាពខាងផ្លូវកាយ និងខាងសតិអារម្ម៍ល្អជាងមុន ។
-
អភិវឌ្ឍជំនាញដើម្បីជោគជ័យនៅសាលា ។
-
ដាក់ផែនការរៀបចំសម្រាប់ការអប់រំ និងការងារនាពេលអនាគត ។
-
រៀបចំខ្លួនសម្រាប់ការបម្រើជាអ្នកផ្សព្វផ្សាយសាសនា និងបម្រើសាសនាចក្រ ។
-
រៀបចំខ្លួនដើម្បីចុះ និងរក្សាសេចក្តីសញ្ញាក្នុងព្រះវិហារបរិសុទ្ធ ។
មេរៀនទាំងនេះនឹងជួយដោះស្រាយនូវឧបសគ្គដែលយុវវ័យកំពុងជួបប្រទះនៅក្នុងរបៀបដែល ផ្ដោតសំខាន់លើព្រះគ្រីស្ទ ផ្អែកលើព្រះគម្ពីរ និង ផ្ដោតលើសិស្ស ដែលត្រូវបានដឹកនាំដោយព្រះវិញ្ញាណ ។ ជាមួយនឹងមេរៀនវគ្គសិក្សាបទគម្ពីរនេះ មេរៀននៃការរៀបចំជីវិត អាចជួយសិស្សឲ្យមានការប្រែចិត្តជឿកាន់តែខ្លាំងទៅលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ដែលបានស្តារឡើងវិញ ។
មេរៀននៃការរៀបចំជីវិត និងគោលបំណង
នៅក្នុងការបំពាក់បំប៉ននេះ អ្នកនឹងមានឱកាសដើម្បីរុករកអំពីរបៀបដែលមេរៀននៃការរៀបចំជីវិតបានរៀបរៀងឡើងដើម្បីសម្រេចបាននូវគោលបំណង ស&វ ដូចគ្នានឹងមេរៀនវគ្គសិក្សាបទគម្ពីរផងដែរ ។ មេរៀននៃការរៀបចំជីវិតនីមួយៗត្រូវបានតាក់តែងឡើងស្របទៅនឹងបទដ្ឋានដែលមាននៅក្នុងកថាខណ្ឌ « បង្រៀន » របស់គោលបំណងនៃ ស&វ ដូចតទៅនេះ ៖
យើងផ្តោតសំខាន់លើបទពិសោធន៍នៃការរៀនសូត្រនីមួយៗទៅលើព្រះយេស៊ូវគ្រីស្ទ និងគំរូរបស់ទ្រង់ ព្រមទាំងបុគ្គលិកលក្ខណៈ និងព្រះចេស្តាប្រោសលោះរបស់ទ្រង់ផងដែរ ។ យើងជួយសិស្សឲ្យរៀនពីដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ដូចដែលមាននៅក្នុងបទគម្ពីរ និងប្រសាសន៍របស់ពួកព្យាការី ។ យើងជួយសិស្សឲ្យបំពេញតួនាទីនៃការរៀនសូត្ររបស់ពួកគេ ។ យើងព្យាយាមអញ្ជើញយាងព្រះវិញ្ញាណបរិសុទ្ធឲ្យបំពេញតួនាទីរបស់ទ្រង់ នៅក្នុងបទពិសោធន៍នៃការរៀនសូត្រនីមួយៗ ។
មេរៀននៃការរៀបចំជីវិតជួយសម្រេចនូវគោលបំណង ស&វ
កំណត់និយមន័យ
កាលអ្នករៀបចំមេរៀន សូមបញ្ចូលទាំងមេរៀននៃការរៀចំជីវិតនេះ វាអាចមានប្រយោជន៍ក្នុងការរកមើលពីរបៀបដែលមេរៀននេះសម្រេចបាននូវប្រយោគនីមួយៗចេញពីកថាខណ្ឌ « បង្រៀន» នៃគោលបំណង ។
គំរូ
ខាងក្រោមនេះ គឺជាជម្រើសពីរចេញពីមេរៀននៃការរៀបចំជីវិតសម្រាប់ឆ្នាំ ២០២៥ ។ ទីមួយ គឺមេរៀនសុខភាពខាងផ្លូវកាយ និងខាងសតិអារម្មណ៍ ដែលមានចំណងជើងថា« ការអភិវឌ្ឍគន្លងនៃការគិតដែលមានសុខភាពល្អ » ។ ទីពីរ គឺមេរៀនការជោគជ័យនៅក្នុងសាលា ដែលមានចំណងជើងថា« ការរកឃើញនូវភាពខ្លាំង និងសមត្ថភាពរបស់អ្នក » ។ សូមរកមើលពីរបៀបដែលសកម្មភាពរៀនសូត្រទាំងនេះ ផ្ដោតលើប្រធានបទខុសៗគ្នាខ្លាំង ត្រូវបានរៀបរៀងឡើងដើម្បីសម្រេចនូវគោលបំណង ស&វ ។
មេរៀនទី ១៨៦ ៖ ការអភិវឌ្ឍគន្លងនៃការគិតដែលមានសុខភាពល្អ
ផ្ដោតសំខាន់លើព្រះគ្រីស្ទ ៖ នេះគឺជាឧទាហរណ៍មួយចំនួនចេញពីមេរៀននេះដែលជួយផ្ដោតសំខាន់លើបទពិសោធន៍នៃការរៀនសូត្រទៅលើព្រះយេស៊ូវគ្រីស្ទ ។ ចូរកត់សម្គាល់ពីរបៀបដែលនៅក្នុងឧទាហរណ៍ទាំងនេះ សិស្សត្រូវបានសុំឲ្យស្វែងរកជំនួយពីព្រះអង្គសង្គ្រោះ ព្រមទាំងរៀនពីគំរូ និងការបង្រៀនរបស់ទ្រង់ ។
-
អ្នកអាចចែកចាយជាមួយសិស្សថា ពួកគេនឹងអនុវត្ដនូវការអញ្ជើញសុំជំនួយពីព្រះអង្គសង្គ្រោះដើម្បីកែកំហុសនូវការគិតដែលមិនពិត និងមិនល្អ ។
-
តើអ្នកគិតថា ការមើលទៅព្រះយេស៊ូវគ្រីស្ទនៅក្នុងគំនិតរបស់យើងមានន័យយ៉ាងណា ? ( ឧទាហរណ៍មួយចំនួនរួមមានដូចតទៅនេះ ៖ ជញ្ជឹងគិតពីរបៀបដែលព្រះអង្គសង្គ្រោះអាចនឹងធ្វើសកម្មភាពនៅក្នុងស្ថានភាពដែលយើងជួបប្រទះ រកមើលរបៀបដែលការបង្រៀនរបស់ទ្រង់អាចអនុវត្ដនៅក្នុងស្ថានភាពនោះ ហើយចងចាំពីសេចក្ដីស្រឡាញ់របស់ទ្រង់ ) ។
ផ្អែកលើព្រះគម្ពីរ ៖ នេះគឺជាឧទាហរណ៍មួយចំនួនចេញពីមេរៀននេះដែលជួយសិស្សរៀនចេញពីព្រះគម្ពីរ និងប្រសាសន៍របស់ពួកព្យាការី ។ សូមជ្រាបថា សិស្សទទួលបានឱកាសសិក្សាព្រះគម្ពីរ និងថាប្រសាសន៍របស់ប្រធាន រុស័ល អិម ណិលសុន អាចជួយសិស្សយល់នូវខគម្ពីរនេះ ។
-
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៦:៣៦ដោយស្វែងរកអ្វីដែលព្រះយេស៊ូវគ្រីស្ទអញ្ជើញយើងឲ្យធ្វើ ។
-
និយាយអំពីខគម្ពីរនេះ ប្រធាន ណិលសុន បានបង្រៀនថា ៖« ការផ្ដោតរបស់យើងត្រូវតែផ្អែកយ៉ាងរឹងមាំទៅលើព្រះអង្គសង្គ្រោះ និងដំណឹងល្អរបស់ទ្រង់ ។ វាតម្រូវឲ្យមានការខិតខំខាងសតិអារម្មណ៍យ៉ាងខ្លាំងដើម្បីមើលទៅទ្រង់ គ្រប់គំនិត ។ ប៉ុន្តែនៅពេលដែលយើងធ្វើវាបាន នោះភាពសង្ស័យ និងការភ័យខ្លាចរបស់យើងនឹងរលត់បាត់អស់ »( រុស័ល អិម ណិលសុន « Drawing the Power of Jesus Christ into Our Lives Liahonaខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៤១ ) ។
ផ្ដោតលើសិស្ស ៖ នេះគឺជាឧទាហរណ៍មួយចំនួនចេញពីមេរៀននេះដែលជួយសិស្សឲ្យបំពេញតួនាទីនៃការរៀនសូត្ររបស់ពួកគេ ។ សូមកត់សម្គាល់ថាសិស្សគឺត្រូវបានអញ្ជើញឲ្យស្គាល់នូវសេចក្ដីត្រូវការរបស់ពួកគេផ្ទាល់ ដើម្បីលើកទឹកចិត្ដពួកគេឲ្យចូលរួមនៅក្នុងបទពិសោធន៍នៃការរៀនសូត្រនេះ ។ សិស្សក៏ត្រូវបានអញ្ជើញឲ្យចែកចាយការគិត និងគំនិតពិសេសផ្ទាល់ខ្លួនរបស់ពួកគេផងដែរ ។
-
សូមអញ្ជើញសិស្សឲ្យជញ្ជឹងគិត ថាតើញឹកញាប់ប៉ុនណាដែលពួកគេកត់សម្គាល់នូវគន្លងនៃការគិតផ្ទាល់ខ្លួនរបស់ពួកគេ ហើយថាតើគន្លងទាំងនោះទំនងជាមានប្រយោជន៍ ឬពិតដែរឬទេ ។
-
តើអ្នកចាប់អារម្មណ៍អ្វីខ្លះពីសេចក្ដីថ្លែងការណ៍របស់ប្រធាន ណិលសុន ?
ដឹកនាំដោយព្រះវិញ្ញាណ ៖ នេះគឺជាឧទាហរណ៍មួយចំនួននៃរបៀបដែលមេរៀននេះអាចអញ្ជើញយាងព្រះវិញ្ញាណបរិសុទ្ធឲ្យបំពេញតួនាទីរបស់ទ្រង់ នៅក្នុងបទពិសោធន៍នៃការរៀនសូត្រ ។ គ្រូបង្រៀនទាំងឡាយត្រូវបានលើកទឹកចិត្ដឲ្យអញ្ជើញសិស្សដោយចេតនាដើម្បីស្វែងរកការណែនាំមកពីព្រះវិញ្ញាណបរិសុទ្ធ ។ ការអញ្ជើញបែបនេះអាចជួយសិស្សនៅក្នុងកិច្ចខិតខំរបស់ពួកគេដើម្បីទទួលការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធនៅក្នុងការសិក្សារបស់ពួកគេ ។
-
សូមអញ្ជើញសិស្សឲ្យស្វែងរកការណែនាំតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយពួកគេឲ្យយល់ពីគន្លងនៃការគិតរបស់ពួកគេផ្ទាល់កាន់តែប្រសើរ ជាពិសេសនៅពេលឆ្លើយតបនឹងស្ថានភាពដែលពិបាកៗ ។
មេរៀនទី ១៩៣ ៖ ការរកឃើញនូវភាពខ្លាំង និងសមត្ថភាពរបស់អ្នក
ផ្ដោតសំខាន់លើព្រះគ្រីស្ទ ៖ នេះគឺជាឧទាហរណ៍មួយចំនួនចេញពីមេរៀននេះដែលជួយផ្ដោតសំខាន់លើបទពិសោធន៍នៃការរៀនសូត្រទៅលើព្រះយេស៊ូវគ្រីស្ទ ។ សូមកត់សម្គាល់ពីរបៀបដែលការពិតដែលនៅក្នុងអក្សរដិតក្នុងមេរៀននេះ គឺជាប់ទាក់ទងនឹងព្រះគ្រីស្ទ ហើយអញ្ជើញសិស្សឲ្យបែរទៅទ្រង់ដើម្បីទទួលបានជំនួយ ។ សិស្សក៏ត្រូវបានរំឭកអំពីអត្ដសញ្ញាណដ៏ទេវភាពរបស់ពួកគេផងដែរ ហើយថាភាពខ្លាំងនិងសមត្ថភាពដែលពួកគេមាន គឺជាការបើកសម្ដែងនៃសេចក្ដីស្រឡាញ់ និងសេចក្ដីមេត្ដាករុណារបស់ព្រះ ។
-
សិស្សអាចចង្អុលបង្ហាញ្ពីសេចក្ដីពិតដែលស្រដៀងគ្នាដូចតទៅនេះ ៖ ព្រះទ្រង់មិនទតចំពោះតែឬកពាខាងក្រៅទេ តែព្រះយេហូវ៉ាទ្រង់ទតចំពោះក្នុងចិត្ដវិញ ( សូមមើល សាំយូអែល ទី១ ១៦:៧ ) ។ យើងអាចធ្វើអ្វីៗគ្រប់យ៉ាងតាមរយៈព្រះយេស៊ូវគ្រីស្ទ ដែលជាអង្គប្រទានកម្លាំងដល់យើង ( សូមមើល ភីលីព ៤:១៣; អាលម៉ា ២៦:១២ ) ។ ចូរចាំចុះថា តម្លៃនៃព្រលឹងទាំងឡាយរបស់យើងគឺមហិមាណាស់ចំពោះព្រះនេត្រនៃព្រះ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១៨:១០ ) ។
-
សូមរំឭកសិស្សថា ក្នុងនាមជាបុត្រាបុត្រីនៃព្រះដែលបានបង្កើតតាមរូបរាងរបស់ទ្រង់ ពួកយើងម្នាក់ៗគឺត្រូវបានប្រទានពរឲ្យនូវភាពខ្លាំង និងសមត្ថភាពផ្សេងៗគ្នា ។ ប្រហែលជាមានសិស្សដែលមានពេលលំបាកក្នុងការស្គាល់នូវភាពខ្លាំង និងសមត្ថភាពដែលព្រះបានប្រទានដល់ពួកគេ ។
ផ្អែកលើព្រះគម្ពីរ ៖ នេះគឺជាឧទាហរណ៍មួយចំនួនចេញពីមេរៀននេះដែលជួយសិស្សរៀនចេញពីព្រះគម្ពីរ និងប្រសាសន៍របស់ពួកព្យាការី ។ សូមកត់សម្គាល់ថា ព្រះគម្ពីរដែលសិស្សនឹងសិក្សាគឺត្រូវបានជ្រើសរើសក្នុងគោលបំណងឲ្យសិស្សបែរទៅរកព្រះយេស៊ូវគ្រីស្ទដើម្បីទូលសុំជំនួយរបស់ទ្រង់ ។ បន្ទាប់មក សិស្សមានឱកាសដើម្បីសិក្សាដំបូន្មានពីសាវក អំពីរបៀបដើម្បីរកឃើញអំណោយទានមួយចំនួនដែលព្រះប្រទានដល់ពួកគេ ។
-
សិក្សាអត្ថបទពីរបីខាងក្រោមនេះ រកមើលសេចក្ដីពិតដ៏អស់កល្បដែលអាចជួយយើងឲ្យស្គាល់សមត្ថភាពរបស់យើងដើម្បីសម្រេចបាននូវសក្ដានុពលរបស់យើងតាមរយៈព្រះយេស៊ូវគ្រីស្ទ ។ សាំយូអែល ទី១ ១៦:៧; ភីលីព ៤:១៣; យ៉ាកុប ៤:៧; អាលម៉ា ២៦:១២; គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨:១០ ។
-
អែលឌើរ រ៉ូណល អេ រ៉ាសបាន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានចែកចាយពីរបៀបមួយចំនួនដែលយើងអាចស្គាល់ទេពកោសល្យ ភាពខ្លាំង និងសមត្ថភាពដែលព្រះវរបិតាសួគ៌បានប្រទានដល់់យើង ៖ « ទេពកោសល្យដែលព្រះបានប្រទានដល់យើង បានបង្ហាញឲ្យកាន់តែច្បាស់នៅក្នុងចំណង់ចំណូលចិត្ដដែលយើងស្វែងរកដំបូងគេ ។ ប្រសិនបើអ្នកចង់ដឹងអំពីទេពកោសល្យរបស់អ្នក សូមធ្វើបញ្ជីនៃកិច្ចការទាំងឡាយដែលអ្នកចូលចិត្ដធ្វើ ។ រួមបញ្ចូលរាល់សកម្មភាពដែលអ្នករីករាយពីគ្រប់ជ្រុងផ្សេងៗនៃជីវិតរបស់អ្នក—ខាងវិញ្ញាណ ខាងតន្ដ្រី ខាងការសម្ដែង ខាងការអប់រំ ខាងអត្ដពលិក និង ។ ល ។ ចូរសិក្សា និងជញ្ជឹងគិតពីពររបស់លោកអយ្យកោររបស់អ្នកដើម្បីទទួលបានការយល់ដឹង និងការបំផុសគំនិត ។ ប្រឹក្សានឹងសមាជិកគ្រួសារ មិត្ដដែលទុកចិត្ដ គ្រូបង្រៀន និងថ្នាក់ដឹកនាំ មនុស្សដទៃជាញឹកញាប់អាចមើលឃើញនូវអ្វីដែលយើងមិនអាចមើលឃើញនៅក្នុងខ្លួនយើង »( រ៉ូណល អេ រ៉ាសបាន « Parables of Jesus: The Parable of the Talents » Ensignខែ សីហា ឆ្នាំ ២០០៣ ទំព័រទី ៣៤ ) ។
ផ្ដោតលើសិស្ស ៖ នេះគឺជាឧទាហរណ៍មួយចំនួនចេញពីមេរៀននេះដែលជួយសិស្សឲ្យបំពេញតួនាទីនៃការរៀនសូត្ររបស់ពួកគេ ។ សូមកត់សម្គាល់ពីរបៀបដែលសកម្មភាពទាំងនេះជួយសិស្សគិតអំពីបទពិសោធន៍ និងកាលៈទេសៈផ្ទាល់ខ្លួនរបស់ពួកគេ ។ សកម្មភាពទាំងនេះមានគោលបំណងដើម្បីជួយសិស្សឲ្យមានទឹកចិត្ដក្នុងការវិនិយោគដួងចិត្ដ និងគំនិតរបស់ពួកគេទៅក្នុងបទពិសោធន៍ នៃការរៀនសូត្រដើម្បីបំពេញតម្រូវការដែលពួកគេកំពុងមាន ។ សិស្សក៏អាចមានឱកាសដើម្បីគិតអំពីឧបសគ្គពិតដែលពួកគេជួបប្រទះ និងរបៀបដែលសេចក្តីពិតមាននៅក្នុងព្រះគម្ពីរអាចជួយពួកគេផងដែរ ។
-
សូមគិតអំពីការទទួលខុសត្រូវ ឬឱកាសការងារដែលអ្នកចាប់អារម្មណ៍ដើម្បីចាប់យកនាពេលអនាគត ។ ក៏សូមព្យាយាមស្គាល់នូវជំនាញ និងសមត្ថភាពដែលអ្នកនៅតែត្រូវការអភិវឌ្ឍន៍ដែលនឹងជួយអ្នកឲ្យរៀបចំកាន់តែប្រសើរសម្រាប់អនាគត ។
-
តើសេចក្ដីពិតទាំងនេះជួយយើងនៅពេលយើងមានអារម្មណ៍បាក់ទឹកចិត្ដអំពីសមត្ថភាពរបស់យើងយ៉ាងដូចម្តេច ?
ដឹកនាំដោយព្រះវិញ្ញាណ ៖ នេះគឺជាឧទាហរណ៍មួយចំនួននៃរបៀបដែលមេរៀននេះអាចអញ្ជើញយាងព្រះវិញ្ញាណបរិសុទ្ធឲ្យបំពេញតួនាទីរបស់ទ្រង់ នៅក្នុងបទពិសោធន៍នៃការរៀនសូត្រ ។ សូមកត់សម្គាល់ថា សិស្សត្រូវបានអញ្ជើញឲ្យស្វែងរកការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធដើម្បីមើលឃើញតម្រូវការបច្ចុប្បន្ន និងជំហានបន្ទាប់របស់ពួកគេកាន់តែច្បាស់ ដើម្បីរៀបចំកាន់តែប្រសើរសម្រាប់ជីវិត ។
-
កាលអ្នកសិក្សាថ្ងៃនេះ សូមស្វែងរកការណែនាំពីព្រះវរបិតាសួគ៌តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នកឲ្យស្គាល់នូវភាពខ្លាំង និងជំនាញដែលមានរួចស្រាប់ ដែលអាចរៀបចំអ្នកសម្រាប់ការទទួលខុសត្រូវទាំងនេះ ។
អនុវត្ត
សូមកំណត់មេរៀននៃការរៀបចំជីវិតដែលអ្នកនឹងបង្រៀនឆាប់ៗនេះ ផ្អែកទៅលើសេចក្តីណែនាំអំពីល្បឿនបង្រៀនតាមមូលដ្ឋានរបស់អ្នក ។ សូមរំឭកមេរៀននេះឡើងវិញ រកមើលចម្លើយទាំងឡាយសម្រាប់សំណួរទាំងឡាយខាងក្រោមនេះ ៖
-
តើបទពិសោធន៍នៃការរៀនសូត្រផ្ដោតសំខាន់លើព្រះយេស៊ូវគ្រីស្ទមានន័យយ៉ាងដូចម្ដេច ?
-
តើមេរៀននេះជួយសិស្សឲ្យរៀនពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ដូចដែលមាននៅក្នុងបទគម្ពីរ និងប្រសាសន៍របស់ពួកព្យាការីយ៉ាងដូចម្ដេច ?
-
តើមេរៀននេះជួយសិស្សឲ្យបំពេញតួនាទីនៃការរៀនសូត្ររបស់ពួកគេយ៉ាងដូចម្តេច ?
-
តើមេរៀននេះជួយអញ្ជើញយាងព្រះវិញ្ញាណបរិសុទ្ធឲ្យបំពេញតួនាទីរបស់ទ្រង់ នៅក្នុងបទពិសោធន៍នៃការរៀនសូត្រយ៉ាងដូចម្ដេច ?
សូមបង្ហាញឲ្យបានច្បាស់អំពីកាលវិភាគមេរៀន
វាអាចមានភាពច្របូលច្របល់សម្រាប់សិស្សដើម្បីរៀនមេរៀនវគ្គបទគម្ពីរមួយថ្ងៃ ហើយបន្ទាប់មករៀនមេរៀននៃការរៀបចំជីវិតនៅថ្ងៃបន្ទាប់ទៀត ។ ពេលសិស្សបានទទួលនូវការពង្រីកទស្សនៈអំពីអ្វីដែលពួកគេសិក្សាក្នុងអំឡុងសប្ដាហ៍ នោះវាអាចជួយពួកគេឲ្យរៀបចំខ្លួនដើម្បីរៀនកាន់តែប្រសើរ ។ ជំនាញខាងក្រោមគឺជារបៀបពីរបីដែលអ្នកអាចធ្វើវាបាន ។ ប្រសិនបើអ្នកកត់សម្គាល់ឃើញថា សិស្សរបស់អ្នកមានភាពច្របូលច្របល់ ពេលអ្នកឆ្លាស់គ្នារវាងមេរៀនប្រភេទខុសៗគ្នា អ្នកអាចសាកល្បងតាមការណែនាំមួយ ឬច្រើនចេញពីនេះ ឬអ្វីដែលអ្នកគិតឃើញដោយខ្លួនឯងផ្ទាល់ ។ ការបំពាក់បំប៉ននេះនឹងជួយអ្នក ៖
-
បង្ហាញបានយ៉ាងច្បាស់អំពីអ្វីដែលនឹងត្រូវបង្រៀនក្នុងអំឡុងសប្ដាហ៍ និងពីមូលហេតុ ។
-
បង្ហាញបានយ៉ាងច្បាស់ក្នុងអំឡុងសប្ដាហ៍ នៅពេលដែលមេរៀន ឬប្រធានបទផ្លាស់ប្ដូរពីមេរៀនវគ្គសិក្សាបទគម្ពីរទៅជាមេរៀននៃការរៀបចំជីវិត ។
បង្ហាញបានយ៉ាងច្បាស់អំពីអ្វីដែលនឹងត្រូវបង្រៀនក្នុងអំឡុងសប្ដាហ៍ និងពីមូលហេតុ
កំណត់និយមន័យ
នៅដើមសប្ដាហ៍នីមួយៗ អ្នកអាចណែនាំសិស្សអំពីមេរៀន និងប្រធានបទដែលបានដាក់ផែនការរួចសម្រាប់ថ្ងៃនីមួយៗនៃសប្ដាហ៍ ។ ពេលសិស្សយល់ពីទិសដៅសម្រាប់សប្ដាហ៍ និងគោលបំណងនៃមេរៀនហើយ ពួកគេអាចរៀបចំខ្លួនចូលរួមនៅក្នុងបទពិសោធន៍នៃការរៀនសូត្របានកាន់តែច្រើន ។ របៀបមួយដែលអ្នកអាចបង្ហាញពីអ្វីដែលនឹងត្រូវបង្រៀនក្នុងអំឡុងសប្ដាហ៍ គឺដោយការដាក់បង្ហាញចំណងជើងមេរៀននីមួយៗនៃសប្ដាហ៍នោះ ភ្ជាប់ជាមួយនឹងការសង្ខេបខ្លីពីអ្វីដែលសិស្សអាចរំពឹងទុកថានឹងរៀនចេញពីមេរៀនទាំងនោះ ។
គំរូ
សិស្សទាំងអស់គ្នា ខ្ញុំរំភើបសម្រាប់មេរៀនថ្មីៗក្នុងសប្ដាហ៍នេះ ។ [ គ្រូដាក់បង្ហាញរូបក្រាហ្វិច ជាមួយនឹងតារាងខាងក្រោម ]
ថ្ងៃចន្ទ |
គោលលទ្ធិ និងសេចក្ដីសញ្ញា ៣ |
---|---|
ថ្ងៃអង្គារ |
គោលលទ្ធិ និងសេចក្តីសញ្ញា ៤ |
ថ្ងៃពុធ |
គោលលទ្ធិ និងសេចក្តីសញ្ញា ៥ |
ថ្ងៃព្រហស្បតិ៍ |
មេរៀនវាយតម្លៃការរៀនសូត្ររបស់អ្នក |
ថ្ងៃសុក្រ |
ការគ្រប់គ្រងភាពតានតឹង និងការថប់បារម្ភ |
នៅសប្ដាហ៍នេះ ពីថ្ងៃចន្ទដល់ថ្ងៃពុធ ពួកយើងនឹងសិក្សាគោលលទ្ធិ និងសេចក្ដីសញ្ញា កណ្ឌទី ៣–៥ ។ ទាំងនេះគឺជាពេលវេលាដ៏តានតឹងសម្រាប់ព្យាការី យ៉ូសែប ស្ម៊ីធ ពេលដែលលោកឆ្លងកាត់ការសាកល្បងដ៏លំបាកៗ ។ ចេញពីកណ្ឌទាំងនេះ យើងនឹងរៀនការពិតសំខាន់ៗដែលព្រះបានបង្ហាញដែលអាចជួយយើងបែរទៅព្រះយេស៊ូវគ្រីស្ទ ហើយឈរយ៉ាងរឹងមាំ ក្នុងអំឡុងពេលដែលមានភាពតានតឹង ។ នៅថ្ងៃព្រហស្បត្ដិ៍ អ្នកនឹងមានឱកាសដើម្បីជញ្ជឹងគិតពីអ្វីដែលអ្នកកំពុងរៀននៅក្នុងមេរៀនការវាយតម្លៃការរៀនសូត្ររបស់អ្នក ។ នៅថ្ងៃសុក្រ យើងនឹងពិភាក្សាពីរបៀបគ្រប់គ្រងភាពតានតឹង និងការថប់បារម្ភ ដោយមានជំនួយ និងកម្លាំងពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
អនុវត្ត
សូមមើលសេចក្តីណែនាំអំពីល្បឿនបង្រៀនរបស់អ្នក និងទិដ្ឋភាពទូទៅសម្រាប់សប្ដាហ៍ក្រោយ ។ សូមកត់ត្រាអ្វីដែលអ្នកអាចធ្វើដើម្បីបង្ហាញបានយ៉ាងច្បាស់ពីអ្វីដែលនឹងត្រូវបង្រៀនក្នុងអំឡុងសប្ដាហ៍ ។
សូមបង្ហាញឲ្យបានច្បាស់ក្នុងអំឡុងសប្ដាហ៍ នៅពេលដែលមេរៀន ឬប្រធានបទបានផ្លាស់ប្ដូរពីមេរៀនវគ្គសិក្សបទគម្ពីរ ទៅជាមេរៀននៃការរៀបចំជីវិត
កំណត់និយមន័យ
ពេលផ្លាស់ប្ដូរពីមេរៀនវគ្គសិក្សបទគម្ពីរទៅមេរៀននៃការរៀបចំជីវិត អ្នកអាចប្រាប់សិស្សអំពីប្រធានបទ និងគោលបំណងនៃមេរៀនសម្រាប់ថ្ងៃនោះ ។ វាអាចមានប្រយោជន៍ក្នុងការចែកចាយមេរៀន និងមាតិកាដែលស្រដៀងគ្នា ឬខុសគ្នាពីមេរៀនថ្នាក់មុន ។ វាមិនចាំបាច់ដើម្បីធ្វើដូចនេះគ្រប់ពេលនោះទេ ប៉ុន្ដែពេលខ្លះវាអាចមានប្រយោជន៍សម្រាប់សិស្សដើម្បីយល់ពីគោលបំណង និងទិសដៅ ។
គំរូ
នៅខាងក្រោម អ្នកនឹងឃើញគំរូដែលគោលបំណងនៃមេរៀនវគ្គបទគម្ពីរ និងមេរៀននៃការរៀបចំជីវិតមានភាពស៊ីសង្វាក់គ្នាយ៉ាងជិតស្និទ្ធ ហើយនិងគំរូមួយដែលមេរៀនទាំងពីរប្រភេទនេះមិនស៊ីសង្វាក់គ្នា ។
-
សប្ដាហ៍នេះ ពួកយើងបានរៀនអំពីស្ថានភាពដ៏តានតឹងមួយចំនួនដែលព្យាការីយ៉ូសែបបានជួបប្រទះ ។ តើអ្នកចងចាំថាស្ថានភាពទាំងនោះជាអ្វីដែរឬទេ ? [ ការឆ្លើយតបរបស់សិស្ស ] ឥឡូវនេះ ពួកយើងនឹងផ្លាស់ប្ដូរពីការរៀនអំពីដំណើររឿងទាំងនេះនៅក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញា ទៅរៀនព្រះគម្ពីរ និងប្រសាសន៍នៃថ្នាក់ដឹកនាំសាសនាចក្រវិញ ដើម្បីជួយអ្នកស្វែងរកកម្លាំងពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនៅក្នុងការប្រឈមមុខនឹងស្ថានភាពដ៏តានតឹងរបស់ខ្លួនអ្នកផ្ទាល់ ។
-
កាលអ្នកបានសិក្សាដំណើររឿងទាំងនេះនៅក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញា ពួកយើងបានរៀនពីរបៀបដែលយើងអាចទាញយកកម្លាំងមកពីព្រះអម្ចាស់ដើម្បីប្រឈមមុខនឹងស្ថានភាពដ៏តានតឹងទាំងនេះ ។ ឥឡូវនេះ យើងនឹងផ្លាស់ប្ដូរទៅរៀនពីរបៀបដែលយើងអាចទាញយកកម្លាំងពីព្រះអម្ចាស់ដើម្បីកាន់តែ និងនៅតែមានភាពស័ក្ដិសមដើម្បីចូល និងថ្វាយបង្គំទ្រង់ក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់ ។
អនុវត្ត
សូមមើលកម្មវិធីសិក្សាសម្រាប់ល្បឿនបង្រៀននៃសប្ដាហ៍នេះ ។ សូមសរសេរពីរបៀបដើម្បីបង្ហាញបានយ៉ាងច្បាស់ពីអ្វីដែលថ្នាក់រៀននឹងផ្ដោតលើនៅថ្ងៃនីមួយៗ ។
សូមប្រុងប្រយ័ត្ន
មេរៀននៃការរៀបចំជីវិតផ្ដល់ឱកាសសម្រាប់សិស្សក្នុងថ្នាក់សិក្ខាសលារៀនពីរបៀបដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទអាចជួយពួកគេដោះស្រាយឧបសគ្គក្នុងជីវិតរមែងស្លាប់នេះ ។ កាលអ្នកបង្រៀនមេរៀនទាំងនេះ សូមដឹងពីការប្រុងប្រយ័ត្នដូចតទៅនេះ ៖
គ្រប់បទពិសោធន៍នៃការរៀនសូត្រទាំងអស់គួរតែផ្ដោតសំខាន់លើព្រះគ្រីស្ទ ផ្អែកលើព្រះគម្ពីរ និងផ្ដោតលើសិស្ស
គ្រប់បទពិសោធន៍នៃការរៀនសូត្រក្នុងថ្នាក់សិក្ខាសាលាទាំងអស់គួរតែជួយសម្រេចបាននូវគោលបំណងថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានសាសនា ។ នេះមានន័យថា គ្រប់បទពិសោធន៍ទាំងអស់នឹងតែងតែផ្ដោតសំខាន់លើព្រះគ្រីស្ទ ផ្អែកលើព្រះគម្ពីរ និងដឹកនាំដោយព្រះវិញ្ញាណជានិច្ច។ មេរៀននៃការរៀបចំជីវិតអាចមិនមានតុល្យភាពយ៉ាងងាយស្រួលនោះទេ ។ ឧទាហរណ៍ គ្រូបង្រៀនម្នាក់អាចមានបទពិសោធន៍យ៉ាងទូលំទូលាយនៅក្នុងប្រធានបទជាក់លាក់មួយ ហើយអាចសម្រេចចិត្តផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការធ្វើឲ្យបទពិសោធន៍ផ្តោតលើសិស្សកាន់តែប្រសើរ ដោយសង្កត់ធ្ងន់លើជំនាញ និងយុទ្ធសាស្ដ្រជាច្រើនអំពីរបៀបដើម្បីបំពេញតម្រូវការដែលសិស្សមាន ។ ប៉ុន្ដែក្នុងដំណើរការនោះ គ្រូបង្រៀនអាចងាយនឹងមើលរំលងនូវតម្រូវការក្នុងការភ្ជាប់ទំនាក់ទំនងរវាងសិស្សទៅនឹងព្រះគ្រីស្ទ និងការបង្រៀនពួកគេចេញពីពាក្យពេចន៍ក្នុងព្រះគម្ពីរ និងប្រសាសន៍របស់ពួកព្យាការី ។
ករណីសិក្សា ៖ បងស្រី ចូនស៍ មានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការដាក់ផែនការហិរញ្ញវត្ថុ ។ បងស្រី ចូនស៍ សម្រេចចិត្ដបង្រៀនសិស្សរបស់គាត់នូវជំនាញជាច្រើនអំពីផែនការហិរញ្ញវត្ថុនៅក្នុងរបៀបដែលផ្ដោតលើសិស្ស ។
តើអ្វីខ្លះជាផលវិបាកដែលអាចកើតមានឡើងចេញពីរបៀបដែលបងស្រី ចូនស៍ បង្រៀនមេរៀន ?
សូមដាក់ចំនួនមេរៀននៃការរៀបចំជីវិតឲ្យមានភាពសមតុល្យដូចដែលមានក្នុងកម្មវិធីសិក្សាដែលបានដាក់ចេញ
ប្រហែលជាមានប្រភេទមេរៀន ឬប្រធានបទមួយចំនួនដែលគ្រូបង្រៀនខ្លះចង់ចំណាយពេលក្នុងថ្នាក់រៀនច្រើនជាង ឬតិចជាងមេរៀនផ្សេងទៀត ។ សូមចាំថា មនុស្សជាច្រើន រួមទាំងអ្នកដែលនៅក្នុងនាយកដ្ឋានផ្សេងៗនៃសាសនាចក្រ បានប្រឹក្សាគ្នាដើម្បីកំណត់ចំនួននៃមេរៀនទៅតាមប្រភេទនីមួយៗ ។ សូម្បីតែប្រធានបទដែលអាចនឹងមើលទៅមិនគួរឲ្យចាប់អារម្មណ៍សម្រាប់គ្រូបង្រៀនក្ដី ក៏អាចនឹងជាអ្វីដែលមានតម្លៃសម្រាប់សិស្សមួយចំនួនដែរ ។ ការចំណាយពេលច្រើនជាងការដែលបានដាក់ចេញនៅក្នុងកម្មវិធីសិក្សា ទៅលើមេរៀនមួយចំនួននៅក្នុងថ្នាក់រៀន អាចនាំឲ្យមានការរំលងលើការសង្កត់ធ្ងន់លើលទ្ធផលការរៀនសូត្រសំខាន់ៗដទៃទៀត ។ « ការបំពាក់់់់បំប៉នស្ដីពីការបង្កើតសេចក្ដីណែនាំអំពីល្បឿនបង្រៀន »ផ្ដល់អនុសាសន៍ថា ជាទូទៅនៅក្នុងសេចក្ដីណែនាំអំពីល្បឿនបង្រៀនគួរតែមានមេរៀនវគ្គសិក្សាបទគម្ពីរច្រើនជាងមេរៀននៃការរៀបចំជីវិត ។ ចំនួននៃមេរៀនសម្រាប់ផ្នែកការរៀបចំជីវិត ក៏ចង្អុលបង្ហាញពីតុល្យភាពដែលបានណែនាំផងដែរ ។ សូមធ្វើតាមសេចក្ដីណែនាំទាំងនេះដោយមានការលើកលែងតែពីរបីប៉ុណ្ណោះ ។
ករណីសិក្សា ៖ បងប្រុស ហិនឌ្រីក មានសេចក្តីរំភើបរីករាយដែលនៅទីបំផុតមានការខិតខំប្រឹងប្រែងយ៉ាងយកចិត្ដទុកដាក់នៅក្នុងថ្នាក់សិក្ខាសាលាក្នុងការរៀបចំយុវវ័យឲ្យចេញបេសកកម្ម ។ ជាជាងការបង្រៀនតែប្រាំមេរៀនលើការរៀបចំខ្លួនចេញបេសកកម្ម គាត់ចំណាយពេលពីរសប្ដាហ៍បង្រៀនមេរៀនទាំងនេះ ដោយបន្ថែមមេរៀនជាច្រើនដែលគាត់បានបង្កើតដោយផ្ទាល់ទៀតផង ។
តើអ្វីខ្លះជាផលវិបាកដែលអាចកើតមានឡើងចេញពីវិធីសាស្រ្តរបស់បងប្រុស ហិនឌ្រីក ក្នុងការបង្រៀនមេរៀនការរៀបចំខ្លួនដើម្បីចេញធ្វើជាអ្នកផ្សព្វផ្សាយសាសនា ?
សូមប្រើប្រាស់កម្មវិធីសិក្សានេះ មិនថាអ្នកមានបទពិសោធន៍កម្រិតណានោះទេ
ស្រដៀងគ្នាទៅនឹងចំនួនមេរៀន គោលបំណងមេរៀននីមួយៗក៏ត្រូវបានកំណត់ដោយមានការចូលរួមជាមួយមនុស្សជាច្រើន រួមមានសមាជិកនៅក្នុងនាយកដ្ឋានផ្សេងៗនៃសាសនាចក្រផងដែរ ។ សម្រាប់រាល់ទិន្នន័យដែលពួកគេបានផ្ដល់ នាយកដ្ឋានទាំងនេះជារឿយៗបានពឹងផ្អែកលើការស្រាវជ្រាវដោយការិយាល័យផ្នែកស្រាវជ្រាវទំនាក់ទំនងនៃសាសនាចក្របានបំពេញ ។ ដូចគ្នានឹងមេរៀនទាំងអស់ក្នុងកម្មវិធីសិក្សា ស&វ នេះ នាយកដ្ឋានទំនាក់ទំនងនៃសាសនាចក្របានត្រួតពិនិត្យមេរៀននៃការរៀបចំជីវិតឡើងវិញយ៉ាងយកចិត្តទុកដាក់សម្រាប់ភាពត្រឹមត្រូវ និងភាពសមរម្យនៃគោលលទ្ធិ ។ មេរៀនទាំងនេះត្រូវបានរៀបរៀងឡើងជាវិធីសាស្ត្រសាមញ្ញមួយចំពោះប្រធានបទដែលមេរៀនទាំងនេះលើកឡើង មិនមែនជាវគ្គសិក្សាស៊ីជម្រៅលើប្រធានបទនោះទេ ។ ប្រសិនបើអ្នកមានបទពិសោធន៍ពីប្រធានបទនេះ អ្នកអាចមានអារម្មណ៍ថា គំនិតសំខាន់ៗមិនបានលើកមកនិយាយនោះទេ ។ សូមមានការប្រុងប្រយ័ត្នខ្ពស់អំពីការបន្ថែមអ្វីមួយដែលមិនមានរួមបញ្ចូលក្នុងនេះ ។ មិនថាអ្នកមានបទពិសោធន៍តិច ឬច្រើនប៉ុនណា ទៅលើប្រធានបទដែលបានដាក់ឲ្យនោះទេ សូមប្រើប្រាស់កម្មវិធីសិក្សានេះជាគ្រឹះនៃបទពិសោធន៍នៃការរៀនសូត្រដែលអ្នកនឹងផ្ដល់ជូន ។ ចាប់ផ្ដើមដោយការទទួលយកមេរៀនជាមុនសិន មុនពេលធ្វើការសម្រេចចិត្ដអំពីអ្វីដែលត្រូវកែសម្រួល ។ សម្រាប់អ្វីបន្ថែមទៅលើការណ៍នេះ សូមមើល « ការបំពាក់បំប៉នស្ដីពីការទទួលយក និងការកែសម្រួលកម្មវិធីសិក្សាថ្នាក់សិក្ខាសាលា »ដែលមាននៅក្នុង ការបំពាក់បំប៉នកម្មវិធីសិក្សាថ្នាក់សិក្ខាសាលា។
ករណីសិក្សា ៖ បងស្រី បិនសុន គឺជាបុគ្គលិកសង្គមកិច្ចផ្នែកការព្យាបាលដែលមានអាជ្ញាប័ណ្ណ ។ បច្ចុប្បន្ននេះ គាត់កំពុងជោគជ័យយ៉ាងខ្លាំងក្នុងការប្រើវិធីសាស្ដ្រថ្មីដើម្បីជួយអតិថិជនរបស់គាត់ដែលមានការញៀន ។ ជំនួសឲ្យការបង្រៀនមេរៀនមួយនៃមេរៀនសុខភាពខាងសតិអារម្មណ៍ គាត់់់់់់់សម្រេចចិត្ដបង្រៀនសិស្សរបស់គាត់នូវជំនាញទាក់ទងនឹងវិធីសាស្ដ្រថ្មីនេះ ។
តើអ្វីខ្លះជាផលវិបាកដែលអាចកើតមានឡើងចេញពីរបៀបនៃការបង្រៀនមេរៀនសុខភាពខាងសតិអារម្មណ៍របស់បងស្រី បិនសុន ?
សូមចងចាំតួនាទីរបស់អ្នកក្នុងនាមជាគ្រូបង្រៀន
កាលអ្នកបង្រៀនមេរៀននៃការរៀបចំជីវិត សូមចងចាំតួនាទីរបស់អ្នកក្នុងនាមជាគ្រូបង្រៀនថ្នាក់សិក្ខាសាលា ។ សិស្សអាចចែកចាយនូវស្ថានភាពលំបាកៗដែលពួកគេជួបប្រទះជាមួយនឹងអ្នក ។ តួនាទីរបស់អ្នក គឺដើម្បីដឹកនាំពួកគេទៅកាន់ឪពុកម្ដាយ និងថ្នាក់ដឹកនាំបព្វជិតភាពរបស់ពួកគេ ជាអ្នកដែលអាចណែនាំពួកគេទៅកាន់ជំនួយដែលពួកគេត្រូវការ ។ សម្រាប់ជំនួយនៅក្នុងស្ថានភាពដែលអាចទាក់ទងនឹងការរំលោភបំពាន សូមមើល« Abuse » នៅក្នុង Seminaries and Institutes Emergency Response Guide ។
ករណីសិក្សា ៖ បងស្រី បិនសុន បានឃើញថាបន្ទាប់ពីការបង្រៀនមេរៀនរបស់គាត់ហើយ មានសិស្សជាច្រើនបាននៅបន្ដ បន្ទាប់ពីចប់ថ្នាក់ ។ ពួកគេចង់ចែកចាយជាមួយគាត់នូវព័ត៌មានលម្អិតផ្ទាល់ខ្លួនមួយចំនួនអំពីជីវិតរបស់ពួកគេ ។ គាត់ជួបជាមួយពួកគេម្នាក់ៗនៅក្នុងការរិយាល័យរបស់គាត់ បន្ទាប់ពីថ្នាក់ចប់ និងបន្ទាប់ពីចេញពីសាលា ។
តើអ្វីខ្លះជាផលវិបាកដែលអាចកើតមានឡើងចេញពីទំនាក់ទំនងរបស់បងស្រី បិនសុន នឹងសិស្សរបស់គាត់ ?
សេចក្ដីបញ្ចប់
ពេញបួនឆ្នាំនៃវគ្គសិក្សាថ្នាក់សិក្ខាសាលា សិស្សនឹងមានឱកាសរៀនជាច្រើនពីរបៀបអនុវត្ដការបង្រៀនរបស់ព្រះអង្គសង្គ្រោះ នៅក្នុងកាលៈទេសៈ និងស្ថានភាពផ្សេងៗគ្នា ។ បទពិសោធន៍នៃការរៀនសូត្រដែលមេរៀននៃការរៀបចំជីវិតបន្ថែមជាមួយនឹងមេរៀនវគ្គសិក្សាបទគម្ពីរនឹងរៀបចំគ្រប់ជំនាន់ឲ្យកាន់តែប្រសើរ ដើម្បីប្រឈមនឹងឧបសគ្គនៃជីវិតដោយការទាញយកកម្លាំង ការបង្រៀន និងដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ ។ ពួកគេនឹងបំពាក់នូវការរៀបចំខ្លួនពួកគេ ក្រុមគ្រួសារពួកគេ និងអ្នកដទៃទៀតសម្រាប់ជីវិតដ៏នៅអស់កល្បជានិច្ចជាមួយនឹងព្រះវរបិតាសួគ៌របស់ពួកគេ កាន់តែប្រសើរ ។