« ការបំពាក់បំប៉នអំពីការវាយតម្លៃ » ការបំពាក់បំប៉នកម្មវិធីសិក្សាថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
ការបំពាក់បំប៉នអំពីការវាយតម្លៃ
សេចក្តីផ្ដើម
ការវាយតម្លៃគឺជាផ្នែកសំខាន់នៃការរៀនសូត្រ ។ អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការវាយតម្លៃ នៅពេលដែលលោកពិពណ៌នាអំពីតួនាទីនៃការប្រឡងនៅក្នុងផ្នែកអប់រំសិក្សាធិការ ។
ការប្រឡងតាមពេលកំណត់ពិតជាមានសារៈសំខាន់ក្នុងការរៀនសូត្រ ។ ការប្រឡងដ៏មានប្រសិទ្ធភាពជួយយើងឲ្យប្រៀបធៀបអ្វីដែលយើងត្រូវដឹង ជាមួយនឹងអ្វីដែលយើងពិតជាដឹងអំពីប្រធានបទជាក់លាក់មួយ វាក៏ផ្ដល់ជាបទដ្ឋានមួយដែលយើងអាចវាយតម្លៃការរៀនសូត្រ និងការអភិវឌ្ឍរបស់យើងផងដែរ ( ដេវីឌ អេ បែដណា « We Will Prove Them Herewith » Liahona ខែវិច្ឆិកា ឆ្នាំ ២០២០ ទំព័រទី ៨ ) ។
ការវាយតម្លៃក្នុងថ្នាក់សិក្ខាសាលាមានគោលបំណងស្រដៀងទៅនឹងការប្រឡងនៅក្នុងផ្នែកអប់រំសិក្សាធិការផងដែរ ។ ការវាយតម្លៃនៅក្នុងថ្នាក់សិក្ខាសាលា អាចជួយសិស្សបង្ហាញនូវចំណេះដឹងខាងវិញ្ញាណ ការយល់ដឹង និងភក្តីភាពរបស់ពួកគេចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ ការវាយតម្លៃជាទម្រង់ទាំងនេះ អាចជួយសិស្សកាន់តែដឹងពីអ្វីដែលពួកគេកំពុងរៀន និងរបៀបដែលពួកគេកំពុងរីកចម្រើន ។
ការស្គាល់ពីការរៀនសូត្រ និងការរីកចម្រើនរបស់ពួកគេ អាចជាបទពិសោធន៍ដ៏រីករាយ និងជំរុញចិត្ដមួយសម្រាប់សិស្ស ។ នេះគឺស្រដៀងគ្នាទៅនឹងពេលដែលអ្នករត់ប្រណាំងមា្នក់ឃើញថេរវេលារបស់គាត់នៅលើនាឡិកាកំណត់ម៉ោង ឬពេលដែលកូនក្មេងម្នាក់មើលការលូតលាស់របស់គាត់នៅលើតារាងវាស់កម្ពស់ ។ ជារឿយៗ សិស្សមិនចាប់អារម្មណ៍ទេថា ពួកគេកំពុងរីកចម្រើនបានប៉ុនណា ដោយព្រោះមិនមានឱកាសដើម្បីវាយតម្លៃការរៀនសូត្ររបស់ពួកគេជាទៀងទាត់ទេនោះ ។ សូម្បីតែឱកាសនានាដើម្បីឃើញថា ពួកគេមិនមានការរីកចម្រើន ឬសូម្បីតែថាពួកគេបានរំកិលថយក្រោយនៅក្នុងការរីកចម្រើនរបស់គេក្តី ក៏វាអាចជាបទពិសោធន៍នៃការរៀនសូត្រដ៏មានតម្លៃដែរ ។ ការវាយតម្លៃជាទៀងទាត់អាចអញ្ជើញឲ្យមានវិវរណៈផ្ទាល់ខ្លួនកាន់តែច្រើននៅក្នុងជីវិតរប់សពួកគេ ហើយសិស្សអាចបង្កើតផែនការសម្រាប់ការរីកចម្រើន និងការរៀនសូត្រនាពេលអនាគត ។ ឧទាហរណ៍មូយចំនួនអំពីសកម្មភាពវាយតម្លៃនានា នៅក្នុងកម្មវិធីសិក្សាថ្នាក់សិក្ខាសាលារួមមាន មេរៀនវាយតម្លៃការរៀនសូត្ររបស់អ្នក និងការអនុវត្ដចំណេះចំណានខាងគោលលទ្ធិ ។ ការបំពាក់បំប៉ននេះនឹងផ្ដោតលើសកម្មភាពទាំងឡាយនៃការវាយតម្លៃដែលមាននៅក្នុងមេរៀនវាយតម្លៃការរៀនសូត្ររបស់អ្នក ។
មេរៀនវាយតម្លៃការរៀនសូត្ររបស់អ្នក
អ្នកនឹងឃើញមេរៀនវាយតម្លៃការរៀនសូត្ររបស់អ្នក ពេញមួយកម្មវិធីសិក្សាថ្នាក់សិក្ខាសាលា ។ មេរៀនទាំងនេះត្រូវបានដាក់កាលវិភាគជារៀងរាល់បួនទៅប្រាំមួយសប្តាហ៍ម្តង និងផ្តល់ឱកាសនានាដល់សិស្សឲ្យវាយតម្លៃខ្លួនពួកគេទៅលើលទ្ធផលនៃកម្រិតការរៀនសូត្រក្នុងវគ្គសិក្សា ។ លទ្ធផលនៃកម្រិតការរៀនសូត្រក្នុងវគ្គសិក្សាទាំងនេះជួយសិស្ស ៖
-
ពន្យល់គោលលទ្ធិ ដែលពួកគេបានរៀន ។
-
គិតពិចារណាទៅលើអារម្មណ៍ អាកប្បកិរិយា និងបំណងប្រថ្នាទាំងឡាយរបស់ពួកគេ ដែលទាក់ទងជាមួយផែនការរបស់ព្រះវរបិតាសួគ៌ និងដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។
-
ពិនិត្យឡើងវិញនូវផែនការ ឬគោលដៅនានាដែលពួកគេកំពុងធ្វើ ដើម្បីអនុវត្ដអ្វីដែលពួកគេកំពុងរៀន និងធ្វើឲ្យភាពជាសិស្សរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទកាន់តែស៊ីជម្រៅ ។
វាអាចនឹងមានប្រយោជន៍ដើម្បីចំណាយពេលក្នុងការមើលមេរៀននៃការវាយតម្លៃការរៀនសូត្ររបស់អ្នក មួយឬច្រើនដើម្បីអ្នកអាចស៊ាំជាមួយនឹងមេរៀនទាំងនោះ ។ កាលអ្នកមើលមេរៀនមួយ ឬពីរ សូមកត់សម្គាល់ថា មេរៀននីមួយៗចាប់ផ្ដើមនៅក្នុងរបៀបទូទៅមួយ ការផ្ដល់ឱកាសឲ្យសិស្សចែកចាយអ្វីក៏ដោយដែលពួកគេបានរៀនចេញពីការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់ពួកគ ជាមួយគ្រួសាររបស់ពួកគេ នៅក្នុងការប្រជុំសាសនាចក្រ ឬនៅក្នុងថ្នាក់សិក្ខាសាលាថ្មីៗនេះ ។ បន្ទាប់មក សូមមើលទៅសកម្មភាពនៃការវាយតម្លៃនីមួយៗនៅក្នុងមេរៀនវាយតម្លៃការរៀនសូត្ររបស់អ្នក ។ សូមយកចិត្តទុកដាក់ជាពិសេស ពីរបៀបដែលសកម្មភាពនីមួយៗនៃការវាយតម្លៃ ៖
-
គឺត្រូវបានចាប់ផ្ដើមដោយមានចំណងជើងដែលបង្ហាញលទ្ធផលនៃកម្រិតការរៀនសូត្រក្នុងវគ្គសិក្សា ។
-
យោងទៅតាមបទពិសោធន៍នៃការរៀនសូត្រពីមេរៀនមុនៗនៅក្នុងកម្មវិធីសិក្សានេះ ។
-
សូមផ្ដល់ឱកាសឲ្យសិស្ស ធ្វើ អ្វីមួយដើម្បីបង្ហាញពីការរៀនសូត្ររបស់ពួកគេ ។
វាសំខាន់ដែលត្រូវចាំថា ការរៀនសូត្ររបស់សិស្សអាចត្រូវបានពន្លឿន នៅពេលដែលសិស្សយល់ដឹងយ៉ាងច្បាស់ថា អ្វីទៅជាលទ្ធផលសម្រាប់សកម្មភាពនៃការរៀនសូត្រ ហើយពួកគេត្រូវបានផ្ដល់នូវឱកាសដើម្បីបង្ហាញពីការរៀនសូត្ររបស់ពួកគេ ។ ការប្រៀបធៀបអាចជួយបង្ហាញគំរូនេះបាន ។ ប្រសិនបើក្មេងម្នាក់កំពុងរៀនពីរបៀបបាញ់ព្រួញ នោះគាត់ត្រូវការគោលដៅច្បាស់លាស់ដើម្បីតម្រង់ឲ្យចំ ហើយក៏ត្រូវការការបណ្តុះបណ្តាលពីរបៀបដាក់ព្រួញជាមួយធ្នូ កាន់ធ្នូ តម្រង់ទិស ហើយបាញ់ចេញផងដែរ ។ ប្រសិនបើគាត់មិនដែលបានទទួលឱកាសដើម្បីសាកល្បងបាញ់ព្រួញនោះទេ នោះគាត់នឹងមិនបានដឹងថា គាត់រៀនចេះ ឬអត់ឡើយ ។ លុះត្រាតែគាត់បាញ់ព្រួញចេញទៅ ទើបគាត់អាចមើលឃើញច្បាស់ថា គាត់បាញ់ចំគោលដៅ ឬក៏អត់ ។ វាក៏ពិតដូចគ្នាដែរ ចំពោះបទពិសោធន៍នៃការរៀនសូត្រដំណឹងល្អ ។ សិស្សត្រូវការការណែនាំ និងជំនួយ ប៉ុន្ដែពួកគេក៏ត្រូវការឱកាសនានាដើម្បីបង្ហាញពីការរៀនសូត្ររបស់ពួកគេដែរ ។ របៀបដែលសិស្សបង្ហាញការរៀនសូត្ររបស់ពួកគេត្រូវតែមានការភ្ជាប់ដ៏ច្បាស់លាស់ទៅនឹងលទ្ធផល ។ គ្រប់បទពិសោធន៍នៃការរៀនសូត្រទាំងអស់នៅក្នុងកម្មវិធីសិក្សានេះ គឺត្រូវបានរៀបរៀងឡើងជាមួយនឹងគំនិតនេះ ប៉ុន្ដែវាត្រូវបានបង្ហាញកាន់តែច្បាស់នៅក្នុងមេរៀនវាយតម្លៃការរៀនសូត្ររបស់អ្នក ។ សូមពិចារណាចែកចាយជាមួយសិស្សថាអ្វីទៅគឺជាលទ្ធផលនៃការរៀនសូត្រនៅក្នុងមេរៀននីមួយៗទាំងនេះ ។
គ្រូបង្រៀន និងមិត្ដរួមថ្នាក់ទាំងឡាយអាចជាធនធានដើម្បីជួយសិស្សឲ្យសម្គាល់ការរៀនសូត្ររបស់ពួកគេបានច្បាស់ជាងមុន។ ក្នុងនាមជាគ្រូបង្រៀន អ្នកអាចផ្តល់មតិកែលម្អដល់សិស្ស អំពីការរីកចម្រើនដែលពួកគេកំពុងធ្វើ ឬពុះពារដើម្បីធ្វើ ។ អ្នកអាចប្រមូលគំនិត ឬចែកចាយបទពិសោធន៍នានាពីជីវិតរបស់អ្នកផ្ទាល់ ។ សូមចាំថា វាមិនគួរក្លាយជាការរំពឹងទុកមួយថា សិស្សត្រូវរាយការណ៍ពីគោលដៅ ឬផែនការនានារបស់ពួកគេដល់អ្នក ឬដល់់ថ្នាក់ទាំងមូលនោះឡើយ ។ គោលដៅ និងផែនការមួយចំនួននេះអាចមានលក្ខណៈផ្ទាល់ខ្លួនណាស់ ។ ប៉ុន្ដែ ប្រហែលជាមានគ្រាណាមួយ នៅពេលដែលសិស្សមានបំណងចង់ចែកចាយផែនការ ឬគោលដៅទាំងឡាយរបស់គាត់ ឬរបស់នាងជាមួយនឹងអ្នក ។ សូមប្រឹក្សាជាមួយគ្នានឹងសិស្សរបស់អ្នកទៅតាមពេលវេលាដែលសមរម្យ ។ ប្រហែលជាមានគ្រាណាមួយ នៅពេលដែលសិស្សគួរតែត្រូវណែនាំទៅកាន់ឪពុកម្តាយ ប៊ីស្សព ឬប្រធានសាខា ។
សកម្មភាពមួយចំនួននៅក្នុងមេរៀនវាយតម្លៃការរៀនសូត្ររបស់អ្នក គឺត្រូវបានរៀបរៀងឡើងសម្រាប់ឲ្យសិស្សចែកចាយគំនិត និងបទពិសោធន៍របស់ពួកគេជាមួយមិត្ដរួមថ្នាក់ ខណៈដែលសកម្មភាពមួយចំនួនផ្សេងទៀតគឺមានភាពផ្ទាល់ខ្លួនពេក ។ ជាឧទាហរណ៍ នៅពេលសិស្សកំពុងពន្យល់គោលលទ្ធិ វាអាចជាគ្រាដ៏ល្អមួយដើម្បីឲ្យពួកគេធ្វើការជាមួយគ្នា អនុវត្តការពន្យល់ ឬធ្វើការសម្តែង ។ នៅពេលសិស្សកំពុងតែវាយតម្លៃអារម្មណ៍ អាកប្បកិរិយា និងបំណងប្រាថ្នានានារបស់ពួកគេ វាអាចជាសកម្មភាពសមរម្យជាងសម្រាប់ការឆ្លុះបញ្ជាំងផ្ទាល់ខ្លួន ។
អ្វីដែលសំខាន់ជាងគេ កាលអ្នកបង្រៀនមេរៀនទាំងនេះ សូមអញ្ជើញសិស្សឲ្យខិតខំស្វែងរកជំនួយ និងការណែនាំមកពីព្រះវរបិតាសួគ៌តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ គ្មានគូកនណាដែលល្អជាងព្រះវិញ្ញាណបរិសុទ្ធទេ ក្នុងការជួយសិស្សឲ្យយល់ច្បាស់ពីរបៀបដែលពួកគេកំពុងរៀនសូត្រ និងរីកចម្រើន នៅលើផ្លូវរបស់ពួកគេដើម្បីត្រឡប់ទៅកាន់ព្រះវរបិតាសួគ៌វិញ ។ សូមផ្ដល់ដល់សិស្សនូវឱកាសជាទៀងទាត់ ដើម្បីខិតខំស្វែងរកជំនួយមកពីព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងការវាយតម្លៃការរៀនសូត្រ និងការីកចម្រើនរបស់ពួកគេក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ។
ក្រេឌីតនៃវគ្គសិក្សាសម្រាប់ការវាយតម្លៃ
សិស្សត្រូវតែចូលរួមក្នុងមេរៀនវាយតម្លៃការរៀនសូត្ររបស់អ្នក យ៉ាងហោចណាស់មួយមេរៀនក្នុងអំឡុងពាក់កណ្ដាលវគ្គសិក្សានីមួយៗ ដើម្បីទទួលបានក្រេឌីតសម្រាប់ការបញ្ចប់ថ្នាក់សិក្ខាសាលា ។
ប្រសិនបើសិស្សមិនបានរៀនមេរៀនណាមួយ នៅក្នុងមេរៀនវាយតម្លៃការរៀនសូត្ររបស់អ្នកក្នុងអំឡុងឆមាសនោះទេ អ្នកចាំបាច់ត្រូវផ្តល់មេរៀនវាយតម្លៃការរៀនសូត្ររបស់អ្នកមួយដែលសមរម្យដល់ពួកគេ ដែលមេរៀននេះមាននៅក្នុងឧបសម្ព័ន្ធនៃសៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ។ « វាយតម្លៃការរៀនសូត្ររបស់អ្នក ផ្នែកទី ១ » អាចផ្ដល់ឲ្យសិស្សដើម្បីជំនួសការវាយតម្លៃសម្រាប់វគ្គទីមួយនៃវគ្គសិក្សានេះ ។ « វាយតម្លៃការរៀនសូត្ររបស់អ្នក ផ្នែកទី ២ » អាចផ្ដល់ឲ្យសិស្សដើម្បីជំនួសការវាយតម្លៃសម្រាប់វគ្គទី២នៃវគ្គសិក្សានេះ ។ សូមអញ្ជើញសិស្សឲ្យកត់ត្រាចម្លើយរបស់ពួកគេទៅនឹងសកម្មភាពនៃការវាយតម្លៃនីមួយៗ ។ សូមលើកទឹកចិត្តពួកគេឲ្យចែកចាយចម្លើយរបស់ពួកគេ ដែលមិនមានលក្ខណៈផ្ទាល់ខ្លួនពេកជាមួយនឹងឪពុក ឬម្តាយ បងប្អូនបង្កើត ឬអ្នកដឹកនាំសាសនាចក្រផងដែរ ។ ឱកាសសម្រាប់សិស្សដើម្បីចែកចាយនេះអាចអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធបង្រៀន និងថ្លែងទីបន្ទាល់អំពីសេចក្ដីពិតនៃដំណឹងល្អ និងអញ្ជើញពួកគេឲ្យឈានជំហានបន្ថែមនៅក្នុងភាពជាសិស្សដែលផ្ដោតសំខាន់លើព្រះគ្រីស្ទ ។ នៅពេលពួកគេប្រគល់វាមកឲ្យអ្នកវិញ អ្នកក៏អាចអញ្ជើញពួកគេឲ្យចែកចាយចម្លើយរបស់ពួកគេមួយ ឬពីរប្រិសនបើចម្លើយនោះមិនមានលក្ខណៈផ្ទាល់ខ្លួនពេកទេ ។
ការកែសម្រួលមេរៀនវាយតម្លៃការរៀនសូត្ររបស់អ្នក
ជួនកាល អ្នកអាចត្រូវតែកែសម្រួលមេរៀនវាយតម្លៃការរៀនសូត្ររបស់អ្នក ។ ដោយសារតែកាលវិភាគរបស់សាលារៀន នោះសិស្សអាចមិនបានសិក្សាមេរៀនដែលយោងនឹងមេរៀនវាយតម្លៃការរៀនសូត្ររបស់អ្នកទេ ។ ប្រហែលជាមានពេលខ្លះ ពេលដែលសេចក្ដីពិតគឺមានអត្ថន័យជាពិសេសទៅកាន់សិស្ស ប៉ុន្ដែមិនបានលើកឡើងនៅក្នុងមេរៀនវាយតម្លៃការរៀនសូត្ររបស់អ្នកទេ ។ នៅក្នុងករណីទាំងនេះ អ្នកអាចសម្រេចចិត្ដដើម្បីជំនួសសកម្មភាពមួយក្នុងចំណោមសកម្មភាពនានានៅក្នុងមេរៀនវាយតម្លៃការរៀនសូត្ររបស់អ្នក ជាមួយនឹងសកម្មភាពមួយដែលអ្នកបង្កើត ដើម្បីជួយសិស្សវាយតម្លៃការយល់ដឹង ឬការរីកចម្រើនរបស់សិស្សស្តីពីប្រធានបទនោះ ។
ជំហានខាងក្រោមនេះអាចជួយអ្នកកែសម្រួល ឬបង្កើតសកម្មភាពវាយតម្លៃប្រកបដោយប្រសិទ្ធភាព ។
-
ជំហានទី ១ ៖ សូមចាប់ផ្តើមដោយការរកមើលគោលបំណងនៃមេរៀនមួយដែលអ្នកចង់វាយតម្លៃ ។
គោលបំណងមេរៀននីមួយៗគឺបានរាយបញ្ជីនៅប្រយោគចុងក្រោយគេក្នុងកថាខណ្ឌនៃសេចក្ដីណែនាំនៃមេរៀននោះ ហើយនៅក្នុងឯកសារទិដ្ឋភាពទូទៅសម្រាប់សប្ដាហ៍នោះ ។
-
ជំហានទី ២ ៖ សូមពិចារណាអំពីអ្វីដែលសិស្សអាចធ្វើ ដើម្បីវាយតម្លៃពីការរីកចម្រើន និងការរៀនសូត្ររបស់ពួកគេទៅលើគោលបំណងនៃមេរៀននោះ ។ ឧទាហរណ៍រួមមានដូចតទៅ ៖
-
ការយល់ដឹង ៖ សិស្សអាចបង្រៀន ឬពន្យល់ពីគោលគំនិតខាងគោលលិទ្ធិបែបជាការនិយាយ ឬជាការសរសេរ ។ ការណ៍នេះអាចសម្រេចបានតាមរបៀបជាច្រើនដូចជា តាមការឆ្លើយតបទៅនឹងសាច់រឿង ឬបណ្ដុំគំនិតសរសេរនៅក្នុងសៀវភៅកំណត់ហេតុ ។
-
អារម្មណ៍ អាកប្បកិរិយា ឬបំណងប្រាថ្នាទាំងឡាយ ៖ សិស្សប្រហែលជាបានអញ្ជើញឲ្យវាយតម្លៃអារម្មណ៍ អាកប្បកិរិយា ឬបំណងប្រាថ្នាទាំងឡាយរបស់ពួកគេនៅមេរៀនមុន តាមរយៈការសរសេរចូលកំណត់ហេតុ ការស្ទង់មតិ ឬវិធីសាស្ដ្រផ្សេងទៀត ។ ប្រសិនបើដូច្នោះ សិស្សអាចត្រូវបានអញ្ជើញឲ្យចូលរួមបំពេញសកម្មភាពនោះម្ដងទៀត ។ បន្ទាប់មក ពួកគេអាចប្រៀបធៀបការឆ្លើយតបរបស់ពួកគេពីមេរៀនមុនទៅនឹងការឆ្លើយតបរបស់ពួកគេក្នុងអំឡុងមេរៀនវាយតម្លៃការរៀនសូត្ររបស់អ្នក ។
-
ការអនុវត្ដ៖ សិស្សអាចពិនិត្យមើលអ្វីដែលពួកគេទទួលចំណាប់អារម្មណ៍ឲ្យធ្វើ ឬផែនការដែលពួកគេបានបង្កើតដែលជាផ្នែកមួយនៃមេរៀន ។ បន្ទាប់មក ពួកគេអាចជញ្ជឹងគិតពីរបៀបដែលពួកគេបានធ្វើតាមផែនការនោះ ។ សិស្សពីរបីនាក់ដែលស្ម័គ្រចិត្ដអាចចែកចាយបទពិសោធន៍របស់ពួកគេ ប្រសិនបើបទពិសោធន៍ទាំងនោះមិនមានលក្ខណៈផ្ទាល់ខ្លួនពេកនោះទេ ។ ពួកគេថែមទាំងអាចបង្ហាញអ្វីមួយចំនួនដែលពួកគេបានធ្វើ ដូចជាការប្រើប្រាស់កម្មវិធីមែកធាងគ្រួសារនៃកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ឬការបង្ហាញជំនាញសិក្សាព្រះគម្ពីរ ។
-
សូមព្យាយាមស្វែងរកវិធីដើម្បីធ្វើឲ្យសកម្មភាពទាំងនេះមានអត្ថន័យ និងមានភាពរីករាយ ។ ក៏សូមផ្តល់ពេលវេលាច្រើនដល់សិស្សឲ្យគិតពិចារណា និងវាយតម្លៃការរីកចម្រើនរបស់ពួកគេផងដែរ ។ សកម្មភាពទាំងនេះគួរតែមិនបណ្ដាលឲ្យសិស្សប្រៀបធៀបការរីកចម្រើនរបស់ពួកគេទៅនឹងមនុស្សដទៃនោះទេ ប៉ុន្ដែគួរតែជួយពួកគេវាយតម្លៃបទពិសោធន៍ ផ្ទាល់ខ្លួន របស់ពួកគេវិញ ។ សិស្សមួយចំនួនប្រហែលជាខកចិត្តចំពោះការរីកចម្រើនបច្ចុប្បន្នរបស់ពួកគេ ។ សូមជួយពួកគេឲ្យយល់ថា ការវាយតម្លៃទាំងនេះមិនគួរជាការវាយតម្លៃចុងក្រោយនោះទេ ។ ផ្ទុយទៅវិញ សិស្សគួរតែត្រូវបានលើកទឹកចិត្តជានិច្ចឲ្យពិចារណាអំពីអ្វីដែលអាចជាជំហានបន្ទាប់នៅក្នុងការសិក្សា ឬការរីកចម្រើនរបស់ពួកគេ និងរបៀបដែលពួកគេអាចបែរទៅរកព្រះអម្ចាស់សម្រាប់ជំនួយ ។
ចំណាំ ៖ គ្រូបង្រៀនថ្នាក់សិក្ខាសាលាអាចលើកកម្ពស់មេរៀនវាយតម្លៃការរៀនសូត្ររបស់អ្នកដែលនឹងមានក្នុងពេលឆាប់ៗនេះ ដោយការរួមបញ្ចូលសកម្មភាពការវាយតម្លៃដែលទាក់ទងនឹងផ្នែកការរៀបចំជីវិតដែលសិស្សបានសិក្សាថ្មីៗនេះនៅក្នុងថ្នាក់សិក្ខាសាលា ។ ពួកគេអាចបន្ថែមសកម្មភាពទាំងនេះទៅកាន់មេរៀនវាយតម្លៃការរៀនសូត្ររបស់អ្នក ឬជំនួសការវាយតម្លៃដែលមានរួចហើយ ។ អ្នកអាចស្វែងរកការវាយតម្លៃដែលបានណែនាំសម្រាប់ផ្នែកនីមួយៗក្នុងមេរៀននៃការរៀបចំជីវិត ដែលមាននៅក្នុងឧបសម្ព័ន្ធនៃសៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ។
សេចក្ដីបញ្ចប់
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានលើកទឹកចិត្ដគ្រូបង្រៀនថា « សូមចងចាំថា សិស្សមិនមែនជាកំប៉ុងដែលត្រូវបំពេញទេ សិស្សគឺជាភ្លើងដែលត្រូវដុតឲ្យឆេះសន្ធោរសន្ធៅ » ( « Angels and Astonishment » [ ការចាក់ផ្សាយការបំពាក់បំប៉នប្រព័ន្ធអប់រំសាសនាចក្រ ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៩ ] នៅលើគេហទំព័រ broadcasts.ChurchofJesusChrist.org ) ។ ឱកាសទាំងឡាយដែលសិស្សមានដែលជាផ្នែកមួយនៃសកម្មភាពការវាយតម្លៃទាំងឡាយក្នុងថ្នាក់សិក្ខាសាលាគឺជារបៀបដ៏សំខាន់ដើម្បីលើកទឹកចិត្ដសិស្សនៅក្នុងការរៀនសូត្ររបស់ពួកគេ ។ ពួកគេអាចបង្កាត់នូវបំណងប្រាថ្នាដើម្បីជួយការប្រែចិត្ដជឿរបស់សិស្សលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់មានកាន់តែខ្លាំង ។ ការផ្តល់ឱកាសឲ្យសិស្សពន្យល់គោលលទ្ធិ ជញ្ជឹងគិតពីអារម្មណ៍ អាកប្បកិរិយា និងបំណងប្រាថ្នាទាំងឡាយរបស់ពួកគេ និងពិនិត្យឡើងវិញនូវផែនការ ឬគោលដៅនានាដែលពួកគេខិតខំបំពេញ នោះនឹងជួយពួកគេឲ្យមានចេតនាកាន់តែច្រើនក្នុងកិច្ចខិតខំរបស់ពួកគេ ដើម្បីប្រែក្លាយកាន់តែដូចព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។