ការបំពាក់បំប៉ន​កម្មវិធី​សិក្សា
ការបំពាក់​បំប៉ន​ចំណេះចំណាន​ខាង​គោលលទ្ធិ


« ការបំពាក់​បំប៉ន​ចំណេះចំណាន​ខាង​គោលលទ្ធិ » ការបំពាក់​បំប៉ន​កម្មវិធី​សិក្សា​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

ក្រុម​យុវជន​កំពុង​សិក្សា​ព្រះគម្ពីរ

ការបំពាក់​បំប៉ន​ចំណេះចំណាន​ខាង​គោលលទ្ធិ

សេចក្តី​ណែនាំ​ស្ដីពី​ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ គន្លង​នៃ​ការខិតខំ និង​ការស្វែងរក​ចម្លើយ​ដ៏​ទេវភាព

យ៉ាកុប និង សេរេម

នៅក្នុង​ព្រះគម្ពីរ​មរមន យ៉ាកុប​ភ្ជាប់​បទពិសោធន៍​ដែល​លោក​បាន​មាន ទៅ​ជាមួយ​នឹង​បុរសម្នាក់​ឈ្មោះថា សេរេម ។ សេរេមជា​អ្នក​រៀន​សូត្រ ម្ល៉ោះ​ហើយ ទើប​គាត់​អាច​បញ្ជោរ ហើយ​រក​កលល្បិច​នៃ​សម្ដី​ជា​ច្រើន​រហូត​ដល់​គាត់​បាន​បង្វែរ​ចិត្ត​មនុស្ស​ជា​ច្រើន​ចេញ ហើយ « រំលំ​គោលលទ្ធិ​នៃ​ព្រះ​គ្រីស្ទ​ចោល » ( សូមមើល យ៉ាកុប ៧:២–៤ ) ។ យ៉ាកុប​ពន្យល់​ថា​សេរេម « បាន​ស្វែងរក​ឱកាស​ជា​ច្រើន ដើម្បី​គាត់​អាច​និយាយ​នឹង​ខ្ញុំ ។ … ហើយ​គាត់​បាន​សង្ឃឹម​ថា​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​បាត់បង់​សេចក្ដី​ជំនឿ »​( យ៉ាកុប ៧:៣, ៥ ) ។ ប៉ុន្តែ​យ៉ាកុប​បាន​កត់ត្រា​ថា ទោះជា​យ៉ាងណា « ខ្ញុំ​មិន​អាច​បាត់បង់​សេចក្តីជំនឿ​បានទេ » ( យ៉ាកុប ៧:៥ ) ។ ដោយសារ​តែ​កិច្ចខិតខំ​ឧស្សាហ៍​ព្យាយាម​ដែល​យ៉ាកុប​បាន​មាន​អស់​ពេញ​មួយ​ជីវិត​របស់​លោក គ្មាន​សំណួរ ឬ​កាលៈទេសៈ​ណា​ដែល​អាច​ដក​យក​យ៉ាកុប​ចេញ​ពី​គ្រឹះ​ដ៏​រឹងមាំ​ដែល​លោក​បាន​ស្ថាបនា​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹង​ល្អ​របស់​ទ្រង់​ឡើយ ។

រូបភាព meme បង្ហាញពី​ការឈរ​នៅ​កណ្ដាល​ព្យុះ​ភ្លៀង​យ៉ាង​រឹងមាំ

នៅ​សម័យ​របស់​យើង យុវវ័យ​នៃ​សាសនា​ចក្រ​ជួបប្រទះ​សំណួរ និង​ស្ថានភាព​ពិបាក​ដែល​អាច​ធ្វើ​ឲ្យ​ពួកគេ​បាត់បង់​សេចក្ដី​ជំនឿ​របស់​ពួកគេ ។ ចំណេះចំណាន​ខាង​គោលលទ្ធិ​គឺ​ជា​របៀប​មួយ​ដែល​សិស្ស​អាច​រៀបចំ​ខ្លួន​សម្រាប់​ឧបសគ្គ​ទាំងនេះ ។ ពេល​ដែល​សិស្ស​អភិវឌ្ឍ​ចំណេះចំណាន​ខាង​គោលលទ្ធិ នោះពួកគេ​នឹងអាច​រៀបចំ​ខ្លួន​បាន​កាន់តែ​ប្រសើរ ដើម្បី​កុំឲ្យ​បាត់បង់​សេចក្ដី​ជំនឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ ប្រធាន អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ចែកចាយ​ជាមួយ​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា និង​វិទ្យាស្ថាន​អំពី​ចំណេះចំណាន​ខាងគោលលទ្ធិ ដូច​ខាងក្រោម ៖

[ ចំណេះចំណាន​ខាង​គោលលទ្ធិ ] នឹង​ផ្ដោត​ទៅលើ​ការស្ថាបនា និង​ការពង្រឹង​សេចក្ដី​ជំនឿ​របស់​សិស្ស​យើង​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ពង្រឹង​ពួកគេ​តាមរយៈ​ការបង្កើន​សមត្ថភាព​ក្នុង​ការរស់នៅ និង​ការអនុវត្ត​ដំណឹងល្អ​នៅក្នុង​ជីវិត​ពួកគេ ។ …

គំនិត​ផ្តួចផ្តើម​នេះ​គឺ​ត្រូវបាន​បំផុស​គំនិត និង​ទាន់​ពេលវេលា ។ វា​នឹង​មាន​ឥទ្ធិពល​ដ៏​អស្ចារ្យ​លើ​យុវវ័យ​របស់​យើង ។ ទោះ​ជា​យ៉ាង​ណា​ ភាពជោគជ័យ​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ និង​ភាពជោគជ័យ​នៃ​កម្មវិធី​ផ្សេងៗ​ទាំងអស់​នៃ​ការសិក្សា​នៅ​ក្នុង​ប្រព័ន្ធ ស៊ី.អ៊ី.អេស. នឹង​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​អ្នករាល់​គ្នា​ក្នុង​វិសាលភាព​ដ៏​ធំ​មួយ ។ ( អិម រ័សុល បាឡឺដ « The Opportunities and Responsibilities of CES Teachers in the 21st Century​[ ជំនួប​ជាមួយ​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ថ្ងៃ​ទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៦ ] នៅលើ​គេហទំព័រ broadcasts.ChurchofJesusChrist.org )

ចំណេះចំណាន​ខាង​គោលលទ្ធិ​នៅ​ក្នុង​កម្មវិធី​សិក្សា​

នៅក្នុង​សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន បទពិសោធន៍​នៃ​ការរៀនសូត្រ​ចំណេះចំណាន​ខាង​គោលលទ្ធិ ត្រូវបាន​ដាក់​បញ្ចូល​ជាទៀងទាត់ ដើម្បី​ជួយ​សិស្ស​ឲ្យ​សម្រេច​បាន​លទ្ធផល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ រូបក្រាហ្វិច​ខាងក្រោមនេះ​បង្ហាញ​ពី​លទ្ធផល​នៃ​ចំណេះចំណាន​ខាង​គោល​លទ្ធិ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល ឯកសារគោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ( ២០២៣ ) ។

តារាង​នៃ​ការបំពាក់បំប៉ន​ចំណេះចំណាន​ខាង​គោលលទ្ធិ

កម្មវិធី​សិក្សា​ថ្នាក់​សិក្ខាសាលា​ជួយ​សិស្ស​ឲ្យ​សម្រេច​បាន​លទ្ធផល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ​តាម​របៀប​បី​យ៉ាង​ដូច​ខាងក្រោម​នេះ ៖

  1. មេរៀន​នៃ​សេចក្ដីណែនាំ​នៃ​ចំណេះចំណាន​ខាងគោលលទ្ធិ និង​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ

  2. វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ​បាន​បង្រៀន​នៅ​ក្នុង​បរិបទ​រួម​នឹង​កាលវិភាគ ចូរមក​តាម​ខ្ញុំ

  3. មេរៀន​នៃ​ការអនុវត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ

ដូច​ជា​អ្នក​ឡើង​ភ្នំ​ដែល​ត្រូវការ​ឧបករណ៍​ដើម្បី​រំកិល​ចុះ​ពី​ជញ្ជាំង​ជ្រលង​ភ្នំ​ដ៏​ចោត​ដោយ​សុវត្ថិភាព បទពិសោធន៍​នៃ​ការរៀនសូត្រ​ទាំងនេះ​ជួយ​បំពាក់​ដល់​សិស្ស​នូវ​ជំនាញ​ទាំងឡាយ​ដើម្បី​ដោះស្រាយ​នូវ​សំណួរ និង​ស្ថានភាព​ដ៏​ពិបាក​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

រូបភាព meme បង្ហាញពី​ជំនាញ​ដើម្បី​ដោះស្រាយ​ឧបសគ្គ

សេចក្តីណែនាំ​ស្ដីពី​មេរៀន​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​មេរៀន​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ

មេរៀន​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មាន​ចំនួន​ប្រាំ ដែល​បាន​រៀបរៀងឡើង​ដើម្បី​ជួយ​សិស្ស​យល់​ពី​គោលបំណង​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​រៀន​ពី​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ។

  • ការពង្រឹង​មូលដ្ឋាន​គ្រឹះ​ខាង​វិញ្ញាណ​របស់​អ្នក ៖ សេចក្ដី​ណែនាំ​ស្ដីពី​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ ផ្ដល់​ដល់​សិស្ស​នូវ​ទស្សនៈ​រួម​ពី​អ្វី​ទៅ​ជា​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ប្រភេទ​នៃ​បទពិសោធន៍​នៃ​ការរៀនសូត្រ​ដែល​ពួកគេ​អាច​រំពឹងទុក​ដើម្បី​ជួយ​ពួកគេ​អភិវឌ្ឍ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ ពេលវេលា​ដ៏​ល្អ​បំផុត​គឺ​បង្រៀន​នៅ​ពេល​នៃ​ការចាប់ផ្ដើម​ឆ្នាំសិក្សា ប្រសិន​បើ​សិស្ស​ទាំងនោះជា​សិស្សថ្មី​ក្នុង​ថ្នាក់​សិក្ខាសាលា ឬ​បង្រៀន​ជា​មេរៀន​រំឭក​ឡើងវិញ​នៅ​ពាក់កណ្ដាល​ឆ្នាំ​សិក្សា ។

  • ការស្វែងរក​វិវរណៈ​ផ្ទាល់ខ្លួន​សម្រាប់​សំណួរ​របស់​ខ្ញុំ ៖ ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ផ្នែកទី ១ ។ ជួយ​សិស្ស​ឲ្យ​យល់​ពី​របៀប​ដែល​ពួកគេ​អាច​ទទួល​បាន​ការណែនាំ និង​វិវរណៈ​មកពីព្រះ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ពេលវេលា​ល្អ​បំផុត​សម្រាប់​បង្រៀន​មេរៀន​នេះ​គឺ​នៅ​ដើម​ឆ្នាំ​សិក្សា ។

  • ការធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​ដើម្បី​ស្វែងរក​ចម្លើយ ៖ ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ផ្នែកទី ២ ។ ជួយ​សិស្ស​ឲ្យ​យល់​ពីរបៀប​ធ្វើ​សកម្មភាព​ដោយ​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ នៅ​ពេលពួកគេ​ខិតខំ​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​ពួកគេ ។ ពេលវេលា​ល្អ​បំផុត​សម្រាប់​បង្រៀន​មេរៀន​នេះ​គឺ​នៅ​ដើម​ឆ្នាំ​សិក្សា ។

  • ការពិនិត្យ​មើល​ប្រធានបទ​នៃ​ដំណឹងល្អ និង​សំណួរ​ដោយ​មាន​ទស្សន​វិស័យ​ដ៏​អស់កល្ប​មួយ ៖​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ផ្នែកទី ៣ ។ ជួយ​សិស្ស​ឲ្យ​មើលឃើញ​ពី​គំនិត និង​សំណួរ​ទាំងឡាយ​ឲ្យ​កាន់​តែ​ដូច​ព្រះយេស៊ូវគ្រីស្ទ នៅពេល​ពួកគេ​ពិនិត្យមើល​គំនិត និង​សំណួរ​ទាំងឡាយ​នោះ​ជាមួយនឹង​ទស្សន​វិស័យ​ដ៏​អស់កល្ប​មួយ ។ ពេលវេលា​ល្អ​បំផុត​សម្រាប់​បង្រៀន​មេរៀន​នេះ​គឺ​នៅ​ដើម​ឆ្នាំ​សិក្សា ។

  • ការបែរ​ទៅ​រក​ធនធាន​ដ៏​ទេវភាព​ដែល​បាន​តាំងឡើង​ដើម្បី​ស្វែងរក​ចម្លើយ ៖ ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ផ្នែកទី ៤ ។ ជួយ​សិស្ស​ឲ្យ​យល់​ពី​សារៈសំខាន់​នៃ​ការខិតខំ​ស្វែងរក​សេចក្តីពិត​ពីប្រភព​នានា​ដែល​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បានប្រទាន​មក​ដោយ​សេចក្តី​ស្រឡាញ់ ។ ពេលវេលា​ល្អ​បំផុត​សម្រាប់​បង្រៀន​មេរៀន​នេះ​គឺ​នៅ​ដើម​ឆ្នាំ​សិក្សា ។

វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅ​ក្នុង​បរិបទ

នៅ​ពេល​បង្រៀន​មេរៀន​ចេញពី​បណ្តុំ​ព្រះគម្ពីរ​ដែល​មាន​រួម​ទាំង​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ សូម​រកមើល​របៀប​ទាំងឡាយ​ដើម្បី​សង្កត់​ធ្ងន់​ទៅ​លើ​វគ្គ​នោះ ។ បង្រៀន​វគ្គ​នេះ​នៅ​ក្នុង​បរិបទ ហើយ​ផ្ដោតលើ​គោលលទ្ធិ​ដែល​វគ្គ​នេះ​បង្រៀន ។ អ្នក​នឹង​សម្គាល់​ឃើញ​រូបតំណាង​នេះ រូបតំណាង​ចំណេះចំណាន​ខាង​គោលលទ្ធិ នៅ​គ្រប់ពេល​ដែល​មាន​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ អ្នក​អាច​លើកទឹកចិត្ដ​សិស្ស​ឲ្យ​គូស​ចំណាំ​វគ្គ​នីមួយៗ ដើម្បី​ពួកគេ​អាច​ស្វែងរក​វគ្គ​ទាំងនោះ​នៅ​ពេលក្រោយ ។

ឯកសារគោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២៣ )​មាន​នូវ​បញ្ជី​នៃ​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទាំង ២៤ សម្រាប់​វគ្គសិក្សា​នីមួយៗ ។ សេចក្ដីណែនាំ​អំពី​ល្បឿន​បង្រៀន​របស់​អ្នក នឹង​មិន​រួមបញ្ចូល​នូវ​គ្រប់​មេរៀន​ទាំងអស់​ដែល​រៀបរាប់​អំពី​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ក្នុង​បរិបទ ខណៈ​ដែល​ថ្នាក់​សិក្ខាសាលា​កំពុង​ស្ថិត​ក្នុង​ការបង្រៀន​នោះ​ទេ ដូចនេះ​សូម​រកមើល​ឱកាស​ដើម្បី​ជួយ​សិស្ស​រំឭក​នូវ​វគ្គ​ទាំង ២៤ ឡើងវិញ ។

ពេល​ដែល​បាន​សិក្សា​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នៅ​ក្នុង​ថ្នាក់​រួច​ហើយ សូម​ប្រាកដ​ថា​អ្នក​បាន​ចំណាយ​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការសិក្សា​នូវ​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គ​ចំណេះ​ចំណាន​ខាងគោលលទ្ធិ ដើម្បី​សិស្ស​ដឹង និង​យល់​ពី​វា ។ មេរៀន​នីមួយៗ​ដែល​មាន​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ រួមបញ្ចូល​ការណែនាំ​ដើម្បី​ជួយ​សិស្ស​ហាត់​ការទន្ទេញ​ព្រះគម្ពីរ​យោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ​ដែល​ជា​ផ្នែក​នៃ​មេរៀន​នេះ និង​ដើម្បី​ហាត់​ម្ដងទៀត​នៅ​មេរៀន​នាពេល​អនាគត ។ សិស្ស​នឹង​ត្រូវការ​ការហ្វឹកហាត់​ជាទៀងទាត់​ដើម្បី​ចងចាំ​សេចក្ដីយោង និង​ឃ្លាបទ​គម្ពីរគន្លឹះ ។ « គំនិត​ដើម្បី​រំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ » រួមមាន​ការណែនាំ​ពី​របៀប​ដែល​អ្នក​អាច​ជួយ​សិស្ស​ឲ្យ​ហាត់​ទន្ទេញ​សេចក្ដីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ ។ គំនិត​ទាំងនេះ​អាច​រក​បាន​នៅ​ក្នុង​ឧបសម្ព័ន្ធ​នៃ​សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ។

មេរៀន​នៃ​ការអនុវត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ

មេរៀន​នៃ​ការអនុវត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ គឺ​បាន​ដាក់​កាលវិភាគ​ជា​ទៀងទាត់​ប្រហែល​រៀងរាល់ ៤ ទៅ ៦ សប្ដាហ៍​ម្ដង ។ មេរៀន​ទាំងនេះ​ផ្ដល់​ឱកាស​ដល់​សិស្ស​ដើម្បី​ធ្វើ​កិច្ចការ​ឆ្ពោះ​ទៅកាន់​ការ​សម្រេចបាន​នូវ​លទ្ធផល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។ មេរៀន​នៃ​ការអនុវត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ​នីមួយៗ​មាន​ពីរ​ផ្នែក ៖

  1. ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

  2. រៀន និង​អនុវត្ត​តាម​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ

ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

នៅក្នុង​ផ្នែក​នៃ​ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ សិស្ស​នឹង​អនុវត្ដ​ការយល់ដឹង និង​ការពន្យល់​គោលលទ្ធិ​ដែល​ប្រើ​នៅ​ក្នុង​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ការកំណត់​ទីតាំង​ព្រះគម្ពីរ​នៃ​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ និង​ការទន្ទេញ​ឃ្លា​បទគម្ពីរ​គន្លឹះ និង​ការអនុវត្ដ​តាម​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គ​ទាំងនេះ ។ ទោះ​បី​ជា​ការរំឭក​ទាំងនេះ​សំខាន់ និង​គួរតែ​ជា​ផ្នែក​មួយ​នៃ​បទពិសោធន៍​នៃ​ការរៀនសូត្រ​របស់​សិស្ស​ក្តី ​ក៏សូម​គ្រប់គ្រង​ពេលវេលា​ក្នុង​ថ្នាក់​រៀន​ឲ្យ​មាន​ប្រសិទ្ធភាព​ដើម្បី​ពេលវេលា​ភាគ​ច្រើន​ចំណាយ​ទៅលើ​ផ្នែក​ការរៀន និង​អនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ​ដែរ ។

រៀន និង​អនុវត្ត​តាម​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ

ផ្នែក​ការរៀន និង​អនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ គួរតែ​ទទួល​បាន​ម៉ោង​រៀន​ភាគច្រើន​នៃ​មេរៀន​នៃ​ការអនុវត្ដ​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ ផ្នែក​នេះ​ផ្ដល់ឱកាស​ដល់​សិស្ស​​ដើម្បី​រៀន​អនុវត្ដ​គោលលទ្ធិ​នៃ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ និង​គោលលទ្ធិ​នៅ​ក្នុង​ស្ថានភាព​ជីវិត​ជាក់ស្តែង ។

ការអនុវត្ត​នីមួយៗ​ចាប់ផ្តើម​ជាមួយ​នឹង​ឱកាស​ដើម្បី​ពិនិត្យ​មើល​ឡើងវិញ​នូវ​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ ។ សូម​ចងចាំ​ថា ទោះ​បី​សិស្ស​ម្នាក់ ឬ​ពីរ​នាក់​ចេះ​គោលការណ៍​នេះ​បាន​ល្អ​ក្ដី ក៏​សិស្ស​ផ្សេងៗទៀត​អាច​នឹង​នៅតែ​ត្រូវការ​ពេលវេលា និង​ការអនុវត្ត​បន្ថែម​ដែរ ។ សូម​ធ្វើ​ឲ្យ​អស់​ពី​លទ្ធភាព​របស់​អ្នក​ដើម្បី​ជួយ​សិស្ស​ទាំងអស់​មាន​ទំនុកចិត្ដ​ក្នុង​ការប្រើ​ប្រាស់​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ ។ « គំនិត​នៃ​ការរំឭក​ឡើងវិញ​នូវ​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » ដែល​រួមមាន​ការណែនាំ​អំពី​របៀប​រំឭក​គោលការណ៍​ទាំងនោះ​ឡើងវិញ ។ គំនិតទាំងឡាយ​នេះ គឺ​មាន​នៅក្នុង​ឧបសម្ព័ន្ធ​សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​សិក្ខាសាលា ។

សិស្ស​នឹង​ត្រូវបាន​ប្រាប់​នូវ​សាច់រឿង​មួយ​ដែល​បង្ហាញ​នូវ​សំណួរ ឬ​ស្ថានភាព​មួយ​ដែល ការយល់​ដឹង​ត្រឹមត្រូវ​អំពី​គោលលទ្ធិ​ពិត​អាច​ជួយ​បាន ។ ដើម្បី​ឆ្លើយតប​ទៅនឹង​សំណួរ ឬ​ស្ថានភាព សិស្ស​អាច​រៀន​ប្រើប្រាស់​គោលការណ៍​នៃ​ការ​ទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ និង​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅ​ក្នុង វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ព្រះគម្ពីរ​ផ្សេងៗ ឬ​ការបង្រៀន​របស់​ថ្នាក់ដឹកនាំ​សាសនាចក្រ ដែល​សិស្ស​បាន​រៀន​នាពេលថ្មីៗនេះ ។

ការផ្ដល់​ឱកាស​ឲ្យ​សិស្ស​ហ្វឹកហាត់ គឺ​ចាំបាច់​សម្រាប់​ភាពជោគជ័យ​របស់​ពួកគេ​ក្នុង​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។ សូម​គិត​អំពី​របៀប​ដែល​នរណា​ម្នាក់​រៀន​ក្បាច់គុន​ការពារ​ខ្លួន​ត្រូវការ​បង្កើន​ការហ្វឹកហាត់​របស់​ពួកគេ​ដើម្បី​អភិវឌ្ឍ​ភាពរហ័សរហួន​ខាង​សាច់ដុំ ។ ការណ៍​នេះ​រៀបចំ​ពួកគេ​ឲ្យ​ឆ្លើយតប​ទៅ​ការវាយប្រហារ​ផ្សេងៗ​ខុស​ពី​គ្នា ។ ដូចគ្នា​នេះដែរ សិស្ស​ត្រូវការ​បង្កើន​ការអនុវត្ដ​ជាមួយ​នឹង​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។ នៅពេល​សិស្ស​ចូលរួម​នៅក្នុង​ការអនុវត្ត​ជា​ទៀងទាត់ នូវ​ចំណេះចំណាន​ខាង​គោលលទ្ធិ នោះ​ការឆ្លើយតប​ដោយ​ស្មោះត្រង់​ចំពោះ​ឧបសគ្គ​ទាំងឡាយ​ នឹង​ក្លាយ​ជា​រឿង​ឯកឯង និង​ស្វ័យប្រវត្ដិ ។

រូបភាព meme បង្ហាញពី​ការអនុវត្ត​ជាទៀងទាត់

ដើម្បី​មើលឃើញ​ឧទាហរណ៍​ទម្រង់​នៃ​ការអនុវត្ដ សូម​ពិចារណា​មើល​វីដេអូ​មួយ ឬ​ទាំងពីរ​ដូចតទៅនេះ នៅ​លើគេហទំព័រ ChurchofJesusChrist.org ។ នៅពេល​អ្នក​មើល សូម​រកមើល​របៀប​ដែល​គ្រូបង្រៀន​ជួយ​សិស្ស​អនុវត្ត​ការប្រើ​គោលការណ៍​ទាំងបី​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ ។

« ទម្រង់​នៃ​ការអនុវត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ ឧទាហរណ៍​ទី ៣ »

4:51

« ទម្រង់​នៃ​ការអនុវត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ ឧទាហរណ៍​ទី ៤ »

5:26

អ្នក​អាច​កែសម្រួល​សាច់រឿង​នោះ និង​សំណួរ​ដែល​បាន​ផ្តល់​ឲ្យ ឬ​សកម្មភាព​រៀនសូត្រ​ផ្សេងៗ​ទៀត​តាម​ការចាំបាច់ ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​របស់​សិស្ស​បាន​កាន់តែ​ប្រសើរ ។ អ្នក​ក៏​អាច​កែសម្រួល​លំដាប់លំដោយ​ដែល​សិស្ស​អនុវត្ដ​នូវ​គោលការណ៍​ទាំងឡាយ​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ ។ សូម​ប្រាកដ​ថា ការកែសម្រួល​ទាំង​នោះ​នៅតែ​ផ្តល់​ឱកាស​ដល់​សិស្ស​ដើម្បី​អនុវត្ត​គោលការណ៍​ទាំងឡាយ​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ និង​គោលលទ្ធិ​នៅ​ក្នុង​ស្ថានភាព​ជាក់ស្តែង​មួយ ។ ប្រសិន​បើ​កែសម្រួល​សាច់រឿង សូម​ព្យាយាម​រក្សា​នូវ​សំណួរ ឬ​កង្វល់​ចម្បង​នៃ​សាច់រឿង​នោះ ។ សំណួរ ឬ​កង្វល់​ដែល​ជា​ចំណុច​ស្នូល​នៃ​សាច់រឿង​នីមួយៗ គឺ​ត្រូវបាន​រៀបចំ​យ៉ាងយកចិត្ត​ទុកដាក់​សម្រាប់​វគ្គសិក្សា​ថ្នាក់​សិក្ខាសាលា​ទាំង​បួន​ឆ្នាំ ។

សម្រាប់​គំនិត​អំពី​របៀប​ដើម្បី​ធ្វើ​ការកែសម្រួល​ដោយ​សមរម្យ​ទៅ​លើ​ទម្រង់​នៃ​ការអនុវត្ដ សូម​ពិចារណា​មើល​វីដេអូ​មួយ ឬ​ទាំងពីរ​ដូចតទៅនេះ នៅ​លើគេហទំព័រ ChurchofJesusChrist.org ។

« ការកែសម្រួល​កម្មវិធី​សិក្សា​ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ ការអញ្ជើញ​សិស្ស​ដើម្បី​ធ្វើ​ឲ្យ​សាច់រឿង​កាន់​តែ​មាន​ភាព​ទាក់ទង » ។

3:59

« ការកែសម្រួល​កម្មវិធី​សិក្សា​ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ ការកែសម្រួល​សាច់រឿង​ដើម្បី​បំពេញ​តម្រូវការ​ជាក់លាក់ » ។

3:25

« ការកែសម្រួល​កម្មវិធី​សិក្សា​ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ ការជួយ​សិស្ស​ឲ្យ​មើល​ឃើញ​ខ្លួន​ពួកគេ​នៅ​ក្នុង​សាច់រឿង​នោះ » ។

2:21

« ការកែសម្រួល​កម្មវិធី​សិក្សា​ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ ការបង្កើត​សកម្មភាព​ទាំងឡាយ​ដើម្បី​ជួយ​សិស្ស​ប្រើប្រាស់​គ្រប់​គោលការណ៍​ទាំង​បី » ។

3:13

ជំនាញ​ដើម្បី​បង្រៀន​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ដោយ​មាន​ប្រសិទ្ធភាព

ការបំពាក់បំប៉ន​ខាង​ក្រោម​នេះ​បង្រៀន​ពី​ជំនាញ​នានា ដើម្បី​អភវិឌ្ឍ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។ វា​អាចមាន​ប្រសិទ្ធភាព​ក្នុង​ការបញ្ចូល​ជំនាញ​ទាំងនេះ​បន្ដិចម្ដងៗ ។

ជំនាញ ៖ សូម​ពន្យល់​អំពី​មូលហេតុ​សម្រាប់​សកម្មភាព​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។

កំណត់​និយមន័យ

ការចែកចាយ ឬ​ឲ្យ​សិស្ស​ចែកចាយ​មូលហេតុ​មួយ​ក្នុង​ការធ្វើ​សកម្មភាព​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ អាច​ជំរុញ​ទឹកចិត្ត​សិស្ស​ឲ្យ​ចូលរួម​ក្នុង​សកម្មភាព ។ វា​ក៏​អាច​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​បង្រៀន​ពួកគេ​អំពី​សារៈសំខាន់​នៃ​សកម្មភាព​នោះ​ផងដែរ ។ បន្ទាប់​ពី​អ្នក​ចែកចាយ​ពី​អ្វី​ដែល​ថ្នាក់​នឹង​ធ្វើ សូម​ចែកចាយ​មូលហេតុ​មួយ ឬ​ពីរ​ថា​ហេតុអ្វី​អ្នក​ធ្វើ​សកម្មភាព​នោះ ឬ​សុំ​ឲ្យ​សិស្ស​ចែកចាយ​ថា ហេតុអ្វី​ពួកគេ​គិតថា​សកម្មភាព​នោះ​អាច​មាន​ប្រយោជន៍ ។

គំរូ

« ប្អូនៗ យើង​នឹង​ប្រើ​ពេល​ពីរបី​នាទី​ពន្យល់​ពី​គោលលទ្ធិ​ដែល​យើង​រៀន​ចេញ​ពី លូកា ២:១០–១២ ថា​ព្រះយេស៊ូវ​គ្រីស្ទ គឺ​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក ។ មូលហេតុ​មួយ​ដែល​យើង​ធ្វើ​បែប​នេះ គឺ​ដើម្បី​ជួយ​យើង​ឲ្យ​មាន​លទ្ធភាព​ឆ្លើយតប​ដោយមាន​ទំនុកចិត្ត ប្រសិន​បើ​នរណា​ម្នាក់​សួរ​យើង​ថា​ហេតុអ្វី​បាន​ជា​ព្រះយេស៊ូវ​គ្រីស្ទ​សំខាន់​ចំពោះ​យើង » ។

ដើម្បី​មើល​ឧទាហរណ៍​អំពី​របៀប​មួយ​ដែល​វា​អាច​សម្រេច​ទៅ​បាន សូម​មើល​វីដេអូ​មួយ ឬ​ច្រើន​ដូច​តទៅ​នេះ នៅ​លើគេហទំព័រ ChurchofJesusChrist.org ។

« ការចែកចាយ​មូលហេតុ​មួយ​សម្រាប់​សកម្មភាព​ចំណេះចំណាន​ខាង​គោលលទ្ធិ »

1:17

« ការជួយ​សិស្ស​ឲ្យ​រកឃើញ​មូលហេតុ​មួយ​សម្រាប់​សកម្មភាព​ចំណេះចំណាន​ខាង​គោលលទ្ធិ »

2:39

« ការជួយ​សិស្ស​ចែកចាយ​មូលហេតុ​ទាំងឡាយ​សម្រាប់​សកម្មភាព​ចំណេះចំណាន​ខាង​គោលលទ្ធិ »

3:14

អនុវត្ត

សូម​ជ្រើសរើស​ប្រធានបទ​មួយ​ក្នុង​ចំណោម​ខាងក្រោម​នេះ ហើយ​បំពេញ​ប្រយោគ​នោះ ។

« ចូរ​យើង​ធ្វើ​សកម្មភាព​មួយ ដែល​នឹង​ជួយ​យើង​ទន្ទេញ​ចាំបទ​គម្ពីរ​យោង​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ជាមួយ​នឹង​ឃ្លា​គន្លឹះ ។ មូលហេតុ​មួយ​ដែល​យើង​ខិតខំ​ទន្ទេញ​វា​គឺ … »

« សម្រាប់​រយៈពេល​ពីរ​បី​នាទី​នេះ យើង​នឹង​រំឭក​ឡើងវិញ​នូវ​គោលការណ៍​នៃការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ ។ ការដឹង​ពី​គោលការណ៍​ទាំងនេះ​អាច​ជួយ​យើង​ឲ្យ … »

« យើង​នឹង​អនុវត្ត​ការប្រើប្រាស់​គោលការណ៍​ទាំង​បី​នៃ​ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ ។ ការប្រើប្រាស់​គោលការណ៍​ទាំងនេះ​អាច … »

ការវិភាគ

  • តើ​អ្នក​កំពុង​រៀន​ពី​អ្វី កាលដែល​អ្នក​អនុវត្ត​ការពន្យល់​អំពី​មូលហេតុ​សម្រាប់​ការធ្វើ​សកម្មភាព​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ?

រួម​បញ្ចូល

កាល​អ្នក​រៀបចំ​ឲ្យ​សិស្ស​អនុវត្ដ​សកម្មភាព​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ សូម​សរសេរ​យ៉ាងហោចណាស់​មូលហេតុ​មួយ ដែល​ការណ៍​នេះ​អាច​មាន​តម្លៃ​ចំពោះ​សិស្ស ។

ជំនាញ ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭក​ឡើងវិញ​នូវ​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ។

កំណត់​និយមន័យ

កាល​អ្នក​រំឭក​ឡើងវិញ​ជា​ទៀតទាត់​នូវ​គោលការណ៍​នៃ​ការ​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​ជាមួយ​នឹង​ថ្នាក់​របស់​អ្នក នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​សិស្ស​ឲ្យ​ចងចាំ ហើយ​ប្រើប្រាស់​គោលការណ៍​ទាំងនេះ​ក្នុង​ពេល​ដែល​ត្រូវការ ។ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​រំឭក​គោលការណ៍​ទាំងនេះ​មុន​នឹង​អ្នក​ចែកចាយ​សាច់រឿង ឬ​ខណៈ​ពេល​ដែល​សិស្ស​កំពុង​ធ្វើ​តាម​សាច់រឿង​ទាំងនេះ ។ ការអញ្ជើញ​ទាំងនេះ​រួមបញ្ចូល​នូវ​ឱកាស​សម្រាប់​សិស្ស​រំឭក​ឡើងវិញ​យ៉ាង​ហោច​ណាស់​នូវគោលការណ៍​មួយ និងសេចក្ដីណែនាំ​ថា​ពួកគេ​គួរតែ​ចំណាយ​ពេល​ប៉ុនណា​ដើម្បី​រំឭក​គោលការណ៍​នោះ និង​ឱកាស​មួយ​ដើម្បី​ឲ្យ​ពួកគេ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន ។ ដោយ​ការធ្វើ​ដូច្នេះ សិស្ស​នឹង​អាច​ប្រើប្រាស់​គោលការណ៍​ទាំងនេះ​បាន​កាន់តែ​ប្រសើរ ជា​ផ្នែក​នៃ​ការរៀន​អនុវត្ត ។ សម្រាប់​គំនិត​បន្ថែម​ទៀត​អំពី​ការណ៍​នេះ សូម​មើល​ផ្នែក « គំនិត​នៃ​ការរំឭក​ឡើងវិញ​នូវ​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៅក្នុង​ឧបសម្ព័ន្ធ​នៃ​សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់សិក្ខាសាលា ) ។

គំរូ

« ថ្ងៃនេះ ពួកយើង​នឹង​រំឭក​ឡើងវិញ​នូវ​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ​ចេញពី ឯកសារគោល​នៃ​ចំណេះចំណាន​ខាងគោលលទ្ធិ ( ឆ្នាំ ២០២៣ ) ។ ពួកយើង​នឹង​ចែក​ជា​ក្រុម​ដែល​មាន​គ្នា​បី​នាក់ ។ សិស្ស​ម្នាក់ៗ​នៅក្នុង​ក្រុម​នឹង​រំឭក​គោលការណ៍​មួយ​ខុសៗ​គ្នា ។

« ចំណាយ​ពេល​បី​ទៅ​បួន​នាទី​ដើម្បី​អាន និង​រៀបចំ​ដើម្បី​ចែកចាយ​ជាមួយ​នឹង​ក្រុម​របស់​អ្នក​នូវ​របៀប​មួយ​ដែល​គោលការណ៍​របស់​អ្នក​អាច​ជួយ​នរណា​ម្នាក់​ដែល​កំពុង​ប្រឈម​នឹង​សំណួរ ឬ​ស្ថានភាព​លំបាក​មួយ » ។

ជា​ឧទាហរណ៍​អំពី​របៀប​មួយ​ដើម្បី​ជួយ​សិស្ស​របស់​អ្នក​រំឭក​ឡើងវិញ​នូវ​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ សូម​មើល « ផ្ដល់​ដល់​សិស្ស​នូវ​ឱកាស​ដើម្បី​រំឭក​ឡើងវិញ​នូវ​គោលការណ៍​ទាំង​បី​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ » ដែល​មាន​នៅ​លើ​គេហទំព័រ ChurchofJesusChrist.org ។

2:54

អនុវត្ត

សូម​សរសេរ​វិធី​មួយ​ទៀត​ដែល​អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​រំឭក​ឡើងវិញ​នូវ​គោលការណ៍​នៃការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ ។

ការវិភាគ

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​អំពី​ការអញ្ជើញ​សិស្ស​ឲ្យ​រំឭក​មើល​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​ឡើងវិញ ?

រួម​បញ្ចូល

កាល​អ្នក​រៀបចំ​មេរៀន​នៃ​ការអនុវត្ដ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​បន្ទាប់​របស់​អ្នក សូម​ដាក់​ផែនការ​ពី​របៀប​ដើម្បី​អញ្ជើញ​សិស្ស​ឲ្យ​រំឭក​ឡើងវិញ​នូវ​គោលការណ៍​នៃការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ ។

ជំនាញ ៖​សួរ​សំណួរ​ទាំងឡាយ​ណា​ដែល​ជួយ​សិស្ស​ឲ្យ​និយាយ​ចេញ​មកពី​របៀប​ដែល​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ​អាច​ជា​ជំនួយ​នៅ​ក្នុង​ស្ថានភាព​ជីវិត​ពិត ។

កំណត់​និយមន័យ

បន្ទាប់​ពី​សិស្ស​រំឭកគោលការណ៍​នៃការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ​ឡើង​វិញ ហើយ សូម​ចែកចាយ​ជាមួយ​ពួកគេ​នូវ​សាច់រឿង​នេះ និង​អញ្ជើញ​ពួកគេ​និយាយ​ជាក្រុម ហើយ​ក្រោយមក​ឲ្យ​ពួកគេ​និយាយ​នៅក្នុង​ថ្នាក់រៀន​ថា​មាន​គោលការណ៍​អ្វី​ខ្លះ​ដែល​អាច​ជួយ​បាន​នៅក្នុង​សាច់រឿង​នោះ ។ ការធ្វើ​ដូច្នេះ វា​អាច​ជួយ​សិស្ស​បង្កើត​ទំនុកចិត្ដ​នៅ​ក្នុង​ការប្រើប្រាស់​គោលការណ៍​ទាំងនេះ​នៅក្នុង​ជីវិត​របស់​ពួកគេ​ផ្ទាល់ ។

គំរូ

បន្ទាប់ពី​ការរំឭក​គោលការណ៍​នៃ​ការទទួល​បានចំណេះដឹង​ខាងវិញ្ញាណ និង​ការណែនាំ​សាច់រឿង​ឡើងវិញ​ហើយ អ្នក​អាច​សួរ​សំណួរ​ដូចខាងក្រោម ៖

  • « តើ​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​ណា​មួយ​ដែល​អ្នក​គិតថា​អាច​ជា​ជំនួយ​នៅ​ក្នុង​សាច់រឿង​នេះ ហើយ​មូលហេតុ​អ្វី ? »

  • « តើ​គោលការណ៍​ទាំងនេះ​អាច​ជួយ​អ្នក​យ៉ាង​ដូចម្តេច នៅពេល​អ្នក​ប្រឈម​នឹង​សំណួរ​មួយ​ដូច​ដែល​មាន​នៅក្នុង​សាច់រឿង​នេះ ? »

ជា​ឧទាហរណ៍ សូម​មើល​វីដេអូ​មួយ ឬ​ទាំងពីរ​ដូចតទៅនេះ នៅ​លើគេហទំព័រ ChurchofJesusChrist.org ។

« ទម្រង់​នៃ​ការអនុវត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ ឧទាហរណ៍​ទី ១ »

5:3

នៅក្នុង « ទម្រង់​នៃ​ការអនុវត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ ឧទាហរណ៍​ទី ១ » សូម​កត់សម្គាល់​ថា គ្រូបង្រៀន​បង្ហាញ​ជំនាញ​នេះ​នៅនាទី​ទី ១:២៨ ។

« ទម្រង់​នៃ​ការអនុវត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ ឧទាហរណ៍​ទី ២ »

3:31

នៅក្នុង « ទម្រង់​នៃ​ការអនុវត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ ឧទាហរណ៍​ទី ២ » សូម​កត់សម្គាល់​ថា គ្រូបង្រៀន​បង្ហាញ​ជំនាញ​នេះ​នៅនាទី​ទី ២:២៥ ។

អនុវត្ត

សូម​សរសេរ​សំណួរ​ពីរបីដែល​អ្នក​អាច​សួរ ដែល​នឹង​ជួយ​សិស្ស​ឲ្យ​និយាយ​ចេញ​មក ពី​របៀប​ដែល​គោលការណ៍​នៃការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ​អាច​ជួយ​ពួកគេ​ឆ្លើយតប​ទៅ​កាន់​មិត្ដភក្ដិ​របស់​ពួកគេ​នៅ​ក្នុងសាច់រឿង​ខាងក្រោម ។

មិត្តភក្តិ​របស់​អ្នក​ម្នាក់​ពុំមែន​ជា​អ្នក​មាន​ជំនឿ​លើ​សាសនា​នោះទេ ថ្មីៗ​នេះ​គាត់​បាន​ឃើញ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​មួយ​គូ​កំពុង​និយាយ​ជាមួយ​មនុស្សម្នា​នៅ​ឯ​សួនច្បារ ។ មិត្ដ​របស់​អ្នក​សួរអ្នក​ថា « ហេតុអ្វី​បាន​ជា​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ពី​ព្រះវិហារ​របស់​ឯង ចេញ​ទៅ​ផ្សព្វផ្សាយ​អំពី​ព្រះយេស៊ូវ ? វា​ហាក់ដូចជា​ព្រះវិហារ​របស់​ឯង​កំពុងតែ​បង្ខិតបង្ខំ​មនុស្ស​ផ្សេង​ឲ្យ​ជឿ​ដូច​ពួកគេ​ដូច្នោះ​ដែរ ។ ហេតុអ្វី​ឯង​មិន​ទុក​ឲ្យ​មនុស្ស​ទាំងនោះ​រីករាយ​តាមជីវិត​រស់នៅ​របស់​ពួកគេ​ទៅ ? »

ការវិភាគ

  • តើ​ហេតុអ្វី​បានជា​អ្នក​គិតថា​វា​មាន​សារៈសំខាន់​សម្រាប់​ពួក​សិស្ស​នៅក្នុង​ការនិយាយ​ចេញមក​ ពី​របៀប​ដែល​ពួកគេ​អាច​នឹង​ប្រើប្រាស់​គោលការណ៍​នៃការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ ?

  • តើ​អ្នក​គិត​ថា​ការប្រើប្រាស់​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ អាច​ជះឥទ្ធិពល​ដល់​ជីវិត​របស់​សិស្ស​បាន​យ៉ាង​ដូចម្ដេច ?

រួម​បញ្ចូល

  • តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ជួយ​សិស្ស​ឲ្យ​និយាយ​ចេញ​មក ពី​របៀប​ដែល​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ​អាច​ជួយ​ពួកគេ និង​មនុស្ស​ផ្សេងទៀត ពេល​ដែល​កំពុង​ប្រឈម​នឹង​សំណួរ ឬ​ស្ថានភាព​លំបាក​មួយ ។

សេចក្ដី​បញ្ចប់

សូម​ស្រមៃ​ពី​របៀប​ដែល​សិស្ស​របស់​អ្នក​អាច​ដោះស្រាយ​សំណួរ ឬ​កង្វល់​នានា បន្ទាប់​ពី​ការធ្វើការ​យ៉ាង​ខ្ជាប់ខ្ជួន​ដើម្បី​ឆ្ពោះទៅកាន់​លទ្ធផល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ក្នុង​ថ្នាក់​សិក្ខាសាលា ។ នៅពេល​ចាប់ផ្តើម សិស្ស​ត្រូវការ​ជំនួយ និង​ការជួយ​ជ្រោមជ្រែង​បន្ថែម​ពី​អ្នក ក្នុង​នាម​ជា​គ្រូបង្រៀន ដើម្បី​អនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ និង​គោលលទ្ធិ​ទៅ​ក្នុង​ស្ថានភាព​ជីវិត​ជាក់ស្តែង ។ សិស្ស​ត្រូវការ​ពេលវេលា​ខ្លះៗ​ដើម្បី​ចេះស្ទាត់​នូវ​គោលលទ្ធិ និង​មាន​ទំនុកចិត្ដ​ក្នុង​ការប្រើប្រាស់​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ ។ ទោះ​ជា​យ៉ាង​ណា​ នៅពេល​អ្នក​បន្ត​ផ្ដល់​ឱកាស​ដល់​សិស្ស​ក្នុង​ការអនុវត្ដ​ជាទៀងទាត់ ការណ៍​នេះ​នឹង​ក្លាយ​ជា​អ្វី​ដែល​សិស្ស​ធ្វើ​ដូច​ធម្មតា​ដោយ​ឯកឯង ។ នេះ​ជា​របៀប​មួយ​ដែល​អ្នក​អាច​ជួយ​សិស្ស​របស់​អ្នក ស្ថាបនា​មូលដ្ឋាន​គ្រឹះ​ដ៏​រឹងមាំ​របស់​ពួកគេ​នៅលើ​សិលា​នៃព្រះយេស៊ូវគ្រីស្ទ និង​ធ្វើឲ្យ​ការប្រែ​ចិត្ដជឿ​របស់​ពួកគេ​ទៅលើទ្រង់ និង​គោលលទ្ធិ​របស់​ទ្រង់​កាន់តែ​ខ្លាំង​ឡើង ។