ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៩៣—វាយ​តម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ៦ ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៧៦–៨៣


« មេរៀន​ទី ៩៣—វាយ​តម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ៦ ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៧៦–៨៣⁠ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ៦ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ៩៣ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ៨១–៨៣

វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក ទី​៦

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧៦–៨៣

យុវជន​ឡើង​ភ្នំ

សូម​ចំណាយ​ពេល​ដើម្បី​ទទួលស្គាល់​ការរីកចម្រើន និង​ការអភិវឌ្ឍន៍​ខាងវិញ្ញាណ​អាច​ពង្រឹង​ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ជំរុញចិត្ត​យើង​ឲ្យ​បន្ត​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​វាយ​តម្លៃ​ការរីកចម្រើន​ខាង​វិញ្ញាណ​របស់​ពួកគេ​មកពី​ការសិក្សា​របស់​ពួកគេ​នៃ​គោលលទ្ធិ និង​សេចក្តីសញ្ញា​កន្លង​មក ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

មេរៀននេះ​មាន​គោលបំណង​ជួយ​សិស្សឲ្យ​វាយតម្លៃ​សមត្ថភាព​របស់​ពួកគេ​ក្នុង​ការពន្យល់​ពី​ការបង្រៀន​នៅក្នុង​គោលលទ្ធិ និង​សេចក្តី​សញ្ញា វាយតម្លៃ​គោលដៅ​ដែល​ពួកគេ​បានដាក់ និង​វាស់​ពី​របៀប​ដែល​អាកប្បកិរិយា បំណង​ប្រាថ្នា និង​សមត្ថភាព​របស់​ពួកគេ​ក្នុង​ការរស់នៅ​តាម​ដំណឹងល្អ​កំពុង​ផ្លាស់ប្តូរ ។ ការសិក្សា​របស់​សិស្ស​អ្នក​នៅក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៧៦–៨៣ ប្រហែលជា​បានផ្តោត​លើ​សេចក្តីពិត​ខុស​ពី​អ្វី​ដែល​បាន​គូសបញ្ជាក់​នៅក្នុង​មេរៀន​នេះ ។ បើ​ដូច្នេះ សូម​ពិចារណា​កែសម្រួល​សកម្មភាព ដើម្បី​រួម​បញ្ចូល​សេចក្តីពិត​សិស្ស​របស់​អ្នក​ស្គាល់​ច្បាស់​ជាង ។

ការ​កោតសរសើរ​ចំពោះ​ការលូតលាស់ និង​ការរីកចម្រើន

មនុស្ស​ម្នាក់​កំពុង​ឡើងភ្នំ
មនុស្ស​ម្នាក់​កំពុង​ជិះកង់
មនុស្ស​ម្នាក់​កំពុង​រត់

បើអាច សូម​ចាប់ផ្តើម​ថ្នាក់​ដោយ​បង្ហាញ​រូបភាព​មនុស្ស​ឡើង​ភ្នំ ជិះកង់ និង​រត់ ។ សូម​ឲ្យ​សិស្ស​លើកដៃ​ឡើង បើ​ពួកគេ​បាន​ធ្វើ​អ្វីមួយ​ដូច​ខាងក្រោម ៖ បន្ទាប់មក សូម​ឲ្យ​សិស្ស​បន្ត​លើក​ដៃ ប្រសិនបើ​ពួកគេ​ធ្លាប់​បាន​ចូលរួម​ក្នុងកីឡារត់ប្រណាំងឡើងភ្នំ ឬជិះកង់ ក្នងករណីពិសេស ឬ ដែលមាន​ឧបសគ្គ​ច្រើន ។ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​លើក​ដៃ​ឡើង ដើម្បី​ពិពណ៌នា​បទពិសោធន៍​របស់​ពួកគេ ។ សូម​ពិចារណា​ពិភាក្សា​សំណួរ​មួយ​ចំនួន​ដូច​តទៅ​នេះ ៖

  • តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​រីករាយ​នឹង​ការធ្វើ​ដំណើរ​នេះ ?

  • តើ​យើង​អាច​ប្រៀបធៀប​ដំណើរ​បែប​នោះ​ទៅ​នឹង​ដំណើរ​នៃ​ការប្រែក្លាយ​កាន់តែ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា ?

  • តើ​មាន​របៀប​ណា​ខ្លះ​ដែល​យើង​អាច​រីករាយ និង​ពេញចិត្ត​ចំពោះ​ដំណើរការ​នៃ​ការរីកចម្រើន​ខាង​វិញ្ញាណ​បន្ថែម​ទៀត ?

    សូម​អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត​ពី​អ្វី​ដែល​ពួកគេ​បានរៀន​នៅក្នុង​គោលលទ្ធិ និង​សេចក្ដីសញ្ញា របៀប​ដែល​ពួកគេ​ធ្វើតាម​វា និង​ដំណើរ​ខាង​វិញ្ញាណ​របស់​ពួកគេ ។ ពួកគេ​អាច​នឹង​ជញ្ជឹងគិត​ពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ជួយ​ជាមួយ​នឹង​ការរីកចម្រើន​ថ្មីៗ​ណាមួយ ។

  • តើ​អ្នក​មាន​អារម្មណ៍​ថា​អ្នក​កំពុង​រីកចម្រើន និង​កាន់តែ​ខិត​ទៅ​ជិត​ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច ?

  • តើ​ព្រះអម្ចាស់​ជួយ​អ្នក​ដោយ​របៀប​ណា ?

សកម្មភាព​ខាងក្រោម​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្គាល់ អរគុណ និង​វាយតម្លៃ​ពី​ភាពរីកចម្រើន និង​ការលូតលាស់​ជាក់លាក់​បន្ថែម​ទៀត ។

ការពន្យល់​ពី​នគរ​នៃ​សិរីល្អ​ចំនួន​បី

សូម​ពិចារណា​ប្រើ​សាច់រឿង​ដូច​តទៅ​នេះ ដើម្បី​ជួយ​សិស្ស​ពិនិត្យមើល និង​វាយតម្លៃ​ការយល់ដឹង​របស់​ពួកគេ​អំពី​កម្រិត​នៃ​សិរីល្អ​ទាំងបី​នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។ ប្រសិនបើ​ចាំបាច់ សិស្ស​អាច​កែសម្រួល​ព័ត៌មាន​លម្អិត​នៅក្នុង​សាច់រឿង ដើម្បី​ធានា​ថា វា​មាន​អារម្មណ៍​ពិតប្រាកដ​ចំពោះ​ពួកគេ ។

សូម​ស្រមៃ​ថា អ្នក​មាន​មិត្ត​ជិតស្និទ្ធ​ម្នាក់​ឈ្មោះ អូលីវៀ ដែល​មិន​មែន​ជា​សមាជិក​នៃ​សាសនាចក្រ ប៉ុន្តែ​ជឿ​យ៉ាង​មុតមាំ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ ថ្ងៃមួយ នាង​មក​ជិត​អ្នក ហើយ​សួរ​ថា ៖ « តើ​សមាជិក​សាសនាចក្រ​របស់​អ្នក​ជឿ​អ្វី​ខ្លះ​អំពី​ជីវិត​បន្ទាប់ពី​សេចក្ដីស្លាប់ ? ខ្ញុំ​បាន​ទទួល​ការបង្រៀន​ថា មនុស្ស​គ្រប់​គ្នា​នឹង​ទៅ​ស្ថានសួគ៌ ឬ​ឋាននរក ប៉ុន្តែ​ខ្ញុំ​បាន​ឮ​ថា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ជឿ​លើ​ស្ថានសួគ៌​ជា​ច្រើន ។ តើ​នោះ​មាន​ន័យ​យ៉ាង​ណា ? »

សូម​ចំណាយ​ពេល​ពីរបី​នាទី​ក្នុង​ការសរសេរ​ការឆ្លើយតប​ទៅកាន់ អូលីវៀ ដោយ​ពន្យល់​ពី​ការយល់ដឹង និង​ចំណេះដឹង​របស់​អ្នក​អំពី​កម្រិត​នៃ​សិរីល្អ​ទាំងបី ។ ប្រសិនបើ​អ្នក​ចង់​បាន អ្នក​អាច​បញ្ចូល​គំនូរ​ដើម្បី​ជួយ អូលីវៀ បង្ហាញ​អ្វី​ដែល​អ្នក​កំពុង​ពន្យល់ ។

បន្ទាប់ពី​សិស្ស​បានបញ្ចប់​ការពន្យល់​របស់​ពួកគេ​ហើយ សូម​ពិចារណា​អញ្ជើញ​មនុស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ឬ​សម្តែង​តាម​សាច់រឿង​នៅ​ខាងមុខ​ថ្នាក់ ។

ប្រសិនបើ​សិស្ស​មិន​រៀបរាប់​ពី​វា​ទេ សូម​សួរ​ពួកគេ​ពី​របៀប​ដែល​កម្រិត​នៃ​សិរីល្អ​ទាំង​បី​បង្ហាញ​ពី​ព្រះវរបិតាសួគ៌ និង​សេចក្ដីស្រឡាញ់ និង​សេចក្ដីមេត្តា​ករុណា​របស់​ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៧៦:៤០–៤៣ ) ។ សូម​បញ្ជាក់​ឲ្យ​ច្បាស់​ថា ការទទួល​បាន​នគរ​នៃ​សិរីល្អ​ជា​មរតក រួម​ទាំង​សិរីល្អ​សេឡេស្ទាល គឺ​អាច​ធ្វើ​ទៅ​បាន​តែ​តាម​រយៈ​ព្រះយេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៧៦:៦៩–៧០ ) ។

សូម​សួរ​សិស្ស​ពី​អ្វី​ដែល​ពួកគេ​បានរៀន​ចេញពី​បទពិសោធន៍​ទាំងនេះ ។ ប្រសិនបើ​សិស្ស​មាន​សំណួរ​ទាក់ទង​នឹង​កម្រិត​នៃ​សិរីល្អ​ទាំងបី សូម​សួរ​សិស្ស​ថា តើ​ពួកគេ​អាច​ស្វែងរក​ខគម្ពីរ​នៅក្នុង​នោះ​ឬ​ទេ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៧៦ ដើម្បី​ជួយ​ឆ្លើយ​សំណួរ​របស់​ពួកគេ ។ អ្នក​ក៏​អាច​ពិនិត្យ​ឡើងវិញ​នូវ​សម្ភារ​មួយ​ចំនួន​ពី​មេរៀន​មុនៗ​ផង​ដែរ ។

ការគោរព​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​បញ្ជី​នៃ​អ្វី​ដែល​ពួកគេ​បាន​រៀន​ថ្មីៗ​នេះ​នៅក្នុង​គោលលទ្ធិ និង​សេចក្តីសញ្ញា ដែល​បាន​បង្កើន​សេចក្តីស្រឡាញ់ ការដឹងគុណ និង​ការគោរព​ចំពោះ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ សិស្ស​ក៏​អាច​រួម​បញ្ចូល​បទពិសោធន៍​នៅ​ឯ​ផ្ទះ ក្នុង​ទីតាំង​របស់​សាសនាចក្រ ឬ​កន្លែង​ផ្សេង​ទៀត​ដែល​ពង្រឹង​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

វា​អាច​មាន​អត្ថប្រយោជន៍​ក្នុងការ​អញ្ជើញ​សិស្ស​ឲ្យ​មើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦៣:៥៨–៦៤; ៧៦:១៩–២៤ និង​កំណត់​ចំណាំ​ណា​មួយ​ដែល​ពួកគេ​អាច​នឹង​បាន​យក​ពេល​កំពុង​សិក្សា​ខគម្ពីរ​ទាំងនេះ​ពីមុន ។

អ្នក​អាច​បង្ហាញ​សំណួរ​ខាងក្រោម​នេះ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយតប ដើម្បី​ជួយ​ពួកគេ​វាយតម្លៃ​ការខិតខំ បំណងប្រាថ្នា និង​ការរីកចម្រើន​បច្ចុប្បន្ន​របស់​ពួកគេ ៖

  • តើ​អ្នក​កំពុង​រៀន​អ្វីខ្លះ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ដែល​បង្កើន​សេចក្តីស្រឡាញ់ ការដឹងគុណ និង​ការគោរព​ចំពោះ​ទ្រង់ទាំងទ្វេរ ?

សូម​លើក​ទឹកចិត្ត​សិស្ស​មួយចំនួន​ឲ្យ​ចែកចាយ ។ សូម​ពិចារណា​ចែកចាយ​គំនិត​របស់​អ្នក​ផងដែរ ។

ការសិក្សា និង​ការជញ្ជឹងគិត​ពី​បទគម្ពីរ

យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន កំពុង​សិក្សា​ព្រះគម្ពីរ

សូម​ពិចារណា​បង្ហាញ​រូបភាព​ខាងលើ ហើយ​សួរ​សំណួរ​ខាងក្រោម ៖

  • តើ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បាន​ធ្វើ​អ្វី​ខ្លះ មុន​ពេល​ពួកលោក​ទទួល​បាន​ការនិមិត្ត​អំពី​កម្រិត​នៃ​សិរីល្អ​ទាំងបី ?

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​ចេញ​ពី​បទពិសោធន៍​នោះ ?

បើ​សិស្ស​ពុំចាំ​ទេ សូម​អញ្ជើញ​ពួកគេ​ឲ្យ​មើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៧៦:១៥–១៩ ។ សូម​ប្រាកដ​ថា ពួកគេ​យល់​ថា មុនពេល​ការនិមិត្ត​ដល់​យ៉ូសែប និង ស៊ីឌនី បុរស​ទាំងពីរ​នាក់​នេះ​កំពុង​សិក្សា និង​ជញ្ជឹងគិត​អំពី​បទគម្ពីរ ។ សេចក្តីពិត​មួយ​ដែល​សិស្ស​អាច​រៀន​គឺ​ថា ៖ នៅពេល​យើង​សិក្សា និង​ពិចារណា​ព្រះគម្ពីរ​ដោយ​ការអធិស្ឋាន យើង​រៀបចំខ្លួន​យើង​ដើម្បី​ទទួល​បាន​ការយល់ដឹង​ពី​ព្រះអម្ចាស់ តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

សូម​ផ្តល់​ពេល​ដល់​សិស្ស​ដើម្បី​ឆ្លុះបញ្ចាំង​ពី​ប្រសិទ្ធភាព​នៃ​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ។ ពួកគេ​អាច​ជញ្ជឹងគិត​ថា​តើ​ពួកគេ​កំពុង​សិក្សា​ដោយ​ការអធិស្ឋាន និង​ជញ្ជឹងគិត​អំពី​បទគម្ពីរ​ដោយ​ការអធិស្ឋាន​ល្អ​ប៉ុនណា ។ ប្រសិនបើ​មាន​ប្រយោជន៍ អ្នក​អាច​បង្ហាញ​ក្រាហ្វិក​ខាងក្រោម ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ពី​របៀប​ដែល​ចំណុច​នីមួយៗ​អាច​ជួយ​ពួកគេ​ក្នុង​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ។ សិស្ស​អាច​ចែកចាយ​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ ដែល​ពួកគេ​មាន​អារម្មណ៍​ថា​កំពុង​ជួយ​ពួកគេ ។

វដ្ដ​នៃ​ការគិតពិចារណា

សិស្ស​ក៏​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការពិភាក្សា​អំពី​បញ្ហា​ប្រឈម និង​ដំណោះស្រាយ​ដែល​អាច​កើត​មាន​ជាមួយ​សមាជិក​ក្នុង​ថ្នាក់​ផ្សេង​ទៀត​ដែរ ។ អ្នក​អាច​បែងចែក​សិស្ស​ជា​ក្រុម​តូចៗ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ពិភាក្សា​អំពី​បញ្ហា​ប្រឈម​ដែល​ពួកគេ​ជួបប្រទះ​ក្នុង​ខណៈពេល​កំពុងព្យាយាម​សិក្សា និង​ជញ្ជឹងគិត​អំពី​ព្រះគម្ពីរ ។ សូម​លើក​ទឹក​ចិត្ត​ក្រុម​នីមួយៗ​ឲ្យ​ជ្រើសរើស​បញ្ហា​ប្រឈម​មួយ ហើយ​គិត​ពី​ជំហាន​សាមញ្ញៗ​មួយ​ចំនួន​ដែល​ពួកគេ​អាច​ធ្វើ ដើម្បី​យក​ឈ្នះ​លើ​បញ្ហា​ប្រឈម​នោះ និង​បង្កើន​ឥទ្ធិពល​នៃ​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ។ សូម​អញ្ជើញ​ក្រុម​នីមួយៗ​ឲ្យ​ចែកចាយ​ជាមួយ​ថ្នាក់​ទាំងមូល ។

ដើម្បី​បញ្ចប់ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ថ្លែង​ទីបន្ទាល់​អំពី​របៀប​ដែល​ការជញ្ជឹងគិត និង​ការសិក្សា​ព្រះគម្ពីរ​កំពុង​ផ្ដល់​ពរជ័យ​ដល់​ជីវិត​របស់​ពួកគេ និង​ជួយ​ពួកគេ​ឲ្យ​មាន​អារម្មណ៍​ស្និទ្ធស្នាល​ជាមួយ​ព្រះយេស៊ូវ​គ្រីស្ទ ។