« មេរៀនទី ៩៦—គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៤:៤៩–១០២ ៖ ‹ ទៅសព្វក្នុងលោកិយទាំងមូល ដល់គ្រប់មនុស្សទាំងអស់ › សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤:៤៩–១០២ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៩៦ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤
« ទៅសព្វក្នុងលោកិយទាំងមូល ដល់គ្រប់មនុស្សទាំងអស់ »
នៅរដូវស្លឹកឈើជ្រុះឆ្នាំ ១៨៣២ ពួកអ្នកផ្សព្វផ្សាយសាសនាដែលមាន យ៉ារេឌ ខារតើរ និង ស្ទេផាន ប៊ើរណែត បានចាប់ផ្តើមត្រឡប់ពីការផ្សាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទទៅទីក្រុង ខឺតឡង់ រដ្ឋអូហៃអូវិញ ។ វាជាពេលវេលាដ៏រីករាយមួយ នៅពេលពួកអែលឌើរបាននាំយករបាយការណ៍នៃការបម្រើព្រះអម្ចាស់នៅភាគខាងកើតសហរដ្ឋអាមេរិក ។ មិនយូរប៉ុន្មានមានមនុស្សជាច្រើនទទួលយកការហៅបន្ថែមទៀតដើម្បីបន្តបម្រើ ។ នៅសម័យរបស់យើង យើងក៏អាចបម្រើព្រះអម្ចាស់ដោយចែកចាយដំណឹងល្អរបស់ទ្រង់ផងដែរ ។ មេរៀននេះអាចជួយសិស្សឲ្យមានបំណងប្រាថ្នាចង់ចែកចាយដំណឹងល្អដូចជាព្រះគ្រីស្ទជាមួយមនុស្សគ្រប់រូបក្នុងពិភពលោក ។
សកម្មភាពរៀនសូត្រដែលអាចមាន
-
តើពួកអ្នកផ្សព្វផ្សាយសាសនាកំពុងបម្រើនៅឯណាជុំវិញពិភពលោក ? តើសព្វថ្ងៃនេះពួកគេនៅឯណា ?
-
តើសមាជិកភាពទូទាំងពិភពលោកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយធៀបនឹងចំនួនប្រជាជនសរុបនៃពិភពលោកយ៉ាងណាដែរ ? តើសមាជិកភាពនៃសាសនាចក្រនៅក្នុងតំបន់របស់អ្នកប្រៀបធៀបទៅនឹងចំនួនប្រជាជនសរុបនៅក្នុងតំបន់របស់អ្នកយ៉ាងណាដែរ ?
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនដូចខាងក្រោម ៖
មនុស្សគ្រប់រូបសមនឹងទទួលបានឱកាសដើម្បីដឹងអំពីដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។ មនុស្សគ្រប់រូបសមនឹងដឹងថា ពួកគេអាចស្វែងរកក្តីសង្ឃឹម និងភាពសុខសាន្ដដែល « [ ហួសលើស ] ពីអស់ទាំងគំនិត » [ ភីលីព ៤:៧ ] ។ ( រ័សុល អិម ណិលសុន « ការផ្សាយដំណឹងល្អនៃភាពសុខសាន្ដ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ៧ )
សូមចំណាយពេលបន្តិចដើម្បីពិចារណាថាតើព្រះមានអារម្មណ៍យ៉ាងណាអំពីបុត្រាបុត្រីរបស់ទ្រង់ទាំងអស់នៅជុំវិញពិភពលោក ។ តើមនុស្សជាច្រើនបាត់បង់អ្វីខ្លះ ដោយសារមិនដឹងអំពីព្រះយេស៊ូវគ្រីស្ទ និងសាសនាចក្រដែលបានស្ដារឡើងវិញរបស់ទ្រង់ ? តើអ្នកដឹងអ្វីខ្លះ ហើយតើអ្នកបានដកពិសោធន៍នូវពរជ័យអ្វីខ្លះ ដែលអាចធ្វើឲ្យមានការផ្លាស់ប្តូរក្នុងជីវិតអ្នកដទៃ ?
ខែ កញ្ញា ឆ្នាំ ១៨៣២ គឺជាពេលវេលានៃអំណរនៅក្នុងទីក្រុង ខឺតឡង់ នៅពេលដែលពួកអ្នកផ្សព្វផ្សាយសាសនាបានត្រឡប់មកពីការបម្រើបេសកកម្មវិញ ហើយបានរាយការណ៍អំពីបទពិសោធន៍របស់ពួកគេនៅរដ្ឋភាគខាងកើតនៃសហរដ្ឋអាមេរិក ។ ក្នុងអំឡុងពេលនេះ យ៉ូសែប ស៊្មីធ បានទទួលការណែនាំពីព្រះអម្ចាស់ ។ ការណែនាំទាំងនេះ មួយចំនួនបានដោះស្រាយស្ថានភាព និងតម្រូវការរបស់ពិភពលោក ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤:៤៩–៥៣ ដោយស្វែងរកពាក្យ និងឃ្លាដែលព្រះអម្ចាស់ប្រើដើម្បីពិពណ៌នាអំពីអ្វីដែលមនុស្សនៅក្នុងពិភពលោកកំពុងជួបប្រទះ ។
ព្រះអម្ចាស់បានចង្អុលបង្ហាញថា សូម្បីតែសមាជិកនៃសាសនាចក្ររបស់ទ្រង់ក៏កំពុងជួបប្រទះនឹងកម្រិតនៃភាពងងឹត និងការដាក់ទោសនៅពេលនោះដែរ ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤:៥៤–៥៧ ដើម្បីមើលឃើញពីអ្វីដែលនាំឲ្យមានភាពងងឹត និងការដាក់ទោសដល់សមាជិកសាសនាចក្រ ។
-
តើពាក្យអ្វីខ្លះជួយអ្នកឲ្យយល់ពីអារម្មណ៍របស់ព្រះអង្គសង្គ្រោះចំពោះអ្នកដែលនៅក្នុងអំពើបាប និងភាពងងឹត ? សូមគិតអំពីអ្វីដែលវាអាចជាការពុះពារក្នុងអំពើបាប និងភាពងងឹត ។
-
តើការយល់ពីអារម្មណ៍របស់ព្រះអម្ចាស់អាចមានអត្ថប្រយោជន៍យ៉ាងដូចម្ដេច ?
-
តើអ្នកគិតថាព្រះគម្ពីរមរមនអាចជួយនរណាម្នាក់យកឈ្នះលើភាពងងឹតខាងវិញ្ញាណដោយរបៀបណា ?
ព្រះសូរសៀងរបស់ព្រះអង្គសង្គ្រោះ
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤:៦០–៦២ ដោយរកមើលអ្វីដែលព្រះយេស៊ូវគ្រីស្ទបានណែនាំបុរសទាំងនេះឲ្យធ្វើ ។ វាអាចមានអត្ថប្រយោជន៍ក្នុងការដឹងថា « ការណ៍ទាំងនេះ » នៅក្នុង ខទី ៦០ និង « ការណ៍ទាំងនោះ » នៅក្នុង ខទី ៦១ សំដៅទៅលើអ្វីដែលព្រះអម្ចាស់បានបើកសម្តែងនៅក្នុង កណ្ឌ ៨៤ ដែលរួមទាំងការចងចាំព្រះគម្ពីរមរមនផងដែរ ។
-
ជ្រើសរើសនរណាម្នាក់ដើម្បីធ្វើការជា « ដៃគូបេសកកម្ម » របស់អ្នកសម្រាប់មេរៀនដែលនៅសល់ ។
-
ជ្រើសរើសបេសកកម្មមួយនៅក្នុងពិភពលោកដែលអ្នកចង់បម្រើ ។ ( ប្រសិនបើមនុស្សនិយាយភាសាផ្សេងនៅក្នុងបេសកកម្មដែលអ្នកបានជ្រើសរើស សូមមើលថា តើអ្នកអាចរៀនពីរបៀបស្វាគមន៍ដៃគូរបស់អ្នកជាភាសានោះបានយ៉ាងរហ័សឬអត់ ) ។
-
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤:៦៤–៧៣ ហើយធ្វើបញ្ជីនៃពរជ័យដែលព្រះយេស៊ូវគ្រីស្ទប្រាថ្នាចង់ប្រទានដល់អស់អ្នកដែលទទួលយកទ្រង់ និងដំណឹងល្អរបស់ទ្រង់ ។
-
ពិភាក្សាអំពីរបៀបដែលពរជ័យនីមួយៗដែលអ្នកបានរាយបញ្ជីអាចជួយនរណាម្នាក់ឲ្យយកឈ្នះលើភាពងងឹត និងចំណងនៃអំពើបាប ។
មិត្តរបស់ព្រះអង្គសង្គ្រោះ
សូមចំណាយពេលមួយភ្លែតដើម្បីជញ្ជឹងគិតអំពីមូលហេតុដែលយុវនារី និងយុវជនជាច្រើនបានស្ម័គ្រចិត្ដទទួលយកការហៅពីព្រះអម្ចាស់ឲ្យធ្វើជាអ្នកផ្សព្វផ្សាយសាសនាផ្នែកការបម្រើ និងផ្នែកផ្សព្វផ្សាយ ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤:៧៧–៨៨ ដោយស្វែងរកព្រះបន្ទូលលើកទឹកចិត្តរបស់ព្រះអម្ចាស់ចំពោះអ្នកដែលអាចនឹងភ័យខ្លាចក្នុងការទទួលយកការហៅឲ្យបម្រើទ្រង់ ។
-
តើព្រះបន្ទូលមួយណារបស់ព្រះអម្ចាស់ដែលធ្វើឲ្យអ្នកចាប់អារម្មណ៍ ?
-
ចេញពីអ្វីដែលអ្នកបានរៀននៅថ្ងៃនេះ ហេតុអ្វីអ្នកគិតថាព្រះយេស៊ូវគ្រីស្ទនឹងចាត់ទុកអ្នកដែលផ្សាយដំណឹងល្អរបស់ទ្រង់ជាមិត្តរបស់ទ្រង់ ? ( សូមមើល ខទី ៧៧ ) ។
-
តើអ្នកបានរៀនអ្វីខ្លះនៅថ្ងៃនេះ ដែលជួយអ្នកយល់កាន់តែច្បាស់ពីអារម្មណ៍របស់ព្រះអម្ចាស់ចំពោះមនុស្សគ្រប់រូបនៅក្នុងពិភពលោកនេះ ? តើសកម្មភាពអ្វីខ្លះដែលព្រះវិញ្ញាណបរិសុទ្ធអាចនឹងលើកទឹកចិត្តអ្នកឲ្យធ្វើ ដោយសារអ្វីដែលអ្នកបានរៀន ?