ថ្នាក់​សិក្ខាសាលា
មេរៀនទី ៩៧ ៖ ការអនុវត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ៦ ៖ ការយល់ដឹង​ពី​គោលលទ្ធិ និង​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ


« មេរៀនទី ៩៧—ការអនុវត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ៦ ៖ ការយល់ដឹង​ពី​គោលលទ្ធិ និង​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« ការអនុវត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ៦ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ៩៧ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ៨៤

ការអនុវត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ៦

ការយល់ដឹង​ពី​គោលលទ្ធិ និង​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ

យុវវ័យ​កំពុង​គូសចំណាំ​បទគម្ពីរ

ចំណេះចំណាន​ខាង​គោលលទ្ធិ​អាច​ជួយ​សិស្ស​ឲ្យ​ស្ថាបនា​គ្រឹះ​សម្រាប់​ជីវិត​របស់​ពួកគេ​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​អំពី​សេចក្តីពិត​ដែល​បានបង្រៀន​នៅក្នុង​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ ហើយ​រៀន និង​អនុវត្ត​តាម​គោលការណ៍​ដ៏​ទេវភាព​សម្រាប់​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ យល់ដឹង

ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្គាល់​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នៅក្នុង​ផ្នែក​នៃ​គោលលទ្ធិ និង​សេចក្តីសញ្ញា​ដែល​នៅ​សេសសល់ សូម​ពិចារណា​ផ្តល់​ពេល​ពីរបី​នាទី​ឲ្យ​ពួកគេ​ដើម្បី​គូសចំណាំ​វគ្គបទគម្ពីរ​ទាំងនេះ​នៅក្នុង​ខគម្ពីរ​របស់​ពួកគេ​តាម​របៀបខុសៗគ្នា ។ សិស្ស​អាច​ស្វែងរក​បញ្ជី​នៃ​សេចក្តីយោង​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លាបទគម្ពីរ​គន្លឹះ ឯកសារគោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២៣ ) ។

បន្ទាប់មក អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​សកម្មភាព​ដូច​ខាងក្រោម​ជា​ក្រុម​តូចៗ ដើម្បី​បង្កើន​ការយល់ដឹង​របស់​ពួកគេ​អំពី​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គ​បទគម្ពីរ​ទាំងនេះ ។ សូម​ប្រាកដ​ថា​ការគូសចំណាំ​បទគម្ពីរ និង​ការបំពេញ​សកម្មភាព​នេះ​មាន​រយៈពេល​ត្រឹមតែ ១០ ទៅ ១៥ នាទី​ប៉ុណ្ណោះ ។ ការណ៍​នេះ​នឹង​អនុញ្ញាត​ឲ្យ​មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​សិស្ស​ដើម្បី​អនុវត្ត​តាម​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ​នៅពេល​ក្រោយ​នៅក្នុង​មេរៀន ។

សូម​ធ្វើ​បញ្ជី​នៃ​ការលំបាក​ទូទៅ​ដែល​ក្មេង​ជំទង់​ប្រឈម​នៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួកគេ ។

សូម​រកមើល​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ និង​សេចក្តី​សញ្ញា ដែល​អាច​ជួយ​ក្នុង​ស្ថានភាព​ទាំងនោះ ។ សូម​អាន​វគ្គ​ដែល​អ្នក​បាន​ជ្រើសរើស ហើយ​រៀបចំ​ដើម្បី​ចែកចាយ​ជាមួយ​ថ្នាក់ ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​ខាងក្រោម ៖

  • តើ​អ្នក​នឹង​ពន្យល់​ជា​ពាក្យសម្តី​របស់​អ្នក​ផ្ទាល់​នូវ​អ្វី​ដែល​សារលិខិត​ទាំងនេះ​បង្រៀន​ដោយ​របៀបណា ?

  • តើ​ការបង្រៀន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​វគ្គ​បទគម្ពីរ​ទាំងនេះ​អាច​ជួយ​ក្មេង​ជំទង់​ដែល​មាន​ការលំបាក​ទូទៅ​ដែល​អ្នក​បាន​រាយ​ក្នុង​បញ្ជី​ដោយ​របៀបណា ?

រៀន និង​អនុវត្ត​តាម​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ

មុន​នឹង​ណែនាំ​ពី​ស្ថានភាព​ខាងក្រោម វា​អាច​មាន​អត្ថប្រយោជន៍​សម្រាប់​សិស្ស​ក្នុង​ការពិនិត្យ​ឡើងវិញ​ដោយ​សង្ខេបៗ​អំពី​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ ។ ( សកម្មភាព​ពិនិត្យឡើងវិញ​ដែល​បាន​ផ្ដល់យោបល់​គឺ​មាន​នៅក្នុង « សកម្មភាព​រំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ​ឡើងវិញ » នៅក្នុង​ឧបសម្ព័ន្ធ​នៃ​សៀវភៅ​សិក្សា​នេះ ) ។

វិធី​មួយ​ដើម្បី​ពិនិត្យ​មើល​ឡើងវិញ​គឺ​ត្រូវ​សរសេរ​គោលការណ៍​នីមួយៗ​នៅលើ​ក្ដារខៀន​ជា​ចំណងជើង​ដាច់​ដោយ​ឡែក​ពី​គ្នា ដែល​មាន​កន្លែង​សម្រាប់​សរសេរ​នៅក្រោម​នីមួយៗ ។ សូម​អញ្ជើញ​សិស្ស​ប្រហែលជា​ចំនួន​ស្មើគ្នា​ដើម្បី​ពិនិត្យ​មើល​គោលការណ៍​ផ្សេងៗ​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​ពី កថាខណ្ឌ ៥–១២ នៅក្នុង ឯកសារគោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២៣ ) ។ បន្ទាប់មក សូម​អញ្ជើញ​អ្នក​ស្ម័គ្រចិត្ត​បីនាក់ ឡើង​មក​ក្ដារខៀន​ដើម្បី​ចែកចាយ​គោលការណ៍​ម្នាក់​មួយ ។ សុំ​ឲ្យ​ពួកគេ​សរសេរ​នៅក្រោម​ចំណងជើង​ដែល​ត្រូវ​គ្នា​នូវ​ឃ្លា ឬ​គំនិត​សំខាន់ៗ​ពី​កថាខណ្ឌ​ដែល​ពួកគេ​បានពិនិត្យ ។ ឃ្លា ឬ​គំនិត​ទាំងនេះ​នឹង​ត្រូវ​បាន​ប្រើ​នៅពេល​ក្រោយ​នៅក្នុង​មេរៀន​នេះ ។

សូម​អាន​សាច់រឿង​ខាង​ក្រោម ហើយ​គិត​អំពី​របៀប​ដែល​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ​អាច​ជួយ​បាន ៖

គ្រីស្ទ កំពុង​មានអារម្មណ៍​ច្របូកច្របល់ ។ បងស្រី​របស់​គាត់​ដែល​បាន​រៀបការ​ហើយ​ថ្មីៗ​នេះ​បាន​ប្រាប់​គាត់​ថា គាត់​បាន​ចេញ​ពី​សាសនាចក្រ​ហើយ​លែង​ចង់​ធ្វើ​ជា​សមាជិក​ទៀត​ហើយ ។ គ្រីស្ទ មាន​សមាជិក​គ្រួសារ និង​មិត្តភក្តិ​ផ្សេង​ទៀត ដែល​ធ្លាប់​រឹងមាំ​ក្នុង​ដំណឹងល្អ ប៉ុន្តែ​បាន​ឈប់​ទៅ​ព្រះវិហារ​ជា​ទៀងទាត់​ទៅវិញ ។ ពួកគេ​ជា​មនុស្ស​អស្ចារ្យ ហើយ​ហាក់​មាន​សុភមង្គល និង​ជោគជ័យ​ក្នុង​ជីវិត​របស់​ពួកគេ ។ គ្រីស្ទ តែងតែ​មាន​ផែនការ​ចង់​បន្ត​សកម្ម​នៅក្នុង​សាសនាចក្រ ប៉ុន្តែ​គាត់​ចាប់ផ្តើម​ឆ្ងល់​ថា តើ​ការបន្ត​សកម្ម​នៅក្នុង​សាសនាចក្រ​ពេញ​មួយ​ជីវិត​របស់​គាត់​ពិត​ជា​សំខាន់​ឬ​អត់ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​បង្កើត​ជា​ក្រុម​មាន​គ្នា​បី​នាក់ ប្រសិនបើ​អាច​ទៅរួច ជាមួយ​សិស្ស​ដែល​បាន​ពិនិត្យ​មើល​គោលការណ៍​ផ្សេងៗ​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ។ សុំ​ឲ្យ​ក្រុម​ពិភាក្សា​ពី​របៀប​ដែល​ឃ្លា ឬ​គោលគំនិត​នីមួយៗ​នៅលើ​ក្ដារខៀន​អាច​មាន​ប្រយោជន៍​ដល់ គ្រីស្ទ ។

ផ្អែក​លើ​ពេលវេលា អ្នក​អាច​ធ្វើ​ម្តង​ហើយ​ម្តង​ទៀត​នូវ​សកម្មភាព​ពី​មុនៗ​ជាច្រើន​ដង​ដោយ​អញ្ជើញ​អ្នកស្ម័គ្រចិត្ត​ផ្សេង​ទៀត​ឲ្យ​សរសេរ​ឃ្លា ឬ​គំនិត​ផ្សេងៗ​នៅលើ​ក្ដារខៀន​ក្រោម​គោលការណ៍​នីមួយៗ ។ សម្រាប់​ភាពចម្រុះ​បន្ថែម ក្នុង​អំឡុងពេល​ជុំ​នីមួយៗ សិស្ស​អាច​បង្កើត​ក្រុម​ដែល​មាន​គ្នា​បី​នាក់​ខុសៗ​គ្នា ដើម្បី​ពិភាក្សា​អំពី​ឃ្លា ឬ​គោលគំនិត​ថ្មី​នៅលើ​ក្ដារខៀន ។

ដើម្បី​បញ្ចប់​សកម្មភាព​នេះ សិស្ស​អាច​បង្កើត​ក្រុម​ថ្មី​ម្តងទៀត ដើម្បី​ពិភាក្សា​ដូច​ខាងក្រោម ៖

  • តើ​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ និង​សេចក្តី​សញ្ញា​មួយ​ណា​ដែល​អាច​ជួយ គ្រីស្ទ ឲ្យ​យល់​បានល្អបំផុត​អំពី​អ្វី​ដែល​ព្រះយេស៊ូវ​គ្រីស្ទ ប្រទាន​ដល់​អ្នក​ដែល​នៅតែ​ស្មោះត្រង់​ចំពោះ​សាសនាចក្រ​របស់ទ្រង់ ?

  • តើ​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ពី​ព្រះគម្ពីរ​ណា​ផ្សេងទៀត​ក៏​អាច​ជួយ​គាត់​ផងដែរ​នោះ ?

បន្ទាប់ពី​សិស្ស​មាន​ពេលវេលា​ដើម្បី​ស្វែងរក និង​ពិភាក្សា​ក្នុង​ក្រុម​របស់​ពួកគេ​រួច​ហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ជាមួយ​នឹង​ថ្នាក់​នូវ​វគ្គ​ដែល​ពួកគេ​មាន​អារម្មណ៍​ថា​មាន​អត្ថប្រយោជន៍​បំផុត និង​ហេតុអ្វី ។ សូម​លើក​ទឹកចិត្ត​ក្រុម​ជាច្រើន​ឲ្យ​ចែកចាយ ។ ( វគ្គបទគម្ពីរ​មួយ​ចំនួន​ដែល​សិស្ស​អាច​ជ្រើសរើស​រួម​មាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ១:៣០; ៨៤:២០–២២; ហេលេមិន ៥:១២; យ៉ូស្វេ ២៤:១៥; អេសាយ ៥៨:១៣–១៤; លូកា ២២:១៩–២០; អេភេសូរ ២:១៩–២០ ) ។

អ្នក​អាច​បញ្ចប់​មេរៀន​ដោយ​សុំ​សិស្ស​ឲ្យ​ឆ្លើយតប​នឹង​ការបំផុស​គំនិត​ខាងក្រោម​មួយ​ចំនួន ឬ​ទាំងអស់​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ៖

តាម​ទស្សន​វិស័យ​ដ៏​នៅ​អស់កល្បជានិច្ច ព្រះវរបិតាសួគ៌​ចង់​ឲ្យ​ខ្ញុំ​រក្សា​ភាពស្មោះត្រង់​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​សកម្ម​នៅក្នុង​សាសនាចក្រ​របស់ទ្រង់ដោយសារ  ។

វគ្គ​បទគម្ពីរ​មួយ​ដែល​ជួយ​ខ្ញុំ​ឲ្យចង់​រក្សា​ភាពស្មោះត្រង់​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​សកម្ម​ក្នុង​សាសនាចក្រ​របស់​ទ្រង់​គឺ  ។

រឿង​មួយ​ដែល​ខ្ញុំ​អាច​ធ្វើ​ដើម្បី​រក្សា​ភាពស្មោះត្រង់​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​សកម្ម​ក្នុង​សាសនាចក្រ​របស់​ទ្រង់​ពេញមួយ​ជីវិត​របស់ខ្ញុំ​គឺ  ។