« មេរៀនទី ៩៥—គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៤:៣៣–៤៤ ៖ សម្បថ និងសេចក្តីសញ្ញានៃបព្វជិតភាព » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤:៣៣–៤៤ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
នៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤:២០ ព្រះអង្គសង្រ្គោះបានបើកសម្តែងថា « នៅក្នុងពិធីបរិសុទ្ធទាំងឡាយ [ នៃបព្វជិតភាព ] … នោះអំណាចនៃព្រះត្រូវបានសម្ដែងឲ្យឃើញ » ។ អំណាចបព្វជិតភាពនេះមានសម្រាប់សមាជិកទាំងអស់នៃសាសនាចក្រដែលធ្វើ និងរក្សាសេចក្តីសញ្ញាបុណ្យជ្រមុជទឹក និងព្រះវិហារបរិសុទ្ធ ។ នៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤:៣៣–៤៤ ព្រះអង្គសង្គ្រោះបានបង្រៀនពាក្យសម្បថ និងសេចក្តីសញ្ញាដែលគ្រប់គ្រងការប្រើប្រាស់អំណាចបព្វជិតភាពរបស់ទ្រង់ ។ មេរៀននេះអាចជួយសិស្សឲ្យយល់កាន់តែស៊ីជម្រៅអំពីសម្បថ និងសេចក្ដីសញ្ញានៃបព្វជិតភាព ។
សកម្មភាពរៀនសូត្រដែលអាចមាន
ព្រះវរបិតាសួគ៌ប្រទានពរដល់ពួកអ្នកគោរពតាមសេចក្តីសញ្ញាជាមួយព្រះចេស្តារបស់ទ្រង់
-
តើការសន្យាអ្វីខ្លះដែលយើងធ្វើចំពោះព្រះវរបិតាសួគ៌ នៅពេលយើងទទួលយកពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹក ? ( សូមមើល ម៉ូសាយ ១៨:៨–១០ និង គោលលទ្ធិ និងសេចក្តីសញ្ញា ២០:៧៧–៧៩ ) ។
-
តើព្រះវរបិតាសួគ៌សន្យាអ្វីខ្លះដល់យើង នៅពេលយើងព្យាយាមគោរពតាមសេចក្ដីសញ្ញានេះ ?
សូមសិក្សាសេចក្ដីថ្លែងការណ៍ខាងក្រោមនេះពីប្រធាន រ័សុល អិម ណិលសុន ដោយរកមើលពរជ័យដែលព្រះវរបិតាសួគ៌ប្រទានដល់អ្នកដែលធ្វើ និងគោរពតាមសេចក្ដីសញ្ញាជាមួយទ្រង់ ។
បុគ្គលម្នាក់ៗដែលចុះសេចក្តីសញ្ញានៅក្នុងអាងជ្រមុជទឹក និងនៅក្នុងព្រះវិហារបរិសុទ្ធ—ហើយរក្សាសេចក្តីសញ្ញាទាំងនោះ—គឺបានទទួលព្រះចេស្តារបស់ព្រះយេស៊ូវគ្រីស្ទកាន់តែច្រើនឡើង ។ សូមពិចារណាអំពីសេចក្តីពិតដ៏អស្ចារ្យនោះ !
រង្វាន់នៃការរក្សាសេចក្តីសញ្ញាជាមួយនឹងព្រះគឺជា ព្រះចេស្តាមកពីស្ថានសួគ៌—ពោលគឺព្រះចេស្តាដែលពង្រឹងយើងកាន់តែខ្លាំង ឲ្យទប់ទល់នឹងការសាកល្បង ការល្បួង និងការឈឺចាប់ទាំងឡាយរបស់យើង ។ ព្រះចេស្តានេះជួយឆ្ការផ្លូវរបស់យើង ។ អស់អ្នកដែលរស់នៅតាមក្រឹត្យវិន័យជាន់ខ្ពស់របស់ព្រះយេស៊ូវគ្រីស្ទ មានសិទ្ធិទទួលបានព្រះចេស្តាកាន់តែខ្លាំងរបស់ទ្រង់ ។ ( រ័សុល អិម ណិលសុន « ឈ្នះលោកិយ ហើយបានសេចក្ដីសម្រាក » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ៩៦ )
សម្បថ និងសេចក្តីសញ្ញានៃបព្វជិតភាព
នៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤ ព្រះយេស៊ូវគ្រីស្ទ ប្រទាន « វិវរណៈអំពីបព្វជិតភាព » ទៅកាន់ យ៉ូសែប ស្ម៊ីធ ( សូមមើលក្បាលកណ្ឌ ) ។ ជាផ្នែកនៃវិវរណៈនេះ ទ្រង់បានពិពណ៌នាអំពី « សម្បថ និងសេចក្តីសញ្ញា » ( ខទី ៣៩–៤០ ) នៃបព្វជិតភាព ។ ( សម្បថគឺជាការសន្យាដ៏ម៉ឺងម៉ាត់ ) ។
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសរសេរ « សម្បថ និងសេចក្ដីសញ្ញានៃបព្វជិតភាព » នៅក្បាលទំព័រមួយសន្លឹក ។ សូមបង្កើតជួរឈរពីរនៅក្រោមក្បាលកណ្ឌនេះ ។ ដាក់ស្លាកជួរឈរមួយ « សេចក្តីសន្យារបស់ព្រះវរបិតាសួគ៌ » និងមួយទៀត « សេចក្តីសន្យារបស់យើង » ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤:៣៣–៤៤ ។ សូមពិចារណាពីការគូសចំណាំតាមរបៀបមួយដែលការសន្យាដែលព្រះវរបិតាសួគ៌អញ្ជើញយើងឲ្យធ្វើ និងគូសចំណាំខុសៗគ្នានូវពរជ័យដែលទ្រង់ប្រទានដល់អ្នកដែលគោរពតាមសេចក្ដីសញ្ញារបស់ពួកគេ ។ សូមសរសេរអ្វីដែលអ្នករកឃើញនៅក្នុងជួរឈរដែលត្រូវគ្នានៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
សូមចែកចាយឧទាហរណ៍មួយ ( មកពីព្រះគម្ពីរ ឬជីវិតរបស់អ្នក ) របស់នរណាម្នាក់ដែលអ្នកបានឃើញ ដែលបង្ហាញពីការរក្សាការសន្យាដែលអ្នកបានជ្រើសរើស ។