ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៩៤—គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៤:១–៣២ ៖ « អំណាច​នៃ​ព្រះ »


« មេរៀន​ទី ៩៤—គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៤:១–៣២ ៖ ‹ ពន្លឺ​នៃ​ព្រះគ្រីស្ទ › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្តីសញ្ញា ៨៤:១–៣២ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ៩៤ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ៨៤

គោលលទ្ធិ និង​សេចក្តីសញ្ញា ៨៤:១–៣២

« អំណាច​នៃ​ព្រះ »

ពិធីបរិសុទ្ធ

នៅពេល​ត្រឡប់​មក​ផ្ទះ​វិញ​ពី​បេសកកម្ម​របស់​ពួកគាត់ ពួក​អែលឌើរ​មួយ​ក្រុម​បានជួប​ជាមួយ​ព្យាការី យ៉ូសែប ស្ម៊ីធ ។ នៅពេល​កំពុង​អធិស្ឋាន​ជាមួយ​គ្នា ព្យាការី​បាន​ទទួល​វិវរណៈ​មួយ​ដែល​ផ្តល់​នូវ​ការយល់ដឹង​អំពី « អំណាច​នៃ​ព្រះ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៤:២០ ) ដែល​មាន​សម្រាប់​ស្ត្រី និង​បុរស​តាមរយៈ​ពិធីបរិសុទ្ធ​បព្វជិតភាព ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​ពី​សារៈសំខាន់​នៃ​ការទទួល​បាន​អំណាច​នៃ​ភាព​ជា​ព្រះ ដែល​ព្រះយេស៊ូវ​គ្រីស្ទ​ប្រទាន​តាមរយៈ​ពិធីបរិសុទ្ធ​បព្វជិតភាព​របស់​ទ្រង់ ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព

សូម​ពិចារណា​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ពី​អារម្មណ៍​របស់​ពួកគេ​ចំពោះ​សំណួរ​របស់​លោក និង​របៀប​ដែល​ពួកគេ​អាច​នឹង​ឆ្លើយ​សំណួរ​ទាំងនោះ ។

អែលឌើរ នែល អិល អាន់ឌើរសិន

ក្នុង​ការធ្វើ​ដំណើរ​របស់​ខ្ញុំ​ក្នុង​នាម​ជា​សមាជិក​ក្នុង​កូរ៉ុម​នៃ​សាវក​ដប់ពីរ​នាក់ ខ្ញុំ​បាន​ជួប​យុវជន​ទូទាំង​ពិភពលោក ។ ពួកគេ​ជាច្រើន​ពុះពារ​នឹង​កង្វល់​ពិតប្រាកដ ៖ « តើ​ព្រះ​នឹង​ជួយ​ខ្ញុំ​ដែរ​ឬ​ទេ ? តើ​ទ្រង់​នឹង​ដឹកនាំ​ជីវិត​របស់​ខ្ញុំ​ដែរ​ឬ​ទេ ? តើ​ខ្ញុំ​អាច​ទទួល​បាន​ជំនួយ ការណែនាំ និង​សេចក្តី​សុខសាន្ត​ដែល​ខ្ញុំ​ត្រូវការ​ដោយ​របៀប​ណា ? » ( នែល អិល អាន់ឌើរសិន « The Power of Godliness through Priesthood Ordinances and Blessings » ដើម្បី​កម្លាំង​នៃ​យុវជន ខែ សីហា ឆ្នាំ ២០២១ ទំព័រ ១០ )

  • សូម​គិត​ត្រឡប់​ទៅ​ពេល​វេលា​ក្នុង​ជីវិត​របស់​អ្នក នៅពេល​ដែល​អ្នក​ត្រូវការ​ជំនួយ ការណែនាំ និង​សេចក្តី​សុខសាន្ត ។ តើ​អ្នក​បាន​ធ្វើ​អ្វី ឬ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​ស្វែងរក​ជំនួយ និង​ការណែនាំ​ពី​ព្រះ ?

សូម​អាន​សេចក្ដី​ថ្លែងការណ៍​របស់​អែលឌើរ នែល អិល អាន់ឌើរសិន ដែល​នៅ​សេស​សល់ ដោយ​រកមើល​រឿង​មួយ​ដែល​ព្រះ​បាន​ប្រទាន​មក​ដើម្បី​ជួយ​យើង ។

អែលឌើរ នែល អិល អាន់ឌើរសិន

មិត្តភក្តិ​វ័យក្មេង​របស់​ខ្ញុំ​អើយ ព្រះ នឹង ជួយ​ក្មួយៗ ហើយ​ទ្រង់​ត្រៀម​ព្រះកាយ​ដើម្បី​ជួយ​ក្មួយៗ​ជា​ស្រេច ។ ក្នុងនាម​ជា​ព្រះវរបិតា​ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់​របស់​យើង ទ្រង់​បានប្រទាន​ដល់​យើង​នូវ​ពិធីបរិសុទ្ធ ដែល​ជួយ​យើង​ឲ្យ​ទទួល​អារម្មណ៍​ពីព្រះចេស្ដា​របស់ទ្រង់​នៅក្នុងជីវិត​របស់​យើង—អំណាច​នៃ​ភាព​ជាព្រះ ។ ( នែល អិល អាន់ឌើរសិន « The Power of Godliness through Priesthood Ordinances and Blessings » ដើម្បី​កម្លាំង​នៃ​យុវជន ខែ សីហា ឆ្នាំ ២០២១ ទំព័រ ១០ )

សិស្ស​ប្រហែល​ជា​មិន​បាន​ពិចារណា​អំពី​របៀប​ដែល​ពិធីបរិសុទ្ធ​អាច​ជួយ​ពួកគេ​ក្នុង​ជីវិត​របស់​ពួកគេ​បាន​ទេ ។ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត​ពី​គំនិត និង​អារម្មណ៍​របស់​ពួកគេ​អំពី​ពិធីបរិសុទ្ធ ។ ដើម្បីធ្វីដូច្នេះ អ្នក​អាច​បង្ហាញ​ការ​វាយតម្លៃ​ខ្លួនឯង​ខាងក្រោម​ ៖

ដោយ​ប្រើ​រង្វាស់ ១–៥ ( ១ = ទាប; ៥ = ខ្ពស់ ) តើ​អ្នក​នឹង​វាយតម្លៃ​ទំនុកចិត្ត​របស់​អ្នក​នៅក្នុង​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​ដោយ​របៀប​ណា ៖

  • ខ្ញុំ​ដឹង​ថា​អ្វី​ជា​ពិធី​បរិសុទ្ធ​បព្វជិតភាព ។

  • ខ្ញុំ​ដឹង​ពី​របៀប​ដែល​ព្រះ​បាន​ប្រទាន​ពរ​ដល់​ជីវិត​របស់​ខ្ញុំ​តាមរយៈ​ពិធីបរិសុទ្ធ​បព្វជិតភាព​រួច​ទៅ​ហើយ ។

  • ខ្ញុំ​កំពុង​រៀបចំ​ខ្លួន​ដោយមនសិការ​ដើម្បី​ទទួល​ពិធីបរិសុទ្ធ​បន្ទាប់​ទៀត​ក្នុង​ជីវិត​របស់​ខ្ញុំ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ទទួល​ចំណាប់​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅពេល​ពួកគេ​សិក្សា កណ្ឌ​ទី ៨៤ ហើយ​រៀន​បន្ថែម​ទៀត​អំពី​ព្រះចេស្តា​របស់​ព្រះ​ដែល​អាច​ចូល​មក​ក្នុង​ជីវិត​របស់​ពួកគេ​តាម​រយៈ​ពិធី​បរិសុទ្ធ​នៃ​បព្វជិតភាព ។

ព្រះវិហារ​បរិសុទ្ធ និង​បព្វជិតភាព

សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​អាច​ចែកចាយ​ព័ត៌មាន​ខាងក្រោម​ជាមួយ​សិស្ស ៖

ក្នុង​ខែ កញ្ញា ឆ្នាំ ១៨៣២ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ត្រឡប់​ទៅ​កាន់​ទីក្រុង ខឺត​ឡង់ រដ្ឋ អូហៃអូ វិញបន្ទាប់​ពី​បាន​ប្រកាស​ដំណឹងល្អ​នៅ​ភាគ​ខាង​កើត​នៃ​សហរដ្ឋអាមេរិក ។ នៅ​ក្នុង​ការជួបជុំ​របស់​ពួក​លោក ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ទទួលវិវរណៈ ដែល​ឥឡូវ​នេះ​បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង​សេចក្តីសញ្ញា ៨៤ ។ នៅក្នុង​វិវរណៈ​នេះ ព្រះអម្ចាស់​បានពង្រីក​ការយល់ដឹង​របស់​ពួក​បរិសុទ្ធ​អំពី​បព្វជិតភាព ។ សូម​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៤:១–៥ ដោយ​ស្វែងរក​អ្វី​ដែល​ព្រះអម្ចាស់​បាន​ណែនាំ​ដល់​ពួកបរិសុទ្ធ​ឲ្យ​ដាក់​អាទិភាព នៅពេល​ពួកគេ​បាន​ស្ថាបនា​យេរូសាឡិម​ថ្មី ។

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា វា​សំខាន់​ដែល​ព្រះអម្ចាស់​នឹង​ចាប់ផ្តើម​វិវរណៈ​ស្ដី​ពី​បព្វជិតភាព ដោយ​ការបង្រៀន​អំពី​សារៈសំខាន់​នៃ​ព្រះវិហារ​បរិសុទ្ធ ?

ប្រសិនបើ​សិស្ស​មិន​បាន​លើកឡើង​ទេ នោះ​អ្នក​អាច​ចង្អុល​បង្ហាញ​ថា នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​ត្រូវ​បាន​ធ្វើ​ឡើង គឺ​ចាំបាច់​សម្រាប់​សេចក្តីសង្គ្រោះ និង​ភាពតម្កើងឡើង​របស់យើង ។

អ្នក​ប្រហែល​ជា​ចង់​ចែកចាយ​ជាមួយ​សិស្ស​ថា ខទី ៦–១៨ ព្រះអម្ចាស់​បាន​ប្រកាស​ថា បព្វជិតភាព​របស់​ទ្រង់​ត្រូវ​បាន​ប្រគល់​ដល់​អ័ដាម ហើយ​បន្ត​រហូត​ដល់​សម័យ​របស់​ម៉ូសេ ។ ព្រះ​យេស៊ូវ​គ្រីស្ទ​ក៏​បាន​ប្រគល់​បព្វជិតភាព​ដល់​អើរ៉ុន និង​កូនចៅ​របស់​លោក​ផងដែរ ។ អ្នក​អាច​នឹង​ចង់​ចង្អុល​បង្ហាញ​ថា បព្វជិតភាព​របស់​ទ្រង់​បន្ត​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​ស្ដារឡើងវិញ​នៅ​ថ្ងៃ​នេះ ។ សិទ្ធិអំណាច​បព្វជិតភាព​ទាំងអស់ រួមទាំង​អ្វី​ដែល​តម្រូវ​ឲ្យ​ដើម្បី​ធ្វើ​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ គឺ​មកពី​ព្រះយេស៊ូវ​គ្រីស្ទ ។

អំណាច​នៃ​ព្រះ​ត្រូវ​បាន​សម្ដែង​ឲ្យ​ឃើញ​នៅក្នុង​ពិធីបរិសុទ្ធ​ទាំង​ឡាយ

នេះ​ប្រហែល​ជា​ពេល​វេលា​ដ៏​ល្អ​មួយ​ដើម្បី​សួរ​សិស្ស​របស់​អ្នក​ថា​អ្វី​ជា​ពិធីបរិសុទ្ធ ។ ប្រសិនបើ​ពួកគេ​ពិបាក​ពន្យល់​ពី​អត្ថន័យ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ប្រើ​ជំនួយ​ការសិក្សា​ព្រះគម្ពីរ​ដើម្បី​រក​ឲ្យ​ឃើញ ។ សូម​ជួយ​ពួកគេ​យល់​ថា ពិធីបរិសុទ្ធ​គឺ​ជា​ពិធី​ដ៏​ពិសិដ្ឋ ជា​ការប្រព្រឹត្ត​ជា​ផ្លូវការ​មួយ ឬ​ជា​ពិធីការ​ដែល​បាន​ធ្វើ​ឡើង​ដោយ​សិទ្ធិ​អំណាច​នៃ​បព្វជិតភាព ។ ពិធី​បរិសុទ្ធ​ខ្លះ​គឺ​ចំាបាច់​ចំពោះ​ភាពលើក​តម្កើង​របស់​យើង ។

អ្នក​អាច​នឹង​ចង់​រាយ​បញ្ជី​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​នៅលើ​ក្ដារខៀន ដូចជា​ពិធីបុណ្យ​ជ្រមុជទឹក សាក្រាម៉ង់ ពរជ័យ​នៃ​ការលួងលោម និង​ការប្រឹក្សា ពរ​របស់​លោក​អយ្យកោ ពិធីបញ្ជាក់ និង​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ អំណោយទាន​ពិសិដ្ឋ​ក្នុង​ព្រះវិហារបរិសុទ្ធ និង​ការផ្សារភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

សូម​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៤:១៩–២២ ដោយ​ស្វែងរក​អ្វី​ដែល​ព្រះអម្ចាស់​បង្រៀន​អំពី​ពិធីបរិសុទ្ធ​ទាំងឡាយ ។

រូបតំណាង​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៤:២០–២២ គឺជា​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​គូសចំណាំ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ​តាម​របៀប​ដែល​ងាយ​ចំណាំ ដើម្បី​ពួកគេ​អាច​ងាយ​រក​វា​ឃើញ ។

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​អំពី​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព ?

  • តើ​អ្នក​មាន​សំណួរ​អ្វី​ខ្លះ​អំពី​អ្វី​ដែល​អ្នក​បាន​អាន ?

    អាស្រ័យ​លើ​ការយល់ដឹង​របស់​សិស្ស និង​សំណួរ​ដែល​ពួកគេ​សួរ អ្នក​អាច​ចង់​ចែកចាយ​សំណួរ​មួយ​ចំនួន ឬ​ទាំងអស់​ដូច​ខាងក្រោម ៖

  • « បព្វជិតភាព​ដ៏​ធំ​ជាង​នេះ ចាត់ចែង​ដំណឹង​ល្អ » សំដៅ​ទៅលើ​សិទ្ធិអំណាច​នៃ​បព្វជិតភាព​ម៉ិលគីស្សាដែក​ដើម្បី​ធ្វើ​ពិធីបរិសុទ្ធ​ទាំងឡាយ​ដែល​ចាំបាច់​សម្រាប់​សេចក្តី​សង្រ្គោះ និង​ភាពតម្កើងឡើង​របស់​យើង ។

  • « សេចក្ដី​អាថ៌កំបាំង​ទាំង​ឡាយ​នៃ​ព្រះ » គឺជា « សេចក្ដី​ពិត​ខាង​វិញ្ញាណ ដែល​បាន​ដឹង​ដោយ​សារ​វិវរណៈ​ប៉ុណ្ណោះ » ( សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ « សេចក្ដី​អាថ៌កំបាំង​ទាំង​ឡាយ​នៃ​ព្រះ » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។

  • « អំណាច​នៃ​ព្រះ » សំដៅ​ទៅ​លើ​អំណាច​ដែល​មកពី​ព្រះ​ដើម្បី​ជួយ​យើង​ក្នុង​ជីវិត​នេះ និង​រៀបចំ​យើង​ដើម្បី​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា តាម​រយៈ​ពិធី​បរិសុទ្ធ​នៃ​បព្វជិតភាព យើង​អាច​ទទួល​បាន​អំណាច​នៃ​ភាព​ជា​ព្រះ​ក្នុង​ជីវិត​របស់​យើង ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់​តែ​ស៊ីជម្រៅ​អំពី​សេចក្ដីពិត​នេះ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ជ្រើសរើស​ពិធីបរិសុទ្ធ​មួយ​ក្នុង​ចំណោម​ពិធីបរិសុទ្ធ​ដែល​មាន​រាយ​បញ្ជី​នៅលើ​ក្ដារខៀន ដែល​ពួកគេ​ចង់​ស្វែងយល់​បន្ថែម ។ សូម​ទុក​ពេល​ឲ្យ​ពួកគេ​សរសេរ​សំណួរ​ពីរ​ទៅ​បី​ដែល​ពួកគេ​មាន​អំពី​ពិធី​បរិសុទ្ធ​នោះ ។ ឬ​អ្នក​អាច​បង្ហាញ​សំណួរ​បី​ដែល​បាន​សរសេរ​នៅ​ខាងក្រោម​សម្រាប់​ពួកគេ​គិត​ពិចារណា ។

  • តើ​នរណា​ម្នាក់​អាច​រៀបចំ​ខ្លួន​ដើម្បី​ទទួល​ពិធីបរិសុទ្ធ​នេះ​ដោយ​របៀប​ណា ?

  • តើ​អ្នក​គិត​ថា​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​នេះ​ជួយ​យើង​ឲ្យ​ទទួល​បាន​អំណាច​នៃ​ភាព​ជា​ព្រះ ដើម្បី​ជួយ​យើង​ក្នុង​ជីវិត​នេះ​យ៉ាង​ដូចម្ដេច ?

  • តើ​ការទទួល​ពិធីបរិសុទ្ធ​នេះ​ជួយ​យើង​ឲ្យ​កាន់តែ​ក្លាយ​ដូចជា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​ប្រភព​ដែល​បាន​តែងតាំង​ដោយ​ទេវភាព ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ពិធីបរិសុទ្ធ​ដែល​ពួកគេ​បាន​ជ្រើសរើស និង​សម្រាប់​ចម្លើយ​ចំពោះ​សំណួរ​របស់​ពួកគេ ។ ពួកគេ​អាច​ធ្វើ​កិច្ចការ​នេះ​ដោយ​ខ្លួន​ពួកគេ​ផ្ទាល់ ឬ​ជាមួយ​អ្នក​ផ្សេង​ទៀត​ដែល​បាន​ជ្រើសរើស​ពិធីបរិសុទ្ធ​ដូច​គ្នា ។ ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ផ្ដល់​នូវ​ព័ត៌មាន​ដ៏​មាន​អត្ថប្រយោជន៍​សម្រាប់​អស់​អ្នក​ដែល​ជ្រើសរើស​ដើម្បី​សិក្សា​ពី​អំណោយទាន​ពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ ( ២៧.២ ) និង​ការផ្សារភ្ជាប់ ( ២៧.៣ ) ។ ពួកគេ​ក៏​អាច​ជញ្ជឹងគិត​ពី​បទពិសោធន៍​ផ្ទាល់ខ្លួន​ផងដែរ នៅពេល​ពិធីបរិសុទ្ធ​ដែល​ពួកគេ​បាន​ដកពិសោធន៍​បាន​ជួយ​ពួកគេ​ឲ្យ​ទទួល​អារម្មណ៍​ពី​អំណាច​នៃ​ភាព​ជា​ព្រះ​នៅក្នុង​ជីវិត​របស់​ពួកគេ ។

បន្ទាប់ពី​មាន​ពេល​គ្រប់គ្រាន់​ហើយ​នោះ សូម​អញ្ជើញ​បុគ្គល​ម្នាក់ៗ ឬ​ក្រុម​ទាំងឡាយ​ឲ្យ​ចែកចាយ​ការរកឃើញ​របស់​ពួកគេ​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់​ទាំងមូល ។

សារៈសំខាន់​នៃ​ពិធីបរិសុទ្ធ​ទាំងឡាយ

ដើម្បី​ជួយ​សិស្ស​ឲ្យ​ជញ្ជឹងគិត​អំពី​អ្វី​ដែល​ពួកគេ​បានរៀន​អំពី​សារៈសំខាន់​នៃ​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព អ្នក​អាច​ឲ្យ​សិស្ស​ឆ្លើយតប​ទៅនឹង​សំណួរ​មួយចំនួន ឬ​ទាំងអស់​ដូច​ខាងក្រោម ។ សិស្ស​អាច​ជ្រើសរើស​សំណួរ​មួយ ហើយ​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ជាមួយ​មិត្ត​រួម​ថ្នាក់ ។

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​អំពី​អំណាច​នៃ​ភាព​ជា​ព្រះ និង​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព ?

  • តើ​ការ​ធ្វើការ​ឆ្ពោះ​ទៅរក និង​ការទទួល​ពិធីបរិសុទ្ធ​ទាំងនេះ​អាច​ជួយ​អ្នក​ចូល​មក​កាន់តែ​ជិត​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្ដេច ?

  • តើ​នៅ​ពេលណា​ដែល​អ្នក​បាន​ទទួល​អារម្មណ៍​ពី​ព្រះចេស្តា​របស់​ព្រះ តាមរយៈ​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​ដែល​អ្នក​បាន​ទទួល ?

សូម​ពិចារណា​ពី​ការចែកចាយ​គំនិត និង​អារម្មណ៍​របស់​អ្នក​អំពី​ព្រះចេស្ដា​នៃ​ព្រះ ដែល​អ្នក​បាន​ទទួល​ក្នុង​ជីវិត​របស់​អ្នក តាមរយៈ​ពិធី​បរិសុទ្ធ​នៃ​បព្វជិតភាព ។

ទន្ទេញ

អ្នក​អាច​នឹង​ចង់​ជួយ​សិស្ស​ឲ្យ​ទន្ទេញ​សេចក្ដីយោង​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​អំឡុង​មេរៀន​នេះ ហើយ​រំឭក​វា​ក្នុង​មេរៀន​ក្រោយៗ​ទៀត ។ ឃ្លា​បទគម្ពីរ​គន្លឹះ​គឺ « នៅក្នុង​ពិធីបរិសុទ្ធ​ទាំងឡាយ​នោះ​អំណាច​នៃ​ព្រះ​ត្រូវ​បាន​សម្ដែង​ឲ្យ​ឃើញ » ។ គំនិត​សម្រាប់​សកម្មភាព​ទន្ទេញ​មាន​នៅក្នុង​ឯកសារ​ឧបសម្ព័ន្ធ​ដែល​នៅក្រោម « សកម្មភាព​រំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ឡើងវិញ » ។