ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៣១—គោលលទ្ធិ និង​សេចក្តីសញ្ញា ១២១–១២៣ ៖ « សេចក្ដី​សុខសាន្ត​ដល់​ព្រលឹង​បុត្រ​ចុះ »


« មេរៀនទី ១៣១—គោលលទ្ធិ និង​សេចក្តីសញ្ញា ១២១–១២៣ ៖​‹ សេចក្ដី​សុខសាន្ត​ដល់​ព្រលឹង​បុត្រ​ចុះ › » សៀវភៅសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២១–១២៣ » សៀវភៅសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ១៣១ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ១២១–១២៣

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២១–១២៣

« សេចក្ដី​សុខសាន្ត​ដល់​ព្រលឹង​បុត្រ​ចុះ »

គុក​លិបើទី និង​តំបន់​នៅ​ជិតៗ​នោះ

បន្ទាប់ពី​ត្រូវ​បាន​គេ​ក្បត់ និង​ចាប់ខ្លួន​ពី​បទ​ចោទប្រកាន់​មិន​ពិត​ហើយ ព្យាការី យ៉ូសែប ស្ម៊ីធ និង​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ផ្សេង​ទៀត​ត្រូវ​បាន​ដាក់​គុក​តូច​មួយ​នៅ​ក្រុងលិបើទី រដ្ឋ​មិសសួរី ។ នៅ​រដូវ​រងា ឆ្នាំ ១៨៣៨–១៨៣៩ ពួកបរិសុទ្ធ​នៅ​រដ្ឋ​មិសសួរី ស្ថិតក្រោម​ស្ថានភាព​ដ៏​អាក្រក់ និង​បាន​ទទួលរង​នូវ​ទុក្ខវេទនា​យ៉ាង​ខ្លាំង ។ ក្នុង​ចំណោម​ទុក្ខវេទនា​នេះ ព្រះ​អម្ចាស់​បានលួងលោម​ពួកគេ​ដោយ​មាន​ដំបូន្មាន​ដ៏​អាណិត​អាសូរ និង​ចំណេះដឹង​មកពី​ស្ថានសួគ៌ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​ពី​របៀប​ដែល​ព្រះ​អាច​ជួយ​យើង​តាមរយៈ​ការសាកល្បង​របស់​យើង ។

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

« ឱ​ព្រះ​អង្គ​អើយ តើ​ព្រះ​អង្គ​គង់នៅ​ទីណា ? »

មុន​ថ្នាក់​ចាប់ផ្ដើម សូម​ពិចារណា​បង្ហាញ​ពី​សំណួរ​ខាងក្រោម​ដើម្បី​ឲ្យ​សិស្ស​មើលឃើញ​នៅពេល​ពួកគេ​មក​ដល់ ។ នៅពេល​ថ្នាក់​ចាប់ផ្ដើម សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ស្ថានភាព​ពិតប្រាកដ​ដែល​អាច​នាំ​ឲ្យ​មនុស្ស​ម្នាក់​សួរ​សំណួរ​បែប​នេះ ។

បន្ទាប់ពី​សិស្ស​បានចែកចាយ​ហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​គិត​ពិចារណា​ពី​ឧបសគ្គ​នានា ដែល​ពួកគេ ឬ​មនុស្ស​ជា​ទីស្រឡាញ់​របស់​ពួកគេ​កំពុង​ប្រឈម​មុខ​នា​ពេល​បច្ចុប្បន្ន​នេះ ។ សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​កត់ត្រា​គំនិត ឬ​អារម្មណ៍​ណា​មួយ​ដែល​ពួកគេ​អាច​មាន​អំពី​ឧបសគ្គ​របស់​ពួកគេ រួមទាំង​សំណួរ​ប្រសិន​បើ​ពួកគេ​មាន​ដូចជា​សំណួរដែល​អ្នក​បានបង្ហាញ​នៅលើ​ក្ដារខៀន ។

នៅពេល​សិស្ស​បន្ត​ការសិក្សា​របស់​ពួកគេ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​អញ្ជើញ​យាង​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ជួយ​ពួកគេ​យល់​គោលការណ៍​ដ៏​ទេវភាព ដែល​អាច​ផ្ដល់​នូវ​សេចក្ដីសុខសាន្ត និង​ការលួងលោម​ផ្ទាល់ខ្លួន​ក្នុង​អំឡុង​ពេល​សាកល្បង​របស់​ពួកគេ ។

បរិបទ​ប្រវត្តិសាស្ត្រ

ផ្ទៃខាងក្រៅ និង​ផ្ទៃ​ខាងក្នុង​នៃ​គុកលិបើទី

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​បរិបទ​ប្រវត្តិសាស្ត្រ​នៃ​ផ្នែក​ដែល​ពួកគេ​នឹង​សិក្សា សូម​ពិចារណា​បង្ហាញ​វីដេអូ « Lessons from Liberty Jail » ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​ដែល​មាន​នៅ ChurchofJesusChrist.org ចាប់ពី​នាទី​ទី ៣:០០ ដល់​នាទី​ទី ៨:៤៩ ។ ការដាក់តាំង​រូបភាព​គុកលិបើទី​អាច​ជួយ​សិស្ស​ឲ្យ​យល់​ពី​អ្វី​ដែល យ៉ូសែប ស្ម៊ីធ និង​អ្នកទោស​ផ្សេងទៀត​បាន​ឆ្លងកាត់ ។

ជា​ជម្រើស អ្នក​អាច​រៀបចំ​សិស្ស​ជា​ក្រុម​ដែល​មាន​គ្នា​បី​នាក់ ហើយ​ផ្ដល់​នូវ​សេចក្តី​សង្ខេប​មួយ​ក្នុង​ចំណោម​សេចក្តី​សង្ខេប​ខាងក្រោម​នេះ​ដល់​សិស្ស​ម្នាក់ៗ​នៅក្នុង​ក្រុម​នេះ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ប្តូរ​វេន​គ្នា​អាន​សេចក្តីសង្ខេប​របស់​ពួកគេ ហើយ​ត្រូវ​ចែកចាយ​អ្វី​ដែល​ពួកគេ​អាច​គិត ឬ​ទទួល​អារម្មណ៍ ប្រសិនបើ​ពួកគេ​ត្រូវបាន​ដាក់​នៅក្នុង​ស្ថានភាព​ស្រដៀង​គ្នា​នេះ ។

NaN:NaN

សេចក្តី​សង្ខេប​ទី ១ ៖ នៅ​ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ១៨៣៨ ចច ហ៊ីងខល ជា​សមាជិក​នៃ​សាសនាចក្រ និង​ជា​វរសេនីយ៍ឯក​នៅក្នុង​កងជីវពល​របស់​រដ្ឋ​មិសសួរី​បាន​ក្បត់​ព្យាការី យ៉ូសែប ស្ម៊ីធ ។ ហ៊ីងខល បាន​ប្រាប់​យ៉ូសែប​ថា សមាជិក​កងជីវពល​នៅ​រដ្ឋ​មិសសួរី ដែល​បាន​ឡោមព័ទ្ធ​ពួកបរិសុទ្ធ​នៅ​ក្រុង ហ្វា វែស្ទ រដ្ឋ​មិសសួរី ចង់​ជួប និង​ពិភាក្សា​អំពី​លក្ខខណ្ឌ​នៃ​សន្តិភាព ។ មក​ដល់​ការប្រជុំ​ដោះស្រាយដោយ​សន្តិវិធី យ៉ូសែប និង​ថ្នាក់ដឹកនាំ​សាសនាចក្រ​ផ្សេង​ទៀត​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​បង្ខំ​ក្នុង​នាម​ជា​អ្នកទោស​សង្គ្រាម ។

សេចក្តី​សង្ខេប​ទី ២ ៖ នៅ​ខែ​ក្រោយ ​យ៉ូសែប និង​សហការី​របស់​លោក​ត្រូវ​បានគេ​ធ្វើ​បាប និង​ផ្លាស់​ពី​គុកមួយ​ទៅ​គុក​មួយ​នៅពេល​ដែល​ពួកលោក​រង់ចាំ​ការកាត់​ក្តី​ដោយ​ផ្អែក​លើ​ការចោទ​ប្រកាន់​ក្លែង​ក្លាយ ។ នៅ​ថ្ងៃ​ទី ១ ខែ ធ្នូ ឆ្នាំ ១៨៣៨ បុរស​ទាំងនោះ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅក្នុង​គុក​តូច​មួយ​នៅក្រុងលិបើទី រដ្ឋ​មិសសួរី ។ ក្នុង​រយៈពេល​បួនខែ​បន្ទាប់​មក​ទៀត​នេះ យ៉ូសែប ស៊្មីធ និង​បងប្រុស​របស់​លោក ហៃរុម, អាឡិចសាន់ឌឺ ម៉ាករ៉ា, ឡៃម៉ាន វ៉ៃត និង​កាលែប បាល់ដវីន ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​គុក​ងងឹត​លិបើទី អំឡុង​រដូវ​រងាដ៏​ត្រជាក់​បំផុត ។ ស៊ីឌនី រិកដុន ក៏​នៅ​ជាមួយ​ពួកលោក​អស់​រយៈពេល​មួយរយៈ​ដែរ ប៉ុន្តែ​ចៅក្រម​បាន​អនុញ្ញាត​ឲ្យ​ដោះ​លែង​លោក​នៅ​ចុង​ខែ​មករា ឆ្នាំ ១៨៣៩ ។

សេចក្តីសង្ខេប​ទី ៣ ៖ ទំហំ​នៃ​បន្ទប់​គុក​ងងឹត​មាន​ប្រហែល ១៤ ហ្វីត គុណនឹង ១៤ ហ្វីត ( ៤.៣ ម៉ែត្រ គុណនឹង ៤.៣ ម៉ែត្រ ) ហើយ​ពិដាន​មាន​កម្ពស់​ពី ៦ ទៅ ៦.៥ ហ្វីត ( ចន្លោះពី ១.៨ ទៅ ២ ម៉ែត្រ ) ។ ពន្លឺ​ធម្មជាតិ ឬ​ខ្យល់​បរិសុទ្ធ​ដែល​អាច​ចូល​បាន​មានតែ​តាម​បង្អួច​ដាក់​ចម្រឹង​ដែក​តូច​ពីរ​នៅ​ជិត​ពិដ្ឋាន​ប៉ុណ្ណោះ ។ មនុស្ស​តែងតែ​សើច​ចំអក និង​ប្រមាថ​អ្នក​ទោស​ពី​ខាងក្រៅ​បង្អួច​ទាំងនេះ ។ បុរស​ទាំងនេះ​ត្រូវ​បាន​បង្ខំ​ឲ្យ​ដេក​នៅ​លើ​កម្រាល​ឥដ្ឋ​ដោយ​មាន​ចំបើង​កខ្វក់​តិចតួច​សម្រាប់​ទ្រាប់ និង​ផ្ដល់​ការការពារ​តិចតួច​បំផុត​ពី​ភាពត្រជាក់ ។ គុកងងឹត​មាន​ធុង​ដាក់​កាក​សំណល់​មនុស្ស​តែ​មួយ​ប៉ុណ្ណោះ ហើយ​អាហារ​ដែល​ផ្តល់​ឲ្យ​គឺ​គួរ​ឲ្យ​ខ្ពើម​ណាស់ ដែល​បុរស​ទាំងនោះ​អាច​ទទួលទាន​បាន​ដោយសារ​តែ​ភាពអត់ឃ្លាន​ប៉ុណ្ណោះ ។ ជួនកាល អាហារ​មាន​ជាតិ​ពុល ។ អ្នកទោស​បាន​នឹក​ដល់​មិត្តភក្តិ និង​ក្រុម​គ្រួសារ​របស់​ពួកលោក​យ៉ាង​ខ្លាំង ហើយ​មាន​អារម្មណ៍​សោកសៅ​ណាស់ នៅពេល​ពួកលោក​បាន​ឮ​អំពី​ការរងទុក្ខ​របស់​ពួកបរិសុទ្ធ​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​រដ្ឋ​មិសសួរី ក្នុង​អំឡុង​ពេល​នៃ​រដូវរងា​ដ៏​ត្រជាក់ ។

អ្នក​អាច​ចង្អុល​បង្ហាញ​ថា គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១២១–១២៣ មាន​នូវ​ការជ្រើសរើស​ពី​សំបុត្រ​មួយ​ដែល​ព្យាការី​យ៉ូសែប​សរសេរ​ទៅ​កាន់​ពួក​បរិសុទ្ធ ។ លោក​បាន​សរសេរ​សំបុត្រ​នោះ នៅពេល​លោក​ជិត​ចេញ​ពី​គុក​លិបើទី បន្ទាប់ពី​ការរងទុក្ខ​អស់​ជា​ច្រើន​ខែ​មក ។ សំបុត្រ​នោះ​រួម​មាន​ការស្នើសុំ​ប្រកប​ដោយ​ការអធិស្ឋាន​ខ្លះៗ​របស់​យ៉ូសែប និង​ដំបូន្មាន​ដ៏​ពេញ​ដោយ​ក្តី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ ។

មេរៀន​ពី​គុក​លិបើទី

សូម​អាន គោលលទ្ធិ និង​សេចក្ដី​សញ្ញា​១២១:១–៦ ដោយ​រកមើល​សំណួរ និង​សេចក្ដីអង្វរ​ដែល យ៉ូសែប ស្ម៊ីធ បាន​បង្ហាញ​ទៅ​កាន់​ព្រះអម្ចាស់ ។

រូបតំណាង​ការបំពាក់បំប៉ន ជួយ​អ្នករៀន​ឲ្យ​ភ្ជាប់​បទគម្ពីរ​ទៅនឹង​ជីវិត​របស់​ពួកគេ ៖ សំណួរ​ខាងក្រោម​នេះ​គឺជា​ឧទាហរណ៍​មួយ​នៃ​ការជួយ​សិស្ស​ឲ្យ​ភ្ជាប់​នូវ​អ្វី​ដែល​ពួកគេ​កំពុងរៀន​ទៅ​ក្នុង​ជីវិត​របស់​ពួកគេ​ផ្ទាល់ ។ សម្រាប់​ការអនុវត្ត​បន្ថែម​អំពី​របៀប​ធ្វើ​បែប​នេះ សូម​មើល​ការបំពាក់បំប៉ន​ដែល​មាន​ចំណង​ជើង​ថា « រៀបចំ​ការអញ្ជើញ និង​ការបំផុស​គំនិត​ដែល​ជួយ​សិស្ស​ឲ្យ​ស្វែងរក​ភាពពាក់ព័ន្ធ​ផ្ទាល់ខ្លួន​ទៅនឹង​បណ្ដុំ​បទគម្ពីរ​មួយ » ដែល​មាន​នៅក្នុង ជំនាញ​អភិវឌ្ឍ​គ្រូបង្រៀន ៖ បង្រៀន​គោលលទ្ធិ ។

  • តើ​សំណួរ ឬ​ពាក្យ​បណ្តឹង​ណា​ខ្លះ​ពី យ៉ូសែប ស្ម៊ីធ ដែល​អាច​ទាក់ទង​នឹង​អ្នក ?

  • តើ​ពាក្យសម្តី​របស់ យ៉ូសែប ស្ម៊ីធ បង្ហាញ​ពី​ជំនឿ និង​ការគោរព​របស់​លោក​ចំពោះ​ព្រះ​យ៉ាង​ដូចម្ដេច ?

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ដាក់​ចំណងជើង​លើ​ទំព័រទទេ​មួយ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​របស់​ពួកគេ​ថា « មេរៀន​ពី​គុក​លិបើទី » ។ នៅពេល​ដែល​ពួកគេ​សិក្សា​អំពី​ការឆ្លើយតប​របស់​ព្រះ​ចំពោះ​ការអធិស្ឋាន​របស់​យ៉ូសែប សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ធ្វើ​បញ្ជី​ពី​សេចក្ដីពិត​ដែល​ពួកគេ​រកឃើញ ។

សូម​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ១២១:៧–៩,​២៦,​៣៣; ១២៣:១៧ ដោយ​ស្វែងរក​ដំបូន្មាន​ពី​ព្រះ​ដែល​អាច​ជួយ​នរណា​ម្នាក់​ក្នុង​អំឡុង​ពេល​សាកល្បង​ដ៏​លំបាក ។

បន្ទាប់ពី​សិស្ស​ក្នុង​ថ្នាក់​បញ្ចប់​ការចងក្រង​បញ្ជី​នៃ​សេចក្ដីពិត​របស់​ពួកគេ​ហើយ សូម​ណែនាំ​ពួកគេ​ឲ្យ​ជ្រើសរើស​ការចងក្រង​ពីរ​ដែល​ពួកគេ​ពិត​ជា​ចូលចិត្ត ហើយ​សរសេរ​វា​នៅលើ​ក្រដាស​ផ្សេង ។ សូម​ឲ្យ​សិស្ស​ដោះ​ដូរ​ក្រដាស​របស់​ខ្លួន​ជាមួយ​នរណា​ម្នាក់​ដែល​អង្គុយ​នៅ​ជិត​ពួកគេ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​គូរ​រង្វង់​ពាក្យ ឬ​ឃ្លា​ដែល​ចូលចិត្ត​នៅលើ​ក្រដាស​ដែល​ពួកគេ​បានទទួល ហើយ​សរសេរ​ការពិពណ៌នា​ខ្លីៗ​អំពី​មូលហេតុ​ដែល​ពួកគេ​ចូលចិត្ត​ពាក្យ ឬ​ឃ្លា​នោះ ។ ដំណើរការ​នេះ​អាច​ធ្វើ​ឡើងវិញ​ម្តង​ហើយ ម្តងទៀត​ជា​ច្រើន​ដង​ជាមួយ​សិស្ស​ផ្សេងៗ​គ្នា ។ នៅពេល​សិស្ស​ទទួល​ក្រដាស​របស់​ពួកគេ​ត្រឡប់​មក​វិញ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​បន្ថែម​ការយល់ដឹង​ដែល​ពួកគេ​បានរៀន​ពី​អ្នកដទៃ​នៅលើ​ទំព័រ​សៀវភៅ​កំណត់ហេតុ​សិក្សា​របស់​ពួកគេ ។

សូម​អញ្ជើញ​សិស្ស​ពីរបី​នាក់​ឲ្យ​សរសេរ​សេចក្ដីពិត​ពី​បញ្ជី​របស់​ពួកគេ​នៅលើ​ក្ដារខៀន ។ ខាងក្រោម​នេះ​ជា​ឧទាហរណ៍​នៃ​គោលការណ៍​ដែល​ពួកគេ​អាច​ចែកចាយ​បាន ៖ នៅក្នុង​ផែនការ​ដ៏​នៅ​អស់កល្បជានិច្ច​របស់​ព្រះ បុគ្គល​សុចរិត​នៅ​តែ​ទទួល​ការសាកល្បង ប៉ុន្តែ​គ្រាន់តែ​មួយ​គ្រា​ខ្លី​ប៉ុណ្ណោះ បើ​យើង​ស៊ូទ្រាំ​ការសាកល្បង​របស់​យើង​ឲ្យ​បាន​ល្អ នោះ​ព្រះ​នឹង​លើក​តម្កើង​យើង​នៅ​ឯ​ស្ថានសួគ៌ ព្រះ​អាច​ប្រទាន​សេចក្តី​សុខសាន្ត​ដល់​យើង​នៅ​កណ្ដាល​នៃ​ការសាកល្បង​របស់​យើង ។ សូម​ពិចារណា​សួរ​សំណួរ​ពិភាក្សា​ដូចតទៅ ។

  • ប្រសិន​បើ​អ្នក​បាន​នៅ​ក្នុង​គុកលិបើទី តើ​គោលការណ៍​មួយ​ណា​ដែល​នឹង​លួងលោម​បំផុត​ចំពោះ​អ្នក ? ហេតុអ្វី ?

  • តើ​របៀប​ណា​ខ្លះ​ដែល​ព្រះ​បាន​ប្រទានពរ​ដល់​អ្នក​ដោយ​នូវ​សេចក្តី​សុខសាន្ត និង​ការលួងលោម​នៅ​អំឡុងពេល​នៃ​ការសាកល្បង ?

  • តើ​អ្នក​គិត​ថា​អ្វី​ជា​ភាព​ខុស​គ្នា​រវាង​ការស៊ូទ្រាំ​នឹង​ការសាកល្បង និង​ការស៊ូទ្រាំ​នឹង​ការសាកល្បង​ឲ្យ​បាន ល្អ ?

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​ពី​របៀប​ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ បាន​ស៊ូទ្រាំ​នឹង​ការសាកល្បង និង​ការលំបាក​របស់​ទ្រង់​ផ្ទាល់ ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​បន្ថែម​ទៀត​អំពី​របៀប​ដែល​ព្រះអម្ចាស់​អាច​ជួយ​ពួកគេ​ឆ្លងកាត់​ការសាកល្បង​ដ៏​លំបាក សូម​ពិចារណា​ចែកចាយ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។

NaN:NaN

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃ​ពួកសាវក​ដប់ពីរនាក់​បានបង្រៀន ៖

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

មេរៀន​ពី​រដូវ​រងា​ក្នុង​ឆ្នាំ ១៨៣៨–១៨៣៩ បង្រៀន​យើង​ថា គ្រប់​បទពិសោធន៍​ទាំងអស់​អាច​ក្លាយជា​បទពិសោធន៍​ដ៏​ប្រោសលោះ​មួយ ប្រសិនបើ​យើង​បន្ដ​នៅ​ជាប់​នឹង​ព្រះវរបិតា​របស់​យើង​ដែល​គង់​នៅ​ស្ថានសួគ៌​តាមរយៈ​ការណ៍​នោះ ។ មេរៀន​ដ៏​ពិបាក​ទាំងនេះ​បង្រៀន​យើង​ថា ចំណុច​ពិបាក​ខ្លាំង​របស់​មនុស្ស​គឺជា​ឱកាស​របស់​ព្រះ ហើយ​ប្រសិនបើ​យើង​នឹង​បន្ទាប​ខ្លួន និង​ស្មោះត្រង់ ប្រសិនបើ​យើង​បន្ដ​ជឿ ហើយ​មិន​ដាក់​បណ្ដាសា​ព្រះ​ដោយសារ​បញ្ហា​របស់​យើង​ទេ​នោះ ទ្រង់​អាច​បង្វែរ​ការណ៍​អយុត្តិធម៌ និង​អមនុស្សធម៌ និង​ច្រវាក់​ចាប់ចង​នៃ​ជីវិត​របស់​យើង​ទៅជា … ស្ថានភាព​មួយ ដែល​អាច​នាំ​មក​នូវ​ការលួងលោម និង​វិវរណៈ ដៃគូ​មកពី​ព្រះ និង​សេចក្ដី​សុខសាន្ដ​វិញ ។ ( ជែហ្វ្រី អ័រ ហូឡិន « Lessons from Liberty Jail » Ensign ខែ កញ្ញា ឆ្នាំ ២០០៩ ទំព័រ ២៨ )

  • តើ​អ្នក​បានឃើញ​សេចក្តីពិត​ពី​សេចក្តី​ថ្លែងការណ៍​របស់​អែលឌើរ ហូឡិន នៅក្នុង​ជីវិត​របស់​អ្នក ឬ​នៅ​ក្នុង​ជីវិត​របស់​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​ដោយ​របៀប​ណា ?

ដើម្បី​បញ្ចប់ សូម​អញ្ជើញ​សិស្សឲ្យ​បំពេញ​ចំណុច​ខាង​ក្រោម​ក្នុង​សៀវភៅ​កំណត់ហេតុ​របស់​ពួកគេ ។ អ្នក​អាច​សុំ​ឲ្យ​ពួក​អ្នក​ស្ម័គ្រចិត្ត​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។

សូម​គិត​អំពី​ការសាកល្បង​ទាំងឡាយ​ដែល​អ្នក​បាន​គិតដល់​នៅ​ពេល​ចាប់ផ្ដើម​មេរៀន​នេះ ។ សូម​ជ្រើសរើស​យ៉ាង​ហោច​ណាស់​សេចក្តីពិត​មួយ​ពី​បញ្ជី « មេរៀន​ពី​គុក​លិបើទី » របស់​អ្នក ដែល​អាច​ជួយ​អ្នក ឬ​អ្នក​ដទៃទៀត​ឆ្លងកាត់​ការសាកល្បង​បច្ចុប្បន្ន ។ សូម​ពន្យល់​ខ្លីៗ​ពី​របៀប​ដែល​ព្រះអម្ចាស់​អាច​ប្រទាន​ពរ និង​ពង្រឹង​ដល់​អ្នក​ចំពោះ​ការធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​លើ​សេចក្ដី​ពិត​នេះ ។