ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៣៣—គោលលទ្ធិ និង​សេចក្តី​សញ្ញា ១២២ ៖ « អ្វីៗ​ទាំង​អស់ … នឹង​ទៅ​ជា​ការ​ល្អ​ដល់​អ្នក​ទៅ​វិញ »


« មេរៀន​ទី ១៣៣—គោលលទ្ធិ និង​សេចក្តី​សញ្ញា ១២២ ៖ ‹ អ្វីៗ​ទាំង​អស់ … នឹង​ទៅ​ជា​ការ​ល្អ​ដល់​អ្នក​ទៅ​វិញ › » សៀវភៅសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្តីសញ្ញា ១២២⁠ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ១៣៣ ៖​គោលលទ្ធិ និង​សេចក្តីសញ្ញា ១២១–១២៣

គោលលទ្ធិ និង​សេចក្តីសញ្ញា ១២២

« អ្វីៗ​ទាំង​អស់ … នឹង​ទៅ​ជា​ការ​ល្អ​ដល់​អ្នក​ទៅ​វិញ »

យ៉ូសែប ស៊្មីធ នៅក្នុង​គុកលិបើទី

ខណៈពេល​ដែល​ព្យាការី យ៉ូសែប ស្ម៊ីធ កំពុង​រងទុក្ខ​នៅក្នុង​គុក​លិបើទី នោះ​ព្រះ​បាន​បង្រៀន​លោក​ថា ទោះបីជា​ការរងទុក្ខ​របស់​លោក​ជ្រាលជ្រៅ និង​ឈឺចាប់​ក៏​ដោយ វា​នឹង​ជួយ​លោក​ឲ្យ​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះគ្រីស្ទ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​ថា ដោយសារ​តែ​ព្រះ​យេស៊ូវ​គ្រីស្ទ សូម្បីតែ​បទពិសោធន៍​ដ៏​លំបាក​ក៏​អាច​ជួយ​យើង​ឲ្យ​រីកចម្រើន និង​ប្រែក្លាយ​កាន់តែ​ដូចជា​ទ្រង់​បាន​ដែរ ។

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

បានរលោង​ដោយ​ឆ្លងកាត់​ទុក្ខវេទនា

សូម​ពិចារណា​បង្ហាញ​រូបភាព​ខាងក្រោម​ពី​ដុំ​ថ្ម​ដែល​គគ្រើម និង​ដុំថ្ម​ដែល​រលោង ។ ផ្ទុយ​ទៅ​វិញ អ្នក​អាច​យក​ដុំ​ថ្ម​គគ្រើម និង​ដុំ​ថ្ម​រលោង ឬ​រម្លីង​ឲ្យ​សិស្ស​មើល ហើយ​ប៉ះ ។

ដុំថ្ម​ដែល​គគ្រើម និង ដុំ​ថ្ម​រលោង
  • តើ​អ្វី​ជា​តម្រូវការ​សម្រាប់​ដុំថ្ម​គគ្រើម​ដើម្បី​បាន​ជា​រលោង ឬ​រម្លីង ?

អ្នក​អាច​ពន្យល់​ថា ដុំ​ថ្ម​អាច​បានរលោង​ដោយ​ដុស និង​ខាត់​ជាមួយ​ថ្ម ឬ​ខ្សាច់​ផ្សេង​ទៀត​ក្នុង​រយៈពេល​យូរ ។ ដំណើរការ​នេះ​ធ្វើ​ឲ្យ​គែម​របស់​វា​រលោង និង​បង្ហាញ​ពី​ពណ៌​ធម្មជាតិ​ដ៏​ជ្រៅ​របស់​វា ។

ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ចែកចាយ​ដូចតទៅ​នេះ​អំពី​ខ្លួន​លោក ៖

ព្យាការី យ៉ូសែប ស៊្មីធ

ខ្ញុំ​គឺ​ដូចជា​ដុំ​ថ្ម​ដ៏​ធំ​មួយ​ដែល​រមៀល​ធ្លាក់​ចុះ​ពី​លើ​ភ្នំ​ខ្ពស់ ហើយ​ការខាត់រម្លីង​តែ​មួយ​គត់​ដែល​ខ្ញុំ​បាន​ទទួល គឺ​នៅពេល​ដែល​ជ្រុង​មួយ​ចំនួន​ប៉ះទង្គិច​នឹង​អ្វី​មួយ​ផ្សេង​ទៀត​ដែល​លយ​ចេញ​ជាមួយនឹង​កម្លាំង​បង្កើន​ល្បឿន …​;​… ការប៉ះទង្គិច​នឹង​ជ្រុង​នេះ​បន្តិច ជ្រុង​នោះ​បន្តិច ដូច្នេះហើយ​ខ្ញុំ​នឹង​ក្លាយជា​តួ​ព្រួញ​ដែល​ខាត់​រម្លីង​ក្នុង​បំពង់​ព្រួញ​នៃ​ព្រះ​ដ៏​មហិទ្ធិឫទ្ធិ ។ ( Joseph Smith, in History ឆ្នាំ ១៨៣៨–១៨៥៦ [ Manuscript History of the Church ] ភាគ D-១ ទំព័រ ១៥៥៦ នៅលើ​គេហទំព័រ josephsmithpapers.org )

  • តើ​អ្នក​អាច​គិត​ពី​ទុក្ខវេទនា​អ្វីខ្លះ​ពី​ជីវិត​របស់ យ៉ូសែប ស្ម៊ីធ ដែល​អាច​ជួយ​លោក​ឲ្យ​ក្លាយ​ជា​ឧបករណ៍​ដ៏​ល្អ​ប្រសើរ​មួយ​នៅក្នុង​ព្រះហស្ដ​របស់​ព្រះអម្ចាស់ ?

នៅពេល​អ្នក​សិក្សា​នៅ​ថ្ងៃ​នេះ សូម​គិត​អំពី​មូលហេតុ​ដែល​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌​ជា​ទី​ស្រឡាញ់​របស់​យើង​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ឆ្លងកាត់​ការសាកល្បង​ដ៏​ឈឺចាប់ ។ សូម​ពិចារណា​ពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​អាច​ជួយ​អ្នក​ឲ្យ​ប្រែក្លាយ​កាន់តែ​ដូច​ទ្រង់​តាមរយៈ​ទុក្ខ​វេទនា និង​ការរងទុក្ខ​ដែល​អ្នក​អាច​ឆ្លងកាត់​ក្នុង​ជីវិត​របស់​អ្នក ។

ទុក្ខវេទនា​អាច​សម្រាប់​ការល្អ​របស់​យើង

ក្នុង​អំឡុង​រដូវ​រងា​ឆ្នាំ ១៨៣៨–១៨៣៩ យ៉ូសែប ស្ម៊ីធ និង​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ដទៃ​ទៀត​ត្រូវ​បាន​ដាក់​គុក​ដោយ​អយុត្តិធម៌​នៅក្នុង​គុក​លិបើទី ហើយ​បាន​ទទួល​រង​នូវ​ការរងទុក្ខ​យ៉ាង​ខ្លាំង ។ ជា​ផ្នែក​មួយ​នៃ​លិខិត​ដ៏​បំផុស​គំនិត​មួយ​ទៅ​កាន់​ពួកបរិសុទ្ធ ដែល​កំពុង​រងទុក្ខ​នោះ យ៉ូសែប​បានបញ្ចូល​សេចក្ដីពិត​ដែល​ព្រះ​បានបង្ហាញ​ដល់​លោក​អំពី​ទុក្ខវេទនា​ដែល​លោក​កំពុង​ឆ្លងកាត់ ។

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​អាន និង​ពិភាក្សា​នៅក្នុង​ក្រុម​តូចៗ​នូវ​អ្វី​ដែល​ពួកគេ​រៀន​ពី​ខគម្ពីរ​ខាង​ក្រោម​នេះ ។ បើ​ចាំបាច់ អ្នក​អាច​ជំរុញ​ឲ្យ​ក្រុម​ពិភាក្សា​នូវ​សំណួរ​ដូចជា ៖

  • តើ​សេចក្តីពិត​អ្វី​ដែល​អ្នក​មើលឃើញ​ព្រះ​បង្រៀន​យ៉ូសែប​នៅក្នុង​ខគម្ពីរ​ទាំងនេះ ?

  • ហេតុអ្វី​សេចក្ដីពិត​បែប​នេះ​អាច​ពិបាក​ស្តាប់ នៅពេល​ឆ្លងកាត់​ការសាកល្បង ?

  • ហេតុអ្វី​សេចក្ដីពិត​បែប​នេះ​អាច​ជា​ពរជ័យ​មួយ​ដើម្បី​ស្តាប់​អំឡុងពេល​ជួប​ទុក្ខវេទនា ?

សូម​អាន គោលលទ្ធិ និង​សេចក្ដី​សញ្ញា​១២២:៥–៧ ដោយ​ស្វែងរក​អ្វី​ដែល​ព្រះ​ចង់​ឲ្យ​យ៉ូសែប​យល់​អំពី​ការសាកល្បង​ដែល​លោក​ត្រូវ​ស៊ូទ្រាំ​ក្នុង​ជីវិត​របស់​លោក ។

បន្ទាប់ពី​ក្រុម​មាន​ឱកាស​ពិភាក្សាហើយ អ្នក​អាច​អញ្ជើញ​តំណាង​មកពី​ក្រុម​នីមួយៗ​ដើម្បី​ចែកចាយ​សេចក្ដីពិត​ដែល​ពួកគេ​បានរៀន ។ បើ​ចាំបាច់ សូម​ជួយ​សិស្ស​ឲ្យ​ស្គាល់​សេចក្ដីពិត​ស្រដៀង​គ្នា​ទៅ​នឹង​ការធ្វើ​ដូច​ខាង​ក្រោម​នេះ ៖ ព្រះ​អនុញ្ញាត​ឲ្យ​យើង​ឆ្លងកាត់​ទុក្ខវេទនា​ព្រោះ​ទ្រង់​ជ្រាប​ថា វា​អាច​ផ្ដល់​បទពិសោធន៍​ដល់​យើង ហើយ​សម្រាប់​សេចក្តីល្អ​របស់​យើង ។

  • តើ​អ្នក​គិត​ថា​វា​មាន​ន័យ​យ៉ាង​ណា​ថា​ទុក្ខវេទនា​អាច​ផ្តល់​ឲ្យ​យើង​នូវ « ការពិសោធន៍ » ហើយ​នឹង​ទៅ​ជា « ការ​ល្អ​ដល់ [ យើង ] ទៅ​វិញ » ? ( ខទី ៧ ) ។

  • តើ​សេចក្ដីពិត​នេះអាច​ទាក់ទង​នឹង​ដុំ​ថ្ម​ដែល​គគ្រើម និង​ខាត់រម្លីង​នៅ​ដើម​មេរៀន​នេះ​ដោយ​របៀប​ណា ?

    សូម​ពិចារណា​សរសេរ​ឃ្លា « បើ​អ្នក​ត្រូវ​ស៊ូទ្រាំ​… » នៅលើ​ក្ដារខៀន ។ រួចមកសូម​សរសេរ​ចម្លើយ​របស់​សិស្ស​ចំពោះ​សំណួរ​ដូច​តទៅ​នេះ ៖

  • តើ​ទុក្ខវេទនា​អ្វី​ខ្លះ​ដែល​ក្មេងជំទង់​ប្រឈមមុខ​នៅ​សព្វថ្ងៃ​នេះ ?

  • ហេតុអ្វី​បាន​ជា​វា​សំខាន់​នៅក្នុង​ស្ថានភាព​ទាំងនេះ ដើម្បី​យល់​ពី​អ្វី​ដែល​ព្រះ​បាន​បង្រៀន​ព្យាការី យ៉ូសែប ស្ម៊ីធ ?

    សំណួរ​បន្ទាប់​អាច​ជា​ឱកាស​ដ៏​ពិសេស​មួយ​សម្រាប់​សិស្ស​ដែល​ត្រូវ​គិត ចែកចាយ និង​ស្តាប់​បទ​ពិសោធន៍​របស់​អ្នក​ដទៃ ។ សូម​ពិចារណា​ចំណាយ​ពេល​ឲ្យ​អ្នកស្ម័គ្រ​ចិត្ត​ច្រើន​នាក់​បាន​ឆ្លើយតប ។

  • តើ​នៅ​ពេល​ណា​ដែល​អ្នក ឬ​មនុស្ស​ជា​ទីស្រឡាញ់​បាន​ដកពិសោធន៍​នូវ​ទុក្ខវេទនា ដែល​នៅ​ទីបំផុត​បាន​ក្លាយជា​ពរជ័យ​ទៅ​វិញ ?

  • តើ​មនុស្ស​ម្នាក់​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ ដើម្បី​អនុញ្ញាត​ឲ្យ​ទុក្ខវេទនា​របស់​ពួកគេ​ផ្ដល់​ឲ្យ​ពួកគេ​នូវ​បទពិសោធន៍ និង​ទៅជា​ការល្អ​ដល់​ពួកគេ ?

ដើម្បី​មើល​គំរូ​មួយ​របស់​ក្មេង​ជំទង់​ម្នាក់​ដែល​បានរៀន​ថា ព្រះ​អនុញ្ញាត​ឲ្យ​យើង​ឆ្លងកាត់​ទុក្ខវេទនា​ចំពោះ​បទពិសោធន៍ និង​ការល្អ​ដល់​យើង សូម​ពិចារណា​បង្ហាញ​វីដេអូ « Faith Murray’s Story: Overcoming Adversity through Service » ( ៤:៥២ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

4:52

ការចងចាំ​ព្រះ​យេស៊ូវ​គ្រីស្ទ នៅ​គ្រា​យើង​មាន​ទុក្ខវេទនា

រូបតំណាង​សំណៅ​ចែកដើម្បី​ជួយ​សិស្ស​ឲ្យ​គិត​អំពី​សមត្ថភាព​ដ៏​ពិសេស​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ការយល់ និង​ជួយ​ពួកគេ​នៅពេល​ពួក​គេ​ឆ្លងកាត់​ទុក្ខវេទនា សូម​ពិចារណា​អញ្ជើញ​ពួកគេ​ឲ្យ​បំពេញ​សំណៅចែក​នេះ​រៀងៗខ្លួន « ការចងចាំ​ព្រះ​យេស៊ូវ​គ្រីស្ទ នៅ​គ្រា​យើង​មាន​ទុក្ខវេទនា » ។ ការណ៍​នេះ​អាច​ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​សិស្ស ដើម្បី​អញ្ជើញយាង​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅពេល​ពួកគេ​សិក្សា គិត​ពិចារណា និង​សរសេរ​ដោយ​ស្ងៀមស្ងាត់ ។

ការចងចាំ​ព្រះ​យេស៊ូវ​គ្រីស្ទ នៅ​គ្រា​យើង​មាន​ទុក្ខវេទនា

សូម​អាន គោលលទ្ធិ និង​សេចក្ដី​សញ្ញា​ ១២២:៨–៩ ហើយ​ព្យាយាម​ស្រមៃ​ថា ព្រះ​កំពុង​មាន​បន្ទូល​មក​កាន់​អ្នក​ដោយ​ផ្ទាល់​អំពី​ស្ថានភាព​ដែល​អ្នក និង​គ្រួសារ​របស់​អ្នក​កំពុង​ប្រឈមមុខ ។ សូម​គូសចំណាំ​ឃ្លា​ដែល​ទ្រង់​បាន​បង្រៀន ដែល​មាន​សារៈសំខាន់​សម្រាប់​អ្នក​ស្ដាប់ ។ អ្នក​អាច​កត់ត្រា​គំនិត និង​អារម្មណ៍​ដែល​អ្នក​មាន​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា ឬ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

សូម​អាន អាលម៉ា ៧:១១–១២ និង​សេចក្តី​ថ្លែងការណ៍​ដូច​តទៅ​នេះ ដោយ​ប្រធាន ហែនរី ប៊ី អាវរិង នៃ​គណៈប្រធាន​ទីមួយ ។ សូម​កត់ត្រា​នូវ​អ្វី​ដែល​ពួកលោក​បង្រៀន​អំពី​ព្រះអង្គសង្គ្រោះ​ដែល​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១២២:៨–៩ ។

ប្រធាន ហែនរី ប៊ី អាវរិង

ពេល​បងប្អូន​ឆ្ងល់​ថា តើ​បងប្អូន​អាច​ទ្រាំ​នឹង​ការឈឺចាប់​បាន​ប៉ុនណា នោះ​សូម​នឹកចាំ​ពី​ទ្រង់ ។ ទ្រង់​បាន​រងទុក្ខ​នឹងអ្វី​ដែល​បងប្អូន​រងទុក្ខ ដើម្បី​ទ្រង់​ជ្រាប​ពី​របៀប​លើកស្ទួយ​បងប្អូន​ឡើង ។ ទ្រង់​អាច​នឹង​មិន​ដក​បន្ទុកនោះ​ចេញ​ទេ ប៉ុន្ដែ​ទ្រង់​នឹង​ផ្ដល់​កម្លាំង ការលួងលោម និង​ក្ដីសង្ឃឹម​ដល់​បងប្អូន ។ ទ្រង់​ដឹង​ពី​វិធី​នោះ ។ ទ្រង់​បាន​សោយ​ពែង​ល្វីង ។ ទ្រង់​បាន​ស៊ូទ្រាំ​នឹង​ការរងទុក្ខ​ទាំងអស់ ។

បងប្អូន​ត្រូវបាន​បីបាច់ និង​លួងលោម​ដោយ​ព្រះអង្គ​សង្គ្រោះ​ជាទី​ស្រឡាញ់ ដែល​ជ្រាប​ពី​របៀប​ជួយ​បងប្អូន មិន​ថា​បងប្អូន​ជួប​នឹង​ការសាកល្បង​បែប​ណា​ទេ ។ ( ហែនរី ប៊ី អាវរិង « Tested, Proved, and Polished » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩៧ )

  • តើ​វា​អាច​មាន​អត្ថប្រយោជន៍​យ៉ាងណា​ចំពោះ​អ្នក​ក្នុង​អំឡុងពេល​នៃ​ការសាកល្បង​របស់​អ្នក ដើម្បី​ដឹង​ថា​ព្រះយេស៊ូវ​គ្រីស្ទ « បាន​ចុះ​ទាប​ជាង​ការណ៍​ទាំង​នោះ​ទៅ​ទៀត » ? ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២២:៨ ) តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​ទ្រង់​នឹង​ធ្វើ​បែប​នោះ ?

  • តើ​ខគម្ពីរ​អ្វី​ទៀត​ដែល​មាន​អត្ថន័យ​ចំពោះ​អ្នក ពេល​អ្នក​បាន​ឆ្លង​កាត់​ទុក្ខវេទនា ?

សូម​ឲ្យ​សិស្ស​មាន​ពេល​ដើម្បី​ចែកចាយ​ផ្នែក​មួយ​នៃ​អ្វី​ដែល​ពួកគេ​បាន​រៀន​ជាមួយ​ដៃគូ ឬ​ជាមួយ​នឹង​ថ្នាក់​រៀន ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ចែកចាយ​នូវ​បទគម្ពីរ​ណា​មួយ​ដែល​មាន​អត្ថន័យ​ចំពោះ​ពួកគេ នៅពេល​ពួកគេ​ឆ្លងកាត់​ទុក្ខវេទនា ។

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​គិតពិចារណា​ម្ដងទៀត​អំពី​របៀប​ដែល​ឧបសគ្គ​របស់​ពួកគេ​កំពុង​ជួយ​ដុសខាត់​ពួកគេ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​គិតពិចារណា​នូវ​សំណួរ​ដូច​ខាងក្រោម ៖

  • តើ​អ្នក​បាន​រៀន ឬ​មាន​អារម្មណ៍​យ៉ាង​ណា​នៅ​ថ្ងៃ​នេះ​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​អាច​ជួយ​អ្នក​ពេល​អ្នក​ឆ្លងកាត់​ទុក្ខវេទនា​របស់​អ្នក ?

សូម​ពិចារណា​អំពី​ការសរុប​សេចក្តី​ជាមួយ​នឹង​ទីបន្ទាល់​របស់​អ្នក​ថា តាមរយៈ​ព្រះ​យេស៊ូវ​គ្រីស្ទ ទុក្ខវេទនា​ទាំងអស់​របស់​យើង​អាច​ផ្ដល់​ឲ្យ​យើង​នូវ​បទពិសោធន៍ និង​ដើម្បី​ជា​ការល្អ​ដល់​យើង ។