« មេរៀនទី ១៤០—គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣១ ៖ សេចក្ដីសញ្ញាថ្មី ហើយអស់កល្បអស់កាលជានិច្ចខាងអាពាហ៍ពិពាហ៍ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ១៣១ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៤០ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ១២៩–១៣២
សេចក្ដីសញ្ញាថ្មី ហើយអស់កល្បអស់កាលជានិច្ចខាងអាពាហ៍ពិពាហ៍
អាពាហ៍ពិពាហ៍រវាងបុរស និងស្ត្រីគឺជាផ្នែកដ៏សំខាន់មួយនៃផែនការរបស់ព្រះវរបិតាសួគ៌ ។ តាមរយៈព្យាការី យ៉ូសែប ស្ម៊ីធ ព្រះអម្ចាស់បានបង្ហាញថា នៅពេលដែលស្វាមី និងភរិយាត្រូវបានផ្សារភ្ជាប់ដោយអំណាចនៃបព្វជិតភាព ហើយស្មោះត្រង់ចំពោះសេចក្ដីសញ្ញារបស់ពួកគេ នោះអាពាហ៍ពិពាហ៍របស់ពួកគេនឹងនៅគង់វង្សហួសពីសេចក្ដីស្លាប់ទៅទៀត ។ មេរៀននេះអាចជួយអ្នកឲ្យយល់អំពីសារៈសំខាន់នៃអាពាហ៍ពិពាហ៍ដ៏នៅអស់កល្បជានិច្ចនៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការយល់ដឹងអំពីអាពាហ៍ពិពាហ៍
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានប្រកាស ៖
កិច្ចការដ៏ធំមួយនៅជំនាន់របស់យើង…គឺដើម្បីជួយមនុស្សទូទៅឲ្យយល់អំពីអត្ថន័យ និងគោលបំណងពិតនៃអាពាហ៍ពិពាហ៍ ។ ( ដេវីឌ អេ បែដណា « The Divine Pattern of Eternal Marriage » Ensign ខែ កញ្ញា ឆ្នាំ ២០២០ ទំព័រ ៤១ )
អាពាហ៍ពិពាហ៍ដ៏នៅអស់កល្បជានិច្ច
នៅខែ ឧសភា ឆ្នាំ ១៨៤៣ ខណៈដែលនៅក្នុងទីក្រុងរ៉ាមូស រដ្ឋអិលលីណោយ យ៉ូសែប ស្ម៊ីធ បានប្រាប់ បេនយ៉ាមីន និង មេលីសា ចនសុន ថាលោកមានបំណងរៀបការឲ្យពួកគេដោយស្របតាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់ ។ ដោយសារពួកគាត់បានរៀបការរួចទៅហើយ នោះបេនយ៉ាមីនបាននិយាយកំប្លែងថា លោកនឹងរៀបការជាមួយមេលីសាម្តងទៀតតែនៅពេលដែលនាងទាក់ទងគាត់បែបរ៉ូមែនទិកប៉ុណ្ណោះ ។ ប៉ុន្តែ យ៉ូសែបមិននិយាយលេងទេ ។ ព្យាការីបានបង្រៀនពួកគេនូវគោលលទ្ធិនៃអាពាហ៍ពិពាហ៍ដ៏នៅអស់កល្បជានិច្ច បន្ទាប់មកបានផ្សារភ្ជាប់គូស្វាមីភរិយានេះសម្រាប់ភាពអស់កល្បជានិច្ច ។ វិលលៀម ក្លៃតុន កំពុងបម្រើជាអ្នកកត់ត្រារបស់យ៉ូសែបនៅពេលនោះ ហើយបានកត់ត្រានូវការបង្រៀនរបស់លោកដែលឥឡូវនេះមាននៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ១៣១ ( សូមមើល « Our Hearts Rejoiced to Hear Him Speak » នៅក្នុង Revelations in Context [ ឆ្នាំ ២០១៦ ] ទំព័រ ២៧៩–២៨០ ) ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១៣១:១–៤ ដោយស្វែងរកអ្វីដែលព្យាការីបានបង្រៀនអំពីអាពាហ៍ពិពាហ៍ ។
-
តើខគម្ពីរទាំងនេះបង្រៀនអ្នកអំពីសារៈសំខាន់នៃអាពាហ៍ពិពាហ៍នៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌យ៉ាងដូចម្ដេច ?
-
តើអ្នកគិតថាអាពាហ៍ពិពាហ៍អាចរៀបចំយើងឲ្យប្រែក្លាយកាន់តែដូចជាព្រះដោយរបៀបណា ?
សារៈសំខាន់នៃអាពាហ៍ពិពាហ៍ក្នុងផែនការរបស់ព្រះ
សូមជ្រើសរើសយោបល់មួយ ឬច្រើនខាងក្រោមនេះដើម្បីស្វែងរកចម្លើយបន្ថែមចំពោះសំណួរ « ហេតុអ្វីអាពាហ៍ពិពាហ៍មានសារៈសំខាន់ចំពោះព្រះ ? » សូមបន្ថែមសេចក្តីពិតដែលអ្នករៀនទៅក្នុងបញ្ជីចម្លើយក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
-
ចូរពិចារណាមើលបទគម្ពីរ ។ សិក្សា គោលលទ្ធិ និងសេចក្តីសញ្ញា ៤៩:១៥–១៧; ១៣២:១៩ ។ ស្វែងរកវគ្គបន្ថែមដើម្បីសិក្សាដោយស្វែងរកមើលពាក្យ « អាពាហ៍ពិពាហ៍» នៅក្នុង Topical Guide ឬសេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ ។
-
សិក្សាពីការបង្រៀនរបស់ថ្នាក់ដឹកនាំទាំងឡាយនៃសាសនាចក្រ ។ សូមស្វែងរក « អាពាហ៍ពិពាហ៍ » នៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ ឬក្នុងផ្នែកប្រធានបទនៃប័ណ្ណសារសុន្ទរកថាសន្និសីទទូទៅ ។
-
សូមផ្ញើសារមួយទៅសមាជិកគ្រួសារ ឬមជ្ឈិមវ័យដែលគួរឲ្យទុកចិត្តដោយសួរថា តើពួកគេនឹងឆ្លើយសំណួរ« ហេតុអ្វីបានជាអាពាហ៍ពិពាហ៍មានសារៈសំខាន់ចំពោះព្រះ ? » ដោយរបៀបណា ?
-
តើអ្នកបានរៀនអ្វីខ្លះដែលអ្នកមិនបានដឹងពីមុនមក ?
-
តើការបង្រៀនទាំងនេះអាចជួយអ្នកនៅពេលអ្នកសង្កេតឃើញគំនិតនៅក្នុងលោកិយដែលផ្ទុយទៅនឹងក្រិត្យវិន័យរបស់ព្រះអំពីអាពាហ៍ពិពាហ៍ដោយរបៀបណា ?
-
តើការមើលទៅអាពាហ៍ពិពាហ៍តាមទស្សនៈរបស់ព្រះអាចមានឥទ្ធិពលលើអារម្មណ៍របស់អ្នកចំពោះអាពាហ៍ពិពាហ៍យ៉ាងដូចម្ដេច ?
សូមពន្យល់អំពីគោលលទ្ធិនៃអាពាហ៍ពិពាហ៍
សូមស្រមៃថា អ្នកកំពុងពិភាក្សាអំពីគោលដៅនាពេលអនាគតរបស់អ្នកជាមួយមិត្ដភក្ដិ ។ នៅពេលដែលអ្នកលើកឡើងថា អ្នកសង្ឃឹមថានឹងបានរៀបការ នោះមិត្តរបស់អ្នកសួរថា « ហេតុអ្វីបានជាអាពាហ៍ពិពាហ៍សំខាន់ម្ល៉េះ ? »