ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៣៩—គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣០ ៖ ការបង្រៀន​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ


« មេរៀន​ទី ១៣៩—គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣០ ៖ ការបង្រៀន​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣០ »⁠ សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

មេរៀន​ទី ១៣៩ ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ១២៩–១៣២

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣០

ការបង្រៀន​ដំណឹងល្អ​របស់​ព្រះអង្គ​សង្រ្គោះ

ព្រះយេស៊ូវ​កំពុង​បង្រៀន​បណ្តាជន

ដំណឹងល្អ​អាច​លើក​យក​មក​បង្រៀន​យ៉ាង​មាន​ប្រសិទ្ធភាព​នៅក្នុង​ការប្រជុំ​ធំៗ ឬ​ការជួបជុំ​តូចតាច​ប្រកប​ដោយ​ភាពស្និទ្ធស្នាល ។ ព្រះអង្គ​សង្រ្គោះ​បាន​ប្រើ​វិធីសាស្ត្រ​ទាំង​ពីរ​នេះ​នៅក្នុង​អំឡុងពេល​នៃ​ការងារបម្រើ​របស់​ទ្រង់ ដូចជា​ពេល​ដែល ​ព្យាការី យ៉ូសែប ស្ម៊ីធ បង្រៀនជាដើម ។ អត្ថបទ​នៃ គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣០ មាន​នូវ​ការបង្រៀន​មួយ​ចំនួន​របស់​ព្យាការី​ចំពោះ​ការប្រមូល​ផ្តុំ​តូច​មួយ​របស់​ពួក​បរិសុទ្ធ​ដែល​រស់នៅ​ក្នុង​ភូមិ​រេមុស រដ្ឋ​អិលលីណោយ ។ មេរៀន​នេះ​មាន​គោល​បំណង​ដើម្បី​ជួយ​សិស្ស​ឲ្យ​អនុវត្ត​ធាតុផ្សំ​នៃ​ការបង្រៀន​នៃ​គោលលទ្ធិ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

សកម្មភាព​រៀនសូត្រ​ខាងក្រោម​ត្រូវបាន​រៀបរៀង​ឡើង​ដើម្បី​ជួយ​សិស្ស​បង្រៀន​ផ្នែក​ផ្សេងៗគ្នា​នៃ​មេរៀន ។ ប្រសិន​បើ​អ្នក​មិន​ចង់​ឲ្យ​សិស្ស​បង្រៀន​ទេ សូម​យោង​ទៅ​លើ « សកម្មភាព​រៀនសូត្រ​បន្ថែម » សម្រាប់​គំនិត​បង្រៀន​ដែល​អ្នក​អាច​ប្រើ​បាន ។

ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​គ្រូបង្រៀន​ដ៏​ចំណាន

ដើម្បី​ចាប់ផ្ដើម​ថ្នាក់​រៀន សូម​ពិចារណា​បង្ហាញ​រូបភាព​ព្រះយេស៊ូវ​គ្រីស្ទ​កំពុង​បង្រៀនបណ្តាជន ហើយ​អញ្ជើញ​សិស្ស​ស្រមៃមើល​ថាតើ​វា​មាន​សភាព​បែប​ណា​បើ​បាន​នៅ​ទី​នោះ ។ សូម​ពិចារណា​សួរ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​អ្នក​អាច​បាន​គិត ឬ​មាន​អារម្មណ៍​បែប​ណា​ទៅ​ប្រសិនបើ​អ្នក​នៅទីនោះ​​ខណៈពេល​ដែល​ព្រះយេស៊ូវ​បង្រៀន ?

  • តើ​អ្នក​គិត​ថាមាន​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​ព្រះអង្គ​សង្គ្រោះ​ជា​គ្រូបង្រៀន​ដ៏​មាន​ប្រសិទ្ធភាព​បែប​នេះ ?

សូម​ពន្យល់​ថា​ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ​របស់​ព្រះអង្គ​សង្រ្គោះ យើង​មាន​ឱកាស​ជាច្រើន​ដើម្បី​បង្រៀន​ដំណឹង​ល្អ​របស់​ទ្រង់ ។ អ្នក​ក៏​អាច​បង្ហាញ​សារលិខិត​ដូច​ខាង​ក្រោម​មកពី​គណៈប្រធាន​ទី​មួយ​អំពី​ការបង្រៀនផងដែរ ៖

គណៈប្រធាន​ទី​មួយ

បងប្អូន​ប្រុស​ស្រី​ជា​ទីស្រឡាញ់

ឱ វា​ជា​ឱកាស​ដ៏​រុងរឿង​មួយ​ដែល​អ្នក​មាន​ដើម្បី​បង្រៀន​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ! មិន​ថា​អ្នក​មាន ឬ​គ្មាន​ការ​ហៅ​ជាក់លាក់​ដើម្បី​បង្រៀន​ក៏​ដោយ ក៏​អ្នក គឺជា គ្រូបង្រៀន​មួយ​រូប​ដែរ ។ ក្នុង​នាម​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​ជា​គ្រូប​ង្រៀន​ដ៏​កំពូល នោះ​អ្នក​មាន​ឱកាស​ដើម្បី​ចែកចាយ​ពន្លឺ​របស់​ទ្រង់​នៅ​គ្រប់ទី​កន្លែង​ដែល​អ្នក​ទៅ—នៅក្នុង​គេហដ្ឋាន ព្រះវិហារ នៅពេល​អ្នក​ផ្តល់​ការងារបម្រើ​ដល់​អ្នកដទៃ និង​ក្នុង​ចំណោម​មិត្ត​ភក្តិ​របស់​អ្នក ។ ការបង្រៀន​ដំណឹងល្អ​គឺ​ជា​ការទុកចិត្ត​ដ៏ពិសិដ្ឋ​មួយ ។ វា​ជា​ផ្នែក​ដ៏​ចាំបាច់​មួយ​នៃ​កិច្ចការ​របស់​ព្រះអម្ចាស់ ហើយ​វា​ដំណើរការ​បាន​យ៉ាង​ល្អ​បំផុត​នៅពេល​យើង​ធ្វើ​កិច្ចការ​នេះ​តាម​របៀប​របស់​ទ្រង់ ។ ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ៖ សម្រាប់​អ្នក​ទាំងអស់​ដែល​បង្រៀន​នៅ​ក្នុង​គេហដ្ឋាន និង​សាសនាចក្រ [ ឆ្នាំ ២០២២ ] ទំព័រ  )

  • តើ​ឱកាស​អ្វី​ខ្លះ​ដែល​យុវវ័យ​មាន​ដើម្បី​បង្រៀន និង​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ?

សូម​ពន្យល់​ដល់​សិស្ស​ថា ពួកគេ​នឹង​មាន​ឱកាស​រៀបចំ​មេរៀន​ខ្លីៗ​មួយ​មកពី​ការ​បង្រៀន​មួយ​ចំនួន​នៅ​ក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣០ និង​ដើម្បី​អនុវត្ត​ការ​បង្រៀន​មេរៀន​របស់​ពួកគេ​ដល់​អ្នក​ដទៃ ។ ប្រសិន​បើ​អ្នក​មាន​គម្រោង​ឲ្យ​សិស្ស​ពីរ​បី​នាក់​បង្រៀន​ថ្នាក់​ទាំង​មូល វា​នឹង​ជា​ពេល​ដ៏​ល្អ​មួយ​ដើម្បី​ធានា​ដល់​ពួកគេ​ថា អ្នក​នឹង​មិន​សុំ​ឲ្យ​នរណា​ម្នាក់​ដែល​មិន​ចង់​បង្រៀន​ឲ្យ​ឡើង​បង្រៀន​ទេ ។

មុន​ពេល​សិស្ស​ចាប់​ផ្ដើម​រៀបចំ​មេរៀន សូម​ពិចារណា​ចែកចាយ​ព័ត៌មាន​សាច់រឿង​ដូច​ខាង​ក្រោម ។

នៅ​ថ្ងៃទី ២ ខែ មេសា ឆ្នាំ ១៨៤៣ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ជួប​ជាមួយ​ពួក​បរិសុទ្ធ​នៅ រេមុស រដ្ឋ​អិលលីណោយ ដែល​មាន​ចម្ងាយ​ប្រហែល ២០ ម៉ាយល៍​នៅ​ខាង​ក្រៅ​ទីក្រុង​ណៅវូ ។ យ៉ូសែប​បាន​បង្រៀន​សេចក្ដីពិត​នៃដំណឹងល្អ​ផ្សេងៗ រួមទាំង​ព័ត៌មាន​លម្អិត​អំពី​ក្រុមព្រះ សារៈសំខាន់​នៃ​ការទទួល​បាន​ចំណេះ​ដឹង​ក្នុង​ជីវិត​នេះ និង​របៀប​ដែល​យើង​អាច​ទទួល​បាន​ពរជ័យ​របស់​ព្រះ ។ ការបង្រៀន​របស់​ព្យាការី​ត្រូវ​បាន​កត់ត្រា​ទុក​នៅ​ក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣០ ។

រៀបចំ​ខ្លួន​បង្រៀន

រូបតំណាង​សំណៅ​ចែកដើម្បី​ជួយ​សិស្ស​រៀបចំ​ខ្លួន​បង្រៀន សូម​ចែកចាយ​សំណៅចែក​ដែល​មាន​ចំណងជើង​ថា « ការបង្រៀន​សេចក្ដី​ពិត​មកពី​គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣០ » ។ សូម​អញ្ជើញ​សមាជិក​ថ្នាក់​រៀន​ឲ្យ​ធ្វើ​តាម​ជំហាន​រៀបចំ​មេរៀន​ដើម្បី​ទទួល​បាន​ការដឹកនាំ ។ ចាប់តាំង​ពី គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣០:២២–២៣ គឺជា​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ នោះ​វា​អាច​ជា​ការចាំបាច់​ដើម្បី​សុំ​ឲ្យ​សិស្ស​មួយ​ចំនួន​សិក្សា​ប្រធានបទ​នោះ ដើម្បី​ធានា​ថា ខគម្ពីរ​ទាំងនោះ​នឹង​ត្រូវ​បាន​បង្រៀន​ក្នុង​អំឡុង​ពេល​មេរៀន​នេះ ។

នៅពេល​សិស្ស​រៀបចំ សូម​ដើរ​ចុះឡើង​នៅក្នុង​ថ្នាក់រៀន ហើយ​ជួយ​ពួកគេ​តាម​តម្រូវការ ។ អ្នក​អាច​ផ្ដល់​យោបល់​មួយ​ចំនួន​អំពី​អ្វី​ដែល​ពួកគេ​អាច​ប្រើ​ដើម្បី​ជួយ​អ្នក​ដទៃ​ឲ្យ​ចូល​រួម​យ៉ាង​សកម្ម ។ ទាំង​នេះ​អាច​រួមមាន​សំណួរ​ពិភាក្សា ចក្ខុវិស័យ វត្ថុ ការចែកចាយ​បទពិសោធន៍​ផ្ទាល់​ខ្លួន ឬ​លំហាត់​សរសេរ ។

ការបង្រៀន​សេចក្ដី​ពិត​មកពី គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣០

ការរៀបចំ​មេរៀន ៖

ជំហាន​ទី ១ ៖ ជ្រើសរើស​ប្រធានបទ​សិក្សា​មួយ​ក្នុង​ចំណោម​ប្រធានបទ​សិក្សា​ខាង​ក្រោម និង​សិក្សា​អំពី​ធនធាន​ដែល​បាន​ផ្ដល់​ឲ្យ ។ សូម​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​គំនិត និង​ចំណាប់​អារម្មណ៍​នានា​មកពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ​អំពី​អ្វី​ដែល​អ្នក​កំពុង​អាន ។ អ្នក​ក៏​អាច​រក​ឃើញ​ធនធាន​ផ្សេង​ទៀត​ដើម្បី​ពង្រឹង​ការយល់ដឹង​របស់​អ្នក​អំពី​ប្រធានបទ​ដែល​អ្នក​បាន​ជ្រើស​រើស​ផងដែរ ។

ជំហាន​ទី ២ ៖ បង្កើត​គម្រោង​មេរៀន​រយៈពេល ៥ ទៅ ៧ នាទី សម្រាប់​ប្រធានបទ​ដែល​អ្នក​បាន​ជ្រើសរើស ។ សូម​ពិចារណា​ប្រើ​សំណួរ​មួយចំនួន​ខាងក្រោម​ដើម្បី​ជួយ​ឲ្យ​អ្នក​រៀបចំ ៖

  • តើ​សេចក្ដីពិត​ទាំងនេះ​អាច ឬ​នឹង​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ទំនាក់ទំនង​របស់​យើង​ជាមួយ​នឹង​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ?

  • តើ​ខ្ញុំ​អាច​ប្រើ​បទគម្ពីរ និង​ប្រសាសន៍​របស់​ព្យាការី​ដើម្បី​ជួយ​អ្នក​ដទៃ​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​ប្រធាន​បទ​នេះ​យ៉ាង​ដូចម្ដេច ?

  • តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​អ្នក​ដទៃ​ឲ្យ​ចូល​រួម​ក្នុង​មេរៀន​នេះ និង​ធ្វើ​ជា​អ្នក​ចូល​រួម​យ៉ាង​សកម្ម ?

  • តើ​ខ្ញុំ​អាច​ចែកចាយ​បទពិសោធន៍​អ្វី​ខ្លះ ឬ​តើ​ខ្ញុំ​អាច​ថ្លែង​ទីបន្ទាល់​អំពី​អ្វី ?

  • តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​អ្នក​ដទៃ​អនុវត្ត​ប្រធាន​បទ​នេះ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ?

ធនធាន និង​ប្រធានបទ​សិក្សា ៖

ជម្រើស​ទី ១ ៖ ចំណេះដឹង និង​បញ្ញា​នឹង​មក​ជា​មួយ​យើង​នៅក្នុង​ការរស់ឡើងវិញ

ធនធាន​ដើម្បី​សិក្សា ៖

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣០:១៨–១៩ សូមមើល​ផងដែរ គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៨:១១៨; ៩៣:៣៦

អែលឌើរ នែល អេ ម៉ាក់ស្វែល ( ឆ្នាំ ១៩២៦–ឆ្នាំ ២០០៤ ) ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​បង្រៀន ៖

អែលឌើរ នែល អេ ម៉ាក់ស្វែល

ប្រសិន​បើ​យើង​ពិចារណា​គ្រាន់តែ​អំពី​អ្វី​ដែល​វា​នឹង​មក​ជាមួយ​យើង​ក្នុង​ការរស់ឡើងវិញ វា​ហាក់​ដូច​ជា​ច្បាស់​ណាស់​ថា បញ្ញា​របស់​យើង​នឹង​កើតឡើង​ជា​មួយ​យើង ដែល​មាន​ន័យ​ថា មិន​មែន​គ្រាន់​តែ IQ របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​សមត្ថភាព​របស់​យើង​ក្នុង​ការទទួល និង​អនុវត្ត​សេចក្ដី​ពិត​ផង​ដែរ ។ ទេពកោសល្យ គុណលក្ខណៈ និង​ជំនាញ​របស់​យើង​នឹង​កើនឡើង​ជាមួយ​យើង ហើយ​ប្រាកដ​ណាស់​សមត្ថភាព​រៀនសូត្រ​របស់​យើង កម្រិត​នៃ​ការដាក់​វិន័យ​ខ្លួន​ឯង និង​សមត្ថភាព​ធ្វើការ​របស់​យើង​ក៏​នឹង​កើនឡើង​ជាមួយ​យើង​ផងដែរ ។ ( នែល អេ ម៉ាកស្វែល We Will Prove Them Herewith [ ឆ្នាំ ១៩៨២ ] ទំព័រ ១២ )

ជម្រើស​ទី ២ ៖ យើង​ទទួល​បាន​ពរ​មកពី​ព្រះ​តាមរយៈ​ការគោរព​ប្រតិបត្តិ​តាម​ក្រិត្យវិន័យ​របស់​ទ្រង់ ។

ធនធាន​ដើម្បី​សិក្សា ៖

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣០:២០–២១; សូមមើល​ផងដែរ យ៉ូហាន ៧:១៧; គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨២:១០

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន ៖

ប្រធាន រ័សុល អិម ណិលសុន

ប្រសិន​បើ​អ្នក​ពិត​ជា​ចង់​បាន​ពរជ័យ​ជាក់លាក់ នោះ​អ្នក​គួរ​ស្វែងយល់​ថា​តើ​ក្រិត្យវិន័យ​អ្វី​ដែល​គ្រប់គ្រង​ពរជ័យ​នោះ ហើយ​បន្ទាប់​មក​ខិតខំ​គោរព​ប្រតិបត្តិ​តាម​ក្រិត្យវិន័យ​ទាំង​នោះ ។ ( រ័សុល អិម ណិលសុន « The Mission and Ministry of the Savior: A Discussion with Elder Russell M. Nelson » Ensign ខែ មិថុនា ឆ្នាំ ២០០៥ ទំព័រ ១៩ )

ជម្រើស​ទី ៣ ៖ ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​មាន​រូបកាយ​សាច់ និង​ឆ្អឹង ។ ព្រះវិញ្ញាណ​បរិសុទ្ធ គឺ​ជា​តួអង្គ​វិញ្ញាណ ។

ធនធាន​ដើម្បី​សិក្សា ៖

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣០:២២–២៣; សូមមើល​ផងដែរ ម៉ាថាយ ៣:១៣-១៧; កិច្ចការ ៧:៥៥–៥៦

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

យើង​ជឿ​លើ​អង្គ​ដ៏​ទេវភាព​ទាំងបី​នេះ​រួម​គ្នា​ជា​ក្រុមព្រះ​តែមួយ ដែល​រួបរួម​គ្នា​ក្នុង​គោលបំណង ក្នុង​គ្រប់​សេចក្ដី ក្នុង​ទីបន្ទាល់ ក្នុង​បេសកកម្ម ។ យើង​ជឿ​ថា​ទ្រង់​គឺ​ពោរពេញ​ដោយ​ញាណ​ដ៏​ជា​ព្រះ​នៃ​សេចក្ដី​មេត្តា​ករុណា និង​សេចក្ដី​ស្រឡាញ់ សេចក្ដី​យុត្តិធម៌ និង​ព្រះគុណ ការអត់​ធ្មត់ ការអភ័យទោស និង​ការប្រោសលោះ ។ ខ្ញុំ​គិត​ថា​វា​ត្រឹម​ត្រូវ​ហើយ​ដែល​និយាយ​ថា យើង​ជឿ​ថា​ទ្រង់​ទាំងបី​អង្គ​គឺ​រួមគ្នា​តែមួយ​ក្នុង​គ្រប់​ទិដ្ឋភាព​សំខាន់ និង​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដែល​អាច​ស្រមៃ​បាន លើក​លែង​តែ ការជឿ​ថា​ទ្រង់​ទាំងបី​អង្គ​គឺ​ជា​អង្គ​បី​រួម​គ្នា​តែ​មួយ ។ … យើង​ប្រកាស​ថា​វា​ជា​ភស្តុតាង​ផ្ទាល់ខ្លួន​ចេញពី​បទគម្ពីរ​ដែល​ថា ព្រះ​វរបិតា ព្រះរាជបុត្រា និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​គឺជា​អង្គ​ទាំងបីអង្គ​ដ៏​ទេវភាព​ដែល​មាន​ព្រះកាយ​ដាច់​ដោយ​ឡែក​ពី​គ្នា ។ ( ជែហ្វ្រី អ័រ ហូឡិន « The Only True God and Jesus Christ Whom He Hath Sent » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ៤០–៤១ )

បទពិសោធន៍​បង្រៀន

រូបតំណាង​ការបំពាក់បំប៉ន បង្ហាញ​ដល់​អ្នករៀន​ថា​ការរួម​ចំណែក​របស់​ពួកគេ​គឺ​មាន​តម្លៃ ៖ នៅពេល​សិស្ស​ចែកចាយ​មេរៀន​ដែល​ពួកគេ​បាន​រៀបចំ សូម​ជួយ​ពួកគេ​ឲ្យ​ដឹង​ថា ការរួមចំណែក​របស់​ពួកគេ​ចំពោះ​មេរៀន​នេះ​គឺ​មាន​តម្លៃ និង​ត្រូវ​បាន​ផ្ដល់​ឲ្យ​នូវ​អំណរគុណ ។ សម្រាប់​ការអនុវត្ត​បន្ថែម​ជាមួយ​ការណ៍​នេះ សូម​មើល​ការ​បំពាក់បំប៉ន​ដែល​មាន​ចំណង​ជើង « ប្រាស្រ័យ​ទាក់ទង​ថា អ្នក​ឲ្យតម្លៃ​សិស្ស មុនពេល​ពួកគេ​បញ្ចេញ​មតិ ឬ​នៅពេល​ពួកគេ​លើកដៃ​បញ្ចេញ​មតិ » ដែល​មាន​នៅក្នុង ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន ៖ ស្រឡាញ់​មនុស្ស​ដែល​អ្នក​បង្រៀន ។

បន្ទាប់​ពី​អ្នក​បាន​ផ្ដល់​ពេល​វេលា​ដល់​សិស្ស​ដើម្បី​រៀបចំ​គម្រោង​មេរៀន​មួយ សូម​ពិចារណា​អញ្ជើញ​សិស្ស​មួយ​ចំនួន​ឲ្យ​បង្រៀន​មេរៀន​របស់​ពួកគេ​នៅ​ខាង​មុខ​ថ្នាក់ ។ អ្នក​ក៏​អាច​រៀបចំ​សិស្ស​ជា​ក្រុម​តូចៗ​ផង​ដែរ ហើយ​ពួកគេ​អាច​ផ្លាស់​ប្ដូរ​ការបង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក ។ ក្នុង​អំឡុង​ពេល​បទបង្ហាញ​របស់​សិស្ស សូម​លើក​ទឹក​ចិត្ត​សមាជិក​ថ្នាក់​ឲ្យ​បង្ហាញ​ការ​គោរព និង​ចូល​រួម​យ៉ាង​ពេញ​ទំហឹង​ក្នុង​ដំណើរ​ការរៀនសូត្រ ។ ប្រសិន​បើ​សិស្ស​ណា​ម្នាក់​មិន​ស្រណុក​ចិត្ត​ក្នុង​ការបង្រៀន​នៅក្នុង​ថ្នាក់​សិក្ខាសាលា ឬ​បើ​អស់​ពេល មុន​សិស្ស​ទាំងអស់​មាន​ឱកាស​បង្រៀន សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ព្យាយាម​បង្រៀន​មេរៀន​របស់​ខ្លួន​នៅ​ផ្ទះ នៅ​ក្នុង​មជ្ឈដ្ឋាន​នៃ​សាសនាចក្រ ឬ​ទៅកាន់​មិត្ត​ភក្តិ ។ ដើម្បី​បញ្ចប់ សូម​ពិចារណា​សួរ​សំណួរ​ដូចខាង​ក្រោមនេះ ៖

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ដែល​អាច​ជួយ​អ្នក​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​របស់​អ្នក ?

  • តើ​អ្នក​បាន​រៀន​អ្វី​នៅ​ថ្ងៃ​នេះ​អំពី​ការបង្រៀន​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ ?

  • តើ​ការទទួល​យក​ឱកាស​ដើម្បី​បង្រៀន​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ អាច​ផ្តល់​ប្រយោជន៍​ដល់​អ្នក​នៅ​ពេល​ឥឡូវនេះ និង​នៅពេល​អនាគត​ដោយ​របៀបណា ?

រូបតំណាង​ចំណេះ​ចំណាន​ខាង​គោលលទ្ធិគោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣០:២២–២៣ គឺជា​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​គូសចំណាំ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​តាម​របៀប​ដែល​ងាយ​ចំណាំ ដើម្បី​ពួកគេ​អាច​ងាយ​រក​វា​ឃើញ ។

ការទន្ទេញ

អ្នក​ក៏​អាច​ជួយ​សិស្ស​ឲ្យ​ទន្ទេញ​សេចក្ដីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ​នៃ គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣០:២២–២៣ ហើយ​រំឭក​វា​ឡើងវិញ​នៅក្នុង​មេរៀន​ក្រោយៗ​ផងដែរ ។ ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់​វគ្គបទគម្ពីរ​នេះ​គឺ « ព្រះវរបិតា​ទ្រង់​មាន​ព្រះកាយ​ជាសាច់ និង ឆ្អឹង … ព្រះ​រាជ​បុត្រា​ក៏​ដូច្នោះ​ដែរ ប៉ុន្តែ​ព្រះវិញ្ញាណ​បរិសុទ្ធ … មាន​រូប​ជា​ព្រះ​វិញ្ញាណ​វិញ » ។ គំនិត​សម្រាប់​សកម្មភាព​ទន្ទេញ​មាន​នៅក្នុង​ឯកសារ​ឧបសម្ព័ន្ធ​ដែល​នៅក្រោម « សកម្មភាព​រំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ឡើងវិញ » ។