ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៤២—ការអនុវត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ៩ ៖ ការទន្ទេញ ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ


« ការអនុវត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ៩ ៖ ការទន្ទេញ ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ⁠ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« ការអនុវត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ៩ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ១៤២ ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ១២៩–១៣២

ការអនុវត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ៩

ការទន្ទេញ ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ

ឪពុក និង​កូន​ស្រី​កំពុង​សិក្សា​ព្រះគម្ពីរ

ចំណេះចំណាន​ខាង​គោលលទ្ធិ​អាច​ជួយ​សិស្ស​ឲ្យ​ស្ថាបនា​គ្រឹះ​សម្រាប់​ជីវិត​របស់​ពួកគេ​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ។ មេរៀន​នេះ​នឹង​ផ្ដល់​ឱកាស​ដល់​សិស្ស​ក្នុង​ការ​អនុវត្ត​ការ​ទន្ទេញ​សេចក្តី​យោង​នៃ​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​ដែល​ទាក់ទង​នឹង​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ​ទាំងនោះ ។ វា​ក៏​នឹង​ជួយ​ពួកគេ​រៀន និង​អនុវត្ត​តាម​គោលការណ៍​ដ៏​ទេវភាព​ដើម្បី​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​ផងដែរ ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ ទន្ទេញ

សូម​ពិចារណា​បង្ហាញ​ថូ​ទឹក​ទទេ និង​ពែង​ជា​ច្រើន​ដែល​មាន​ទឹក​ពេញ ។ ចាក់ទឹក​បំពេញ​ពែង​ទាំងនោះ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​សូត្រ​ឡើង​វិញ​នូវ​សេចក្ដី​យោង​នៃ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ណា​មួយ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​ដែល​គេ​បាន​ទន្ទេញ ។ សម្រាប់​រាល់​វគ្គបទគម្ពីរ​ដែល​បាន​សូត្រ​ឡើងវិញ សិស្ស​អាច​ចាក់​ទឹក​មួយ​ពែង​ចូល​ទៅ​ក្នុង​ថូទឹក​នោះ ។

  • តើ​អ្នក​គិត​ថា​ការ​ទន្ទេញ​បទគម្ពីរ​អាច​ប្រៀប​ដូច​ជា​ទឹក​ដែល​បម្រុងទុក​សម្រាប់​ពេល​វេលា​ដែល​ត្រូវការ​យ៉ាង​ដូចម្ដេច ?

  • តើ​ស្ថានភាព​ណា​ខ្លះ​ដែល​អ្នក​អាច​យោង​ទៅ​ព្រះគម្ពីរ​ដែល​បាន​ទន្ទេញ​ចាំ ?

សូម​ពិចារណា​សួរ​សិស្ស​ឲ្យ​ស្វែងរក​នៅក្នុង​ការចងចាំ​របស់​ពួកគេ​នូវគ្រា​មួយ​ដែល​ពួកគេ​បាន​គិតឃើញ​បទគម្ពីរ​មួយ ។ ប្រហែល​ជា​ពួកគេ​នឹកឃើញ​ពាក្យ​ជាក់លាក់​ចំពោះ​ខគម្ពីរ ឬ​ការ​បង្រៀន​ទូទៅមួយ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អំពី​បទពិសោធន៍​របស់​ពួកគេ ។

សូម​ចង្អុល​បង្ហាញ​ថា​នៅ​ពេល​យើង​ស្គាល់​វគ្គបទគម្ពីរ​នៅ​ក្នុង​ព្រះគម្ពីរ ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​នាំ​បទគម្ពីរ​នោះ​មក​ក្នុង​ចិត្ត​របស់​យើង​ក្នុង​គ្រា​ដែល​យើង​ត្រូវការ​បាន ( សូមមើល យ៉ូហាន ១៤:២៦ ) ។ សូម​ឲ្យ​សិស្ស​ដឹង​ថា​ថ្ងៃ​នេះ​អ្នក​នឹង​ចំណាយ​ពេល​ខ្លះ​ដើម្បី​ស្គាល់​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មួយ​ចំនួន ។ ខាង​ក្រោមនេះ​គឺ​ជា​វិធី​មួយ​ដើម្បី​ធ្វើ​កិច្ចការ​នេះ ។ យោបល់​នៃ​ការទន្ទេញ​បន្ថែម​អាច​រក​បាន​នៅក្នុង​ឧបសម្ព័ន្ធ​នៅក្រោម « សកម្មភាព​រំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ​ឡើងវិញ » ។

សកម្មភាព​ទន្ទេញ

សូម​សម្រេច​ចិត្ត​ថា តើ​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ណាមួយ​ដែល​អ្នក​ចង់​ឲ្យ​សិស្ស​ពិនិត្យ​ឡើង​វិញ ។ សកម្ម​ភាព​នេះ​នឹង​ដំណើរ​ការ​បាន​ល្អ​បំផុត​ដោយ​ប្រើ​វគ្គបទគម្ពីរ​ពី​ពីរ​ទៅ​បួន ។

ចែក​ក្រដាស​ស​ដល់​សិស្ស​ម្នាក់ៗ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នីមួយៗ និង​ឃ្លា​គន្លឹះ​នៅ​លើ​ក្រដាស ។ បន្ទាប់​មក សូម​អញ្ជើញ​ពួក​គេ​ឲ្យ​កាត់​ពាក្យ​នីមួយៗ​សម្រាប់​សេចក្ដី​យោង និង​ឃ្លា​គន្លឹះ​មួយ ។ បន្ទាប់​មក សិស្ស​អាច​ច្របល់​បំណែក​ក្រដាស​ទាំង​នោះ ហើយ​រៀបវា​តាម​លំដាប់​លំដោយ​វិញ ។ ពេល​ដែល​ពួកគេ​អាច​សម្រេច​កិច្ចការ​នោះ​បាន​យ៉ាង​ងាយ​ស្រួល​ហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​ដំណើរការ​នោះ​ឡើង​វិញ​ជាមួយ​នឹង​វគ្គបទគម្ពីរ​បន្ទាប់ និង​ឃ្លា​គន្លឹះ​បន្ទាប់ ។ ប្រសិន​បើ​ពួក​គេ​រៀន​វគ្គបទគម្ពីរ និង​ឃ្លា​គន្លឹះ​បាន​ល្អ​គ្រប់​គ្រាន់​ហើយ នោះ​ពួក​គេ​អាច​ច្របល់​បំណែក​ក្រដាស​ទាំង​អស់​មក​ពី​វគ្គបទគម្ពីរ​ និង​ឃ្លា​គន្លឺះ​ផ្សេង​គ្នា ហើយ​ព្យាយាម​រៀបវា​តាម​លំដាប់​លំដោយ​វិញ ។

ជាជម្រើស អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ប្រើ​កម្មវិធី​ចំណេះចំណាន​ខាងគោលលិទ្ធ​ដើម្បី​ហាត់​​ទន្ទេញ ។

ប្រសិន​បើ​អ្នក​មាន​ពេល​គ្រប់គ្រាន់ អ្នក​អាច​អញ្ជើញ​សិស្ស​មួយ​ចំនួន​ឲ្យ​ឡើង​ចែកចាយ​វគ្គបទគម្ពីរ និង​ឃ្លា​គន្លឹះ​ដែល​បាន​ទន្ទេញ ហើយ​ចាក់​ទឹក​មួយ​ពែង​ចូល​ទៅ​ក្នុង​ថូទឹក ។

ធ្វើ​សកម្មភាព​ការ​ទន្ទេញ​នេះ​រយៈពេល​តែ ១០–១៥ នាទី​ប៉ុណ្ណោះ​ដើម្បី​អនុញ្ញាត​ឲ្យ​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ការអនុវត្ត​ចំណេះចំណាន​ខាងគោលលទ្ធិ​នៅ​ពេល​ក្រោយ​ក្នុង​មេរៀន​នេះ ។

រៀន និង​អនុវត្ត​តាម​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ

ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ថា​សិស្ស​របស់​អ្នក​ត្រូវការ​ពិនិត្យ​ឡើង​វិញ​នូវ​គោលការណ៍​នៃ​ការ​ទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ សូម​ចំណាយ​ពេល​ខ្លះ​ដើម្បី​ពិនិត្យ​មើល កថាខណ្ឌ ៥–១២ នៅ​ក្នុង​ផ្នែក « ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ » នៃ ឯកសារគោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២៣ ) ។ សកម្មភាព​រំឭក​ឡើងវិញ​ដែល​បាន​ផ្ដល់​យោបល់​​រួមមាន​នៅក្នុង​ឧបសម្ព័ន្ធ « សកម្មភាព​រំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ​ឡើងវិញ » ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើស​រើស​សាច់រឿង​ណា​មួយ​ដូច​ខាង​ក្រោម ឬ​សាច់រឿង​ផ្សេង​ទៀត​ដែល​អ្នក​បង្កើត​ដែល​បំពេញ​តាម​តម្រូវការ​សិស្ស​របស់​អ្នក ។ បន្ទាប់​ពី​សិស្ស​ជ្រើស​រើស​សាច់រឿង​មួយ​ហើយ សូម​ពិភាក្សា​អំពី​មូលហេតុ​ដែល​មនុស្ស​ម្នាក់​អាច​មាន​អារម្មណ៍​បែប​នេះ ។ ការធ្វើ​បែប​នេះ​អាច​ជួយ​ឲ្យ​សិស្ស​មាន​អារម្មណ៍​ថា​សាច់រឿង​កាន់​តែ​ពិត​ចំពោះ​ពួកគេ ។

អ្នក​ក៏​អាច​ពិចារណា​អំពី​ប្រធាន​បទ​នៃ​សាច់រឿងផ្សេងទៀត​នៅ​ក្នុង​ផ្នែក « សកម្ម​ភាព​រៀន​សូត្រ​បន្ថែម » នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ ។

សាច់រឿង ទី១ ៖ ស្រមៃថា​អ្នក​មាន​មិត្តម្នាក់​ដែល​មិន​ប្រាកដ​ក្នុង​ការរៀបការ​នៅក្នុង​ព្រះវិហារបរិសុទ្ធ ។ គាត់​គិត​ថា​អាពាហ៍ពិពាហ៍​ក្នុង​ព្រះវិហារ​បរិសុទ្ធ​មាន​តម្រូវការ​ច្រើន ហើយ​ជា​ការ​ប្តេជ្ញា​ចិត្ត​ដ៏​ធំ​មួយ ។ គាត់​ព្រួយ​បារម្ភ​អំពី​ការ​រំពឹង​ទុក​គ្រប់យ៉ាង​​ដែល​​មាន​មក​លើរូប​គាត់ ។

សាច់រឿង ទី២ ៖ មិត្តម្នាក់​សួរ​អ្នក​ថា « តើ​ការរៀប​អាពាហ៍ពិពាហ៍​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ពិតជា​ចាំបាច់​មែនឬ ? តើ​វា​មិន​គ្រប់គ្រាន់​ទេឬ សម្រាប់​គូ​ស្វាមី​ភរិយា​ដែល​ត្រូវ​រៀបការ​ស៊ីវិល​ប្រសិន​បើ​ពួកគេ​ពិត​ជា​ស្រឡាញ់​គ្នានោះ ? »

ដើម្បី​ជួយ​សិស្ស​ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​រៀន​សូត្រ​ដោយ​ខ្លួន​ឯង សូម​ផ្ដល់​ពេល​ខ្លះ​ដល់​ពួកគេ​ដើម្បី​គិត និង​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ខាង​ក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

  • តើ​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​ណា​ខ្លះ​ដែល​អ្នក​គិត​ថា​នឹង​មាន​ប្រយោជន៍​បំផុត ? ហេតុអ្វី ?

  • តើ​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាងគោលលិទ្ធ​ណា​ខ្លះ​ដែល​អាច​ជួយ​បាន ?

ពេល​សិស្ស​មាន​ពេល​ដើម្បី​រៀបចំ​ចម្លើយ សូម​ពិចារណា​បែង​ចែក​ពួកគេ​ទៅ​ជា​ក្រុម​តូចៗ ។ វា​អាច​មាន​ប្រយោជន៍​ក្នុង​ការ​ចាត់​តាំង​មេ​ក្រុម​ម្នាក់​ដើម្បី​សម្រប​សម្រួល​ការ​ពិភាក្សា​នេះ ។ មេក្រុម​អាច​សម្រេច​ចិត្ត​ថា​នរណា​នឹង​ចែកចាយ​មុន ឬ​លំដាប់​ដែល​គោលការណ៍​នៃ​ការ​ទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ​នឹង​ត្រូវ​ពិភាក្សា ។ សូម​អញ្ជើញ​ក្រុម​ឲ្យ​ចែកចាយ និង​ពិភាក្សា​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​ពីមុនៗ ។ សូម​ផ្តល់​ពេល​វេលា​គ្រប់គ្រាន់​ដល់​សមាជិក​ក្រុម​ម្នាក់ៗ​ដើម្បី​ចែកចាយ ។

បន្ទាប់​មក​អ្នក​អាច​អញ្ជើញ​ក្រុម​ឲ្យ​កំណត់​​គោលការណ៍​ណា​មួយ​នៃ​ការ​ទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ​ដែល​មិន​ត្រូវ​បាន​ជ្រើស​រើស ហើយ​ពិភាក្សា​អំពី​របៀប​ដែល​គោលការណ៍​ទាំង​នោះ​ក៏​អាច​អនុវត្ត​ចំពោះ​សាច់រឿងនានា​ផង​ដែរ ។

ដើរ​មើល​តាមក្រុម​ដើម្បី​វាស់​វែង​សមត្ថភាព​របស់​ពួកគេ​ក្នុង​ការ​ពិភាក្សា​អំពី​គោលការណ៍​នៃ​ការ​ទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ ។ សូម​ប្រើ​សំណួរ​ខាង​ក្រោម​នេះ​ដើម្បី​ជួយ​សិស្ស​ឲ្យ​មាន​ការ​ពិភាក្សា​ដ៏​មាន​អត្ថន័យ​មួយ បើ​ចាំបាច់ ។

ធ្វើ​សកម្មភាព​ដោយ​សេចក្តី​ជំនឿ

  • តើ​មនុស្ស​ម្នាក់​អាច​ស្វែងរក​ជំនួយ​មកពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​បាន​យ៉ាង​ដូចម្ដេច ប្រសិន​បើ​ពួកគេ​មាន​ការ​សង្ស័យ កង្វល់ ឬ​សំណួរ​អំពី​អាពាហ៍ពិពាហ៍​ក្នុង​ព្រះវិហារ​បរិសុទ្ធ ?

  • តើ​បុគ្គល​ដែល​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​អាពាហ៍ពិពាហ៍​ក្នុង​ព្រះវិហារ​បរិសុទ្ធ​អាច​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀបណា ?

ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​នៅអស់​កល្បជានិច្ច

  • តើ​អ្នក​ដឹង​អ្វីខ្លះ​អំពី​ព្រះវរបិតាសួគ៌ និង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់​ដែល​អាច​ជួយ​ដល់​សាច់រឿង​នេះ​បាន ?

  • តើ​អាពាហ៍ពិពាហ៍​ក្នុង​ព្រះវិហារ​បរិសុទ្ធ​អាច​ជះ​ឥទ្ធិពល​ដល់​ជីវិត​របស់​មនុស្ស​ម្នាក់​នា​ពេល​បច្ចុប្បន្ន​នេះ និង​ក្នុង​ភាព​អស់កល្ប​ជានិច្ច​យ៉ាង​ដូចម្ដេច ?

ស្វែងរក​ការ​យល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព

សូម​ជួយ​សិស្ស​ឲ្យ​វាយតម្លៃ​បទពិសោធន៍​របស់​ពួកគេ​ដោយ​ប្រើ​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ ។ សំណួរ​ខាងក្រោម​នេះ​អាច​មាន​អត្ថប្រយោជន៍ ៖

  • តើ​គោលការណ៍​នៃ​ការ​ទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ​ជួយ​អ្នក​ឲ្យ​ឆ្លើយ​តប​ទៅ​នឹង​សាច់រឿង​នេះ​យ៉ាង​ដូច​ម្ដេច ?

  • តើ​អ្នក​បាន​ជួប​ប្រទះ​ឧបសគ្គ​អ្វី​ខ្លះ​ពេល​ដែល​អ្នក​បាន​ព្យាយាម​អនុវត្ត​គោលការណ៍​នៃ​ការ​ទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ​ចំពោះ​សាច់រឿង​ទាំង​នោះ ?

  • តើ​អ្នក​បាន​រៀន ឬ​មាន​អារម្មណ៍​អ្វីខ្លះ​អំពី​អាពាហ៍ពិពាហ៍​ដ៏​អស់កល្ប​ជានិច្ច​ដែល​អ្នក​គិតថា​មាន​សារៈសំខាន់​ដើម្បី​ចងចាំ ?