ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៦០—ការប្រកាស​អំពី​ក្រុម​គ្រួសារ ផ្នែក​ទី ៣ ៖ សុភមង្គល​នៅ​ក្នុង​ជីវិត​គ្រួសារ


« មេរៀនទី ១៦០—ការប្រកាស​អំពី​ក្រុមគ្រួសារ ផ្នែក​ទី ៣ ៖ សុភមង្គល​នៅ​ក្នុង​ជីវិត​គ្រួសារ » សៀវភៅសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៥ )

« ការប្រកាស​អំពី​ក្រុមគ្រួសារ ផ្នែក​ទី ៣ » សៀវភៅសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀនទី ១៦០ ៖ « ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក »

ការប្រកាស​អំពី​ក្រុមគ្រួសារ ផ្នែក​ទី ៣

សុភមង្គល​នៅក្នុង​ជីវិត​គ្រួសារ

ក្រុមគ្រួសារ​រីករាយ

ហេតុផល​មួយ​ដែល​ព្រះវរបិតាសួគ៌​បានបញ្ជូន​យើង​មកកាន់​ផែនដី​ក្នុង​ក្រុមគ្រួសារ គឺ​ដើម្បី​ជួយ​យើង​ឲ្យ​ទទួល​បាន​សុភមង្គល ។ នៅក្នុង​ការប្រកាស​អំពី​ក្រុមគ្រួសារ ព្រះអម្ចាស់​បាន​បើក​សម្ដែង​ពី​របៀប​ដែល​យើង​អាច​ទទួល​បាន​សេចក្តីសុខសាន្ត និង​សុភមង្គល​ជា​បុគ្គល និង​ជា​ក្រុម​គ្រួសារ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​អនុវត្ត​ការបង្រៀន​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​នៅក្នុង​ចំណង​ទំនាក់ទំនង​ក្រុមគ្រួសារ​របស់​ពួកគេ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

បុព្វហេតុ និង​លទ្ធផល

សូម​ពិចារណា​សរសេរ​បុព្វហេតុ និង​លទ្ធផល​មិន​ពេញលេញ​ខាង​ក្រោម​នេះ​នៅលើ​ក្ដារខៀន ។ សូម​បំពេញ​ចន្លោះ​ទទេ​ដំបូង​ដោយ​ឃ្លា​ដូចជា « ទទួល​បានពិន្ទុ​ល្អ » ។ បន្ទាប់មក សូម​អញ្ជើញ​សិស្ស​ឲ្យ​បំពេញ​ចន្លោះ​ទីពីរ​ដោយប្រើ​ឃ្លា​មួយ​ដែល​បំពេញ​សេចក្តី​ថ្លែងការណ៍ ដូចជា « យើង​ធ្វើ​កិច្ចការ​ផ្ទះ » ។ អ្នក​អាច​ធ្វើ​ដំណើរការ​នេះ​ម្តងទៀត​ពីរបី​ដង​ដោយ​ប្រើ​ឃ្លា​ផ្សេងៗ ។

«  គឺ​ភាគច្រើន​ទំនង​ជា​អាច​សម្រេច​បាន នៅពេល  » ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន កថាខណ្ឌ​ទី ៧ នៃ​ការប្រកាស​អំពី​ក្រុម​គ្រួសារ ដោយ​រកមើល​របៀប​បំផុសគំនិត​ដើម្បី​បំពេញ​ឃ្លា​នេះ​នៅលើ​ក្ដារខៀន ។ សូម​ជួយ​សិស្ស​ស្គាល់​សេចក្តីពីត​ដូច​ខាង​ក្រោម ៖ សុភមង្គល​នៅក្នុង​ជីវិត​គ្រួសារ​អាច​កើត​មាន​ឡើងបាន នៅពេល​ធ្វើ​តាម​ការបង្រៀន​របស់​ព្រះអម្ចាស់​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ដើម្បី​ជួយ​សិស្ស​គិត​អំពី​របៀប​ដែល​ការរស់នៅ​តាម​ការបង្រៀន​របស់​ព្រះគ្រីស្ទ អាច​នាំ​ទៅ​រក​សុភមង្គល​នៅក្នុង​ជីវិត​គ្រួសារ សូម​សុំ​ពួកគេ​ឲ្យ​ជញ្ជឹងគិត​នូវ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​អ្នក​គិត​ថា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​អាច​បង្កើន​សុភមង្គល​គ្រួសារ​របស់អ្នក​តាម​របៀប​ណា​ខ្លះ ?

  • តើ​ការខិតខំ​របស់​អ្នក​ក្នុង​ការរស់នៅ​តាម​ការបង្រៀន​របស់​ទ្រង់​ទាំងទ្វេ​បាន​រួមចំណែក​ដល់​សុភមង្គល​នោះ​យ៉ាង​ដូចម្ដេច ?

សូម​ប្រាប់​សិស្ស​ថា នៅ​ចុងបញ្ចប់​នៃ​មេរៀន​នេះ ពួកគេ​នឹង​អញ្ជើញ​ឲ្យ​ធ្វើ​តាម​ការបង្រៀន​មួយ​របស់​ព្រះអង្គសង្គ្រោះ ដែល​អាច​បង្កើន​សុភមង្គល​នៃ​គ្រួសារ​ពួកគេ​បាន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​ជំនួយ​ពី​ព្រះវរបិតាសួគ៌​អំឡុង​ពេល​មេរៀន​ដែល​នៅ​សល់ ដើម្បី​ដឹង​ថា គោលការណ៍​មួយ​ណា​ដែល​ពួកគេ​គួរ​ផ្តោតលើ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​យក​ចិត្ត​ទុក​ដាក់​លើ​គំនិត ឬ​អារម្មណ៍​ណា​មួយ​ដែល​ពួកគេ​ទទួល​បាន​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ការបង្រៀន​របស់​ព្រះយេស៊ូវ​គ្រីស្ទ

សូម​ពិចារណា​ដាក់​រូបភាព​ព្រះ​យេស៊ូវ​គ្រីស្ទ​នៅលើ​ក្ដារខៀន ។ សូម​ឲ្យ​សិស្ស​អាន កថាខណ្ឌ​ទី ៧ ជា​ថ្មី​ម្តងទៀត លើក​នេះ​បង្ហាញ​ពី​ការបង្រៀន​នីមួយៗ​ដែល​អាច​បង្កើន​សុភមង្គល​គ្រួសារ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ​នៅលើ​ក្ដារខៀន​ជុំវិញ​រូបភាព​ព្រះ​យេស៊ូវ​គ្រីស្ទ ។ បន្ទាប់មក សូម​ឲ្យ​សិស្ស​បង្កើត​ជា​ក្រុមតូចៗ ឬ​ជា​គូៗ ដើម្បី​បំពេញ​សកម្មភាព​ដូច​ខាងក្រោម​នេះ ៖

  1. ជ្រើសរើស​ការបង្រៀន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​អ្នក​បានរកឃើញ​នៅក្នុង កថាខណ្ឌ​ទី ៧ ។

  2. សូម​ស្វែងរក​បទគម្ពីរ ឬ​សេចក្ដី​ថ្លែងការណ៍​ដោយ​អ្នកដឹកនាំ​សាសនាចក្រ ដែល​ជួយ​យើង​យល់​កាន់តែ​ច្បាស់​អំពី​ការបង្រៀន​នោះ ។

  3. សូម​ពិពណ៌នា​អំពី​របៀប​ដែល​ការ​ធ្វើតាម​ការបង្រៀន​នោះ​អាច​បង្កើន​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ​បាន ។

    ប្រសិនបើ​សិស្ស​ត្រូវការ​ជំនួយ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ប្រើ​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ឬ​ស្វែងរក​នៅក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ។ ខាង​ក្រោម​នេះ​គឺជា​បទគម្ពីរ​មួយ​ចំនួន​ដែល​សិស្ស​អាច​ស្វែងរក ដែល​ទាក់ទង​នឹង​ការបង្រៀន​ពី កថាខណ្ឌ​ទី ៧ ៖ នីហ្វៃទី៣ ១៨:១៥–១៦, ២១ ( ការអធិស្ឋាន ) មរ៉ូណៃ ៧:៤៥–៤៨ ( សេចក្តី​ស្រឡាញ់ ) គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥៨:៤២–៤៣ ( ការប្រែចិត្ត ) គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦៤:៩–១១ ( ការអភ័យទោស ) ។

    ប្រសិនបើ​មាន សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក « សុភមង្គល​នៅក្នុង​ជីវិត​គ្រួសារ » ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ដើម្បី​ស្វែងរក​ការបង្រៀន​មកពី​ថ្នាក់ដឹកនាំ​សាសនាចក្រ​អំពី​គោលការណ៍​ទាំងឡាយ​ដែល​នៅក្នុង កថាខណ្ឌ​ទី ៧ ។

    បន្ទាប់ពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ នោះ​សូម​អញ្ជើញ​ក្រុម​ឲ្យ​ចែកចាយ​ដល់​សិស្ស​ក្នុង​ថ្នាក់​នូវ​អ្វី​ដែល​ពួកគេ​បានរកឃើញ ។ នៅពេល​ដែល​ក្រុម​ចែកចាយ​ហើយ សូម​សុំ​ឲ្យ​ពួកគេ​សរសេរ​នៅលើ​ក្ដារខៀន​នូវ​សេចក្ដីយោង​បទគម្ពីរ ឬ​ផ្នែក​នៃ​សេចក្ដី​ថ្លែងការណ៍​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ ដែល​បានជួយ​ពួកគេ​យល់​ពី​ការបង្រៀន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

    បន្ទាប់មក អ្នក​អាច​ប្រើ​សំណួរ​ដូច​ខាងក្រោម​នេះ ដើម្បី​ជួយ​សិស្ស​ជញ្ជឹងគិត និង​ពិភាក្សា​អំពី​របៀប​ដែល​ការបង្រៀន​របស់​ព្រះយេស៊ូវគ្រីស្ទ​អាច​មាន​ឥទ្ធិពល​លើ​ក្រុមគ្រួសារ ។

    • តើ​ការបង្រៀន​របស់​ព្រះគ្រីស្ទ​មួយ​ណា​នៅលើ​ក្ដារខៀន​មាន​ឥទ្ធិពល​លើ​សុភមង្គល​ដែល​អ្នក​មាន​ក្នុង​គ្រួសារ​របស់​អ្នក ?

    • តើ​ការបង្រៀន​មួយ​ណា​ដែល​អ្នក​ចង់​ផ្តោត​ទៅលើ​ការបង្រៀន​បន្ថែម​ទៀត​នៅក្នុង​គ្រួសារ​របស់​អ្នក ? ហេតុអ្វី ? តើ​អ្នក​អាច​អនុវត្ត​វា​នៅក្នុង​គ្រួសារ​របស់​អ្នក​ដោយ​របៀប​ណា ?

    • តើ​ការបង្រៀន​មួយ​ណា​ដែល​អ្នក​ចង់​ផ្តោតលើ​គ្រួសារ​របស់​អ្នក​នា​ពេល​អនាគត ? ហេតុអ្វី ?

    • តើ​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​មួយ​ណា​ដែល​អាច​ជួយ​គ្រួសារ​ដែល​ពុះពារ​នឹង​ការខ្វែង​គំនិត ការទាស់ទែង​គ្នា ឬ​ទំនាក់ទំនង​ដ៏​តានតឹង ?

នៅពេល​សិស្ស​ពិភាក្សា​សំណួរ​មុន អ្នក​អាច​បង្ហាញ​ពួកគេ​ទៅ​កាន់​គោលការណ៍​នៃ « សេចក្ដីជំនឿ ការអធិស្ឋាន ការប្រែចិត្ត ការអភ័យទោស ការគោរព សេចក្ដីស្រឡាញ់ [ និង ] សេចក្ដីមេត្ដាករុណា » នៅក្នុង​កថាខណ្ឌ​ដែល​ពួកគេ​បានសិក្សា ។ សូម​ថ្លែង​ទីបន្ទាល់​អំពី​ព្រះរាជបំណង​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុងការ​អភ័យទោស ព្យាបាល និង​កែលម្អ​ទំនាក់ទំនង​បុគ្គល និង​គ្រួសារ ។ ការខិតខំ និង​បំណងប្រាថ្នា​របស់យើង​ក្នុងការ​ប្រែចិត្ត និង​អភ័យទោស​ដល់​អ្នកដទៃ​អាច​អញ្ជើញឥទ្ធិពល​នៃ​ការព្យាបាល​របស់​ទ្រង់​មក​ក្នុង​ជីវិត និង​ទំនាក់ទំនង​របស់​យើង ។

ការបង្កើន​សុភមង្គល

មុនពេល​អញ្ជើញ​សិស្ស​ឲ្យ​អនុវត្ត​ការបង្រៀន​មួយ​របស់​ព្រះអង្គ​សង្គ្រោះ​ទៅក្នុង​គ្រួសារ​របស់​ពួកគេ​ផ្ទាល់ សូម​ជួយ​ពួកគេ​ពិចារណា​អំពី​របៀប​ដែល​ការបង្រៀន​របស់​ទ្រង់​អាច​អនុវត្ត​ក្នុង​ស្ថានភាព​គ្រួសារ​ផ្សេងៗគ្នា ។ សូម​ពិចារណា​សរសេរ​ស្ថានភាព​គ្រួសារ​ផ្សេងៗ​គ្នា​មួយចំនួន​នៅលើ​ក្ដារខៀន ដែល​អាច​ទាក់ទង​នឹង​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ។ ឧទាហរណ៍​អាច​រួម​មាន​ដូច​តទៅ ៖

  1. គ្រួសារ​ទាំងមូល​សកម្ម​នៅក្នុង​សាសនាចក្រ ។

  2. គ្រួសារ​ដែល​មាន​សមាជិក​តែម្នាក់

  3. ឪពុកម្តាយ​ដែល​លែង​លះ​គ្នា ។

  4. គ្រួសារ​ដែល​មាន​ឪពុកម្តាយ​ទោល ។

សូម​ពិចារណា​ឲ្យ​សិស្ស​ចែកចាយ​ចម្លើយ​ចំពោះ​សំណួរ​ខាងក្រោម​នេះ​សម្រាប់​ស្ថានភាព​គ្រួសារ​នីមួយៗ​នៅលើ​ក្ដារខៀន ៖

  • តើ​គោលការណ៍​ជាក់លាក់​មួយ​ណា​ចេញពី កថាខណ្ឌ​ទី ៧ ពី​ការប្រកាស​អំពី​ក្រុមគ្រួសារ ដែល​អ្នក​នឹង​ណែនាំ​ដល់​ក្មេង​វ័យ​ជំទង់​ក្នុង​ស្ថានភាព​នេះ ?

  • តើ​ក្មេង​វ័យ​ជំទង់​ម្នាក់​ក្នុង​ស្ថានភាព​គ្រួសារ​នេះ​អាច​អនុវត្ត​គោលការណ៍​ដែល​អ្នក​បានជ្រើសរើស​ដោយ​របៀបណា ?

បន្ទាប់មក សូម​ដាក់បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ ៖

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

អែលឌើរ ដេវីឌ អេ បែដណា

ទោះ​ជា​មាន​រឿង​អាក្រក់​ធ្លាប់​កើត​ឡើង​នៅ​ក្នុង​គ្រួសារ​របស់​បងប្អូន​ក្ដី ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់ ហើយ​សន្យា​ថា ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ប្រភព​នៃ​ការ​ព្យាបាល ការ​ផ្លាស់​ប្ដូរ​ថ្មី និង​ការ​ស្ដារ​ឡើង​វិញ​ដែល​បងប្អូន​ត្រូវការ ។ …

ដោយ​មាន​ជំនួយ​ពី​ព្រះអម្ចាស់ បងប្អូន​អាច​មាន​គ្រួសារ​អស់​កល្ប​មួយ​បាន ទោះ​ជា​បងប្អូន​ពុំ​បាន​កើត​ចេញ​មក​ពី​គ្រួសារ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ដ៏​ល្អ ដែល​ពេល​ខ្លះ​បាន​បង្ហាញ​ឲ្យ​ឃើញ​នៅ​លើ​គម្រប​នៃ​ទស្សនាវដ្ដី លីអាហូណាEnsign ក្ដី ។ សូម​ចាំ​ជានិច្ច​ថា វា​ចាប់ផ្ដើម​ជាមួយ​នឹង​បងប្អូន ! ( ដេវីឌ អេ បែដណា « ចំណងភ្ជាប់​មួយ » [ ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភព​លោក​សម្រាប់​ពួក​យុវមជ្ឈិមវ័យ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ ] នៅលើ​គេហទំព័រ broadcasts.ChurchofJesusChrist.org )

  • តើ​អ្នក​ចាប់​អារម្មណ៍​អ្វី​ខ្លះ​ចេញពី​សេចក្តីថ្លែងការណ៍​របស់​អែលឌើរ បែដណា ? ហេតុអ្វី ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​ការបង្រៀន​មួយ​របស់​ព្រះយេស៊ូវ​ចេញពី​ការប្រកាស​អំពី​ក្រុមគ្រួសារ ដែល​ពួកគេ​មាន​អារម្មណ៍​ថា បាន​បំផុស​ឲ្យ​អនុវត្ត​ដើម្បី​ពង្រឹង​សុភមង្គល​ក្នុង​គ្រួសារ​របស់​ពួកគេ​ផ្ទាល់ ។ សូម​ផ្តល់​ពេល​ឲ្យ​ពួកគេ​ជញ្ជឹងគិត និង​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ​នូវ​ផែនការ​មួយ​ដើម្បី​ចាប់ផ្តើម បន្ត ឬ​កែលម្អ​ការរស់នៅ​តាម​ការបង្រៀន​នោះ ។ ប្រសិនបើ​ពេលវេលា​អនុញ្ញាត សូម​អញ្ជើញ​សិស្ស​មួយ​ចំនួន​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​ទទួល​អារម្មណ៍​បំផុសគំនិត​ឲ្យ​ធ្វើ ។

សូម​ពិចារណា​ចែកចាយ​សាក្សី​របស់​អ្នក​អំពី​ព្រះចេស្ដា​របស់​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​បង្កើន​សុភមង្គល​នៅក្នុង​ក្រុមគ្រួសារ​នៃ​អស់​អ្នក​ដែល​ខិតខំ​រស់នៅ​តាម​ការបង្រៀន​របស់​ទ្រង់ ។