ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៦១—ការអនុវត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ១០ ៖ អនុវត្ត​តាម​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ


« មេរៀន​ទី ១៦១—ការអនុវត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ១០ ៖ អនុវត្ត​តាម​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » សៀវភៅសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៥ )

« ការអនុវត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ១០ » សៀវភៅសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀនទី ១៦១ ៖ « ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក »

ការអនុវត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ១០

អនុវត្ត​តាម​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ

សិស្ស​ចូលរួម​នៅក្នុង​ថ្នាក់

ចំណេះចំណាន​ខាង​គោលលទ្ធិ​អាច​ជួយ​សិស្ស​ឲ្យ​ស្ថាបនា​គ្រឹះ​សម្រាប់​ជីវិត​របស់​ពួកគេ​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ។ មេរៀន​នេះ​នឹង​ផ្តល់​ឱកាស​ឲ្យ​សិស្ស​ចែកចាយ​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ ដែល​មាន​អត្ថន័យ​នៅក្នុង​ជីវិត​របស់​ពួកគេ ហើយ​ជួយ​ពួកគេ​រៀន និង​អនុវត្ត​តាម​គោលការណ៍​ដ៏​ទេវភាព​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ ចែកចាយ

ដើម្បី​ជួយ​សិស្ស​ពិនិត្យមើល​ត្រួសៗ​នូវ​អ្វី​ដែល​ពួកគេ​បានរៀន​នៅ​ឆ្នាំ​នេះ ហើយ​រៀបចំ​ពួកគេ​ឲ្យ​ចែកចាយ​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ដែល​បាន​ជះឥទ្ធិពល​ដល់​ជីវិត​របស់​ពួកគេ សូម​ពិចារណា​សរសេរ​ឃ្លា​ដែល​មិន​ពេញលេញ​នេះ … ដែល​ខ្ញុំ​ចូលចិត្ត​មួយ នៅលើ​ក្ដារខៀន ។

អ្នក​អាច​បញ្ចប់​ឃ្លា​នេះ​តាម​របៀប​ពីរបី ដូចជា មនុស្ស​នៅក្នុង​ប្រវត្តិសាស្រ្ត​សាសនាចក្រ ដំណើររឿង​ដែល​យើង​បានរៀន​នៅ​ឆ្នាំ​នេះ ឬ អ្វី​ដែល​បានរៀន​ពី​មិត្ត​រួមថ្នាក់ ។ សម្រាប់​របៀប​នីមួយៗ​ដែល​អ្នក​បញ្ចប់​ឃ្លា​នេះ សូម​អនុញ្ញាត​ឲ្យ​សិស្ស​ចែកចាយ​ដោយ​សង្ខេបៗ​ជាមួយ​ដៃគូ​នូវ​ចម្លើយ​របស់​ពួកគេ និង​មូលហេតុ​ដែល​ពួកគេ​ជ្រើសរើស​វា ។

នៅទីបញ្ចប់ បំពេញ​ឃ្លា​នោះ​ជាមួយ វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ សូម​ផ្តល់​ពេលវេលា​ឲ្យ​សិស្ស​ពិនិត្យមើល​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នៅក្នុង ឯកសារគោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ២០២៣ ) ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ជាមួយ​ដៃគូ​អំពី​វគ្គបទគម្ពីរ​ដែល​ពួកគេ​បានជ្រើសរើស និង​អត្ថន័យ​របស់​វគ្គបទគម្ពីរ​នោះ​ចំពោះ​ពួកគេ ។ សូម​ប្រាកដ​ថា ត្រូវ​ទុក​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​សកម្មភាព​រៀន​អនុវត្ត​ដូច​ខាងក្រោម​នេះ ។

រៀន និង​អនុវត្ត​តាម​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ

មុន​នឹង​ណែនាំ​ដំណើររឿង​ខាងក្រោម​នេះ វា​អាច​មាន​អត្ថប្រយោជន៍​ក្នុង​ការអនុញ្ញាត​ឲ្យ​សិស្ស​ពិនិត្យមើល​ដោយ​សង្ខេបៗ​អំពី​គោលការណ៍​នៅក្នុង កថាខណ្ឌ​ទី ៥–១២ នៅក្នុង​ផ្នែក « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៃ ឯកសារគោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ ( សកម្មភាព​ពិនិត្យឡើងវិញ​ដែល​បាន​ផ្ដល់យោបល់​គឺ​មាន​នៅក្នុង « សកម្មភាព​រំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ​ឡើងវិញ » នៅក្នុង​ឧបសម្ព័ន្ធ​នៃ​សៀវភៅ​សិក្សា​នេះ ) ។

ចំណាំ ៖ ប្រធានបទ​ដែល​បានស្នើ​នៅក្នុង​មេរៀន​នេះ​អាច​មាន​ភាពសម្ងាត់ និង​ផ្ទាល់ខ្លួន​សម្រាប់​សិស្ស​ជា​ច្រើន ។ នៅពេល​សិស្ស​ក្នុង​ថ្នាក់​ពិភាក្សា​អំពី​ដំណើររឿង​ដូច​ខាងក្រោម​នេះ សូម​រំឭក​ពួកគេ​អំពី​សេចក្តីស្រឡាញ់​របស់​ព្រះ​ចំពោះ​បុត្រាបុត្រី​ទាំងអស់​របស់​ទ្រង់ និង​បំណង​ប្រាថ្នា​របស់​ទ្រង់​សម្រាប់​យើង​ក្នុង​ការប្រព្រឹត្ត​ចំពោះ​មនុស្ស​ទាំងអស់​ដោយ​ការគោរព និង​សេចក្តីស្រឡាញ់ ។

សូមមើល​ផ្នែក « សាច់រឿង​ផ្សេងទៀត » នៅក្នុង « សកម្មភាព​រៀនសូត្រ​បន្ថែម​ទៀត » ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា វា​ជា​ការប្រសើរ​ជាង​សម្រាប់​សិស្ស​ក្នុង​ការរៀន​អនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ​ទៅនឹង​ស្ថានភាព​ផ្សេង ។

អែលឌើរ ជេហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ពិពណ៌នា​ពី​យុវជន​ម្នាក់​ដែល​បាន​ប្រឈមមុខ​នឹង​ឧបសគ្គ​ដ៏​លំបាក ។ នៅពេល​អ្នក​អាន​អំពី​ស្ថានភាព​របស់​យុវជន​រូប​នេះ សូម​ជញ្ជឹងគិត​ពី​មូលហេតុ​ដែល​ការអនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​ជា​រឿង​សំខាន់​សម្រាប់​គាត់ ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

ខ្ញុំ​បាន​និយាយ​នឹង​យុវជន​ម្នាក់​ដែល​ចូល​ក្នុង​បេសកកម្ម​ដោយ​សក្ដិសម ប៉ុន្តែ​ដោយ​ជម្រើស​ផ្ទាល់​ខ្លួន គាត់​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​មុន​កំណត់​ដោយសារ​តែ​ស្រឡាញ់​ភេទ​ដូចគ្នា និង​ការ​រងទុក្ខ​ខ្លះៗ​ដែល​គាត់​មាន​ចំពោះ​ស្ថានភាព​នោះ ។ គាត់​នៅតែ​មាន​ភាពស័ក្ដិសម ប៉ុន្តែ​គាត់​សង្ស័យ​ចំពោះ​សេចក្ដី​ជំនឿ​របស់​គាត់ បន្ទុក​ខាង​សតិ​អារម្មណ៍​របស់​គាត់​មាន​កាន់តែ​ខ្លាំង​ឡើងៗ ហើយ​ការឈឺចាប់​ខាង​វិញ្ញាណ​របស់​គាត់​មាន​កាន់តែ​ធ្ងន់ធ្ងរ ។ សតិ​អារម្មណ៍​របស់​គាត់​បាន​ប្រែ​ទៅជា​ឈឺចាប់ ច្របូក​ច្របល់ ខឹង ហើយ​អស់​សង្ឃឹម ។ ( ជែហ្វ្រី អ័រ ហូឡិន « Behold Thy Mother » Liahona ខែវិច្ឆិកា ឆ្នាំ២០១៥ ទំព័រ ៤៩ )

អ្នក​អាច​ជួយ​រៀបចំ​សិស្ស​ឲ្យ​ឃើញ​ពី​ភាពទាក់ទង​នៅក្នុង​មេរៀន​នេះ ដោយ​អនុញ្ញាត​ឲ្យ​ពួកគេ​ដំណើរការ​ការយល់ដឹង និង​អារម្មណ៍​របស់​ពួកគេ​ដែល​ទាក់ទង​នឹង​ស្ថានភាព​ដូចគ្នានេះ ។ អ្នក​អាច​នឹង​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​សរសេរ​គំនិត​របស់​ពួកគេ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់ពួកគេ​ដោយ​ការបង្ហាញ​សំណួរ​ដូចជា​ខាងក្រោម​នេះ ៖

  • តើ​សំណួរ ឬ​កង្វល់​អ្វីខ្លះ​អំពី​ផែនការ​របស់​ព្រះវរបិតាសួគ៌ ឬ​អំពី​សាសនាចក្រ ដែល​អ្នក​គិត​ថា យុវជន​រូប​នេះ​អាច​មាន ?

  • តើ​ទំនាក់ទំនង​របស់គាត់​ជាមួយ​ព្រះវរបិតាសួគ៌​អាច​ត្រូវបាន​ជះឥទ្ធិពល​ដោយ​សំណួរ ឬ​កង្វល់​ទាំងនេះ​ដោយ​របៀបណា ?

  • ហេតុអ្វី​បានជា​វា​សំខាន់​សម្រាប់​មនុស្ស​ក្នុង​ស្ថានភាព​ស្រដៀង​គ្នា​ដើម្បី​យល់ និង​អនុវត្ត​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ ? ហេតុអ្វី​បាន​ជា​វា​សំខាន់​សម្រាប់​មិត្តភក្តិ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ក្នុងការ​អនុវត្ត​គោលការណ៍​ទាំង​នោះ​ផង​ដែរ ?

សូម​ចងចាំ​ថា មេរៀន​នេះ​មិន​អាច​ឆ្លើយ​គ្រប់​សំណួរ​ដែល​សិស្ស​អាច​មាន​នោះ​ទេ ។ ព្រះ​មិន​ទាន់​បាន​បើកសម្តែង​រាល់​ចម្លើយ​នៅ​ឡើយ​ទេ ។ មេរៀន​នេះ​មាន​គោលបំណង​ជួយ​សិស្ស​ឲ្យ​ធ្វើ​ជា​សិស្ស​ដ៏​ស្មោះត្រង់​របស់​ព្រះយេស៊ូវគ្រីស្ទ​កាន់តែច្រើន តាមរយៈ​ការអនុវត្ត​តាម​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ នៅពេល​ពួកគេ​ប្រឈមមុខ​នឹង​សំណួរ និង​កង្វល់​ក្នុង​ជីវិត​របស់​ពួកគេ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់​នូវ​អ្វី​ដែល​ពួកគេ​បានរៀន​អំពី​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ដែល​ពួកគេ​មាន​អារម្មណ៍​ថា មាន​អត្ថប្រយោជន៍​បំផុត​សម្រាប់​យុវជន​រូប​នេះ មិត្តភក្តិ ឬ​គ្រួសារ​របស់​គាត់ ។ សូម​ទុក​ពេល​ជាច្រើន​សម្រាប់​ការពិភាក្សា​នេះ ។

អាស្រ័យ​ទៅលើ​ពេលវេលា​ដែល​មាន​បន្ទាប់ពី​ការពិភាក្សា​នេះ អ្នក​អាច​ជ្រើសរើស​ពី​សម្ភារ​មេរៀន​ដែល​នៅ​សេសសល់ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់កាន់​តែ​ច្បាស់​ពី​គោលការណ៍​ទាំងនេះ ។

តើ​យុវជន​រូប​នេះ​បាន​ធ្វើ​អ្វី ?

សូម​ពិចារណា​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្វែងរក​ដៃគូ ហើយ​ផ្តល់​ដៃគូ​នីមួយៗ​នូវ​ច្បាប់ចម្លង​នៃ​រឿង​ដែល​នៅ​សេសសល់​ដែល​អែលឌើរ ហូឡិន បានប្រាប់ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​គូសចំណាំ​អំពី​របៀប​ដែល​យុវជន​រូប​នេះ និង​អ្នក​ដទៃ​ទៀត​បានអនុវត្ត​តាម​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ ។

បន្ទាប់មក សូម​ពិចារណា​បង្ហាញ​សំណួរ​ខាងក្រោម​សម្រាប់​ដៃគូ​ឲ្យ​ពិភាក្សា ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

ប្រធាន​បេសកកម្ម​ប្រធាន​ស្ដេក និង​ប៊ីស្សព​របស់​គាត់ បាន​ចំណាយ​ពេល​រាប់​ម៉ោង​ស្រាវជ្រាវ យំ ហើយ​ប្រសិទ្ធពរ​ដល់​គាត់ ។ … [ ម្ដាយ​របស់​គាត់ ] បាន​ថ្លែង​ទីបន្ទាល់​ទៅ​កូន​របស់​ខ្លួន​អំពី​ព្រះចេស្ដា​របស់​ព្រះ សាសនាចក្រ​របស់​ទ្រង់ ជា​ពិសេស​អំពី​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​កូន​រូប​នេះ ។ ក្នុង​ពេល​ដំណាលគ្នា​នោះ គាត់​បាន​ថ្លែង​ទីបន្ទាល់​អំពី​ក្ដីស្រឡាញ់​មិន​ល្អៀង និង​ជាអមតៈ​ផ្ទាល់ខ្លួន​គាត់​ចំពោះ​កូន​ផងដែរ ។…

ស្ថានភាព​ខាង​ផ្លូវភេទ​របស់ [ យុវជន ] រូប​នេះ ពុំ​មែន​ជា​ការ​ផ្លាស់ប្ដូរ​ដោយ​អព្ភូតហេតុទេ—គ្មាន​នរណា​រំពឹងថា​នឹង​កើត​ឡើង​ទេ ។ ប៉ុន្តែ​បន្ដិចម្ដងៗ ដួងចិត្ត​របស់គាត់​បាន​ផ្លាស់ប្ដូរ ។

គាត់​ចាប់ផ្ដើម​ត្រឡប់​មក​ព្រះវិហារ​វិញ ។ គាត់​បានជ្រើសរើស​ទទួល​ទាន​សាក្រាម៉ង់​ដោយ​ស្ម័គ្រចិត្ត និង​ដោយស័ក្ដិសម ។ គាត់​ទទួល​បាន​ប័ណ្ណ​ចូល​ព្រះវិហារបរិសុទ្ធ​វិញ ហើយ​ទទួល​ការហៅ​ឲ្យ​បម្រើ​ជា​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា​ពេល​ព្រឹក ដែល​គាត់​មាន​ជោគជ័យ​យ៉ាងល្អ ។ ហើយឥឡូវ បន្ទាប់ពី រយៈពេល​ប្រាំ​ឆ្នាំ គាត់​បាន​ចូល​ទៅក្នុង​បេសកកម្ម​វិញ​ដើម្បី​បញ្ចប់​ការបម្រើ​ដល់​ព្រះអម្ចាស់​របស់​គាត់ តាម​សំណើ​ផ្ទាល់ខ្លួន​របស់​គាត់ ដោយ​មាន​ជំនួយ​ខ្លាំង​ពី​សាសនាចក្រ ។ ខ្ញុំ​បាន​ស្រក់​ទឹកភ្នែក​ចំពោះ​ភាពក្លាហាន សេចក្ដី​សុចរិត និង​ការតាំងចិត្ត​របស់​ក្មេង​ប្រុស​រូបនេះ ។ ( ជែហ្វ្រី អ័រ ហូឡិន « Behold Thy Mother » Liahona ខែវិច្ឆិកា ឆ្នាំ២០១៥ ទំព័រ ៤៩ )

  • តើ​ជម្រើស​ដែល​យុវជន​រូប​បានធ្វើ​បង្ហាញ​ពី​ជំនឿ​របស់​គាត់​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ? តើ​អ្នក​គិត​ថា​ជម្រើស​របស់​ទ្រង់​បានជះឥទ្ធិពល​ដល់​ទំនាក់ទំនង​របស់​គាត់​ជាមួយ​ព្រះវរបិតាសួគ៌​ដោយ​របៀប​ណា ?

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា វា​សំខាន់​ដែល​ម្ដាយ​របស់​គាត់​ជ្រើសរើស​ថ្លែង​ទីបន្ទាល់​ដល់​គាត់​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​គាត់ ?

  • តើ​ភស្តុតាង​អ្វីខ្លះ​ដែល​អ្នក​មើលឃើញ​ថា គាត់​បាន​ងាក​ទៅ​រក​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព ? តើ​អ្នក​គិត​ថា ជម្រើស​របស់​គាត់​នៃ​ប្រភព​ទាំងឡាយ​អាច​ជះឥទ្ធិពល​ដល់​សេចក្តីជំនឿ​របស់​គាត់​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា ?

  • ឧបមាថា យុវជន​រូប​នេះ​មិន​អាច​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ ឬ​កង្វល់​មួយ​ចំនួន​របស់​គាត់​បាន​ទេ ។ តើ​អ្នក​ដឹង​អ្វីខ្លះ​អំពី​ព្រះវរបិតាសួគ៌ និង​ផែនការ​របស់​ទ្រង់ ដែល​អាច​មាន​ប្រយោជន៍​សម្រាប់​គាត់​ដើម្បី​ចងចាំ ។

បំពេញ​ចន្លោះ

សម្រាប់​សកម្មភាព​នេះ សូម​ពិចារណា​សរសេរ​នៅលើ​ក្តារខៀន​នូវ​សេចក្តី​ថ្លែងការណ៍​មិន​ពេញលេញ​ចំនួន​បី​ខាងក្រោម ។

សូម​ជ្រើសរើស​សេចក្តីថ្លែងការណ៍​មួយ​ពី​សេចក្តីថ្លែងការណ៍​ខាងក្រោម​ចេញពី ឯកសារគោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ហើយ​ព្យាយាម​បំពេញ​សេចក្តីថ្លែងការណ៍​នេះ​ចេញពី​ការចងចាំ ។ បន្ទាប់មក សូម​ពិនិត្យមើល​ចម្លើយ​របស់​អ្នក​ដោយ​ប្រើ កថាខណ្ឌ​ទី ៥–១២ នៃ​ផ្នែក « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » ។

  1. « ក្នុង​អំឡុង​ពេល​ដែល​យើង​អាច​មិន​ទទួល​បាន​ចម្លើយ​ភ្លាមៗ​ចំពោះ​សំណួរ​របស់​យើង … »

  2. « យើង​ស្វែងរក​ជំនួយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី … »

  3. « ការរៀន​ស្គាល់ និង​ចៀសវាង​ប្រភព​ដែល​មិន​គួរ​ឲ្យ​ទុក​ចិត្ត​អាច … »

សូម​គិត​អំពី​មូលហេតុ​ដែល​គោលការណ៍​នៅក្នុង​សេចក្ដីថ្លែងការណ៍​ដែល​អ្នក​បានជ្រើសរើស​មាន​សារៈសំខាន់​សម្រាប់​យុវជន​រូប​នេះ និង​មិត្តភក្តិ និង​ក្រុមគ្រួសារ​របស់គាត់​ដើម្បី​យល់ដឹង ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ផ្លាស់ទី​ទៅមក​ក្នុង​បន្ទប់ ហើយ​ចែកចាយ​ការយល់ដឹង​ជា​មួយគ្នា​ទៅវិញ​ទៅមក ។ អ្នក​អាច​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​បន្ត​ស្វែងរក​ដៃ​គូ​ថ្មីៗ រហូត​ដល់​ពួកគេ​បានចែកចាយ​គំនិត​របស់​ពួកគេ​យ៉ាងហោច​ណាស់​ជាមួយ​មនុស្ស​ម្នាក់​ដែល​បានជ្រើសរើស​ជម្រើសទី ១ អ្នក​ដែល​ជ្រើសរើស​ជម្រើសទី ២ និង​អ្នក​ដែល​ជ្រើសរើស​ជម្រើសទី ៣ ។

ប្រភព​ដែល​បាន​តែងតាំង​ដ៏ទេវភាព

សូម​ពិចារណា​បង្ហាញសំណួរ​ខាងក្រោម​នេះ ។ បន្ទាប់មក សូម​ផ្តល់​ពេល​គ្រប់គ្រាន់​ដល់​សិស្ស​ដើម្បី​ស្វែងរក​បទគម្ពីរ និង​សេចក្ដីថ្លែងការណ៍ មុននឹង​អញ្ជើញ​ពួកគេ​ឲ្យ​ឆ្លើយ​ឮៗ ។

ប្រសិនបើ​ចាំបាច់ អ្នក​អាច​ផ្តល់​ឲ្យ​សិស្ស​នូវ​ធនធាន​ដែល​បានណែនាំ​នៅក្នុង​ផ្នែក « ធនធាន​បន្ថែម​ទាំងឡាយ » ។

  • តើ​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ពី​គោលលទ្ធិ និង​សេចក្តីសញ្ញា ( ឬ​គម្ពីរ​ផ្សេងទៀត ) ណាមួយ​ដែល​អ្នក​គិតថា​អាច​ជួយ​យុវជន​រូប​នេះ ?

  • តើ​សេចក្ដី​ថ្លែងការណ៍​អ្វីខ្លះ​ពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ​នឹង​មាន​អត្ថប្រយោជន៍​សម្រាប់​គាត់ ឬ​មនុស្ស​ជា​ទីស្រឡាញ់​របស់គាត់​ដើម្បី​សិក្សា ?