ថ្នាក់​សិក្ខាសាលា
មេរៀនទី ២០៤—ព្រះ​យេស៊ូវ​គ្រីស្ទ​គឺជា​ចំណុច​សំខាន់​នៅ​ក្នុង​ការថ្វាយបង្គំ​នៅ​ព្រះវិហារ​បរិសុទ្ធ​ទាំងអស់​របស់​យើង ៖ « ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​មូលហេតុ​ដែល​យើង​សាងសង់​ព្រះវិហារ​បរិសុទ្ធ »


« មេរៀនទី ២០៤—ព្រះ​យេស៊ូវ​គ្រីស្ទ​គឺជា​ចំណុច​សំខាន់​នៅ​ក្នុង​ការថ្វាយបង្គំ​នៅ​ព្រះវិហារ​បរិសុទ្ធ​ទាំងអស់​របស់​យើង ៖ ‹ ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​មូលហេតុ​ដែល​យើង​សាងសង់​ព្រះវិហារ​បរិសុទ្ធ › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៥ )

« ព្រះ​យេស៊ូវ​គ្រីស្ទ​គឺជា​ចំណុច​សំខាន់​នៅ​ក្នុង​ការថ្វាយបង្គំ​នៅ​ព្រះវិហារ​បរិសុទ្ធ​ទាំងអស់​របស់​យើង » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀនទី ២០៤ ៖ ការរៀបចំ​ខ្លួន​ចូល​ព្រះវិហារ​បរិសុទ្ធ

ព្រះ​យេស៊ូវ​គ្រីស្ទ​គឺជា​ចំណុច​សំខាន់​នៅក្នុង​ការថ្វាយបង្គំ​នៅ​ព្រះវិហារ​បរិសុទ្ធ​ទាំងអស់

« ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​មូលហេតុ​ដែល​យើង​សាងសង់​ព្រះវិហារ​បរិសុទ្ធ »

ស្រ្តី​ម្នាក់​កំពុង​មើល​រូបសំណាក​របស់​ព្រះ​អង្គសង្រ្គោះ

នៅ​ទូទាំង​សម័យកាល ព្រះអម្ចាស់​បាន​ត្រាស់​បង្គាប់​រាស្ត្រ​របស់​ទ្រង់​ឲ្យ​សាងសង់​ព្រះវិហារ​បរិសុទ្ធ ។ នៅ​សម័យ​របស់​យើង យើង​បានឃើញ​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​មាន​កំណើន​ឡើង​យ៉ាង​ខ្លាំង ។ ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ចំណុច​សំខាន់​នៃ​អ្វី​ទាំងអស់​ដែល​យើង​ធ្វើ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ទទួល​អារម្មណ៍​ចង់​ថ្វាយបង្គំ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៅក្នុង​ព្រះ​ដំណាក់​របស់​ទ្រង់​កាន់តែ​ខ្លាំង​ឡើង ។

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

ព្រះអង្គសង្រ្គោះ​គឺជា​ចំណុចសំខាន់​នៃ​ការថ្វាយបង្គំ​របស់​យើង

សូម​ពិចារណា​បង្ហាញ​រូបភាព​នៃ​មនុស្ស​ទទួល​ទាន​សាក្រាម៉ង់ យុវវ័យ​ចូលរួម​ក្នុង​ព្រះវិហារ និង​យុវមជ្ឈិមវ័យ​ដែល​កំពុង​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង ។

ការទទួលទាន​សាក្រាម៉ង់
ការចូល​ទៅក្នុង​ព្រះវិហារ​នៅ​ថ្ងៃ​ឈប់​សម្រាក
ពួក​អ្នកផ្សព្វផ្សាយ​សាសនា​កំពុង​បង្រៀន​គ្រួសារ​មួយ
  • តើ​អ្នក​គិត​ថា​ព្រះយេស៊ូវគ្រីស្ទ​គឺជា​ចំណុច​សំខាន់​នៃ​ការទទួលទាន​សាក្រាម៉ង់ ការចូលរួម​ក្នុង​សាសនាចក្រ ឬ​ការបម្រើ​បេសកកម្ម​ពេញ​ម៉ោង​ដោយ​របៀបណា ?

  • តើ​បទពិសោធន៍​របស់​នរណា​ម្នាក់​នឹង​មាន​ឥទ្ធិពល​យ៉ាង​ណា ប្រសិនបើ​ពួកគេ​មិន​ផ្តោតលើ​ព្រះអង្គ​សង្គ្រោះ ពេល​ចូលរួម​ក្នុង​សកម្មភាព​ទាំងនេះ ?

សូម​បង្ហាញ​រូបភាព​ព្រះវិហារ​បរិសុទ្ធ​ដែល​នៅ​ជិត​អ្នក​ទៅ​សិស្ស រួម​ជាមួយ​នឹង​រូបភាព​របស់​ព្រះអង្គ​សង្គ្រោះ​ផងដែរ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត​ដោយ​ស្ងៀមស្ងាត់​លើ​សំណួរ​ខាង​ក្រោម​នេះ ។ ពួកគេ​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការសរសេរ​ចម្លើយ​របស់​ពួកគេ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

សូម​គិត​ពិចារណា​អំពី​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​អ្នក​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ឬ​ការរៀបចំ​ខ្លួន​ទៅ​ព្រះវិហារ​បរិសុទ្ធ ។

  • តើ​ព្រះអង្គ​សង្គ្រោះ​សំខាន់​កម្រិត​ណា​ចំពោះ​ការរៀបចំ​ខ្លួន​របស់​អ្នក​ដើម្បី​ចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង​បទពិសោធន៍​ដែល​អ្នក​មាន​នៅពេល​អ្នក​នៅ​ទីនោះ ?

  • តើ​ការផ្ដោត​លើ​ព្រះអង្គ​សង្គ្រោះ​បន្ថែម​ទៀត​អាច​មាន​ឥទ្ធិពល​លើ​បទពិសោធន៍​នៃ​ព្រះវិហារ​បរិសុទ្ធ​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​យាង​ព្រះវិញ្ញាណ​ដឹកនាំ​ពួកគេ នៅពេល​ពួកគេ​ខិតខំ​ស្វែងយល់​បន្ថែម​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​ជា​ចំណុច​សំខាន់​នៃ​ការថ្វាយបង្គំ​នៅ​ព្រះវិហារ​បរិសុទ្ធ ។

ព្រះអម្ចាស់​បញ្ជា​ប្រជារាស្រ្ត​របស់​ទ្រង់​ឲ្យ​សាងសង់​ព្រះវិហារ​បរិសុទ្ធ

រូបភាព​ខាងក្រោម​នេះ​គឺជា​ការពិពណ៌នា​ពី​ទីបរិសុទ្ធ និង​ព្រះវិហារ​បរិសុទ្ធ​មួយចំនួន​ដែល​ព្រះអម្ចាស់​បានបញ្ជា​ឲ្យ​ប្រជារាស្រ្ត​របស់ទ្រង់​សាងសង់​ពី​បុរាណ ។ សូម​ពិចារណា​បង្ហាញ​ទីកន្លែង និង​ព្រះវិហារបរិសុទ្ធ​ទាំងនោះ ហើយ​សូម​សួរ​សិស្ស​ថា​តើ​ពួកគេ​អាច​ស្គាល់​អគារ​ដែល​បាន​បង្ហាញ​នេះ​ឬ​អត់ ( រោង​ឧបោសថ​ដែល​ម៉ូសេ​បានសាងសង់​នៅ​ទីរហោស្ថាន [ សូមមើល និក្ខមនំ ២៥:៨ ] ព្រះវិហារ​បរិសុទ្ធ​របស់​សាឡូម៉ូន​នៅ​យេរ៉ូសាឡិម [ សូមមើល ពង្សាវតាក្សត្រ ទី១ ៦:១២–១៣ ] ព្រះវិហារ​បរិសុទ្ធ​នីហ្វៃ នៅ​ដែល​នៅ​លើ​ដែនដី​បរិបូរណ៍ [ សូមមើល នីហ្វៃទី៣ ១១:១ ] ) ។

រោង​ឧបោសថ​របស់​ម៉ូសេ
ព្រះវិហារបរិសុទ្ធ​សាឡូម៉ូន
ព្រះវិហារ​បរិសុទ្ធ​សាសន៍​នីហ្វៃ​នៅ​លើ​ដែនដី​បរិបូរណ៍

នៅក្នុង​គោលលទ្ធិ និង​សេចក្តី​សញ្ញា ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​ពួកបរិសុទ្ធ​សាងសង់​ព្រះវិហារ​បរិសុទ្ធ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥៧:៣; ១០៩:២; ១១៥:៧–៨; ១២៤:២៦–២៧ ) ។ បទបញ្ជា​នេះ​ធ្វើ​តាម​គំរូ​ដែល​ព្រះអម្ចាស់​បានបង្កើតឡើង​ពី​បុរាណ ។

គណៈ​ប្រធាន​ទីមួយ​បានប្រកាស ៖

នៅ​ពេល​ណា​ដែល​ព្រះអម្ចាស់​បាន​ដាក់​ប្រជាជន​មួយ​ក្រុម​នៅ​លើ​ផែនដី​ដែល​នឹង​គោរព​ប្រតិបត្តិ​តាម​បន្ទូល​របស់​ទ្រង់ នោះ​ពួកគេ​ត្រូវបាន​បង្គាប់​ឲ្យ​សង់​ព្រះវិហារ​បរិសុទ្ធ ។ ( « First Presidency Statement on Temples » ថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ នៅលើ​គេហទំព័រ ChurchofJesusChrist.org )

សូម​អាន គោលលទ្ធិ និង​សេចក្តីសញ្ញា ១០៩:២, ៥, ១២–១៣ ដោយ​រកមើល​អ្វី ដែល​ព្រះអម្ចាស់​បានបង្រៀន​អំពី​ព្រះវិហារ​បរិសុទ្ធ ។

  • តើ​អ្នក​បាន​រកឃើញ​អ្វីខ្លះ ?

  • តើ​អ្នក​នឹង​រៀបរាប់ ខទី ១៣ តាម​ពាក្យពេចន៍​របស់​អ្នក​ផ្ទាល់​ដោយ​របៀប​ណា ?

    សេចក្តីពិត​មួយ​ដែល​សិស្ស​អាច​រកឃើញ​គឺ​ថា ព្រះវិហារ​បរិសុទ្ធ​គឺជា​ដំណាក់​របស់​ព្រះអម្ចាស់ គឺជា​ទី​បរិសុទ្ធភាព​របស់​ទ្រង់ ។

  • តើ​ពរជ័យ​អ្វីខ្លះ​ដែល​អាច​កើត​មាន​ចំពោះ​យើង​ដោយ​ដឹង​ពី​សេចក្តីពិត​នេះ​សម្រាប់​ខ្លួន​យើង ?

តាម​ដែល​សមរម្យ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ចែកចាយ​បទពិសោធន៍​ដែល​ពួកគេ​មាន ដែល​ពួកគេ​មាន​អារម្មណ៍​ជិតស្និទ្ធ​ជាមួយ​ព្រះអម្ចាស់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ឬ​មាន​អារម្មណ៍​ថា​ព្រះវិហារ​បរិសុទ្ធ​ជា​កន្លែង​បរិសុទ្ធ ។ ការចែកចាយ​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​អ្នក​អាច​ជួយ​សិស្ស​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ​ផងដែរ ។

ព្រះអង្គសង្រ្គោះ​គឺជា​ចំណុច​សំខាន់​នៃ​ព្រះវិហារ​បរិសុទ្ធ

សេចក្តី​ថ្លែងការណ៍​ខាងក្រោម​នេះ​អាច​ជួយ​សិស្ស​យល់​ពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​គឺជា​ចំណុច​សំខាន់​នៃ​ព្រះវិហារ​បរិសុទ្ធ ។ នៅពេល​សិស្ស​អាន​សេចក្ដីថ្លែងការណ៍​នេះ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រកមើល​គោលបំណង​សំខាន់​មួយ​នៃ​ព្រះវិហារ​បរិសុទ្ធ ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន ៖

18:59
ប្រធាន រ័សុល អិម ណិលសុន

ព្រះវិហារ​បរិសុទ្ធ​គឺជា​ផ្នែក​ដ៏​សំខាន់​បំផុត​នៃ​ការពង្រឹង​សេចក្តី​ជំនឿ និង​ភាពរឹងមាំ​ខាង​វិញ្ញាណ​របស់​យើង ពីព្រោះ​ព្រះអង្គ​សង្រ្គោះ និង​គោលលទ្ធិ​របស់​ទ្រង់​គឺជា​ផ្នែក​ដ៏​សំខាន់​បំផុត​នៃ​ព្រះវិហារ​បរិសុទ្ធ ។ អ្វី​គ្រប់​យ៉ាង​ដែល​បាន​បង្រៀន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ តាមរយៈ​ការណែនាំ និង​តាមរយៈ​ព្រះវិញ្ញាណ នឹង​បង្កើន​ការយល់ដឹង​របស់​យើង​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ពិធី​បរិសុទ្ធ​ដ៏​ចាំបាច់​ទាំងឡាយ​របស់​ទ្រង់​ចងភ្ជាប់​យើង​ទៅនឹង​ទ្រង់ តាមរយៈ​សេចក្តី​សញ្ញា​ដ៏​ពិសិដ្ឋ​នៃ​បព្វជិតភាព ។ ( រ័សុល អិម ណិលសុន « ព្រះវិហារ​បរិសុទ្ធ និង​គ្រឹះ​ខាងវិញ្ញាណ​របស់​បងប្អូន » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២១ ទំព័រ ៩៣–៩៤ )

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បានថ្លែង ៖

អែលឌើរ ដេវីឌ អេ បែដណា

អ្វីៗ​គ្រប់​យ៉ាង​ដែល​បាន​រៀន និង​អ្វី​ទាំងអស់​ដែល​បាន​ធ្វើ​ឡើង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​គូស​បញ្ជាក់​ពី​ភាពជា​ព្រះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​តួនាទី​របស់​ទ្រង់​នៅ​ក្នុង​ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា​របស់​ព្រះវរបិតា​សួគ៌ ។ ( ដេវីឌ អេ បែដណា « Let This House Be Built unto My Name » Liahona ខែឧសភា ឆ្នាំ២០២០ ទំព័រ ៨៦ )

  • តើ​អ្នក​មាន​អារម្មណ៍​ថា​អ្វី​ដែល​សំខាន់​អំពី​សេចក្តី​ថ្លែងការណ៍​ទាំងនេះ ?

  • អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​វា​សំខាន់​ដើម្បី​ដឹង​ថា ព្រះវិហារ​បរិសុទ្ធ​ជួយ​យើង​ឲ្យ​យល់ ហើយ​មក​ស្គាល់​ព្រះយេស៊ូវ​គ្រីស្ទ​កាន់តែ​ច្បាស់ ?

ប្រសិនបើ​អាច សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្រាវជ្រាវ រូបថត​ព្រះវិហារ​បរិសុទ្ធ នៅលើ​គេហទំព័រ temples.ChurchofJesusChrist.org និង​ដើម្បី​ពន្យល់​ពី​របៀប​ដែល​រូបថត​មួយ​ចំនួន​រំឭក​យើង​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ ។ អ្នក​ក៏​អាច​ពិភាក្សា​ពី​សារៈសំខាន់​នៃ​ឃ្លា « បរិសុទ្ធ​ភាព​ថ្វាយ​ព្រះអម្ចាស់ » និង​« ដំណាក់​នៃ​ព្រះអម្ចាស់ » ដែល​មាន​នៅលើ​ព្រះវិហារ​បរិសុទ្ធ​នីមួយៗ ។

ការបំផុស​គំនិត​ខាងក្រោម​នេះ​មាន​គោលបំណង​ជួយ​សិស្ស​ពិភាក្សា​ពី​របៀប​ដែល​ពួកគេ​អាច​មើលឃើញ​ព្រះអង្គ​សង្គ្រោះ​ជា​ចំណុច​សំខាន់​នៃ​បទពិសោធន៍​ព្រះវិហារ​បរិសុទ្ធ​របស់​ពួកគេ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​បំពេញ​ការបំផុសគំនិត​ទាំងនេះ​ជាមួយ​គ្នា​ជា​ក្រុម​តូចៗ ។ ក្រុម​នីមួយៗ​អាច​បំពេញ​ការបំផុស​គំនិត​ទាំងនេះ​ជាមួយ​គ្នា​នៅលើ​ក្រដាស​មួយ ។

នៅពេល​អ្នក​បំពេញ​ការបំផុស​គំនិត​ខាងក្រោម​នេះ សូម​គិត​អំពី​របៀប​ដែល​ព្រះវិហារ​បរិសុទ្ធ​រំឭក​អ្នក​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

  1. សម្លៀក​បំពាក់​ពណ៌​ស​ដែល​យើង​ស្លៀក​ក្នុង​ព្រះវិហារ​បរិសុទ្ធ​រំឭក​យើង​អំពី​ព្រះយេស៊ូវគ្រីស្ទ ដោយសារ …

  2. អ្វី​ដែល​យើង​ឃើញ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​រំឭក​យើង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ដោយសារ …

  3. អ្វី​ដែល​យើង​ធ្វើ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​រំឭក​យើង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ដោយសារ …

  4. របៀប​ដែល​ខ្ញុំ​រៀបចំខ្លួន​ទៅ​ព្រះវិហារ​បរិសុទ្ធ រំឭក​ខ្ញុំ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ដោយសារ …

នៅពេល​ក្រុម​បញ្ចប់ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ​ជាមួយ​ក្រុម​ផ្សេង​ទៀត​នៅក្នុង​ថ្នាក់ ។ តាមរយៈ​ការចែកចាយ​អ្វី​ដែល​ពួកគេ​បានរៀន នោះ​ពួកគេ​អាច​ធ្វើ​ឲ្យ​ការយល់ដឹង​របស់​ពួកគេ​កាន់តែ​ស៊ីជម្រៅ និង​ពង្រឹង​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះអង្គ​សង្គ្រោះ ។

បំណងប្រាថ្នា​ចង់​នៅជា​មួយ​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរ​ខាង​ក្រោម​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​ពួកគេ ។ បើ​អាច​ធ្វើ​បាន អ្នក​គួរ​លេងភ្លេង​ដ៏​ស្រទន់ ដែល​អាច​ជួយ​សិស្ស​គិត​អំពី​ព្រះវិហារ​បរិសុទ្ធ ។ តន្ត្រី​អាច​ជួយ​យាង​ព្រះវិញ្ញាណ​នៅក្នុង​ការសិក្សា​ដំណឹងល្អ ។ អ្នក​អាច​លេង​ភ្លេង​ចេញពី​ទំនុកតម្កើង​អំពី​ព្រះវិហារ​បរិសុទ្ធ ឬ​អ្នក​អាច​ចាក់​វីដេអូ​ពី​ក្រុម​ចម្រៀង​យុវនារី​សម្តែង​បទ « In That Holy Place » ដែល​មាន​នៅ​លើ​គេហទំព័រ ChurchofJesusChrist.org ។

4:36
  • តើ​អ្នក​បាន​រកឃើញ ឬ​មាន​អារម្មណ៍​យ៉ាងណា​នៅ​ថ្ងៃ​នេះ​អំពី​ព្រះអង្គ​សង្គ្រោះ​ជា​ចំណុច​សំខាន់​នៃ​ការថ្វាយបង្គំ​នៅ​ព្រះវិហារ​បរិសុទ្ធ​របស់​យើង ?

  • តើ​អ្វី​ដែល​អ្នក​បានរៀន ឬ​ទទួល​អារម្មណ៍​មាន​ឥទ្ធិពល​ដល់​របៀប​ដែល​អ្នក​រៀបចំ​ខ្លួន និង​ថ្វាយបង្គំ​ព្រះអម្ចាស់​នៅក្នុង​ដំណាក់​របស់​ទ្រង់​យ៉ាង​ដូចម្ដេច ?

សូម​ប្រាកដ​ថា​សិស្ស​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ឆ្លើយតប មុនពេល​អញ្ជើញ​សិស្ស​ដែល​ស្ម័គ្រចិត្ត​ឲ្យ​ឡើង​ចែកចាយ​គំនិត​របស់​ពួកគេ ។ អ្នក​ក៏​អាច​ចែកចាយ​របៀប​ដែល​អ្នក​ធ្វើ​ឲ្យ​ព្រះអង្គ​សង្គ្រោះ​ជា​ចំណុច​សំខាន់​នៃ​បទពិសោធន៍​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​អ្នក​ផងដែរ ។