ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២០៦—នៅក្នុងព្រះវិហារបរិសុទ្ធ យើងចុះសេចក្ដីសញ្ញាដើម្បីប្រតិបត្តិតាមក្រឹត្យវិន័យនៃការថ្វាយ ៖ ការរស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ការថ្វាយ អាច​ជួយ​យើង​ប្រែក្លាយ​ដូចជា​ព្រះ


« មេរៀន​ទី ២០៦—នៅក្នុងព្រះវិហារបរិសុទ្ធ យើងចុះសេចក្ដីសញ្ញាដើម្បីប្រតិបត្តិតាមក្រឹត្យវិន័យនៃការថ្វាយ ៖ ការរស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ការថ្វាយ អាច​ជួយ​យើង​ប្រែក្លាយ​ដូចជា​ព្រះ » សៀវភៅសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៥ )

« នៅក្នុងព្រះវិហារបរិសុទ្ធ យើងចុះសេចក្ដីសញ្ញាដើម្បីប្រតិបត្តិតាមក្រឹត្យវិន័យនៃការថ្វាយ » សៀវភៅសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ២០៦ ៖ ការរៀបចំ​ខ្លួន​ទៅ​ព្រះវិហារ​បរិសុទ្ធ

នៅក្នុងព្រះវិហារបរិសុទ្ធ យើងចុះសេចក្ដីសញ្ញាដើម្បីប្រតិបត្តិតាមក្រឹត្យវិន័យនៃការថ្វាយ

ការរស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ការថ្វាយ អាច​ជួយ​យើង​ប្រែក្លាយ​ដូចជា​ព្រះ

យុវវ័យ​ចំណាយពេល​នៅ​ព្រះវិហារបរិសុទ្ធ

ដោយ​ជា​ផ្នែក​នៃ​អំណោយទាន ឬ​អំណោយ​ទាន​ពិសិដ្ឋ ដែល​យើង​អាច​ទទួល​បាន​ពី​ព្រះអម្ចាស់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ទ្រង់ គឺ​យើង​ធ្វើ​សេចក្តីសញ្ញា​ដ៏​ពិសិដ្ឋ ។ សេចក្ដី​សញ្ញា​មួយ​ដែល​យើង​ធ្វើ​ជាមួយ​ព្រះវរបិតាសួគ៌​គឺ​ត្រូវ​គោរពតាម​ក្រឹត្យវិន័យ​នៃ​ការថ្វាយ ។ សមាជិក​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​សន្យា​ថា​នឹង​លះបង់​ពេលវេលា ទេពកោសល្យ និង​ពរជ័យ​ផ្សេងទៀត​ដែល​ពួកគេ​ទទួល​បាន ក្នុង​ការស្ថាបនា​សាសនាចក្រ​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅលើ​ផែនដី ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​យល់​ពី​ក្រឹត្យវិន័យ​ដ៏​ពិសិដ្ឋ​នៃ​ការថ្វាយ ដែល​យើង​ធ្វើ​សេចក្ដីសញ្ញា​គោរពតាម​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​នឹង​ព្រះ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ធ្វើ​តាម​រូបមន្ត

ចំណាំ ៖ មេរៀន​នេះ​ណែនាំ​ឲ្យ​ស្គាល់​ពី​សេចក្ដីសញ្ញា​ដែល​យើង​ធ្វើ​ជា​ផ្នែក​នៃ​ពិធីបរិសុទ្ធ​នៃ​អំណោយទាន​ព្រះវិហារ​បរិសុទ្ធ ហើយ​ផ្តោតលើ​ក្រឹត្យវិន័យ​នៃ​ការថ្វាយ ។ មេរៀន​ក្នុង​វគ្គ​ថ្នាក់​សិក្ខាសាលា​ផ្សេង​ទៀត​និយាយ​អំពី​ក្រឹត្យវិន័យ​ផ្សេង​ទៀត ។

សូម​អញ្ជើញ​សិស្ស​រកមើល​រូបមន្ត​សម្រាប់​អ្វីដែល​ពួកគេ​អាច​នឹង​ចូលចិត្ត​បរិភោគ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ស្វែងរក​រូបភាព​នៃ​លទ្ធផល​ដែល​ភ្ជាប់​មក​ជាមួយ​ពី​ការធ្វើ​តាម​រូបមន្ត​នេះ ។ អ្នក​អាច​សុំ​ឲ្យ​សិស្ស​ស្វែងរក និង​រាយការណ៍​នៅក្នុង​ក្រុម​តូចៗ ។ ប្រសិនបើ​សិស្ស​មិន​អាច​រកមើល​រូបមន្ត និង​រូបភាព​ដែល​ភ្ជាប់​មក​ជាមួយ​ក្នុង​ថ្នាក់​ទេ អ្នក​អាច​ដាក់​បង្ហាញ​រូបភាព​ខាងក្រោម​នេះ ហើយ​សួរ​សិស្ស​ពី​របៀប​ដែល​ការមើលឃើញ​លទ្ធផល​ចុងក្រោយ​អាច​ជំរុញចិត្ត​ពួកគេ​ឲ្យ​ធ្វើ​តាម​រូបមន្ត​នេះ​បាន ។

នំខេក​ដែល​មាន​ដាក់​គ្រឿង​លំអ​ខាងលើ
  • តើ​អ្វីខ្លះ​ដែល​អ្នក​បាន​ធ្វើ​ដោយ​ការប្រើ​រូបមន្ត ?

  • តើ​ការ​មាន​រូបភាព ឬ​វីដេអូ​ព្រម​គ្នា​ជាមួយ​រូបមន្ត​អាច​មាន​អត្ថប្រយោជន៍​យ៉ាង​ដូចម្ដេច?

យើង​ធ្វើ​សេចក្ដីសញ្ញា​ជាមួយ​ព្រះ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ

ដូចជា​រូបភាព ឬ​វីដេអូ​ពេញលេញ​នៃ​រូបមន្ត​មួយ​ដែរ ការដឹង​ពី​លទ្ធផល​ជាទី​គាប់ចិត្ត​នៃ​ការទទួល​អំណោយទាន​ពិសិដ្ឋ​របស់​យើង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​អាច​មាន​ប្រយោជន៍ ។ ដោយ​ជា​ផ្នែក​នៃ​ពិធីបរិសុទ្ធ​នៃ​អំណោយទាន​ពិសិដ្ឋ នោះ​យើង​បាន​ធ្វើ​សេចក្ដីសញ្ញា​ជាមួយ​ព្រះ​ដើម្បី​គោរព​តាម​ក្រឹត្យវិន័យ​ប្រាំ​ផ្សេង​ទៀត ។ ការរស់នៅ​តាម​ក្រឹត្យវិន័យ​ទាំងនេះ​គឺ​ដូចជា​ការធ្វើ​តាម​ជំហាន​សំខាន់ៗ​នីមួយៗ​នៃ​រូបមន្ត​មួយ​ដែរ ។ ក្រឹត្យវិន័យ​ដែល​យើង​ធ្វើ​សេចក្ដីសញ្ញា​ដើម្បី​គោរព​ប្រតិបត្តិ​តាម​ក្នុង​ព្រះវិហារ​បរិសុទ្ធ ជួយ​យើង​ឲ្យ​កាន់តែ​ប្រែក្លាយ​ដូចជា​ព្រះ ហើយ​អាច​រៀបចំ​យើង​ឲ្យ​រស់នៅ​ជាមួយ​ទ្រង់​ក្នុង​នគរ​សេឡេស្ទាល ។

សូម​ពិចារណា​សរសេរ​សំណេរ​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ( ដោយ​ទុក​ពាក្យ​ក្នុង​វង់ក្រចក​ចោល ) ហើយ​សុំ​សិស្ស​ឲ្យ​សរសេរ​ក្រឹត្យវិន័យ​នីមួយៗ​ដែល​យើង​ធ្វើ​សេចក្ដីសញ្ញា​ដើម្បី​រស់នៅ​តាម នៅពេល​ទទួល​អំណោយទាន​ពិសិដ្ឋ​របស់​យើង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ប្រសិនបើ​សិស្ស​ត្រូវការ​ជំនួយ អ្នក​អាច​ណែនាំ​ពួកគេ​ទៅ​កាន់ ២៧.២ « អំណោយទាន​ពិសិដ្ឋ » នៅក្នុង ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

  1. ក្រឹត្យវិន័យ​នៃ ( ការគោរព​ប្រតិបត្តិ )

  2. ក្រឹត្យវិន័យ​នៃ ( ពលិកម្ម )

  3. ក្រឹត្យវិន័យ​នៃ ( ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ )

  4. ក្រឹត្យវិន័យ​នៃ ( ច្បាប់​ព្រហ្មចារីភាព )

  5. ក្រឹត្យវិន័យ​នៃ ( ការថ្វាយ )

    សូម​សរសេរ​សេចក្តីពិត​ដូច​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ៖ ដោយ​ជា​ផ្នែក​មួយ​នៃ​អំណោយទាន​ពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ យើង​ធ្វើ​សេចក្តីសញ្ញា​ជាមួយ​ព្រះ​ដើម្បី​រស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ការថ្វាយ ។

    សិស្ស​ប្រហែល​ជា​បាន​រៀន​អំពី​ក្រឹត្យវិន័យ​នៃ​ការថ្វាយ​នេះ​នៅក្នុង​មេរៀន​មុន ( សូមមើល « មេរៀន​ទី ៥៧ ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤២:២៩–៣៩ ៖ បាន​ថ្វាយ​ដល់​ព្រះអម្ចាស់ » )

    សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​ដឹង​អំពី​ក្រឹត្យវិន័យ​នេះ ។ ការវាយតម្លៃ​ចំណេះដឹង​ពី​មុន​របស់​សិស្ស​អាច​ជួយ​អ្នក​ឲ្យ​ដឹង​ពី​អ្វី​ដែល​ត្រូវ​ជួយ​សិស្ស​ឲ្យ​ផ្តោត​ការយក​ចិត្ត​ទុកដាក់​ក្នុង​មេរៀន​នេះ ។ អ្នក​អាច​សួរ​សំណួរ​ទាំងនេះ​មួយ​ចំនួន​ម្តងទៀត​នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ ដើម្បី​ជួយ​សិស្ស​បង្ហាញ​ពី​អ្វី​ដែល​ពួកគេ​បានរៀន ។

    • តើ​អ្នក​ដឹង​អ្វី​ខ្លះ​អំពី​ក្រឹត្យវិន័យ​នៃ​ការថ្វាយ ?

    • តើ​មាន​សំណួរ​អ្វីខ្លះ​ដែល​អ្នក​នៅ​តែ​មាន​ចម្ងល់​អំពី​ក្រឹត្យវិន័យ​នៃ​ការថ្វាយ ?

សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ស្វែងរក​ជំនួយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​យល់​ពី​ក្រឹត្យវិន័យ​នៃ​ការថ្វាយ និង​របៀប​ដែល​ការរៀបចំ​ដើម្បី​ធ្វើ​សេចក្ដីសញ្ញា​ជាមួយ​ព្រះ​ក្នុង​ព្រះវិហារបរិសុទ្ធ អាច​ផ្ដល់​ពរ​ដល់​ពួកគេ ។

រូបតំណាង​សំណៅចែកផ្តល់​សំណៅចែក​ដូច​ខាងក្រោម​នេះ​ដល់​សិស្ស ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​រកមើល​ថា​តើ​ក្រឹត្យវិន័យ​នៃ​ការថ្វាយ​ជាអ្វី និង​ការរស់នៅ​តាម​ក្រឹត្យវិន័យ​នេះ​ជួយ​យើង​ឲ្យ​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះ​ដោយ​របៀបណា ។ សម្រាប់​ព័ត៌មាន​បន្ថែម សិស្ស​អាច​រកមើល Topics and Questions « Consecration » ។

ក្រឹត្យវិន័យ​នៃ​ការថ្វាយ​របស់​ព្រះអម្ចាស់

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុមនៃ​ពួកសាវក​ដប់ពីរនាក់​បានពន្យល់ ៖

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

ក្រឹត្យវិន័យ​នៃ​ការថ្វាយ​របស់​ព្រះអម្ចាស់ ( សូមមើល ឧទាហរណ៍ គ&ស ៤២:៣២, ៥៣ ) … មាន​តួនាទី​ផ្នែក​សេដ្ឋកិច្ច ប៉ុន្តែ​លើស​ពី​នោះ​ទៅ​ទៀត គឺជា​ការអនុវត្ត​ក្រឹត្យវិន័យ​នៃ​សេឡេស្ទាល​សម្រាប់​ជីវិត​នៅ​ទីនេះ និង​ឥឡូវ​នេះ ( សូមមើល គ&ស ១០៥:៥ ) ។ ការថ្វាយ​គឺជា​ការញែក ឬ​ឧទ្ទិស​អ្វីមួយ​ជា​ពិសិដ្ឋ លះបង់​ដើម្បី​គោលបំណង​បរិសុទ្ធ ។ ជោគជ័យ​ពិតប្រាកដ​ក្នុង​ជីវិត​នេះ​កើតមាន​ឡើង​ពេល​ថ្វាយ​ជីវិត​របស់​យើង—ពោលគឺ​ពេលវេលា និង​ជម្រើស​របស់​យើង—ទៅកាន់​ព្រះរាជបំណង​របស់​ព្រះ ( សូមមើល យ៉ូហាន ១៧:១, ៤; គ&ស ១៩:១៩ ) ។ ពេល​យើង​ធ្វើ​បែបនេះ យើង​អនុញ្ញាត​ឲ្យ​ទ្រង់​លើក​យើង​ឡើង​ទៅកាន់​ជោគវាសនា​ដ៏ខ្ពស់​បំផុត​របស់​យើង ។ ( ឌី ថត គ្រីស្តូហ្វឺសិន « Reflections on a Consecrated Life » Liahona ខែវិច្ឆិកា ឆ្នាំ២០១០ ទំព័រ ១៦ )

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ

ការពលិកម្ម និង​ការ​ថ្វាយ គឺជា​ក្រឹត្យវិន័យ​សួគ៌​ចំនួនពីរ ​ដែល​យើង​ចុះ​សេចក្តីសញ្ញា​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធថា គោរពតាម ។ ក្រឹត្យវិន័យ​ទាំងពីរ​ស្រដៀងគ្នា ប៉ុន្តែ​មិនដូចគ្នា​ទាំងស្រុង​ទេ ។ …

យ៉ាង​ហោច​ណាស់​ក៏មាន​ចំណុច​សំខាន់មួយ​ដែរ ដែល ការថ្វាយ ខុសពី​ពលិកម្ម ។ នៅពេល​យើង​ថ្វាយ​អ្វី​មួយ យើង​មិន​ទុក​វា​ចោល​នៅ​លើ​ទីអាសនា​ឡើយ ។ ប៉ុន្តែ​យើង​ទុក​វា​សម្រាប់​ប្រើ​នៅក្នុង​ការបម្រើ​របស់​ព្រះអម្ចាស់ ។ យើង​ឧទ្ទិស​ថ្វាយ​របស់​នោះ​ចំពោះ​ទ្រង់ និង​គោលបំណង​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ។ … យើង​ទទួល​ប្រាក់​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​យើង ហើយ​ខិតខំ​រកប្រាក់​ចំណេញ​ឲ្យបាន​ច្រើន ដើម្បី​អាច​ជួយ​នៅក្នុង​ការ​ស្ថាបនា​នគរ​របស់​ព្រះអម្ចាស់​កាន់តែ​ច្រើន ។

យើង​ទាំងអស់គ្នា​ភាគតិច​ណាស់ ដែលនឹងត្រូវ​សុំ​ឲ្យ ពលិកម្ម ជីវិត​របស់​យើង​ដើម្បី​ព្រះអង្គសង្គ្រោះ ។ ប៉ុន្តែ​យើង​ទាំងអស់​គ្នា​ត្រូវ​បាន​អញ្ជើញ​ឲ្យ ថ្វាយ ជីវិត​រស់នៅ​របស់​យើង​ចំពោះ​ទ្រង់ ។ ( ឌៀថើរ អេហ្វ អុជដូហ្វ « ដោយ​ស្មោះអស់​ពីចិត្ត​របស់​យើង » Liahona ខែឧសភា ឆ្នាំ២០២២ ទំព័រ ១២៤ )

តើ​ក្រឹត្យវិន័យ​នៃ​ការថ្វាយ​គឺជា​អ្វី ? តើ​វាប៉ះពាល់​យ៉ាង​ណា​ខ្លះដល់​ខ្ញុំ ?

សព្វថ្ងៃ​នេះ យើង​រស់នៅ​តាម​ក្រឹត្យវិន័យ​នេះ​តាម​របៀប​ផ្សេងៗ ។ ឧទាហរណ៍ យើង​បម្រើ​អ្នក​ដទៃ ទទួល​យក​ការហៅ និង​ការចាត់តាំង​នៅក្នុង​សាសនាចក្រ ហើយ​ព្យាយាម​ធ្វើ​កិច្ចការ​ទាំងនោះ​អស់​ពី​សមត្ថភាព​របស់​យើង ហើយ​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ពេញលេញ និង​ដង្វាយ​តមអាហារ​ដោយ​សប្បុរស ។ នៅពេល​យើង​ធ្វើ​អ្វី​ដែល​ព្យាការី និង​ព្រះវិញ្ញាណ​បរិសុទ្ធ​ដឹកនាំ​យើង​ឲ្យ​ធ្វើ​ដើម្បី​ស្ថាបនា​នគរ​របស់​ព្រះ និង​ជួយ​ដល់​អ្នក​ខ្វះខាត នោះ​យើង​កំពុង​រស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ការថ្វាយ​ហើយ ។ ( « What is the law of consecration? How does it affect me? » ដើម្បី​កម្លាំង​នៃ​យុវជន ខែមេសា ឆ្នាំ២០២១ ទំព័រ ៣១ )

  • ផ្អែកលើ​ការយល់ដឹង​របស់​អ្នក​អំពី​ក្រឹត្យវិន័យ​នៃ​ការថ្វាយ តើ​វា​ជា​ពរជ័យ​មកពី​ព្រះ​ដោយ​របៀប​ណា ?

  • តើ​អ្នក​គិត​ថា​ការរស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ការថ្វាយ​អាច​ជួយ​យើង​ឲ្យ​ប្រែក្លាយ​ដូចជា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀប​ណា ?

អត្ថន័យ​នៃ​ការរស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ការថ្វាយ

ដើម្បី​ជួយ​សិស្ស​ឲ្យ​បង្ហាញ​ពី​អ្វី​ដែល​ពួកគេ​កំពុងរៀន នោះ​អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​សកម្មភាព​ដូច​ខាងក្រោម​នេះ​រៀងៗខ្លួន ជាមួយ​ដៃគូ ឬ​ជា​ក្រុមតូចៗ ។ ប្រសិនបើ​សិស្ស​ជ្រើសរើស​ការផ្ដល់​យោបល់​មួយ​ក្នុង​ចំណោម​ការផ្ដល់​យោបល់​ពីរ​ដំបូង សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​បញ្ចូល​រូបភាព ឬ​គំនូរ​ទាំងឡយ ។

ប្រសិនបើ​សិស្ស​ត្រូវការ​ជំនួយ​ស្វែងរក​គំរូ​ពី​ក្នុង​ព្រះគម្ពីរ​សម្រាប់​ជម្រើស​ទីមួយ នោះ​អ្នក​អាច​ណែនាំ​បាន​នូវ ម៉ាថាយ ៤:២៣; ២៦:៣៦–៤៤; លូកា ៨:១–៣; ១០:៣០–៣៧; កិច្ចការ ៣:២–៨; ៤:៣២ ។

សូម​ប្រើ​ជម្រើស​មួយ​ក្នុង​ចំណោម​ជម្រើស​ខាងក្រោម​នេះ​ដើម្បី​បង្កើត​អ្វីមួយ​ដែល​អាច​ជួយ​អ្នក​ពន្យល់​ព័ត៌មាន​លម្អិត​សំខាន់ៗ​អំពី​ក្រឹត្យវិន័យ​នៃ​ការថ្វាយ ។ អ្វី​ដែល​អ្នក​បង្កើត​ក៏​អាច​ទុក​ជា​ការរំឭក​ផងដែរ ពេល​អ្នក​រៀបចំ​ខ្លួន​អ្នក​ដើម្បី​ទទួល​អំណោយទាន​ពិសិដ្ឋ​របស់​អ្នក​ពី​ព្រះអម្ចាស់ ។

  1. សូម​សរសេរ​ប្រយោគ​ពីរ ឬ​បី​ដែល​ពន្យល់​អំពី​ក្រឹត្យវិន័យ​នៃ​ការថ្វាយ​ដល់​ក្មេង​វ័យជំទង់​ម្នាក់ ។ សូម​ដាក់​បញ្ចូល​ឧទាហរណ៍​មួយ​ចំនួន​ពី​ព្រះគម្ពីរ ដែល​ព្រះយេស៊ូវ​គ្រីស្ទ ឬ​ពួក​សិស្ស​របស់​ទ្រង់​បានបង្ហាញ​ពី​ការរស់នៅ​តាម​ក្រឹត្យវិន័យ​នេះ ដោយ​ចែកចាយ​ពេលវេលា ទេពកោសល្យ ឬ​ពរជ័យ​ផ្សេងៗ​ទៀត​ជាមួយ​អ្នក​ដទៃ ។

  2. សូម​សរសេរ​អត្ថបទ​ខ្លី​មួយ​សម្រាប់​ទស្សនាវដ្តី ដើម្បី​កម្លាំង​នៃ​យុវជន ។ អ្នក​អាច​ជ្រើសរើស​ផ្តោតលើ​សារ​របស់​អ្នក​អំពី​ការជួយ​ក្មេង​វ័យ​ជំទង់​ដែល​កំពុង​រៀបចំខ្លួន​ទទួល​អំណោយទាន​ពិសិដ្ឋ​ពី​ព្រះអម្ចាស់ ។

  3. រៀបចំ​ការដើរ​តួ ឬ​ការសម្តែង​ខ្លី​មួយ​ដើម្បី​បង្ហាញ​ពី​របៀប​រស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ការថ្វាយ ។ ព្យាយាម​បញ្ចូល​ឧទាហរណ៍​ដែល​ទាក់ទង​នឹង​ក្មេង​វ័យជំទង់​ដែល​ជ្រើសរើស​រស់នៅ​តាម​ក្រឹត្យវិន័យ​នេះ ។

    ផ្តល់​ឱកាស​ឲ្យ​សិស្ស​បង្ហាញពី​ការយល់ដឹង​របស់​ពួកគេ​អំពី​ក្រឹត្យវិន័យ​នៃ​ការថ្វាយ​ដោយ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀបចំ ។ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​រាយការណ៍​ទៅ​សិស្ស​ក្នុង​ថ្នាក់ ឬ​ពួកគេ​អាច​ចែកចាយ​ជាមួយ​គ្នា​ជា​ក្រុម​តូចៗ ។

    សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ពី​របៀប​ដែល​ការចាប់ផ្តើម​រស់នៅ​តាម​គោលការណ៍​នៃ​ក្រឹត្យវិន័យ​នៃ​ការថ្វាយ អាច​ជា​ពរជ័យ​សម្រាប់​ពួកគេ និង​អ្នក​ដទៃ​ទៀត​នាពេល​ឥឡូវនេះ ។ អ្នក​អាច​អញ្ជើញ​ឲ្យ​មាន​ការពិភាក្សា​ក្នុង​ថ្នាក់​ដោយ​ដាក់បង្ហាញ​សំណួរ​ដូច​ខាងក្រោម​នេះ ហើយ​សុំ​សិស្ស​ឲ្យ​ឆ្លើយតប​នឹង​សំណួរ​មួយ​ក្នុងចំណោម​សំណួរ​ទាំងនេះ ។ អ្នក​ក៏​អាច​បន្ថែម​ទីបន្ទាល់​របស់​អ្នក​ទៅនឹង​អ្វី​ដែល​សិស្ស​ចែកចាយ​ផងដែរ ។

    • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​នៅ​ថ្ងៃ​នេះ ដែល​អាច​ជួយ​អ្នក​ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​ចូល​ព្រះវិហារ​បរិសុទ្ធ ហើយ​ទទួល​អំណោយទាន​ពិសិដ្ឋ​របស់​អ្នក​ពី​ព្រះអម្ចាស់ ?

    • តើ​អ្នក​គិត​ថា ការរស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ការថ្វាយ​អាច​ជះឥទ្ធិពល​ដល់​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​នឹង​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀប​ណា ?