« មេរៀនទី ២០៧—កិច្ចការពង្សប្រវត្តិ និងការបម្រើក្នុងព្រះវិហារបរិសុទ្ធ ៖ យើងអាចធ្វើពិធីបរិសុទ្ធទាំងឡាយសម្រាប់បុព្វការីជនដែលបានស្លាប់របស់យើងនៅក្នុងដំណាក់របស់ព្រះអម្ចាស់ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៥ )
« កិច្ចការពង្សប្រវត្តិ និងការបម្រើក្នុងព្រះវិហារបរិសុទ្ធ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ២០៧ ៖ ការរៀបចំខ្លួនទៅព្រះវិហារបរិសុទ្ធ
កិច្ចការពង្សប្រវត្តិ និងការបម្រើក្នុងព្រះវិហារបរិសុទ្ធ
យើងអាចធ្វើពិធីបរិសុទ្ធទាំងឡាយសម្រាប់បុព្វការីជនដែលបានស្លាប់របស់យើងនៅក្នុងដំណាក់របស់ព្រះអម្ចាស់
នៅក្នុងផែនការដ៏មេត្តាករុណារបស់ព្រះវរបិតាសួគ៌ អស់អ្នកដែលបានស្លាប់ដោយមិនបានទទួលពិធីបរិសុទ្ធនៃការសង្គ្រោះនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទនឹងមិនវង្វេងជារៀងរហូតឡើយ ។ យើងអាចផ្តល់ជំនួយដល់បុព្វការីជនរបស់យើងដែលបានស្លាប់ទៅតាមតម្រូវការ ដោយការធ្វើពង្សប្រវត្តិ និងការបម្រើក្នុងព្រះវិហារបរិសុទ្ធ ។ មេរៀននេះអាចជួយសិស្សឲ្យស្វែងរកឈ្មោះបុព្វការីជនដែលបានស្លាប់របស់ពួកគេ ហើយរៀបចំខ្លួនដើម្បីធ្វើពិធីបរិសុទ្ធទាំងឡាយសម្រាប់ពួកលោកនៅក្នុងព្រះវិហារបរិសុទ្ធ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ពរជ័យនៃកិច្ចការពង្សប្រវត្តិ និងការបម្រើក្នុងព្រះវិហារបរិសុទ្ធ
ពែរី-អាល់បាន មានអាយុ ១៧ ឆ្នាំរស់នៅប្រទេសបារាំងបានចែកចាយទីបន្ទាល់ដូចខាងក្រោមនេះអំពីបទពិសោធន៍របស់គាត់ទៅព្រះវិហារបរិសុទ្ធ ៖
លើកដំបូងដែលខ្ញុំបានទៅព្រះវិហារបរិសុទ្ធ ប៊ីន ស្វីស ខ្ញុំបានទៅជាមួយគ្រួសារ និងមិត្តភក្តិរបស់ខ្ញុំ ។ បទពិសោធន៍នេះបាននាំមកនូវអំណរដ៏មហិមាដល់ខ្ញុំ ។ យើងទាំងអស់គ្នាទទួលអារម្មណ៍ពីព្រះវិញ្ញាណ ។ ខ្ញុំបានដឹងថាអ្វីដែលខ្ញុំកំពុងធ្វើគឺល្អ ហើយថាព្រះមានមោទនភាពចំពោះការងាររបស់យើង ។ ខ្ញុំដឹងថា ព្រះវិហារបរិសុទ្ធនាំមកនូវពរជ័យជាច្រើនដល់យើង ។ នៅពេលយើងឆ្លៀតពេលធ្វើកិច្ចការព្រះវិហារបរិសុទ្ធសម្រាប់បុព្វការីជនរបស់យើង នោះព្រះវរបិតាសួគ៌ប្រទានពរដល់យើង ។ ទ្រង់នឹងមានព្រះទ័យរីករាយជាមួយនឹងអ្វីដែលយើងបានធ្វើសម្រាប់បុត្រាបុត្រីរបស់ទ្រង់នៅក្នុងដំណាក់របស់ទ្រង់ ។ ( ពែរី-អាល់បាន ស៊ី For the Strength of Youth ខែមេសា ឆ្នាំ២០២២ ខាងក្នុងក្របមុខ )
-
តើពរជ័យអ្វីខ្លះដែលអ្នកដឹងថាមានតាមរយៈកិច្ចការពង្សប្រវត្តិ និងការបម្រើក្នុងព្រះវិហារបរិសុទ្ធ ?
-
តើអ្នកអាចចាប់ផ្តើមជួយនរណាម្នាក់ដែលចង់ចូលរួមក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ប៉ុន្តែមិនដឹងថាត្រូវចាប់ផ្តើមដោយរបៀបណា យ៉ាងដូចម្តេច ?
ការធ្វើពិធីបរិសុទ្ធសម្រាប់អស់អ្នកដែលបានស្លាប់
សូមពិចារណាចែកចាយបទពិសោធន៍មួយចំនួនពីប្រវត្តិសាសនាចក្រនៃបុគ្គលដែលបានរៀនអំពីពិធីបុណ្យជ្រមុជទឹកសម្រាប់មនុស្សស្លាប់ នៅពេលពិធីនេះត្រូវបានបង្រៀនដំបូងនៅក្នុងគ្រាកាន់កាប់ត្រួតត្រានេះ ។ អ្នកអាចអញ្ជើញសិស្សឲ្យអានសេចក្ដីដកស្រង់មកពី ពួកបរិសុទ្ធ ភាគ ១ បទដ្ឋាននៃសេចក្តីពិត និងពិភាក្សាពីអ្វីដែលពួកគេរៀនជាមួយដៃគូ ។
ពួកបរិសុទ្ធបានជួបជុំគ្នានៅទីក្រុងណៅវូ សម្រាប់សន្និសីទទូទៅខែតុលា ឆ្នាំ១៨៤០ ។ យ៉ូសែបបានបង្រៀនពួកគេបន្ថែមទៀតអំពីបុណ្យជ្រមុជទឹកជំនួសពួកអ្នកស្លាប់ ដោយពន្យល់ថា វិញ្ញាណនៃមនុស្សស្លាប់កំពុងរង់ចាំសាច់ញាតិដែលនៅរស់របស់ពួកគេ ដើម្បីទទួលពិធីបរិសុទ្ធនៃការសង្គ្រោះជំនួសពួកគេ ។
នៅចន្លោះវគ្គសន្និសីទនោះ ពួកបរិសុទ្ធបានប្រញាប់ប្រញាល់ទៅកាន់ទន្លេមីស៊ីស៊ីពី ជាកន្លែងដែលពួកអែលឌើរជាច្រើននាក់បានឈរនៅក្នុងទឹកជម្រៅត្រឹមចង្កេះ ដោយហៅពួកគេឲ្យទទួលបុណ្យជ្រមុជទឹកសម្រាប់ជីដូនជីតា ឪពុក ម្តាយ បងប្អូនបង្កើត និងកូនៗដែលបានស្លាប់បាត់បង់ជីវិត ។ មិនយូរប៉ុន្មាន ហៃរ៉ុម បានទទួលបុណ្យជ្រមុជទឹកឲ្យ អាលវិន ជាបងប្រុសរបស់គាត់ ។
នៅពេល វិឡាត ឃឹមបឹល មើលពួកអែលឌើរនៅក្នុងទន្លេ នាងចង់ទទួលបុណ្យជ្រមុជទឹកសម្រាប់ម្តាយរបស់នាង ដែលបានស្លាប់ជាងមួយទសវត្សរ៍មុនដែរ ។ នាងបានប្រាថ្នាចង់ឲ្យ ហេប៊ើរ ត្រឡប់មកពីប្រទេសអង់គ្លេសវិញ ដើម្បីធ្វើពិធីបរិសុទ្ធនេះ ប៉ុន្តែដោយសារយ៉ូសែបបានជំរុញចិត្តពួកបរិសុទ្ធឲ្យប្រោសលោះអ្នកស្លាប់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន នោះនាងបានសម្រេចចិត្តធ្វើបុណ្យជ្រមុជទឹកឲ្យម្តាយនាងភ្លាមៗ ។
គំនិតរបស់ អិមម៉ា ស្ម៊ីធ ក៏គិតដល់គ្រួសារដែរ ។ ឪពុករបស់នាងលោក អ៊ីសាក ហេល បានទទួលមរណភាពនៅខែមករា ឆ្នាំ១៨៣៩ ។ …
… អិមម៉ាស្រឡាញ់ឪពុករបស់នាង ហើយបានធ្វើពិធីបុណ្យជ្រមុជទឹកជំនួសគាត់នៅទន្លេនេះ ។ គាត់មិនបានទទួលយកដំណឹងល្អដែលបានស្ដារឡើងវិញក្នុងជីវិតនេះទេ ប៉ុន្តែនាងសង្ឃឹមថា វានឹងមិនបែបនោះជារៀងរហូតទេ ។ ( ពួកបរិសុទ្ធ ១:៤២៣–៤២៤ )
-
តើអ្នកបានរកឃើញនូវអត្ថន័យអ្វីខ្លះពីបទពិសោធន៍ទាំងនេះ ?
ក្រៅពីអ្វីដែលបានរៀបរាប់ អ្នកអាចចង្អុលបង្ហាញថា ពិធីបុណ្យជ្រមុជទឹកទាំងនេះត្រូវបានធ្វើឡើងនៅក្នុងទន្លេមីស៊ីស៊ីពី មិនមែននៅក្នុងព្រះវិហារបរិសុទ្ធទេ ។ នៅពេលនោះ មិនមានព្រះវិហារបរិសុទ្ធ ឬអាងជ្រមុជទឹកក្នុងព្រះវិហារបរិសុទ្ធនៅទីក្រុងណៅវូទេ ។ សិស្សក៏អាចសម្គាល់ឃើញដែរថា អិមម៉ា ស្ម៊ីធ បានជ្រមុជទឹកជំនួសឪពុករបស់នាង ។ អ្នកអាចពន្យល់ថា ក្រោយមក ព្រះអម្ចាស់បានបើកសម្ដែងគំរូនៃស្ត្រីធ្វើពិធីបរិសុទ្ធសម្រាប់ស្ត្រី និងបុរសសម្រាប់បុរស ( សូមមើល ពួកបរិសុទ្ធ ១:៥៧៨–៥៧៩ ) ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១២៤:២៩–៣៦ ដោយរកមើលអ្វីដែលព្រះអម្ចាស់បានបើកសម្ដែងដល់ យ៉ូសែប ស្ម៊ីធ អំពីពិធីបុណ្យជ្រមុជទឹកដែលពួកបរិសុទ្ធនៅទីក្រុងណៅវូ កំពុងធ្វើជំនួសមនុស្សស្លាប់ ។
-
តើព្រះអម្ចាស់បានបើកសម្តែងអ្វីខ្លះ ?
-
តើខគម្ពីរទាំងនេះក៏អាចបង្រៀនយើងអ្វីខ្លះអំពីការប្រែចិត្ត ?
សិស្សប្រហែលជានឹងរកឃើញសេចក្តីពិតផ្សេងៗអំពីព្រះអម្ចាស់ ដែលបង្ហាញពីសារៈសំខាន់ដែលទ្រង់ដាក់លើព្រះវិហារបរិសុទ្ធរបស់ទ្រង់ ។ គំរូមួយគឺថា ព្រះអម្ចាស់បានទទួលយកពិធីបរិសុទ្ធទាំងឡាយដែលធ្វើឡើងសម្រាប់បុព្វការីជនដែលបានស្លាប់របស់យើងនៅក្នុងព្រះដំណាក់ដ៏បរិសុទ្ធរបស់ទ្រង់ ។
សិស្សក៏អាចលើកឡើងពីសេចក្ដីពិតអំពីបុគ្គលិកលក្ខណៈរបស់ព្រះអម្ចាស់ផងដែរ ។ ពួកគេអាចរកឃើញថា ព្រះយេស៊ូវគ្រីស្ទមានភាពអត់ធ្មត់ និងយុត្តិធម៌ ដោយសារទ្រង់បានសន្យាដល់ពួកបរិសុទ្ធនូវ « ពេលវេលាគ្រប់គ្រាន់ » ( ខទី ៣១, ៣៣ ) ដើម្បីសាងសង់ព្រះវិហារបរិសុទ្ធ ។ ខណៈពេលដែលមេរៀនដែលនៅសេសសល់នេះគឺផ្តោតលើការធ្វើពិធីបរិសុទ្ធទាំងឡាយនៅក្នុងព្រះវិហារបរិសុទ្ធជាពិសេសសម្រាប់បុព្វការីជនរបស់យើង ប្រសិនបើសិស្សចង់បាន សូមកុំស្ទាក់ស្ទើរដើម្បីចំណាយពេលពិភាក្សាពីគុណលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ ។
-
តើយើងអាចរៀនអ្វីមកពីការប្រើប្រាស់ពាក្យ « បុណ្យជ្រមុជទឹកជំនួសពួកអ្នកស្លាប់ របស់អ្នក » របស់ព្រះអម្ចាស់ ? ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១២៤:៣២–៣៣; ១២៧:៥ ) ។
អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍អំពីបុព្វការីជនរបស់យើង ៖
នៅក្នុងការណែនាំដំបូង ដែលព្រះអម្ចាស់បានលើកឡើងពី « បុណ្យជ្រមុជទឹកជំនួសមនុស្សស្លាប់ របស់អ្នក » [ គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៧:៥; បានគូសបញ្ជាក់បន្ថែម ] ។ ជាកាតព្វកិច្ចខាងគោលលទ្ធិរបស់យើង គឺមានចំពោះជីដូនជីតារបស់យើងផ្ទាល់ ។ ការណ៍នេះដោយសារតែអង្គការសេឡេស្ទាលនៃស្ថានសួគ៌ គឺផ្អែកលើក្រុមគ្រួសារ ។ ( ឃ្វីនថិន អិល ឃុក « Roots and Branches » Liahona ខែឧសភា ឆ្នាំ២០១៤ ទំព័រ ៤៥ )
-
តើការរៀនសូត្រអំពីបុព្វការីជនរបស់អ្នកមានឥទ្ធិពលមកលើអ្នកដោយរបៀបណា ? តើវាអាចមានឥទ្ធិពលលើអ្នកយ៉ាងដូចម្តេច ?
-
តើអ្នកគិតថាការធ្វើពិធីបរិសុទ្ធនៅព្រះវិហារបរិសុទ្ធសម្រាប់បុព្វការីជនរបស់អ្នកដែលបានស្លាប់ទៅ អាចមានឥទ្ធិពលដល់ទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះវរបិតាសួគ៌របស់អ្នកយ៉ាងដូចម្ដេច ?
ផ្នែកដែលអ្នកអាចធ្វើនៅក្នុងកិច្ចការនៃសេចក្ដីសង្គ្រោះរបស់ព្រះអម្ចាស់
អ្នកអាចអញ្ជើញសិស្សឲ្យគិតអំពីបទពិសោធន៍របស់ពួកគេជាមួយនឹងកិច្ចការពង្សប្រវត្តិ និងព្រះវិហារបរិសុទ្ធ ដោយការគិតពិចារណាអំពីរបៀបដែលសេចក្តីថ្លែងការណ៍ខាងក្រោមនេះអនុវត្តចំពោះពួកគេបានល្អយ៉ាងណា ។
តាមរង្វាស់ ១ ដល់ ៥ ( ១ = មិនពិត និង ៥ = ពិតខ្លាំង ) សូមដាក់ពិន្ទុថាតើសេចក្តីថ្លែងការណ៍ទាំងនេះពិពណ៌នាពីអ្នកបានល្អប៉ុនណា ។
ខ្ញុំដឹងពីរបៀបរកឈ្មោះបុព្វការីជនរបស់ខ្ញុំ ។
ខ្ញុំដឹងពីរបៀបបញ្ជូនឈ្មោះបុព្វការីជនរបស់ខ្ញុំទៅព្រះវិហារបរិសុទ្ធ ។
ខ្ញុំចង់ស្វែងរកឈ្មោះបុព្វការីជនរបស់ខ្ញុំ ហើយធ្វើពិធីបរិសុទ្ធសម្រាប់ពួកគាត់នៅក្នុងព្រះវិហារបរិសុទ្ធ ។
ខ្ញុំយល់ពីសារៈសំខាន់នៃការធ្វើកិច្ចការសម្រាប់សាច់ញាតិដែលបានស្លាប់របស់ខ្ញុំ ។
សូមលើកទឹកចិត្តសិស្សឲ្យចែកចាយការយល់ដឹង និងបទពិសោធន៍របស់ពួកគេជាមួយនឹងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។ សូមសួរពួកគេអំពីអ្វីដែលពួកគេចង់រៀន និងអ្វីដែលពួកគេត្រូវការជំនួយ ។ សូមអញ្ជើញពួកគេឲ្យរៀនពីគ្នាទៅវិញទៅមក និងពីព្រះវិញ្ញាណបរិសុទ្ធ ដោយការពិភាក្សាអំពីពរជ័យដែលកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិអាចនាំមក ។
ប្រសិនបើចាំបាច់ សូមពិចារណាបង្ហាញវីដេអូមួយដូចខាងក្រោមនេះ ៖
« ចូរផ្ដោតចិត្តលើព្រះវិហារបរិសុទ្ធ » ( ៧:១៨ មើលចាប់ពីនាទីទី ៣:៥០ ដល់ ៤:៣៦ )
ចូរផ្ដោតចិត្តលើព្រះវិហារបរិសុទ្ធ
ប្រធាន ណិលសុន មានប្រសាសន៍ អំពីការបើកព្រះវិហារបរិសុទ្ធឡើងវិញ និងការប្រកាសពីផែនការ សាងសង់ព្រះវិហារបរិសុទ្ធថ្មី ។
« Spiritual Dynamite » ( ២:៤០ )
Spiritual Dynamite
Family history and temple service combine to create a spiritual power that will enable you to become the person God wants you to be. You can read Elder Renlund's talk from Family Discovery Day here.Read about Alfred Nobel - Man of Peace.
« ការប្រមូលផ្ដុំគ្រួសាររបស់ព្រះ » ( ៤:១៨ )
Gathering the Family of God
Family History enthusiasts share touching experiences they had while finding their ancestors’ stories.
ជំហានដែលអ្នកអាចធ្វើបាន
សូមដាក់បង្ហាញជំហានខាងក្រោមនេះ ដែលអាចជួយសិស្សឲ្យចូលរួមក្នុងកិច្ចការពង្សប្រវត្តិ និងព្រះវិហារបរិសុទ្ធ ។ សូមលើកទឹកចិត្តសិស្សដែលធ្លាប់បានអនុវត្តជំហានទាំងនេះឲ្យជួយសិស្សផ្សេងទៀតតាមដែលអាចធ្វើទៅបាន ។
-
ជំហានទី ១ បង្កើតគណនីសាសនាចក្រ ។
-
ជំហានទី ២ សូមស្រាវជ្រាវកូនសៀវភៅ គ្រួសាររបស់ខ្ញុំ ៖ ដំណើររឿងដែលនាំយើងឲ្យជួបជុំគ្នា កម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ឬកម្មវិធីមែកធាងគ្រួសារ ។
-
ជំហានទី ៣ ប្រើមុខងារពិធីបរិសុទ្ធត្រៀមរួច ។
-
ជំហានទី ៤ ដាក់កាលវិភាគណាត់ជួប ហើយទៅព្រះវិហារបរិសុទ្ធ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យបង្ហាញពីរបៀបប្រើមុខងារពិធីបរិសុទ្ធត្រៀមរួច ។ សូមលើកទឹកចិត្តសិស្សឲ្យទាញយក និងរៀនប្រើកម្មវិធីមែកធាងគ្រួសារ ។ នៅក្នុងកម្មវិធីនេះ ពួកគេអាចចុចលើរូបតំណាងព្រះវិហារបរិសុទ្ធ និងតំណភ្ជាប់ពិធីបរិសុទ្ធត្រៀមរួច ដើម្បីស្វែងរកឈ្មោះសមាជិកគ្រួសារដែលពួកគេអាចធ្វើពិធីបរិសុទ្ធទាំងឡាយ ។ សូមជួយសិស្សរៀនពីរបៀបស្នើសុំ និងបោះពុម្ពកាតគ្រួសារដើម្បីយកទៅព្រះវិហារបរិសុទ្ធ ។ នៅពេលសិស្សបានរកឃើញឈ្មោះរបស់បុព្វការីជនមួយចំនួនហើយ សូមលើកទឹកចិត្តពួកគេឲ្យរៀនពីរបៀបដែលពួកគេជាប់ទំនាក់ទំនង និងព័ត៌មានផ្ទាល់ខ្លួនណាមួយដែលមានអំពីបុព្វការីជនទាំងនោះ ។ សូមអញ្ជើញសិស្សដែលមានប័ណ្ណចូលព្រះវិហារបរិសុទ្ធ ដើម្បីធ្វើការណាត់ជួបចូលរួមក្នុងព្រះវិហារបរិសុទ្ធ ។
ប្រសិនបើចាំបាច់ ព័ត៌មានខាងក្រោមនេះអាចផ្តល់ការណែនាំបន្ថែមបាន ។
-
« តើខ្ញុំបង្កើតគណនីសាសនាចក្រដោយប្រើគេហទំព័រ ChurchofJesusChrist.org ដោយរបៀបណា ? »
-
« របៀបចាប់ផ្ដើមមែកធាងគ្រួសារនៅលើកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ៖ ការបន្ថែមបួនជំនាន់ដំបូង »
នៅពេលសិស្សបានជួយគ្នាស្វែងរកឈ្មោះដើម្បីយកទៅព្រះវិហារបរិសុទ្ធហើយ នោះអ្នកអាចអញ្ជើញពួកគេឲ្យចែកចាយការយល់ដឹង និងមេរៀនដែលបានរៀន ។ សូមលើកទឹកចិត្តពួកគេឲ្យគិតអំពីព្រះអង្គសង្គ្រោះ និងព្រះរាជបំណងរបស់ទ្រង់សម្រាប់យើងដើម្បីជួយបុព្វការីជនរបស់យើង ។ អ្នកក៏អាចសួរ ៖
-
តើអ្នកគិតថា ការចូលរួមក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិឥឡូវនេះ អាចជួយរៀបចំអ្នកឲ្យធ្វើ និងរក្សាសេចក្ដីសញ្ញាជាមួយព្រះនៅក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់ដោយរបៀបណា ?
-
តើការធ្វើពង្សប្រវត្តិ និងការបម្រើក្នុងព្រះវិហារបរិសុទ្ធអាចធ្វើឲ្យសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះអង្គសង្គ្រោះកាន់តែជ្រាលជ្រៅយ៉ាងដូចម្ដេច ?