ក្បួនខ្នាត និង​ការហៅ
២៩. ការប្រជុំ​ទាំងឡាយ​នៅក្នុង​សាសនាចក្រ


« ២៩. ការប្រជុំ​ទាំងឡាយ​នៅក្នុង​សាសនាចក្រ » ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ( ឆ្នាំ ២០២០ ) ។

« ២៩. ការប្រជុំ​ទាំងឡាយ​នៅក្នុង​សាសនាចក្រ » ក្បួនខ្នាត​ទូទៅ ។

រូបភាព
ម្ដាយ និង​កូនស្រី​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់

២៩.

ការប្រជុំ​ទាំងឡាយ​នៅក្នុង​សាសនាចក្រ

២៩.០

សេចក្តីផ្ដើម

ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ជួបជុំគ្នា​ដើម្បី​ថ្វាយ​បង្គំ ស្អាង​គ្នា​ទៅវិញ​ទៅមក ហើយ​បង្រៀន និង​រៀនសូត្រ​ដំណឹងល្អ ( សូមមើល អាលម៉ា ៦:៦; មរ៉ូណៃ ៦:៥–៦ ) ។ ព្រះអង្គ​សង្រ្គោះ​បាន​សន្យា​ថា « ត្បិត​កន្លែង​ណា​ដែល​មាន​ពីរ ឬ​បី​នាក់​ប្រជុំ​ជាមួយគ្នា​ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ខ្ញុំ​ក៏នៅ​កណ្តាល​ចំណោម​អ្នកទាំងនោះ​ដែរ » ( ម៉ាថាយ ១៨:២០ ) ។ ការជួបជុំគ្នា​គឺជា​របៀប​មួយ ដែល​ដួងចិត្ត​យើង​អាច « ក្រង​រួមគ្នា​ដោយ​សាមគ្គី ហើយ​ស្រឡាញ់​គ្នា » ( ម៉ូសាយ ១៨:២១ ) ។

ការប្រជុំ​ថ្នាក់ដឹកនាំ​ជួយ​ថ្នាក់ដឹកនាំ​ឲ្យ​ប្រឹក្សា​រួមគ្នា និង​សម្រប​សម្រួល​កិច្ចខិតខំ​ដើម្បី​បម្រើ​មនុស្ស​ដទៃ ។ ប៉ុន្ដែ​ការប្រជុំ​នេះ​មិនគួរ​ជំនួស​ឲ្យ​ការបម្រើ និង​ការផ្ដល់​ការងារ​បម្រើ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​នោះ​ទេ ។ កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង​អាច​ដាក់​ផែនការ​បាន​នៅក្នុង​ការប្រជុំ ប៉ុន្ដែ​ជាញឹកញាប់ វា​សម្រេច​បាន​ភាគច្រើន​បំផុត​នៅក្រៅ​ការប្រជុំ ។

២៩.១

ការដាក់​ផែនការ និង​ការដឹកនាំ​ការប្រជុំ​ទាំងឡាយ

ថ្នាក់ដឹកនាំ​ដាក់​ផែនការ និង​ដឹកនាំ​ការប្រជុំ « ដូច​ដែល​ពួកគេ​ត្រូវបាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ស្របតាម​ព្រះបញ្ញត្តិ និង​វិវរណៈ​ទាំងឡាយ​នៃ​ព្រះ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:៤៥; សូមមើល​ផងដែរ មរ៉ូណៃ ៦:៩; គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៦:២ ) ។ ពួកគាត់​ស្វែងរក​វិធី​នានា ដើម្បី​យាង​អញ្ជើញ​ឲ្យ​មាន​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​នៅក្នុង​ការប្រជុំ​របស់​ពួកគាត់ ។

ថ្នាក់ដឹកនាំ​ធ្វើឲ្យ​ប្រាកដ​ថា ចំនួន និង​រយៈពេល​នៃ​ការប្រជុំ​មិន​ដាក់​បន្ទុក​ទៅលើ​សមាជិក ឬ​ក្រុមគ្រួសារ​របស់​ពួកគេ​ទេ ។ ឧទាហរណ៍ ការប្រជុំ​មិនគួរ​ធ្វើឲ្យ​ក្រុមគ្រួសារ​ពិបាក​មាន​ពេល​ជួបជុំគ្នា​នៅ​ថ្ងៃ​ឈប់​សម្រាក​ឡើយ ។

ថ្នាក់ដឹកនាំ​ក៏ត្រូវ​ប្រាកដ​ផងដែរ​ថា ការប្រជុំ​ផ្ដោតលើ​អ្វី​ដែល​សំខាន់​បំផុត ។ ឧទាហរណ៍ ការប្រជុំ​សាក្រាម៉ង់​គួរតែ​ផ្ដោតលើ​ពិធី​សាក្រាម៉ង់ និង​ស្ថាបនា​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ ការប្រជុំ​គណៈប្រធាន និង​ការប្រជុំ​ក្រុមប្រឹក្សា​ផ្ដោតលើ​ការពង្រឹង​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ។

អ្នកកាន់​តំណែង​ជាអធិបតី​អាច​ដឹកនាំ​ការប្រជុំ​បាន ។ ឬ​គាត់​អាច​សុំឲ្យ​នរណាម្នាក់​ផ្សេងទៀត ដូចជា​ទឹប្រឹក្សា​ម្នាក់ ដឹកនាំ​ការប្រជុំ​នៅក្រោម​ការណែនាំ​របស់​គាត់ ។

ជួនកាល មាន​អ្វីមួយ​កើតឡើង​អំឡុង​ពេល​ប្រជុំ ដែល​ធ្វើឲ្យ​អ្នកកាន់​តំណែង​ជាអធិបតី​មាន​អារម្មណ៍​ថា ចាំបាច់​ត្រូវ​ធ្វើ​ការបញ្ជាក់​ឲ្យ​ច្បាស់លាស់ ។ ឧទាហរណ៍ នរណាម្នាក់​អាច​បង្រៀន​គោលលទ្ធិ​មិន​ត្រឹមត្រូវ ។ ប្រសិនបើ​ការណ៍​នោះ​កើតឡើង នោះ​អ្នកកាន់​តំណែង​ជាអធិបតី​គួរតែ​ធ្វើការ​បញ្ជាក់​ឲ្យ​ច្បាស់លាស់ ដោយ​មិន​ធ្វើឲ្យ​នរណាម្នាក់​មាន​ការខ្មាសអៀន​ឡើយ ។

២៩.២

ការប្រជុំ​ក្នុង​វួដ

២៩.២.១

ការប្រជុំ​សាក្រាម៉ង់

២៩.២.១.១

ការដាក់​ផែនការ​ការប្រជុំ​សាក្រាម៉ង់

គណៈប៊ីស្សព​ដាក់​ផែនការ និង​ដឹកនាំ​ការប្រជុំ​សាក្រាម៉ង់ ។ ពួកគាត់​ធ្វើឲ្យ​ប្រាកដ​ថា ការប្រជុំ​សាក្រាម៉ង់​ផ្ដោតលើ​ពិធី​សាក្រាម៉ង់ និង​ការស្ថាបនា​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

ការប្រជុំ​សាក្រាម៉ង់​មាន​រយៈពេល​មួយ​ម៉ោង ។ វា​អាច​រួមមាន​ដូច​ខាងក្រោម​នេះ ៖

  1. តន្រ្តី​កំដរ​បើក​កម្មវិធី ( សូម​មើល ១៩.៣.២ សម្រាប់​គោលការណ៍​ណែនាំ ) ។ ការចាប់ផ្ដើម​ដោយ​តន្ដ្រី​ដែល​មាន​គារវភាព​ពីមុន​ការប្រជុំ អាច​អញ្ជើញ​ឲ្យមាន​វិញ្ញាណ​នៃ​ការថ្វាយ​បង្គំ ។

  2. ការជម្រាប​សួរ និង​ការស្វាគមន៍ ។

  3. ការទទួល​ស្គាល់​ដល់​អ្នកមាន​សិទ្ធិ​អំណាច​ជា​អធិបតី ឬ​ថ្នាក់ដឹកនាំ​ផ្សេងទៀត​ដែល​មក​ចូលរួម ។ អ្នកមាន​សិទ្ធិ​អំណាច​ជា​អធិបតី និង​ទីប្រឹក្សា​ជាន់ខ្ពស់​ដែល​មក​ចូលរួម គួរតែ​ត្រូវបាន​អញ្ជើញ​ឲ្យឡើង​ទៅ​អង្គុយ​នៅលើ​វេទិកា ។ អ្នកកាន់​តំណែង​ទូទៅ​ក៏​ត្រូវបាន​អញ្ជើញ​ឲ្យទៅ​អង្គុយ​នៅលើ​វេទិកា​ផងដែរ លើកលែង​តែ​ពួកគាត់​ចូលរួម​ក្នុង​វួដ​កំណើត​របស់​ពួកគាត់​តាម​ធម្មតា ។

  4. ការប្រកាស ។ ការប្រកាស​ទាំងនេះ​គួរតែធ្វើឡើង​ក្នុង​កម្រិត​អប្បបរមា ។ ភាគច្រើន​អាច​បោះពុម្ព ចែកចាយ​តាម​អេឡិចត្រូនិច ឬ​ចែកចាយ​នៅក្នុង​ការប្រជុំ​ផ្សេងទៀត​បាន ។

  5. ទំនុក​តម្កើង​បើក និង​ការអធិស្ឋាន​បើក ។ សូមមើល ១៩.៣.២ និង ២៩.៦ ។

  6. កិច្ចការ​វួដ និង​កិច្ចការ​ស្តេក មាន​ដូច​ខាងក្រោម ៖

    • ការគាំទ្រ និង​ការដោះលែង​អ្នកកាន់​តំណែង និង​គ្រូបង្រៀន ( សូមមើល ៣០.៣ និង ៣០.៦ ) ។

    • ការបង្ហាញ​ឈ្មោះ​បងប្អូន​ប្រុស​ដែល​ត្រូវ​តែងតាំង​ក្នុង​តំណែង​បព្វជិតភាព​អើរ៉ុន ( សូមមើល ១៨.១០.៣ ) ។

    • ការទទួល​ស្គាល់​សមាជិក​ថ្មី​ក្នុង​វួដ រួមទាំង​អ្នកប្រែចិត្ត​ជឿ​ថ្មីៗ​ផងដែរ ។ ក្រោយពី​ថ្លែង​ពាក្យ​ស្វាគមន៍​ពីរបី​ម៉ាត់​ហើយ បុគ្គល​ដែល​ដឹកនាំ​ការប្រជុំ​សូមឲ្យ​ក្រុមជំនុំ​បង្ហាញ​ដោយ​ការលើក​ដៃ​ថា ពួកគេ​ស្វាគមន៍​សមាជិក​នេះ​មកក្នុង​វួដ ។

      នៅពេល​កុមារ​ដែល​ជា​សមាជិក​មាន​កំណត់ត្រា​ទទួល​ពិធីបុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់ នោះ​ពួកគេ​ត្រូវបាន​ទទួល​ស្គាល់​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់ ។ ប៉ុន្ដែ ពួកគេ​មិន​ចាំបាច់​ត្រូវ​បង្ហាញ​ដើម្បី​ទទួល​ការស្វាគមន៍​មកក្នុង​វួដ​នោះ​ទេ ។

  7. ការដាក់​ឈ្មោះ និង​ការប្រសិទ្ធពរ​ដល់​កុមារ ( សូមមើល ១៨.៦ ) ។ ជាធម្មតា ការណ៍​នេះ​ធ្វើឡើង​នៅក្នុង​ការប្រជុំ​តម​អាហារ និង​ទីបន្ទាល់ ( សូមមើល ២៩.២.២ ) ។

  8. ពិធីបញ្ជាក់​ដល់​អ្នកប្រែចិត្ត​ជឿ​ថ្មី ( សូមមើល ១៨.៨ ) ។

  9. ទំនុក​តម្កើង​សាក្រាម៉ង់ និង​ការបម្រើ​ពិធី​សាក្រាម៉ង់ ។ ការប្រជុំ​នេះ​គឺ​ផ្តោត​សំខាន់​ចម្បង​ទៅលើ​ពិធី​សាក្រាម៉ង់ ។ ផ្នែក​ផ្សេងទៀត​នៃ​ការប្រជុំ​នេះ​មិនគួរ​បន្ថយ​អត្ថន័យ​នេះ​ទេ ។ ពិធីបរិសុទ្ធ​នេះ​គឺជា​ឱកាស​ឲ្យ​សមាជិក​ដឹកនាំ​គំនិត​របស់​ពួកគេ​ទៅរក​ព្រះអង្គ​សង្គ្រោះ និង​ពលិកម្ម​របស់​ទ្រង់​សម្រាប់​ពួកគេ ។ វា​គួរតែ​ជា​ពេលវេលា​ដ៏ពិសិដ្ឋ​ដើម្បី​ធ្វើការ​រំឭក​ខាង​វិញ្ញាណ​ជាថ្មី ។

    តុ​សម្រាប់​ធ្វើ​សាក្រាម៉ង់​គួរតែ​ត្រូវបាន​រៀបចំ​មុនពេល​ការប្រជុំ​ចាប់ផ្តើម ។ ប៊ីស្សព​ត្រូវ​ប្រាកដ​ថា ពិធី​សាក្រាម៉ង់​ត្រូវបាន​ប្រសិទ្ធពរ និង​ចែក​ដោយ​គារវភាព និង​តាម​របៀប​រៀបរយ ។ អស់អ្នក​ដែល​បម្រើ​ពិធី​សាក្រាម៉ង់​តំណាង​ឲ្យ​ព្រះយេស៊ូវ​គ្រីស្ទ ។

    សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ការរៀបចំ ការប្រសិទ្ធពរ និង​ការចែក​សាក្រាម៉ង់ សូមមើល ១៨.៩ ។

    ចំពោះ​ព័ត៌មាន​អំពី​ការ​បម្រើ​ពិធី​សាក្រាម៉ង់​នៅក្នុង​ស្ថានភាព​ខុស​ពី​ធម្មតា សូមមើល ២៩.២.១.៥ និង ១៨.៩.១ ។

  10. សារលិខិត​ដំណឹងល្អ និង​ការច្រៀង​ជា​ក្រុមជំនុំ ឬ​ចម្រៀង​ពិសេស​ផ្សេងទៀត ។ សារលិខិត និង​តន្ដ្រី​គួរតែ​ស្រប​នឹង​លក្ខណៈ​ដ៏ពិសិដ្ឋ​នៃ​ពិធី​សាក្រាម៉ង់ ។ សម្រាប់​ព័ត៌មាន​អំពី​ការជ្រើសរើស​អ្នកឡើង​និយាយ សូមមើល ២៩.២.១.៤ ។ សម្រាប់​ព័ត៌មាន​អំពី​ការជ្រើសរើស​តន្ដ្រី​នៅក្នុង​ពិធី​សាក្រាម៉ង់ សូមមើល ១៩.៣.២ ។

  11. ទំនុក​តម្កើង​បិទ និង​ការអធិស្ឋាន​បិទ ។

  12. តន្ត្រី​កំដរ​បិទ​កម្មវិធី ។

ជំនួយ​ចក្ខុ និង​សម្ភារសោត​ទស្សន៍ មិន​គួរ​ប្រើប្រាស់​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់​នោះទេ ( សូមមើល ៣៨.៨.៣ ) ។

២៩.២.១.២

ការធ្វើជា​អធិបតី​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់

ប៊ីស្សព​ធ្វើជា​អធិបតី​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់ លើកលែងតែ​មាន​ការចូលរួម​ពី​សមាជិក​មួយ​រូប​នៃ​គណៈប្រធាន​ស្តេក ពួក​ចិតសិប​ប្រចាំ​តំបន់​របស់​គាត់ ឬ​អ្នកមាន​សិទ្ធិ​អំណាច​ទូទៅ​ម្នាក់ ។ ប្រសិនបើ​ប៊ីស្សព និង​ទីប្រឹក្សា​របស់​គាត់​មិន​អាច​ចូលរួម​ការប្រជុំ​សាក្រាម៉ង់​បាន នោះ​ប្រធាន​ស្តេក​ចាត់តាំង​អ្នកដែល​ធ្វើជា​អធិបតី​ក្នុង​ការប្រជុំ​នោះ ។ ជាធម្មតា គាត់​ចាត់តាំង​ប្រធាន​កូរ៉ុម​អែលឌើរ ។ ប៉ុន្ដែ គាត់​អាច​អញ្ជើញ​អ្នកកាន់​បព្វជិតភាព​ដទៃ​ទៀត​បាន ជាពិសេស​សង្ឃ​ជាន់ខ្ពស់ ឬ​អែលឌើរ​ម្នាក់ ។

២៩.២.១.៣

ពេលវេលា​មុន​ការប្រជុំ

មុនពេល​ការប្រជុំ​ចាប់ផ្ដើម សមាជិក​ក្រុមជំនុំ​រៀបចំ​ខ្លួន​ខាង​វិញ្ញាណ​សម្រាប់​ពិធី​សាក្រាម៉ង់ ។ ពួកគេ​អាច​ធ្វើ​ការណ៍​នេះ​បាន តាមរយៈ​ការអធិស្ឋាន និង​ការសញ្ជឹងគិត​ដ៏​ស្ងប់ស្ងាត់ ។ ថ្នាក់ដឹកនាំ​ធ្វើជា​គំរូ​នៃ​គារវភាព​នេះ ។

២៩.២.១.៤

ការជ្រើសរើស​អ្នកឡើង​និយាយ

គណៈប៊ីស្សព​ជ្រើសរើស​អ្នកឡើង​និយាយ​សម្រាប់​ការប្រជុំ​សាក្រាម៉ង់ ។ ជារឿយៗ​បំផុត ពួកគាត់​អញ្ជើញ​សមាជិក​ក្នុង​វួដ រួមទាំង​យុវវ័យ​ផងដែរ ( សូមមើល ៣៨.៨.១៧ ) ។ ប្រធាន​ស្ដេក​អាច​ចាត់​ទីប្រឹក្សា​ជាន់ខ្ពស់ ឬ​សមាជិក​នៃ​គណៈប្រធាន​អង្គការ​ស្ដេក​ឲ្យ​ឡើង​និយាយ ។ ប្រធាន​ស្តេក​កំណត់​អំពី​ភាពញឹកញាប់​នៃ​ការចាត់តាំង​បែបនេះ ។

គណៈប៊ីស្សព​ធ្វើ​ការអញ្ជើញ​អ្នកឡើង​និយាយ ពីមុន​ការប្រជុំ​យូរ​គួរសម​ដែរ ។ អ្នកឡើង​និយាយ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​បង្រៀន​ដំណឹងល្អ​របស់​ទ្រង់​ដោយ​ប្រើប្រាស់​ព្រះគម្ពីរ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:១២; ៥២:៩ ) ។ សារលិខិត​នានា​គួរតែ​ស្ថាបនា​សេចក្ដី​ជំនឿ ហើយ​ស្រប​នឹង​លក្ខណៈ​ដ៏ពិសិដ្ឋ​នៃ​ពិធី​សាក្រាម៉ង់ ។

សម្រាប់​ព័ត៌មាន​អំពី​ការឡើង​និយាយ​របស់​អ្នកផ្សព្វផ្សាយ​សាសនា​ដែល​ទើបបាន​ហៅ​ថ្មីៗ ឬ​ទើប​ត្រឡប់​មកពី​បេសកកម្ម​ថ្មីៗ​នៅក្នុង​ពិធី​សាក្រាម៉ង់ សូមមើល ២៤.៥.២ និង ២៤.៨.៣ ។

គណៈប៊ីស្សព​ដាក់​កាលវិភាគ​ការប្រជុំ​សាក្រាម៉ង់​មួយ​រាល់ឆ្នាំ សម្រាប់​ការធ្វើ​បទបង្ហាញ​ដោយ​កុមារ​ក្នុង​អង្គការ​បឋម​សិក្សា ។ សម្រាប់​ព័ត៌មាន​អំពី​ការធ្វើ​បទបង្ហាញ​នេះ សូមមើល ១២.២.១.២ ។

រូបភាព
បុរស​កំពុង​និយាយ​នៅលើ​វេទិកា

២៩.២.១.៥

រូបភាព
រូបសញ្ញា​គោលការណ៍​ណែនាំ​សម្រាប់​ការសម្រប​សម្រួល
ការបម្រើ​ពិធី​សាក្រាម៉ង់​នៅក្នុង​ស្ថានភាព​ខុស​ពី​ធម្មតា

សមាជិក​គ្រប់រូប​ត្រូវការ​ពរជ័យ​ខាង​វិញ្ញាណ ដែល​កើតមាន​មកពី​ការទទួល​ទាន​សាក្រាម៉ង់ ។ ទោះជា​យ៉ាងណា សមាជិក​មួយ​ចំនួន​មិន​អាច​ចូលរួម​ការប្រជុំ​សាក្រាម៉ង់​បាន ដោយសារ​ពួកគេ​មាន​ជំងឺ​ត្រូវ​សម្រាក​នៅ​ផ្ទះ​របស់​ពួកគេ នៅ​មន្ទីរពេទ្យ ឬ​នៅ​មន្ទីរ​សម្រាក​ថែទាំ ។ ប៊ីស្សព​អាច​ចាត់​អ្នកកាន់​បព្វជិតភាព ឲ្យ​ចាត់ចែង​សាក្រាម៉ង់​ដល់​សមាជិក​ទាំងនេះ​បាន ( សូមមើល ១៨.៩.១ ) ។

នៅក្នុង​ករណី​ខ្លះ ប៊ីស្សព​អាច​ផ្តល់​សិទ្ធិ​អនុញ្ញាត​ឲ្យ​ធ្វើការ​ផ្សាយ​បន្ដ​ផ្ទាល់​ការប្រជុំ​សាក្រាម៉ង់ សម្រាប់​អស់​អ្នក​ដែល​មិន​អាច​ចូលរួម​បាន ។ សម្រាប់​ព័ត៌មាន សូមមើល ២៩.៧ ។

នៅពេល​សមាជិក​ធ្វើ​ដំណើរ ឬ​រស់នៅ​ឆ្ងាយពី​ផ្ទះ​រយៈពេល​បណ្ដោះ​អាសន្ន នោះ​ពួកគេ​គួរតែ​ចូលរួម​ក្នុង​ការប្រជុំ​សាក្រាម៉ង់​នៅ​វួដ​ក្បែរៗ​នោះ បើ​អាច​ធ្វើ​ទៅបាន ។ កម្មវិធី​សាក្រាម៉ង់​មិនគួរ​ធ្វើឡើង​នៅក្នុង​ការជួបជុំ​ជាមួយ​នឹង​ក្រុមគ្រួសារ ឬ​ដំណើរ​កម្សាន្ដ​វិស្សមកាល ឬ​សកម្មភាព​ផ្សេងទៀត ដែល​មិន​បាន​ឧបត្ថម្ភ​ដោយ​សាសនាចក្រ​នោះទេ ។

២៩.២.២

ការប្រជុំតម​អាហារ និង​ថ្លែង​ទីបន្ទាល់

នៅក្នុង​ការប្រជុំ​តម​អាហារ និង​ថ្លែង​ទីបន្ទាល់ ពុំ​មាន​អ្នកឡើង​និយាយ​ដែល​បាន​ចាត់តាំង ឬ​ការជ្រើសរើស​តន្ដ្រី​ពិសេស​នោះទេ ។ ផ្ទុយទៅវិញ បុគ្គល​ដែល​ដឹកនាំ​ការប្រជុំ​ថ្លែង​ទីបន្ទាល់​ខ្លី​មួយ ។ បន្ទាប់មក គាត់​អញ្ជើញ​សមាជិក​នៃ​ក្រុមជំនុំ​ឲ្យ​ឡើង​ថ្លែង​ទីបន្ទាល់​របស់​ពួកគេ ។ ការថ្លែង​ទីបន្ទាល់​មាន​ន័យ​ថា ការប្រកាស​អំពី​សេចក្ដីពិត​ដំណឹងល្អ​ដូច​បាន​បំផុស​គំនិត​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ទីបន្ទាល់​ទាំងឡាយ​គួរតែ​ខ្លីៗ ដើម្បី​ឲ្យ​មនុស្ស​ច្រើន​អាច​ចូលរួម​បាន ។

កុមារ​វ័យ​ក្មេង​ត្រូវបាន​ស្វាគមន៍​ឲ្យ​ថ្លែង​ទីបន្ទាល់​នៅក្នុង​ការប្រជុំ​តម​អាហារ និង​ថ្លែង​ទីបន្ទាល់ ។ វា​អាច​ល្អ​បំផុត​សម្រាប់​ពួកគេ ដើម្បី​រៀន​ធ្វើ​ដូច្នោះ​នៅ​ផ្ទះ រហូតដល់​ពួកគេ​អាច​ថ្លែង​ទីបន្ទាល់​បាន​ដោយ​គ្មាន​ជំនួយ​ពី​អ្នកដទៃ ។

នៅក្រោម​ការដឹកនាំ​របស់​ប៊ីស្សព កុមារ​អាច​ទទួល​ការដាក់​ឈ្មោះ និង​ការប្រសិទ្ធពរ​អំឡុង​ការប្រជុំ​តម​អាហារ និង​ថ្លែង​ទីបន្ទាល់​បាន ( សូមមើល ២៩.២.១.១ ) ។

២៩.២.៣

សន្និសីទ​វួដ

សន្និសីទ​វួដ​ត្រូវបាន​រៀបចំ​ដើម្បី​បំពេញ​តាម​តម្រូវការ​ក្នុង​មូលដ្ឋាន ។ វា​រួមមាន​ការប្រជុំ​សាក្រាម៉ង់ ដែល​បាន​ដាក់​ផែនការ​ដោយ​ប្រធាន​ស្តេក ។ ជាធម្មតា ប្រធាន​ស្ដេក​ធ្វើជា​អធិបតី​នៅក្នុង​ការប្រជុំ​នោះ ហើយ​ជាធម្មតា​សមាជិក​ម្នាក់​នៃ​គណៈប៊ីស្សព​ដឹកនាំ ។

អំឡុង​ការប្រជុំ​នេះ សមាជិក​ម្នាក់​ក្នុង​គណៈប្រធាន​ស្តេក ឬ​ទីប្រឹក្សា​ជាន់ខ្ពស់​ម្នាក់​បង្ហាញ​ឈ្មោះ​ថ្នាក់ដឹកនាំ​ទូទៅ ថ្នាក់ដឹកនាំ​ស្ដេក និង​ថ្នាក់ដឹកនាំ​វួដ​សម្រាប់​ការលើក​ដៃ​គាំទ្រ ។ គាត់​ប្រើ ទម្រង់​បែបបទ​គាំទ្រ​អ្នកកាន់​តំណែង ដែល​បាន​រៀបចំ​ដោយ​ស្មៀន​វួដ ។ ជាធម្មតា ប៊ីស្សព និង​ប្រធាន​ស្តេក​ឡើង​និយាយ​នៅក្នុង​ប្រជុំ​នេះ ។

វួដ​ធ្វើ​ការប្រជុំ​បព្វជិតភាព និង​ការប្រជុំ​អង្គការ​ជំនួយ​ជាទៀងទាត់ ដែល​ជា​ផ្នែក​មួយ​នៃ​សន្និសីទ​វួដ។ ថ្នាក់ដឹកនាំ​ស្តេក​អាច​ផ្តល់​ការណែនាំ និង​ជំនួយ​បាន ។ ពួកគាត់​ផ្ដល់​ការងារ​បម្រើ​ដល់​ថ្នាក់ដឹកនាំ និង​សមាជិក​វួដ ។

បន្ទាប់​ពី​សន្និសីទ​វួដ គណៈប្រធាន​ស្តេក​ជួប​ជាមួយ​នឹង​គណៈប៊ីស្សព ។ ពួកគាត់​ពិនិត្យមើល​ការរីក​ចម្រើន​នៃ​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង​នៅក្នុង​វួដ​រួមគ្នា ។ ការប្រជុំ​នេះ​អាច​ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃ​អាទិត្យ​នៃ​សន្និសីទ​វួដ​នោះ ឬ​នៅពេល​ផ្សេងទៀត ។

២៩.២.៤

ការប្រជុំ​គណៈប៊ីស្សព

ប៊ីស្សព​រៀបចំ​ផែនការ និង​ដឹកនាំ​ការប្រជុំ​គណៈប៊ីស្សព ។ បញ្ហា​នានា​សម្រាប់​ការពិចារណា​អាច​រួមមាន ៖

  • ការសម្រប​សម្រួល​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង​នៅក្នុង​វួដ ។

  • ការពង្រឹង​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ​នៅក្នុង​វួដ—ជាពិសេស​យុវវ័យ និង​កុមារ ។

  • ការកំណត់​ពី​សមាជិក​ដែល​អាច​រៀបចំ​ខ្លួន​ដើម្បី​ទទួល​ពិធីបរិសុទ្ធ រួមមាន​ការតែងតាំង​បព្វជិតភាព​ផងដែរ ។

  • ការកំណត់​ពី​សមាជិក​ដើម្បី​ហៅឲ្យ​បម្រើ​ក្នុង​តំណែង​វួដ ។

  • ការកំណត់​ពី​សមាជិក​ដែល​អាច​ផ្ដល់​អនុសាសន៍​ជូនទៅ​ប្រធាន​ស្ដេក ដើម្បី​បម្រើជា​អ្នកផ្សព្វផ្សាយ​សាសនា ។

  • ការពិនិត្យ​មើល​សេចក្ដី​ណែនាំ​មកពី​ព្រះគម្ពីរ ថ្នាក់ដឹកនាំ​សាសនាចក្រ និង​ក្បួនខ្នាត​នេះ​ឡើងវិញ ។

ចំណុច​ផ្សេងៗទៀត​អាច​រួមមាន អង្គការ និង​កម្មវិធី​វួដ គម្រោង​ថវិកា​វួដ របាយការណ៍​ស្ដីពី​ការចាត់តាំង និង​ផែនការ​សម្រាប់​ការប្រជុំ និង​សកម្មភាព​នៅពេល​ខាងមុខ ។

រូបភាព
ការប្រជុំ​ក្រុម​ប្រឹក្សា​វួដ

២៩.២.៥

ការប្រជុំ​ក្រុមប្រឹក្សា​វួដ

ប៊ីស្សព​ដាក់​ផែនការ ធ្វើជា​អធិបតី និង​ដឹកនាំ​ការប្រជុំ​ក្រុមប្រឹក្សា​វួដ ។ ប្រសិនបើ​គាត់​អវត្តមាន នោះ​គាត់​អាច​ចាត់តាំង​ឲ្យ​ទីប្រឹក្សា​ម្នាក់​ធ្វើជា​អធិបតី និង​ដឹកនាំ​ជំនួស​បាន ។ ប៉ុន្ដែ ក្រុមប្រឹក្សា​មិន​អាច​ធ្វើការ​សម្រេច​ចិត្ត​ធំៗ​ដោយ​គ្មាន​ប៊ីស្សព​បាន​នោះទេ ។

ក្រុមប្រឹក្សា​វួដ​ព្យាយាម​ជួយ​សមាជិក​វួដ​ទាំងអស់​ឲ្យ​ពង្រឹង​កម្លាំង​ខាង​វិញ្ញាណ ទទួល​ពិធីបរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ រក្សា​សេចក្ដី​សញ្ញា ហើយ​ក្លាយជា​អ្នកដើរតាម​ដ៏បរិសុទ្ធ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល មរ៉ូណៃ ៦:៤–៥ ) ។ អំឡុង​ការប្រជុំ​ក្រុមប្រឹក្សា​វួដ សមាជិក​ក្រុមប្រឹក្សា​ដាក់​ផែនការ និង​សម្រប​សម្រួល​កិច្ចការ​នេះ ។ ពួកគាត់​ធ្វើការ​រួមគ្នា​ដើម្បី​កំណត់​ពី​របៀប​ដែល​ភាពរឹងមាំ និង​សមត្ថភាព​របស់​សមាជិក​វួដ អាច​ផ្ដល់​ពរជ័យ​ដល់​អស់​អ្នក​ដែល​ខ្វះខាត ។ ពួកគាត់​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ កាល​ដែល​ពួកគាត់​សាមគ្គីគ្នា​ដោយ​សេចក្ដី​ស្រឡាញ់ និង​ខ្វល់ខ្វាយ​ពី​សមាជិក​ក្នុង​វួដ ។

ថ្នាក់ដឹកនាំ​អង្គការ​វួដ​ចូលរួម​ក្នុង​ការប្រជុំ​ក្រុមប្រឹក្សា​វួដ​ក្រោម​មុខងារ​ពីរ ៖

  1. ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​វួដ​ដែល​ជួយ​ផ្ដល់​ពរជ័យ​ដល់​សមាជិក​វួដ​ទាំងអស់ ។

  2. ជា​អ្នកតំណាង​ឲ្យ​អង្គការ​របស់​ពួកគាត់ ។

នៅពេល​ពួកគាត់​ជួបជុំ​គ្នា នោះ​សមាជិក​ក្រុមប្រឹក្សា​វួដ​ពិភាក្សា​ពី​បញ្ហា​នានា ដែល​នឹង​ទទួល​ប្រយោជន៍​ពី​កិច្ចខិតខំ​រួមគ្នា​ក្នុង​ក្រុមប្រឹក្សា​ទាំងមូល ។ សមាជិក​ក្រុមប្រឹក្សា​ម្នាក់ៗ​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​ចែកចាយ​គំនិត និង​ការបំផុស​គំនិត​របស់​គាត់​ទាក់ទង​នឹង​បញ្ហា​ទាំងនេះ ។

ជាធម្មតា ការប្រជុំ​ក្រុមប្រឹក្សា​វួដ​មាន​រយៈពេល​ពុំ​លើសពី​មួយ​ម៉ោង​ឡើយ ។ ពួកគាត់​ចាប់ផ្ដើម​ដោយ​ការអធិស្ឋាន និង​ការរាយការណ៍​ខ្លីៗ​អំពី​កិច្ចការ​ចាត់តាំង​មកពី​ការប្រជុំ​លើក​មុន ។ ខាងក្រោម​នេះ​គឺជា​បញ្ជី​នៃ​បញ្ហា​ដែល​អាច​ពិភាក្សា​បាន ។ អ្នក​នឹង​មិនមាន​ពេល​គ្រប់គ្រាន់​ដើម្បី​ពិភាក្សា​ពី​បញ្ហា​ទាំងអស់​នៅ​រាល់​ការប្រជុំ​នោះ​ទេ ។ ប៊ីស្សព​ផ្ដល់​អាទិភាព​លើ​បញ្ហា​ដែល​ចាំបាច់​បំផុត ដើម្បី​ផ្ដល់​ពរជ័យ​ដល់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ។

  • ការរស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ការជួយ​សមាជិក​ទាំងអស់​ឲ្យ​ស្ថាបនា​សេចក្ដី​ជំនឿ ទទួល​ពិធីបរិសុទ្ធ​ដ៏សង្គ្រោះ និង​រក្សា​សេចក្តីសញ្ញា​របស់​ពួកគេ ។

  • ការមើលថែ​ដល់​អ្នក​ខ្វះខាត ។ ការចែកចាយ​ធនធាន និង​ជំនាញ​ដើម្បី​ផ្ដល់​ពរជ័យ​ដល់​បុគ្គល​ម្នាក់ៗ ក្រុមគ្រួសារ និង​សហគមន៍ ។ ការជួយ​សមាជិក​វួដ​ឲ្យ​មាន​ភាពខ្លួន​ទីពឹង​ខ្លួន ។ ( សូម​មើល ជំពូកទី ២២ ) ។

  • ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួលយក​ដំណឹងល្អ ។ ការពិនិត្យ​មើល​ការរីកចម្រើន​របស់​អស់​អ្នក​ដែល​កំពុង​រៀន​ដំណឹងល្អ ព្រមទាំង​សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​សកម្ម​ឡើងវិញ​ផងដែរ ។ ការពិភាក្សា​ពី​របៀប​ដែល​សមាជិក​អាច​ចែកចាយ​ដំណឹងល្អ​ជាមួយ​មនុស្ស​ដទៃ ។ ( សូម​មើល ជំពូកទី ២៣ ) ។

  • ការបង្រួប​បង្រួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្ប​ជានិច្ច ។ ការពិនិត្យ​មើល​ការរីក​ចម្រើន​របស់​សមាជិក​ដែល​កំពុង​រៀបចំ​ខ្លួន​ទទួល​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ការដាក់​ផែនការ​ពី​របៀប​ដើម្បី​ជួយ​សមាជិក​ជាច្រើន​ទៀត​ឲ្យ​មាន​ភាពស័ក្ដិសម​នឹង​កាន់​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ។ ការពិភាក្សា​ពី​របៀប​ដែល​សមាជិក​អាច​ចូលរួម​ក្នុង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ។ ( សូម​មើល ជំពូកទី ២៥ ) ។

កាល​ដែល​សមាជិក​ក្រុមប្រឹក្សា​វួដ​ពិភាក្សា​ពី​បញ្ហា​ទាំងនេះ នោះ​ពួកគាត់​ពិចារណា​ពី​តម្រូវការ និង​ភាពរឹងមាំ​របស់​សមាជិក​ដែល​ពួកគាត់​បម្រើ ។ ពួកគាត់​អាច​ដឹងពី​តម្រូវការ និង​ភាពរឹងមាំ​ទាំងនេះ​នៅក្នុង​ការប្រជុំ​គណៈប្រធាន នៅក្នុង​ការពិភាក្សា​ជាមួយ​សមាជិក​អង្គការ​របស់​ពួកគាត់ ( រួមមាន​ការសម្ភាស​អំពី​ការងារ​បម្រើ​ជាដើម ) និង​តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​ផ្ដល់​ការងារ​បម្រើ​ផ្ទាល់ខ្លួន​របស់​ពួកគាត់ ។ លើសពី​នេះ ធនធាន​សម្រាប់​ថ្នាក់ដឹកនាំ និង​ស្មៀន មាន​នូវ​ឧបករណ៍ និង​របាយការណ៍​ដែល​អាច​ជួយ​ថ្នាក់ដឹកនាំ​ឲ្យ​ដឹង​អំពី​ការរីក​ចម្រើន​របស់​សមាជិក​បាន ។ សមាជិក​ក្រុមប្រឹក្សា​ត្រូវតែ​រក្សា​ការសម្ងាត់​ទាក់ទង​នឹង​ព័ត៌មាន​រសើប ឬ​ព័ត៌មាន​ឯកជន​ណាមួយ ( សូមមើល ៤.៤.៦ ) ។

ក្រុមប្រឹក្សា​វួដ​គួរតែ​ស្គាល់​កុមារ និង​យុវវ័យ​នៅក្នុង​វួដ និង​ស្ថានភាព​គ្រួសារ​របស់​កុមារ និង​យុវវ័យ​ទាំងនោះ ។ ពួកគាត់​យកចិត្ត​ទុកដាក់​ជាពិសេស​ដល់​អស់​អ្នក​ដែល​មិន​មាន​ការគាំទ្រ​ខាង​ដំណឹងល្អ​នៅឯ​គេហដ្ឋាន ។

បន្ទាប់ពី​ការពិភាក្សា ប៊ីស្សព​អាច​សម្រេច​ចិត្ត​ពី​សកម្មភាព​បែប​ណាមួយ ឬ​ក៏​ពន្យារពេល​សម្រេច​ចិត្ត​សិន ដើម្បី​យកពេល​ទៅ​ស្វែងរក​ព័ត៌មាន និង​ការណែនាំ​បន្ថែម​ទៀត ។ ឬ​គាត់​អាច​ប្រាប់ពី​បញ្ហា​នេះ​ទៅកាន់​ក្រុមប្រឹក្សា​ផ្សេងទៀត ដូចជា​គណៈប៊ីស្សព​ជាដើម ។ សូម​មើល ៤.៤.៣ ។

ពេលខ្លះ ក្រុមប្រឹក្សា​វួដ​អាច​សម្រេច​ថា សកម្មភាព​វួដ​មួយ​អាច​ជួយ​បំពេញ​ដល់​តម្រូវការ​របស់​សមាជិក​បាន ។ ក្រុមប្រឹក្សា​វួដ​អាច​មើលការ​ខុសត្រូវ​លើ​ការដាក់​ផែនការ​ធ្វើ​សកម្មភាព​វួដ ។ ប៉ុន្ដែ​ការដាក់​ផែនការ​នេះ​ភាគច្រើន​គឺ​ធ្វើឡើង​នៅមុន និង​នៅក្រោយ​ការប្រជុំ​ក្រុមប្រឹក្សា ។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​សកម្មភាព​នានា សូមមើល ជំពូក​ទី ២០ ។

បន្ទាប់ពី​អ្នកផ្សព្វផ្សាយ​សាសនា​ពេញម៉ោង​ត្រឡប់​មកផ្ទះ​វិញ នោះ​ពួកគេ​អាច​ត្រូវបាន​អញ្ជើញ​ឲ្យ​រាយការណ៍​អំពី​បេសកកម្ម​របស់​ពួកគេ​ទៅកាន់​ក្រុមប្រឹក្សា​វួដ ( សូមមើល ២៤.៨.៣ ) ។

ដើម្បី​យល់ពី​គោលការណ៍​ដែល​ដឹកនាំ​ការប្រជុំ​ក្រុមប្រឹក្សា​នៅក្នុង​សាសនាចក្រ នោះ​សមាជិក​ក្រុមប្រឹក្សា​ទាំងអស់​គួរតែ​សិក្សា​នៅក្នុង ៤.៣ និង ៤.៤ ។

២៩.២.៦

ការប្រជុំ​ក្រុមប្រឹក្សា​យុវវ័យ​វួដ

ប៊ីស្សព​អាច​ដឹកនាំ​ការប្រជុំ​ក្រុមប្រឹក្សា​យុវវ័យ​វួដ​បាន ។ ឬ​គាត់​អាច​ចាត់តាំង​ឲ្យ​នរណាម្នាក់​ទៀត​ធ្វើ​ដូច្នោះ​បាន ដូចជា​ជំនួយការ​ម្នាក់​នៅក្នុង​កូរ៉ុម​សង្ឃ​របស់​គាត់ ឬ​ប្រធាន​ថ្នាក់​យុវនារី​ដែល​មាន​វ័យ​ច្រើន​ជាងគេ ។ ការប្រជុំ​ក្រុមប្រឹក្សា​យុវវ័យ​វួដ​ផ្ដល់​ឱកាស​ឲ្យ​យុវវ័យ​បាន​ធ្វើការ​ដឹកនាំ ។ គណៈប៊ីស្សព ឬ​ថ្នាក់ដឹកនាំ​ផ្សេងទៀត​អាច​ជួយ​ពួកគេ​ឲ្យ​រៀបចំ​ខ្លួន​សម្រាប់​ការប្រជុំ​ទាំងនេះ អំឡុង​ការប្រជុំ​កូរ៉ុម ឬ​ការប្រជុំ​គណៈប្រធាន​ថ្នាក់ ។

ពីមុន​ការប្រជុំ​នីមួយៗ ប៊ីស្សព និង​បុគ្គល​ដែល​ដឹកនាំ​ការប្រជុំ​ពិនិត្យ​មើល​ចំណុច​ដែល​ត្រូវ​ពិភាក្សា ។ ចំណុច​ទាំងនេះ​អាច​រួមមាន​ដូច​តទៅ​នេះ ៖

  • កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង ។

  • តម្រូវការ​របស់​យុវវ័យ​នៅក្នុង​វួដ និង​របៀប​ដោះស្រាយ​តម្រូវការ​ទាំងនោះ ។

  • កិច្ចខិតខំ​ឈោងទៅ​ជួយ​យុវវ័យ​ដែល​មិន​សូវ​សកម្ម ឬ​ជា​សមាជិក​ថ្មី ។

  • សកម្មភាព​នានា រួមមាន​ឱកាស​ដើម្បី​បម្រើ​អ្នកដែល​ខ្វះខាត ។ ការដាក់​ផែនការ​នេះ​ភាគច្រើន​ធ្វើឡើង​នៅក្នុង​ការប្រជុំ​កូរ៉ុម ឬ​ការប្រជុំ​គណៈប្រធាន​ថ្នាក់ ( សូមមើល ជំពូកទី ២០ ) ។

  • ការងារ​បម្រើ ( សូមមើល ជំពូកទី ២១ ) ។

  • ការតម្រង់​ទិស​ដល់​គណៈប្រធាន​កូរ៉ុម និង​គណៈប្រធាន​ថ្នាក់​ដែល​ទើប​បានហៅ​ថ្មីៗ ។

ដើម្បី​យល់ពី​គោលការណ៍​ដែល​ដឹកនាំ​ការប្រជុំ​ក្រុមប្រឹក្សា​នៅក្នុង​សាសនាចក្រ នោះ​សមាជិក​ក្រុមប្រឹក្សា​ទាំងអស់​គួរតែ​សិក្សា​នៅក្នុង ៤.៣ និង ៤.៤ ។

២៩.២.៧

ការប្រជុំ​ក្នុង​វួដ និង​ថ្នាក់​ផ្សេងទៀត

ការប្រជុំ​សម្រាប់​កូរ៉ុម​បព្វជិតភាព និង​គណៈប្រធាន​របស់​ពួកគាត់​មាន​ចែង​នៅក្នុង ជំពូកទី ៨ និង ១០ ។

ការប្រជុំ​សម្រាប់​បងប្អូន​ស្រី​សមាគម​សង្គ្រោះ និង​ថ្នាក់ដឹកនាំ​របស់​ពួកគាត់​មាន​ចែង​នៅក្នុង ជំពូកទី ៩ ។

ការប្រជុំ​សម្រាប់​យុវនារី និង​ថ្នាក់ដឹកនាំ​របស់​ពួកគេ​មាន​ចែង​នៅក្នុង ជំពូកទី ១១ ។

ការប្រជុំ​សម្រាប់​កុមារ​អង្គការ​បឋម​សិក្សា និង​ថ្នាក់ដឹកនាំ​របស់​ពួកគេ​មាន​ចែង​នៅក្នុង ជំពូកទី ១២ ។

ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​មាន​ចែង​នៅក្នុង ១៣.៣ ។

ការប្រជុំ​ក្រុមប្រឹក្សា​គ្រូបង្រៀន​មាន​ចែង​នៅក្នុង ១៧.៤ ។

ការប្រជុំ​សម្រប​សម្រួល​សម្រាប់​កិច្ចការ​ចែកចាយ​ដំណឹងល្អ និង​ការពង្រឹង​សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​សកម្ម​ឡើងវិញ​មាន​ចែង​នៅក្នុង ២៣.៥.៧ ។

ការប្រជុំ​សម្រប​សម្រួល​សម្រាប់​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​មាន​ចែង​នៅក្នុង ២៥.២.៧ ។

រូបភាព
ការប្រជុំ​គណៈប៊ីស្សព

២៩.២.៨

រូបភាព
រូបសញ្ញា​គោលការណ៍​ណែនាំ​សម្រាប់​ការសម្រប​សម្រួល
កាលវិភាគ​សម្រាប់​ការប្រជុំ​ថ្ងៃអាទិត្យ

វួដ​ប្រើ​កាលវិភាគ​ណា​មួយ​ដែល​មាន​រយៈពេល​ពីរម៉ោង​ដូច​ខាងក្រោម​នេះ​សម្រាប់​ការប្រជុំ​ថ្ងៃអាទិត្យ ។

ផែនការ​ទី ១

៦០ នាទី

ការប្រជុំ​សាក្រាម៉ង់

១០ នាទី

ការបំបែក​គ្នា​ទៅតាម​ថ្នាក់ និង​ការប្រជុំ​ទាំងឡាយ

៥០ នាទី

រាល់​ថ្ងៃ​អាទិត្យ ៖ អង្គការ​បឋម​សិក្សា រួម​ទាំង​ថ្នាក់​ទារកដ្ឋាន​ផងដែរ ( សូមមើល ១២.២.១.២ ) ។

ថ្ងៃ​អាទិត្យ​ទីមួយ និង​ទី​បី​នៃ​ខែ ៖ សាលា​ថ្ងៃ​អាទិត្យ ( សូមមើល ១៣.៣ ) ។

ថ្ងៃ​អាទិត្យ​ទីពីរ និង​ទី​បួន​នៃ​ខែ ៖ ការប្រជុំ​កូរ៉ុម​បព្វជិតភាព ( សូមមើល ៨.២.១.២ និង ១០.២.១.២ ) ការប្រជុំ​សមាគម​សង្គ្រោះ ( សូមមើល ៩.២.១.២ ) និង​ការប្រជុំ​ក្រុម​យុវនារី ( សូមមើល ១១.២.១.២ ) ។

ថ្ងៃ​អាទិត្យ​ទី​ប្រាំ ៖ ការប្រជុំ​សម្រាប់​យុវវ័យ និង​មជ្ឈិមវ័យ ។ គណៈប៊ីស្សព​កំណត់​ពី​ប្រធានបទ និង​ចាត់តាំង​គ្រូបង្រៀន ( ជាធម្មតា សមាជិក​វួដ ឬ​ស្តេក ) ។ ពួកគាត់​ក៏​កំណត់​ផងដែរ​ថា​តើ​យុវវ័យ និង​មជ្ឈិមវ័យ បុរស និង​ស្ត្រី​គួរតែ​ជួបប្រជុំ​ដាច់​ដោយ​ឡែក​ពីគ្នា ឬ​រួមគ្នា ។

ផែនការ​ទី ២

៥០ នាទី

រាល់​ថ្ងៃ​អាទិត្យ ៖ អង្គការ​បឋម​សិក្សា រួម​ទាំង​ថ្នាក់​ទារកដ្ឋាន​ផងដែរ ( សូមមើល ១២.២.១.២ ) ។

ថ្ងៃ​អាទិត្យ​ទីមួយ និង​ទី​បី​នៃ​ខែ ៖ សាលា​ថ្ងៃ​អាទិត្យ ( សូមមើល ១៣.៣ ) ។

ថ្ងៃ​អាទិត្យ​ទីពីរ និង​ទី​បួន​នៃ​ខែ ៖ ការប្រជុំ​កូរ៉ុម​បព្វជិតភាព ( សូមមើល ៨.២.១.២ និង ១០.២.១.២ ) ការប្រជុំ​សមាគម​សង្គ្រោះ ( សូមមើល ៩.២.១.២ ) និង​ការប្រជុំ​ក្រុម​យុវនារី ( សូមមើល ១១.២.១.២ ) ។

ថ្ងៃ​អាទិត្យ​ទី​ប្រាំ ៖ ការប្រជុំ​សម្រាប់​យុវវ័យ និង​មជ្ឈិមវ័យ ។ គណៈប៊ីស្សព​កំណត់​ពី​ប្រធានបទ និង​ចាត់តាំង​គ្រូបង្រៀន ( ជាធម្មតា សមាជិក​វួដ ឬ​ស្តេក ) ។ ពួកគាត់​ក៏​កំណត់​ផងដែរ​ថា​តើ​យុវវ័យ និង​មជ្ឈិមវ័យ បុរស និង​ស្ត្រី​គួរតែ​ជួបប្រជុំ​ដាច់​ដោយ​ឡែក​ពីគ្នា ឬ​រួមគ្នា ។

១០ នាទី

ការបំបែកគ្នា​ទៅកាន់​ការ​ប្រជុំ​សាក្រាម៉ង់

៦០ នាទី

ការប្រជុំ​សាក្រាម៉ង់

នៅពេល​វួដ​ពីរ​ជួបជុំ​នៅក្នុង​អគារ​តែមួយ ហើយ​វួដ​មួយ ឬ​វួដ​ទាំងពីរ​មាន​កុមារ ឬ​យុវវ័យ​ចំនួន​តិចតួច នោះ​វា​អាច​ជា​ការល្អ​ដើម្បីឲ្យ​កុមារ ឬ​យុវវ័យ​ចូលរួម​ក្នុង​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​រួមគ្នា ។ កាលវិភាគ​ការប្រជុំ​ថ្ងៃ​អាទិត្យ​របស់​វួដ​អាច​ជាន់គ្នា ដូច​បង្ហាញ​ខាងក្រោម​នេះ ។

រូបភាព
កាលវិភាគ​ការប្រជុំ​ជាន់គ្នា

ផែនការ​នេះ​ក៏អាច​ត្រូវបាន​ពិចារណា​ផងដែរ ប្រសិនបើ​វួដ​ពីរ​ប្រើ​ភាសា​ខុសគ្នា ប៉ុន្ដែ​កុមារ និង​យុវវ័យ​និយាយ​ភាសា​ដូចគ្នា ។

ការប្រើប្រាស់​ផែនការ​នេះ​តម្រូវ​ឲ្យមាន​ការអនុម័ត​ពី​ប្រធាន​ស្ដេក ។ ប្រសិនបើ​គាត់​អនុម័ត នោះ​ប៊ីស្សព​នៃ​វួដ​នីមួយៗ​ជួប​ជាមួយ​នឹង​ថ្នាក់ដឹកនាំ​អង្គការ​ដើម្បី​ស្វែងរក​ការប្រឹក្សា​របស់​ពួកគាត់​អំពី​ការអនុវត្ត​ផែនការ​នេះ ។

គណៈប៊ីស្សព​ទាំងពីរ​ជួប​ប្រជុំគ្នា​ដើម្បី​កំណត់​ថា តើ​សមាជិក​មកពី​វួដ​មួយណា​គួរតែ​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​នៅក្នុង​កូរ៉ុម និង​អង្គការ​នោះ ។ ប៊ីស្សព​ម្នាក់ៗ​បន្ដ​ធ្វើជា​ប្រធាន​កូរ៉ុម​សង្ឃ​របស់​គាត់​ដដែល ប៉ុន្ដែ​ប៊ីស្សព​ទាំងពីរ​រូប​អាច​ប្ដូរ​វេនគ្នា​ធ្វើជា​អធិបតី​នៅក្នុង​ការប្រជុំ​កូរ៉ុម​ថ្ងៃ​អាទិត្យ​បាន ។ ប៊ីស្សព​មកពី​វួដ​ទាំងពីរ​ចូលរួម​ក្នុង​ការប្រជុំ​ក្រុមប្រឹក្សា​យុវវ័យ​វួដ​បញ្ចូលគ្នា​នេះ ។ ក្រោយពី​អនុវត្ត​ផែនការ​នេះ​ហើយ ថ្នាក់ដឹកនាំ​បន្ដ​ជួបគ្នា​ជាទៀងទាត់​ដើម្បី​សម្រប​សម្រួល​កិច្ចខិតខំ​របស់​ពួកគាត់ ។

២៩.៣

ការប្រជុំ​ស្តេក

២៩.៣.១

សន្និសីទ​ស្តេក

សន្និសីទ​ស្ដេក​ត្រូវបាន​ដាក់​កាលវិភាគ​ដោយ​ប្រធានកូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ ជាធម្មតា ប្រធាន​ស្តេក​ធ្វើជា​អធិបតី​នៅក្នុង​សន្និសីទ​មួយ​ជារៀងរាល់​ឆ្នាំ ហើយ​ពួក​ចិតសិប​នាក់​ប្រចាំ​តំបន់​ដែល​បាន​ចាត់តាំង ឬ​អ្នកមាន​សិទ្ធិ​អំណាច​ទូទៅ​ម្នាក់​ធ្វើជា​អធិបតី​នៅក្នុង​សន្និសីទ​មួយ​ទៀត ។

អ្នកកាន់​តំណែង​ជាអធិបតី​ដឹកនាំ​ការដាក់​ផែនការ​ទាំងអស់​សម្រាប់​សន្និសីទ​នោះ ។ គាត់​អនុម័ត​លើ​ការជ្រើសរើស​អ្នកចូលរួម និង​តន្ដ្រី​ទុក​ជាមុន ។ សម្រាប់​ព័ត៌មាន​ស្ដីពី​តន្ដ្រី​នៅក្នុង​សន្និសីទ​ស្ដេក សូមមើល ១៩.៣.៤ ។

នៅពេល​ពួក​ចិតសិប​នាក់​ប្រចាំ​តំបន់ ឬ​អ្នកមាន​សិទ្ធិ​អំណាច​ទូទៅ​ម្នាក់​ធ្វើជា​អធិបតី នោះ​គាត់​អាច​អញ្ជើញ​ប្រធាន​ស្ដេក​ឲ្យ​ផ្ដល់​យោបល់​អំពី​ប្រធានបទ​សម្រាប់​ការណែនាំ​នៅក្នុង​សន្និសីទ​នោះ ។ នៅពេល​ប្រធាន​ស្តេក​ធ្វើជា​អធិបតី នោះ​គាត់ និង​ទីប្រឹក្សា​របស់​គាត់​ជ្រើសរើស​ប្រធានបទ ។ គណៈប្រធាន​ស្តេក​អាច​ពិភាក្សា​ជាមួយ​នឹង​ក្រុមប្រឹក្សា​ស្តេក​អំពី​ប្រធានបទ​ដែល​អាច​និយាយ​បាន ។ ពេល​ធ្វើការ​ជ្រើសរើស​ទាំងនេះ គណៈប្រធាន​ស្តេក​ពិចារណា​ពី​ប្រធានបទ ដែល​គណៈប្រធាន​ទីមួយ​បាន​គូស​បញ្ជាក់​នៅពេល​ថ្មីៗ​នេះ ។

កាល​ប្រធាន​ស្ដេក​ធ្វើការ​រៀបចំ​សម្រាប់​សន្និសីទ​ស្ដេក នោះ​គាត់​អាច​សូមឲ្យ​កូរ៉ុម​បព្វជិតភាព និង​អង្គការ​ផ្សេងទៀត បុគ្គល​ទាំងឡាយ ព្រមទាំង​ក្រុមគ្រួសារ​ឲ្យ​ជួយ​បាន ។ ឧទាហរណ៍ ពួកគេ​អាច​ត្រូវបាន​ចាត់តាំង​ឲ្យ​រៀបចំ​កៅអី ចាត់តាំង​អ្នកបង្ហាញ​កន្លែង​ដល់​អ្នកចូលរួម និង​សម្អាត​អគារ ។

ជាធម្មតា សន្និសីទ​ស្តេក​នីមួយៗ​មាន​នូវ​ការប្រជុំ​ដូច​ខាងក្រោម ៖

  • ការប្រជុំ​នៃ​ពួក​ចិតសិប​នាក់​ប្រចាំ​តំបន់ ឬ​អ្នកមាន​សិទ្ធិ​អំណាច​ទូទៅ ( ប្រសិនបើ​បាន​ចាត់ ) និង​ការប្រជុំ​គណៈប្រធាន​ស្តេក ។ ស្មៀន​ស្ដេក និង​លេខា​ប្រតិបត្តិ​ក៏​ចូលរួម​ផងដែរ ។

  • ការប្រជុំ​ថ្នាក់ដឹកនាំ​បព្វជិតភាព​ស្តេក ( សូមមើល ២៩.៣.៣ ) ។ អ្នកមាន​សិទ្ធិ​អំណាច​ជា​អធិបតី​សម្រេច​ចិត្ត​ថា តើ​ការប្រជុំ​នេះ​ធ្វើឡើង​នៅ​ថ្ងៃ​សៅរ៍ ឬ​ថ្ងៃ​អាទិត្យ ។ សមាជិក​ម្នាក់​ក្នុង​គណៈប្រធាន​ស្តេក​ដឹកនាំ​ការប្រជុំ ។

  • សម័យ​ប្រជុំ​ល្ងាច​ថ្ងៃសៅរ៍​គឺ​សម្រាប់​សមាជិក​ស្ដេក​ទាំងអស់​ដែល​មាន​អាយុ ១៨ ឆ្នាំ​ឡើង ។ អាស្រ័យ​លើ​ស្ថានភាព​ក្នុង​មូលដ្ឋាន ការប្រជុំ​នេះ​អាច​ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃ​អាទិត្យ បើ​បាន​អនុម័ត​ដោយ​អ្នកមាន​សិទ្ធិ​អំណាច​ជា​អធិបតី ។ សមាជិក​ម្នាក់​ក្នុង​គណៈប្រធាន​ស្តេក​ដឹកនាំ​ការប្រជុំ ។

  • សម័យ​ប្រជុំ​ទូទៅ ដែល​ធ្វើឡើង​នៅ​ថ្ងៃ​អាទិត្យ គឺ​សម្រាប់​សមាជិក​ទាំងអស់ និង​មនុស្ស​ដទៃ​ទៀត​ដែល​ចង់​ចូលរួម ។ ប្រធាន​ស្ដេក​ដឹកនាំ និង​ឡើង​និយាយ​នៅក្នុង​ការប្រជុំ​ទាំងនេះ ។ សម័យ​ប្រជុំ​ទូទៅ​ថ្ងៃ​អាទិត្យ​អាច​ធ្វើឡើង​ច្រើនដង ប្រសិនបើ​មិនមាន​កន្លែង​សម្រាប់​មនុស្ស​គ្រប់គ្នា​នៅក្នុង​សម័យ​ប្រជុំ​មួយ​នោះ ។ កុមារ​ចូលរួម​ជាមួយ​នឹង​ក្រុមគ្រួសារ​របស់​ពួកគេ មិនមែន​ក្នុង​ការប្រជុំ​ដាច់​ដោយ​ឡែក​ពី​គ្នា​នោះទេ ។

ប្រសិនបើ​ចាំបាច់ សម័យ​ប្រជុំ​សន្និសីទ​អាច​ផ្សាយ​បន្ដ​ផ្ទាល់​ទៅកាន់​សាលាប្រជុំ ឬ​ទីតាំង​ផ្សេងទៀត​នៅក្នុង​ស្ដេក​បាន ។ សមាជិក​មួយ​ចំនួន​អាច​ត្រូវការ​ការផ្សាយ​បន្ដ​ផ្ទាល់​នៃ​សន្និសីទ​នេះ​នៅក្នុង​ផ្ទះ​របស់​ពួកគេ ។ សម្រាប់​ព័ត៌មាន​បន្ថែម​ស្ដីពី​ការផ្សាយ​បន្ដ​ផ្ទាល់​នៃ​ការប្រជុំ សូមមើល ២៩.៧ ។

អ្នកឡើង​និយាយ​នៅក្នុង​សម័យ​ប្រជុំ​ទូទៅ​មិន​គួរ​ប្រើ​ជំនួយ​ចក្ខុ និង​សម្ភារ​ដែល​ជួយ​ដល់​សោតទស្សន៍​នោះទេ ( សូមមើល ៣៨.៨.៣ ) ។

ប្រសិនបើ​អ្នកកាន់​តំណែង​ទូទៅ ប្រធាន​ព្រះវិហារ​បរិសុទ្ធ និង​ភរិយា ប្រធាន​បេសកកម្ម និង​ភរិយា ឬ​លោកអយ្យកោ​ស្ដេក​ចូលរួម នោះ​ពួកគាត់​គួរតែ​អង្គុយ​នៅលើ​វេទិកា ។ ការណ៍​ដូចគ្នា​នេះ​អនុវត្ត​ចំពោះ​ទីប្រឹក្សា​នៅក្នុង​គណៈប្រធាន​ព្រះវិហារ​បរិសុទ្ធ និង​គណៈប្រធាន​បេសកកម្ម ( ព្រមទាំង​ភរិយា​របស់​ពួកគាត់ ) ប្រសិនបើ​ពួកគាត់​ចូលរួម​ជំនួសឲ្យ​ប្រធាន​ព្រះវិហារ​បរិសុទ្ធ ឬ​ប្រធាន​បេសកកម្ម ។

នៅក្នុង​សន្និសីទ​ស្ដេក​មួយ​រាល់ឆ្នាំ សមាជិក​មួយរូប​នៃ​គណៈប្រធាន​ស្ដេក​បង្ហាញ​ឈ្មោះ​អ្នកកាន់​តំណែង​ទូទៅ អ្នកកាន់​តំណែង​ប្រចាំ​តំបន់ និង​អ្នកកាន់​តំណែង​ស្ដេក​សម្រាប់​ការលើក​ដៃ​គាំទ្រ ។ គាត់​ប្រើ ទម្រង់​បែបបទ​គាំទ្រ​អ្នកកាន់​តំណែង ដែល​បាន​រៀបចំ​ដោយ​ស្មៀន​ស្ដេក ។ ជាធម្មតា ការណ៍​នេះ​ធ្វើឡើង​នៅក្នុង​សន្និសីទ​ស្ដេក​លើក​ទីមួយ​នៃ​ឆ្នាំ ។

ប្រសិនបើ​អ្នកកាន់​តំណែង​ស្ដេក​ត្រូវបាន​ហៅ ឬ​ដោះលែង​នៅ​ចន្លោះ​សន្និសីទ​ស្ដេក នោះ​ពួកគេ​ត្រូវបាន​បង្ហាញ​ឈ្មោះ​ដើម្បី​ទទួល​ការលើក​ដៃ​គាំទ្រ ឬ​ការបង្ហាញ​អំណរ​គុណ​នៅក្នុង​សន្និសីទ​ស្ដេក​លើក​ក្រោយ ។ ឬ​វា​អាច​ធ្វើឡើង​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់​នៃ​វួដ​នីមួយៗ ។ សូមមើល ៣០.៣ និង ៣០.៦ ។

បងប្អូន​ប្រុស​ដែល​ត្រូវបាន​ចេញ​អនុសាសន៍​ឲ្យ​ទទួល​ការតែងតាំង​ជា​អែលឌើរ ឬ​សង្ឃ​ជាន់ខ្ពស់ ត្រូវបាន​បង្ហាញ​ឈ្មោះ​ដើម្បី​ទទួល​ការលើក​ដៃ​គាំទ្រ​នៅក្នុង​សន្និសីទ​ស្ដេក ។ ប្រសិនបើ​បងប្អូន​ប្រុស​ម្នាក់​ត្រូវ​ទទួល​ការតែងតាំង​ពីមុន​សន្និសីទ​ស្ដេក​លើកក្រោយ នោះ​គាត់​អាច​ត្រូវបាន​គាំទ្រ​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់​វួដ​របស់​គាត់ ។ បន្ទាប់​មក ឈ្មោះ​របស់​គាត់​នឹង​ត្រូវបាន​បង្ហាញ​ដើម្បី​ទទួល​ការលើក​ដៃ​បញ្ជាក់​ការគាំទ្រ​នៅក្នុង​សន្និសីទ​ស្ដេក ( សូមមើល ១៨.១០.៣ ) ។

រូបភាព
ការប្រជុំ​ក្រុមប្រឹក្សា​យុវវ័យ

២៩.៣.២

ការប្រជុំ​បព្វជិតភាព​ទូទៅ​ស្តេក

គណៈប្រធាន​ស្ដេក​ដាក់​ផែនការ និង​ដឹកនាំ​ការប្រជុំ​បព្វជិតភាព​ទូទៅ​ស្តេក ។ ពួកគាត់​ជ្រើសរើស​ប្រធានបទ និង​អ្នកឡើង​និយាយ​ប្រកប​ដោយ​ការអធិស្ឋាន ។

២៩.៣.៣

ការប្រជុំ​ថ្នាក់ដឹកនាំ​បព្វជិតភាព​ស្តេក

គណៈប្រធាន​ស្ដេក​ដាក់​ផែនការ និង​ដឹកនាំ​ការប្រជុំ​ថ្នាក់ដឹកនាំ​បព្វជិតភាព​ស្តេក ។ ទម្រង់​នៃ​ការប្រជុំ​ទាំងនេះ​អាច​បត់បែន​បាន ។ អ្នកចូលរួម​ទាំងអស់​អាច​ជួបជុំ​គ្នា​សម្រាប់​ការប្រជុំ​ទាំងមូល ។ ឬ ក្រោយពី​ការណែនាំ​ទូទៅ​មួយ​ចំនួន​ហើយ ពួកគេ​អាច​បំបែក​គ្នា​ទៅជា​ក្រុម​តូចៗ​ដើម្បី​ទទួល​ការណែនាំ​ជាក់លាក់​បន្ថែម ដោយ​ផ្អែកលើ​ការហៅ និង​ការចាត់តាំង​របស់​ពួកគេ ។

ជាទូទៅ គណៈប្រធាន​ស្តេក និង​ថ្នាក់ដឹកនាំ​ស្ដេក​ផ្សេងទៀត​ផ្ដល់​ការណែនាំ ។ ថ្នាក់ដឹកនាំ​វួដ រួមទាំង​ថ្នាក់ដឹកនាំ​ស្ដ្រី ក៏អាច​ត្រូវបាន​អញ្ជើញ​ឲ្យ​ផ្ដល់​ការណែនាំ​នៅក្នុង​ឱកាស​នេះ​ផងដែរ ។

២៩.៣.៤

ការប្រជុំ​ថ្នាក់ដឹកនាំ​ស្តេក

គណៈប្រធាន​អង្គការ​ស្ដេក​ទាំងឡាយ​ដាក់​ផែនការ និង​ដឹកនាំ​ការប្រជុំ​ថ្នាក់ដឹកនាំ​ស្តេក ។ ទម្រង់​នៃ​ការប្រជុំ​ទាំងនេះ​អាច​បត់បែន​បាន ។ ថ្នាក់ដឹកនាំ​ទាំងអស់​អាច​ជួបជុំ​គ្នា​សម្រាប់​ការប្រជុំ​ទាំងមូល ។ ឬ ក្រោយពី​ការណែនាំ​ទូទៅ​មួយ​ចំនួន​ហើយ ពួកគេ​អាច​បំបែក​គ្នា​ទៅជា​ក្រុម​តូចៗ​ដើម្បី​ទទួល​ការណែនាំ​ជាក់លាក់​បន្ថែម ដោយ​ផ្អែកលើ​ការហៅ និង​ការចាត់តាំង​របស់​ពួកគេ ។

ជាទូទៅ ថ្នាក់ដឹកនាំ​អង្គការ សមាជិក​នៃ​គណៈប្រធាន​ស្តេក ឬ​ថ្នាក់ដឹកនាំ​ស្ដេក​ផ្សេងទៀត​ផ្ដល់​ការណែនាំ ។ ថ្នាក់ដឹកនាំ​អង្គការ​វួដ​ក៏អាច​ត្រូវបាន​អញ្ជើញ​ឲ្យ​ផ្ដល់​ការណែនាំ​នៅក្នុង​ឱកាស​នេះ​ផងដែរ ។

គណៈប្រធាន​ក្រុម​យុវជន​ស្ដេក​មិន​រៀបចំធ្វើ​ការប្រជុំ​ថ្នាក់ដឹកនាំ​ស្ដេក​ទេ ។ ការណែនាំ​សម្រាប់​អ្នក​ដែល​បម្រើ​នៅក្នុង​កូរ៉ុម​បព្វជិតភាព​អើរ៉ុន ត្រូវបាន​ផ្ដល់​ឲ្យ​នៅក្នុង​ការប្រជុំ​ថ្នាក់ដឹកនាំ​បព្វជិតភាព​ស្ដេក ( សូមមើល ២៩.៣.៣ ) ។

២៩.៣.៥

ការប្រជុំ​កូរ៉ុម​សង្ឃ​ជាន់ខ្ពស់​ស្តេក

គណៈប្រធាន​ស្ដេក​ដាក់​ផែនការ និង​ដឹកនាំ​ការប្រជុំ​កូរ៉ុម​សង្ឃ​ជាន់ខ្ពស់​ស្តេក ។ មិន​មាន​ការប្រជុំ​សម្រាប់​សង្ឃ​ជាន់ខ្ពស់ ដែល​ត្រូវបាន​តែងតាំង​ទាំងអស់​នៅក្នុង​ស្តេក​នោះទេ ។

២៩.៣.៦

ការប្រជុំ​គណៈប្រធាន​ស្តេក

ប្រធាន​ស្ដេក​ដាក់​ផែនការ និង​ដឹកនាំ​ការប្រជុំ​គណៈប្រធាន​ស្តេក ។ បញ្ហា​នានា​សម្រាប់​ការពិចារណា​អាច​រួមមាន ៖

  • កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង​នៅក្នុង​ស្ដេក ។

  • ការពង្រឹង​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ​នៅក្នុង​ស្ដេក ។

  • សេចក្ដី​ត្រូវការ និង​កម្លាំង​របស់​វួដ កូរ៉ុម​អែលឌើរ និង​អង្គការ​ផ្សេងទៀត​នៅក្នុង​ស្ដេក ។

  • អនុសាសន៍​របស់​ប៊ីស្សព​អំពី​បុរស​ដែល​ត្រូវ​តែងតាំង​ទៅ​ក្នុង​តំណែង​អែលឌើរ ។

  • សមាជិក​ដែល​ត្រូវ​ហៅឲ្យ​បម្រើ​នៅក្នុង​តំណែង​ស្ដេក និង​តំណែង​វួដ​មួយ​ចំនួន​ដូចដែល​បាន​ចែង​នៅក្នុង ៣០.៨ ។

  • អនុសាសន៍​របស់​ប៊ីស្សព​អំពី​សមាជិក​ដែល​ត្រូវ​បម្រើ​បេសកកម្ម ។

  • សេចក្ដី​ណែនាំ​មកពី​ព្រះគម្ពីរ ថ្នាក់ដឹកនាំ​សាសនាចក្រ និង​ក្បួនខ្នាត​នេះ ។

ចំណុច​ផ្សេងៗ​ទៀត​អាច​រួមមាន សកម្មភាព និង​កម្មវិធី​ស្ដេក គម្រោង​ថវិកា​ស្ដេក របាយការណ៍​ស្ដីពី​ការចាត់តាំង និង​ផែនការ​សម្រាប់​ការប្រជុំ​នៅពេល​ខាងមុខ ។

២៩.៣.៧

ការប្រជុំ​ក្រុមប្រឹក្សា​ជាន់ខ្ពស់

គណៈប្រធាន​ស្ដេក​ដាក់​ផែនការ និង​ដឹកនាំ​ការប្រជុំ​ក្រុមប្រឹក្សា​ជាន់ខ្ពស់ ។ ការប្រជុំ​ទាំងនេះ​អាច​រួមមាន ៖

  • ទទួល​ការណែនាំ​មកពី​គណៈប្រធាន​ស្តេក​អំពី​គោលលទ្ធិ និង​ការចាត់តាំង ។

  • ប្រឹក្សា​ជាមួយគ្នា​អំពី​ការពង្រឹង​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ​នៅក្នុង​ស្ដេក ។ ធនធាន​សម្រាប់​ថ្នាក់ដឹកនាំ និង​ស្មៀន ( ធ.ថ.ស. ) មាន​ឧបករណ៍ និង​របាយការណ៍​ដែល​អាច​ជួយ​ថ្នាក់ដឹកនាំ​ឲ្យ​ដឹង​អំពី​ការរីកចម្រើន​របស់​សមាជិក​បាន ។

  • ពិភាក្សា​ពី​របៀប​ដើម្បី​សម្រេច​ឲ្យបាន​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង​នៅក្នុង​ស្ដេក ។

  • រាយការណ៍​អំពី​ការចាត់តាំង​នានា ។

  • ប្រឹក្សា​ជាមួយ​នឹង​គណៈប្រធាន​ស្ដេក ហើយ​គាំទ្រ​ការសម្រេច​ចិត្ត​របស់​ពួកគាត់​ដើម្បី​តែងតាំង​បងប្អូន​ប្រុស​ទៅក្នុង​តំណែង​អែលឌើរ និង​សង្ឃ​ជាន់ខ្ពស់ ។

  • ប្រឹក្សា​ជាមួយ​នឹង​គណៈប្រធាន​ស្ដេក ហើយ​គាំទ្រ​ការសម្រេច​ចិត្ត​របស់​ពួកគាត់​ដើម្បី​ចេញ​ការហៅ​ទាំងឡាយ ។

  • ជួយ​ដាក់​ផែនការ​សម្រាប់​ការប្រជុំ​ថ្នាក់ដឹកនាំ​បព្វជិតភាព​ស្តេក ( សូមមើល ២៩.៣.៣ ) ។

  • ស្តាប់​របាយការណ៍​របស់​អ្នកត្រឡប់​មកពី​ផ្សព្វផ្សាយ​សាសនា​វិញ ( សូមមើល ២៤.៨.៣ ) ។

ពេលខ្លះ ការប្រជុំ​ក្រុមប្រឹក្សា​ជាន់ខ្ពស់​ខ្លី​មួយ​អាច​ធ្វើឡើង​ភ្លាមៗ បន្ទាប់ពី​ការប្រជុំ​ក្រុមប្រឹក្សា​ស្ដេក ( សូមមើល ២៩.៣.៨ ) ។ ការណ៍​នេះ​អាច​ជួយ​កាត់បន្ថយ​ចំនួន​ចូលរួម​ការប្រជុំ​សម្រាប់​ថ្នាក់ដឹកនាំ​បាន ។

ដើម្បី​យល់ពី​គោលការណ៍​ដែល​ដឹកនាំ​ការប្រជុំ​ក្រុមប្រឹក្សា​នៅក្នុង​សាសនាចក្រ នោះ​សមាជិក​ក្រុមប្រឹក្សា​ទាំងអស់​គួរតែ​សិក្សា​នៅក្នុង ៤.៣ និង ៤.៤ ។

សម្រាប់​ព័ត៌មាន​ស្ដីពី​ការចូលរួម​ការប្រជុំ​ពី​ចម្ងាយ​របស់​អ្នកចូលរួម សូមមើល ២៩.៧ ។

២៩.៣.៨

ការប្រជុំ​ក្រុមប្រឹក្សា​ស្តេក

ប្រធាន​ស្ដេក​ដាក់​ផែនការ និង​ដឹកនាំ​ការប្រជុំ​ក្រុមប្រឹក្សា​ស្តេក ។ នៅក្នុង​ការប្រជុំ​ទាំងនេះ សមាជិក​ក្រុមប្រឹក្សា​អាច ៖

  • ទទួល​ការណែនាំ​មកពី​គណៈប្រធាន​ស្តេក​អំពី​គោលលទ្ធិ និង​ការចាត់តាំង​របស់​ពួកគាត់ ។

  • ប្រឹក្សា​ជាមួយគ្នា​អំពី​ការពង្រឹង​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ​នៅក្នុង​ស្ដេក ។ ធ.ថ.ស. មាន​ឧបករណ៍ និង​របាយការណ៍​ដែល​អាច​ជួយ​ថ្នាក់ដឹកនាំ​ឲ្យ​ដឹង​អំពី​ការរីកចម្រើន​របស់​សមាជិក​បាន ។

  • ពិភាក្សា​អំពី​ទស្សនវិស័យ​ជារួម​សម្រាប់​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង​នៅក្នុង​ស្ដេក ។

  • ពិភាក្សា​ពី​តម្រូវការ​ខាង​សាច់ឈាម​របស់​សមាជិក​ស្តេក និង​ពី​របៀប​ដើម្បី​ជួយ​សមាជិក​ឲ្យ​មាន​ភាពខ្លួន​ទីពឹង​ខ្លួន ។ កំណត់ពី​ធនធាន​ដែល​មាន​នៅក្នុង​សហគមន៍ និង​ស្ដេក ។ ឧទាហរណ៍​អាច​រួមមាន​សាលារៀន​ក្នុង​មូលដ្ឋាន និង BYU–Pathway Worldwide ។ ( សូមមើល ២២.១២ និង ២២.១៣ ) ។

  • បង្កើត និង​បន្ដ​ធ្វើ​ផែនការ​សាមញ្ញ​មួយ​សម្រាប់​ស្តេក​ក្នុង​ការឆ្លើយតប​ទៅនឹង​ភាពអាសន្ន ( សូមមើល ២២.៩.១.៣ ) ។

  • ដាក់​ផែនការ​ពី​របៀប​ដើម្បីឲ្យ​សមាជិក​ស្ដេក​ផ្ដល់​ការបម្រើ​នៅក្នុង​សហគមន៍ ( សូមមើល ២២.៩.១ ) ។ នៅកន្លែង​ណា​ដែល​មាន នោះ JustServe.org ផ្ដល់​ជា​ឱកាស​បម្រើ​នៅក្នុង​សហគមន៍ ។

  • រាយការណ៍​អំពី​អង្គការ​ស្តេក សកម្មភាព​ស្តេក ព្រមទាំង​កម្មវិធី​ទាំងឡាយ​នៅក្នុង​ស្ដេក ។

ពេលខ្លះ ការប្រជុំ​ក្រុមប្រឹក្សា​ស្ដេក​មួយ​អាច​ធ្វើឡើង​ភ្លាមៗ បន្ទាប់ពី​ការប្រជុំ​ក្រុមប្រឹក្សា​ជាន់ខ្ពស់​ស្ដេក​ដ៏ខ្លី​មួយ ( សូមមើល ២៩.៣.៧ ) ។ ការណ៍​នេះ​អាច​ជួយ​កាត់បន្ថយ​ចំនួន​ចូលរួម​ការប្រជុំ​សម្រាប់​ថ្នាក់ដឹកនាំ​បាន ។

ដើម្បី​យល់ពី​គោលការណ៍​ដែល​ដឹកនាំ​ការប្រជុំ​ក្រុមប្រឹក្សា​នៅក្នុង​សាសនាចក្រ នោះ​សមាជិក​ក្រុមប្រឹក្សា​ទាំងអស់​គួរតែ​សិក្សា​នៅក្នុង ៤.៣ និង ៤.៤ ។

សម្រាប់​ព័ត៌មាន​ស្ដីពី​ការចូលរួម​ការប្រជុំ​ពី​ចម្ងាយ​របស់​អ្នកចូលរួម សូមមើល ២៩.៧ ។

២៩.៣.៩

រូបភាព
រូបសញ្ញា​គោលការណ៍​ណែនាំ​សម្រាប់​ការសម្រប​សម្រួល
ការប្រជុំ​គណៈកម្មការ​ភាពជា​អ្នកដឹកនាំ​មជ្ឈិមវ័យ​ស្តេក

គណៈកម្មការ​ភាពជា​អ្នកដឹកនាំ​មជ្ឈិមវ័យ​ស្តេក​គាំទ្រ​ដល់​គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​គណៈប្រធាន​សមាគម​សង្គ្រោះ​វួដ​នៅក្នុង​កិច្ចការ​របស់​ពួកគាត់ ។ សមាជិក​គណៈកម្មការ​ផ្ដល់​ការគូស​បញ្ជាក់​ជាពិសេស​ដល់​កិច្ចខិតខំ​របស់​វួដ​ដើម្បី​ចែកចាយ​ដំណឹងល្អ ពង្រឹង​សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​សកម្ម​ឡើងវិញ ព្រមទាំង​ចូលរួម​ក្នុង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ។

លើសពី​នេះ គណៈកម្មការ​នេះ​សម្រប​សម្រួល​ដល់​កិច្ចខិតខំ​របស់​ស្ដេក​ទាក់ទង​នឹង​សុខុមាលភាព និង​ភាពខ្លួន​ទីពឹង​ខ្លួន រួមមាន JustServe.org ( នៅ​កន្លែង​ណា​ដែល​មាន ) និង BYU–Pathway Worldwide ( សូមមើល ២២.១៣ ) ។

គណៈប្រធាន​ស្ដេក​ដាក់​ផែនការ និង​ដឹកនាំ​ការប្រជុំ​គណៈកម្មការ​ភាពជា​អ្នកដឹកនាំ​មជ្ឈិមវ័យ​ស្តេក ។ ការប្រជុំ​ទាំងនេះ​អាច​ជា​ការបន្ដ​ពី​ការប្រជុំ​ក្រុមប្រឹក្សា​ស្តេក ។ ឧទាហរណ៍ នៅ​ចុងបញ្ចប់​នៃ​ការប្រជុំ​ក្រុមប្រឹក្សា​ស្តេក​មួយ​ចំនួន គណៈកម្មការ​ភាពជា​អ្នកដឹកនាំ​មជ្ឈិមវ័យ​អាច​ធ្វើការ​ប្រជុំ​ដើម្បី​បន្ដ​ការពិភាក្សា​អំពី​បញ្ហា​ជាក់លាក់​នានា ។

២៩.៣.១០

រូបភាព
រូបសញ្ញា​គោលការណ៍​ណែនាំ​សម្រាប់​ការសម្រប​សម្រួល
ការប្រជុំ​គណៈកម្មការ​ភាពជា​អ្នកដឹកនាំ​យុវវ័យ​ស្តេក

គណៈកម្មការ​ភាពជា​អ្នកដឹកនាំ​យុវវ័យ​ស្តេក​មាន​ទំនួល​ខុសត្រូវ​ដូច​ខាងក្រោម​នេះ ៖

  • ដាក់​ផែនការ​ធ្វើ​ការបម្រើ និង​សកម្មភាព​សម្រាប់​យុវវ័យ​នៅក្នុង​ស្ដេក ។ សកម្មភាព​ទាំងនេះ​អាច​រួមមាន សន្និសីទ​យុវវ័យ ការរាំ ការប្រជុំ​ធម្មនិដ្ឋាន គម្រោង​បម្រើ និង​ព្រឹត្តិការណ៍​ពហុស្ដេក ។ ( សម្រាប់​គំនិត​យោបល់​ស្ដីពី​ការបម្រើ សូមមើល JustServe.org នៅ​កន្លែង​ណា​ដែល​មាន​កម្មវិធី​នេះ ) ។ យុវវ័យ​គួរតែ​ដឹកនាំ​នៅក្នុង​ការដាក់​ផែនការ និង​ការអនុវត្ត​សកម្មភាព​ទាំងនេះ ។ សកម្មភាព​ស្ដេក​មិនគួរ​ធ្វើ​ញឹកញាប់​ពេក រហូតដល់​វា​ក្លាយជា​បន្ទុក​ទៅលើ​វួដ​នោះទេ ។ សកម្មភាព​ទាំងនេះ​គួរតែ​បំពេញ​ឲ្យ​សកម្មភាព​វួដ មិនមែន​ប្រជែង​នឹង​សកម្មភាព​វួដ​នោះទេ ។ ថ្នាក់ដឹកនាំ​វួដ​គួរតែ​ទទួល​ដំណឹង​អំពី​សកម្មភាព​ស្ដេក​ជាមុន ។

  • ដាក់​ផែនការ​ពី​របៀប​ដើម្បី​គាំទ្រ​ដល់ សន្និសីទ​ដើម្បី​កម្លាំង​នៃ​យុវជន ។

  • សម្រប​សម្រួល​កិច្ចខិតខំ​ស្ដេក​ដែល​ទាក់ទង​នឹង កម្មវិធី​កុមារ និង​យុវវ័យ ។

សមាជិក​មួយ​រូប​នៃ​គណៈប្រធាន​ស្ដេក​ដាក់​ផែនការ និង​ដឹកនាំ​ការប្រជុំ​គណៈកម្មការ​ភាពជា​អ្នកដឹកនាំ​យុវវ័យ​ស្តេក ។ ការប្រជុំ​ទាំងនេះ​អាច​ជា​ការបន្ដ​ពី​ការប្រជុំ​ក្រុមប្រឹក្សា​ស្តេក ។ ឧទាហរណ៍ នៅ​ចុងបញ្ចប់​នៃ​ការប្រជុំ​ក្រុមប្រឹក្សា​ស្តេក​មួយ​ចំនួន គណៈកម្មការ​ភាពជា​អ្នកដឹកនាំ​យុវវ័យ​អាច​ធ្វើការ​ប្រជុំ ដើម្បី​បន្ដ​ការពិភាក្សា​អំពី​បញ្ហា​ជាក់លាក់​នានា ។

២៩.៣.១១

ការប្រជុំ​ក្រុមប្រឹក្សា​ប៊ីស្សព​ស្តេក

ប្រធាន​ស្តេក​អញ្ជើញ​ប៊ីស្សព​មួយ​រូប​ឲ្យ​ដឹកនាំ​ក្រុមប្រឹក្សា​ប៊ីស្សព​ស្ដេក​នេះ ។ ប៊ីស្សព​រូប​នេះ​ដាក់​ផែនការ និង​ដឹកនាំ​ការប្រជុំ​ក្រុមប្រឹក្សា​នេះ ។ បញ្ហា​នានា​សម្រាប់​ការពិភាក្សា​អាច​រួមមាន ៖

  • ការជួយ​យុវវ័យ​ឲ្យ​រីកចម្រើន​ខាង​វិញ្ញាណ ។

  • ការប្រើប្រាស់​ដង្វាយ​តម​អាហារ​ដើម្បី​ថែទាំ​ដល់​អ្នកដែល​ខ្វះខាត ។ ការជួយ​សមាជិក​ឲ្យមាន​ភាពខ្លួន​ទីពឹង​ខ្លួន ( សូមមើល ជំពូកទី ២២ ជាពិសេស ២២.១១ ) ។ ការចែកចាយ​ព័ត៌មាន​អំពី​ធនធាន​ដែល​មាន​នៅក្នុង​សហគមន៍ ។

  • ការជួយ​សមាជិក​ឲ្យ​ប្រែចិត្ត និង​ដក​ពិសោធន៍​ការផ្លាស់ប្ដូរ​នៅក្នុង​ដួងចិត្ត ( សូមមើល ជំពូកទី ៣២ ) ។

  • ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាសនាចក្រ ( សូមមើល ជំពូកទី ៣៤ ) ។

ម្ដងម្កាល ប្រធាន​ស្ដេក​អាច​ចែកចាយ​ការណែនាំ​បាន ។ ការណែនាំ​នេះ​ភាគច្រើន​គឺ​មកពី​ថ្នាក់ដឹកនាំ​សាសនាចក្រ រួមមាន​ការណែនាំ​មកពី​ពួក​ចិតសិប​នាក់​ប្រចាំ​តំបន់​នៅក្នុង​ក្រុមប្រឹក្សា​សម្រប​សម្រួល​ផងដែរ ( សូមមើល ២៩.៤ ) ។

ការប្រជុំ​នេះ​មិន​ជំនួស​ឲ្យ​ការសម្ភាស​ជា​ទៀងទាត់​របស់​ប្រធាន​ស្ដេក​ជាមួយ​នឹង​ប៊ីស្សព​ម្នាក់ៗ​នោះទេ ( សូមមើល ៦.២.១.២ ) ។

ដើម្បី​យល់ពី​គោលការណ៍​ដែល​ដឹកនាំ​ការប្រជុំ​ក្រុមប្រឹក្សា​នៅក្នុង​សាសនាចក្រ នោះ​សមាជិក​ក្រុមប្រឹក្សា​ទាំងអស់​គួរតែ​សិក្សា​នៅក្នុង ៤.៣ និង ៤.៤ ។

រូបភាព
ការប្រជុំ​ក្រុមប្រឹក្សា

២៩.៣.១២

ការប្រជុំ​ស្តេក​ផ្សេងទៀត

ការប្រជុំ​គណៈកម្មាការ​មជ្ឈិមវ័យ​នៅលីវ​ស្ដេក និង​គណៈកម្មការ​យុវមជ្ឈិមវ័យ​នៅលីវ​ស្ដេក ត្រូវបាន​ពិពណ៌នា​នៅក្នុង ១៤.១.១.២ ។

២៩.៤

ការប្រជុំ​ក្រុមប្រឹក្សា​សម្រប​សម្រួល

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ក្រុមប្រឹក្សា​សម្រប​សម្រួល សូមមើល ៥.២.៤ ។

២៩.៥

ពិធីបុណ្យ​សព និង​កម្មវិធី​ដទៃ​ទៀត​សម្រាប់​មរណជន

នៅពេល​សមាជិក​សាសនាចក្រ​ម្នាក់​ស្លាប់ នោះ​ប៊ីស្សព​អាច​ផ្ដល់​ជំនួយ​ដើម្បី​រៀបចំ​កម្មវិធី​បុណ្យ ដើម្បី​ជួយ​លួងលោម​អ្នកនៅរស់ និង​បង្ហាញ​ការគោរព​ដល់​សព​ជាលើក​ចុងក្រោយ ។ កម្មវិធី​បុណ្យ​សម្រាប់​មរណជន​អាច​ធ្វើឡើង​ខុសៗ​គ្នា​ស្របទៅ​តាម​សាសនា វប្បធម៌ ប្រពៃណី និង​ច្បាប់​ក្នុង​មូលដ្ឋាន ។ ការណែនាំ​ខាងក្រោម​នេះ​អាច​ជួយ​ប៊ីស្សព ឲ្យ​រៀបចំ​កម្មវិធី​បុណ្យ​ដែល​ផ្ដោតលើ​ដំណឹងល្អ​សម្រាប់​មរណជន ខណៈ​គោរព​ដល់​ភាពខុសគ្នា​ទាំងនេះ ។

២៩.៥.១

គោលការណ៍​ទូទៅ

សេចក្តី​ស្លាប់​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ផែនការ​នៃ​សេចក្តី​សង្រ្គោះ​របស់​ព្រះវរបិតា​សួគ៌ ( សូមមើល អាលម៉ា ១២:២៤–២៧ ) ។ ដោយសារតែ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​មនុស្ស​ទាំងអស់​នឹង​រស់​ឡើងវិញ ។ គោលបំណង​ដ៏​សំខាន់​មួយ​នៃ​កម្មវិធី​បុណ្យ​សម្រាប់​មរណជន​ក្នុង​សាសនាចក្រ​គឺ ការថ្លែង​ទីបន្ទាល់​អំពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ជាពិសេស​គឺ​ដង្វាយធួន និង​ការមាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​ព្រះអង្គ​សង្គ្រោះ ។ កម្មវិធី​បុណ្យ​ទាំងនេះ​គួរតែ​ជា​បទពិសោធន៍​ខាង​វិញ្ញាណ​មួយ ដែល​មាន​សេចក្ដី​ថ្លៃថ្នូរ ។

សមាជិក​សាសនាចក្រ​គួរតែ​បង្ហាញ​ការគោរព​ដល់​ការអនុវត្ត​តាម​របស់​សាសនា​ផ្សេងទៀត​នៅក្នុងពិធី​បុណ្យ​សព​នេះ ។ ទោះជា​យ៉ាងណា​ក្ដី ពួកគេ​មិន​ចូលរួម​ក្នុង​ពិធីសាសនា ឬ​ប្រពៃណី​ដែល​ផ្ទុយពី​ព្រះបញ្ញត្តិ​ទាំងឡាយ ឬ​បទដ្ឋាន​សាសនាចក្រ​ឡើយ ។ ថ្នាក់ដឹកនាំ​សាសនាចក្រ​មិនគួរ​បញ្ចូល​ពិធីសាសនា​របស់​សាសនា ឬ​ក្រុម​ផ្សេងទៀត​ទៅក្នុង​កម្មវិធី​បុណ្យ​ក្នុង​សាសនាចក្រ​សម្រាប់​មរណជន​នោះ​ទេ ។

សមាជិក​ត្រូវបាន​ទូន្មាន​កុំឲ្យ​អនុវត្ត ឬ​ធ្វើតាម​ប្រពៃណី​ដែល​ក្លាយជា​បន្ទុក​ដល់​អ្នកនៅរស់​ឡើយ ។ ការអនុវត្ត​បែបនោះ​អាច​រួមមាន​ការធ្វើ​ដំណើរ​ហួសហេតុ ការប្រកាស​បរិយាយ​ជា​សាធារណៈ ការចេញ​ចំណាយ​ឲ្យ​គ្រួសារ ការពន្យារ​ពិធីបុណ្យ​ឲ្យយូរ និង​ការប្រារព្ធ​បុណ្យ​ខួប​ដែល​ហួស​ប្រមាណ ។

សមាជិក​សាសនាចក្រ​ដែល​ចូលរួម​ក្នុង​កម្មវិធី​បុណ្យសព មិនគួរ​ទទួល​យក​ការបង់ថ្លៃ ឬ​ការបរិច្ចាគ​ឡើយ ។

ថ្នាក់ដឹកនាំ និង​សមាជិក​សាសនាចក្រ​គោរព​តាម​ច្បាប់​ក្នុង​មួលដ្ឋាន​ស្ដីពី​អ្វី​ដែល​ត្រូវ​ធ្វើ នៅពេល​នរណាម្នាក់​ស្លាប់ ។

២៩.៥.២

ជំនួយ​តម​អាហារ​ដល់​គ្រួសារ

ក្នុងនាម​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ថ្នាក់ដឹកនាំ និង​សមាជិក​សាសនាចក្រ « ទួញ​យំ​ជាមួយ​នឹង​អ្នកណា​ដែល​ទួញ​យំ … ហើយ​កម្សាន្ដ​ទុក្ខ​ដល់​អស់​អ្នកណា​ដែល​កំពុង​ត្រូវការ​កម្សាន្ដ​ទុក្ខ » ( ម៉ូសាយ ១៨:៩ ) ។ នៅពេល​សមាជិក​ម្នាក់​ស្លាប់ នោះ​ប៊ីស្សព​ទៅសួរ​សុខទុក្ខ​គ្រួសារ​នោះ ដើម្បី​ផ្ដល់​ការលួងលោម ។ គាត់​អាច​សូមឲ្យ​ទីប្រឹក្សា​របស់​គាត់​ទៅ​ជាមួយ​នឹង​គាត់​បាន ។ គាត់​ក៏​ជូន​ដំណឹង​ដល់​ប្រធាន​កូរ៉ុម​អែលឌើរ និង​ប្រធាន​សមាគម​សង្គ្រោះ​ផងដែរ ។

ប៊ីស្សព​ផ្ដល់​ជំនួយ​មកពី​សមាជិក​វួដ រួមមាន​កូរ៉ុម​អែលឌើរ និង​សមាគម​សង្គ្រោះ ។ ឧទាហរណ៍ សមាជិក​វួដ​អាច ៖

  • ជូន​ដំណឹង​ដល់​មិត្តភក្ដិ និង​សាច់ញាតិ​ទាំងឡាយ ។

  • ជួយ​រៀបចំ​ដំណឹង​មរណភាព ។

  • ជួយ​រៀបចំ​កម្មវិធី​បុណ្យសព ឬ​កម្មវិធី​ផ្សេងទៀត ។

  • ជួយ​រៀបចំ​កន្លែង​បញ្ចុះសព និង​ផ្នូរ​បើ​មាន ។

  • ស្លៀកពាក់​ឲ្យ​សព​សម្រាប់​ការបញ្ចុះសព ( សូមមើល ៣៨.៥.៨ ) ។

  • រៀបចំ​ម្ហូប​អាហារ ។

២៩.៥.៣

ការបើក​មើល​សព ( នៅ​កន្លែង​ដែល​ធ្វើ​តាម​ប្រពៃណី )

ពេលខ្លះ ការបើក​មើល​សព​ធ្វើឡើង​នៅក្នុង​សាលាប្រជុំ​នៃ​សាសនាចក្រ ពីមុន​កម្មវិធី​បុណ្យ​សព ។ ថ្នាក់ដឹកនាំ​គួរតែ​បើក​សាលាប្រជុំ​សម្រាប់​អ្នកដឹកនាំ​បុណ្យសព យ៉ាងហោច​ណាស់​មួយ​ម៉ោង​មុនពេល​ការបើក​មើល​សព​ចាប់ផ្ដើម ។

បន្ទាប់ពី​ការបើក​មើល​សព​ហើយ ការអធិស្ឋាន​ជា​គ្រួសារ​អាច​ត្រូវបាន​ផ្តល់ឲ្យ ប្រសិនបើ​គ្រួសារ​ចង់​ធ្វើ ។ ក្ដារមឈូស​គួរតែ​បិទ ពីមុន​កម្មវិធី​បុណ្យ​សព​ចាប់ផ្ដើម ។

២៩.៥.៤

កម្មវិធី​បុណ្យ​សព ( នៅ​កន្លែង​ដែល​ធ្វើ​តាម​ប្រពៃណី )

ប្រសិនបើ​ពិធីបុណ្យ​សព​សម្រាប់​សមាជិក​ត្រូវបាន​ធ្វើឡើង​នៅក្នុង​អគារ​សាសនាចក្រ នោះ​ប៊ីស្សព​ជា​អ្នកដឹកនាំ​កម្មវិធី ។ ប្រសិនបើ​ពិធីបុណ្យ​សព​ធ្វើ​នៅឯ​គេហដ្ឋាន នៅ​កន្លែង​បញ្ចុះសព ឬ​នៅឯ​ផ្នូរ នោះ​គ្រួសារ​អាច​សូមឲ្យ​ប៊ីស្សព​ដឹកនាំ​កម្មវិធី​បាន ។ ទីប្រឹក្សា​របស់​ប៊ីស្សព​អាច​ដឹកនាំ​បាន ប្រសិនបើ​ប៊ីស្សព​មិន​អាច​ធ្វើបាន ។ សម្រាប់​ព័ត៌មាន​អំពី​កម្មវិធី​បុណ្យ​សម្រាប់​សព​ដែល​មិនមែន​ជា​សមាជិក​នៅក្នុង​អគារ​សាសនាចក្រ សូមមើល ២៩.៥.៦ ។

បុណ្យសព​ដែល​បាន​ដឹកនាំ​កម្មវិធី​ដោយ​ប៊ីស្សព មិន​ថា​នៅក្នុង​អគារ​សាសនាចក្រ ឬ​ទីណា​ផ្សេងទៀត​នោះទេ គឺជា​ការប្រជុំ​សាសនាចក្រ និង​ជា​កម្មវិធីបុណ្យ​តាម​សាសនា ។ វា​គួរតែ​ជា​ពេលវេលា​ខាង​វិញ្ញាណ​មួយ ។ ប៊ីស្សព​ជំរុញ​ឲ្យ​អ្នកចូលរួម​រក្សា​ឲ្យ​បាន​នូវ​ស្មារតី​នៃ​គារវភាព និង​សេចក្តី​ថ្លៃថ្នូរ ។

នៅពេល​ប៊ីស្សព​ដឹកនាំ​ពិធី​បុណ្យសព គាត់ ឬ​ទីប្រឹក្សា​មួយ​រូប​របស់​គាត់​មើលការ​ខុសត្រូវ​លើ​ការរៀបចំ​កម្មវិធី ។ គាត់​គិត​ដល់​បំណង​ប្រាថ្នា​របស់​គ្រួសារ ដោយ​ធានា​ថា​បុណ្យសព​គឺ​សាមញ្ញ និង​ពេញ​ដោយ​សេចក្ដី​ថ្លៃថ្នូរ ដោយ​មាន​តន្ដ្រី និង​ការឡើង​ថ្លែងសុន្ទរកថា​ខ្លីៗ​ដែល​ផ្ដោតលើ​ដំណឹងល្អ ។ ការលួងលោម​ដែល​បាន​ប្រទាន​ដោយ​ព្រះយេស៊ូវ​គ្រីស្ទ ដោយសារតែ​ដង្វាយធួន និង​ការមាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​ទ្រង់​គួរតែ​ត្រូវបាន​សង្កត់ធ្ងន់ ។ សមាជិក​គ្រួសារ​មិន​តម្រូវឲ្យ​ឡើង​និយាយ ឬ​ចូលរួម​នៅក្នុង​កម្មវិធី​បុណ្យ​នោះឡើយ ។

បុណ្យសព​គឺជា​ឱកាស​មួយ​ដើម្បី​សម្ដែង​ការគោរព​ដល់​សព ។ ទោះយ៉ាងណា ការគោរព​ទាំងនោះ​មិនគួរ​លើសលប់​លើ​កម្មវិធី​បុណ្យ​នោះទេ ។ ជាធម្មតា​ការជួបជុំ​គ្រួសារ​ជាពិសេស​មួយ ដែល​ដាច់​ដោយឡែក​ពី​កម្មវិធី​បុណ្យ​សព ផ្ដល់​ជា​មជ្ឈដ្ឋាន​ដ៏ប្រសើរ​មួយ ប្រសិនបើ​គ្រួសារ​នោះ​ចង់​មាន​ពេល​បន្ថែម​ដើម្បី​ចែក​រំលែក​ការគោរព ឬ​អនុស្សាវរីយ៍ ។

បទបង្ហាញ​ជា​វីដេអូ​មិនគួរ​មាន​ក្នុង​កម្មវិធីបុណ្យ​សព​នៅក្នុង​រោងជំនុំ​នោះទេ ។

ពិធី​បុណ្យសព​គួរតែ​ចាប់ផ្តើម​ឲ្យ​ទាន់​ពេល ។ ជាទូទៅ កម្មវិធី​បុណ្យ​សព​មិនគួរ​ហួសពី​រយៈពេល ១.៥ ម៉ោង​ឡើយ ជា​ការគួរសម​ដល់​អ្នកចូលរួម​បុណ្យសព​នោះ ។

ប្រសិនបើ​សមាជិក​មួយ​រូប​នៃ​គណៈប្រធាន​ស្តេក ពួក​ចិតសិប​ប្រចាំ​តំបន់​របស់​គាត់ ឬ​អ្នកមាន​សិទ្ធិ​អំណាច​ទូទៅ​ម្នាក់​ចូលរួម​ពិធីបុណ្យ​សព នោះ​គាត់​ធ្វើជា​អធិបតី ។ បុគ្គល​ដែល​កំពុង​ដឹកនាំ​កម្មវិធី ពិគ្រោះ​ជាមួយ​គាត់​ជាមុន ហើយ​ទទួល​ស្គាល់​វត្តមាន​របស់​គាត់​អំឡុង​កម្មវិធី​នោះ ។ អ្នកកាន់​តំណែង​ជាអធិបតី​គួរតែ​ត្រូវបាន​អញ្ជើញ​ឲ្យ​ឡើង​ថ្លែង​សុន្ទរកថា​បិទ ប្រសិនបើ​គាត់​ចង់​ធ្វើ​ដូច្នោះ ។

ជាធម្មតា កម្មវិធី​បុណ្យសព​មិន​ធ្វើឡើង​នៅ​ថ្ងៃ​អាទិត្យ​ទេ ។

នៅក្នុង​ករណី​មួយ​ចំនួន ប៊ីស្សព​អាច​ទាក់ទង​ទៅ​អ្នករៀបចំ​ការបូជា​សព ដើម្បី​ចេញ​ចំណាយ​ថ្លៃ​ពិធីបុណ្យ​សព និង​កម្មវិធី​បញ្ចុះសព​ដែល​មាន​ភាពរម្យទម និង​ប្រកប​ដោយ​ក្ដីគោរព ប្រសិនបើ​ការចំណាយ​នោះ​ត្រូវ​កាត់ចេញ​ពី​មូលនិធិ​ដង្វាយ​តមអាហារ ។

សម្រាប់​ព័ត៌មាន​អំពី​អ្នកផ្សព្វផ្សាយ​សាសនា​ដែល​ត្រឡប់​មកផ្ទះ​ដើម្បី​ចូលរួម​ពិធីបុណ្យ​សព សូមមើល ២៤.៦.២.៧ ។ សម្រាប់​សេចក្ដី​គោលការណ៍​ណែនាំ​អំពី​ការផ្សាយ​បន្ដ​ផ្ទាល់​ពិធីបុណ្យ​សព សូមមើល ២៩.៧ ។

២៩.៥.៥

ការបញ្ចុះ ឬ​ការធ្វើ​ឈាបនកិច្ច

ប្រសិនបើ​អាច​ធ្វើ​ទៅបាន សព​សមាជិក​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​រួច​ហើយ គួរតែ​ត្រូវបាន​បញ្ចុះ ឬ​ធ្វើ​ឈាបនកិច្ច​ដោយ​ស្លៀក​សម្លៀក​បំពាក់​ព្រះវិហារ​បរិសុទ្ធ ។ សម្រាប់​ព័ត៌មាន​អំពី​សម្លៀក​បំពាក់​ព្រះវិហារ​បរិសុទ្ធ​ក្នុង​ការបញ្ចុះសព និង​ការស្លៀកពាក់​ឲ្យ​សព សូមមើល ៣៨.៥.៨ ។

ប្រសិនបើ​អាច​ធ្វើបាន សមាជិក​ម្នាក់​នៃ​គណៈប៊ីស្សព​ដង្ហែ​សព​ទៅកាន់​កន្លែង​បញ្ចុះសព ។ ប្រសិនបើ​ផ្នូរសព​នឹង​ត្រូវ​ឧទ្ទិស នោះ​គាត់​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រួសារ ហើយ​សូមឲ្យ​អ្នកកាន់​បព្វជិតភាព​មិលគីស្សាដែក​ធ្វើការ​ឧទ្ទិស ។ ការណែនាំ​ត្រូវបាន​ផ្ដល់ឲ្យ​នៅក្នុង ១៨.១៦ ។ ប្រសិនបើ​ជា​បំណង​របស់​ក្រុមគ្រួសារ នោះ​អ្នកធ្វើ​ការអធិស្ឋាន​អាច​ផ្តល់​ការអធិស្ឋាន​បញ្ចុះសព​ជំនួស​វិញ ។

សម្រាប់​ព័ត៌មាន​អំពី​ការឧទ្ទិស​ទីកន្លែង ​ដែល​រក្សាទុក​ឆ្អឹង​របស់​សព​ដែល​បាន​ធ្វើ​ឈាបនកិច្ច សូមមើល ១៨.១៦.២ ។ សម្រាប់​គោលការណ៍​ណែនាំ​ផ្សេងទៀត​អំពី​ការធ្វើ​ឈាបនកិច្ច សូមមើល ៣៨.៧.២ ។

២៩.៥.៦

កម្មវិធី​បុណ្យ​សម្រាប់​សព​ដែល​មិនមែន​ជា​សមាជិក

ប៊ីស្សប​អាច​អនុញ្ញាត​ឲ្យប្រើ​សាលាប្រជុំ​ក្នុង​សាសនាចក្រ សម្រាប់​កម្មវិធី​បុណ្យ​សព​របស់​អ្នក​ដែល​មិនមែន​ជា​សមាជិក​បាន ។ ប្រសិនបើ​មរណជន​ជា​សមាជិក​ក្នុង​ព្រះវិហារ​ផ្សេង នោះ​ជាធម្មតា កម្មវិធី​បុណ្យ​អាច​ធ្វើឡើង​តាម​របៀប​ដែល​បាន​បង្គាប់​ដោយ​ព្រះវិហារ​នោះ ។ ប្រសិនបើ​ជាបំណង​របស់​គ្រួសារ​សព នោះ​កម្មវិធី​បុណ្យ​អាច​ត្រូវបាន​ដឹកនាំ​ដោយ​បព្វជិត​ពី​ព្រះវិហារ​នោះ ដោយសារ​វា​ផ្ដល់ជា​សេចក្ដី​ថ្លៃថ្នូរ និង​ភាពសមរម្យ ។ ប៉ុន្ដែ ពិធីបុណ្យ​របស់​ព្រះវិហារ ឬ​ស្ថាប័ន​ផ្សេងទៀត​ពុំអាច​ធ្វើឡើង​នៅក្នុង​សាលាប្រជុំ​របស់​សាសនាចក្រ​បាន​ទេ ។

២៩.៦

ការអធិស្ឋាន​នៅក្នុង​ការប្រជុំ​សាសនាចក្រ

ការអធិស្ឋាន​នៅក្នុង​ការប្រជុំ​សាសនាចក្រ​គួរតែ​ខ្លី សាមញ្ញ និង​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ ។ សមាជិក​សាសនាចក្រ​ដែល​បាន​ជ្រមុជ​ទឹក​រួចហើយ​ណាម្នាក់​អាច​ផ្ដល់​ការអធិស្ឋាន​បើក ឬ​ការអធិស្ឋាន​បិទ​បាន ។ កូនៗ​ដែល​មិន​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក អាច​អធិស្ឋាន​នៅក្នុង​អង្គការ​បឋម​សិក្សា​បាន ។ ថ្នាក់ដឹកនាំ​គួរតែ​ចៀសវាង​ការសូម​ឲ្យ​ស្វាមី និង​ភរិយា​ឡើង​អធិស្ឋាន​នៅក្នុង​ការប្រជុំ​ដដែល​នេះ​រហូត ។

សមាជិក​គួរតែ​អធិស្ឋាន​ដោយ​ប្រើ​ពាក្យពេចន៍ ដែល​បង្ហាញ​សេចក្ដី​ស្រឡាញ់ និង​ការគោរព​ដល់​ព្រះវរបិតាសួគ៌ ។ ជា​ភាសា​អង់គ្លេស ពាក្យពេចន៍​ទាំងនោះ​រួមមាន​ការប្រើ​សព្វនាម Thee, Thy, Thine និង Thou នៅពេល​ថ្លែង​អំពី​ទ្រង់ ។ ជា​ភាសាខ្មែរ យើង​ប្រើ​ពាក្យ ទ្រង់ ព្រះអម្ចាស់ ព្រះអង្គ ជាដើម ។

២៩.៧

ការផ្សាយ​បន្ដ​ផ្ទាល់​ការប្រជុំ និង​ការប្រជុំ​តាម​អ៊ីនធឺណិត

នៅពេល​អាច​ធ្វើបាន សមាជិក​សាសនាចក្រ​គួរតែ​ព្យាយាម​ចូលរួម​ការប្រជុំ​នេះ​ដោយ​ផ្ទាល់ ។ ទោះជា​យ៉ាងណា​ក៏ដោយ ពេលខ្លះ​ការណ៍​នេះ​មិន​អាច​ធ្វើបាន​ទេ ។ ការផ្សាយ​បន្ដ​ផ្ទាល់​ការប្រជុំ និង​ការប្រជុំ​តាម​អ៊ីនធឺណិត​ធ្វើឲ្យ​អ្នកដែល​មិន​អាច​ចូលរួម​ការប្រជុំ​នេះ​បាន​ដោយ​ផ្ទាល់ អាច​ចូលរួម​បាន​ពីចម្ងាយ ។ បុគ្គល​ទាំងនេះ​រួមមាន ( ប៉ុន្តែ​មិនកំណត់​តែប៉ុណ្ណោះទេ ) អ្នកដែល ៖

  • រស់នៅ​តំបន់​ដាច់​ស្រយាល ឬ​លទ្ធភាព​ក្នុង​ការធ្វើ​ដំណើរ​មាន​កំណត់ ។

  • មាន​បញ្ហា​ខាង​រាងកាយ ផ្លូវចិត្ត ឬ​ខាងសតិ​អារម្មណ៍ ។

  • ងាយ​ឆ្លង​មេរោគ ឬ​នៅក្នុង​មន្ទីរ​សម្រាក​ថែទាំ ឬ​មន្ទីរពេទ្យ ។

  • ជា​អ្នកធ្វើការ​ជួរមុខ ឬ​តម្រូវ​ឲ្យ​ធ្វើការ​នៅ​ថ្ងៃ​ឈប់​សម្រាក ។

  • ថែទាំ​ដល់​នរណាម្នាក់​ដែល​នៅ​ផ្ទះ ហើយ​មិន​អាច​ទុកឲ្យ​នៅតែ​ម្នាក់ឯង​បាន ។

  • ត្រូវការ​ការបកប្រែ​ភាសា-គ ។

  • មាន​ជំងឺ​អាឡែកស៊ី ដែល​ធ្វើឲ្យ​សុខភាព​របស់​ពួកគេ​ងាយ​រង​ហានិភ័យ​នៅក្នុង​ការប្រជុំ ។

សម្រាប់​ជា​ប្រយោជន៍​ដល់​សមាជិក​ទាំងនេះ និង​អ្នកដទៃ​ទៀត នោះ​ក្នុង​ករណី​លើកលែង ប៊ីស្សព​អាច​អនុញ្ញាត​ឲ្យ​មាន​ការផ្សាយ​បន្ដ​ផ្ទាល់​ពី​ការប្រជុំ​សាក្រាម៉ង់ និង​ពិធីបុណ្យ​សព និង​ពិធីរៀប​អាពាហ៍ពិពាហ៍​ដែល​ធ្វើឡើង​នៅក្នុង​សាលាប្រជុំ​បាន ។ ការផ្សាយ​បន្ដ​ផ្ទាល់​អនុញ្ញាត​ឲ្យ​មនុស្ស​ដទៃ​មើលឃើញ និង​ស្ដាប់ឮ​ការប្រជុំ​នេះ​ពី​ចម្ងាយ ប៉ុន្ដែ​មិន​ចូលរួម​ដោយ​ផ្ទាល់​នោះទេ ។

ការផ្សាយ​បន្ដ​ផ្ទាល់​ពី​ការប្រជុំ​សាក្រាម៉ង់​មិន​គួរ​បញ្ចូល​ផ្នែក​បម្រើ​សាក្រាម៉ង់​នោះទេ ។ ការផ្សាយ​បន្ដ​ផ្ទាល់​គួរតែ​ផ្អាក​អំឡុង​ពិធី​សាក្រាម៉ង់ ហើយ​បន្ដ​ទៀត​បន្ទាប់ពី​ពិធី​សាក្រាម៉ង់​ចប់ ។ ឬក៏​ប៊ីស្សព​អាច​លើក​ការបម្រើ​សាក្រាម៉ង់​ទៅ​ចុងបញ្ចប់​នៃ​ការប្រជុំ បន្ទាប់ពី​ការផ្សាយ​បន្ដ​ផ្ទាល់​បាន​បញ្ចប់ ។ រួចហើយ​ការប្រជុំ​នឹង​បិទ​ដោយ​ទំនុក​តម្កើង និង​ការអធិស្ឋាន ។

ប៊ីស្សព​អាច​ផ្ដល់​សិទ្ធិ​អំណាច​ឲ្យ​សង្ឃ ឬ​អ្នកកាន់​បព្វជិតភាព​ចាត់ចែង​សាក្រាម៉ង់​ដោយ​ផ្ទាល់ ទៅ​ដល់​សមាជិក​ដែល​មិន​អាច​ចូលរួម​ការប្រជុំ​នេះ​បាន ( សូមមើល ១៨.៩.១ ) ។

សម្រាប់​ការប្រជុំ​មួយ​ចំនួន ប៊ីស្សព ឬ​ប្រធាន​ស្ដេក​អាច​អនុញ្ញាត​ឲ្យ​សមាជិក​ដែល​មិន​អាច​ចូលរួម​បាន​ដោយ​ផ្ទាល់ ចូលរួម​តាម​អ៊ីនធឺណិតបាន ។ ការប្រជុំ​ទាំងនេះ​អាច​រួមមាន ៖

  • ការប្រជុំ​ថ្នាក់ដឹកនាំ ដូចជា​ការប្រជុំ​គណៈប្រធាន ឬ​ការប្រជុំ​ក្រុមប្រឹក្សា ។

  • ការប្រជុំ​កូរ៉ុម សមាគម​សង្គ្រោះ និង​ក្រុម​យុវនារី ។

  • ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ ។

  • ថ្នាក់​អង្គការ​បឋម​សិក្សា និង​ម៉ោង​ច្រៀង​ចម្រៀង ។

មិន​ដូចជា​ការផ្សាយ​បន្ដ​ផ្ទាល់​ទេ ការប្រជុំ​តាម​អ៊ីនធឺណិត​មាន​ការប្រាស្រ័យ​ទាក់ទង​គ្នា ។ អស់អ្នក​ដែល​ចូលរួម​ពី​ចម្ងាយ អាច​ចូលរួម​ចំណែក​តាមរយៈ​ការសួរ​សំណួរ ការបញ្ចេញ​មតិយោបល់ និង​ការចូលរួម​តាម​របៀប​ផ្សេងទៀត ។

ប្រធាន​ស្ដេក​អាច​អនុញ្ញាត​ឲ្យ​មាន​ការផ្សាយ​បន្ដ​ផ្ទាល់​ពី​សន្និសីទ​ស្ដេក​ទៅកាន់​ទីតាំង​ផ្សេងទៀត​នៅក្នុង​ស្ដេក រួមមាន​ទៅ​ផ្ទះ​របស់​សមាជិក​នៅពេល​ចាំបាច់ ។ គាត់​ក៏អាច​អនុញ្ញាត​ឲ្យ​ថ្នាក់ដឹកនាំ​ស្ដេក​ចូលរួម​ការប្រជុំ​ថ្នាក់ដឹកនាំ​តាម​អ៊ីនធឺណិត​ផងដែរ នៅពេល​ពួកគាត់​មិន​អាច​ចូលរួម​បាន​ដោយ​ផ្ទាល់ ( ឧទាហរណ៍ ដោយសារ​តែ​មូលហេតុ​ដែល​បាន​រៀបរាប់​នៅ​ខាងដើម​នៃ​ផ្នែក​នេះ ) ។

ការផ្សាយ​បន្ដ​ផ្ទាល់​ការប្រជុំ និង​ការប្រជុំ​តាម​អ៊ីនធឺណិត មិនមែន​ដើម្បី​ជា​ការងាយស្រួល​ដល់​អស់​អ្នក​ដែល​អាច​ចូលរួម​ដោយ​ផ្ទាល់​បាន​នោះទេ ។ ឧទាហរណ៍ ប៊ីស្សព​មិន​អនុញ្ញាត​ឲ្យ​មាន​ការផ្សាយ​បន្ដ​ផ្ទាល់​ការប្រជុំ​សាក្រាម៉ង់​សម្រាប់​សមាជិក​វួដ ដែល​កំពុង​ធ្វើ​ដំណើរ ហើយ​អាច​ចូលរួម​ក្នុង​វួដ​ផ្សេង​បាន​នោះទេ ។

អ្នកឯកទេស​ខាង​បច្ចេកវិទ្យា​ប្រចាំ​វួដ និង​ស្ដេក​អាច​ជួយ​ថ្នាក់ដឹកនាំ​ឲ្យ​ដំឡើង​ការផ្សាយ​បន្ដ​ផ្ទាល់​ការប្រជុំ និង​ការប្រជុំ​តាម​អ៊ីនធឺណិត​បាន ( សូមមើល ៣៣.១០ ) ។ បុគ្គល​ទាំងនេះ​ក៏អាច​ជួយ​សមាជិក​ឲ្យ​ចូល​ក្នុង​ការប្រជុំ​ទាំងនេះ​បាន​ផងដែរ ។

ការផ្សាយ​បន្ដ​ផ្ទាល់​ការប្រជុំ និង​ការប្រជុំ​តាម​អ៊ីនធឺណិត​មិនគួរ​បង្អាក់​ព្រះវិញ្ញាណ​នោះទេ ។ ជាទូទៅ មានតែ​ឧបករណ៍​មួយ​ប៉ុណ្ណោះ​ដែល​គួរតែ​ប្រើ​ដើម្បី​ចាប់យក​ការប្រជុំ​នេះ ។ ទាំង​ឧបករណ៍ និង​បុគ្គល​ដែល​ប្រើ​វា មិន​គួរ​ធ្វេសប្រហែស​នោះទេ ។

ការថត​ទុក​ការផ្សាយ​បន្ដ​ផ្ទាល់​នៃ​ការប្រជុំ​វួដ និង​ការប្រជុំ​ស្ដេក គួរតែ​លុបចោល​នៅ​អំឡុងពេល​មួយ​ថ្ងៃ​បន្ទាប់ពី​ការប្រជុំ​នេះ ។