« ២៩. ការប្រជុំទាំងឡាយនៅក្នុងសាសនាចក្រ » ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ( ឆ្នាំ ២០២០ ) ។
« ២៩. ការប្រជុំទាំងឡាយនៅក្នុងសាសនាចក្រ » ក្បួនខ្នាតទូទៅ ។
២៩.
ការប្រជុំទាំងឡាយនៅក្នុងសាសនាចក្រ
២៩.០
សេចក្តីផ្ដើម
ពួកបរិសុទ្ធថ្ងៃចុងក្រោយជួបជុំគ្នាដើម្បីថ្វាយបង្គំ ស្អាងគ្នាទៅវិញទៅមក ហើយបង្រៀន និងរៀនសូត្រដំណឹងល្អ ( សូមមើល អាលម៉ា ៦:៦; មរ៉ូណៃ ៦:៥–៦ ) ។ ព្រះអង្គសង្រ្គោះបានសន្យាថា « ត្បិតកន្លែងណាដែលមានពីរ ឬបីនាក់ប្រជុំជាមួយគ្នាដោយនូវឈ្មោះខ្ញុំ នោះខ្ញុំក៏នៅកណ្តាលចំណោមអ្នកទាំងនោះដែរ » ( ម៉ាថាយ ១៨:២០ ) ។ ការជួបជុំគ្នាគឺជារបៀបមួយ ដែលដួងចិត្តយើងអាច « ក្រងរួមគ្នាដោយសាមគ្គី ហើយស្រឡាញ់គ្នា » ( ម៉ូសាយ ១៨:២១ ) ។
ការប្រជុំថ្នាក់ដឹកនាំជួយថ្នាក់ដឹកនាំឲ្យប្រឹក្សារួមគ្នា និងសម្របសម្រួលកិច្ចខិតខំដើម្បីបម្រើមនុស្សដទៃ ។ ប៉ុន្ដែការប្រជុំនេះមិនគួរជំនួសឲ្យការបម្រើ និងការផ្ដល់ការងារបម្រើដូចជាព្រះយេស៊ូវគ្រីស្ទបានធ្វើនោះទេ ។ កិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងអាចដាក់ផែនការបាននៅក្នុងការប្រជុំ ប៉ុន្ដែជាញឹកញាប់ វាសម្រេចបានភាគច្រើនបំផុតនៅក្រៅការប្រជុំ ។
២៩.១
ការដាក់ផែនការ និងការដឹកនាំការប្រជុំទាំងឡាយ
ថ្នាក់ដឹកនាំដាក់ផែនការ និងដឹកនាំការប្រជុំ « ដូចដែលពួកគេត្រូវបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ ស្របតាមព្រះបញ្ញត្តិ និងវិវរណៈទាំងឡាយនៃព្រះ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៤៥; សូមមើលផងដែរ មរ៉ូណៃ ៦:៩; គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៦:២ ) ។ ពួកគាត់ស្វែងរកវិធីនានា ដើម្បីយាងអញ្ជើញឲ្យមានព្រះចេស្ដានៃព្រះវិញ្ញាណនៅក្នុងការប្រជុំរបស់ពួកគាត់ ។
ថ្នាក់ដឹកនាំធ្វើឲ្យប្រាកដថា ចំនួន និងរយៈពេលនៃការប្រជុំមិនដាក់បន្ទុកទៅលើសមាជិក ឬក្រុមគ្រួសាររបស់ពួកគេទេ ។ ឧទាហរណ៍ ការប្រជុំមិនគួរធ្វើឲ្យក្រុមគ្រួសារពិបាកមានពេលជួបជុំគ្នានៅថ្ងៃឈប់សម្រាកឡើយ ។
ថ្នាក់ដឹកនាំក៏ត្រូវប្រាកដផងដែរថា ការប្រជុំផ្ដោតលើអ្វីដែលសំខាន់បំផុត ។ ឧទាហរណ៍ ការប្រជុំសាក្រាម៉ង់គួរតែផ្ដោតលើពិធីសាក្រាម៉ង់ និងស្ថាបនាសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។ ការប្រជុំគណៈប្រធាន និងការប្រជុំក្រុមប្រឹក្សាផ្ដោតលើការពង្រឹងបុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ។
អ្នកកាន់តំណែងជាអធិបតីអាចដឹកនាំការប្រជុំបាន ។ ឬគាត់អាចសុំឲ្យនរណាម្នាក់ផ្សេងទៀត ដូចជាទឹប្រឹក្សាម្នាក់ ដឹកនាំការប្រជុំនៅក្រោមការណែនាំរបស់គាត់ ។
ជួនកាល មានអ្វីមួយកើតឡើងអំឡុងពេលប្រជុំ ដែលធ្វើឲ្យអ្នកកាន់តំណែងជាអធិបតីមានអារម្មណ៍ថា ចាំបាច់ត្រូវធ្វើការបញ្ជាក់ឲ្យច្បាស់លាស់ ។ ឧទាហរណ៍ នរណាម្នាក់អាចបង្រៀនគោលលទ្ធិមិនត្រឹមត្រូវ ។ ប្រសិនបើការណ៍នោះកើតឡើង នោះអ្នកកាន់តំណែងជាអធិបតីគួរតែធ្វើការបញ្ជាក់ឲ្យច្បាស់លាស់ ដោយមិនធ្វើឲ្យនរណាម្នាក់មានការខ្មាសអៀនឡើយ ។
២៩.២
ការប្រជុំក្នុងវួដ
២៩.២.១
ការប្រជុំសាក្រាម៉ង់
២៩.២.១.១
ការដាក់ផែនការការប្រជុំសាក្រាម៉ង់
គណៈប៊ីស្សពដាក់ផែនការ និងដឹកនាំការប្រជុំសាក្រាម៉ង់ ។ ពួកគាត់ធ្វើឲ្យប្រាកដថា ការប្រជុំសាក្រាម៉ង់ផ្ដោតលើពិធីសាក្រាម៉ង់ និងការស្ថាបនាសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។
ការប្រជុំសាក្រាម៉ង់មានរយៈពេលមួយម៉ោង ។ វាអាចរួមមានដូចខាងក្រោមនេះ ៖
-
តន្រ្តីកំដរបើកកម្មវិធី ( សូមមើល ១៩.៣.២ សម្រាប់គោលការណ៍ណែនាំ ) ។ ការចាប់ផ្ដើមដោយតន្ដ្រីដែលមានគារវភាពពីមុនការប្រជុំ អាចអញ្ជើញឲ្យមានវិញ្ញាណនៃការថ្វាយបង្គំ ។
-
ការជម្រាបសួរ និងការស្វាគមន៍ ។
-
ការទទួលស្គាល់ដល់អ្នកមានសិទ្ធិអំណាចជាអធិបតី ឬថ្នាក់ដឹកនាំផ្សេងទៀតដែលមកចូលរួម ។ អ្នកមានសិទ្ធិអំណាចជាអធិបតី និងទីប្រឹក្សាជាន់ខ្ពស់ដែលមកចូលរួម គួរតែត្រូវបានអញ្ជើញឲ្យឡើងទៅអង្គុយនៅលើវេទិកា ។ អ្នកកាន់តំណែងទូទៅក៏ត្រូវបានអញ្ជើញឲ្យទៅអង្គុយនៅលើវេទិកាផងដែរ លើកលែងតែពួកគាត់ចូលរួមក្នុងវួដកំណើតរបស់ពួកគាត់តាមធម្មតា ។
-
ការប្រកាស ។ ការប្រកាសទាំងនេះគួរតែធ្វើឡើងក្នុងកម្រិតអប្បបរមា ។ ភាគច្រើនអាចបោះពុម្ព ចែកចាយតាមអេឡិចត្រូនិច ឬចែកចាយនៅក្នុងការប្រជុំផ្សេងទៀតបាន ។
-
ទំនុកតម្កើងបើក និងការអធិស្ឋានបើក ។ សូមមើល ១៩.៣.២ និង ២៩.៦ ។
-
កិច្ចការវួដ និងកិច្ចការស្តេក មានដូចខាងក្រោម ៖
-
ការគាំទ្រ និងការដោះលែងអ្នកកាន់តំណែង និងគ្រូបង្រៀន ( សូមមើល ៣០.៣ និង ៣០.៦ ) ។
-
ការបង្ហាញឈ្មោះបងប្អូនប្រុសដែលត្រូវតែងតាំងក្នុងតំណែងបព្វជិតភាពអើរ៉ុន ( សូមមើល ១៨.១០.៣ ) ។
-
ការទទួលស្គាល់សមាជិកថ្មីក្នុងវួដ រួមទាំងអ្នកប្រែចិត្តជឿថ្មីៗផងដែរ ។ ក្រោយពីថ្លែងពាក្យស្វាគមន៍ពីរបីម៉ាត់ហើយ បុគ្គលដែលដឹកនាំការប្រជុំសូមឲ្យក្រុមជំនុំបង្ហាញដោយការលើកដៃថា ពួកគេស្វាគមន៍សមាជិកនេះមកក្នុងវួដ ។
នៅពេលកុមារដែលជាសមាជិកមានកំណត់ត្រាទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ នោះពួកគេត្រូវបានទទួលស្គាល់នៅក្នុងការប្រជុំសាក្រាម៉ង់ ។ ប៉ុន្ដែ ពួកគេមិនចាំបាច់ត្រូវបង្ហាញដើម្បីទទួលការស្វាគមន៍មកក្នុងវួដនោះទេ ។
-
-
ការដាក់ឈ្មោះ និងការប្រសិទ្ធពរដល់កុមារ ( សូមមើល ១៨.៦ ) ។ ជាធម្មតា ការណ៍នេះធ្វើឡើងនៅក្នុងការប្រជុំតមអាហារ និងទីបន្ទាល់ ( សូមមើល ២៩.២.២ ) ។
-
ពិធីបញ្ជាក់ដល់អ្នកប្រែចិត្តជឿថ្មី ( សូមមើល ១៨.៨ ) ។
-
ទំនុកតម្កើងសាក្រាម៉ង់ និងការបម្រើពិធីសាក្រាម៉ង់ ។ ការប្រជុំនេះគឺផ្តោតសំខាន់ចម្បងទៅលើពិធីសាក្រាម៉ង់ ។ ផ្នែកផ្សេងទៀតនៃការប្រជុំនេះមិនគួរបន្ថយអត្ថន័យនេះទេ ។ ពិធីបរិសុទ្ធនេះគឺជាឱកាសឲ្យសមាជិកដឹកនាំគំនិតរបស់ពួកគេទៅរកព្រះអង្គសង្គ្រោះ និងពលិកម្មរបស់ទ្រង់សម្រាប់ពួកគេ ។ វាគួរតែជាពេលវេលាដ៏ពិសិដ្ឋដើម្បីធ្វើការរំឭកខាងវិញ្ញាណជាថ្មី ។
តុសម្រាប់ធ្វើសាក្រាម៉ង់គួរតែត្រូវបានរៀបចំមុនពេលការប្រជុំចាប់ផ្តើម ។ ប៊ីស្សពត្រូវប្រាកដថា ពិធីសាក្រាម៉ង់ត្រូវបានប្រសិទ្ធពរ និងចែកដោយគារវភាព និងតាមរបៀបរៀបរយ ។ អស់អ្នកដែលបម្រើពិធីសាក្រាម៉ង់តំណាងឲ្យព្រះយេស៊ូវគ្រីស្ទ ។
សម្រាប់ព័ត៌មានបន្ថែមអំពីការរៀបចំ ការប្រសិទ្ធពរ និងការចែកសាក្រាម៉ង់ សូមមើល ១៨.៩ ។
ចំពោះព័ត៌មានអំពីការបម្រើពិធីសាក្រាម៉ង់នៅក្នុងស្ថានភាពខុសពីធម្មតា សូមមើល ២៩.២.១.៥ និង ១៨.៩.១ ។
-
សារលិខិតដំណឹងល្អ និងការច្រៀងជាក្រុមជំនុំ ឬចម្រៀងពិសេសផ្សេងទៀត ។ សារលិខិត និងតន្ដ្រីគួរតែស្របនឹងលក្ខណៈដ៏ពិសិដ្ឋនៃពិធីសាក្រាម៉ង់ ។ សម្រាប់ព័ត៌មានអំពីការជ្រើសរើសអ្នកឡើងនិយាយ សូមមើល ២៩.២.១.៤ ។ សម្រាប់ព័ត៌មានអំពីការជ្រើសរើសតន្ដ្រីនៅក្នុងពិធីសាក្រាម៉ង់ សូមមើល ១៩.៣.២ ។
-
ទំនុកតម្កើងបិទ និងការអធិស្ឋានបិទ ។
-
តន្ត្រីកំដរបិទកម្មវិធី ។
ជំនួយចក្ខុ និងសម្ភារសោតទស្សន៍ មិនគួរប្រើប្រាស់នៅក្នុងការប្រជុំសាក្រាម៉ង់នោះទេ ( សូមមើល ៣៨.៨.៣ ) ។
២៩.២.១.២
ការធ្វើជាអធិបតីនៅក្នុងការប្រជុំសាក្រាម៉ង់
ប៊ីស្សពធ្វើជាអធិបតីនៅក្នុងការប្រជុំសាក្រាម៉ង់ លើកលែងតែមានការចូលរួមពីសមាជិកមួយរូបនៃគណៈប្រធានស្តេក ពួកចិតសិបប្រចាំតំបន់របស់គាត់ ឬអ្នកមានសិទ្ធិអំណាចទូទៅម្នាក់ ។ ប្រសិនបើប៊ីស្សព និងទីប្រឹក្សារបស់គាត់មិនអាចចូលរួមការប្រជុំសាក្រាម៉ង់បាន នោះប្រធានស្តេកចាត់តាំងអ្នកដែលធ្វើជាអធិបតីក្នុងការប្រជុំនោះ ។ ជាធម្មតា គាត់ចាត់តាំងប្រធានកូរ៉ុមអែលឌើរ ។ ប៉ុន្ដែ គាត់អាចអញ្ជើញអ្នកកាន់បព្វជិតភាពដទៃទៀតបាន ជាពិសេសសង្ឃជាន់ខ្ពស់ ឬអែលឌើរម្នាក់ ។
២៩.២.១.៣
ពេលវេលាមុនការប្រជុំ
មុនពេលការប្រជុំចាប់ផ្ដើម សមាជិកក្រុមជំនុំរៀបចំខ្លួនខាងវិញ្ញាណសម្រាប់ពិធីសាក្រាម៉ង់ ។ ពួកគេអាចធ្វើការណ៍នេះបាន តាមរយៈការអធិស្ឋាន និងការសញ្ជឹងគិតដ៏ស្ងប់ស្ងាត់ ។ ថ្នាក់ដឹកនាំធ្វើជាគំរូនៃគារវភាពនេះ ។
២៩.២.១.៤
ការជ្រើសរើសអ្នកឡើងនិយាយ
គណៈប៊ីស្សពជ្រើសរើសអ្នកឡើងនិយាយសម្រាប់ការប្រជុំសាក្រាម៉ង់ ។ ជារឿយៗបំផុត ពួកគាត់អញ្ជើញសមាជិកក្នុងវួដ រួមទាំងយុវវ័យផងដែរ ( សូមមើល ៣៨.៨.១៧ ) ។ ប្រធានស្ដេកអាចចាត់ទីប្រឹក្សាជាន់ខ្ពស់ ឬសមាជិកនៃគណៈប្រធានអង្គការស្ដេកឲ្យឡើងនិយាយ ។ ប្រធានស្តេកកំណត់អំពីភាពញឹកញាប់នៃការចាត់តាំងបែបនេះ ។
គណៈប៊ីស្សពធ្វើការអញ្ជើញអ្នកឡើងនិយាយ ពីមុនការប្រជុំយូរគួរសមដែរ ។ អ្នកឡើងនិយាយថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ និងបង្រៀនដំណឹងល្អរបស់ទ្រង់ដោយប្រើប្រាស់ព្រះគម្ពីរ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:១២; ៥២:៩ ) ។ សារលិខិតនានាគួរតែស្ថាបនាសេចក្ដីជំនឿ ហើយស្របនឹងលក្ខណៈដ៏ពិសិដ្ឋនៃពិធីសាក្រាម៉ង់ ។
សម្រាប់ព័ត៌មានអំពីការឡើងនិយាយរបស់អ្នកផ្សព្វផ្សាយសាសនាដែលទើបបានហៅថ្មីៗ ឬទើបត្រឡប់មកពីបេសកកម្មថ្មីៗនៅក្នុងពិធីសាក្រាម៉ង់ សូមមើល ២៤.៥.២ និង ២៤.៨.៣ ។
គណៈប៊ីស្សពដាក់កាលវិភាគការប្រជុំសាក្រាម៉ង់មួយរាល់ឆ្នាំ សម្រាប់ការធ្វើបទបង្ហាញដោយកុមារក្នុងអង្គការបឋមសិក្សា ។ សម្រាប់ព័ត៌មានអំពីការធ្វើបទបង្ហាញនេះ សូមមើល ១២.២.១.២ ។
២៩.២.១.៥
ការបម្រើពិធីសាក្រាម៉ង់នៅក្នុងស្ថានភាពខុសពីធម្មតា
សមាជិកគ្រប់រូបត្រូវការពរជ័យខាងវិញ្ញាណ ដែលកើតមានមកពីការទទួលទានសាក្រាម៉ង់ ។ ទោះជាយ៉ាងណា សមាជិកមួយចំនួនមិនអាចចូលរួមការប្រជុំសាក្រាម៉ង់បាន ដោយសារពួកគេមានជំងឺត្រូវសម្រាកនៅផ្ទះរបស់ពួកគេ នៅមន្ទីរពេទ្យ ឬនៅមន្ទីរសម្រាកថែទាំ ។ ប៊ីស្សពអាចចាត់អ្នកកាន់បព្វជិតភាព ឲ្យចាត់ចែងសាក្រាម៉ង់ដល់សមាជិកទាំងនេះបាន ( សូមមើល ១៨.៩.១ ) ។
នៅក្នុងករណីខ្លះ ប៊ីស្សពអាចផ្តល់សិទ្ធិអនុញ្ញាតឲ្យធ្វើការផ្សាយបន្ដផ្ទាល់ការប្រជុំសាក្រាម៉ង់ សម្រាប់អស់អ្នកដែលមិនអាចចូលរួមបាន ។ សម្រាប់ព័ត៌មាន សូមមើល ២៩.៧ ។
នៅពេលសមាជិកធ្វើដំណើរ ឬរស់នៅឆ្ងាយពីផ្ទះរយៈពេលបណ្ដោះអាសន្ន នោះពួកគេគួរតែចូលរួមក្នុងការប្រជុំសាក្រាម៉ង់នៅវួដក្បែរៗនោះ បើអាចធ្វើទៅបាន ។ កម្មវិធីសាក្រាម៉ង់មិនគួរធ្វើឡើងនៅក្នុងការជួបជុំជាមួយនឹងក្រុមគ្រួសារ ឬដំណើរកម្សាន្ដវិស្សមកាល ឬសកម្មភាពផ្សេងទៀត ដែលមិនបានឧបត្ថម្ភដោយសាសនាចក្រនោះទេ ។
២៩.២.២
ការប្រជុំតមអាហារ និងថ្លែងទីបន្ទាល់
នៅក្នុងការប្រជុំតមអាហារ និងថ្លែងទីបន្ទាល់ ពុំមានអ្នកឡើងនិយាយដែលបានចាត់តាំង ឬការជ្រើសរើសតន្ដ្រីពិសេសនោះទេ ។ ផ្ទុយទៅវិញ បុគ្គលដែលដឹកនាំការប្រជុំថ្លែងទីបន្ទាល់ខ្លីមួយ ។ បន្ទាប់មក គាត់អញ្ជើញសមាជិកនៃក្រុមជំនុំឲ្យឡើងថ្លែងទីបន្ទាល់របស់ពួកគេ ។ ការថ្លែងទីបន្ទាល់មានន័យថា ការប្រកាសអំពីសេចក្ដីពិតដំណឹងល្អដូចបានបំផុសគំនិតដោយព្រះវិញ្ញាណបរិសុទ្ធ ។ ទីបន្ទាល់ទាំងឡាយគួរតែខ្លីៗ ដើម្បីឲ្យមនុស្សច្រើនអាចចូលរួមបាន ។
កុមារវ័យក្មេងត្រូវបានស្វាគមន៍ឲ្យថ្លែងទីបន្ទាល់នៅក្នុងការប្រជុំតមអាហារ និងថ្លែងទីបន្ទាល់ ។ វាអាចល្អបំផុតសម្រាប់ពួកគេ ដើម្បីរៀនធ្វើដូច្នោះនៅផ្ទះ រហូតដល់ពួកគេអាចថ្លែងទីបន្ទាល់បានដោយគ្មានជំនួយពីអ្នកដទៃ ។
នៅក្រោមការដឹកនាំរបស់ប៊ីស្សព កុមារអាចទទួលការដាក់ឈ្មោះ និងការប្រសិទ្ធពរអំឡុងការប្រជុំតមអាហារ និងថ្លែងទីបន្ទាល់បាន ( សូមមើល ២៩.២.១.១ ) ។
២៩.២.៣
សន្និសីទវួដ
សន្និសីទវួដត្រូវបានរៀបចំដើម្បីបំពេញតាមតម្រូវការក្នុងមូលដ្ឋាន ។ វារួមមានការប្រជុំសាក្រាម៉ង់ ដែលបានដាក់ផែនការដោយប្រធានស្តេក ។ ជាធម្មតា ប្រធានស្ដេកធ្វើជាអធិបតីនៅក្នុងការប្រជុំនោះ ហើយជាធម្មតាសមាជិកម្នាក់នៃគណៈប៊ីស្សពដឹកនាំ ។
អំឡុងការប្រជុំនេះ សមាជិកម្នាក់ក្នុងគណៈប្រធានស្តេក ឬទីប្រឹក្សាជាន់ខ្ពស់ម្នាក់បង្ហាញឈ្មោះថ្នាក់ដឹកនាំទូទៅ ថ្នាក់ដឹកនាំស្ដេក និងថ្នាក់ដឹកនាំវួដសម្រាប់ការលើកដៃគាំទ្រ ។ គាត់ប្រើ ទម្រង់បែបបទគាំទ្រអ្នកកាន់តំណែង ដែលបានរៀបចំដោយស្មៀនវួដ ។ ជាធម្មតា ប៊ីស្សព និងប្រធានស្តេកឡើងនិយាយនៅក្នុងប្រជុំនេះ ។
វួដធ្វើការប្រជុំបព្វជិតភាព និងការប្រជុំអង្គការជំនួយជាទៀងទាត់ ដែលជាផ្នែកមួយនៃសន្និសីទវួដ។ ថ្នាក់ដឹកនាំស្តេកអាចផ្តល់ការណែនាំ និងជំនួយបាន ។ ពួកគាត់ផ្ដល់ការងារបម្រើដល់ថ្នាក់ដឹកនាំ និងសមាជិកវួដ ។
បន្ទាប់ពីសន្និសីទវួដ គណៈប្រធានស្តេកជួបជាមួយនឹងគណៈប៊ីស្សព ។ ពួកគាត់ពិនិត្យមើលការរីកចម្រើននៃកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងនៅក្នុងវួដរួមគ្នា ។ ការប្រជុំនេះអាចត្រូវបានធ្វើឡើងនៅថ្ងៃអាទិត្យនៃសន្និសីទវួដនោះ ឬនៅពេលផ្សេងទៀត ។
២៩.២.៤
ការប្រជុំគណៈប៊ីស្សព
ប៊ីស្សពរៀបចំផែនការ និងដឹកនាំការប្រជុំគណៈប៊ីស្សព ។ បញ្ហានានាសម្រាប់ការពិចារណាអាចរួមមាន ៖
-
ការសម្របសម្រួលកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងនៅក្នុងវួដ ។
-
ការពង្រឹងបុគ្គលម្នាក់ៗ និងក្រុមគ្រួសារនៅក្នុងវួដ—ជាពិសេសយុវវ័យ និងកុមារ ។
-
ការកំណត់ពីសមាជិកដែលអាចរៀបចំខ្លួនដើម្បីទទួលពិធីបរិសុទ្ធ រួមមានការតែងតាំងបព្វជិតភាពផងដែរ ។
-
ការកំណត់ពីសមាជិកដើម្បីហៅឲ្យបម្រើក្នុងតំណែងវួដ ។
-
ការកំណត់ពីសមាជិកដែលអាចផ្ដល់អនុសាសន៍ជូនទៅប្រធានស្ដេក ដើម្បីបម្រើជាអ្នកផ្សព្វផ្សាយសាសនា ។
-
ការពិនិត្យមើលសេចក្ដីណែនាំមកពីព្រះគម្ពីរ ថ្នាក់ដឹកនាំសាសនាចក្រ និងក្បួនខ្នាតនេះឡើងវិញ ។
ចំណុចផ្សេងៗទៀតអាចរួមមាន អង្គការ និងកម្មវិធីវួដ គម្រោងថវិកាវួដ របាយការណ៍ស្ដីពីការចាត់តាំង និងផែនការសម្រាប់ការប្រជុំ និងសកម្មភាពនៅពេលខាងមុខ ។
២៩.២.៥
ការប្រជុំក្រុមប្រឹក្សាវួដ
ប៊ីស្សពដាក់ផែនការ ធ្វើជាអធិបតី និងដឹកនាំការប្រជុំក្រុមប្រឹក្សាវួដ ។ ប្រសិនបើគាត់អវត្តមាន នោះគាត់អាចចាត់តាំងឲ្យទីប្រឹក្សាម្នាក់ធ្វើជាអធិបតី និងដឹកនាំជំនួសបាន ។ ប៉ុន្ដែ ក្រុមប្រឹក្សាមិនអាចធ្វើការសម្រេចចិត្តធំៗដោយគ្មានប៊ីស្សពបាននោះទេ ។
ក្រុមប្រឹក្សាវួដព្យាយាមជួយសមាជិកវួដទាំងអស់ឲ្យពង្រឹងកម្លាំងខាងវិញ្ញាណ ទទួលពិធីបរិសុទ្ធនៃសេចក្ដីសង្គ្រោះ រក្សាសេចក្ដីសញ្ញា ហើយក្លាយជាអ្នកដើរតាមដ៏បរិសុទ្ធរបស់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល មរ៉ូណៃ ៦:៤–៥ ) ។ អំឡុងការប្រជុំក្រុមប្រឹក្សាវួដ សមាជិកក្រុមប្រឹក្សាដាក់ផែនការ និងសម្របសម្រួលកិច្ចការនេះ ។ ពួកគាត់ធ្វើការរួមគ្នាដើម្បីកំណត់ពីរបៀបដែលភាពរឹងមាំ និងសមត្ថភាពរបស់សមាជិកវួដ អាចផ្ដល់ពរជ័យដល់អស់អ្នកដែលខ្វះខាត ។ ពួកគាត់ស្វែងរកការណែនាំពីព្រះវិញ្ញាណ កាលដែលពួកគាត់សាមគ្គីគ្នាដោយសេចក្ដីស្រឡាញ់ និងខ្វល់ខ្វាយពីសមាជិកក្នុងវួដ ។
ថ្នាក់ដឹកនាំអង្គការវួដចូលរួមក្នុងការប្រជុំក្រុមប្រឹក្សាវួដក្រោមមុខងារពីរ ៖
-
ជាសមាជិកនៃក្រុមប្រឹក្សាវួដដែលជួយផ្ដល់ពរជ័យដល់សមាជិកវួដទាំងអស់ ។
-
ជាអ្នកតំណាងឲ្យអង្គការរបស់ពួកគាត់ ។
នៅពេលពួកគាត់ជួបជុំគ្នា នោះសមាជិកក្រុមប្រឹក្សាវួដពិភាក្សាពីបញ្ហានានា ដែលនឹងទទួលប្រយោជន៍ពីកិច្ចខិតខំរួមគ្នាក្នុងក្រុមប្រឹក្សាទាំងមូល ។ សមាជិកក្រុមប្រឹក្សាម្នាក់ៗត្រូវបានលើកទឹកចិត្តឲ្យចែកចាយគំនិត និងការបំផុសគំនិតរបស់គាត់ទាក់ទងនឹងបញ្ហាទាំងនេះ ។
ជាធម្មតា ការប្រជុំក្រុមប្រឹក្សាវួដមានរយៈពេលពុំលើសពីមួយម៉ោងឡើយ ។ ពួកគាត់ចាប់ផ្ដើមដោយការអធិស្ឋាន និងការរាយការណ៍ខ្លីៗអំពីកិច្ចការចាត់តាំងមកពីការប្រជុំលើកមុន ។ ខាងក្រោមនេះគឺជាបញ្ជីនៃបញ្ហាដែលអាចពិភាក្សាបាន ។ អ្នកនឹងមិនមានពេលគ្រប់គ្រាន់ដើម្បីពិភាក្សាពីបញ្ហាទាំងអស់នៅរាល់ការប្រជុំនោះទេ ។ ប៊ីស្សពផ្ដល់អាទិភាពលើបញ្ហាដែលចាំបាច់បំផុត ដើម្បីផ្ដល់ពរជ័យដល់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ។
-
ការរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ ការជួយសមាជិកទាំងអស់ឲ្យស្ថាបនាសេចក្ដីជំនឿ ទទួលពិធីបរិសុទ្ធដ៏សង្គ្រោះ និងរក្សាសេចក្តីសញ្ញារបស់ពួកគេ ។
-
ការមើលថែដល់អ្នកខ្វះខាត ។ ការចែកចាយធនធាន និងជំនាញដើម្បីផ្ដល់ពរជ័យដល់បុគ្គលម្នាក់ៗ ក្រុមគ្រួសារ និងសហគមន៍ ។ ការជួយសមាជិកវួដឲ្យមានភាពខ្លួនទីពឹងខ្លួន ។ ( សូមមើល ជំពូកទី ២២ ) ។
-
ការអញ្ជើញមនុស្សទាំងអស់ឲ្យទទួលយកដំណឹងល្អ ។ ការពិនិត្យមើលការរីកចម្រើនរបស់អស់អ្នកដែលកំពុងរៀនដំណឹងល្អ ព្រមទាំងសមាជិកថ្មី និងសមាជិកដែលត្រឡប់មកសកម្មឡើងវិញផងដែរ ។ ការពិភាក្សាពីរបៀបដែលសមាជិកអាចចែកចាយដំណឹងល្អជាមួយមនុស្សដទៃ ។ ( សូមមើល ជំពូកទី ២៣ ) ។
-
ការបង្រួបបង្រួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បជានិច្ច ។ ការពិនិត្យមើលការរីកចម្រើនរបស់សមាជិកដែលកំពុងរៀបចំខ្លួនទទួលពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ ។ ការដាក់ផែនការពីរបៀបដើម្បីជួយសមាជិកជាច្រើនទៀតឲ្យមានភាពស័ក្ដិសមនឹងកាន់ប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។ ការពិភាក្សាពីរបៀបដែលសមាជិកអាចចូលរួមក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។ ( សូមមើល ជំពូកទី ២៥ ) ។
កាលដែលសមាជិកក្រុមប្រឹក្សាវួដពិភាក្សាពីបញ្ហាទាំងនេះ នោះពួកគាត់ពិចារណាពីតម្រូវការ និងភាពរឹងមាំរបស់សមាជិកដែលពួកគាត់បម្រើ ។ ពួកគាត់អាចដឹងពីតម្រូវការ និងភាពរឹងមាំទាំងនេះនៅក្នុងការប្រជុំគណៈប្រធាន នៅក្នុងការពិភាក្សាជាមួយសមាជិកអង្គការរបស់ពួកគាត់ ( រួមមានការសម្ភាសអំពីការងារបម្រើជាដើម ) និងតាមរយៈកិច្ចខិតខំប្រឹងប្រែងផ្ដល់ការងារបម្រើផ្ទាល់ខ្លួនរបស់ពួកគាត់ ។ លើសពីនេះ ធនធានសម្រាប់ថ្នាក់ដឹកនាំ និងស្មៀន មាននូវឧបករណ៍ និងរបាយការណ៍ដែលអាចជួយថ្នាក់ដឹកនាំឲ្យដឹងអំពីការរីកចម្រើនរបស់សមាជិកបាន ។ សមាជិកក្រុមប្រឹក្សាត្រូវតែរក្សាការសម្ងាត់ទាក់ទងនឹងព័ត៌មានរសើប ឬព័ត៌មានឯកជនណាមួយ ( សូមមើល ៤.៤.៦ ) ។
ក្រុមប្រឹក្សាវួដគួរតែស្គាល់កុមារ និងយុវវ័យនៅក្នុងវួដ និងស្ថានភាពគ្រួសាររបស់កុមារ និងយុវវ័យទាំងនោះ ។ ពួកគាត់យកចិត្តទុកដាក់ជាពិសេសដល់អស់អ្នកដែលមិនមានការគាំទ្រខាងដំណឹងល្អនៅឯគេហដ្ឋាន ។
បន្ទាប់ពីការពិភាក្សា ប៊ីស្សពអាចសម្រេចចិត្តពីសកម្មភាពបែបណាមួយ ឬក៏ពន្យារពេលសម្រេចចិត្តសិន ដើម្បីយកពេលទៅស្វែងរកព័ត៌មាន និងការណែនាំបន្ថែមទៀត ។ ឬគាត់អាចប្រាប់ពីបញ្ហានេះទៅកាន់ក្រុមប្រឹក្សាផ្សេងទៀត ដូចជាគណៈប៊ីស្សពជាដើម ។ សូមមើល ៤.៤.៣ ។
ពេលខ្លះ ក្រុមប្រឹក្សាវួដអាចសម្រេចថា សកម្មភាពវួដមួយអាចជួយបំពេញដល់តម្រូវការរបស់សមាជិកបាន ។ ក្រុមប្រឹក្សាវួដអាចមើលការខុសត្រូវលើការដាក់ផែនការធ្វើសកម្មភាពវួដ ។ ប៉ុន្ដែការដាក់ផែនការនេះភាគច្រើនគឺធ្វើឡើងនៅមុន និងនៅក្រោយការប្រជុំក្រុមប្រឹក្សា ។ សម្រាប់ព័ត៌មានបន្ថែមអំពីសកម្មភាពនានា សូមមើល ជំពូកទី ២០ ។
បន្ទាប់ពីអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងត្រឡប់មកផ្ទះវិញ នោះពួកគេអាចត្រូវបានអញ្ជើញឲ្យរាយការណ៍អំពីបេសកកម្មរបស់ពួកគេទៅកាន់ក្រុមប្រឹក្សាវួដ ( សូមមើល ២៤.៨.៣ ) ។
ដើម្បីយល់ពីគោលការណ៍ដែលដឹកនាំការប្រជុំក្រុមប្រឹក្សានៅក្នុងសាសនាចក្រ នោះសមាជិកក្រុមប្រឹក្សាទាំងអស់គួរតែសិក្សានៅក្នុង ៤.៣ និង ៤.៤ ។
២៩.២.៦
ការប្រជុំក្រុមប្រឹក្សាយុវវ័យវួដ
ប៊ីស្សពអាចដឹកនាំការប្រជុំក្រុមប្រឹក្សាយុវវ័យវួដបាន ។ ឬគាត់អាចចាត់តាំងឲ្យនរណាម្នាក់ទៀតធ្វើដូច្នោះបាន ដូចជាជំនួយការម្នាក់នៅក្នុងកូរ៉ុមសង្ឃរបស់គាត់ ឬប្រធានថ្នាក់យុវនារីដែលមានវ័យច្រើនជាងគេ ។ ការប្រជុំក្រុមប្រឹក្សាយុវវ័យវួដផ្ដល់ឱកាសឲ្យយុវវ័យបានធ្វើការដឹកនាំ ។ គណៈប៊ីស្សព ឬថ្នាក់ដឹកនាំផ្សេងទៀតអាចជួយពួកគេឲ្យរៀបចំខ្លួនសម្រាប់ការប្រជុំទាំងនេះ អំឡុងការប្រជុំកូរ៉ុម ឬការប្រជុំគណៈប្រធានថ្នាក់ ។
ពីមុនការប្រជុំនីមួយៗ ប៊ីស្សព និងបុគ្គលដែលដឹកនាំការប្រជុំពិនិត្យមើលចំណុចដែលត្រូវពិភាក្សា ។ ចំណុចទាំងនេះអាចរួមមានដូចតទៅនេះ ៖
-
កិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ។
-
តម្រូវការរបស់យុវវ័យនៅក្នុងវួដ និងរបៀបដោះស្រាយតម្រូវការទាំងនោះ ។
-
កិច្ចខិតខំឈោងទៅជួយយុវវ័យដែលមិនសូវសកម្ម ឬជាសមាជិកថ្មី ។
-
សកម្មភាពនានា រួមមានឱកាសដើម្បីបម្រើអ្នកដែលខ្វះខាត ។ ការដាក់ផែនការនេះភាគច្រើនធ្វើឡើងនៅក្នុងការប្រជុំកូរ៉ុម ឬការប្រជុំគណៈប្រធានថ្នាក់ ( សូមមើល ជំពូកទី ២០ ) ។
-
ការងារបម្រើ ( សូមមើល ជំពូកទី ២១ ) ។
-
ការតម្រង់ទិសដល់គណៈប្រធានកូរ៉ុម និងគណៈប្រធានថ្នាក់ដែលទើបបានហៅថ្មីៗ ។
ដើម្បីយល់ពីគោលការណ៍ដែលដឹកនាំការប្រជុំក្រុមប្រឹក្សានៅក្នុងសាសនាចក្រ នោះសមាជិកក្រុមប្រឹក្សាទាំងអស់គួរតែសិក្សានៅក្នុង ៤.៣ និង ៤.៤ ។
២៩.២.៧
ការប្រជុំក្នុងវួដ និងថ្នាក់ផ្សេងទៀត
ការប្រជុំសម្រាប់កូរ៉ុមបព្វជិតភាព និងគណៈប្រធានរបស់ពួកគាត់មានចែងនៅក្នុង ជំពូកទី ៨ និង ១០ ។
ការប្រជុំសម្រាប់បងប្អូនស្រីសមាគមសង្គ្រោះ និងថ្នាក់ដឹកនាំរបស់ពួកគាត់មានចែងនៅក្នុង ជំពូកទី ៩ ។
ការប្រជុំសម្រាប់យុវនារី និងថ្នាក់ដឹកនាំរបស់ពួកគេមានចែងនៅក្នុង ជំពូកទី ១១ ។
ការប្រជុំសម្រាប់កុមារអង្គការបឋមសិក្សា និងថ្នាក់ដឹកនាំរបស់ពួកគេមានចែងនៅក្នុង ជំពូកទី ១២ ។
ថ្នាក់សាលាថ្ងៃអាទិត្យមានចែងនៅក្នុង ១៣.៣ ។
ការប្រជុំក្រុមប្រឹក្សាគ្រូបង្រៀនមានចែងនៅក្នុង ១៧.៤ ។
ការប្រជុំសម្របសម្រួលសម្រាប់កិច្ចការចែកចាយដំណឹងល្អ និងការពង្រឹងសមាជិកថ្មី និងសមាជិកដែលត្រឡប់មកសកម្មឡើងវិញមានចែងនៅក្នុង ២៣.៥.៧ ។
ការប្រជុំសម្របសម្រួលសម្រាប់កិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិមានចែងនៅក្នុង ២៥.២.៧ ។
២៩.២.៨
កាលវិភាគសម្រាប់ការប្រជុំថ្ងៃអាទិត្យ
វួដប្រើកាលវិភាគណាមួយដែលមានរយៈពេលពីរម៉ោងដូចខាងក្រោមនេះសម្រាប់ការប្រជុំថ្ងៃអាទិត្យ ។
ផែនការទី ១
៦០ នាទី |
ការប្រជុំសាក្រាម៉ង់ |
---|---|
១០ នាទី |
ការបំបែកគ្នាទៅតាមថ្នាក់ និងការប្រជុំទាំងឡាយ |
៥០ នាទី |
រាល់ថ្ងៃអាទិត្យ ៖ អង្គការបឋមសិក្សា រួមទាំងថ្នាក់ទារកដ្ឋានផងដែរ ( សូមមើល ១២.២.១.២ ) ។ ថ្ងៃអាទិត្យទីមួយ និងទីបីនៃខែ ៖ សាលាថ្ងៃអាទិត្យ ( សូមមើល ១៣.៣ ) ។ ថ្ងៃអាទិត្យទីពីរ និងទីបួននៃខែ ៖ ការប្រជុំកូរ៉ុមបព្វជិតភាព ( សូមមើល ៨.២.១.២ និង ១០.២.១.២ ) ការប្រជុំសមាគមសង្គ្រោះ ( សូមមើល ៩.២.១.២ ) និងការប្រជុំក្រុមយុវនារី ( សូមមើល ១១.២.១.២ ) ។ ថ្ងៃអាទិត្យទីប្រាំ ៖ ការប្រជុំសម្រាប់យុវវ័យ និងមជ្ឈិមវ័យ ។ គណៈប៊ីស្សពកំណត់ពីប្រធានបទ និងចាត់តាំងគ្រូបង្រៀន ( ជាធម្មតា សមាជិកវួដ ឬស្តេក ) ។ ពួកគាត់ក៏កំណត់ផងដែរថាតើយុវវ័យ និងមជ្ឈិមវ័យ បុរស និងស្ត្រីគួរតែជួបប្រជុំដាច់ដោយឡែកពីគ្នា ឬរួមគ្នា ។ |
ផែនការទី ២
៥០ នាទី |
រាល់ថ្ងៃអាទិត្យ ៖ អង្គការបឋមសិក្សា រួមទាំងថ្នាក់ទារកដ្ឋានផងដែរ ( សូមមើល ១២.២.១.២ ) ។ ថ្ងៃអាទិត្យទីមួយ និងទីបីនៃខែ ៖ សាលាថ្ងៃអាទិត្យ ( សូមមើល ១៣.៣ ) ។ ថ្ងៃអាទិត្យទីពីរ និងទីបួននៃខែ ៖ ការប្រជុំកូរ៉ុមបព្វជិតភាព ( សូមមើល ៨.២.១.២ និង ១០.២.១.២ ) ការប្រជុំសមាគមសង្គ្រោះ ( សូមមើល ៩.២.១.២ ) និងការប្រជុំក្រុមយុវនារី ( សូមមើល ១១.២.១.២ ) ។ ថ្ងៃអាទិត្យទីប្រាំ ៖ ការប្រជុំសម្រាប់យុវវ័យ និងមជ្ឈិមវ័យ ។ គណៈប៊ីស្សពកំណត់ពីប្រធានបទ និងចាត់តាំងគ្រូបង្រៀន ( ជាធម្មតា សមាជិកវួដ ឬស្តេក ) ។ ពួកគាត់ក៏កំណត់ផងដែរថាតើយុវវ័យ និងមជ្ឈិមវ័យ បុរស និងស្ត្រីគួរតែជួបប្រជុំដាច់ដោយឡែកពីគ្នា ឬរួមគ្នា ។ |
---|---|
១០ នាទី |
ការបំបែកគ្នាទៅកាន់ការប្រជុំសាក្រាម៉ង់ |
៦០ នាទី |
ការប្រជុំសាក្រាម៉ង់ |
នៅពេលវួដពីរជួបជុំនៅក្នុងអគារតែមួយ ហើយវួដមួយ ឬវួដទាំងពីរមានកុមារ ឬយុវវ័យចំនួនតិចតួច នោះវាអាចជាការល្អដើម្បីឲ្យកុមារ ឬយុវវ័យចូលរួមក្នុងថ្នាក់សាលាថ្ងៃអាទិត្យរួមគ្នា ។ កាលវិភាគការប្រជុំថ្ងៃអាទិត្យរបស់វួដអាចជាន់គ្នា ដូចបង្ហាញខាងក្រោមនេះ ។
ផែនការនេះក៏អាចត្រូវបានពិចារណាផងដែរ ប្រសិនបើវួដពីរប្រើភាសាខុសគ្នា ប៉ុន្ដែកុមារ និងយុវវ័យនិយាយភាសាដូចគ្នា ។
ការប្រើប្រាស់ផែនការនេះតម្រូវឲ្យមានការអនុម័តពីប្រធានស្ដេក ។ ប្រសិនបើគាត់អនុម័ត នោះប៊ីស្សពនៃវួដនីមួយៗជួបជាមួយនឹងថ្នាក់ដឹកនាំអង្គការដើម្បីស្វែងរកការប្រឹក្សារបស់ពួកគាត់អំពីការអនុវត្តផែនការនេះ ។
គណៈប៊ីស្សពទាំងពីរជួបប្រជុំគ្នាដើម្បីកំណត់ថា តើសមាជិកមកពីវួដមួយណាគួរតែត្រូវបានហៅឲ្យបម្រើនៅក្នុងកូរ៉ុម និងអង្គការនោះ ។ ប៊ីស្សពម្នាក់ៗបន្ដធ្វើជាប្រធានកូរ៉ុមសង្ឃរបស់គាត់ដដែល ប៉ុន្ដែប៊ីស្សពទាំងពីររូបអាចប្ដូរវេនគ្នាធ្វើជាអធិបតីនៅក្នុងការប្រជុំកូរ៉ុមថ្ងៃអាទិត្យបាន ។ ប៊ីស្សពមកពីវួដទាំងពីរចូលរួមក្នុងការប្រជុំក្រុមប្រឹក្សាយុវវ័យវួដបញ្ចូលគ្នានេះ ។ ក្រោយពីអនុវត្តផែនការនេះហើយ ថ្នាក់ដឹកនាំបន្ដជួបគ្នាជាទៀងទាត់ដើម្បីសម្របសម្រួលកិច្ចខិតខំរបស់ពួកគាត់ ។
២៩.៣
ការប្រជុំស្តេក
២៩.៣.១
សន្និសីទស្តេក
សន្និសីទស្ដេកត្រូវបានដាក់កាលវិភាគដោយប្រធានកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ ជាធម្មតា ប្រធានស្តេកធ្វើជាអធិបតីនៅក្នុងសន្និសីទមួយជារៀងរាល់ឆ្នាំ ហើយពួកចិតសិបនាក់ប្រចាំតំបន់ដែលបានចាត់តាំង ឬអ្នកមានសិទ្ធិអំណាចទូទៅម្នាក់ធ្វើជាអធិបតីនៅក្នុងសន្និសីទមួយទៀត ។
អ្នកកាន់តំណែងជាអធិបតីដឹកនាំការដាក់ផែនការទាំងអស់សម្រាប់សន្និសីទនោះ ។ គាត់អនុម័តលើការជ្រើសរើសអ្នកចូលរួម និងតន្ដ្រីទុកជាមុន ។ សម្រាប់ព័ត៌មានស្ដីពីតន្ដ្រីនៅក្នុងសន្និសីទស្ដេក សូមមើល ១៩.៣.៤ ។
នៅពេលពួកចិតសិបនាក់ប្រចាំតំបន់ ឬអ្នកមានសិទ្ធិអំណាចទូទៅម្នាក់ធ្វើជាអធិបតី នោះគាត់អាចអញ្ជើញប្រធានស្ដេកឲ្យផ្ដល់យោបល់អំពីប្រធានបទសម្រាប់ការណែនាំនៅក្នុងសន្និសីទនោះ ។ នៅពេលប្រធានស្តេកធ្វើជាអធិបតី នោះគាត់ និងទីប្រឹក្សារបស់គាត់ជ្រើសរើសប្រធានបទ ។ គណៈប្រធានស្តេកអាចពិភាក្សាជាមួយនឹងក្រុមប្រឹក្សាស្តេកអំពីប្រធានបទដែលអាចនិយាយបាន ។ ពេលធ្វើការជ្រើសរើសទាំងនេះ គណៈប្រធានស្តេកពិចារណាពីប្រធានបទ ដែលគណៈប្រធានទីមួយបានគូសបញ្ជាក់នៅពេលថ្មីៗនេះ ។
កាលប្រធានស្ដេកធ្វើការរៀបចំសម្រាប់សន្និសីទស្ដេក នោះគាត់អាចសូមឲ្យកូរ៉ុមបព្វជិតភាព និងអង្គការផ្សេងទៀត បុគ្គលទាំងឡាយ ព្រមទាំងក្រុមគ្រួសារឲ្យជួយបាន ។ ឧទាហរណ៍ ពួកគេអាចត្រូវបានចាត់តាំងឲ្យរៀបចំកៅអី ចាត់តាំងអ្នកបង្ហាញកន្លែងដល់អ្នកចូលរួម និងសម្អាតអគារ ។
ជាធម្មតា សន្និសីទស្តេកនីមួយៗមាននូវការប្រជុំដូចខាងក្រោម ៖
-
ការប្រជុំនៃពួកចិតសិបនាក់ប្រចាំតំបន់ ឬអ្នកមានសិទ្ធិអំណាចទូទៅ ( ប្រសិនបើបានចាត់ ) និងការប្រជុំគណៈប្រធានស្តេក ។ ស្មៀនស្ដេក និងលេខាប្រតិបត្តិក៏ចូលរួមផងដែរ ។
-
ការប្រជុំថ្នាក់ដឹកនាំបព្វជិតភាពស្តេក ( សូមមើល ២៩.៣.៣ ) ។ អ្នកមានសិទ្ធិអំណាចជាអធិបតីសម្រេចចិត្តថា តើការប្រជុំនេះធ្វើឡើងនៅថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យ ។ សមាជិកម្នាក់ក្នុងគណៈប្រធានស្តេកដឹកនាំការប្រជុំ ។
-
សម័យប្រជុំល្ងាចថ្ងៃសៅរ៍គឺសម្រាប់សមាជិកស្ដេកទាំងអស់ដែលមានអាយុ ១៨ ឆ្នាំឡើង ។ អាស្រ័យលើស្ថានភាពក្នុងមូលដ្ឋាន ការប្រជុំនេះអាចត្រូវបានធ្វើឡើងនៅថ្ងៃអាទិត្យ បើបានអនុម័តដោយអ្នកមានសិទ្ធិអំណាចជាអធិបតី ។ សមាជិកម្នាក់ក្នុងគណៈប្រធានស្តេកដឹកនាំការប្រជុំ ។
-
សម័យប្រជុំទូទៅ ដែលធ្វើឡើងនៅថ្ងៃអាទិត្យ គឺសម្រាប់សមាជិកទាំងអស់ និងមនុស្សដទៃទៀតដែលចង់ចូលរួម ។ ប្រធានស្ដេកដឹកនាំ និងឡើងនិយាយនៅក្នុងការប្រជុំទាំងនេះ ។ សម័យប្រជុំទូទៅថ្ងៃអាទិត្យអាចធ្វើឡើងច្រើនដង ប្រសិនបើមិនមានកន្លែងសម្រាប់មនុស្សគ្រប់គ្នានៅក្នុងសម័យប្រជុំមួយនោះ ។ កុមារចូលរួមជាមួយនឹងក្រុមគ្រួសាររបស់ពួកគេ មិនមែនក្នុងការប្រជុំដាច់ដោយឡែកពីគ្នានោះទេ ។
ប្រសិនបើចាំបាច់ សម័យប្រជុំសន្និសីទអាចផ្សាយបន្ដផ្ទាល់ទៅកាន់សាលាប្រជុំ ឬទីតាំងផ្សេងទៀតនៅក្នុងស្ដេកបាន ។ សមាជិកមួយចំនួនអាចត្រូវការការផ្សាយបន្ដផ្ទាល់នៃសន្និសីទនេះនៅក្នុងផ្ទះរបស់ពួកគេ ។ សម្រាប់ព័ត៌មានបន្ថែមស្ដីពីការផ្សាយបន្ដផ្ទាល់នៃការប្រជុំ សូមមើល ២៩.៧ ។
អ្នកឡើងនិយាយនៅក្នុងសម័យប្រជុំទូទៅមិនគួរប្រើជំនួយចក្ខុ និងសម្ភារដែលជួយដល់សោតទស្សន៍នោះទេ ( សូមមើល ៣៨.៨.៣ ) ។
ប្រសិនបើអ្នកកាន់តំណែងទូទៅ ប្រធានព្រះវិហារបរិសុទ្ធ និងភរិយា ប្រធានបេសកកម្ម និងភរិយា ឬលោកអយ្យកោស្ដេកចូលរួម នោះពួកគាត់គួរតែអង្គុយនៅលើវេទិកា ។ ការណ៍ដូចគ្នានេះអនុវត្តចំពោះទីប្រឹក្សានៅក្នុងគណៈប្រធានព្រះវិហារបរិសុទ្ធ និងគណៈប្រធានបេសកកម្ម ( ព្រមទាំងភរិយារបស់ពួកគាត់ ) ប្រសិនបើពួកគាត់ចូលរួមជំនួសឲ្យប្រធានព្រះវិហារបរិសុទ្ធ ឬប្រធានបេសកកម្ម ។
នៅក្នុងសន្និសីទស្ដេកមួយរាល់ឆ្នាំ សមាជិកមួយរូបនៃគណៈប្រធានស្ដេកបង្ហាញឈ្មោះអ្នកកាន់តំណែងទូទៅ អ្នកកាន់តំណែងប្រចាំតំបន់ និងអ្នកកាន់តំណែងស្ដេកសម្រាប់ការលើកដៃគាំទ្រ ។ គាត់ប្រើ ទម្រង់បែបបទគាំទ្រអ្នកកាន់តំណែង ដែលបានរៀបចំដោយស្មៀនស្ដេក ។ ជាធម្មតា ការណ៍នេះធ្វើឡើងនៅក្នុងសន្និសីទស្ដេកលើកទីមួយនៃឆ្នាំ ។
ប្រសិនបើអ្នកកាន់តំណែងស្ដេកត្រូវបានហៅ ឬដោះលែងនៅចន្លោះសន្និសីទស្ដេក នោះពួកគេត្រូវបានបង្ហាញឈ្មោះដើម្បីទទួលការលើកដៃគាំទ្រ ឬការបង្ហាញអំណរគុណនៅក្នុងសន្និសីទស្ដេកលើកក្រោយ ។ ឬវាអាចធ្វើឡើងនៅក្នុងការប្រជុំសាក្រាម៉ង់នៃវួដនីមួយៗ ។ សូមមើល ៣០.៣ និង ៣០.៦ ។
បងប្អូនប្រុសដែលត្រូវបានចេញអនុសាសន៍ឲ្យទទួលការតែងតាំងជាអែលឌើរ ឬសង្ឃជាន់ខ្ពស់ ត្រូវបានបង្ហាញឈ្មោះដើម្បីទទួលការលើកដៃគាំទ្រនៅក្នុងសន្និសីទស្ដេក ។ ប្រសិនបើបងប្អូនប្រុសម្នាក់ត្រូវទទួលការតែងតាំងពីមុនសន្និសីទស្ដេកលើកក្រោយ នោះគាត់អាចត្រូវបានគាំទ្រនៅក្នុងការប្រជុំសាក្រាម៉ង់វួដរបស់គាត់ ។ បន្ទាប់មក ឈ្មោះរបស់គាត់នឹងត្រូវបានបង្ហាញដើម្បីទទួលការលើកដៃបញ្ជាក់ការគាំទ្រនៅក្នុងសន្និសីទស្ដេក ( សូមមើល ១៨.១០.៣ ) ។
២៩.៣.២
ការប្រជុំបព្វជិតភាពទូទៅស្តេក
គណៈប្រធានស្ដេកដាក់ផែនការ និងដឹកនាំការប្រជុំបព្វជិតភាពទូទៅស្តេក ។ ពួកគាត់ជ្រើសរើសប្រធានបទ និងអ្នកឡើងនិយាយប្រកបដោយការអធិស្ឋាន ។
២៩.៣.៣
ការប្រជុំថ្នាក់ដឹកនាំបព្វជិតភាពស្តេក
គណៈប្រធានស្ដេកដាក់ផែនការ និងដឹកនាំការប្រជុំថ្នាក់ដឹកនាំបព្វជិតភាពស្តេក ។ ទម្រង់នៃការប្រជុំទាំងនេះអាចបត់បែនបាន ។ អ្នកចូលរួមទាំងអស់អាចជួបជុំគ្នាសម្រាប់ការប្រជុំទាំងមូល ។ ឬ ក្រោយពីការណែនាំទូទៅមួយចំនួនហើយ ពួកគេអាចបំបែកគ្នាទៅជាក្រុមតូចៗដើម្បីទទួលការណែនាំជាក់លាក់បន្ថែម ដោយផ្អែកលើការហៅ និងការចាត់តាំងរបស់ពួកគេ ។
ជាទូទៅ គណៈប្រធានស្តេក និងថ្នាក់ដឹកនាំស្ដេកផ្សេងទៀតផ្ដល់ការណែនាំ ។ ថ្នាក់ដឹកនាំវួដ រួមទាំងថ្នាក់ដឹកនាំស្ដ្រី ក៏អាចត្រូវបានអញ្ជើញឲ្យផ្ដល់ការណែនាំនៅក្នុងឱកាសនេះផងដែរ ។
២៩.៣.៤
ការប្រជុំថ្នាក់ដឹកនាំស្តេក
គណៈប្រធានអង្គការស្ដេកទាំងឡាយដាក់ផែនការ និងដឹកនាំការប្រជុំថ្នាក់ដឹកនាំស្តេក ។ ទម្រង់នៃការប្រជុំទាំងនេះអាចបត់បែនបាន ។ ថ្នាក់ដឹកនាំទាំងអស់អាចជួបជុំគ្នាសម្រាប់ការប្រជុំទាំងមូល ។ ឬ ក្រោយពីការណែនាំទូទៅមួយចំនួនហើយ ពួកគេអាចបំបែកគ្នាទៅជាក្រុមតូចៗដើម្បីទទួលការណែនាំជាក់លាក់បន្ថែម ដោយផ្អែកលើការហៅ និងការចាត់តាំងរបស់ពួកគេ ។
ជាទូទៅ ថ្នាក់ដឹកនាំអង្គការ សមាជិកនៃគណៈប្រធានស្តេក ឬថ្នាក់ដឹកនាំស្ដេកផ្សេងទៀតផ្ដល់ការណែនាំ ។ ថ្នាក់ដឹកនាំអង្គការវួដក៏អាចត្រូវបានអញ្ជើញឲ្យផ្ដល់ការណែនាំនៅក្នុងឱកាសនេះផងដែរ ។
គណៈប្រធានក្រុមយុវជនស្ដេកមិនរៀបចំធ្វើការប្រជុំថ្នាក់ដឹកនាំស្ដេកទេ ។ ការណែនាំសម្រាប់អ្នកដែលបម្រើនៅក្នុងកូរ៉ុមបព្វជិតភាពអើរ៉ុន ត្រូវបានផ្ដល់ឲ្យនៅក្នុងការប្រជុំថ្នាក់ដឹកនាំបព្វជិតភាពស្ដេក ( សូមមើល ២៩.៣.៣ ) ។
២៩.៣.៥
ការប្រជុំកូរ៉ុមសង្ឃជាន់ខ្ពស់ស្តេក
គណៈប្រធានស្ដេកដាក់ផែនការ និងដឹកនាំការប្រជុំកូរ៉ុមសង្ឃជាន់ខ្ពស់ស្តេក ។ មិនមានការប្រជុំសម្រាប់សង្ឃជាន់ខ្ពស់ ដែលត្រូវបានតែងតាំងទាំងអស់នៅក្នុងស្តេកនោះទេ ។
២៩.៣.៦
ការប្រជុំគណៈប្រធានស្តេក
ប្រធានស្ដេកដាក់ផែនការ និងដឹកនាំការប្រជុំគណៈប្រធានស្តេក ។ បញ្ហានានាសម្រាប់ការពិចារណាអាចរួមមាន ៖
-
កិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងនៅក្នុងស្ដេក ។
-
ការពង្រឹងបុគ្គលម្នាក់ៗ និងក្រុមគ្រួសារនៅក្នុងស្ដេក ។
-
សេចក្ដីត្រូវការ និងកម្លាំងរបស់វួដ កូរ៉ុមអែលឌើរ និងអង្គការផ្សេងទៀតនៅក្នុងស្ដេក ។
-
អនុសាសន៍របស់ប៊ីស្សពអំពីបុរសដែលត្រូវតែងតាំងទៅក្នុងតំណែងអែលឌើរ ។
-
សមាជិកដែលត្រូវហៅឲ្យបម្រើនៅក្នុងតំណែងស្ដេក និងតំណែងវួដមួយចំនួនដូចដែលបានចែងនៅក្នុង ៣០.៨ ។
-
អនុសាសន៍របស់ប៊ីស្សពអំពីសមាជិកដែលត្រូវបម្រើបេសកកម្ម ។
-
សេចក្ដីណែនាំមកពីព្រះគម្ពីរ ថ្នាក់ដឹកនាំសាសនាចក្រ និងក្បួនខ្នាតនេះ ។
ចំណុចផ្សេងៗទៀតអាចរួមមាន សកម្មភាព និងកម្មវិធីស្ដេក គម្រោងថវិកាស្ដេក របាយការណ៍ស្ដីពីការចាត់តាំង និងផែនការសម្រាប់ការប្រជុំនៅពេលខាងមុខ ។
២៩.៣.៧
ការប្រជុំក្រុមប្រឹក្សាជាន់ខ្ពស់
គណៈប្រធានស្ដេកដាក់ផែនការ និងដឹកនាំការប្រជុំក្រុមប្រឹក្សាជាន់ខ្ពស់ ។ ការប្រជុំទាំងនេះអាចរួមមាន ៖
-
ទទួលការណែនាំមកពីគណៈប្រធានស្តេកអំពីគោលលទ្ធិ និងការចាត់តាំង ។
-
ប្រឹក្សាជាមួយគ្នាអំពីការពង្រឹងបុគ្គលម្នាក់ៗ និងក្រុមគ្រួសារនៅក្នុងស្ដេក ។ ធនធានសម្រាប់ថ្នាក់ដឹកនាំ និងស្មៀន ( ធ.ថ.ស. ) មានឧបករណ៍ និងរបាយការណ៍ដែលអាចជួយថ្នាក់ដឹកនាំឲ្យដឹងអំពីការរីកចម្រើនរបស់សមាជិកបាន ។
-
ពិភាក្សាពីរបៀបដើម្បីសម្រេចឲ្យបានកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងនៅក្នុងស្ដេក ។
-
រាយការណ៍អំពីការចាត់តាំងនានា ។
-
ប្រឹក្សាជាមួយនឹងគណៈប្រធានស្ដេក ហើយគាំទ្រការសម្រេចចិត្តរបស់ពួកគាត់ដើម្បីតែងតាំងបងប្អូនប្រុសទៅក្នុងតំណែងអែលឌើរ និងសង្ឃជាន់ខ្ពស់ ។
-
ប្រឹក្សាជាមួយនឹងគណៈប្រធានស្ដេក ហើយគាំទ្រការសម្រេចចិត្តរបស់ពួកគាត់ដើម្បីចេញការហៅទាំងឡាយ ។
-
ជួយដាក់ផែនការសម្រាប់ការប្រជុំថ្នាក់ដឹកនាំបព្វជិតភាពស្តេក ( សូមមើល ២៩.៣.៣ ) ។
-
ស្តាប់របាយការណ៍របស់អ្នកត្រឡប់មកពីផ្សព្វផ្សាយសាសនាវិញ ( សូមមើល ២៤.៨.៣ ) ។
ពេលខ្លះ ការប្រជុំក្រុមប្រឹក្សាជាន់ខ្ពស់ខ្លីមួយអាចធ្វើឡើងភ្លាមៗ បន្ទាប់ពីការប្រជុំក្រុមប្រឹក្សាស្ដេក ( សូមមើល ២៩.៣.៨ ) ។ ការណ៍នេះអាចជួយកាត់បន្ថយចំនួនចូលរួមការប្រជុំសម្រាប់ថ្នាក់ដឹកនាំបាន ។
ដើម្បីយល់ពីគោលការណ៍ដែលដឹកនាំការប្រជុំក្រុមប្រឹក្សានៅក្នុងសាសនាចក្រ នោះសមាជិកក្រុមប្រឹក្សាទាំងអស់គួរតែសិក្សានៅក្នុង ៤.៣ និង ៤.៤ ។
សម្រាប់ព័ត៌មានស្ដីពីការចូលរួមការប្រជុំពីចម្ងាយរបស់អ្នកចូលរួម សូមមើល ២៩.៧ ។
២៩.៣.៨
ការប្រជុំក្រុមប្រឹក្សាស្តេក
ប្រធានស្ដេកដាក់ផែនការ និងដឹកនាំការប្រជុំក្រុមប្រឹក្សាស្តេក ។ នៅក្នុងការប្រជុំទាំងនេះ សមាជិកក្រុមប្រឹក្សាអាច ៖
-
ទទួលការណែនាំមកពីគណៈប្រធានស្តេកអំពីគោលលទ្ធិ និងការចាត់តាំងរបស់ពួកគាត់ ។
-
ប្រឹក្សាជាមួយគ្នាអំពីការពង្រឹងបុគ្គលម្នាក់ៗ និងក្រុមគ្រួសារនៅក្នុងស្ដេក ។ ធ.ថ.ស. មានឧបករណ៍ និងរបាយការណ៍ដែលអាចជួយថ្នាក់ដឹកនាំឲ្យដឹងអំពីការរីកចម្រើនរបស់សមាជិកបាន ។
-
ពិភាក្សាអំពីទស្សនវិស័យជារួមសម្រាប់កិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងនៅក្នុងស្ដេក ។
-
ពិភាក្សាពីតម្រូវការខាងសាច់ឈាមរបស់សមាជិកស្តេក និងពីរបៀបដើម្បីជួយសមាជិកឲ្យមានភាពខ្លួនទីពឹងខ្លួន ។ កំណត់ពីធនធានដែលមាននៅក្នុងសហគមន៍ និងស្ដេក ។ ឧទាហរណ៍អាចរួមមានសាលារៀនក្នុងមូលដ្ឋាន និង BYU–Pathway Worldwide ។ ( សូមមើល ២២.១២ និង ២២.១៣ ) ។
-
បង្កើត និងបន្ដធ្វើផែនការសាមញ្ញមួយសម្រាប់ស្តេកក្នុងការឆ្លើយតបទៅនឹងភាពអាសន្ន ( សូមមើល ២២.៩.១.៣ ) ។
-
ដាក់ផែនការពីរបៀបដើម្បីឲ្យសមាជិកស្ដេកផ្ដល់ការបម្រើនៅក្នុងសហគមន៍ ( សូមមើល ២២.៩.១ ) ។ នៅកន្លែងណាដែលមាន នោះ JustServe.org ផ្ដល់ជាឱកាសបម្រើនៅក្នុងសហគមន៍ ។
-
រាយការណ៍អំពីអង្គការស្តេក សកម្មភាពស្តេក ព្រមទាំងកម្មវិធីទាំងឡាយនៅក្នុងស្ដេក ។
ពេលខ្លះ ការប្រជុំក្រុមប្រឹក្សាស្ដេកមួយអាចធ្វើឡើងភ្លាមៗ បន្ទាប់ពីការប្រជុំក្រុមប្រឹក្សាជាន់ខ្ពស់ស្ដេកដ៏ខ្លីមួយ ( សូមមើល ២៩.៣.៧ ) ។ ការណ៍នេះអាចជួយកាត់បន្ថយចំនួនចូលរួមការប្រជុំសម្រាប់ថ្នាក់ដឹកនាំបាន ។
ដើម្បីយល់ពីគោលការណ៍ដែលដឹកនាំការប្រជុំក្រុមប្រឹក្សានៅក្នុងសាសនាចក្រ នោះសមាជិកក្រុមប្រឹក្សាទាំងអស់គួរតែសិក្សានៅក្នុង ៤.៣ និង ៤.៤ ។
សម្រាប់ព័ត៌មានស្ដីពីការចូលរួមការប្រជុំពីចម្ងាយរបស់អ្នកចូលរួម សូមមើល ២៩.៧ ។
២៩.៣.៩
ការប្រជុំគណៈកម្មការភាពជាអ្នកដឹកនាំមជ្ឈិមវ័យស្តេក
គណៈកម្មការភាពជាអ្នកដឹកនាំមជ្ឈិមវ័យស្តេកគាំទ្រដល់គណៈប្រធានកូរ៉ុមអែលឌើរ និងគណៈប្រធានសមាគមសង្គ្រោះវួដនៅក្នុងកិច្ចការរបស់ពួកគាត់ ។ សមាជិកគណៈកម្មការផ្ដល់ការគូសបញ្ជាក់ជាពិសេសដល់កិច្ចខិតខំរបស់វួដដើម្បីចែកចាយដំណឹងល្អ ពង្រឹងសមាជិកថ្មី និងសមាជិកដែលត្រឡប់មកសកម្មឡើងវិញ ព្រមទាំងចូលរួមក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។
លើសពីនេះ គណៈកម្មការនេះសម្របសម្រួលដល់កិច្ចខិតខំរបស់ស្ដេកទាក់ទងនឹងសុខុមាលភាព និងភាពខ្លួនទីពឹងខ្លួន រួមមាន JustServe.org ( នៅកន្លែងណាដែលមាន ) និង BYU–Pathway Worldwide ( សូមមើល ២២.១៣ ) ។
គណៈប្រធានស្ដេកដាក់ផែនការ និងដឹកនាំការប្រជុំគណៈកម្មការភាពជាអ្នកដឹកនាំមជ្ឈិមវ័យស្តេក ។ ការប្រជុំទាំងនេះអាចជាការបន្ដពីការប្រជុំក្រុមប្រឹក្សាស្តេក ។ ឧទាហរណ៍ នៅចុងបញ្ចប់នៃការប្រជុំក្រុមប្រឹក្សាស្តេកមួយចំនួន គណៈកម្មការភាពជាអ្នកដឹកនាំមជ្ឈិមវ័យអាចធ្វើការប្រជុំដើម្បីបន្ដការពិភាក្សាអំពីបញ្ហាជាក់លាក់នានា ។
២៩.៣.១០
ការប្រជុំគណៈកម្មការភាពជាអ្នកដឹកនាំយុវវ័យស្តេក
គណៈកម្មការភាពជាអ្នកដឹកនាំយុវវ័យស្តេកមានទំនួលខុសត្រូវដូចខាងក្រោមនេះ ៖
-
ដាក់ផែនការធ្វើការបម្រើ និងសកម្មភាពសម្រាប់យុវវ័យនៅក្នុងស្ដេក ។ សកម្មភាពទាំងនេះអាចរួមមាន សន្និសីទយុវវ័យ ការរាំ ការប្រជុំធម្មនិដ្ឋាន គម្រោងបម្រើ និងព្រឹត្តិការណ៍ពហុស្ដេក ។ ( សម្រាប់គំនិតយោបល់ស្ដីពីការបម្រើ សូមមើល JustServe.org នៅកន្លែងណាដែលមានកម្មវិធីនេះ ) ។ យុវវ័យគួរតែដឹកនាំនៅក្នុងការដាក់ផែនការ និងការអនុវត្តសកម្មភាពទាំងនេះ ។ សកម្មភាពស្ដេកមិនគួរធ្វើញឹកញាប់ពេក រហូតដល់វាក្លាយជាបន្ទុកទៅលើវួដនោះទេ ។ សកម្មភាពទាំងនេះគួរតែបំពេញឲ្យសកម្មភាពវួដ មិនមែនប្រជែងនឹងសកម្មភាពវួដនោះទេ ។ ថ្នាក់ដឹកនាំវួដគួរតែទទួលដំណឹងអំពីសកម្មភាពស្ដេកជាមុន ។
-
ដាក់ផែនការពីរបៀបដើម្បីគាំទ្រដល់ សន្និសីទដើម្បីកម្លាំងនៃយុវជន ។
-
សម្របសម្រួលកិច្ចខិតខំស្ដេកដែលទាក់ទងនឹង កម្មវិធីកុមារ និងយុវវ័យ ។
សមាជិកមួយរូបនៃគណៈប្រធានស្ដេកដាក់ផែនការ និងដឹកនាំការប្រជុំគណៈកម្មការភាពជាអ្នកដឹកនាំយុវវ័យស្តេក ។ ការប្រជុំទាំងនេះអាចជាការបន្ដពីការប្រជុំក្រុមប្រឹក្សាស្តេក ។ ឧទាហរណ៍ នៅចុងបញ្ចប់នៃការប្រជុំក្រុមប្រឹក្សាស្តេកមួយចំនួន គណៈកម្មការភាពជាអ្នកដឹកនាំយុវវ័យអាចធ្វើការប្រជុំ ដើម្បីបន្ដការពិភាក្សាអំពីបញ្ហាជាក់លាក់នានា ។
២៩.៣.១១
ការប្រជុំក្រុមប្រឹក្សាប៊ីស្សពស្តេក
ប្រធានស្តេកអញ្ជើញប៊ីស្សពមួយរូបឲ្យដឹកនាំក្រុមប្រឹក្សាប៊ីស្សពស្ដេកនេះ ។ ប៊ីស្សពរូបនេះដាក់ផែនការ និងដឹកនាំការប្រជុំក្រុមប្រឹក្សានេះ ។ បញ្ហានានាសម្រាប់ការពិភាក្សាអាចរួមមាន ៖
-
ការជួយយុវវ័យឲ្យរីកចម្រើនខាងវិញ្ញាណ ។
-
ការប្រើប្រាស់ដង្វាយតមអាហារដើម្បីថែទាំដល់អ្នកដែលខ្វះខាត ។ ការជួយសមាជិកឲ្យមានភាពខ្លួនទីពឹងខ្លួន ( សូមមើល ជំពូកទី ២២ ជាពិសេស ២២.១១ ) ។ ការចែកចាយព័ត៌មានអំពីធនធានដែលមាននៅក្នុងសហគមន៍ ។
-
ការជួយសមាជិកឲ្យប្រែចិត្ត និងដកពិសោធន៍ការផ្លាស់ប្ដូរនៅក្នុងដួងចិត្ត ( សូមមើល ជំពូកទី ៣២ ) ។
-
ការគ្រប់គ្រងហិរញ្ញវត្ថុសាសនាចក្រ ( សូមមើល ជំពូកទី ៣៤ ) ។
ម្ដងម្កាល ប្រធានស្ដេកអាចចែកចាយការណែនាំបាន ។ ការណែនាំនេះភាគច្រើនគឺមកពីថ្នាក់ដឹកនាំសាសនាចក្រ រួមមានការណែនាំមកពីពួកចិតសិបនាក់ប្រចាំតំបន់នៅក្នុងក្រុមប្រឹក្សាសម្របសម្រួលផងដែរ ( សូមមើល ២៩.៤ ) ។
ការប្រជុំនេះមិនជំនួសឲ្យការសម្ភាសជាទៀងទាត់របស់ប្រធានស្ដេកជាមួយនឹងប៊ីស្សពម្នាក់ៗនោះទេ ( សូមមើល ៦.២.១.២ ) ។
ដើម្បីយល់ពីគោលការណ៍ដែលដឹកនាំការប្រជុំក្រុមប្រឹក្សានៅក្នុងសាសនាចក្រ នោះសមាជិកក្រុមប្រឹក្សាទាំងអស់គួរតែសិក្សានៅក្នុង ៤.៣ និង ៤.៤ ។
២៩.៣.១២
ការប្រជុំស្តេកផ្សេងទៀត
ការប្រជុំគណៈកម្មាការមជ្ឈិមវ័យនៅលីវស្ដេក និងគណៈកម្មការយុវមជ្ឈិមវ័យនៅលីវស្ដេក ត្រូវបានពិពណ៌នានៅក្នុង ១៤.១.១.២ ។
២៩.៤
ការប្រជុំក្រុមប្រឹក្សាសម្របសម្រួល
សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមប្រឹក្សាសម្របសម្រួល សូមមើល ៥.២.៤ ។
២៩.៥
ពិធីបុណ្យសព និងកម្មវិធីដទៃទៀតសម្រាប់មរណជន
នៅពេលសមាជិកសាសនាចក្រម្នាក់ស្លាប់ នោះប៊ីស្សពអាចផ្ដល់ជំនួយដើម្បីរៀបចំកម្មវិធីបុណ្យ ដើម្បីជួយលួងលោមអ្នកនៅរស់ និងបង្ហាញការគោរពដល់សពជាលើកចុងក្រោយ ។ កម្មវិធីបុណ្យសម្រាប់មរណជនអាចធ្វើឡើងខុសៗគ្នាស្របទៅតាមសាសនា វប្បធម៌ ប្រពៃណី និងច្បាប់ក្នុងមូលដ្ឋាន ។ ការណែនាំខាងក្រោមនេះអាចជួយប៊ីស្សព ឲ្យរៀបចំកម្មវិធីបុណ្យដែលផ្ដោតលើដំណឹងល្អសម្រាប់មរណជន ខណៈគោរពដល់ភាពខុសគ្នាទាំងនេះ ។
២៩.៥.១
គោលការណ៍ទូទៅ
សេចក្តីស្លាប់គឺជាផ្នែកមួយដ៏សំខាន់ក្នុងផែនការនៃសេចក្តីសង្រ្គោះរបស់ព្រះវរបិតាសួគ៌ ( សូមមើល អាលម៉ា ១២:២៤–២៧ ) ។ ដោយសារតែព្រះយេស៊ូវគ្រីស្ទ នោះមនុស្សទាំងអស់នឹងរស់ឡើងវិញ ។ គោលបំណងដ៏សំខាន់មួយនៃកម្មវិធីបុណ្យសម្រាប់មរណជនក្នុងសាសនាចក្រគឺ ការថ្លែងទីបន្ទាល់អំពីផែនការនៃសេចក្ដីសង្គ្រោះ ជាពិសេសគឺដង្វាយធួន និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះ ។ កម្មវិធីបុណ្យទាំងនេះគួរតែជាបទពិសោធន៍ខាងវិញ្ញាណមួយ ដែលមានសេចក្ដីថ្លៃថ្នូរ ។
សមាជិកសាសនាចក្រគួរតែបង្ហាញការគោរពដល់ការអនុវត្តតាមរបស់សាសនាផ្សេងទៀតនៅក្នុងពិធីបុណ្យសពនេះ ។ ទោះជាយ៉ាងណាក្ដី ពួកគេមិនចូលរួមក្នុងពិធីសាសនា ឬប្រពៃណីដែលផ្ទុយពីព្រះបញ្ញត្តិទាំងឡាយ ឬបទដ្ឋានសាសនាចក្រឡើយ ។ ថ្នាក់ដឹកនាំសាសនាចក្រមិនគួរបញ្ចូលពិធីសាសនារបស់សាសនា ឬក្រុមផ្សេងទៀតទៅក្នុងកម្មវិធីបុណ្យក្នុងសាសនាចក្រសម្រាប់មរណជននោះទេ ។
សមាជិកត្រូវបានទូន្មានកុំឲ្យអនុវត្ត ឬធ្វើតាមប្រពៃណីដែលក្លាយជាបន្ទុកដល់អ្នកនៅរស់ឡើយ ។ ការអនុវត្តបែបនោះអាចរួមមានការធ្វើដំណើរហួសហេតុ ការប្រកាសបរិយាយជាសាធារណៈ ការចេញចំណាយឲ្យគ្រួសារ ការពន្យារពិធីបុណ្យឲ្យយូរ និងការប្រារព្ធបុណ្យខួបដែលហួសប្រមាណ ។
សមាជិកសាសនាចក្រដែលចូលរួមក្នុងកម្មវិធីបុណ្យសព មិនគួរទទួលយកការបង់ថ្លៃ ឬការបរិច្ចាគឡើយ ។
ថ្នាក់ដឹកនាំ និងសមាជិកសាសនាចក្រគោរពតាមច្បាប់ក្នុងមួលដ្ឋានស្ដីពីអ្វីដែលត្រូវធ្វើ នៅពេលនរណាម្នាក់ស្លាប់ ។
២៩.៥.២
ជំនួយតមអាហារដល់គ្រួសារ
ក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ថ្នាក់ដឹកនាំ និងសមាជិកសាសនាចក្រ « ទួញយំជាមួយនឹងអ្នកណាដែលទួញយំ … ហើយកម្សាន្ដទុក្ខដល់អស់អ្នកណាដែលកំពុងត្រូវការកម្សាន្ដទុក្ខ » ( ម៉ូសាយ ១៨:៩ ) ។ នៅពេលសមាជិកម្នាក់ស្លាប់ នោះប៊ីស្សពទៅសួរសុខទុក្ខគ្រួសារនោះ ដើម្បីផ្ដល់ការលួងលោម ។ គាត់អាចសូមឲ្យទីប្រឹក្សារបស់គាត់ទៅជាមួយនឹងគាត់បាន ។ គាត់ក៏ជូនដំណឹងដល់ប្រធានកូរ៉ុមអែលឌើរ និងប្រធានសមាគមសង្គ្រោះផងដែរ ។
ប៊ីស្សពផ្ដល់ជំនួយមកពីសមាជិកវួដ រួមមានកូរ៉ុមអែលឌើរ និងសមាគមសង្គ្រោះ ។ ឧទាហរណ៍ សមាជិកវួដអាច ៖
-
ជូនដំណឹងដល់មិត្តភក្ដិ និងសាច់ញាតិទាំងឡាយ ។
-
ជួយរៀបចំដំណឹងមរណភាព ។
-
ជួយរៀបចំកម្មវិធីបុណ្យសព ឬកម្មវិធីផ្សេងទៀត ។
-
ជួយរៀបចំកន្លែងបញ្ចុះសព និងផ្នូរបើមាន ។
-
ស្លៀកពាក់ឲ្យសពសម្រាប់ការបញ្ចុះសព ( សូមមើល ៣៨.៥.៨ ) ។
-
រៀបចំម្ហូបអាហារ ។
២៩.៥.៣
ការបើកមើលសព ( នៅកន្លែងដែលធ្វើតាមប្រពៃណី )
ពេលខ្លះ ការបើកមើលសពធ្វើឡើងនៅក្នុងសាលាប្រជុំនៃសាសនាចក្រ ពីមុនកម្មវិធីបុណ្យសព ។ ថ្នាក់ដឹកនាំគួរតែបើកសាលាប្រជុំសម្រាប់អ្នកដឹកនាំបុណ្យសព យ៉ាងហោចណាស់មួយម៉ោងមុនពេលការបើកមើលសពចាប់ផ្ដើម ។
បន្ទាប់ពីការបើកមើលសពហើយ ការអធិស្ឋានជាគ្រួសារអាចត្រូវបានផ្តល់ឲ្យ ប្រសិនបើគ្រួសារចង់ធ្វើ ។ ក្ដារមឈូសគួរតែបិទ ពីមុនកម្មវិធីបុណ្យសពចាប់ផ្ដើម ។
២៩.៥.៤
កម្មវិធីបុណ្យសព ( នៅកន្លែងដែលធ្វើតាមប្រពៃណី )
ប្រសិនបើពិធីបុណ្យសពសម្រាប់សមាជិកត្រូវបានធ្វើឡើងនៅក្នុងអគារសាសនាចក្រ នោះប៊ីស្សពជាអ្នកដឹកនាំកម្មវិធី ។ ប្រសិនបើពិធីបុណ្យសពធ្វើនៅឯគេហដ្ឋាន នៅកន្លែងបញ្ចុះសព ឬនៅឯផ្នូរ នោះគ្រួសារអាចសូមឲ្យប៊ីស្សពដឹកនាំកម្មវិធីបាន ។ ទីប្រឹក្សារបស់ប៊ីស្សពអាចដឹកនាំបាន ប្រសិនបើប៊ីស្សពមិនអាចធ្វើបាន ។ សម្រាប់ព័ត៌មានអំពីកម្មវិធីបុណ្យសម្រាប់សពដែលមិនមែនជាសមាជិកនៅក្នុងអគារសាសនាចក្រ សូមមើល ២៩.៥.៦ ។
បុណ្យសពដែលបានដឹកនាំកម្មវិធីដោយប៊ីស្សព មិនថានៅក្នុងអគារសាសនាចក្រ ឬទីណាផ្សេងទៀតនោះទេ គឺជាការប្រជុំសាសនាចក្រ និងជាកម្មវិធីបុណ្យតាមសាសនា ។ វាគួរតែជាពេលវេលាខាងវិញ្ញាណមួយ ។ ប៊ីស្សពជំរុញឲ្យអ្នកចូលរួមរក្សាឲ្យបាននូវស្មារតីនៃគារវភាព និងសេចក្តីថ្លៃថ្នូរ ។
នៅពេលប៊ីស្សពដឹកនាំពិធីបុណ្យសព គាត់ ឬទីប្រឹក្សាមួយរូបរបស់គាត់មើលការខុសត្រូវលើការរៀបចំកម្មវិធី ។ គាត់គិតដល់បំណងប្រាថ្នារបស់គ្រួសារ ដោយធានាថាបុណ្យសពគឺសាមញ្ញ និងពេញដោយសេចក្ដីថ្លៃថ្នូរ ដោយមានតន្ដ្រី និងការឡើងថ្លែងសុន្ទរកថាខ្លីៗដែលផ្ដោតលើដំណឹងល្អ ។ ការលួងលោមដែលបានប្រទានដោយព្រះយេស៊ូវគ្រីស្ទ ដោយសារតែដង្វាយធួន និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់គួរតែត្រូវបានសង្កត់ធ្ងន់ ។ សមាជិកគ្រួសារមិនតម្រូវឲ្យឡើងនិយាយ ឬចូលរួមនៅក្នុងកម្មវិធីបុណ្យនោះឡើយ ។
បុណ្យសពគឺជាឱកាសមួយដើម្បីសម្ដែងការគោរពដល់សព ។ ទោះយ៉ាងណា ការគោរពទាំងនោះមិនគួរលើសលប់លើកម្មវិធីបុណ្យនោះទេ ។ ជាធម្មតាការជួបជុំគ្រួសារជាពិសេសមួយ ដែលដាច់ដោយឡែកពីកម្មវិធីបុណ្យសព ផ្ដល់ជាមជ្ឈដ្ឋានដ៏ប្រសើរមួយ ប្រសិនបើគ្រួសារនោះចង់មានពេលបន្ថែមដើម្បីចែករំលែកការគោរព ឬអនុស្សាវរីយ៍ ។
បទបង្ហាញជាវីដេអូមិនគួរមានក្នុងកម្មវិធីបុណ្យសពនៅក្នុងរោងជំនុំនោះទេ ។
ពិធីបុណ្យសពគួរតែចាប់ផ្តើមឲ្យទាន់ពេល ។ ជាទូទៅ កម្មវិធីបុណ្យសពមិនគួរហួសពីរយៈពេល ១.៥ ម៉ោងឡើយ ជាការគួរសមដល់អ្នកចូលរួមបុណ្យសពនោះ ។
ប្រសិនបើសមាជិកមួយរូបនៃគណៈប្រធានស្តេក ពួកចិតសិបប្រចាំតំបន់របស់គាត់ ឬអ្នកមានសិទ្ធិអំណាចទូទៅម្នាក់ចូលរួមពិធីបុណ្យសព នោះគាត់ធ្វើជាអធិបតី ។ បុគ្គលដែលកំពុងដឹកនាំកម្មវិធី ពិគ្រោះជាមួយគាត់ជាមុន ហើយទទួលស្គាល់វត្តមានរបស់គាត់អំឡុងកម្មវិធីនោះ ។ អ្នកកាន់តំណែងជាអធិបតីគួរតែត្រូវបានអញ្ជើញឲ្យឡើងថ្លែងសុន្ទរកថាបិទ ប្រសិនបើគាត់ចង់ធ្វើដូច្នោះ ។
ជាធម្មតា កម្មវិធីបុណ្យសពមិនធ្វើឡើងនៅថ្ងៃអាទិត្យទេ ។
នៅក្នុងករណីមួយចំនួន ប៊ីស្សពអាចទាក់ទងទៅអ្នករៀបចំការបូជាសព ដើម្បីចេញចំណាយថ្លៃពិធីបុណ្យសព និងកម្មវិធីបញ្ចុះសពដែលមានភាពរម្យទម និងប្រកបដោយក្ដីគោរព ប្រសិនបើការចំណាយនោះត្រូវកាត់ចេញពីមូលនិធិដង្វាយតមអាហារ ។
សម្រាប់ព័ត៌មានអំពីអ្នកផ្សព្វផ្សាយសាសនាដែលត្រឡប់មកផ្ទះដើម្បីចូលរួមពិធីបុណ្យសព សូមមើល ២៤.៦.២.៧ ។ សម្រាប់សេចក្ដីគោលការណ៍ណែនាំអំពីការផ្សាយបន្ដផ្ទាល់ពិធីបុណ្យសព សូមមើល ២៩.៧ ។
២៩.៥.៥
ការបញ្ចុះ ឬការធ្វើឈាបនកិច្ច
ប្រសិនបើអាចធ្វើទៅបាន សពសមាជិកដែលបានទទួលអំណោយទានពិសិដ្ឋរួចហើយ គួរតែត្រូវបានបញ្ចុះ ឬធ្វើឈាបនកិច្ចដោយស្លៀកសម្លៀកបំពាក់ព្រះវិហារបរិសុទ្ធ ។ សម្រាប់ព័ត៌មានអំពីសម្លៀកបំពាក់ព្រះវិហារបរិសុទ្ធក្នុងការបញ្ចុះសព និងការស្លៀកពាក់ឲ្យសព សូមមើល ៣៨.៥.៨ ។
ប្រសិនបើអាចធ្វើបាន សមាជិកម្នាក់នៃគណៈប៊ីស្សពដង្ហែសពទៅកាន់កន្លែងបញ្ចុះសព ។ ប្រសិនបើផ្នូរសពនឹងត្រូវឧទ្ទិស នោះគាត់ពិគ្រោះយោបល់ជាមួយនឹងគ្រួសារ ហើយសូមឲ្យអ្នកកាន់បព្វជិតភាពមិលគីស្សាដែកធ្វើការឧទ្ទិស ។ ការណែនាំត្រូវបានផ្ដល់ឲ្យនៅក្នុង ១៨.១៦ ។ ប្រសិនបើជាបំណងរបស់ក្រុមគ្រួសារ នោះអ្នកធ្វើការអធិស្ឋានអាចផ្តល់ការអធិស្ឋានបញ្ចុះសពជំនួសវិញ ។
សម្រាប់ព័ត៌មានអំពីការឧទ្ទិសទីកន្លែង ដែលរក្សាទុកឆ្អឹងរបស់សពដែលបានធ្វើឈាបនកិច្ច សូមមើល ១៨.១៦.២ ។ សម្រាប់គោលការណ៍ណែនាំផ្សេងទៀតអំពីការធ្វើឈាបនកិច្ច សូមមើល ៣៨.៧.២ ។
២៩.៥.៦
កម្មវិធីបុណ្យសម្រាប់សពដែលមិនមែនជាសមាជិក
ប៊ីស្សបអាចអនុញ្ញាតឲ្យប្រើសាលាប្រជុំក្នុងសាសនាចក្រ សម្រាប់កម្មវិធីបុណ្យសពរបស់អ្នកដែលមិនមែនជាសមាជិកបាន ។ ប្រសិនបើមរណជនជាសមាជិកក្នុងព្រះវិហារផ្សេង នោះជាធម្មតា កម្មវិធីបុណ្យអាចធ្វើឡើងតាមរបៀបដែលបានបង្គាប់ដោយព្រះវិហារនោះ ។ ប្រសិនបើជាបំណងរបស់គ្រួសារសព នោះកម្មវិធីបុណ្យអាចត្រូវបានដឹកនាំដោយបព្វជិតពីព្រះវិហារនោះ ដោយសារវាផ្ដល់ជាសេចក្ដីថ្លៃថ្នូរ និងភាពសមរម្យ ។ ប៉ុន្ដែ ពិធីបុណ្យរបស់ព្រះវិហារ ឬស្ថាប័នផ្សេងទៀតពុំអាចធ្វើឡើងនៅក្នុងសាលាប្រជុំរបស់សាសនាចក្របានទេ ។
២៩.៦
ការអធិស្ឋាននៅក្នុងការប្រជុំសាសនាចក្រ
ការអធិស្ឋាននៅក្នុងការប្រជុំសាសនាចក្រគួរតែខ្លី សាមញ្ញ និងបានដឹកនាំដោយព្រះវិញ្ញាណ ។ សមាជិកសាសនាចក្រដែលបានជ្រមុជទឹករួចហើយណាម្នាក់អាចផ្ដល់ការអធិស្ឋានបើក ឬការអធិស្ឋានបិទបាន ។ កូនៗដែលមិនបានទទួលបុណ្យជ្រមុជទឹក អាចអធិស្ឋាននៅក្នុងអង្គការបឋមសិក្សាបាន ។ ថ្នាក់ដឹកនាំគួរតែចៀសវាងការសូមឲ្យស្វាមី និងភរិយាឡើងអធិស្ឋាននៅក្នុងការប្រជុំដដែលនេះរហូត ។
សមាជិកគួរតែអធិស្ឋានដោយប្រើពាក្យពេចន៍ ដែលបង្ហាញសេចក្ដីស្រឡាញ់ និងការគោរពដល់ព្រះវរបិតាសួគ៌ ។ ជាភាសាអង់គ្លេស ពាក្យពេចន៍ទាំងនោះរួមមានការប្រើសព្វនាម Thee, Thy, Thine និង Thou នៅពេលថ្លែងអំពីទ្រង់ ។ ជាភាសាខ្មែរ យើងប្រើពាក្យ ទ្រង់ ព្រះអម្ចាស់ ព្រះអង្គ ជាដើម ។
២៩.៧
ការផ្សាយបន្ដផ្ទាល់ការប្រជុំ និងការប្រជុំតាមអ៊ីនធឺណិត
នៅពេលអាចធ្វើបាន សមាជិកសាសនាចក្រគួរតែព្យាយាមចូលរួមការប្រជុំនេះដោយផ្ទាល់ ។ ទោះជាយ៉ាងណាក៏ដោយ ពេលខ្លះការណ៍នេះមិនអាចធ្វើបានទេ ។ ការផ្សាយបន្ដផ្ទាល់ការប្រជុំ និងការប្រជុំតាមអ៊ីនធឺណិតធ្វើឲ្យអ្នកដែលមិនអាចចូលរួមការប្រជុំនេះបានដោយផ្ទាល់ អាចចូលរួមបានពីចម្ងាយ ។ បុគ្គលទាំងនេះរួមមាន ( ប៉ុន្តែមិនកំណត់តែប៉ុណ្ណោះទេ ) អ្នកដែល ៖
-
រស់នៅតំបន់ដាច់ស្រយាល ឬលទ្ធភាពក្នុងការធ្វើដំណើរមានកំណត់ ។
-
មានបញ្ហាខាងរាងកាយ ផ្លូវចិត្ត ឬខាងសតិអារម្មណ៍ ។
-
ងាយឆ្លងមេរោគ ឬនៅក្នុងមន្ទីរសម្រាកថែទាំ ឬមន្ទីរពេទ្យ ។
-
ជាអ្នកធ្វើការជួរមុខ ឬតម្រូវឲ្យធ្វើការនៅថ្ងៃឈប់សម្រាក ។
-
ថែទាំដល់នរណាម្នាក់ដែលនៅផ្ទះ ហើយមិនអាចទុកឲ្យនៅតែម្នាក់ឯងបាន ។
-
ត្រូវការការបកប្រែភាសា-គ ។
-
មានជំងឺអាឡែកស៊ី ដែលធ្វើឲ្យសុខភាពរបស់ពួកគេងាយរងហានិភ័យនៅក្នុងការប្រជុំ ។
សម្រាប់ជាប្រយោជន៍ដល់សមាជិកទាំងនេះ និងអ្នកដទៃទៀត នោះក្នុងករណីលើកលែង ប៊ីស្សពអាចអនុញ្ញាតឲ្យមានការផ្សាយបន្ដផ្ទាល់ពីការប្រជុំសាក្រាម៉ង់ និងពិធីបុណ្យសព និងពិធីរៀបអាពាហ៍ពិពាហ៍ដែលធ្វើឡើងនៅក្នុងសាលាប្រជុំបាន ។ ការផ្សាយបន្ដផ្ទាល់អនុញ្ញាតឲ្យមនុស្សដទៃមើលឃើញ និងស្ដាប់ឮការប្រជុំនេះពីចម្ងាយ ប៉ុន្ដែមិនចូលរួមដោយផ្ទាល់នោះទេ ។
ការផ្សាយបន្ដផ្ទាល់ពីការប្រជុំសាក្រាម៉ង់មិនគួរបញ្ចូលផ្នែកបម្រើសាក្រាម៉ង់នោះទេ ។ ការផ្សាយបន្ដផ្ទាល់គួរតែផ្អាកអំឡុងពិធីសាក្រាម៉ង់ ហើយបន្ដទៀតបន្ទាប់ពីពិធីសាក្រាម៉ង់ចប់ ។ ឬក៏ប៊ីស្សពអាចលើកការបម្រើសាក្រាម៉ង់ទៅចុងបញ្ចប់នៃការប្រជុំ បន្ទាប់ពីការផ្សាយបន្ដផ្ទាល់បានបញ្ចប់ ។ រួចហើយការប្រជុំនឹងបិទដោយទំនុកតម្កើង និងការអធិស្ឋាន ។
ប៊ីស្សពអាចផ្ដល់សិទ្ធិអំណាចឲ្យសង្ឃ ឬអ្នកកាន់បព្វជិតភាពចាត់ចែងសាក្រាម៉ង់ដោយផ្ទាល់ ទៅដល់សមាជិកដែលមិនអាចចូលរួមការប្រជុំនេះបាន ( សូមមើល ១៨.៩.១ ) ។
សម្រាប់ការប្រជុំមួយចំនួន ប៊ីស្សព ឬប្រធានស្ដេកអាចអនុញ្ញាតឲ្យសមាជិកដែលមិនអាចចូលរួមបានដោយផ្ទាល់ ចូលរួមតាមអ៊ីនធឺណិតបាន ។ ការប្រជុំទាំងនេះអាចរួមមាន ៖
-
ការប្រជុំថ្នាក់ដឹកនាំ ដូចជាការប្រជុំគណៈប្រធាន ឬការប្រជុំក្រុមប្រឹក្សា ។
-
ការប្រជុំកូរ៉ុម សមាគមសង្គ្រោះ និងក្រុមយុវនារី ។
-
ថ្នាក់សាលាថ្ងៃអាទិត្យ ។
-
ថ្នាក់អង្គការបឋមសិក្សា និងម៉ោងច្រៀងចម្រៀង ។
មិនដូចជាការផ្សាយបន្ដផ្ទាល់ទេ ការប្រជុំតាមអ៊ីនធឺណិតមានការប្រាស្រ័យទាក់ទងគ្នា ។ អស់អ្នកដែលចូលរួមពីចម្ងាយ អាចចូលរួមចំណែកតាមរយៈការសួរសំណួរ ការបញ្ចេញមតិយោបល់ និងការចូលរួមតាមរបៀបផ្សេងទៀត ។
ប្រធានស្ដេកអាចអនុញ្ញាតឲ្យមានការផ្សាយបន្ដផ្ទាល់ពីសន្និសីទស្ដេកទៅកាន់ទីតាំងផ្សេងទៀតនៅក្នុងស្ដេក រួមមានទៅផ្ទះរបស់សមាជិកនៅពេលចាំបាច់ ។ គាត់ក៏អាចអនុញ្ញាតឲ្យថ្នាក់ដឹកនាំស្ដេកចូលរួមការប្រជុំថ្នាក់ដឹកនាំតាមអ៊ីនធឺណិតផងដែរ នៅពេលពួកគាត់មិនអាចចូលរួមបានដោយផ្ទាល់ ( ឧទាហរណ៍ ដោយសារតែមូលហេតុដែលបានរៀបរាប់នៅខាងដើមនៃផ្នែកនេះ ) ។
ការផ្សាយបន្ដផ្ទាល់ការប្រជុំ និងការប្រជុំតាមអ៊ីនធឺណិត មិនមែនដើម្បីជាការងាយស្រួលដល់អស់អ្នកដែលអាចចូលរួមដោយផ្ទាល់បាននោះទេ ។ ឧទាហរណ៍ ប៊ីស្សពមិនអនុញ្ញាតឲ្យមានការផ្សាយបន្ដផ្ទាល់ការប្រជុំសាក្រាម៉ង់សម្រាប់សមាជិកវួដ ដែលកំពុងធ្វើដំណើរ ហើយអាចចូលរួមក្នុងវួដផ្សេងបាននោះទេ ។
អ្នកឯកទេសខាងបច្ចេកវិទ្យាប្រចាំវួដ និងស្ដេកអាចជួយថ្នាក់ដឹកនាំឲ្យដំឡើងការផ្សាយបន្ដផ្ទាល់ការប្រជុំ និងការប្រជុំតាមអ៊ីនធឺណិតបាន ( សូមមើល ៣៣.១០ ) ។ បុគ្គលទាំងនេះក៏អាចជួយសមាជិកឲ្យចូលក្នុងការប្រជុំទាំងនេះបានផងដែរ ។
ការផ្សាយបន្ដផ្ទាល់ការប្រជុំ និងការប្រជុំតាមអ៊ីនធឺណិតមិនគួរបង្អាក់ព្រះវិញ្ញាណនោះទេ ។ ជាទូទៅ មានតែឧបករណ៍មួយប៉ុណ្ណោះដែលគួរតែប្រើដើម្បីចាប់យកការប្រជុំនេះ ។ ទាំងឧបករណ៍ និងបុគ្គលដែលប្រើវា មិនគួរធ្វេសប្រហែសនោះទេ ។
ការថតទុកការផ្សាយបន្ដផ្ទាល់នៃការប្រជុំវួដ និងការប្រជុំស្ដេក គួរតែលុបចោលនៅអំឡុងពេលមួយថ្ងៃបន្ទាប់ពីការប្រជុំនេះ ។