យ៉ូហាន ទី១ ១–៥
« ព្រះទ្រង់ជាសេចក្តីស្រឡាញ់ »
តើជីវិតរបស់អ្នកទទួលឥទ្ធិពលពីសេចក្តីស្រឡាញ់ដោយរបៀបណា ? ហេតុអ្វីបានជាយើងទាំងអស់គ្នាត្រូវការអារម្មណ៍នៃសេចក្តីស្រឡាញ់ ជាពិសេសសេចក្ដីស្រឡាញ់របស់ព្រះ ? សាវកយ៉ូហានបានសរសេរសំបុត្រទៅកាន់ពួកបរិសុទ្ធដែលត្រូវបានគេបំភាន់ដោយការបង្រៀនខុសឆ្គង ។ គាត់បានផ្ដោតលើសេចក្ដីស្រឡាញ់របស់ព្រះចំពោះពួកបរិសុទ្ធ និងរបៀបដែលសេចក្ដីស្រឡាញ់នេះត្រូវបានបើកសម្តែងតាមរយៈបេសកកម្មសង្គ្រោះរបស់ព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះចំពោះអ្នក ។
ព្រះគឺ …
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសរសេរឃ្លា « ព្រះគឺ … » សូមសរសេរវិធី ជាច្រើន តាមដែល អ្នកអាចគិត ដើម្បីបំពេញសេចក្តីថ្លែងការណ៍នេះឲ្យបានត្រឹមត្រូវ ។ ជាឧទាហរណ៍ អ្នកអាចសរសេរថា « ព្រះញាណដឹងគ្រប់ការណ៍ » ឬ « ព្រះមានគ្រប់ព្រះចេស្តាទាំងអស់ » ។
សូមអាន យ៉ូហាន ទី១ ៤:៨, ១៦ ដោយស្វែងរកវិធីដែលយ៉ូហានបានពិពណ៌នាអំពីព្រះ ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
-
ហេតុអ្វីបានជាអ្នកគិតថាព្រះអាចត្រូវបានពិពណ៌នាថាជាសេចក្តីស្រឡាញ់យ៉ាងដូចម្តេច ?
បុគ្គលិកលក្ខណៈជាក់លាក់មួយរបស់ព្រះគឺសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះយើង ។ សូមគិតអំពីសំណួរខាងក្រោមនេះ ៖
-
តើអ្នកមានអារម្មណ៍ថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ស្រឡាញ់អ្នកដោយផ្ទាល់ឬទេ ? ហេតុអ្វីស្រឡាញ់ ឬហេតុអ្វីមិនស្រឡាញ់ ?
-
តើអ្នកជឿថាទ្រង់ទាំងទ្វេស្គាល់អ្នកនិងជ្រាបពីជោគជ័យផ្ទាល់ខ្លួននិងការតស៊ូរបស់អ្នកដែរឬទេ ? ហេតុអ្វីស្រឡាញ់ ឬហេតុអ្វីមិនស្រឡាញ់ ?
-
តើគេបានបង្ហាញឬក៏អាចបង្ហាញពីសេចក្តីស្រឡាញ់របស់ទ្រង់ទាំងទ្វេចំពោះអ្នកដោយរបៀបណា ?
នៅពេលអ្នកសិក្សាសំបុត្ររបស់យ៉ូហាន សូមស្វែងរកសេចក្ដីពិតដែលអាចជួយអ្នកឲ្យឆ្លើយសំណួរទាំងនេះ ។ សូមសញ្ជឹងគិតផងដែរអំពីរបៀបដែលការយល់ដឹង និងអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទចំពោះអ្នក អាចធ្វើឲ្យមានការផ្លាស់ប្តូរនៅក្នុងជីវិតរបស់អ្នក ។
ការបង្រៀនរបស់យ៉ូហានអំពីសេចក្តីស្រឡាញ់របស់ព្រះ
យ៉ូហានទំនងជាបានសរសេរសំបុត្ររបស់គាត់នៅចន្លោះ គ.ស.៨០ ដល់ គ.ស. ១០០ ពីក្រុងអេភេសូរ ។ សមាជិកសាសនាចក្រខ្លះបានទទួលយកជំនឿពីក្រុមមួយដែលហៅថា ណសស្ទីគ៍ ។ ក្រុមនេះបានបង្រៀនថា ព្រះយេស៊ូវមិនមានរូបកាយទេ ហើយសេចក្តីសង្គ្រោះបានមកតាមរយៈចំណេះដឹងពិសេស ជាជាងតាមរយៈសេចក្តីជំនឿទៅលើព្រះគ្រីស្ទ ។ យ៉ូហានបានបដិសេធគោលលទ្ធិមិនពិតទាំងនេះ ដោយការបង្រៀនប្រធានបទសំខាន់ៗមួយចំនួន រួមទាំងរបៀបដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានបង្ហាញសេចក្តីស្រឡាញ់ដ៏ល្អឥតខ្ចោះរបស់ពួកគេតាមរយៈជីវិតរបស់ព្រះអង្គសង្គ្រោះ ដង្វាយធួន និងដំណើររស់ឡើងវិញ ( សូមមើល យ៉ូហានទី ១ ១:១–៣ ; ៣:១៦ ; ៤:៩–១០ ) ។
១. សូមធ្វើលំហាត់ខាងក្រោម ៖
សូមអាន យ៉ូហាន ទី១ ៤:១៩ ហើយពិចារណាគូសសម្គាល់មូលហេតុដែលយើងស្រឡាញ់ព្រះ ដោយយោងតាមយ៉ូហាន ។
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមគូររូបបេះដូងធំមួយ ។ នៅកណ្តាលរូបបេះដូង សូមសរសេរថា « ខ្ញុំដឹងថាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្រឡាញ់ខ្ញុំ ព្រោះ… » ទុកចន្លោះគ្រប់គ្រាន់ដើម្បីសរសេរសេចក្ដីយោង និងឃ្លាបទគម្ពីរ ។ សូមសញ្ជឹងគិតពីរបៀបដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ « បានស្រឡាញ់យើងជាមុន » ។
សូមអានវគ្គបទគម្ពីរដូចខាងក្រោមនេះ ។ ដោយរកមើល ហើយគូសសម្គាល់ឃ្លាដែលបង្ហាញពីសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទចំពោះអ្នក ។ សូមសរសេរឃ្លាទាំងនោះរួមជាមួយនឹងសេចក្ដីយោងបទគម្ពីរដែលទាក់ទងគ្នានៅខាងក្នុងរូបបេះដូង ។
យ៉ូហាន ទី១ ២:១–២ ( កំណត់ចំណាំ ៖ អង្គដ៏ជាជំនួយគឺជាអ្នកដែលអង្វរករ លួងលោម និងគាំទ្រយើង ។ ទីសន្តោសប្រោស មានន័យថា ការពលិកម្មធួន ដែលបំពេញសេចក្តីយុត្តិធម៌នៃព្រះ ) ។
សូមរំឭកមើលឃ្លា និងសេចក្ដីយោងដែលអ្នកបានគូសសម្គាល់ និងសរសេរទុក ។ សូមជ្រើសរើសឃ្លាដែលមានអត្ថន័យបំផុតសម្រាប់អ្នក ហើយបំពេញឃ្លាពីរ ឬបីដូចខាងក្រោម ៖
-
សូមពន្យល់ពីរបៀបដែលឃ្លាដែលអ្នកបានជ្រើសរើសមានអត្ថន័យសម្រាប់អ្នក ។
-
ប្រសិនបើអាចធ្វើបាន សូមពិពណ៌នាពីបទពិសោធន៍មួយដែលអ្នកមានអារម្មណ៍ថាមានសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌ ឬព្រះយេស៊ូវគ្រីស្ទតាមរបៀបនោះ ។ អ្នកក៏អាចចែកចាយឧទាហរណ៍មួយពីបទគម្ពីរ វីដេអូសាសនាចក្រ ឬសុន្ទរកថាសន្និសីទទូទៅមួយផងដែរ ។ ( ដើម្បីមើលឧទាហរណ៍មួយ សូមពិចារណាមើលសុន្ទរកថា របស់អែលឌើរ ឌែល ជី រេនឡាន់ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ « That I Might Draw All Men unto Me » ចាប់ពីលេខកូដម៉ោង ៧:៣២ ដល់ ៩:១៤ ) ។
សូមពិពណ៌នាអំពីរបៀបដែលការចេះដឹងសេចក្ដីពិតនៃឃ្លានេះបានបង្កើត កំពុងបង្កើត ឬអាចធ្វើឲ្យមានការផ្លាស់ប្តូរនៅក្នុងជីវិតរបស់អ្នក ។ សូមពិចារណាបន្ថែមទីបន្ទាល់ផ្ទាល់ខ្លួនរបស់អ្នកអំពីសេចក្ដីស្រឡាញ់របស់ព្រះ ។
សូមពិចារណាចែកចាយកំណត់ហេតុប្រចាំថ្ងៃនេះជាមួយមិត្តភក្តិ និងក្រុមគ្រួសារ ឬទាំងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ ។
សូមសញ្ជឹងគិតពីអ្វីដែលអ្នកបានរៀន នៅពេលអ្នកអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ រ៉ូប៊ើត ស៊ី ហ្គេ នៃពួកចិតសិបនាក់អំពីអំណាចនៃសេចក្ដីស្រឡាញ់របស់ព្រះ ៖
សេចក្ដីស្រឡាញ់របស់ទ្រង់គឺធំជាងសេចក្តីខ្លាច របួស ការញៀន មន្ទិលសង្ស័យ ការល្បួង អំពើបាប គ្រួសារបែកបាក់ ការបាក់ទឹកចិត្ត និងការថប់បារម្ភរបស់យើង ជំងឺរាំរ៉ៃ ភាពក្រីក្រ ការរំលោភបំពាន អស់សង្ឃឹម និងភាពឯកោរបស់យើង ។ ទ្រង់សព្វព្រះទ័យឲ្យមនុស្សទាំងអស់ដឹងថា គ្មានអ្វី ហើយគ្មាននរណាម្នាក់ដែលទ្រង់ពុំអាចព្យាបាល និងរំដោះឲ្យទៅកាន់អំណរដ៏អស់កល្បជានិច្ចឡើយ ។
( រ៉ូប៊ើត ស៊ី ហ្គេ « Taking upon Ourselves the Name of Jesus Christ » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៩៩ )
-
តើអ្វីដែលសំខាន់បំផុតចំពោះអ្នកនៅក្នុងសេចក្ដីថ្លែងការណ៍នេះ ? ហេតុអ្វី ?
ការទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះ
សូមស្រមៃថានរណាម្នាក់ដែលអ្នកស្គាល់មិនបានគិតថាពួកគេទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ព្រះ ឬមិនបានចាប់អារម្មណ៍អំពីរឿងនេះច្រើននោះទេ ។ សូមគិតអំពីអ្វីដែលអ្នកបានរៀននៅថ្ងៃនេះ ក៏ដូចជាបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នក ។
-
តើអ្នកអាចចែកចាយអ្វីខ្លះជាមួយពួកគេ ដែលអាចជួយពួកគេឲ្យមានអារម្មណ៍ស្រឡាញ់ព្រះ ?
នៅក្នុងមេរៀនបន្តបន្ទាប់ អ្នកនឹងសិក្សាការបង្រៀនបន្ថែមរបស់យ៉ូហានអំពីរបៀបដែលយើងបង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ រួមទាំងការកាន់តាមបទបញ្ញត្តិរបស់ទ្រង់ទាំងទ្វេ និងការស្រឡាញ់គ្នាទៅវិញទៅមកផងដែរ ។
សូមស្វែងរកជំនួយពីព្រះវរបិតាសួគ៌ ហើយស្តាប់ និងទទួលអារម្មណ៍បំផុសគំនិតពីទ្រង់តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ សូមគិតអំពីវិធីដែលអ្នកអាចចូល ឬទទួលបានសេចក្ដីស្រឡាញ់របស់ព្រះ និងរបៀបដែលអ្នកអាចកត់សម្គាល់សេចក្ដីស្រឡាញ់របស់ទ្រង់ញឹកញាប់ជាងមុននៅក្នុងជីវិតរបស់អ្នក ។ សូមសញ្ជឹងគិតថាតើការធ្វើដូច្នេះជាប់លាប់អាចបង្កើនសេចក្តីអំណរដែលអ្នកមាននៅក្នុងជីវិតរបស់អ្នកយ៉ាងដូចម្ដេច ។
ជម្រើស ៖ ចង់រៀនសូត្របន្ថែមទៀតទេ ?
តើខ្ញុំអាចរៀនបន្ថែមទៀតអំពីសេចក្ដីស្រឡាញ់រប់សព្រះនៅឯណា ?
សូមពិចារណាសិក្សាអត្ថបទ Ensign ខែកុម្ភៈ ឆ្នាំ ២០០៣ របស់ប្រធាន រ័សុល អិម ណិលសុន ដែលមានចំណងជើងថា « Divine Love » ( ទំព័រ ២០–២៥ ) ដើម្បីស្វែងរកការយល់ដឹងអំពីសេចក្ដីស្រឡាញ់របស់ព្រះ ។
តើការដឹង និងទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ព្រះអាចមានឥទ្ធិពលលើជីវិតរបស់យើងយ៉ាងដូចម្ដេច ?
កាលកំពុងបម្រើជាសមាជិកមួយរូបនៃពួកចិតសិបនាក់ អែលឌើរ ចន អេច ហ្គូ្រប៊ើហ្គ បានពន្យល់ ៖
នៅពេលដែលពោរពេញដោយសេចក្តីស្រឡាញ់របស់ព្រះ យើងអាចធ្វើ និងឃើញ ហើយយល់នូវអ្វីដែលយើងមិនអាចធ្វើ ឬមើលឃើញ ឬយល់បានមុនពេលយើងពោរពេញដោយសេចក្តីស្រឡាញ់របស់ព្រះ ។ ដោយពោរពេញដោយសេចក្តីស្រឡាញ់របស់ទ្រង់ យើងអាចស៊ូទ្រាំនឹងការឈឺចាប់ បំបាត់ការភ័យខ្លាច អត់ទោសដោយមិនគិតអ្វី ជៀសវាងការឈ្លោះប្រកែកគ្នា បង្កើតកម្លាំងឡើងវិញ និងប្រទានពរ និងជួយអ្នកដទៃតាមរបៀបដែលគួរឲ្យភ្ញាក់ផ្អើលសូម្បីតែចំពោះយើងក៏ដោយ ។
ព្រះយេស៊ូវគ្រីស្ទបានពោរពេញទៅដោយសេចក្តីស្រឡាញ់ដែលមិនអាចយល់ នៅពេលទ្រង់បានស៊ូទ្រាំនឹងការឈឺចាប់ ភាពឃោរឃៅ និងភាពអយុត្តិធម៌សម្រាប់យើង ។ តាមរយៈសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះយើង ទ្រង់បានងើបចេញ ពីឧបសគ្គដែលពិបាកនឹងឆ្លងកាត់បាន ។ សេចក្ដីស្រឡាញ់របស់ទ្រង់គឺគ្មានឧបសគ្គអ្វីមកអាចរារាំងបានឡើយ ។ ទ្រង់អញ្ជើញយើងឲ្យដើរតាមទ្រង់ ហើយទទួលយកសេចក្តីស្រឡាញ់គ្មានដែនកំណត់របស់ទ្រង់ ដើម្បីយើងក៏អាចងើបចេញពីការឈឺចាប់ និងភាពឃោរឃៅ និងភាពអយុត្តិធម៌នៃពិភពលោកនេះ ហើយជួយ និងអត់ទោស និងប្រទានពរ ។
( អែលឌើរ ចន អេច ហ្គូ្រប៊ើហ្គ « The Power of God’s Love » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៤ ទំព័រ ១១ )