កិច្ចការ ៣
ការព្យាបាលបុរសខ្វិន
បុរសម្នាក់ដែលមិនអាចដើរបានពេញមួយជីវិត ត្រូវបានគេនាំទៅព្រះវិហារបរិសុទ្ធក្នុងក្រុងយេរូសាឡិមជារៀងរាល់ថ្ងៃ ដើម្បីគាត់អាចសុំទានបាន ។ គាត់បានជួបពេត្រុស និងយ៉ូហាន ដែលបានឲ្យអំណោយដ៏អស្ចារ្យជាងលុយដែលគាត់សុំទៅទៀត ។ ដោយប្រើសិទ្ធិអំណាចបព្វជិតភាព និងក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ពេត្រុសបានព្យាបាលបុរសនោះ ។ បទពិសោធន៍នោះបានផ្តល់ឱកាសជាច្រើនដល់ពេត្រុស និងសាវកផ្សេងទៀត ដើម្បីថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យពង្រឹងសេចក្ដីជំនឿរបស់អ្នកថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទអាចជួយអ្នកឲ្យយកឈ្នះលើឧបសគ្គនានាដែលអ្នកជួបប្រទះបាន ។
ការទទួលបានអំណាចព្យាបាលរបស់ព្រះ
-
តើអ្វីខ្លះជាបញ្ហាប្រឈម ឬទុក្ខវេទនាខាងរូបកាយ ខាងវិញ្ញាណ ឬខាងសតិអារម្មណ៍ដែលមនុស្សជួបប្រទះក្នុងជីវិត ?
សូមសញ្ជឹងគិតលើបញ្ហាប្រឈម ឬទុក្ខលំបាកដែលអ្នកជួបប្រទះផ្ទាល់ ដែលអ្នកចង់ស្វែងរកការសង្គ្រោះ ឬកម្លាំងពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដើម្បីយកឈ្នះ ។ សូមសរសេរវានៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ហើយបញ្ចូលចម្លើយរបស់អ្នកចំពោះសំណួរខាងក្រោមនេះផងដែរ ៖
-
តើអ្នកបានចាត់វិធានការអ្វីខ្លះដើម្បីទទួលបានជំនួយសម្រាប់បញ្ហាប្រឈម ឬទុក្ខលំបាកនេះ ?
-
តើអ្វីខ្លះដែលអ្នកបានដឹងរួចហើយអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដែលផ្តល់ទំនុកចិត្តដល់អ្នកថាទ្រង់ទាំងទ្វេនឹងជួយអ្នក ?
-
តើអ្នកមានសំណួរ ឬកង្វល់អ្វីខ្លះអំពីការយកឈ្នះលើបញ្ហាប្រឈម ឬទុក្ខលំបាកនេះ ?
ពេត្រុស និងយ៉ូហានបានព្យាបាលបុរសពិការម្នាក់
នៅក្នុងមេរៀននេះ អ្នកនឹងមានឱកាសដើម្បីរៀនសេចក្ដីពិតនៃដំណឹងល្អមួយចំនួនពីដំណើររឿងក្នុង កិច្ចការ ៣ របស់ពេត្រុស និងយ៉ូហានដែលព្យាបាលបុរសពិការម្នាក់ ។ នៅពេលអ្នកសិក្សា សូមយកចិត្តទុកដាក់លើការបំផុសគំនិតខាងវិញ្ញាណដែលអ្នកទទួលបាន ។ សូមខិតខំពង្រឹងសេចក្តីជំនឿរបស់អ្នកថា ព្រះយេស៊ូវគ្រីស្ទអាចជួយអ្នកក្នុងឧបសគ្គនានាដែលអ្នកប្រឈមមុខនៅក្នុងជីវិតរមែងស្លាប់នេះបាន ។
សូមអាន កិច្ចការ ៣:១–៣ ដោយរកមើលព័ត៌មានលម្អិតមួយចំនួនអំពីបុរសរូបនេះ ដែលមានអាយុលើសពី ៤០ ឆ្នាំ ( សូមមើល កិច្ចការ ៤:២២ ) ។ វាអាចនឹងមានប្រយោជន៍ក្នុងការដឹងថាការ « ធ្វើទាន » ដែលបានរៀបរាប់នៅក្នុង ខទី ២–៣ គឺជារបស់ដែលមនុស្សបរិច្ចាគដល់ជនក្រីក្រ ។
-
តើមានពាក្យអ្វីខ្លះដែលអ្នកអាចប្រើដើម្បីពិពណ៌នាពីបុរសម្នាក់នេះ និងស្ថានភាពរបស់គាត់ ? ហេតុអ្វីទៅ ?
-
តើអ្វីទៅជាវិធីធម្មតាមួយចំនួនដែលមនុស្សអាចឆ្លើយតបចំពោះនរណាម្នាក់នៅក្នុងស្ថានភាពដូចបុរសរូបនេះ ?
សូមអាន កិច្ចការ ៣:៤–៨ ដោយស្វែងរកការពិតដែលអ្នកអាចរៀនអំពីការយកឈ្នះលើបញ្ហាប្រឈម ឬទុក្ខលំបាករបស់យើងចេញពីដំណើររឿងនេះ ។ អ្នកក៏អាចមើលវីដេអូផងដែរ « Peter and John Heal a Man Crippled since Birth » ( ៣:២១ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
-
តើអ្នកចាប់អារម្មណ៍អ្វីខ្លះក្នុងដំណើររឿងនេះ ?
-
តើបទពិសោធន៍នេះជួយអ្នកឲ្យរៀន ឬទទួលអារម្មណ៍អ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?
ពេត្រុសបានបង្រៀនដល់អស់អ្នកដែលបានឃើញអព្ភូតហេតុដែលបានកើតឡើងតាមរយៈការជឿលើព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ( សូមមើល កិច្ចការ ៣:១៦ ) ។ សេចក្ដីពិតមួយដែលយើងអាចរៀនចេញពីដំណើររឿងនេះគឺថា តាមរយៈសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ នោះយើងអាចត្រូវបានប្រោសឲ្យជា ។
-
តើអ្នកអាចចែកចាយអ្វីខ្លះពីខគម្ពីរទាំងនេះ ដែលអាចជួយនរណាម្នាក់ដែលបច្ចុប្បន្នកំពុងជួបប្រទះនឹងបញ្ហាខាងរាងកាយ ខាងវិញ្ញាណ ឬខាងអារម្មណ៍ ឬទុក្ខលំបាកដែលអ្នកបានរកឃើញពីមុនៗនៅក្នុងមេរៀននេះ ?
-
តើយើងអាចធ្វើអ្វីខ្លះដើម្បីទទួលបានព្រះចេស្ដានៃព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះ ដើម្បីជួយយើងជាមួយនឹងបញ្ហាប្រឈមទាំងនេះ ?
វីដេអូ « The Wounded Shall be Healed » ( ៥:៤៥ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ សូមស្តាប់ទីបន្ទាល់របស់អែលឌើរ នែលអិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយកត់ត្រាពាក្យ ឬឃ្លាណាមួយដែលលេចធ្លោចំពោះអ្នក ឬចំណាប់អារម្មណ៍ដែលកើតមានចំពោះអ្នក នៅពេលអ្នកមើលវីដេអូនេះ ។
អែលឌើរ នែលអិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានថ្លែងទីបន្ទាល់អំពីព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះដើម្បីប្រោះយើងឲ្យជា ៖
បងប្អូនប្រុសស្រីអើយ ខ្ញុំសូមសន្យាថា ការបង្កើនជំនឿទៅលើព្រះអម្ចាស់យេស៊ូវគ្រីស្ទនឹងនាំឲ្យបងប្អូនមានកម្លាំង និងក្ដីសង្ឃឹមកាន់តែខ្លាំង ។ ចំពោះបងប្អូន ដែលជាមនុស្សសុចរិត នោះអង្គប្រោសឲ្យជាដល់ព្រលឹងយើងនឹងប្រោសរបួសយើងឲ្យជា ទៅតាមកាលវេលា និងរបៀបរបស់ទ្រង់ ។ គ្មានភាពអយុត្តិធម៌ គ្មានការបៀតបៀន គ្មានការសាកល្បង គ្មានភាពក្រៀមក្រំ គ្មានការខូចចិត្ត គ្មានការរងទុក្ខ គ្មានរបួសណា—ទោះជាជ្រាលជ្រៅ មានទំហំធំ និងឈឺចាប់យ៉ាងណាក្ដី—ក៏នឹងមិនដកចេញនូវការលួងលោម ភាពសុខសាន្ត និងក្ដីសង្ឃឹមគ្មានទីបញ្ចប់នៃទ្រង់ ជាអ្នកដែលមានព្រះពាហុលាតសន្ធឹង និងព្រះហស្ដរងរបួស ដែលនឹងចាំស្វាគមន៍យើងត្រឡប់ទៅក្នុងវត្តមានទ្រង់វិញដែរ ។
( នែល អិល អាន់ឌើរសិន « Wounded » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៨៦ )
-
តើអ្នកចាប់អារម្មណ៍អ្វីចេញពីការបង្រៀនរបស់អែលឌើរ អាន់ឌើរសិន ?
-
តើបទពិសោធន៍អ្វីខ្លះដែលអ្នកធ្លាប់មាន ឬតើអ្នកដឹងអំពីកន្លែងដែលព្រះអង្គសង្គ្រោះអាចផ្តល់កម្លាំង ឬការព្យាបាលដែរឬទេ ?
ជម្រើស ៖ តើចង់រៀនសូត្របន្ថែមទៀតដែរឬទេ ?
ហេតុអ្វីបានជាមានពេលខ្លះយើងមិនទទួលបានការព្យាបាលរបស់ព្រះអង្គសង្គ្រោះទៅតាមពេលវេលា និងតាមរបៀបណាដែលយើងចង់បាន ?
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា ៖
ខ្ញុំទទួលស្គាល់ថា ក្នុងឱកាសនោះ ការអធិស្ឋានដ៏ក្លៀវក្លាបំផុតមួយចំនួនរបស់យើងហាក់ដូចជាគ្មានចម្លើយឡើយ ។ យើងឆ្ងល់ថា « ហេតុអ្វី ? » ខ្ញុំយល់ពីអារម្មណ៍នោះ ! ខ្ញុំយល់ពីការភ័យខ្លាច និងទឹកភ្នែកនៃគ្រាបែបនេះ ។ ប៉ុន្តែខ្ញុំក៏ដឹងដែរថា ការអធិស្ឋានរបស់យើងនឹងមិនដែលព្រងើយកន្តើយឡើយ ។ សេចក្ដីជំនឿរបស់យើងមិនដែលមិនមានតម្លៃនោះទេ ។ ខ្ញុំដឹងថាទស្សនៈរបស់ព្រះវរបិតាសួគ៌ដែលមានប្រាជ្ញាគ្រប់ទាំងអស់គឺទូលំទូលាយជាងទស្សនៈរបស់យើងឆ្ងាយណាស់ ។ ខណៈពេលដែលយើងដឹងអំពីបញ្ហា និងការឈឺចាប់ក្នុងជីវិតរមែងស្លាប់របស់យើង ទ្រង់ជ្រាបពីវឌ្ឍនភាព និងសក្ដានុពលអមតៈរបស់យើង ។ ប្រសិនបើយើងអធិស្ឋានដើម្បីដឹងពីព្រះហឫទ័យរបស់ទ្រង់ហើយចុះចូលនឹងព្រះហឫទ័យរបស់ទ្រង់ដោយភាពអត់ធ្មត់ និងភាពក្លាហាននោះការព្យាបាលនៅស្ថានសួគ៌អាចប្រព្រឹត្តទៅតាមវិធី និងពេលវេលារបស់ទ្រង់ផ្ទាល់ ។
( រ័សុល អិម ណិលសុន « Jesus Christ—the Master Healer » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ៨៦ )
អែលឌើរ ដាវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
សេចក្ដីសុចរិត និងសេចក្ដីជំនឿគឺពិតជាឧបករណ៍នៅក្នុងការព្យាបាលអ្នកឈឺ អ្នកថ្លង់ ឬអ្នកខ្វិនមែន—បើសិនជាការព្យាបាលនោះសម្រេចនូវគោលបំណងរបស់ព្រះ ហើយស្របតាមព្រះទ័យរបស់ទ្រង់ ។ ដូច្នេះទោះជាយើងមានសេចក្ដីជំនឿដ៏រឹងមាំក្ដីក៏មានភ្នំជាច្រើននឹងពុំរំកិលចេញដែរ ។ ហើយពុំមែនគ្រប់អ្នកដែលឈឺ និងជនពិការនឹងត្រូវបានជាសះស្បើយនោះទេ ។ ប្រសិនបើជារាល់ការផ្ទុយទាំងអស់ត្រូវបានកាត់បន្ថយ ប្រសិនបើជារាល់ការឈឺចាប់ត្រូវបានដកចេញ នោះគោលបំណងដ៏សំខាន់នៃផែនការរបស់ព្រះវរបិតានឹងត្រូវបំផ្លាញហើយ ។
( ដេវីឌ អេ បែដណា « Accepting the Lord’s Will and Timing » Liahona ខែ សីហា ឆ្នាំ ២០១៦ ទំព័រ ៣៤ )
តើខ្ញុំអាចចូលទៅកាន់អំណាចព្យាបាលរបស់ព្រះអង្គសង្គ្រោះដោយរបៀបណា ពេលខ្ញុំជួបនឹងទុក្ខលំបាកខាងវិញ្ញាណ ?
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា ៖
ទុក្ខលំបាកអាចបណ្ដាលមកពីមូលហេតុខាងវិញ្ញាណ និងខាងរូបកាយ ។ អាលម៉ាជាកូនបានចងចាំថា អំពើបាបរបស់គាត់គឺមានការឈឺចាប់ខ្លាំងណាស់ដែលគាត់ប្រាថ្នាចង់ « រលត់ទៅទាំងព្រលឹងទាំងរូបកាយដើម្បី [ គាត់ ] មិនអាចនាំទៅឈរនៅវត្តមាននៃ … ព្រះ ដើម្បីទទួលការជំនុំជម្រះអំពើទាំងឡាយរបស់ [ គាត់ ] » [ អាលម៉ា ៣៦:១៥ ] ។ នៅពេលនោះ តើយើងអាចត្រូវបានទ្រង់ព្យាបាលដោយរបៀបណា ?
យើងអាចប្រែចិត្តកាន់តែពេញលេញ ! យើងអាចក្លាយជាប្រែចិត្តកាន់តែពេញលេញ ! បន្ទាប់មក « ព្រះរាជបុត្រានៃសេចក្ដីសុចរិត » អាចប្រទានពរដល់យើងកាន់តែពេញលេញ តាមរយៈព្រះហស្តព្យាបាលរបស់ទ្រង់ ។
… សេចក្តីជំនឿ ការប្រែចិត្ត ពិធីបុណ្យជ្រមុជទឹក ទីបន្ទាល់ និងការប្រែចិត្តជឿដ៏ខ្ជាប់ខ្ជួន ដឹកនាំទៅរកអំណាចនៃការព្យាបាលរបស់ព្រះអម្ចាស់ ។
( រ័សុល អិម ណិលសុន « Jesus Christ—the Master Healer » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ៨៦ )