ថ្នាក់​សិក្ខាសាលា
កិច្ចការ ២


កិច្ចការ ២

« បាន​ពេញ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ »

មនុស្ស​មួយ​ក្រុម​ធំ​កំពុង​ទទួល​បុណ្យ​ជ្រមុជទឹក​ក្នុង​ទន្លេ​នៅ​ថ្ងៃ​បុណ្យ​ទី​ហាសិប ។

មុន​ពេល​ទ្រង់​សុគត ព្រះយេស៊ូវ​បាន​មាន​ព្រះបន្ទូល​ប្រាប់​ពួក​សាវក​ទ្រង់​ថា បន្ទាប់​ពី​ទ្រង់​យាង​ទៅ​ហើយ នោះ​ព្រះវរបិតា​នឹងចាត់ « ព្រះដ៏​ជា​ជំនួយ ដែល​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ » មក ( យ៉ូហាន ១៤:២៦ ) ។ ដូច​ដែល​បានសន្យា ព្រះវិញ្ញាណបរិសុទ្ធ​បានយាងមក​ឯ​ពួក​សាវក​ដប់ពីរ​នាក់​ដោយ​អព្ភូតហេតុ​នៅ​ថ្ងៃ​បុណ្យ​ថ្ងៃ​ទីហាសិប ។ មេរៀន​នេះ​មាន​គោលបំណង​ជួយ​អ្នក​ឲ្យ​យល់​កាន់​តែ​ស៊ីជម្រៅ​អំពី​របៀប​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ប្រទានពរ​ដល់​អ្នក និង​ជួយអ្នក​ឲ្យ​រៀន​ពី​របៀប​អញ្ជើញ​ពរជ័យ​ទាំងនោះ​ទៅ​ក្នុង​ជីវិត​របស់អ្នក ។

ការពង្រីក​សមត្ថភាព​របស់យើង

សូម​កំណត់ថា​តើ​អ្នក​យល់ស្រប​នឹង​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​នេះ​ប៉ុនណា​តាម​រង្វាស់​ពីមួយ​ទៅ​ប្រាំពីរ ហើយ​កត់ត្រា​ចម្លើយ​របស់អ្នក​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ៖ ខ្ញុំ​ជឿជាក់​ថា​ខ្ញុំ​អាច​ដឹង​បាន នៅពេល​ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​គង់​នៅក្នុង​ជីវិត​របស់ខ្ញុំ ។

ដ្យាក្រាម​ដែល​មាន​ពាក្យ​ មិនយល់ស្រប​យ៉ាងខ្លាំង និង​យល់ស្រប​​យ៉ាងខ្លាំង ។
  • តើ​អ្នក​មាន​សំណួរ​អ្វី​ខ្លះ​អំពីព្រះវិញ្ញាណ​បរិសុទ្ធ ?

នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក សូម​សរសេរ​ចំណងជើង « វិធី​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​ខ្ញុំ » ។ សូម​ត្រៀម​ខ្លួន​ដើម្បី​បន្ថែម​ចំណុច​ផ្សេងៗ​ទៅក្នុង​បញ្ជី​ពេញ​មួយ​មេរៀន ។

នៅ​ពេល​អ្នក​សិក្សា​ថ្ងៃ​នេះ អ្នក​នឹង​ឃើញ​ឧទាហរណ៍​អំពី​របៀប​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​ដំណើរការ​ក្នុង​ជីវិត​របស់​មនុស្ស ។ សូម​គិត​អំពី​អ្វី​ដែល​អ្នក​អាច​រៀន​ពី​គំរូ​ទាំងនេះ​អំពី​របៀប​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ដំណើរការ​ក្នុង​ជីវិត​របស់​អ្នក ។ សេចក្តីពិត​មួយដែល​ឧទាហរណ៍​ទាំងនេះ​សង្កត់ធ្ងន់​គឺថា តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ព្រះវរបិតាសួគ៌​ជួយយើងឲ្យ​មករក​ព្រះយេស៊ូវ​គ្រីស្ទ ។

ព្រះវិញ្ញាណ​បរិសុទ្ធ​ត្រូវបាន​ចាក់ស្រោច​នៅ​ក្នុង​ថ្ងៃ​បុណ្យ​ទីហាសិប

មុនពេល​ទ្រង់​សុគត ព្រះយេស៊ូវ​បាន​បង្រៀន​សិស្ស​ទ្រង់​ថា ព្រះវរបិតាសួគ៌​នឹង​បញ្ជូន​​ព្រះវិញ្ញាណ​បរិសុទ្ធ​មកពួកគេ បន្ទាប់ពី​ព្រះយេស៊ូវ​បាន​យាង​ចេញពី​ផែនដី​ទៅ ។ លោក​បាន​ថ្លែង​ទីបន្ទាល់​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ផ្ដល់​ការ​សម្រាល​ទុក្ខ ផ្ដល់​ការ​ដឹកនាំ និង​ថ្លែង​ទីបន្ទាល់​អំពី​ទ្រង់ ( សូមមើល យ៉ូហាន ១៤:១៦, ២៦; ១៥:២៦ ) ។

ថ្ងៃ​បុណ្យ​ទីហាសិប គឺជា​ថ្ងៃឈប់​សម្រាក​របស់​សាសន៍​យូដា​ដែលកើត​ឡើង ៥០ ថ្ងៃបន្ទាប់​ពីបុណ្យរំលង ។ សាសន៍​យូដា​មកពី​ប្រទេស​ដែល​ព័ទ្ធជុំវិញ នឹង​ធ្វើ​ដំណើរ​ទៅក្រុង​យេរូសាឡិម​សម្រាប់​ថ្ងៃបុណ្យ​ឈប់​សម្រាក​នេះ ដែល​បាន​ប្រារព្ធ​ពិធី​ប្រមូលផល​ដំបូង​នៃរដូវកាល​នោះ ( សូមមើល សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ថ្ងៃ​បុណ្យទី ៥០ » ដែល​មាន​នៅលើ​គេហំទព័រ scriptures.ChurchofJesusChrist.org ) ។ សូម​អាន កិច្ចការ ២:១–៨ ដោយ​រកមើល​របៀប​ដែល​ការសន្យា​របស់​ព្រះអង្គសង្គ្រោះ​អំពី​ពួក​សាវក​ដែល​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​ត្រូវបាន​សម្រេច​នៅ​ថ្ងៃ​នេះ ។ ( សូមកំណត់​ចំណាំ​ថា « ក៏​មាន​អណ្តាត ដូច​ជា​អណ្តាត​ភ្លើង » នៅ​ក្នុង ខទី ៣ សំដៅ​ទៅលើ​ការបើក​សម្ដែង​ដែល​មើល​ឃើញ​វត្តមាន​របស់​ព្រះវិញ្ញាណ ) ។

នៅក្នុង ខទី ៤–៨ ពួកសាវក​កំពុង​ដក​ពិសោធន៍​អំណោយទាន​នៃ​ភាសា « ជា​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​អនុញ្ញាត​ឲ្យ​បុគ្គល​ដែល​បំផុសគំនិត​ឲ្យ​និយាយ យល់ ឬ​បកប្រែ​ភាសា​ដែល​មិន​ចេះ » ( សេចក្តី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « អំណាយទាន​ខាង​ភាសា » ដែល​មាន​នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។

  • តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ប្រទានពរ​ដល់​សិស្ស និង​អ្នក​ដែល​ស្តាប់​ពួកគេ​ដោយ​របៀបណា ?

  • តើ​អ្នក​គិត​ថា អំណោយ​ទាន​ខាង​ភាសា​បាន​ពង្រឹង​សមត្ថភាព​របស់​សាវក​ក្នុង​ការ​ជួយ​អ្នក​ដទៃ​ឲ្យ​មក​រក​ព្រះគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

  • តើនៅ​សព្វថ្ងៃ​នេះ​យើង​អាច​ដក​ពិសោធន៍​អំណោយ​នេះ​ដោយ​របៀប​ណា ?

សូម​ពិចារណា​បន្ថែម​ការយល់​ដឹង​ពី​ខគម្ពីរ​ដែល​អ្នក​បាន​សិក្សា​រហូត​មក​ដល់​ពេល​នេះ​ទៅ​ក្នុង​បញ្ជី​ដែល​អ្នក​បាន​បង្កើត​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។

ពេត្រុស​ធ្វើ​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ

យើង​អាច​ឃើញ​វិធី​មួយ​ទៀត​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​យើង​ដោយ​មើល​ទៅ​ភាព​ក្លាហាន​ដែល​ពេត្រុស​បាន​បង្រៀន និង​ថ្លែង​ទីបន្ទាល់ ។

ដោយ​ចងចាំ​ថា ព្រឹត្តិការណ៍​ដែល​បាន​ពិពណ៌នា​នៅក្នុង កិច្ចការ ២ បាន​កើតឡើង​មិន​យូរ​ប៉ុន្មាន​បន្ទាប់ពី​គេ​ឆ្កាង​ព្រះ​យេស៊ូវ សូម​អាន កិច្ចការ ២:២២–២៤, ៣២–៣៣, ៣៦ ហើយ​រកមើល​របៀប​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ជួយ​ពេត្រុស​ក្នុង​កាលៈទេសៈ​នេះ​ដើម្បី​ផ្សព្វ​ផ្សាយ​ដោយ​ភាពក្លាហាន និង​មោះមុត​អំពី​ព្រះ​យេស៊ូ​គ្រីស្ទ ។ ( សូមមើល កិច្ចការ ៣:១២–២០ ផងដែរ ) ។

  • តើ​អ្នក​បាន​ឃើញ​អ្វី​ខ្លះ ?

  • តើ​អ្នក​រៀន​បាន​អ្វីខ្លះ​មកពី​ដំណើរ​រឿង​នេះ​អំពី​របៀប​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​អ្នក ? ( សូមមើល​ផងដែរ កិច្ចការ ១:៨; ៤:៣១ ) ។

សូម​បន្ថែម​គំនិត​របស់អ្នក​ទៅក្នុង​បញ្ជី​របស់​អ្នកនៅ​ក្នុងសៀវភៅ​កំណត់​ហេតុ​ការ​សិក្សា​របស់​អ្នក ។

ឥទ្ធិពល​នៃការបង្រៀន​របស់​ពេត្រុសទៅ​លើអ្នកដទៃ

ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​ឥទ្ធិពល​លើ​អ្នក​ដែល​បាន​ឮ​ការ​បង្រៀន​របស់​ពេត្រុស​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ សូម​អាន កិច្ចការ ២:៣៧–៣៨, ៤១ ដោយ​រកមើល​ពីរបៀប​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បានជួយ​មនុស្ស​ទាំងនេះ ។ ពាក្យ សេចក្ដី​ចាក់ចុច ចេញ​ពី ខទី ៣៧ មាន​ន័យ​ថា​ធ្វើ​ឲ្យ​កើត​ទុក្ខ ឬ​មាន​វិប្បដិសារី ហើយ​ផ្ដល់​យោបល់​ថា​មនុស្ស​គួរតែ​មាន​ចិត្ត​ចង់​ផ្លាស់ប្ដូរ ។

  • តើ​​អ្វី​ដែល​អ្នក​ចាប់​អារម្មណ៍​នៅក្នុង​ខគម្ពីរ​ទាំងនេះ ?

  • តើ « សេចក្ដី​ចាក់ចុច​ក្នុង​ចិត្ត » ជួយ​មនុស្ស​ទាំង​នេះ​ឲ្យ​ចូល​មកកាន់​តែ​ជិត​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្ដេច ? ( ខទី ៣៧ ) ។

សូម​ប្រៀបធៀប​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​មនុស្ស​ដែល​ពេត្រុស​បាន​បង្រៀន ជាមួយ​នឹង​ការសន្យា​ដែល​ព្រះ​បាន​ធ្វើ​ចំពោះ​អ្នក​បម្រើ​របស់​ទ្រង់​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០០:៥–៨ ។

  • តើ​មាន​គំរូ​អ្វីខ្លះ​នៃ​ការផ្លាស់ប្ដូរ​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​បំផុសគំនិត​យើង​ឲ្យ​ធ្វើ ដែល​នឹង​ជួយ​យើង​ឲ្យ​ចូល​ទៅ​កាន់​តែ​ជិត​ព្រះយេស៊ូវគ្រីស្ទ ?

សូម​ពិចារណា​បន្ថែម​ការយល់ឃើញ​របស់អ្នក​មកពី កិច្ចការ ២:៣៧–៣៨, ៤១ ទៅ​ក្នុង​បញ្ជី​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ។

ការពិចារណា​ពី​អ្វី​ដែល​អ្នក​បាន​សិក្សា

សូម​សរសេរ​នៅលើ​ក្រដាស​មួយ​សន្លឹក​ដោយប្រើ​ប៊ិច ឬ​ខ្មៅដៃ ។ ១. សូម​ពិនិត្យ​មើល​បញ្ជី​ដែល​អ្នក​បានបង្កើត​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក​អំពី​របៀប​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​អ្នក​បាន ។ បន្ទាប់​មក សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​ពរជ័យ​មួយ​ណា​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​ធ្វើ​ឲ្យ​អ្នក​ចាប់អារម្មណ៍​បំផុត ?

  • ហេតុអ្វី​បាន​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​ចាំបាច់​ដើម្បី​ជួយ​យើង​ឲ្យ​មក​រក​ព្រះយេស៊ូវគ្រីស្ទ ហើយ​នាំ​អ្នក​ដទៃ​ទៅ​រក​ទ្រង់ ?

  • តើ​ជំហាន​អ្វីខ្លះ​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​ទទួល​បាន​ពរជ័យ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​កាន់តែ​ពេញលេញ ?

ជម្រើស ៖ តើ​ចង់​រៀន​សូត្រ​បន្ថែម​ទៀត​ដែរ​ឬ​ទេ ?

តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ជួយ​យើង​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា ?

ប្រធាន ដាល្លិន អេក អូក ក្នុង​គណៈប្រធាន​ទីមួយ​បាន​បង្រៀន ៖

ប្រធាន ដាល្លិន អេក អូក

បេសកកម្ម​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​គឺ​ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះវរបិតា និង​ព្រះរាជបុត្រា ( សូមមើល យ៉ូហាន ១៥:២៦; នីហ្វៃទី​២ ៣១:១៨; នីហ្វៃទី​៣ ២៨:១១ ) ដើម្បី​ដឹកនាំ​យើង​ទៅកាន់​សេចក្ដីពិត ( សូមមើល យ៉ូហាន ១៤:២៦; ១៦:១៣ ) និង​ដើម្បី​បង្ហាញ​យើង​នូវ​អ្វីៗ​ដែល​យើង​គួរ​តែ​ធ្វើ ( សូមមើល នីហ្វៃទី​២ ៣២:៥ ) ។ ទំនាក់ទំនង​ផ្ទាល់ខ្លួន​ជាមួយ​ព្រះវរបិតាសួគ៌​របស់​យើង​តាម​រយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់​នេះ គឺ​ជា​ប្រភព​នៃ​ទីបន្ទាល់​អំពី​សេចក្តីពិត ចំណេះដឹង​របស់​យើង និង​ជា​ប្រភព​នៃ​ការណែនាំ​ផ្ទាល់ខ្លួន​របស់​យើង​ពី​ព្រះវរបិតាសួគ៌​ជា​ទីស្រឡាញ់ ។ វា​ជា​លក្ខណៈ​សំខាន់​មួយ​នៃ​ផែនការ​នៃ​ដំណឹងល្អ​ដ៏​អស្ចារ្យ​របស់​ទ្រង់ ដែល​អនុញ្ញាត​ឲ្យ​បុត្រាបុត្រី​របស់​ទ្រង់​ម្នាក់ៗ​ទទួល​បាន​សាក្សី​ផ្ទាល់​ខ្លួន​អំពី​សេចក្ដីពិត​របស់​ទ្រង់ ។

( ដាល្លិន អេក អូក « Two Lines of Communication » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៨៣ )

ប្រធាន អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ថ្លែង​ទីបន្ទាល់ ៖

ប្រធាន អិម រ័សុល បាឡឺដ

នៅពេល​បុគ្គល​ម្នាក់ៗ … ទទួល​អារម្មណ៍​ពីព្រះវិញ្ញាណ​ថា​កំពុង​ធ្វើការ​ជាមួយ​ពួកគេ ឬ​នៅពេល​ពួកគេ​មើលឃើញ​ភស្ដុតាង​នៃ​ក្ដីស្រឡាញ់ និង​ក្ដីមេត្តា​របស់​ព្រះ​អម្ចាស់​នៅក្នុង​ជីវិត​របស់​ពួកគេ នោះ​ពួកគេ​បាន​ស្អាង និង​ពង្រឹង​ខាង​វិញ្ញាណ ហើយ​សេចក្ដី​ជំនឿ​របស់​ពួកគេ​ទៅលើ​ទ្រង់នឹង​ចម្រើន​ឡើង ។

( អិម រ័សុល បាឡឺដ « Now Is the Time » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ៧៥ )

តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​នាំ​ឲ្យ​យើង​ទទួល​អារម្មណ៍​យ៉ាងណា ហើយ​តើ​អ្នក​អាច​យាង​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដោយ​របៀបណា ?

វីដេអូ « Feeling the Holy Ghost » ( ៣:១៧ ) ផ្ដល់​ឧទាហរណ៍​អំពី​វិធី​ដែល​មនុស្ស​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណបរិសុទ្ធ ។ វីដេអូ​នេះ​មាន​នៅ ChurchofJesusChrist.org

3:17

Feeling the Holy Ghost

Feelings of the Holy Spirit can be likened to hope, joy and peace in your heart and mind.

វីដេអូ « Having the Holy Ghost » ( ២:៥៦ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ផ្ដល់​ឧទាហរណ៍​ពី​របៀប​យាងអញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

2:56

Having the Holy Ghost

You can invite the Holy Spirit into your life through prayer, scripture study and being obedient to God’s commandments.