ថ្នាក់​សិក្ខាសាលា
ចំណេះចំណាន​ខាង​គោលលទ្ធិ—យ៉ូហាន ១៧:៣


ចំណេះចំណាន​ខាង​គោលលទ្ធិ—យ៉ូហាន ១៧:៣

ការមក​ស្គាល់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ

យុវនារី​កំពុង​អាន​ព្រះគម្ពីរ​របស់​នាង

នៅក្នុង​មេរៀន​មុន « យ៉ូហាន ១៧ » អ្នក​បាន​រៀន​ថា យើង​អាច​ឆ្ពោះ​ទៅ​រក​ជីវិត​ដ៏នៅអស់កល្ប​ជានិច្ច ដោយ​ការ​មក​ស្គាល់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ទន្ទេញ​សេចក្ដីយោង​ចំណេះចំណាន​ខាង​គោលលទ្ធិនេះ និង​ឃ្លាបទគម្ពីរ​គន្លឹះ​សម្រាប់ យ៉ូហាន ១៧:៣ ពន្យល់​ពី​គោលលទ្ធិ និង​អនុវត្ត​គោលការណ៍​នៃ​ការ​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​នៅក្នុង​ស្ថានភាព​ជីវិត​ជាក់ស្ដែង ។

ទន្ទេញ និង​ពន្យល់

សូម​សូត្រ​សេចក្ដី​យោង​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ឮៗ​ឲ្យ​ច្រើនដង យ៉ូហាន ១៧:៣ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​របស់​វា ៖ « នេះ​ជា​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច គឺ​ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែ​មួយ នឹង​ព្រះយេស៊ូវគ្រីស្ទ ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង » ។ នៅលើ​សន្លឹក​ក្រដាស​ដាច់​ដោយ​ឡែក​មួយ សូម​សរសេរ​គម្ពីរ​យោង យ៉ូហាន ១៧:៣ និង​អក្សរ​ទីមួយ​នៃ​ពាក្យ​នីមួយៗ​នៅ​ក្នុង​ខ ៖ ន ជ ជ ដ អ ជ គ ឲ គ ប ស ដ ទ ដ ជ ព ព ត ១ ន ព យ ដ ទ ប ច ឲ ម ផ ។ ដោយ​ប្រើ​តែ​អក្សរ​ទីមួយ​នៃ​ខ​នោះ សូម​ព្យាយាម​សូត្រ​ខគម្ពីរ​យោង និង​ឃ្លា​គន្លឹះ​របស់​បទគម្ពីរ ។ នៅពេល​អ្នកកាន់តែ​មាន​ទំនុកចិត្ត សូមព្យាយាម​សូត្រ​សេចក្ដីយោង និង​ឃ្លា​ចេញ​ពី​ការចងចាំ ។

រូបតំណាង​ទិនានុប្បវត្តិ ១. សូម​បំពេញ​ឃ្លា​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

ដើម្បី​ជួយអ្នក​ឲ្យ​យល់កាន់​តែ​ច្បាស់​អំពី​អត្ថន័យ​នៃ​បទគម្ពីរនេះ សូម​ពន្យល់ពី​សេចក្តីពិត​ដែល​បានបង្រៀន​នៅក្នុង យ៉ូហាន ១៧:៣ ជាពាក្យ​សម្ដី​របស់អ្នក​ផ្ទាល់ ។ សូម​បញ្ចូល​អ្វី​ដូច​ខាងក្រោម​នេះ ៖

  1. អត្ថន័យ​នៃ​ឃ្លា « ជីវិត​ដ៏​អស់​កល្បជានិច្ច » ។

  2. វិធី​មួយ​ចំនួន​ដែល​យើង​អាច​មក « ស្គាល់ » ព្រះ​វរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

រៀន​អនុវត្ត

សូម​រំឭក កថាខណ្ឌ​ទី ៥–១២ នៃ​ផ្នែក « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » ឡើងវិញ​នៅក្នុង ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២២ ) ។ សូម​គិត​អំពី​របៀប​ដែលអ្នក​អាចពន្យល់​ពី​គោលការណ៍​នីមួយៗ​ទាំងនេះ​ទៅកាន់​នរណា​ម្នាក់​ដែល​មិនធ្លាប់​បានឮ​អំពី​គោល​ការណ៍​ទាំងនោះ​ពីមុន​មក ។

សូម​អាន​សាច់រឿង​ដូច​តទៅ​នេះ ៖

បន្ទាប់​ពី​ការ​ប្រជុំ​តម​អាហារ និង​ទីបន្ទាល់ អ្នក​សម្គាល់​ឃើញ​ថា មិត្ត​ភក្តិ​របស់​អ្នក ជូលៀ ហាក់ដូចជា​មិន​សូវ​សប្បាយចិត្ត ។ ពេល​អ្នក​ដើរ​ទៅ​ផ្ទះ​ជាមួយ​នាង នាង​និយាយ​ថា អំឡុង​ការ​ប្រជុំ​ថ្ងៃ​នេះ នាង​បាន​ដឹង​ថា​នាង​មិន​ស្គាល់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បាន​ច្រើន​ដូច​ដែល​នាង​ចង់ដឹង​នោះ​ទេ ។ នាង​ពិពណ៌នា​អំពី​អារម្មណ៍​នៃ​ភាពឯកោ និង​ការចង់បាន​នូវ​ទំនាក់ទំនង​ល្អ​ជាមួយ​នឹង​ទ្រង់​ទាំងទ្វេ ដែល​នាង​បាន​ទទួល​អារម្មណ៍​នៅ​អំឡុងពេល​ដែល​សិស្សមួយចំនួន​បាន​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ ។ អ្នក​សម្រេច​ចិត្ត​ថា​នឹង​គិត ហើយ​ខិតខំ​អធិស្ឋាន​ឲ្យ​ខ្លាំង​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​អំពី​របៀប​ដែល​ត្រូវ​ជួយ ជូលៀ ។

សូមប្រើ​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ និង​សំណួរ ហើយ​សកម្មភាព​ខាងក្រោម ដើម្បី​ជួយ​អ្នក​ពិចារណា​ពីអ្វី​ដែល​អ្នកអាច​និយាយ និង​ធ្វើ​ដើម្បី​ជួយ ជូលៀ ។ អ្នក​ប្រហែល​ជា​ចង់​សរសេរ​អ្វី​ដែល​អ្នក​បានរៀន និង​ចំណាប់​អារម្មណ៍​ណាមួយ​ដែល​អ្នក​ទទួលបាន​នៅពេល​អ្នក​ត្រៀម​រៀបចំ ។

សូម​ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំង​ឡាយ​ដោយ​ទស្សន​វិស័យ​ដ៏​នៅ​អស់កល្ប​ជានិច្ច

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា ព្រះវរបិតាសួគ៌​ចង់​ឲ្យ​យើង​មក​ស្គាល់​ទ្រង់ និង​ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ ?

  • ហេតុអ្វី​បាន​ជា​អ្នក​ចង់​មក​ស្គាល់​ទ្រង់​ទាំងទ្វេ​ឲ្យបាន​កាន់តែ​ច្បាស់​តាមដែល​អ្នក​អាច​ធ្វើ​បាន​ក្នុង​ជីវិត​នេះ ?

សូម​ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏ទេវភាព

  • តើ​ការ​សិក្សា​នូវការ​អធិស្ឋាន​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង យ៉ូហាន ១៧:៣ អាច​ជួយ​បំពេញ​បំណងប្រាថ្នា​របស់ ជូលៀ យ៉ាង​ដូចម្ដេច ?

សូម​ធ្វើ​បញ្ជី​ប្រភព​ល្អ​ៗមួយ​ចំនួន ដែល​អាច​នឹង​ជួយ ជូលៀ​ឲ្យ​មកស្គាល់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។

  • តើ ជូលៀ​អាច​ប្រើ​ប្រភព​ដែល​មាន​ដើម្បី​ជួយ​នាង​ឲ្យ​មក​ស្គាល់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​កាន់តែ​ច្បាស់​ដោយ​របៀបណា ? ( ឧទាហរណ៍ តើ​ពាក្យគន្លឹះ​អ្វី​ខ្លះ​ដែលនាង​អាចស្វែងរក​នៅក្នុង សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ នៅក្នុង Topical Guide នៅលើ​គេហទំព័រ ChurchofJesusChrist.org ឬ​នៅក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ? )

សូម​ចំណាយពេល​ពីរបីនាទី​ដើម្បី​សិក្សា​ប្រភព​ដែល​បាន​តែងតាំង​ដ៏ទេវភាព ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ និង​ពីរបៀប​ដើម្បី​ស្គាល់​ទ្រង់​ទាំងទ្វេ​ឲ្យ​បាន​កាន់តែ​ច្បាស់ ។

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

  • តើ​វា​ជា​សកម្មភាព​នៃ​សេចក្តី​ជំនឿ​ដើម្បី​ប្រឹងប្រែង​ស្គាល់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​បាន​ធ្វើ​អ្វីខ្លះ ដើម្បី​មក​ស្គាល់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​កាន់តែ​ប្រសើរ ដែល​អ្នក​អាច​ផ្តល់​យោបល់​ដល់ ជូលៀ ?

  • តើ​ឃ្លា​អ្វីខ្លះ​ដែល​អ្នក​រកឃើញ​នៅក្នុង « កថាខណ្ឌ​ទី ៥–៧ នៃ​ផ្នែក « ការទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៃ ឯកសារ​គោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២២ ) ដែល​អាច​ជួយ​នរណា​ម្នាក់​ដែល​បាន​និង​កំពុង​ធ្វើ​រឿង​ត្រឹមត្រូវ ប៉ុន្តែ​នៅតែ​មិន​មាន​អារម្មណ៍​ស្និទ្ធស្នាល​នឹង​ព្រះ​ដូច​ពួកគេ​ចង់​បាន​នោះ ?

រូបតំណាង​ទិនានុប្បវត្តិ ២. សូម​កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក​នូវអ្វី​ដែល​អ្នក​អាច​ចែកចាយ​ដើម្បី​ជួយ ជូលៀ មិត្ត​របស់​អ្នក ។

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ដែរ​ឬ​ទេ ?

តើ​អ្វី​ទៅ​ជា​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ?

ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​គឺជា​ឃ្លា​ដែល​ប្រើ​ក្នុង​បទគម្ពីរ​ដើម្បី​កំណត់​គុណភាព​នៃ​ជីវិត​ដែល​ព្រះវរបិតា​ដ៏​អស់កល្ប​របស់​យើង​នៅ​មាន​ព្រះជន្ម ។ … ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច ឬ​ភាពតម្កើង​ឡើង គឺ​ដើម្បី​រស់នៅ​ក្នុង​វត្តមាន​របស់​ព្រះ ហើយ​បន្ត​ជា​ក្រុមគ្រួសារ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៣១:១–៤ ) ។

( Gospel Topics,“Eternal Life,” topics.ChurchofJesusChrist.org )

តើ​យើង​អាច​ស្គាល់​ព្រះវរបិតា និង​ព្រះរាជបុត្រា​ដោយ​ខ្លួនឯង​ដោយ​របៀបណា ?

អែលឌើរ រ៉ូបឺត ឌី ហែល ( ឆ្នាំ ១៩៣២–២០១៧ ) ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់​បាន​ឆ្លើយ​សំណួរ​នេះ ។

រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់​អែលឌើរ រ៉ូបឺត ឌី ហែល ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ឆ្នាំ ២០០៣

ដោយ​វិវរណៈ​ផ្ទាល់​ខ្លួន ។ វិវរណៈផ្ទាល់ខ្លួន​គឺជា​វិធី​ដែល​ព្រះវរបិតាសួគ៌​ជួយ​យើង​ឲ្យ​ស្គាល់ទ្រង់ និង​ព្រះរាជបុត្រា​របស់ទ្រង់ សូមរៀន និង​រស់នៅតាម​ដំណឹងល្អ ស៊ូទ្រាំ​ដល់ទី​បញ្ចប់​ក្នុង​សេចក្ដីសុចរិត និង​មាន​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​ទទួល​ជីវិតដ៏​នៅ​អស់កល្បជានិច្ច—ដើម្បី​ត្រឡប់​ទៅកាន់​វត្តមាន​របស់​ទ្រង់​ទាំងទ្វេ​វិញ ។

( រ៉ូបឺត ឌី ហែល « Personal Revelation: The Teachings and Examples of the Prophets » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ៨៧ )

តើ​ខ្ញុំ​គួរ​ធ្វើ​ដូចម្តេច ប្រសិនបើ​ខ្ញុំ​មិនប្រាកដថា​ខ្ញុំជឿលើ​ព្រះ​នោះ ?

អែលឌើរ រ៉ូបឺត ឌី ហែល ( ឆ្នាំ ១៩៣២–២០១៧ ) ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់​បាន​មាន​ប្រសាសន៍ ៖

រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់​អែលឌើរ រ៉ូបឺត ឌី ហែល ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ឆ្នាំ ២០០៣

ប្រសិនបើ​អ្នក​មិន​អាច​ចាំ​ពី​ការជឿ​លើ​ព្រះ ឬ​បើ​អ្នក​បាន​ឈប់​ជឿ ឬ​បើ​អ្នក​ជឿ ប៉ុន្តែ​គ្មាន​ការជឿជាក់​ពិតប្រាកដ ខ្ញុំ​សូម​អញ្ជើញ​អ្នក​ឲ្យ​ស្វែងរក​ទីបន្ទាល់​អំពី​ព្រះ​ឥឡូវនេះ ។ …

… ដោយ​មាន​ទីបន្ទាល់​ផ្ទាល់​ខ្លួន​របស់​អ្នក​អំពី​ព្រះ អ្នក​នឹង​អាច​ផ្តល់​ដល់​គ្រួសារ​របស់​អ្នក កូនចៅ​របស់​អ្នក មិត្តភក្តិ និង​ជីវិត​ផ្ទាល់​របស់​អ្នក—អស់​ទាំងអ្នក​ដែល​អ្នក​ស្រឡាញ់ ។ ចំណេះដឹង​ផ្ទាល់ខ្លួន​របស់​អ្នកអំពី​ព្រះ​មិន​ត្រឹមតែ​ជា​អំណោយ​ដ៏​អស្ចារ្យ​បំផុត​ដែល​អ្នកនឹង​ផ្តល់ឲ្យ​នោះទេ ប៉ុន្តែ​វានឹង​នាំមក​ឲ្យ​អ្នកនូវ​សេចក្តីអំណរ​ដ៏​អស្ចារ្យ​បំផុត​ដែល​អ្នកនឹងមាន ។

… ខ្ញុំ​សន្យា​ថា ប្រសិនបើ​អ្នក និង​មនុស្ស​ដែល​អ្នក​ស្រឡាញ់​នឹង​ស្វែងរក​ទ្រង់​ដោយ​ភាពរាបទាប ស្មោះត្រង់ និង​ឧស្សាហ៍​ព្យាយាម នោះ​អ្នក​នឹង​ដឹង​ដោយ​ប្រាកដ​ផងដែរ ។ ទីបន្ទាល់​របស់អ្នក​នឹងមក ។

( រ៉ូបឺត ឌី ហែល « Seeking to Know God, Our Heavenly Father, and His Son, Jesus Christf » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៣២ )