ថ្នាក់​សិក្ខាសាលា
យ៉ូហាន ១៧


យ៉ូហាន ១៧

ការអធិស្ឋាន​ទូល​អង្វរ​ឲ្យ​ពួក​សិស្ស​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ​សង្គ្រោះ

ព្រះយេស៊ូវគ្រីស្ទ​អធិស្ឋាន​ជាមួយ​សិស្ស

ការស្គាល់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​លក្ខណៈ​ផ្ទាល់ខ្លួន

សូម​គិតពី​បុគ្គល​សំខាន់ៗ​ក្នុងប្រវត្តិសាស្ត្រ​ប្រចាំ​ប្រទេស​របស់អ្នក ។

  • តើអ្នកដឹងអ្វីខ្លះអំពីបុគ្គលនោះ ?

  • តើអ្នក​នឹងពិពណ៌នា​អំពី​ភាពខុសគ្នា​រវាង​ចំណេះដឹង​របស់អ្នក​អំពី​បុគ្គល​សំខាន់​ក្នុង​ប្រវត្តិសាស្ត្រ និង​ថាតើ​អ្នកស្គាល់​សមាជិក​គ្រួសារជិតស្និទ្ធ​បានល្អ​ប៉ុណ្ណាដែរ​យ៉ាង​ដូចម្តេច ?

ឥឡូវនេះ សូម​ចំណាយពេល​ខ្លះ ដើម្បី​កត់ត្រានៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ពី​អារម្មណ៍​របស់អ្នក​ចំពោះ​ចំណេះដឹង​របស់​អ្នក​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ តើ​វា​ផ្អែក​លើ​ការពិត​ដែល​អ្នក​ដឹង​អំពី​ទ្រង់​ទាំងទ្វេ​ប៉ុណ្ណោះ ឬ​ក៏វា​ក្លាយជា​រឿង​ផ្ទាល់ខ្លួន​ជាង​នោះ ? តើ​អ្នក​គិត​ថា​វា​នឹង​ប្រទាន​ពរ​ដល់​ជីវិត​របស់​អ្នក​យ៉ាង​ណា​នៅពេល​បាន​ស្គាល់​ទ្រង់​ទាំងទ្វេ​ក្នុង​កម្រិត​កាន់តែ​ផ្ទាល់​ខ្លួន​ជាងនេះ​ទៅទៀតនោះ ?

ព្រះយេស៊ូវ​បាន​អធិស្ឋាន​សម្រាប់​ពួក​សិស្ស​របស់​ទ្រង់

នៅយប់​មុន​ការរងទុក្ខ​របស់ទ្រង់​នៅ​សួនច្បារ​គែតសេម៉ានី ការក្បត់ និងការឆ្កាង ព្រះអង្គសង្គ្រោះ​បានថ្វាយ​ការអធិស្ឋាន​ដ៏​ពិសិដ្ឋមួយ ដែល​ត្រូវបាន​គេស្គាល់​ថាជា ការអធិស្ឋាន​ទូល​អង្វរ​ដ៏អស្ចារ្យ ។ ទ្រង់​បាន​អធិស្ឋាន​ទៅ​ព្រះវរបិតាសួគ៌​ដើម្បី​អង្វរ​សម្រាប់​ពួកសិស្ស​ទ្រង់ រួមទាំង​អ្នក​ដើរតាម​ទ្រង់​ដែល​រស់នៅ​ក្នុង​ជំនាន់​របស់​យើង​ផងដែរ ( សូមមើល យ៉ូហាន ១៧:២០ ) ។ សូម​ព្យាយាម​ស្រមៃ​មើល​ថា តើ​វា​នឹង​មាន​អារម្មណ៍​យ៉ាង​ណា​សម្រាប់​ពួក​សាវក​ដែល​បាន​ឮ​ព្រះយេស៊ូវ​អធិស្ឋាន​សម្រាប់​ពួកគេ​នៅ​រាត្រី​ដ៏ពិសិដ្ឋ​នោះ ។

  • តើ​យើង​អាចរៀន​អ្វីខ្លះ​អំពី​ព្រះអង្គសង្គ្រោះ​ពី​គំរូ​របស់ទ្រង់​អំពី​ការអធិស្ឋាន​សម្រាប់​ពួកសិស្ស​របស់ទ្រង់ និង​អស់អ្នក​ដែលដើរ​តាមទ្រង់ មុន​ពេល​ការរងទុក្ខ​របស់ទ្រង់​នៅ​សួនច្បារ​គែតសេម៉ានី និង​ការចាប់​ព្រះកាយ​ទ្រង់ ?

រូបតំណាង​ចំណេះចំណាន​ខាង​គោលលទ្ធិ យ៉ូហាន ១៧:៣ គឺជា​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មួយ ។ សូម​ពិចារណា​គូស​ចំណាំ​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​តាម​វិធី​ដែល​ងាយ​សម្គាល់ ដើម្បី​អ្នក​អាច​រក​ឃើញ​វា​ដោយ​ងាយស្រួល ។ អ្នក​នឹង​រៀន​បន្ថែម​អំពី​វគ្គបទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នេះ​នៅ​ក្នុង​មេរៀន​ក្រោយ ។

សូម​អាន យ៉ូហាន ១៧:១–៣ ដោយ​រកមើល​ពរជ័យ​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​អធិស្ឋាន​ថា​ពួក​សិស្ស​របស់​ទ្រង់​នឹង​ទទួល​បាន ។

  • តើ​ព្រះយេស៊ូវគ្រីស្ទ​មាន​ព្រះរាជបំណង​ប្រាថ្នា​អ្វី​សម្រាប់​សិស្ស​របស់​ទ្រង់ ?

ឃ្លា « ជីវិតដ៏នៅ​អស់កល្ប​ជានិច្ច » និង « ជីវិតដ៏​អស់កល្ប​ជានិច្ច » ( ខ​ទី ២–៣ ) ច្រើនតែ​ត្រូវ​បាន​គេ​យល់​ច្រឡំ​ថា​គ្រាន់តែ​មានន័យ​ថា​រស់នៅ​ជា​រៀង​រហូត​ប៉ុណ្ណោះ ។ ព្រះអង្គ​សង្គ្រោះ​បានអធិស្ឋាន​ទូលសូម​ឲ្យ​យើង​ទទួល​បាន​ច្រើន​ជាង​នេះ​ទៅ​ទៀត ។ « ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » គឺជា « គុណភាព​នៃ​ជីវិត​ដែល​ព្រះវរបិតា​ដ៏​នៅអស់កល្ប​ជានិច្ច​របស់​យើង​គង់​នៅ ។ … ជីវិតដ៏នៅ​អស់កល្ប​ជានិច្ច ឬ​ភាពលើកតម្កើងឡើង គឺ​ដើម្បី​រស់នៅ​ក្នុង​វត្តមាន​របស់​ព្រះ ហើយ​បន្ត​ជា​ក្រុមគ្រួសារ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៣១:១–៤ ) » ( Gospel Topics « Eternal Life » topics.ChurchofJesusChrist.org ) ។ សូម​ពិចារណា​កត់ត្រា​និយមន័យ​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក​នៅជិត ខទី ៣ ។

  • យោង​តាម ខទី ៣ តើ​មាន​អ្វី​មួយ​ដែល​តម្រូវ​ឲ្យ​យើងធ្វើ​ដើម្បី​ទទួល​បាន​ជីវិតដ៏នៅ​អស់កល្ប​ជានិច្ច ?

សេចក្តីពិត​មួយ​ដែល​យើង​រៀន​ពី​ការអធិស្ឋាន​របស់​ព្រះអង្គ​សង្គ្រោះ​គឺ​ថា ដើម្បី​ទទួល​បាន​ជីវិតដ៏នៅ​អស់កល្ប​ជានិច្ច យើង​ត្រូវតែ​ស្គាល់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា យើង​ត្រូវ​ស្គាល់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ពិត​ប្រាកដ ដើម្បី​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ?

អែលឌើរ មីហ្គែល ចន យូ ថេ នៃ​ពួក​ចិតសិប​នាក់​បានពន្យល់​ពី​សារៈសំខាន់​នៃ​ការស្គាល់​ព្រះអង្គ​សង្គ្រោះ ៖

អែលឌើរ មីហ្គែល ចន យូ ថេ

យើង​ត្រូវ​ទទួល​ស្គាល់ថា​ការស្គាល់​ព្រះអង្គ​សង្គ្រោះ​គឺជា​ការស្វែងរក​ដ៏សំខាន់​បំផុត​នៅក្នុង​ជីវិត​របស់​យើង ។ វា​គួរតែមាន​អាទិភាព​លើសពី​អ្វីៗ​ផ្សេងទៀត ។

( មីហ្គែល ចន យូ ថេ « Our Personal Savior » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៩៩ )

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា ការស្គាល់​ព្រះអង្គ​សង្គ្រោះ​គឺ​ជា​ការ​ស្វែងរក​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង ?

  • តើ​អ្វី​ទៅ​ដែល​អាច​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ក្នុង​ការ​កំណត់​អាទិភាព​ដើម្បី​មកស្គាល់​ព្រះអង្គ​សង្គ្រោះ​ជាង​ការ​ស្វែងរក​ផ្សេង​ទៀត​ក្នុង​ជីវិត​របស់​អ្នក ?

សូម​សូម​សញ្ជឹងគិត​មួយភ្លែត​អំពីរបៀប​ដែល​ទំនាក់ទំនង​ជិតស្និទ្ធ​ដែលអ្នក​មាន​ជាមួយ​សមាជិកគ្រួសារ ឬ​មិត្តភក្តិបានអភិវឌ្ឍ ។ តើ​អ្នកបាន​ធ្វើ​អ្វីខ្លះ ដើម្បី​ស្គាល់​ទ្រង់​កាន់តែ​ប្រសើរ ? តើ​មាន​បទពិសោធន៍​គន្លឹះ​ដែល​ជួយ​អ្នកឲ្យ​ស្គាល់ពួកគេ​ច្បាស់​ដែរ​ឬ​ទេ ? តើទំនាក់ទំនង​នេះ​ត្រូវ​ចំណាយ​ពេល​ប៉ុន្មាន​ដើម្បីអភិវឌ្ឍ ?

រូបតំណាង​ទិនានុប្បវត្តិ ១. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក យ៉ាង​ហោច​ណាស់​មួយ ៖

  • តើ​អ្នក​អាច​អនុវត្ត​សកម្មភាព​ដែល​បាន​ជួយ​អ្នក​បង្កើត​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​សមាជិក​គ្រួសារ ឬ​មិត្តភក្តិ​ដើម្បី​មក​ស្គាល់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀបណា ?

  • តើ​អ្នក​មាន​បទពិសោធន៍​អ្វីខ្លះ ដែល​បាន​ជួយ​អ្នក​ឲ្យ​ស្គាល់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ? តើអ្នកបានរៀន​អ្វីខ្លះ​តាមរយៈ​បទពិសោធន៍​ទាំងនេះ ?

ការមកស្គាល់​ព្រះអង្គសង្គ្រោះ​តាមរយៈ​ការអធិស្ឋាន​របស់ទ្រង់

វិធី​មួយ​ដើម្បី​ស្គាល់​ព្រះអង្គសង្គ្រោះ​គឺ​តាមរយៈ​ការអធិស្ឋាន​របស់ទ្រង់ ។ សូម​ចំណាយ​ពេល​ពីរ​បី​នាទី​ដើម្បី​រៀន​កាន់​តែ​ប្រសើរ​ឡើង ថា​តើ​ព្រះអង្គ​សង្គ្រោះ​ជា​នរណា ដោយ​សិក្សា​ពី​អ្វី​ដែល​ទ្រង់​បាន​អធិស្ឋាន​នៅក្នុង យ៉ូហាន ១៧ ។ ខគម្ពីរ​មួយ​ចំនួន​ដែល​អ្នក​អាច​ជ្រើសរើស​ដើម្បី​ផ្ដោតលើ​គឺ យ៉ូហាន ១៧:៤–១១, ២០–២៦ ។

រូបតំណាង​ទិនានុប្បវត្តិ ២. បន្ទាប់មក សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ​យ៉ាងហោច​ណាស់​បី​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​អ្នក​រៀន​អ្វីខ្លះ​អំពី​ទំនាក់ទំនង​របស់​ព្រះយេស៊ូវគ្រីស្ទ​ជាមួយ​នឹង​ព្រះវរបិតា​ទ្រង់​ពី​ការអធិស្ឋាន​នេះ ?

  • តើ​ព្រះ​យេស៊ូវ​គ្រីស្ទ​ប្រាថ្នា​ចង់​បាន​ពរជ័យ​អ្វី​ខ្លះសម្រាប់​យើង ?

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា​ទ្រង់​នឹង​អធិស្ឋាន​ឲ្យ​អ្នក​ទទួល​បាន​ពរជ័យ​ជាក់លាក់​ទាំងនេះ ?

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ព្រះវរបិតាសួគ៌ ដែល​ជួយ​អ្នក​ឲ្យ​ចង់​ស្គាល់​ទ្រង់​ទាំងទ្វេ​កាន់តែ​ប្រសើរ​ជាង​មុន ?

សូម​ស្រមៃមើល​ថា​តើការជិតស្និទ្ធ​នឹង​ព្រះវរបិតាសួគ៌ និង​ព្រះអង្គសង្គ្រោះ​នឹង​មាន​លក្ខណៈ​បែបណា ដែល​ទំនាក់ទំនង​របស់​អ្នក​អាច​ពិពណ៌នា​បានថា​ជា​ភាពតែមួយ​ជាមួយ​ទ្រង់​ទាំងទ្វេ ។ តើ​ការ​បញ្ជាក់នោះ​ធ្វើ​ឲ្យ​អ្នក​មានអារម្មណ៍​យ៉ាង​ដូចម្ដេច ? តើ​ជីវិត​របស់​អ្នក​នឹងកាន់​តែ​ប្រសើរឡើង​ដោយរបៀបណា ? ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ស្រឡាញ់​អ្នក​ខ្លាំងណាស់ ហើយ​ប្រាថ្នា​ចង់​មាន​ព្រះទ័យ​តែមួយ​ជាមួយ​អ្នក ។ ព្រះយេស៊ូវគ្រីស្ទ​បាន​អធិស្ឋាន​ទៅ​ព្រះវរបិតាសួគ៌​ដើម្បី​ជួយ​អ្នកឲ្យ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​នឹង​ទ្រង់​ទាំងទ្វេ ។ សូម​ចងចាំ​ថា​ទំនាក់ទំនង​បែបនេះ​នឹង​ត្រូវការពេលវេលា និង​ការខិតខំប្រឹងប្រែង​ដើម្បី​អភិវឌ្ឍ ពេញ​មួយជីវិតនេះ និង​ទៅជីវិតបន្ទាប់ ។

សូម​កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក នូវ​អ្វី​ដែល​អ្នក​មានឆន្ទៈធ្វើ ដើម្បី​មក​ស្គាល់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ឲ្យ​កាន់តែ​ប្រសើរ ។ សូម​រួមបញ្ចូល​ពី​របៀប​ដែល​អ្នក​គិតថា​អ្នកនឹងដឹង​ថា​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ទ្រង់​ទាំងទ្វេ​កាន់​តែរឹងមាំ និង​របៀប​ដែល​អ្នកជឿថា​ទំនាក់ទំនង​នោះ​នឹង​ផ្តល់ពរដល់​ជីវិតរបស់អ្នក ។

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ដែរ​ឬ​ទេ ?

តើ​យើង​អាច​ធ្វើអ្វី​ដើម្បី​មក​ស្គាល់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ឲ្យ​កាន់តែ​ប្រសើរ ?

ប្រធាន ហែនរី ប៊ី អាវរិង ក្នុង​គណៈ​ប្រធាន​ទី​មួយ​បាន​បង្រៀន ៖

ប្រធាន ហែនរី ប៊ី អាវរិង

ប្រសិនបើ​អ្នក​ចង់​នៅ​ជិត​នឹង​នរណាម្នាក់​ដែល​អ្នក​ស្រឡាញ់ ប៉ុន្តែ​ជា​អ្នក​ដែល​នៅ​បែកពី​អ្នក នោះ​អ្នក​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាងណា​ហើយ ។ អ្នក​នឹង​រក​វិធី​មួយ​ដើម្បី​និយាយ​នឹង​ពួកគេ អ្នក​នឹង​ស្ដាប់​ពួកគេ ហើយ​អ្នក​នឹង​រកឃើញ​ដំណោះស្រាយ​ធ្វើ​រឿង​ទាំងឡាយ​សម្រាប់គ្នា​ទៅវិញ​ទៅមក ។ កាលណា​វា​កើតឡើង​កាន់តែ​ញឹកញាប់ ហើយ​បន្ដ​ទៅ​កាន់តែ​យូរ នោះ​ចំណង​នៃ​សេចក្ដី​ស្រឡាញ់​នឹង​មាន​កាន់តែ​ជ្រាលជ្រៅ ។ ប្រសិនបើ​ពេលវេលា​ជាច្រើន​បាន​កន្លង​ផុតទៅ​ដោយ​គ្មាន​ការនិយាយ ការស្ដាប់ និង​ធ្វើអ្វី​បន្ដិច​សោះ​នោះ ចំណង​ទំនាក់ទំនង​នេះ​នឹង​ត្រូវ​ទន់ខ្សោយ ។

ព្រះ​គឺ​ល្អ​ឥតខ្ចោះ ព្រមទាំង​មាន​គ្រប់​ព្រះចេស្ដា ហើយ​អ្នក និង​ខ្ញុំ​គឺ​ជា​មនុស្ស​រមែង​ស្លាប់ ។ ប៉ុន្តែ​ទ្រង់​គឺ​ជា​ព្រះវរបិតា​របស់​យើង ទ្រង់​ស្រឡាញ់​យើង ហើយ​ទ្រង់​ប្រទាន​ឱកាស​ដូចគ្នា​នេះ ដើម្បី​ឲ្យ​យើង​ខិត​ទៅ​កាន់តែ​ជិត​នឹង​ទ្រង់ ក៏​ដូចជា​មិត្ត​ជាទីស្រឡាញ់​ម្នាក់​ដែរ ។ ហើយ​អ្នក​នឹង​ធ្វើ​វា​តាម​របៀប​ដូចគ្នា ៖ ការនិយាយ ការស្តាប់ និងការធ្វើ ។

( ហែនរី ប៊ី អាវរិង « To Draw Closer to God » Ensign ខែ ឧសភា ឆ្នាំ ១៩៩១ ទំព័រ ៦៦ )

អែលឌើរ ស៊ី ស្កត ហ្គ្រូ នៃ​ពួកចិតសិប​នាក់​បាន​ពន្យល់ ៖

អែលឌើរ ស៊ី ស្កត ហ្គ្រូ

មិត្ត​យុវវ័យ​របស់​ខ្ញុំ​អើយ យើង​អាច​ចាប់ផ្តើម​ស្គាល់​ព្រះ​តាមរយៈ​ការអធិស្ឋាន ។ …

… ពេល​អ្នក​សិក្សា​ព្រះគម្ពីរ​រាល់​ថ្ងៃ ដោយ​ផ្ទាល់​ខ្លួន និង​ជាមួយ​គ្រួសារ​អ្នក នោះ អ្នក នឹង​រៀន​ទទួលស្គាល់​សំឡេង​នៃ​ព្រះវិញ្ញាណ ហើយ​នឹង​មកស្គាល់​ព្រះ​កាន់តែ​ច្បាស់ ។ …

កាល យើង ព្យាយាម​ធ្វើ​តាម​ព្រះទ័យ​របស់​ព្រះ​ដោយ​បម្រើ​ទ្រង់ និង​មនុស្ស​ទូទៅ​ដោយ​ស្មោះត្រង់ នោះ​យើង​ទទួល​អារម្មណ៍​នៃ​ការអនុម័ត​ពី​ទ្រង់ ហើយ​មក​ស្គាល់​ទ្រង់​យ៉ាង​ពិតប្រាកដ ។

ព្រះអង្គ​សង្គ្រោះ​ប្រាប់​យើង​ថា របៀប​ល្អបំផុត​ដើម្បី​ស្គាល់​ព្រះ គឺ​ត្រូវ​ប្រែក្លាយ ដូចជា ទ្រង់ ។ ទ្រង់​បាន​បង្រៀន ៖ « តើ​អ្នក​រាល់​គ្នា​គួរ​ធ្វើ​ជា​មនុស្ស​បែប​ណា​ទៅ ? យើង​ប្រាប់​អ្នក​រាល់គ្នាជាប្រាកដថា ត្រូវ​ឲ្យ​បាន​ដូច​ជា​យើង » [ នីហ្វៃទី៣ ២៧:២៧ ] ។

ភាពស័ក្តិសម​គឺ​ជា​កត្តា​ចាំបាច់​ដើម្បី​ប្រែក្លាយ​ដូចជា​ទ្រង់ ។ …

ព្រះ​ស្គាល់ អ្នក ហើយ​អញ្ជើញ អ្នក ឲ្យ​ស្គាល់ ទ្រង់ ។ សូម​អធិស្ឋាន​ទៅ​កាន់​ព្រះវរបិតា សូម​សិក្សា​ព្រះគម្ពីរ សូម​ព្យាយាម​ធ្វើតាម​ព្រះទ័យ​ទ្រង់ សូម​ព្យាយាម​ប្រែក្លាយ​ដូច​ជា​ព្រះអង្គសង្គ្រោះ ហើយ​ធ្វើតាម​អ្នក​ប្រៀនប្រដៅ​ដ៏​សុចរិត ។ នៅពេល​អ្នក​ធ្វើ​បែបនេះ អ្នក នឹង​មក ស្គាល់ ព្រះ និង​ព្រះយេស៊ូវគ្រីស្ទ​កាន់តែ​ច្បាស់ ហើយ​អ្នក​នឹង​គ្រង​ជីវិត​ដ៏នៅអស់កល្ប​ជានិច្ច​ទុក​ជា​មរតក ។

( ស៊ី ស្កត ហ្គ្រូ « And This Is Life Eternal » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ១២១–២៤ )