យ៉ូហាន ១៤:១៥–៣១; ១៥:១០–១៤
« បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ចូរកាន់តាមបញ្ញត្តិរបស់ខ្ញុំចុះ »
នៅពេលព្រះអង្គសង្គ្រោះ និងពួកសាវករបស់ទ្រង់បានប្រារព្ធពិធីបុណ្យរំលងនៅក្នុងបន្ទប់ខាងលើ ព្រះអង្គសង្គ្រោះបានបង្រៀនពួកសាវកនូវសេចក្តីពិតសំខាន់ៗរបស់ទ្រង់ ។ ដោយការរងទុក្ខរបស់ទ្រង់នៅសួនច្បារគែតសេម៉ានី និងកាល់វ៉ារីនៅមិនទាន់មកដល់ នោះព្រះយេស៊ូវបានបង្រៀនបុរសទាំងនេះ ដែលទ្រង់ស្រឡាញ់យ៉ាងខ្លាំងថា « បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ចូរកាន់តាមបញ្ញត្តិរបស់ខ្ញុំចុះ » ( យ៉ូហាន ១៤:១៥ ) ។ មេរៀននេះអាចជួយអ្នកឲ្យបង្ហាញសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដោយការគោរពតាមបទបញ្ញត្តិរបស់ទ្រង់ ។
តើអ្នកបង្ហាញសេចក្តីស្រឡាញ់យ៉ាងដូចម្ដេច ?
-
តើអ្នកអាចដឹងដោយរបៀបណាថាមាននរណាម្នាក់ស្រឡាញ់អ្នក ? តើពាក្យសម្ដី សកម្មភាព ឬអាកប្បកិរិយាអ្វីខ្លះដែលបញ្ជាក់ពីសេចក្ដីស្រឡាញ់របស់ពួកគេ ?
-
តើអ្នកបង្ហាញសេចក្តីស្រឡាញ់របស់អ្នកចំពោះអ្នកដទៃយ៉ាងដូចម្ដេច ?
-
ចុះបើអ្នកស្រឡាញ់នរណាម្នាក់ ប៉ុន្តែអាកប្បកិរិយា ឬទង្វើរបស់អ្នកមិនបានបង្ហាញពីការស្រឡាញ់នោះរហូតទេ ? តើអ្នកអាចធ្វើអ្វីខ្លះ ?
នៅពេលព្រះអង្គសង្គ្រោះបានបន្តណែនាំពួកសាវករបស់ទ្រង់ក្នុងអំឡុងពេលអាហារចុងក្រោយ ទ្រង់បានបង្រៀនអំពីសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះយើង ហើយបានបង្រៀនពីរបៀបដែលយើងអាចបង្ហាញសេចក្តីស្រឡាញ់របស់យើងចំពោះទ្រង់ ។
សូមសិក្សា យ៉ូហាន ១៤:១៥, ២១, ២៣–២៤ និង យ៉ូហាន ១៥:១០–១៤ ដោយរកមើលអ្វីដែលព្រះអង្គសង្គ្រោះបានមានព្រះបន្ទូលថា យើងអាចធ្វើបានដើម្បីបង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះទ្រង់ និងព្រះវរបិតាសួគ៌ ។
-
តើព្រះអង្គសង្គ្រោះបានសង្កត់ធ្ងន់លើអ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះអំពីរបៀបដែលយើងអាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះទ្រង់ ?
-
តើខគម្ពីរទាំងនេះបង្រៀនអ្វីខ្លះអំពីសេចក្តីស្រឡាញ់របស់ព្រះអង្គសង្គ្រោះចំពោះអ្នក ?
-
តើស្ថានភាពសេចក្តីពិតមួយចំនួនដែលព្រះអង្កសង្រ្គោះបានបង្រៀននៅក្នុងខគម្ពីរទាំងនេះនឹងផ្តល់គុណប្រយោជន៍អ្វីខ្លះ ?
ស៊ីស្ទើរ ខារ៉ូលអិម ស្ទេហ្វិន ដែលជាអតីតប្រធានសមាគមសង្គ្រោះទូទៅ បានបង្រៀនអំពីព្រះហឫទ័យរបស់ព្រះសម្រាប់ការប្រទានបទបញ្ញត្តិនិងបំណងរបស់យើងសម្រាប់ការគោរពតាមបញ្ញត្តិទាំងនោះ ។
សូមមើលវីដេអូ « Going to Grandma’s » ( ៤:០២ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
នៅពេលខ្លះ យើងអាចនឹងមានអារម្មណ៍ថា ក្រឹត្យវិន័យរបស់ព្រះរឹតបន្តឹងដល់សេរីភាពផ្ទាល់ខ្លួនរបស់យើង ដកយកសិទ្ធិជ្រើសរើសរបស់យើង ហើយកំណត់ព្រំដែននៃ ការរីកចម្រើនរបស់យើង ។ ប៉ុន្តែនៅពេលយើងស្វែងរកការយល់ដឹងកាន់តែស៊ីជម្រៅ ពេលយើងអនុញ្ញាតឲ្យព្រះវរបិតាបង្រៀនយើង នោះយើងនឹងចាប់ផ្ដើមមើលឃើញថា ក្រឹត្យវិន័យរបស់ទ្រង់គឺជាការបង្ហាញនៃសេចក្ដីស្រឡាញ់ចំពោះយើង ហើយការគោរពតាមក្រឹត្យវិន័យរបស់ទ្រង់គឺជាការបង្ហាញក្ដីស្រឡាញ់របស់យើងចំពោះទ្រង់ ។
( ការ៉ូល អិម ស្ទីហ្វេន « If Ye Love Me, Keep My Commandments » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ១១៩ )
សូមរាយបញ្ជីក្រឹត្យវិន័យ និងបទបញ្ញត្តិមួយចំនួនដែលអ្នកមានអារម្មណ៍ថា បង្ហាញពីសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌ចំពោះអ្នក ។ ដើម្បីជួយអ្នកឲ្យគិតអំពីបទបញ្ញត្តិមួយចំនួន អ្នកអាចពិនិត្យមើលក្រឹត្យវិន័យទាំងដប់ប្រការ ( សូមមើល និក្ខមនំ ២០:៣–១៧ ) ឬ ដើម្បីកម្លាំងនៃយុវជន [ កូនសៀវភៅ ឆ្នាំ ២០១១ ] ។
-
តើបទបញ្ញត្តិដែលអ្នកបានរាយបញ្ជីជា « ការបង្ហាញពីសេចក្ដីស្រឡាញ់របស់ [ ព្រះ ] ចំពោះយើង » យ៉ាងដូចម្ដេចខ្លះ ?
-
តើការគោរពប្រតិបត្តិរបស់អ្នកចំពោះបទបញ្ញត្តិទាំងនេះអាចជា « ការបង្ហាញពីសេចក្ដីស្រឡាញ់របស់ [ អ្នក ] ចំពោះទ្រង់យ៉ាងដូចម្ដេច » ?
សូមជ្រើសរើសបទបញ្ញត្តិមួយពីបញ្ជីរបស់អ្នក ។ វាអាចជារឿងមួយដែលអ្នកកំពុងធ្វើការរក្សា ឬមួយក៏ត្រូវបានគេល្បួងឲ្យប្រព្រឹត្តិខុស ប៉ុន្តែបានជ្រើសរើសដើម្បីគោរពតាមទៅវិញ ។
សំណួរខាងក្រោមនឹងជួយអ្នកឲ្យវាយតម្លៃអំពីការបំផុតគំនិតរបស់អ្នកក្នុងការរក្សាបទបញ្ញត្តិរបស់ព្រះ ។ នៅពេលអ្នកគិតអំពីចម្លើយរបស់អ្នក វាជារឿងសំខាន់ដើម្បីដឹងថា អ្នកអាចមានហេតុផលផ្សេងៗសម្រាប់ការរក្សាបទបញ្ញត្តិនេះ ។ ទោះបីជាបច្ចុប្បន្នការបំផុសគំនិតរបស់អ្នកយ៉ាងណាក្តី សូមបន្តគោរពប្រតិបត្តិ ហើយយូរៗទៅបំណងប្រាថ្នារបស់អ្នកក្នុងការស្តាប់បង្គាប់ដោយសេចក្តីស្រឡាញ់អាចកើនឡើង ។
គំរូរបស់ព្រះអង្គសង្គ្រោះរបស់យើងអំពីសេចក្ដីស្រឡាញ់
ព្រះយេស៊ូវគ្រីស្ទបានប្រទានគំរូដ៏ល្អឥតខ្ចោះដល់យើងអំពីរបៀបគោរពតាមក្រឹត្យវិន័យ និងបទបញ្ញត្តិរបស់ព្រះដោយសេចក្តីស្រឡាញ់ដ៏បរិសុទ្ធ ។ បន្ទាប់ពីអាហារចុងក្រោយ ទ្រង់មានបន្ទូលថា « គឺខ្ញុំធ្វើបង្គាប់ព្រះវរបិតាវិញ ដើម្បីឲ្យលោកីយ៍បានដឹងថា ខ្ញុំស្រឡាញ់ដល់ទ្រង់ ចូរយើងក្រោកឡើងចេញពីទីនេះទៅ » ( យ៉ូហាន ១៤:៣១ ) ។ បន្ទាប់មក ព្រះយេស៊ូវបានយាងចេញទៅទទួលនូវការរងទុក្ខសម្រាប់អំពើបាបរបស់យើង និង « ដោយរងការឈឺចាប់ និងទុក្ខវេទនា និងការល្បួងគ្រប់បែបយ៉ាង » ( អាលម៉ា ៧:១១ ) នៅក្នុងសួនច្បារគែតសេម៉ានី ហើយម្ដងទៀតនៅលើឈើឆ្កាង ។
-
ហេតុអ្វីបានជាព្រះអង្គសង្គ្រោះមានព្រះឆន្ទៈចង់ប្រតិបត្តិតាមព្រះវរបិតាសួគ៌ ? ( សូមមើល យ៉ូហាន ១៥:១៣; ហេព្រើរ ១២:២ ) ។
អែលឌើរ ឌីថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានអញ្ជើញយើងឲ្យពិចារណាដោយប្រុងប្រយ័ត្នអំពីអ្វីដែលសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូវគ្រីស្ទអាចជំរុញយើងឲ្យធ្វើ ។ អ្នកអាចមើលវីដេអូ « Abide in My Love » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org, ចាប់ពីលេខកូដម៉ោង ១៤:២៧ ដល់ ១៤:៥០ ឬអានសេចក្តីថ្លែងការណ៍ដូចខាងក្រោមនេះ ៖
តើអ្នកមិនស្រឡាញ់ទ្រង់ដែលបានស្រឡាញ់អ្នកមុនទេឬ ? [ សូមមើល យ៉ូហាន ទី១ ៤:១៩ ] ។ បន្ទាប់មករក្សាបទបញ្ញត្តិរបស់ទ្រង់ [ សូមមើលយ៉ូហាន ១៤:១៥ ] ។ តើបងប្អូនមិនព្រមធ្វើជាមិត្តនឹងទ្រង់ ដែលជាអ្នកនឹងប្តូរជីវិត ជំនួសពួកសំឡាញ់របស់ខ្លួននោះទេឬ ? [ សូមមើល យ៉ូហាន១៥:១៣ ] ។ បន្ទាប់មករក្សាបទបញ្ញត្តិរបស់ទ្រង់ [ សូមមើល យ៉ូហាន ១៥:១៤ ] ។ តើបងប្អូនមិនព្រមនៅជាប់ក្នុងសេចក្ដីស្រឡាញ់របស់ទ្រង់ ហើយទទួលអ្វីៗទាំងអស់ដែលទ្រង់ប្រទានដល់អ្នកប្រកបដោយព្រះគុណទេឬអី ? បន្ទាប់មករក្សាបទបញ្ញត្តិរបស់ទ្រង់ [ សូមមើល យ៉ូហាន ១៥:១០ ] ។
( ឌី ថត គ្រីស្តូហ្វឺសិន « Abide in My Love » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៥១ )
នៅពេលអ្នកព្យាយាមរក្សាបទបញ្ញត្តិចេញពីសេចក្ដីស្រឡាញ់ចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ នោះអ្នកនឹងទទួលអារម្មណ៍ថា សេចក្តីស្រឡាញ់របស់ទ្រង់ទាំងទ្វេក្នុងជីវិតរបស់អ្នកនឹងរីកចម្រើនឡើង ( សូមមើល យ៉ូហាន ១៤:២១ ) ។ ប្រសិនបើអ្នកជួបការលំបាកក្នុងការគោរពប្រតិបត្តិ ឬមានបំណងប្រាថ្នាក្នុងការគោរពប្រតិបត្តិនោះ ព្រះវរបិតាសួគ៌អាចជួយអ្នកបាន ប្រសិនបើអ្នកទូលសូមទ្រង់ដោយការបន្ទាបខ្លួនដើម្បីទទួលការផ្លាស់ប្ដូរដួងចិត្តនោះ ។ សូមចងចាំផងដែរថា បទបញ្ញត្តិមួយក្នុងចំណោមនោះគឺត្រូវប្រែចិត្ត ហើយយើងអាចរក្សាបទបញ្ញត្តិនេះ ខណៈពេលកំពុងព្យាយាមដើម្បីយកឈ្នះលើភាពទន់ខ្សោយរបស់យើង ។
ជម្រើស ៖ ចង់រៀនសូត្របន្ថែមទៀតទេ ?
ហេតុអ្វីបានជាព្រះតម្រូវឲ្យយើងគោរពតាមបទបញ្ញត្តិរបស់ទ្រង់ ?
ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយបានបង្រៀន ៖
ព្រះតម្រូវឲ្យយើងគោរពតាមបទបញ្ញត្តិរបស់ទ្រង់ ដោយសារមានតែតាមរយៈការគោរពប្រតិបត្តិនោះ រួមទាំងការប្រែចិត្តប៉ុណ្ណោះ ទើបយើងអាចត្រឡប់ទៅរស់នៅក្នុងវត្តមានរបស់ទ្រង់ ហើយប្រែក្លាយជាមនុស្សល្អឥតខ្ចោះដូចទ្រង់ដែរ ។
( ដាល្លិន អេក អូក « Two Great Commandments » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៧៤ )
តើវាសំខាន់ទេ អំពីមូលហេតុដែលខ្ញុំគោរពតាមបទបញ្ញត្តិនោះ ?
យើងម្នាក់ៗគួរសួរខ្លួនយើងថាហេតុអ្វីបានជាយើងគោរពតាមបទបញ្ញត្តិរបស់ព្រះ ។ តើមកពីយើងខ្លាចទទួលទោសឬ ? តើមកពីយើងចង់បានរង្វាន់សម្រាប់ការរស់នៅល្អឬ ? តើមកពីយើងស្រឡាញ់ព្រះ និងព្រះយេស៊ូវគ្រីស្ទ ហើយចង់បម្រើទ្រង់ឬ ?
វាជាការល្អជាងដើម្បីគោរពតាមបទបញ្ញត្តិដោយសារយើងខ្លាចការដាក់ទោស ជាជាងមិនគោរពតាមបទបញ្ញត្តិសោះ ។ ប៉ុន្តែ យើងនឹងមានសុភមង្គលជាងបើយើងគោរពព្រះ ដោយសារយើងស្រឡាញ់ទ្រង់ ហើយចង់គោរពទ្រង់ ។ នៅពេលដែលគោរពទ្រង់ដោយស្មោះ ទ្រង់ក៏ប្រទានពរដល់យើងដោយស្មោះដែរ ។ ទ្រង់បានមានព្រះបន្ទូលថា « យើងជាព្រះអម្ចាស់ … ហើយសព្វព្រះហឫទ័យនឹងឲ្យកិត្តិយសដល់អស់អ្នកណាដែលបម្រើយើងដោយនូវសេចក្ដីសុចរិត និងដោយនូវសេចក្ដីពិតរហូតដល់ចុងបំផុត » [ គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៥ ] ។ ការគោរពប្រតិបត្តិក៏ជួយយើងឲ្យរីកចម្រើន ហើយប្រែក្លាយកាន់តែដូចជាព្រះវរបិតាសួគ៌យើងដែរ ។ ប៉ុន្តែអ្នកណាដែលមិនធ្វើអ្វីទាល់តែពួកគេត្រូវបានបញ្ជា ហើយបន្ទាប់មកកាន់តាមបទបញ្ញត្តិដោយមិនស្ម័គ្រចិត្ត [ នឹង ] បាត់បង់រង្វាន់របស់ពួកគេ [ សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:២៦–២៩ ] ។
( Gospel Principles [ ឆ្នាំ ២០០៩ ] ទំព័រ ២០១–២០២ )