យ៉ូហាន ១៤:១–៦; ១៥:១–១១
« ខ្ញុំជាផ្លូវជាសេចក្តីពិត ហើយជាជីវិត »
ក្នុងអំឡុងពេលអាហារចុងក្រោយរបស់ទ្រង់ជាមួយនឹងពួកសិស្សរបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទបានបង្រៀនពួកគេអំពីនិស្ស័យ និងបេសកកម្មរបស់ទ្រង់ ។ ទ្រង់បានបង្រៀនថា ទ្រង់គឺជាផ្លូវត្រឡប់ទៅកាន់ព្រះវរបិតាសួគ៌ ហើយទ្រង់បានប្រៀបធៀបទំនាក់ទំនងរបស់ពួកសិស្សទ្រង់នឹងទ្រង់ទៅនឹងមែកឈើនៅលើដើមទំពាំងបាយជូរ ។ មេរៀននេះអាចជួយអ្នកឲ្យសញ្ជឹងគិតអំពីទំនាក់ទំនងរបស់អ្នកជាមួយព្រះយេស៊ូវគ្រីស្ទ និងអំពីរបៀបដែលអ្នកអាចធ្វើតាមទ្រង់ ហើយទទួលបានកម្លាំង និងការគាំទ្ររបស់ទ្រង់ ។
ការបង្រៀនចុងក្រោយមួយចំនួនរបស់ព្រះអង្គសង្គ្រោះដល់ពួកសិស្សរបស់ទ្រង់គឺសំដៅជួយពួកគេឲ្យយល់អំពីទំនាក់ទំនងរបស់ពួកគេជាមួយទ្រង់ និងការពឹងផ្អែកលើទ្រង់ ។ ព្រះអង្គសង្គ្រោះបានប្រៀបធៀបអង្គទ្រង់ទៅនឹងផ្លូវមួយ និងទៅនឹងដើមទំពាំងបាយជូរ ឬដើមឈើដែលមានមែក ។ សូមចំណាយពេលបន្តិចដើម្បីគិតអំពីផ្នែកនានាក្នុងជីវិតរបស់អ្នក ដែលអ្នកប្រហែលជាត្រូវការជំនួយ ។ ប្រហែលជាអ្នកមានអារម្មណ៍ដូចជាអ្នកត្រូវការជំនួយ ពេលអ្នកព្យាយាមត្រឡប់ទៅរកព្រះវរបិតាសួគ៌វិញ ។ អ្នកអាចមានអារម្មណ៍ថាត្រូវការកម្លាំងខ្លាំងជាងមុន ដើម្បីប្រឈមមុខនឹងបញ្ហានានាក្នុងជីវិតរបស់អ្នក ។ នៅពេលអ្នកសិក្សាការបង្រៀនរបស់ព្រះអង្គសង្គ្រោះ សូមរកមើលអ្វីដែលអ្នករៀនអំពីទ្រង់ និងរបៀបដែលទ្រង់អាចជួយអ្នកបាន ។
សូមសិក្សាផ្នែកខាងក្រោមនេះមួយ ឬទាំងពីរ ។ សូមចងចាំដោយសញ្ជឹងគិតអំពីរបៀបដែលព្រះអង្គសង្គ្រោះអាចជួយអ្នកក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក ។
ព្រះយេស៊ូវគ្រីស្ទគឺជា « ផ្លូវជាសេចក្តីពិត ហើយជាជីវិត » ( យ៉ូហាន ១៤:៦ )
សូមអាន យ៉ូហាន ១៤:១–៦ ដោយរកមើលរបៀបដែលព្រះអង្គសង្គ្រោះបានសន្យាថានឹងជួយអ្នកដែលដើរតាមទ្រង់ ។
-
តើសេចក្ដីពិតអ្វីដែលព្រះអង្គសង្គ្រោះបានបង្រៀននៅក្នុងខគម្ពីរទាំងនេះ ?
-
តើព្រះអង្គសង្គ្រោះបានហៅអង្គទ្រង់ដូចម្តេចនៅក្នុង ខទី ៦ ?
-
តើព្រះបរមងារនីមួយៗទាំងនេះបង្រៀនអ្នកអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ និងទំនាក់ទំនងរបស់អ្នកជាមួយទ្រង់ ?
ប្រសិនបើអ្នកបានបង្កើតបញ្ជីនៃព្រះបរមងារ និងតួនាទីផ្សេងៗរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងមេរៀនមុន អ្នកអាចនឹងចង់បន្ថែមអ្វីដែលអ្នកបានរកឃើញនៅក្នុង យ៉ូហាន ១៤ ទៅក្នុងបញ្ជីនោះ ។
ព្រះគម្ពីរមរមនអាចបង្កើនការយល់ដឹងរបស់អ្នកអំពីអ្វីដែលអ្នកកំពុងសិក្សានៅក្នុងព្រះគម្ពីរសញ្ញាថ្មី ។ សូមអាន ម៉ូសាយ ៣:១៧ ហើយគិតអំពីរបៀបដែលខគម្ពីរនេះជួយយើងឲ្យយល់កាន់តែច្បាស់អំពី យ៉ូហាន ១៤:៦ ។
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលកាលនោះនៅក្នុងគណៈប្រធានទីមួយបានបង្រៀន ៖
ព្រះមានព្រះទ័យចង់ឲ្យបងប្អូនស្វែងរកមាគ៌ាត្រឡប់ទៅរកទ្រង់វិញ ហើយព្រះអង្គសង្គ្រោះគឺជាមាគ៌ានោះឯង [ សូមមើល យ៉ូហាន ១៤:៦ ] ។ ព្រះមានព្រះទ័យចង់ឲ្យបងប្អូនរៀនពីបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ហើយដកពិសោធន៍នៃភាពសុខសាន្ត និងសេចក្ដីអំណរដ៏ជ្រាលជ្រៅដែលបានមកពីការដើរតាមមាគ៌ានៃភាពជាសិស្សរបស់ព្រះ ។
( ឌៀថើរ អេហ្វ អុជដូហ្វ « Receiving a Testimony of Light and Truth » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ២១ )
-
តើនៅពេលណាដែលអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់បានដកពិសោធន៍នូវសេចក្ដីសុខសាន្ត និងសេចក្តីអំណរដ៏ជ្រាលជ្រៅ ដែលកើតចេញពីការដើរតាមព្រះយេស៊ូវគ្រីស្ទនោះ ?
ដើម្បីមើលឃើញគំរូរបស់នរណាម្នាក់ដែលបានរកឃើញព្រះអង្គសង្គ្រោះ ហើយបានទទួលពរជ័យដោយការធ្វើតាមទ្រង់ នោះប្រសិនបើអាច សូមមើលវីដេអូ « Jesus Christ Is the Way » ( ៥:០២ ) នៅលើគេហទំព័រ ChurchofJesusChrist.org ។
-
តើមានវិធីអ្វីខ្លះដែលយើងអាចដើរតាមព្រះអង្គសង្គ្រោះត្រឡប់ទៅព្រះវរបិតាសួគ៌វិញ ?
-
តើយើងអាចដឹងបានយ៉ាងណាថាតើយើងកំពុងដើរលើផ្លូវត្រូវ ?
ព្រះយេស៊ូវគ្រីស្ទជា « ដើមទំពាំងបាយជូរ » ( យ៉ូហាន ១៥:៥ )
ព្រះយេស៊ូវគ្រីស្ទបានប្រើការប្រៀបធៀបមួយ ដើម្បីបង្រៀនសិស្សទ្រង់អំពីទំនាក់ទំនងរបស់ពួកគេជាមួយទ្រង់ ។ សូមអាន យ៉ូហាន ១៥:១–១១ ដោយរកមើលការប្រៀបធៀបនេះ ។
ប្រសិនបើអ្នកបានបង្កើតបញ្ជីនៃព្រះបរមងារ និងតួនាទីផ្សេងៗរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងមេរៀនមុន អ្នកអាចនឹងចង់បន្ថែមអ្វីដែលអ្នកបានរកឃើញនៅក្នុង យ៉ូហាន ១៥ ទៅក្នុងបញ្ជីនោះ ។
-
តើអ្នកគិតថា ព្រះយេស៊ូវគ្រីស្ទកំពុងបង្រៀនអ្វីខ្លះជាមួយនឹងការប្រៀបធៀបនេះ ?
-
តើសេចក្ដីពិតអ្វីខ្លះដែលអ្នកអាចរៀនពីការប្រៀបធៀបនេះអំពីទំនាក់ទំនងរបស់យើងជាមួយព្រះយេស៊ូវគ្រីស្ទ ?
អែលឌើរ ជែហ្វ្រីអ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ថា ការអញ្ជើញរបស់ព្រះអង្គសង្គ្រោះឲ្យនៅជាប់នឹងទ្រង់គឺជាការអញ្ជើញសម្រាប់យើង « ឲ្យនៅ … ស្នាក់នៅ ជារៀងរហូត » ( « Abide in Me » Liahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៣២ ) ។ អែលឌើរ ហូឡិន បានពន្យល់ពីមូលហេតុដែលវាមានសារៈសំខាន់ខ្លាំង សម្រាប់យើងក្នុងការទទួលយកការអញ្ជើញរបស់ព្រះអង្គសង្គ្រោះឲ្យនៅជាប់នឹងទ្រង់ ។ អ្នកអាចមើលវីដេអូ « Abide in Me » ចាប់ពីលេខកូដម៉ោង ១៣:២៦ ដល់ ១៤:២៣ ឬអានសេចក្តីថ្លែងការណ៍ដូចខាងក្រោមនេះ ។
ព្រះយេស៊ូវមានបន្ទូលថា « ដ្បិតបើដាច់ពីខ្ញុំចេញ នោះអ្នករាល់គ្នាពុំអាចនឹងធ្វើអ្វីបានទេ » [ យ៉ូហាន ១៥:៥ ] ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា នោះគឺជាសេចក្ដីពិតរបស់ព្រះ ។ ព្រះគ្រីស្ទគឺជាអ្វីៗគ្រប់យ៉ាងចំពោះយើង ហើយយើងត្រូវ « នៅជាប់នឹង » ទ្រង់ជាអចិន្ត្រៃយ៍ ឥតងាករេ ខ្ជាប់ខ្ជួន និងជារៀងរហូត ។ ដើម្បីឲ្យផលផ្លែនៃដំណឹងល្អរីកឡើង ហើយឲ្យពរដល់ជីវិតយើង នោះយើងត្រូវតែនៅជាប់នឹងទ្រង់ ជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា និងចំពោះសាសនាចក្ររបស់ទ្រង់ដែលមានព្រះនាមដ៏បរិសុទ្ធរបស់ទ្រង់ ។ ទ្រង់គឺជាដើមទំពាំងបាយជូរដែលជាប្រភពពិតនៃកម្លាំង និងជាប្រភពតែមួយនៃជីវិតដ៏នៅអស់កល្បជានិច្ច ។ ក្នុងទ្រង់ យើងមិនត្រឹមតែស៊ូទ្រាំប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងឈ្នះ ហើយមានជ័យជម្នះក្នុងបុព្វហេតុបរិសុទ្ធនេះ ដែលនឹងមិនដែលធ្វើឲ្យយើងបរាជ័យដែរ ។
( ជែហ្វ្រី អ័រ ហូឡិន « Abide in Me » Liahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៣២ )
ព្រះគម្ពីរមរមនអាចជួយអ្នកបង្កើនការយល់ដឹងរបស់អ្នក អំពីអ្វីដែលអ្នកកំពុងសិក្សានៅក្នុងព្រះគម្ពីរសញ្ញាថ្មី ។ សូមអាន អាលម៉ា ២៦:១២ ហើយគិតអំពីរបៀបដែលវាទាក់ទងនឹង យ៉ូហាន ១៥:១–១១ ។
-
តើមានផលផ្លែអ្វីខ្លះ ( លទ្ធផល ឬពរជ័យ ) ដែលអ្នកបានឃើញនៅក្នុងជីវិតរបស់អ្នក កាលដែលអ្នកបានព្យាយាមនៅជាប់នឹងព្រះយេស៊ូវគ្រីស្ទ ?
-
តើមានសកម្មភាពអ្វីខ្លះដែលអ្នកអាចធ្វើដើម្បីជួយអ្នកឲ្យនៅជាប់នឹងព្រះយេស៊ូវគ្រីស្ទ ?
ជម្រើស ៖ តើចង់រៀនសូត្របន្ថែមទៀតដែរឬទេ ?
តើការមានវិមានជាច្រើននៅក្នុងព្រះដំណាក់របស់ព្រះវរបិតាសួគ៌មានន័យយ៉ាងណា ?
ព្យាការី យ៉ូសែប ស៊្មីធ ( ឆ្នាំ ១៨០៥–៤៤ ) បានបង្រៀន ៖
« [ សេចក្ដីថ្លែងការណ៍ ] « នៅក្នុងដំណាក់នៃព្រះវរបិតាខ្ញុំ មានទីលំនៅជាច្រើន » [ យ៉ូហាន ១៤:២ ] … គួរមានន័យថា—« នៅក្នុងនគរនៃព្រះវរបិតាខ្ញុំ មាននគរជាច្រើន » ដើម្បីឲ្យអ្នករាល់គ្នាអាចគ្រងមរតករបស់ព្រះ ហើយគ្រងមរតកជាមួយខ្ញុំ ។ … មានទីកន្លែងជាច្រើនសម្រាប់អ្នកទាំងឡាយណាដែលគោរពតាមក្រឹត្យវិន័យនៃសេឡេស្ទាល ហើយមានទីកន្លែងជាច្រើនទៀតសម្រាប់អ្នកទាំងឡាយដែលមិនគោរពក្រឹត្យវិន័យ គឺមនុស្សគ្រប់រូបតាមលំដាប់រៀងៗខ្លួន ។
( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ២១៩ )