លូកា ២៣:៣៣–៤៦; យ៉ូហាន ១៩:២៦–៣០
សេចក្តីមេត្តាករុណារបស់ព្រះអង្គសង្គ្រោះនៅលើឈើឆ្កាង
អ្វីដែលព្រះយេស៊ូវបានមានព្រះបន្ទូលពេលទ្រង់គង់លើឈើឆ្កាងបង្ហាញពីបុគ្គលិកលក្ខណៈទ្រង់ និងគុណលក្ខណៈដ៏ទេវភាពរបស់ទ្រង់ ។ នៅពេលអ្នកសិក្សា សូមព្យាយាមបង្កើនបំណងប្រាថ្នារបស់អ្នកដើម្បីក្លាយដូចជាព្រះយេស៊ូវគ្រីស្ទកាន់តែខ្លាំង នៅពេលអ្នករៀនពីគំរូរបស់ទ្រង់ នៅពេលគេឆ្កាងទ្រង់ ។
ការខ្វល់ខ្វាយអំពីអ្នកដទៃ
សូមពិចារណាសំណួរទាំងឡាយដូចតទៅនេះ ៖ តើអ្នកឧស្សាហ៍បង្ហាញការអាណិតអាសូរដល់អ្នកដទៃដែរឬទេ ? ហេតុអ្វីអាច ឬហេតុអ្វីមិនអាច ?
នៅក្នុងមេរៀននេះ អ្នកនឹងមានឱកាសដើម្បីសិក្សាគំរូរបស់ព្រះអង្គសង្គ្រោះអំពីការជួយអ្នកដទៃ សូម្បីតែអំឡុងពេលទ្រង់កំពុងឈឺចាប់នៅលើឈើឆ្កាងក្តី ។ នៅពេលអ្នកសិក្សាគំរូរបស់ព្រះអង្គសង្គ្រោះ សូមស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នកឲ្យកាន់តែមានចិត្តចង់ក្លាយដូចជាទ្រង់ខ្លាំងឡើង ។
បទពិសោធន៍មុន និងអំឡុងពេលនៃការឆ្កាង
សូមរំឭកពីបទពិសោធន៍របស់ព្រះអង្គសង្គ្រោះមុន និងអំឡុងពេលការឆ្កាងរបស់ទ្រង់ ៖
-
ទ្រង់បានរងទុក្ខសម្រាប់អំពើបាបនៃពិភពលោកនេះនៅក្នុងសួនច្បារគែតសេម៉ានី ( សូមមើល លូកា ២២:៣៩–៤៤ ) ។
-
យូដាសបានក្បត់ទ្រង់ ហើយសាវករបស់ទ្រង់បានបោះបង់ចោលទ្រង់ ( សូមមើល ម៉ាកុស ១៤:៤៣–៥០ ) ។
-
មេដឹកនាំសាសន៍យូដាបានកាត់ទោស វាយដំ និងស្ដោះទឹកមាត់ដាក់ទ្រង់ ( សូមមើល ម៉ាថាយ ២៦:៥៧–៦៨ ) ។
-
លោកពីឡាត់ និងស្ដេចហេរ៉ូឌបានសួរចម្លើយទ្រង់ ហើយស្ដេចហេរ៉ូឌ និងទាហានរបស់ទ្រង់បានចំអកដល់ទ្រង់ ( លូកា ២៣:១–២៤ ) ។
-
ពួកទាហានរ៉ូមបានវាយដំទ្រង់យ៉ាងព្រៃផ្សៃ ( សូមមើល ម៉ាថាយ ២៧:២៦–៣១ ) ។
-
ទ្រង់បានលីឈើឆ្កាងរបស់ទ្រង់យ៉ាងហោចពាក់កណ្តាលផ្លូវទៅកាន់គាល់កូថា ( សូមមើល យ៉ូហាន ១៩:១៦–១៧ ) ។
-
គេវាយដែកគោលលើព្រះហស្ត និងព្រះបាទាទ្រង់នៅចន្លោះចោរពីរនាក់ ( សូមមើល លូកា ២៣:៣៣ សូមមើលផងដែរ យ៉ូហាន ២០:២៥ ) ។
-
គេឆ្កាងទ្រង់នៅលើឈើឆ្កាង ( សូមមើល ម៉ាថាយ ២៧:៤៥–៥០; ម៉ាកុស ១៥:២៥ ) ។
សូមគិតអំពីរបៀបដែលព្រឹត្តិការណ៍ទាំងនេះជះឥទ្ធិពលលើអារម្មណ៍របស់អ្នកចំពោះព្រះអង្គសង្គ្រោះ និងអ្វីដែលទ្រង់បានស៊ូទ្រាំដើម្បីអ្នក ។ សូមអានវគ្គបទគម្ពីរខាងក្រោម ដែលមានសេចក្តីថ្លែងការណ៍ដែលព្រះអង្គសង្គ្រោះបានធ្វើនៅពេលទ្រង់នៅលើឈើឆ្កាង ។ សូមស្វែងរកសេចក្ដីពិតអំពីព្រះយេស៊ូវគ្រីស្ទចេញពីសេចក្តីថ្លែងការណ៍របស់ទ្រង់ ហើយសរសេរវានៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
-
លូកា ២៣:៣៣–៣៤ ។ ព្រះអង្គសង្គ្រោះបានមានព្រះបន្ទូលទាំងនេះអំពីទាហានដែលបានឆ្កាងទ្រង់ ( សូមមើលការបកប្រែដោយយ៉ូសែប ស្ម៊ីធ នៃខគម្ពីរនេះនៅក្នុង លូកា ២៣:៣៤, ) ។
-
លូកា ២៣:៣៩–៤៣ ។ ខគម្ពីរទាំងនេះកត់ត្រានូវអ្វីដែលចោរដែលបានឆ្កាងជាមួយព្រះអង្គសង្គ្រោះបាននិយាយ និងរបៀបដែលព្រះអង្គសង្គ្រោះបានឆ្លើយតប ។ ( សូមចំណាំថា ព្យាការី យ៉ូសែប ស្ម៊ីធ បានបង្រៀនថា នៅពេលព្រះអង្គសង្គ្រោះមានព្រះបន្ទូលពីចោរទាំងនេះ ដែលកំពុងនៅជាមួយទ្រង់ក្នុងស្ថានសួគ៌ នោះទ្រង់កំពុងបង្រៀនចោរទាំងនោះថា « យើងនឹងនៅជាមួយឯងនៅឯពិភពវិញ្ញាណ & ហើយនឹងបង្រៀនឯង ឬឆ្លើយសំណួររបស់ឯង » [ « Discourse ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ១៨៤៣–A ដូចដែលបានរៀបរាប់ដោយ វិលហ្វួឌ វូឌដ្រុព្វ » ទំព័រ ៤៤ នៅលើគេហទំព័រ josephsmithpapers.org ] ) ។
-
យ៉ូហាន ១៩:២៦–២៧ ។ ខគម្ពីរទាំងនេះកត់ត្រានូវអ្វីដែលព្រះអង្គសង្គ្រោះបានមានព្រះបន្ទូលទៅកាន់មាតាទ្រង់ ម៉ារា និងសាវកយ៉ូហាន ។
ព្រះអង្គសង្គ្រោះមិនគ្រាន់តែគិតអំពីពួកទាហានរ៉ូម ពួកចោរ និងមាតារបស់ទ្រង់ពេលនៅលើឈើឆ្កាងប៉ុណ្ណោះទេ ។ ប្រធាន រ័សុលអិម ណិលសុន បានបង្រៀនពីរបៀបបន្ថែមដែលព្រះអង្គសង្គ្រោះបានផ្តោតលើអ្នកដទៃ ខណៈពេលដែលទ្រង់កំពុងឈឺចាប់ ។
« ដូចនៅក្នុងគ្រប់រឿងទាំងអស់ដែរ ព្រះយេស៊ូវគ្រីស្ទគឺជាគំរូដ៏អស្ចារ្យបំផុត ‹ ដែលទ្រង់បានរងទ្រាំនៅឈើឆ្កាង › [ ហេព្រើរ ១២:២ ] ។ ចូរគិតអំពីរឿងនេះ ! ដើម្បីឲ្យទ្រង់អាចស៊ូទ្រាំនឹងបទពិសោធន៍ដ៏ឈឺចាប់បំផុតដែលទ្រង់បានស៊ូទ្រាំនៅលើផែនដីនេះបាន នោះព្រះអង្គសង្គ្រោះយើងបានផ្តោតព្រះទ័យទ្រង់ទៅលើ សេចក្តីអំណរ !
ហើយតើមានអំណរអ្វីខ្លះដែលនៅចំពោះទ្រង់នោះ ? ប្រាកដណាស់វារួមមានអំណរនៃការជ្រះស្អាត ការព្យាបាល និងការពង្រឹងដល់យើង អំណរនៃការបង់ថ្លៃចំពោះអំពើបាបនៃអស់អ្នកដែលប្រែចិត្ត អំណរនៃការធ្វើឲ្យបងប្អូន និងរូបខ្ញុំអាចត្រឡប់ទៅផ្ទះវិញ—ឲ្យជ្រះស្អាត និងមានភាពស័ក្តិសម—ដើម្បីរស់នៅជាមួយព្រះមាតាបិតា និងក្រុមគ្រួសារសួគ៌ា ។
( រ័សុល អិម ណិលសុន « Joy and Spiritual Survival » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៨២–៨៣ )
-
តើព្រះអង្គសង្គ្រោះផ្ដោតលើអ្វីខណៈពេលទ្រង់បានរងទុក្ខសម្រាប់យើង ?
-
តើប្រធាន ណិលសុន បង្រៀនអ្នកអ្វីខ្លះអំពីព្រះរាជបំណងរបស់ព្រះអង្គសង្គ្រោះសម្រាប់អ្នក ?
សូមសញ្ជឹងគិតមួយភ្លែតពីសេចក្ដីពិតថា ខណៈពេលដែលព្រះអង្គសង្គ្រោះនៅលើឈើឆ្កាង ទ្រង់បានផ្តោតលើអ្នក និងអំណរនៃការជួយអ្នកឲ្យត្រឡប់ទៅរកព្រះវរបិតាសួគ៌វិញ ។
-
តើវាអាចធ្វើឲ្យមានភាពខុសគ្នាអ្វីខ្លះក្នុងជីវិតអ្នកដើម្បីយល់ពីសេចក្ដីពិតនេះ ? ហេតុអ្វីបានជាចំណេះដឹងនេះនឹងធ្វើឲ្យមានភាពខុសគ្នាយ៉ាងនេះសម្រាប់អ្នក ?
ប្រសិនបើការមើលឧទាហរណ៍អាចជួយបាន សូមមើល « Love One Another as He Has Loved Us » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីលេខកូដម៉ោង ៣:២២ ដល់ ៧:៥៤ ។Love One Another as He Has Loved Us
សូមស្វែងរកការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ ដោយសញ្ជឹងគិតពីគំរូរបស់ព្រះអង្គសង្គ្រោះ និងអ្វីដែលអ្នកបានទទួលអារម្មណ៍នៅថ្ងៃនេះ ។ សូមស្វែងរករបៀបដែលអ្នកអាចកាន់តែក្លាយដូចជាព្រះយេស៊ូវគ្រីស្ទក្នុងការបង្ហាញសេចក្ដីស្រឡាញ់ និងការអាណិតអាសូរដល់អ្នកដទៃ សូម្បីតែអំឡុងពេលអ្នកកំពុងមានឧបសគ្គខ្លួនឯងផ្ទាល់ក៏ដោយ ។ បន្ទាប់មក សូមកត់ត្រារបៀបទាំងនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ សូមពិនិត្យមើលបញ្ជីដែលអ្នកបានធ្វើ ហើយសូមអធិស្ឋានជ្រើសរើសរបៀបមួយក្នុងចំណោមរបៀបដែលអ្នកអាចកាន់តែក្លាយដូចជាព្រះយេស៊ូវគ្រីស្ទបាន ។ សូមកំណត់របៀបទាំងនេះនៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នក ។ សូមអធិស្ឋាន ហើយស្វែងរកឱកាសដើម្បីធ្វើតាមសកម្មភាពនេះ ។
« ការស្រេចហើយ »
បន្ទាប់ពីរងទុក្ខអស់ជាច្រើនម៉ោងនៅលើឈើឆ្កាង ព្រះអង្គសង្គ្រោះបានថ្លែងព្រះបន្ទូលចុងក្រោយរបស់ទ្រង់ ។
សូមអាន យ៉ូហាន ១៩:២៨–៣០ និង លូកា ២៣:៤៦ ។ សូមគូសចំណាំសេចក្តីថ្លែងការណ៍ចុងក្រោយក្នុងព្រះជន្មរមែងស្លាប់របស់ព្រះអង្គសង្គ្រោះ ។
-
តើសេចក្ដីថ្លែងការណ៍ទាំងនេះអាចជួយយើងឲ្យយល់អ្វីខ្លះអំពីព្រះអង្គសង្គ្រោះ និងបេសកកម្មរបស់ទ្រង់ ?
ដូចជាព្រះអង្គសង្គ្រោះដែរ យើងអាចបំពេញនូវអ្វីដែលព្រះវរបិតាចង់ឲ្យយើងធ្វើនៅក្នុងជីវិតរបស់យើងបាន ។ សូមចងចាំចំណុចនេះ នៅពេលអ្នកព្យាយាមធ្វើតាមអ្វីដែលអ្នកបានសម្រេចចិត្តអនុវត្តតាមនៅថ្ងៃនេះ ។
ជម្រើស ៖ តើចង់រៀនសូត្របន្ថែមទៀតដែរឬទេ ?
យ៉ូហាន ១៩:២៧ ។ តើយើងអាចរៀនអ្វីខ្លះពីសេចក្ដីថ្លែងការណ៍របស់ព្រះអង្គសង្គ្រោះ ថា « នុ៎ះន៏ ម្តាយអ្នក » ?
យើងអាចធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ នៅពេលយើងខិតខំដើម្បីទទួលស្គាល់ ស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះម្តាយរបស់យើង ។ អែលឌើរ ជែហ្វ្រីអ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានគោរពដល់មាតាដែលសុចរិតទាំងឡាយ ហើយបានប្រៀបធៀបសេចក្តីស្រឡាញ់របស់ពួកគាត់ទៅនឹងសេចក្តីស្រឡាញ់របស់ព្រះអង្គសង្គ្រោះ ។
សូមមើល « Behold Thy Mother » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីលេខកូដម៉ោង ០:២០ ដល់ ២:៥៣ ។
តើការជួយអ្នកដទៃពេលយើងកំពុងជួបការលំបាក ដុសខាត់យើងឲ្យប្រែក្លាយជាបុគ្គលដែលយើងត្រូវប្រែក្លាយដោយរបៀបណា ?
អែលឌើរ ដាវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
បុគ្គលិកលក្ខណៈត្រូវបានបើកសម្តែង … នៅក្នុងអំណាចដើម្បីញែកដឹងពីការរងទុក្ខរបស់មនុស្សផ្សេងទៀត នៅពេលយើងខ្លួនឯងផ្ទាល់កំពុងតែរងទុក្ខ នៅក្នុងលទ្ធភាពដើម្បីដឹងពីសេចក្តីស្រេកឃ្លានរបស់មនុស្សដទៃ នៅពេលយើងស្រេកឃ្លាន ហើយនៅក្នុងអំណាចដើម្បីឈោងទៅជួយ និងបង្ហាញសេចក្តីអាណិតអាសូរដល់សេចក្តីឈឺចាប់ខាងវិញ្ញាណរបស់មនុស្សដទៃ នៅពេលយើងកំពុងតែនៅកណ្តាលនៃភាពតានតឹងខាងវិញ្ញាណផ្ទាល់ខ្លួនរបស់យើងនោះ ។ ដូច្នេះលក្ខណៈនេះត្រូវបានបង្ហាញឡើងតាមរយៈការមើល និងការឈោងទៅជួយ ពេលការឆ្លើយតបតាមធម្មជាតិ និងកើតពីសភាវគតិត្រូវបានកើតចំពោះខ្លួនឯង និងមានក្នុងខ្លួនយើង ។ ប្រសិនបើលទ្ធភាពនោះពិតជាកត្តាសំខាន់នៃលក្ខណៈខាងសីលធម៌ នោះព្រះអង្គសង្គ្រោះនៃពិភពលោកគឺជាគំរូដ៏ឥតខ្ចោះអំពីលក្ខណៈដ៏ខ្ជាប់ខ្ជួន និងមានក្តីសប្បុរសបែបនោះ ។
( ដេវីឌ អេ បែដណា « The Character of Christ » [ Brigham Young University–Idaho devotional ថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០០៣ ] នៅលើគេហទំព័រ byui.edu )
តើមានពរជ័យអ្វីខ្លះអាចកើតមាន ពេលយើងបម្រើអ្នកដទៃនៅពេលខ្លួនយើងក៏កំពុងមានបញ្ហាសម្រាប់ខ្លួនឯងដែរនោះ ?
ប្រធាន ហែនរី ប៊ី អាវរិង ក្នុងគណៈប្រធានទីមួយបានបង្រៀន ៖
យើងត្រូវសម្គាល់មើលទុក្ខព្រួយរបស់មនុស្សដទៃ ហើយព្យាយាមជួយ ។ ការធ្វើបែបនោះលំបាកខ្លាំងណាស់ ពេលយើងជួបនឹងការសាកល្បងខ្លួនយើងខ្លាំងដែរនោះ ។ ប៉ុន្ដែយើងនឹងឃើញថា ពេលយើងសម្រាលបន្ទុករបស់អ្នកដទៃ ទោះជាបន្ដិចក្ដី ក៏ខ្នងរបស់យើងត្រូវបានពង្រឹង ហើយយើងឃើញពន្លឺនៅក្នុងភាពងងឹតដែរ ។
( ហែនរី ប៊ី អាវរិង « Tested, Proved, and Polished » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩៨ )