យ៉ូហាន ១៨:៣៣–៤០; លូកា ២៣:៨–១១
ព្រះយេស៊ូវត្រូវបានកាត់ទោស ហើយវាយនឹងរំពាត់
បន្ទាប់ពីព្រះយេស៊ូវត្រូវបានគេចាប់ព្រះកាយ ហើយកាត់ទោសដោយមិនត្រឹមត្រូវនៅចំពោះមុខពួកមេដឹកនាំរបស់សាសន៍យូដាមក នោះទ្រង់ត្រូវបានបញ្ជូនទៅកាត់ទោសនៅចំពោះមុខលោកពីឡាត់ ដែលមានអំណាចកាត់សេចក្ដីរបស់រ៉ូម ។ ព្រះអង្គសង្រ្គោះបានបញ្ជូនទៅកាន់ពួករ៉ូមយ៉ាងទន់ទាប ហើយត្រូវបានវាយនឹងរំពាត់ និងកាត់ទោសប្រហារជីវិតយ៉ាងឈឺចាប់ ។ មេរៀននេះមានគោលបំណងចង់ជួយអ្នកឲ្យស្វែងយល់បន្ថែមទៀតអំពីសេចក្តីស្រឡាញ់របស់ព្រះអង្គសង្គ្រោះចំពោះមនុស្សទាំងអស់ និងបុគ្គលិកលក្ខណៈដ៏ល្អឥតខ្ចោះរបស់ទ្រង់ និងពីរបៀបដែលអ្នកអាចធ្វើតាមគំរូរបស់ទ្រង់ឲ្យបានកាន់តែប្រសើរឡើង ។
អារម្មណ៍ដែលត្រូវគេធ្វើបាប
-
តើស្ថានភាពទូទៅអ្វីខ្លះដែលក្មេងជំទង់ម្នាក់អាចត្រូវគេចំអក ចោទប្រកាន់ដោយមិនត្រឹមត្រូវ ឬធ្វើបាបនោះ ?
-
តើមានវិធីអ្វីខ្លះដែលក្មេងជំទង់ធម្មតាម្នាក់អាចឆ្លើយតបទៅនឹងការប្រព្រឹត្តបែបនេះបាន ?
ព្រះអម្ចាស់អាចគង់នៅជាមួយយើង ហើយជួយយើងឲ្យរីកចម្រើនពីបទពិសោធន៍ដ៏លំបាកៗបាន ។ ទ្រង់អាចជួយយើងឲ្យឆ្លើយតបនឹងការលំបាក និងការប្រឆាំងតាមរបៀបដូចជាព្រះគ្រីស្ទ ។ សូមគិតអំពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកអំពីការចំអក ការចោទប្រកាន់ដោយមិនត្រឹមត្រូវ ឬការធ្វើបាប រួមទាំងរបៀបដែលអ្នកបានឆ្លើយតប និងមូលហេតុផងដែរ ។
កាលដែលព្រះយេស៊ូវគ្រីស្ទឈានចូលជិតដល់ព្រឹត្តិការណ៍ចុងក្រោយនៃព្រះជន្មរបស់ទ្រង់ ទ្រង់ត្រូវបានគេចំអក ចោទប្រកាន់ដោយមិនត្រឹមត្រូវ និងត្រូវបានគេធ្វើបាប ។ កាលអ្នកសិក្សាព្រឹត្តិការណ៍ចុងក្រោយនៃព្រះជន្មរបស់ព្រះអង្គសង្គ្រោះទាំងនេះ សូមរកមើលបុគ្គលិកលក្ខណៈដែលជួយទ្រង់ឲ្យស៊ូទ្រាំដោយស្មោះត្រង់ ដើម្បីបំពេញបេសកកម្មរបស់ទ្រង់ ។ សូមពិចារណាដោយការអធិស្ឋានអំពីរបៀបដែលអ្នកអាចធ្វើតាមគំរូរបស់ទ្រង់ផងដែរ ។
ព្រះយេស៊ូវត្រូវបានកាត់ទោស ហើយថ្កោលទោសប្រហារជីវិតដោយអយុត្តិធម៌
បន្ទាប់ពីព្រះយេស៊ូវបានរងទុក្ខនៅក្នុងសួនច្បារគែតសេម៉ានីមក នោះទ្រង់ត្រូវបានគេចាប់ព្រះកាយ ហើយពួកមេដឹកនាំសាសន៍យូដា ( ពួកសានហេឌ្រីន ) បានកាត់ទោសទ្រង់ និងថ្កោលទោសប្រហារជីវិតទ្រង់ដោយអយុត្តិធម៌ ។ យ៉ាងណាមិញ ដោយសារអ៊ីស្រាអែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រ៉ូម នោះមានតែពួករ៉ូមប៉ុណ្ណោះទើបអាចអនុញ្ញាតឲ្យធ្វើការប្រហារជីវិតបាន ។ ហេតុនេះហើយ បានជាពួកយូដាបានបញ្ជូនព្រះយេស៊ូវទៅលោកពីឡាត់ ជាមេដឹកនាំរ៉ូមនៅស្រុកយូដា ដោយចោទប្រកាន់ទ្រង់ពីបទបះបោរប្រឆាំងនឹងរដ្ឋាភិបាលរ៉ូមដែលបានអះអាងថាជា « ស្តេចរបស់សាសន៍យូដា » ( សូមមើល ម៉ាកុស ១៥:២ ) ។ លោកពីឡាត់បានបញ្ជូនព្រះយេស៊ូវទៅហេរ៉ូឌ អាន់ទីប៉ាស ដែលគង់នៅក្រុងយេរូសាឡិមដើម្បីធ្វើពិធីបុណ្យរំលង ដោយសង្ឃឹមថាស្ដេចហេរ៉ូឌនឹងកាត់ទោសព្រះអង្គនៅស្រុកកាលីឡេ ប៉ុន្តែស្ដេចហេរ៉ូឌបានបញ្ជូនព្រះយេស៊ូវត្រឡប់មកលោកពីឡាត់វិញ ។
សូមអានដំណើររឿងពីរ ឬច្រើនខាងក្រោមនេះ ដែលរៀបរាប់ឡើងវិញអំពីរបៀបដែលព្រះយេស៊ូវត្រូវបានចោទប្រកាន់ និងថ្កោលទោសដោយអយុត្តិធម៌នៅទីបំផុត ។ ពេលអ្នកអាន សូមរកមើលរបៀបដែលព្រះយេស៊ូវបានឆ្លើយតបក្នុងស្ថានភាពនីមួយៗទាំងនេះ ។ សូមចងចាំថា ទ្រង់មានព្រះចេស្តាដើម្បីរំដោះព្រះកាយទ្រង់ចេញពីស្ថានភាពទាំងនេះបាន ( សូមមើល ម៉ាថាយ ២៦:៥២–៥៤ ) ។
-
ពួកសានហេឌ្រីនបានសួរចម្លើយព្រះយេស៊ូវ ។ សូមអាន ម៉ាថាយ ២៦:៥៧–៦៨ ឬមើលវីដេអូ « Jesus Is Tried by Caiaphas, Peter Denies Knowing Him » ចាប់ពីលេខកូដម៉ោង ០:០០ ដល់ ១:៣៩ ។ វីដេអូនេះមាននៅគេហទំព័រ ChurchofJesusChrist.org ។
-
លោកពីឡាត់បានសួរចម្លើយព្រះយេស៊ូវ ។ សូមអាន យ៉ូហាន ១៨:៣៣–៤០ ឬមើលវីដេអូ « Jesus Is Condemned Before Pilate » ( ៣:១៩ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org សម្រាប់ការបង្ហាញមួយអំពីការកាត់ក្តីនៅចំពោះមុខលោកពីឡាត់ ។
-
ព្រះយេស៊ូវគង់នៅចំពោះស្តេចហេរ៉ូឌ ។ សូមអាន លូកា ២៣:៨–១១ ។
-
ព្រះយេស៊ូវត្រូវទាហានរ៉ូមវាយនឹងរំពាត់ ហើយក្រោយមកលោកពីឡាត់បានសួរចម្លើយជាលើកទីពីរ ។ សូមអាន យ៉ូហាន ១៩:១–១៦ ឬមើលវីដេអូ « Jesus Is Scourged and Crucified » ចាប់ពីលេខកូដម៉ោង ០:០០ ដល់ ២:០៣ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ វាអាចមានប្រយោជន៍ក្នុងការដឹងថា រំពាត់គឺជាខ្សែដែលជារឿយៗមានរបស់មុតស្រួច ( ដូចជាបំណែកដុំថ្ម ដែក ឬឆ្អឹង ) ដែលត្បាញចូលទៅក្នុងខ្សែជាច្រើន ។ មនុស្សជាច្រើនមិនអាចទ្រាំទ្រនឹងការវាយដំឡើយ ដោយសារមានរបួសលើរូបកាយជាច្រើនដែលបានបណ្តាលមកពីការវាយដំនេះ ។
បុគ្គលិកលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ
សូមអាន នីហ្វៃទី១ ១៩:៩ និងសេចក្តីថ្លែងការណ៍ខាងក្រោមនេះ ដោយរកមើលការយល់ដឹងអំពីបុគ្គលិកលក្ខណៈរបស់ព្រះអង្គសង្រ្គោះ ។
អែលឌើរ រ៉ូបឺតឌី ហែល ( ឆ្នាំ ១៩៣២–២០១៧ ) នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចែកចាយដូចតទៅនេះ ៖
ការឆ្លើយតបតាមរបៀបដូចជាព្រះគ្រីស្ទគឺពុំអាចសរសេរទុកជាមុន ឬផ្អែកទៅលើរូបមន្ដមួយនោះទេ ។ ព្រះអង្គសង្គ្រោះបានឆ្លើយតបផ្សេងៗគ្នានៅគ្រប់ស្ថានភាពទាំងអស់ ។ នៅពេលទ្រង់ត្រូវប្រឈមនឹងស្ដេចហេរ៉ូឌដ៏ទុច្ចរិត នោះទ្រង់នៅស្ងៀម ។ នៅពេលទ្រង់គង់នៅចំពោះលោកពីឡាត់ ទ្រង់បានថ្លែងទីបន្ទាល់ដ៏សាមញ្ញ និងពោរពេញដោយព្រះចេស្តាអំពីទេវភាព និងគោលបំណងរបស់ទ្រង់ ។ …
មនុស្សខ្លះគិតខុសថា ការឆ្លើយតបដូចជា ការស្ងៀមស្ងាត់ ស្លូតបូត ការអភ័យទោស និងការថ្លែងទីបន្ទាល់ដ៏រាបសាគឺមិនសកម្ម ឬទន់ខ្សោយ ។ ប៉ុន្តែត្រូវ « ស្រឡាញ់ពួកខ្មាំងសត្រូវ [ យើង ] ត្រូវឲ្យពរដល់អ្នកណាដែលប្រទេចផ្តាសា [ យើង ] ត្រូវប្រព្រឹត្តល្អនឹងអ្នកណាដែលស្អប់ [ យើង ] ហើយត្រូវអធិស្ឋានឲ្យអ្នកណាដែលធ្វើទុក្ខ [ យើង ] បៀតបៀនដល់ [ យើង ] » ( ម៉ាថាយ ៥:៤៤ ) ត្រូវមានសេចក្តីជំនឿ កម្លាំង និងអ្វីដែលសំខាន់បំផុត គឺសេចក្តីក្លាហានរបស់គ្រិស្ដសាសនិក ។
( រ៉ូបឺត ឌី ហែល « Christian Courage: The Price of Discipleship » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៧២ )
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
សូមពិចារណាផងដែរអំពីរបៀបដែលលោកចៅហ្វាយត្រូវបានចោទប្រកាន់ និងថ្កោលទោសចំពោះមុខលោកពីឡាត់ដើម្បីយកទៅឆ្កាង [ សូមមើល ម៉ាថាយ ២៧:២, ១១–២៦ ] ។ … ភាពស្លូតបូតរបស់ព្រះអង្គសង្គ្រោះត្រូវបានបង្ហាញឡើងនៅក្នុងការឆ្លើយតបដ៏មានវិន័យរបស់ទ្រង់ ការគ្រប់គ្រងខ្លួនឯងដ៏រឹងប៉ឹង និងការគ្មានព្រះទ័យប្រើប្រាស់ព្រះចេស្តាដែលគ្មានព្រំដែនរបស់ទ្រង់សម្រាប់ជាប្រយោជន៍ផ្ទាល់ខ្លួនព្រះអង្គឡើយ ។
( ដេវីឌ អេ បែដណា « Meek and Lowly of Heart » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៣៣ )
វាមានសារៈសំខាន់ដើម្បីកត់សម្គាល់ថា នៅឱកាសជាច្រើន ព្រះអង្គសង្គ្រោះឲ្យអ្នកដទៃទទួលខុសត្រូវចំពោះទង្វើរបស់ពួកគេយ៉ាងអង់អាច ( សូមមើល ម៉ាកុស ១១:១៥–១៧, យ៉ូហាន ២:១៣–១៦, គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:៤៨–៥១ ) ។ ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ យើងចង់ឆ្លើយតបចំពោះការចំអក ការចោទប្រកាន់មិនត្រឹមត្រូវ ឬការធ្វើបាបដោយសេចក្តីស្រឡាញ់ ក្លាហាន និងសុភាពរាបសា ។ ទោះជាយ៉ាងណាក៏ដោយ ការណ៍នេះមិនមានន័យថាយើងគួរតែបណ្តោយឲ្យអ្នកដទៃរំលោភបំពាន ឬធ្វើឲ្យយើងគ្រោះថ្នាក់ឡើយ ។ « ព្រះអម្ចាស់ថ្កោលទោសចំពោះអាកប្បកិរិយារំលោភបំពាននៅគ្រប់ទម្រង់ទាំងអស់—រួមទាំងការធ្វេសប្រហែស និងការរំលោភបំពានទាំងផ្លូវកាយ ផ្លូវភេទ ឬពាក្យសម្ដី » ( លិខិតរបស់គណៈប្រធានទីមួយ « Preventing and Responding to Abuse » ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០១៨ ) ។ ប្រសិនបើយើងទទួលរងការរំលោភបំពាន នោះវាជាការសំខាន់ដើម្បីស្វែងរកជំនួយពីមជ្ឈិមវ័យដែលយើងទុកចិត្តភ្លាម ៗ ។
ជម្រើស ៖ តើចង់រៀនសូត្របន្ថែមទៀតដែរឬទេ ?
យ៉ូហាន ១៨:៣៦ ។ តើនគរអ្វីដែលព្រះយេស៊ូវមានព្រះបន្ទូលអំពី ?
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បានបង្រៀន ៖
នៅពេល ដានីយ៉ែល បានបកស្រាយសុបិនស្ដេចក្រុងបាប៊ីឡូនព្រះនាមនេប៊ូក្នេសា ដោយបានទូលថ្វាយដល់ទ្រង់ « ពីការដែលត្រូវកើតមកនៅថ្ងៃក្រោយ » [ ដានីយ៉ែល ២:២៨លោកបានប្រកាសថា « ព្រះនៃស្ថានសួគ៌ទ្រង់ [ នឹង ] តាំងនគរមួយឡើង ដែលមិនត្រូវបំផ្លាញឡើយ ហើយអំណាចហ្លួងក៏មិនត្រូវផ្ទេរដល់សាសន៍ដទៃណាដែរ គឺនឹងបំបាក់បំបែក ហើយលេបបំបាត់នគរទាំងនោះវិញនគរ [ ផ្សេងទៀត ] នឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច » [ ដានីយ៉ែល ២:៤៤ ] ។ សាសនាចក្រនេះដែលជានគរនៅថ្ងៃចុងក្រោយ ដែលបានព្យាករទុកនោះពុំបានបង្កើតឡើងដោយមនុស្សទេ ប៉ុន្តែបានតាំងឡើងដោយព្រះនៃស្ថានសួគ៌ ហើយនឹងរមៀលចេញទៅដូចជាថ្ម « ដែលដាប់ផ្ដាច់ចេញពីភ្នំឥតដៃណាធ្វើ » ដើម្បីមានពាសពេញផែនដី [ ដានីយ៉ែល ២:៤៥ សូមមើលផងដែរ ខទី ៣៥ ] ។
ជោគវាសនារបស់សាសនាចក្រនេះគឺដើម្បីស្ថាបនាក្រុងស៊ីយ៉ូនក្នុងការត្រៀមខ្លួនទទួលការយាងត្រឡប់មកវិញ និងការគ្រងរាជ្យមួយពាន់ឆ្នាំរបស់ព្រះយេស៊ូវគ្រីស្ទ ។ ពីមុនថ្ងៃនោះមកដល់ វានឹងគ្មាននគរមួយ ដែលស្ថិតនៅក្នុងទិដ្ឋភាពណាមួយខាងនយោបាយឡើយ—ដូចដែលព្រះអង្គសង្គ្រោះបានមានព្រះបន្ទូលថា « នគរខ្ញុំមិនមែនត្រូវខាងលោកីយ៍នេះ ទេ » [ យ៉ូហាន ១៨:៣៦ បានបន្ថែមការបញ្ជាក់ ] ។ ផ្ទុយទៅវិញ វាគឺជាឃ្លាំងនៃសិទ្ធិអំណាចរបស់ទ្រង់នៅលើផែនដីជាទីចាត់ចែងសេចក្ដីសញ្ញាបរិសុទ្ធរបស់ទ្រង់ ជាអ្នកមើលថែព្រះវិហារបរិសុទ្ធរបស់ទ្រង់ ជាអ្នកការពារ ហើយប្រកាសសេចក្ដីពិតរបស់ទ្រង់ ជាកន្លែងប្រមូលផ្ដុំអ៊ីស្រាអែលដែលខ្ចាត់ព្រាត់ ហើយ « ជាទីការពារ និង…ជាទីជ្រកកោនពីព្យុះសង្ឃរា និងពីសេចក្ដីក្រោធដែលឥតលាយក្នុងកាលបានចាក់មកលើផែនដីទាំងមូល » [ គោលលទ្ធិ និង សេចក្តីសញ្ញា ១១៥:៦ ] ។
( ឌី ថត គ្រីស្តូហ្វឺសិន « Why the Church » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ១១១ )