ម៉ាថាយ ២៧:២៤–៦៦; ម៉ាកុស ១៥:១៥–៣៨
ខណៈពេលដែលព្រះអង្គសង្គ្រោះកំពុងជួបប្រទះនឹងការឈឺចាប់ដ៏ឃោរឃៅនៃការឆ្កាងនៅលើឈើឆ្កាង នោះពួកខ្មាំងសត្រូវបានចំអកឲ្យទ្រង់ ហើយប្រាប់ទ្រង់ឲ្យរំដោះព្រះកាយទ្រង់ចេញពីការធ្វើទារុណកម្មនេះទៅ ។ ប៉ុន្តែទ្រង់បានស៊ូទ្រាំដោយសុចរិត ដោយបន្តការរងទុក្ខរបស់ទ្រង់សម្រាប់យើង ។ មេរៀននេះអាចជួយអ្នកឲ្យយល់កាន់តែច្បាស់ និងដឹងគុណចំពោះការរងទុក្ខ និងការសុគតរបស់ព្រះអង្គសង្គ្រោះនៅលើឈើឆ្កាង ដែលជាផ្នែកដ៏ចាំបាច់មួយនៃដង្វាយធួនរបស់ទ្រង់ ។
ព្រះយេស៊ូវគ្រីស្ទបានប្រទានព្រះជន្មទ្រង់សម្រាប់យើង
នៅក្នុងមេរៀននេះ អ្នកនឹងសិក្សាអំពីការសុគតរបស់ព្រះយេស៊ូវគ្រីស្ទ ។ សូមចំណាយពេលមួយភ្លែតដើម្បីសញ្ជឹងគិតពីអ្វីដែលអ្នកដឹងអំពីការសុគតរបស់ព្រះអង្គសង្គ្រោះ និងអារម្មណ៍របស់អ្នកចំពោះការសុគតរបស់ទ្រង់ ។ តើអ្នកជឿថា ទ្រង់បានសុគតដើម្បីសង្គ្រោះអ្នកដែរឬទេ ? បើអ្នកជឿ តើអ្នកអាចបង្ហាញការដឹងគុណរបស់អ្នកចំពោះពលិកម្មរបស់ទ្រង់ដោយរបៀបណា ? នៅពេលអ្នកសិក្សា សូមស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នកឲ្យឆ្លើយសំណួរទាំងនេះ ។
ការឆ្កាងរបស់ព្រះយេស៊ូវគ្រីស្ទ
បន្ទាប់ពីព្រះអង្គសង្គ្រោះត្រូវបានពួកសាសន៍យូដាកាត់ទោស ហើយបន្ទាប់មកដោយស្ដេចហេរ៉ូឌ និងលោកពីឡាត់ ទ្រង់ត្រូវបានគេវាយនឹងរំពាត់យ៉ាងឃោរឃៅ ហើយនាំទៅឆ្កាងនៅគាល់កូថា ( ក៏ត្រូវបានគេហៅថា កាលវ៉ារី ផងដែរ ) ។
សូមពិចារណាគូសចំណាំឃ្លា « គ្រាបានឆ្កាងទ្រង់ហើយ » នៅក្នុង ម៉ាថាយ ២៧:៣៥ ។ សូមអាន សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ឬ Bible Dictionary អត្ថបទក្រោមចំណងជើងថា « ឆ្កាង, ការឆ្កាង » ដើម្បីមើលថាតើការអនុវត្តនេះមានន័យយ៉ាងណា ។
សូមអានខគម្ពីរខាងក្រោមអំពីការឆ្កាងរបស់ព្រះអង្គសង្គ្រោះ ។ សូមគូសសម្គាល់ព័ត៌មានលម្អិតដែលអ្នកមានអារម្មណ៍ថាមានសារៈសំខាន់ ។
-
ម៉ាថាយ ២៧:២៧–៣១ ។ ពួកទាហានរ៉ូមចំអកឲ្យព្រះអង្គសង្គ្រោះ ។
-
ម៉ាថាយ ២៧:៣៥–៤៤ ។ គេចំអកដាក់ព្រះអង្គសង្គ្រោះនៅលើឈើឆ្កាង ។
-
ម៉ាថាយ ២៧:៤៥–៤៦, ៥០ ។ ព្រះអង្គសង្គ្រោះបានរងទុក្ខ និងបានសុគតនៅលើឈើឆ្កាង ។ កំណត់ចំណាំ ៖ ព្រះយេស៊ូវត្រូវបានឆ្កាងនៅ « ពេលម៉ោងប្រាំបួនព្រឹក » ( សូមមើល ម៉ាកុស ១៥:២៥ ) ។ « ម៉ោងទីប្រាំមួយ » សំដៅទៅលើម៉ោង ១២:០០ ថ្ងៃត្រង់ « ម៉ោងទីប្រាំបួន » សំដៅទៅលើម៉ោង ៣:០០ រសៀល ។
ដើម្បីជួយអ្នកឲ្យស្រមៃមើលព្រឹត្តិការណ៍ទាំងនេះ អ្នកអាចមើល « Jesus Is Scourged and Crucified » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីលេខកូដម៉ោង ១:០៤ ដល់ ៤:៤៨ ។
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ពីមូលហេតុដែលព្រះអង្គសង្គ្រោះបានសួរថា « ឱព្រះអង្គៗនៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ ? » ( ម៉ាថាយ ២៧:៤៦ ) ។
សូមមើល « None Were with Him » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីលេខកូដម៉ោង ៩:០០ ដល់ ១២:៤៦ ឬអានសេចក្តីថ្លែងការណ៍ខាងក្រោម ។
ខ្ញុំសូមថ្លែងទីបន្ទាល់ដោយអស់ពីជំនឿនៃព្រលឹងរបស់ខ្ញុំថា … ព្រះវរបិតាដ៏ល្អឥតខ្ចោះមួយអង្គ ពុំ បានបោះបង់ចោលព្រះរាជបុត្រារបស់ទ្រង់នៅគ្រានោះឡើយ ។ ពិតណាស់ វាគឺជាជំនឿផ្ទាល់ខ្លួនរបស់ខ្ញុំថា នៅរាល់ការងារបម្រើក្នុងព្រះជន្មរមែងស្លាប់របស់ព្រះគ្រីស្ទ ព្រះវរបិតាពុំដែលធ្លាប់គង់នៅកាន់តែជិតនឹងព្រះរាជបុត្រារបស់ទ្រង់ជាងនៅគ្រាចុងក្រោយនៃការរងទុក្ខដ៏ឈឺចាប់ទាំងនេះឡើយ ។ ទោះយ៉ាងណាក៏ដោយ … ព្រះវរបិតាបានដកការលួងលោមនៃព្រះវិញ្ញាណរបស់ទ្រង់ចេញពីព្រះយេស៊ូវមួយរយៈខ្លី ដែលជាការគាំទ្រពីវត្តមានរបស់ព្រះអង្គផ្ទាល់ ។ ពិតប្រាកដណាស់វាជាកិច្ចតម្រូវ វាគឺជាស្នូលដ៏មានសារៈសំខាន់នៃដង្វាយធួន ដែលព្រះរាជបុត្រាដ៏ល្អឥតខ្ចោះអង្គនេះ ដែលពុំធ្លាប់មានព្រះបន្ទូលពីរឿងអាក្រក់ ឬធ្វើខុស ឬប៉ះនឹងរឿងដែលមិនស្អាតស្អំឡើយ អង្គទ្រង់ត្រូវតែស្គាល់ពីអារម្មណ៍ដែលមនុស្សទាំងអស់—គឺយើង គឺយើងទាំងអស់គ្នា—មាន នៅពេលយើងបានធ្វើអំពើបាបបែបនោះ ។ ដើម្បីឲ្យដង្វាយធួនរបស់ទ្រង់គ្មានទីបញ្ចប់ ហើយមានភាពអស់កល្ប ទ្រង់ត្រូវស្គាល់អារម្មណ៍ពីការការស្លាប់ខាងសាច់ឈាម និងខាងវិញ្ញាណថាតើសេចក្ដីស្លាប់មានសភាពបែបណា ដើម្បីញាណដឹងថាតើការបាត់បង់ព្រះវិញ្ញាណនៃព្រះ ការទុកឲ្យមានអារម្មណ៍ឯកោទាំងស្រុង ហើយអស់សង្ឃឹមនោះមានសភាពបែបណាដែរ ។
( ជែហ្រ្វី អ័រ ហូឡិន « None Were with Him » Liahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៨៧–៨៨ )
-
តើអែលឌើរ ហូឡិន បានជួយអ្នកឲ្យយល់អ្វីខ្លះកាន់តែច្បាស់អំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?
-
តើអ្វីដែលធ្វើឲ្យអ្នកចាប់អារម្មណ៍បំផុតអំពីព្រះយេស៊ូវគ្រីស្ទចេញពីព្រឹត្តិការណ៍ទាំងនេះ ? ហេតុអ្វីទៅ ?
សេចក្តីយោងបទគម្ពីរ
ព្រះអង្គសង្រ្គោះមានព្រះចេស្តាដើម្បីរំដោះអង្គទ្រង់ចេញពីបទពិសោធន៍ដែលប្រមាថ និងការឈឺចាប់ដ៏ឃោរឃៅនៅលើឈើឆ្កាងនេះបាន ( សូមមើល ម៉ាថាយ ២៦:៥២–៥៤ ) ប៉ុន្តែទ្រង់មិនបានធ្វើឡើយ ។
សូមអានបទគម្ពីរខាងក្រោមនេះយ៉ាងហោចណាស់បី ។ សូមពិចារណាបង្កើតតារាងដូចខាងក្រោម ដើម្បីរៀបចំគំនិត និងអារម្មណ៍របស់អ្នក ។ អ្នកក៏អាចភ្ជាប់ ឬពិនិត្យមើលវគ្គបទគម្ពីរទាំងនេះនៅសេចក្តីយោងបទគម្ពីរនៅ ម៉ាថាយ ២៧:២៦ ឬបង្កើតស្លាកដែលមានសេចក្តីយោងទាំងនេះដោយមានចំណងជើងដែលអ្នកជ្រើសរើសផងដែរ ។
ហេតុអ្វីបានជាព្រះអង្គសង្គ្រោះសុខព្រះទ័យទទួលយកការឆ្កាង |
ដោយសារតែទ្រង់បានសុខព្រះទ័យទទួលយកការឆ្កាងនេះហើយ ទើបមានពរជ័យជាច្រើនអាចកើតមានដល់យើង |
---|---|
ហេតុអ្វីបានជាព្រះអង្គសង្គ្រោះសុខព្រះទ័យទទួលយកការឆ្កាង | ដោយសារតែទ្រង់បានសុខព្រះទ័យទទួលយកការឆ្កាងនេះហើយ ទើបមានពរជ័យជាច្រើនអាចកើតមានដល់យើង |
គោលលទ្ធិ និង សេចក្តីសញ្ញា ៣៥:២
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៤០–៤២
-
តើវគ្គបទគម្ពីរមួយណាដែលមានអត្ថន័យបំផុតចំពោះអ្នក ? ហេតុអ្វីទៅ ?
-
តើអ្នកបានរៀនអ្វីខ្លះអំពីមូលហេតុដែលព្រះអង្គសង្គ្រោះសុខព្រះទ័យឲ្យគេឆ្កាងជំនួសយើង ?
-
តើពរជ័យមួយណាដែលមានក្នុងបទគម្ពីរទាំងនេះ ដែលអ្នកមានអំណរគុណខ្លាំងបំផុត ? ហេតុអ្វីទៅ ?
វាមានសារៈសំខាន់ដើម្បីយល់ថា ជាផ្នែកមួយនៃដង្វាយធួនរបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទត្រូវបានគេឆ្កាងសម្រាប់អំពើបាបទាំងឡាយនៃពិភពលោកនេះ ។ ការរងទុក្ខដែលព្រះអង្គសង្គ្រោះបានចាប់ផ្តើមនៅក្នុងសួនច្បារគែតសេម៉ានីត្រូវបានបញ្ចប់នៅលើឈើឆ្កាងនៅគាល់កូថា ។ ប្រសិនបើព្រះអង្គសង្គ្រោះមិនបានសុគតសម្រាប់អំពើបាបរបស់យើងទេ នោះយើងនឹងមិនអាចត្រឡប់ទៅរកព្រះវរបិតាសួគ៌របស់យើងវិញបានឡើយ ។
-
តើអ្នកនឹងពន្យល់ទៅនរណាម្នាក់ពីរបៀបដែលថាការឆ្កាងរបស់ព្រះអង្គសង្គ្រោះគឺជាផ្នែកមួយនៃដង្វាយធួនរបស់ទ្រង់ដោយរបៀបណា ? តើអ្នកនឹងពន្យល់ថាវាមានអត្ថន័យចំពោះអ្នកដោយរបៀបណា ?
ប៊ីស្សព ហ្គែរ៉ល កូសសេ បានពន្យល់ពីរបៀបដែលដង្វាយធួនរបស់ព្រះអង្គសង្គ្រោះមានលក្ខណៈផ្ទាល់ខ្លួនសម្រាប់យើងម្នាក់ៗ ។
ទោះបីជាវាគ្មានដែនកំណត់ និងជាសកលក៏ដោយ ក៏ដង្វាយធួនរបស់ព្រះអម្ចាស់គឺជាអំណោយផ្ទាល់ខ្លួន និងជិតដិតដ៏អស្ចារ្យ ដែលស័ក្តិសមសម្រាប់យើងម្នាក់ៗដែរ ។ ដូចដែលព្រះយេស៊ូវបានអញ្ជើញសិស្សសាសន៍នីហ្វៃម្នាក់ៗឲ្យស្ទាបស្នាមរបួសរបស់ទ្រង់ដែរ ទ្រង់បានសុគតសម្រាប់យើងម្នាក់ៗដោយផ្ទាល់ ហាក់ដូចជាបងប្អូន ឬខ្ញុំជាមនុស្សតែម្នាក់គត់នៅលើផែនដីនេះដូច្នោះ ។ ទ្រង់បានអញ្ជើញយើងដោយផ្ទាល់ឲ្យមករកទ្រង់ ហើយទទួលបានពរជ័យដ៍អស្ចារ្យនៃដង្វាយធួនរបស់ទ្រង់ ។
( ហ្គែរ៉ល កូសសេ A Living Witness of the Living Christ » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៤០ )
-
ហេតុអ្វីបានជាអ្នកមានអារម្មណ៍ថាវាសំខាន់ដើម្បីស្គាល់ពីលក្ខណៈផ្ទាល់ខ្លួននៃដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ?
ជម្រើស ៖ តើចង់រៀនសូត្របន្ថែមទៀតដែរឬទេ ?
តើអ្វីសំខាន់អំពីទីកន្លែង និងពេលវេលានៃការឆ្កាងរបស់ព្រះអង្គសង្គ្រោះ ?
ប្រធាន រ័សុល អិម ណិលសុន បានពន្យល់ថា ៖
ដំណាក់កាលទីពីរនៃដង្វាយធួនរបស់ទ្រង់ត្រូវបានសម្រេចនៅលើឈើឆ្កាង ។ …
លោកពីឡាត់បានប្រគល់កូនចៀមនៃព្រះទៅឲ្យគេឆ្កាង ក្នុងពេលដំណាលគ្នានោះកូនចៀមសម្រាប់បូជានៅក្បែរនោះកំពុងត្រូវបានរៀបចំសម្រាប់ការបូជាផងដែរ ។ ( សូមមើល យ៉ូហាន ១៩:១៣–១៤ ) ។
ការឆ្កាងកើតឡើងនៅលើភ្នំតូចមួយហៅថា គាល់កូថា ( ភាសាហេព្រើរ ) ឬ កាល់វ៉ារី ( ភាសាឡាតាំង ) ដែលមានន័យថា « ភ្នំលលាដ៏ក្បាល » ។ លលាដ៏ក្បាលជានិមិត្តរូបនៃសេចក្តីស្លាប់ ។ នៅកន្លែងដូច្នេះ ពលិកម្មដ៏ធួនត្រូវបានបំពេញ ។ នៅលើឈើឆ្កាង ព្រះអង្គសង្គ្រោះនៃពិភពលោកត្រូវបានលើកឡើងឈ្នះលើសេចក្តីស្លាប់ក្នុងសភាពដ៏សំខាន់បំផុតនៃភាពសំខាន់ៗទាំងអស់—គឺការទទួលស្គាល់ និងភាពពិតប្រាកដនៃព្រះចេស្តាឈ្នះលើសេចក្តីស្លាប់របស់ព្រះអម្ចាស់ ។
( រ័សុល អិម ណិលសុន « Why This Holy Land? » Ensign ខែ ធ្នូ ឆ្នាំ ១៩៨៩ ទំព័រ ១៨–១៩ )
ហេតុអ្វីបានជាព្រះយេស៊ូវគ្រីស្ទមិនសង្គ្រោះខ្លួនព្រះអង្គផ្ទាល់ ?
អែលឌើរ រ៉ូណល អេ រ៉ាសបាន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ ៖
« ហ្វូងមនុស្សនៃអ្នកមិនជឿបានសើចចំអកដាក់ទ្រង់នៅកាល់វ៉ារីថា « នោះឲ្យចុះពីឈើឆ្កាងមក » [ ម៉ាថាយ ២៧:៤០ ] ។ ទ្រង់អាចធ្វើនូវអព្ភូតហេតុដូច្នេះបាន ។ ប៉ុន្តែទ្រង់បានញាណដឹងពីដើមដំបូងដល់ចុងបំផុត ហើយទ្រង់ចង់មានព្រះទ័យស្មោះត្រង់ចំពោះផែនការរបស់ព្រះបិតាទ្រង់ ។ យើងពុំគួរមិនយល់ពីគំរូនេះនោះឡើយ ។
( រ៉ូណល អេ រ៉ាសបាន « Behold! I Am a God of Miracles » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១១១ )
តើមានមនុស្សប៉ុន្មាននាក់ដែលបានទទួលរងឥទ្ធិពលមកពីការរងទុក្ខ និងការឆ្កាងរបស់ព្រះអង្គសង្គ្រោះ ?
អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ ៖
ព្រះអង្គសង្គ្រោះ … ទីបំផុត [ បាន ] រងការឈឺចាប់ដែលពុំអាចពិពណ៌នាបាននៅឯសួនច្បារគែតសេម៉ានី និងលើឈើឆ្កាងដើម្បីធ្វើឲ្យដង្វាយធួនរបស់ទ្រង់បានល្អឥតខ្ចោះ ។ … ទ្រង់ធ្វើបែបនេះសម្រាប់មនុស្សគ្រប់គ្នាដែលព្រះបានបង្កើត ឬនឹងបង្កើតឡើង ។
( ឃ្វីនថិន អិល ឃុក « The Eternal Everyday » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៥២ )
តើព្រះអង្គសង្គ្រោះអាចជួបប្រទះអ្វីខ្លះនៅលើឈើឆ្កាង ?
អែលឌើរ ជេមស៍ អ៊ី ថាលម៉េហ្គ ( ឆ្នាំ ១៨៦២–១៩៣៣ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ ៖
វាហាក់បីដូចជា បន្ថែមពីលើឧប្បត្តិហេតុរងទុក្ខដ៏គួរឲ្យភ័យខ្លាចដល់ការឆ្កាង ការឈឺចាប់នៃសួនច្បារគែតសេម៉ានីបានកើតមានឡើងវិញ ដែលហួសពីកម្លាំងរបស់មនុស្សអាចស៊ូទ្រាំបាន ។ នៅក្នុងម៉ោងដ៏ជូរចត់បំផុតនោះ ព្រះគ្រីស្ទដែលកំពុងសុគតបណ្ដើរៗនោះគឺនៅតែអង្គឯងនៅក្នុងការពិតដ៏គួរឲ្យភ័យខ្លាចបំផុត ។ ពលិកម្មដ៏ឧត្តុង្គឧត្តមរបស់ព្រះរាជបុត្រាអាចបំពេញបានក្នុងភាពពេញលេញនៃពលិកម្មនេះ ព្រះវរបិតាហាក់ដូចជាបានដកជំនួយពីវត្តមានរបស់ទ្រង់ភ្លាមៗ ដោយទុកឲ្យព្រះអង្គសង្គ្រោះនៃមនុស្សជាតិមាននូវសិរីរុងរឿងនៃជ័យជម្នះទាំងស្រុងលើកម្លាំងនៃអំពើបាប និងសេចក្តីស្លាប់ ។
( Jesus the Christ [ ឆ្នាំ ១៩១៦ ] ទំព័រ ៦៦១ )
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ( ឆ្នាំ ១៩១៥–៨៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនស្រដៀងគ្នានេះ ៖
ពេលនោះមេឃក៏ខ្មៅ ។ ភាពងងឹតបានគ្របដណ្ដប់លើដែនដីអស់រយៈពេលបីម៉ោង ដូចដែលបានកើតឡើងក្នុងចំណោមពួកសាសន៍នីហ្វៃ ។ មានព្យុះដ៏ខ្លាំងមួយ ហាក់ដូចជាព្រះនៃធម្មជាតិកំពុងរងការឈឺចាប់ ។
ហើយពិតជាដូច្នោះមែន នៅពេលដែលទ្រង់កំពុងព្យួរនៅលើឈើឆ្កាងរយៈពេលបីម៉ោងទៀត គឺចាប់ពីថ្ងៃត្រង់ទៅម៉ោង ៣:០០ រសៀល នោះភាពឈឺចាប់ដ៏គ្មានទីបញ្ចប់ និងការឈឺចាប់ដែលគ្មានមេត្តានៃសួនច្បារគែតសេម៉ានីបានកើតឡើងម្តងទៀត ។
( ប្រ៊ូស អ័រ ម៉ាក់ខន់ឃី « The Purifying Power of Gethsemane » Ensign ខែ ឧសភា ឆ្នាំ ១៩៨៥ ទំព័រ ១០ )