ម៉ាថាយ ២៧:៥០–៦៦; លូកា ២៣:៥៥–៥៦; យ៉ូហាន ១៩:៣៩–៤០
ការគោរពប្រតិបត្តិ និងការបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះអង្គសង្គ្រោះ
នៅពេលព្រះយេស៊ូវបានសុគត « ក៏មានកក្រើកដី ហើយថ្មប្រេះដាច់ពីគ្នា » ( ម៉ាថាយ ២៧:៥១ ) ប៉ុន្តែអ្វីដែលសំខាន់ជាងនេះបានកើតឡើងនៅក្នុងព្រះវិហារ ៖ វាំងនននៅក្នុងទីបរិសុទ្ធលើអស់ទាំងបរិសុទ្ធ ត្រូវបានរហែកជាពីរភាគ ។ បន្ទាប់ពីការសុគតរបស់ព្រះអង្គសង្គ្រោះ ពួកសិស្សរបស់ទ្រង់បានខិតខំយ៉ាងខ្លាំងដើម្បីយកព្រះសពទ្រង់ ហើយរៀបចំព្រះសពដោយប្រុងប្រយ័ត្នសម្រាប់ការបញ្ចុះ ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យយល់ និងសញ្ជឹងគិតពីអ្វីដែលព្រះយេស៊ូវគ្រីស្ទបានធ្វើសម្រាប់អ្នក និងអ្វីដែលអ្នកអាចធ្វើបានដើម្បីបង្ហាញការគោរពប្រតិបត្តិ និងការដឹងគុណចំពោះទ្រង់ ។
ការគោរពវិញ្ញាណក្ខន្ធអ្នកដែលទទួលមរណភាព
មនុស្សដែលមានវប្បធម៌ផ្សេងៗគ្នាមានវិធីផ្សេងគ្នាក្នុងការចងចាំ និងការគោរពប្រតិបត្តិដល់បុគ្គលដែលបានស្លាប់ ។ សូមគិតអំពីនរណាម្នាក់ដែលអ្នកស្រឡាញ់ដែលបានទទួលមរណភាព ឬសញ្ជឹងគិតថាតើវានឹងទៅជាយ៉ាងណា ប្រសិនបើនរណាម្នាក់ជិតស្និទ្ធនឹងអ្នកបានទទួលមរណភាពនោះ ។
-
តើអ្នក ( ឬតើអ្នកចង់ ) ចងចាំអ្វីអំពីមនុស្សជាទីស្រឡាញ់របស់អ្នក ?
-
តើអ្នកធ្វើអ្វីដើម្បីគោរពប្រតិបត្តិ ឬបង្ហាញសេចក្តីស្រឡាញ់ចំពោះអ្នកដែលបានលាចាកលោកទៅ ?
វគ្គបទគម្ពីរនៅក្នុងមេរៀននេះពិពណ៌នាអំពីការសុគតរបស់ព្រះអង្គសង្គ្រោះនៅលើឈើឆ្កាង និងព្រឹត្តិការណ៍ដែលបានកើតឡើងភ្លាមៗបន្ទាប់ពីនោះ ។ សូមចំណាយពេលបន្តិច ដើម្បីសញ្ជឹងគិតអំពីសំណួរខាងក្រោម ៖
-
តើអ្នកមានអារម្មណ៍យ៉ាងណា បើអ្នកបានឃើញការសុគតរបស់ព្រះយេស៊ូវ ?
-
តើអ្នកមានអារម្មណ៍យ៉ាងដូចម្តេចអំពីការសុគតរបស់ទ្រង់ឥឡូវនេះ ?
-
តើអ្នកចង់ចងចាំ និងគោរពប្រតិបត្តិទ្រង់ដោយរបៀបណា ?
នៅពេលអ្នកសិក្សាថ្ងៃនេះ សូមស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នកឲ្យដឹងពីរបៀបដែលអ្នកអាចចងចាំ គោរពប្រតិបត្តិ និងបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះអង្គសង្គ្រោះ ។
និមិត្តសញ្ញានៃវាំងននព្រះវិហារបរិសុទ្ធ
នៅពេលដែលព្រះយេស៊ូវសុគត មានការរញ្ជួយដី និងការបើកសម្ដែងខាងរូបកាយផ្សេងទៀត រួមទាំងការខូចខាតដល់ព្រះវិហារបរិសុទ្ធផងដែរ ។ សូមអាន ម៉ាថាយ ២៧:៥០–៥១ ហើយសូមពិចារណាគូសចំណាំសេចក្ដីលម្អិតអំពីព្រះវិហារបរិសុទ្ធដែលម៉ាថាយបានកត់ត្រា ។
ព្រះវិហារបរិសុទ្ធពីបុរាណមានបន្ទប់ពីរដាច់ពីគ្នាដោយរបាំង ឬវាំងនន ។ មួយឆ្នាំម្តង នៅថ្ងៃដែលធ្វើដង្វាយធួន ពួកសង្ឃជាន់ខ្ពស់បានឆ្លងកាត់ពីទីបរិសុទ្ធតាមវាំងនននៃព្រះវិហារបរិសុទ្ធ ហើយចូលទៅកាន់ទីបរិសុទ្ធលើអស់ទាំងបរិសុទ្ធ ។ បន្ទប់នេះតំណាងឲ្យព្រះវត្តមានរបស់ព្រះ ។ នៅក្នុងបន្ទប់នេះ សង្ឃជាន់ខ្ពស់បានប្រោះឈាមនៃដង្វាយរំដោះបាបលើអាសនៈ ដើម្បីឲ្យធួននឹងអំពើបាបរបស់អ៊ីស្រាអែល ( សូមមើល លេវីវិន័យ ១៦ ) ។
-
តើការហែកវាំងននចេញដើម្បីចូលទៅក្នុងទីបរិសុទ្ធលើអស់ទាំងបរិសុទ្ធជានិមិត្តសញ្ញានៃអ្វី ?
អែលឌើរ ប៊្រូសអ័រ ម៉ាក់ខន់ឃី ( ឆ្នាំ ១៩១៥–៨៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់អំពីសារៈសំខាន់ជានិមិត្តសញ្ញានៃព្រឹត្តិការណ៍នេះ ៖
ឥឡូវនេះទីបរិសុទ្ធលើអស់ទាំងបរិសុទ្ធបានបើកសម្រាប់មនុស្សគ្រប់រូប តាមរយៈព្រះលោហិតដ៏ធួននៃកូនចៀម ឥឡូវនេះមនុស្សទាំងអស់អាចចូលទៅក្នុងទីដ៏ខ្ពស់ ហើយបរិសុទ្ធជាងទីណាៗទាំងអស់ ជានគរដែលមនុស្សរកឃើញជីវិតដ៏នៅអស់កល្បជានិច្ច ។ … [ មនុស្សទាំងអស់ ] មានសិទ្ធិឆ្លងកាត់របាំងចូលទៅក្នុងវត្តមានរបស់ព្រះអម្ចាស់ ដើម្បីទទួលមរតកភាពតម្កើងឡើងពេញលេញ ។
( ប្រ៊ូស អ័រ ម៉ាក់ខន់ឃី Doctrinal New Testament Commentary វ៉ុលទី ៣ [ ឆ្នាំ ១៩៦៥–៧៣ ] ១:១៨៣០ )
សេចក្តីពិតមួយដែលយើងអាចរៀនចេញពីអ្វីដែលបានកើតឡើងនៅក្នុង ម៉ាថាយ ២៧:៥១ គឺថា ព្រះយេស៊ូវគ្រីស្ទបានធ្វើឲ្យយើងទាំងអស់គ្នាអាចត្រឡប់ទៅកាន់ព្រះវត្តមានរបស់ព្រះវរបិតាសួគ៌វិញ ហើយប្រែក្លាយដូចជាទ្រង់បាន ។ សាវកប៉ុលក៏បានបង្រៀនដែរថា ការហែកវាំងនននេះបានបង្ហាញពីសេចក្ដីពិតនេះ ( សូមមើល ហេព្រើរ ១០:១៩–២០ ) ។
សូមសញ្ជឹងគិតអំពីតម្លៃដែលព្រះអង្គសង្គ្រោះរបស់អ្នកបានបង់ ដើម្បីបើកវាំងនន ហើយធ្វើឲ្យអ្នកអាចត្រឡប់ទៅកាន់នគររបស់ព្រះវរបិតាទ្រង់វិញបាន ។
ពួកសិស្សរបស់ព្រះយេស៊ូវគោរពប្រតិបត្តិទ្រង់
ពេលព្រះយេស៊ូវសុគត ពួកសិស្សរបស់ទ្រង់បានព្យាយាមចងចាំ និងគោរពប្រតិបត្តិទ្រង់ ។ សូមអានអំពីរបៀបដែលសិស្សខ្លះបង្ហាញសេចក្ដីស្រឡាញ់របស់ពួកគេចំពោះព្រះយេស៊ូវ ។
-
ម៉ាថាយ ២៧:៥៧–៦០ ៖ យ៉ូសែប ដែលនៅភូមិអើរីម៉ាថេ ជាសិស្សអ្នកមាន និងជាសមាជិកនៃពួកសានហេឌ្រីននៃក្រុមប្រឹក្សាជាន់ខ្ពស់បំផុតរបស់សាសន៍យូដា ។
-
យ៉ូហាន ១៩:៣៩–៤០ ៖ នីកូដេម ជាពួកផារិស៊ី និងជាសមាជិកនៃពួកសានហេឌ្រីន ។
-
លូកា ២៣:៥៥–៥៦ ៖ ម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា និងស្ត្រីដទៃទៀត
ព័ត៌មានខាងក្រោមនេះអាចជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីសកម្មភាពរបស់សិស្សទាំងនេះ ។
យ៉ូសែប ដែលនៅភូមិអើរីម៉ាថេ ទោះជាមិនមែនជាអ្នកដើរតាមព្រះគ្រីស្ទដោយបើកចំហក៏ដោយ ក៏បានបង្ហាញចិត្តអាណិតអាសូរ និងភាពក្លាហានដោយសុំព្រះសពព្រះយេស៊ូវដែរ ។ ផ្នូរ ឬស្ដូបដែលយ៉ូសែបបានថ្វាយសម្រាប់ព្រះសពរបស់ព្រះអង្គសង្គ្រោះត្រូវបានដាប់ចេញពីថ្ម ដែលហាក់ដូចជាបានចំណាយប្រាក់យ៉ាងច្រើន ។
ជ័រល្វីងទេសជារុក្ខរសស្ងួតក្រអូបប្រើសម្រាប់រៀបចំសព ។ បរិមាណនៃជ័រល្វីងទេស និងក្រឹស្នាដែលនីកូដេមនាំមកដើម្បីចាក់ប្រេងលើព្រះសពព្រះអង្គសង្គ្រោះ គឺស្រដៀងគ្នានឹងវត្ថុដែលប្រើក្នុងការបញ្ចុះសពរាជវង្សដែរ ។
ស្ត្រីទាំងនោះបានរៀបចំគ្រឿងទេស និងគ្រឿងក្រអូបដើម្បីបង្ហើយការរៀបចំព្រះសពព្រះយេស៊ូវ ដោយសារការបញ្ចុះព្រះសពទ្រង់ត្រូវបានធ្វើឡើងយ៉ាងប្រញាប់ប្រញាល់ ។
-
តើសកម្មភាពរបស់បុគ្គលទាំងនេះបង្ហាញអ្វីខ្លះអំពីអារម្មណ៍របស់ពួកគេចំពោះព្រះអង្គសង្គ្រោះ ?
ការបង្ហាញសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះអង្គសង្គ្រោះរបស់អ្នក
ទោះបីជាព្រះអង្គសង្គ្រោះមិនមានវត្តមានជាមួយយើងខាងសាច់ឈាមក៏ដោយ ក៏យើងនៅតែអាចស្វែងរកវិធីដើម្បីបង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះទ្រង់បានដែរ ។
ជម្រើស ៖ តើចង់រៀនសូត្របន្ថែមទៀតដែរឬទេ ?
តើព្រះអង្គសង្គ្រោះបានធ្វើអ្វីខ្លះសម្រាប់ខ្ញុំ ?
ប្រធាន ដាល្លិនអេក អូក នៃគណៈប្រធានទីមួយ បានសង្ខេបនូវអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើសម្រាប់យើងម្នាក់ៗ ៖
នៅក្រោមផែនការនៃព្រះវបិតាសួគ៌របស់យើង ទ្រង់ « បានបង្កើតផ្ទៃមេឃ និងផែនដី » ( គោលទ្ធិ និង សេចក្តីសញ្ញា ១៤:៩ ) ដើម្បីឲ្យយើងម្នាក់ៗអាចដកពិសោធន៍ក្នុងជីវិតរមែងស្លាប់នេះ ដែលចាំបាច់ដើម្បីស្វែងរកជោគវាសនាទេវភាពរបស់យើង ។ ដោយជាផ្នែកមួយនៃផែនការរបស់ព្រះវរបិតា នោះដំណើររស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទបានយកឈ្នះសេចក្តីស្លាប់ដើម្បីធានាឲ្យយើងម្នាក់ៗទទួលបាននូវអតមភាព ។ ពលិកម្មដ៏ធួនរបស់ព្រះយេស៊ូវគ្រីស្ទផ្តល់ឲ្យយើងម្នាក់ៗនូវឱកាសដើម្បីប្រែចិត្តពីអំពើបាបរបស់យើង ហើយត្រឡប់ទៅផ្ទះសួគ៌ារបស់យើងវិញដោយស្អាតស្អំ ។ បទបញ្ញត្តិ និងសេចក្តីសញ្ញារបស់ទ្រង់បង្ហាញផ្លូវដល់យើង ហើយបព្វជិតភាពរបស់ទ្រង់ផ្តល់សិទ្ធិអំណាចដើម្បីធ្វើពិធីបរិសុទ្ធទាំងឡាយដែលចាំបាច់ដើម្បីឈានដល់ជោគវាសនានោះ ។ ហើយព្រះអង្គសង្គ្រោះរបស់យើងបានស្ម័គ្រព្រះទ័យមកដកពិសោធន៍រាល់ការឈឺចាប់ និងទុក្ខព្រួយក្នុងជីវិតរមែងស្លាប់ទាំងអស់ ដើម្បីទ្រង់អាចដឹងពីរបៀបពង្រឹងយើង កាលដែលយើងមានទុក្ខលំបាក ។
( ដាល្លិន អេក អូក « តើព្រះអង្គសង្គ្រោះរបស់យើងបានធ្វើអ្វីខ្លះសម្រាប់យើង ? » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៧៧ )
តើមានរបៀបអ្វីខ្លះដែលខ្ញុំអាចបង្ហាញសេចក្ដីស្រឡាញ់របស់ខ្ញុំចំពោះព្រះអង្គសង្គ្រោះបាន ?
ស៊ីស្ទើរ ប៊េគី ក្រេវិន ក្នុងគណៈប្រធានយុវនារីទូទៅបានថ្លែង ៖
បើយើងស្រឡាញ់ទ្រង់ដូចដែលយើងអះអាង តើយើងមិនអាចបង្ហាញសេចក្ដីស្រឡាញ់នោះដោយចេះប្រុងប្រយ័ត្នបន្ថែមទៀតក្នុងការរស់នៅតាមព្រះបញ្ញត្តិរបស់ទ្រង់ទេឬអី ?
ការប្រុងប្រយ័ត្នក្នុងការរស់នៅតាមដំណឹងល្អមិនចាំបាច់មានន័យថាជារឿងផ្លូវការ ឬតឹងរឹងទេ ។ វាមានន័យថា វាសមស្របនៅក្នុងគំនិត និងអាកប្បកិរិយារបស់យើងក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ។ នៅពេលយើងពិចារណាពីភាពខុសគ្នារវាងការប្រុងប្រយ័ត្ន និងការមិនយកចិត្តទុកដាក់នៅក្នុងការរស់នៅតាមដំណឹងល្អរបស់យើង នេះជាគំនិតមួយចំនួនដែលត្រូវពិចារណា ៖
តើយើងប្រុងប្រយ័ត្នក្នុងការថ្វាយបង្គំនៅថ្ងៃឈប់សម្រាករបស់យើង និងក្នុងការរៀបចំខ្លួនយើងដើម្បីទទួលទានសាក្រាម៉ង់រាល់សប្ដាហ៍ដែរឬទេ ?
តើយើងអាចប្រុងប្រយ័ត្នជាងមុនក្នុងការអធិស្ឋាន និងការសិក្សាព្រះគម្ពីររបស់យើង ឬចូលរួមកាន់តែសកម្មក្នុងការសិក្សាសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារដែរឬទេ ?
តើយើងប្រុងប្រយ័ត្នក្នុងការថ្វាយបង្គំក្នុងព្រះវិហារបរិសុទ្ធរបស់យើង ហើយខិតខំរស់នៅដោយប្រុងប្រយ័ត្ន និងដោយចេតនាធ្វើតាមតាមសេចក្ដីសញ្ញាដែលយើងបានធ្វើនៅពិធីបុណ្យជ្រមុជទឹកផង និងក្នុងព្រះវិហារបរិសុទ្ធផងឬទេ ? តើយើងប្រុងប្រយ័ត្នក្នុងការតុបតែងខ្លួន និងការស្លៀកពាក់របស់យើង ជាពិសេសនៅក្នុងកន្លែង និងស្ថានភាពពិសិដ្ឋដែរឬទេ ? តើយើងប្រុងប្រយ័ត្នក្នុងរបៀបដែលយើងស្លៀកសម្លៀកបំពាក់ព្រះវិហារបរិសុទ្ធដ៏ពិសិដ្ឋដែរឬទេ ? ឬក៏ម៉ូដសម្លៀកបំពាក់របស់ពិភពលោកបានកំណត់អាកប្បកិរិយា មិនយកចិត្តទុកដាក់ច្រើនជាងមុនហើយ ?
តើយើងប្រុងប្រយ័ត្នក្នុងរបៀបដែលយើងបម្រើដល់អ្នកដទៃ និងរបៀបដែលយើងបំពេញការហៅរបស់យើងនៅក្នុងសាសនាចក្រទេ ឬតើយើងព្រងើយកន្ដើយ ឬមិនយកចិត្តទុកដាក់ក្នុងការហៅបម្រើយើងដែរឬទេ ?
តើយើងប្រុងប្រយ័ត្ន ឬមិនយកចិត្តទុកដាក់នឹងអ្វីដែលយើងបានអាន និងមើលនៅលើទូរទស្សន៍ និងឧបករណ៍ចល័តរបស់យើងដែរឬទេ ? តើយើងប្រុងប្រយ័ត្នក្នុងពាក្យសម្ដីរបស់យើងដែរឬទេ ? ឬតើយើងឱបក្រសោបពាក្យគ្រោតគ្រាត ជេរប្រមាថដែរឬទេ ?
សៀវភៅ ដើម្បីកម្លាំងនៃយុវវ័យ មាននូវបទដ្ឋានទាំងឡាយ ដែលនៅពេលអនុវត្តតាមដោយប្រុងប្រយ័ត្ន វានឹងនាំពរជ័យយ៉ាងបរិបូរណ៍ ហើយជួយយើងឲ្យស្ថិតនៅលើផ្លូវនៃសេចក្ដីសញ្ញា ។
( ប៊េគី ក្រេវិន « Careful versus Casual » Liahona ខែ ឧសភា ឆ្នាំ២០១៩ ទំព័រ ១០ )