ថ្នាក់​សិក្ខាសាលា
កូរិនថូស ទី១ ១–៧


កូរិនថូស ទី១ ១–៧

ទិដ្ឋភាពទូទៅ

មេរៀនសប្តាហ៍នេះពិភាក្សាអំពីជំពូកប្រាំពីរដំបូងនៃសំបុត្ររបស់ប៉ុលទៅកាន់ពួកកូរិនថូស ។ ពួកបរិសុទ្ធនៅក្រុងកូរិនថូសបានមានភាពច្របូកច្របល់ដោយគំនិតខាងលោកិយ ហើយប៉ុលបានព្យាយាមជួយពួកគេឲ្យឃើញពីរបៀបដែលពួកគេអាចរៀនសេចក្ដីពិតនានាខាងវិញ្ញាណដ៏យូរអង្វែង ។ ការបង្រៀនដ៏មានអានុភាពរបស់លោកបានពង្រឹង និងកែតម្រូវពួកបរិសុទ្ធនៅទីក្រុងកូរិនថូស ដោយដឹកនាំពួកគេត្រឡប់ទៅរកផ្លូវនៃសេចក្តីសញ្ញាវិញ ។ សប្តាហ៍នេះក៏រួមបញ្ចូលមេរៀនមួយដើម្បីជួយអ្នកឲ្យវាយតម្លៃអ្វីដែលអ្នកកំពុងរៀនផងដែរ ។

រៀបចំខ្លួនបង្រៀន

ព័ត៌មានខាងក្រោមនេះផ្តល់ជាគំនិតដល់គ្រូបង្រៀន អំពីអ្វីដែលអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។

កូរិនថូស ទី១ ១–៤

គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យយល់ពីរបៀបស្ថាបនាជីវិតរបស់យើងនៅលើគ្រឹះរបស់ព្រះយេស៊ូវគ្រីស្ទ អាចជួយយើងឲ្យយកឈ្នះលើបញ្ហាប្រឈមនានាខាងលោកិយ ។ 

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសួរសមាជិកគ្រួសារ ឬមិត្តភក្តិឲ្យពន្យល់ពីរបៀបដែលការស្ថាបនាជីវិតរបស់ពួកគេនៅលើគ្រឹះរបស់ព្រះយេស៊ូវគ្រីស្ទបានជួយពួកគេដោះស្រាយបញ្ហាប្រឈមផ្សេងៗនៅក្នុងជីវិត ។

  • សម្ភារសម្រាប់សិស្ស ៖ ក្រដាសមួយសន្លឹក ឬសៀវភៅកំណត់ហេតុការសិក្សា

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ ដោយប្រើមុខងារក្តារខៀន សូមអញ្ជើញសិស្សឲ្យគូររូបភាពផ្ទះដែលមានគ្រឹះ ។ បន្ទាប់មកសូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យសរសេរជុំវិញរូបផ្ទះនោះអំពីបញ្ហាប្រឈម ឬឥទ្ធិពលអវិជ្ជមានមួយចំនួនដែលពួកគេប្រឈមមុខ ។ សូមអញ្ជើញពួកគេឲ្យសរសេរនៅក្នុង ឬជុំវិញគ្រឹះផងដែរនូវអ្វីដែលពួកគេអាចធ្វើដើម្បីចាក់គ្រឹះជីវិតរបស់ពួកគេទៅលើព្រះអង្គសង្គ្រោះ ។

កូរិនថូស ទី១ ២

គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យអញ្ជើញព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយពួកគេរៀនរឿងខាងវិញ្ញាណ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យរៀបចំចម្លើយចំពោះសំណួរខាងក្រោម ៖ តើសេចក្ដីពិតអ្វីខ្លះដែលអ្នកបានដឹងតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ? តើព្រះវិញ្ញាណបរិសុទ្ធបានបញ្ជាក់សេចក្ដីពិតទាំងនេះដល់អ្នកយ៉ាងដូចម្ដេច ?

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាបង្ហាញអត្ថបទនៃ កូរិនថូស ទី១ ២:៩–១៤ ។ ដោយប្រើឧបករណ៍កំណត់ចំណាំ សូមអញ្ជើញសិស្សឲ្យគូសបន្ទាត់ពីក្រោម ឬគូសរង្វង់លើពាក្យ ឬឃ្លាដែលបង្ហាញពីសេចក្តីពិតខាងវិញ្ញាណ ។ សូមអញ្ជើញពួកគេឲ្យពន្យល់ពីមូលហេតុនៃអ្វីពួកគេបានគូសសម្គាល់នោះ ។

កូរិនថូស ទី១ ៦

គោលបំណងមេរៀន ៖ គោលបំណងនៃមេរៀននេះគឺជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីសារៈសំខាន់នៃរូបរាងកាយខាងសាច់ឈាមរបស់ពួកគេ និងសារៈសំខាន់នៃការរក្សាភាពបរិសុទ្ធខាងផ្លូវភេទ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតពីអ្វីដែលពួកគេដឹងអំពីបទដ្ឋានរបស់ព្រះអម្ចាស់អំពីភាពបរិសុទ្ធខាងផ្លូវភេទ ហើយរៀបចំដើម្បីសួរសំណួរទាំងឡាយដែលពួកគេមានអំពីភាពបរិសុទ្ធខាងផ្លូវភេទ ។

  • សម្ភារសម្រាប់សិស្ស ៖ ច្បាប់ចម្លងនៃកូនសៀវភៅ ដើម្បីកម្លាំងនៃយុវជន សម្រាប់សិស្សម្នាក់ៗ ប្រសិនបើអាច

  • វីដេអូ ៖ « I Choose to Be Pure » ( ៤:២០ ) ឬ « Chastity: What Are the Limits? » ( ៣:៥៩ )

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ បន្ទាប់ពីសិស្សបានរកឃើញគោលការណ៍ពី កូរិនថូស ទី១ ៦:១៨–២០ សូមពិចារណាបង្ហាញរូបភាពនៃយុវវ័យ និងព្រះវិហារបរិសុទ្ធ ។ ដោយប្រើប្រាស់មុខងារឈែត សូមអញ្ជើញសិស្សឲ្យធ្វើបញ្ជីនៃភាពស្រដៀងគ្នារវាងរូបកាយ និងព្រះវិហារបរិសុទ្ធ ។ ក៏សូមអញ្ជើញពួកគេឲ្យពិភាក្សាអំពីរបៀបដែលការប្រៀបធៀបនេះអាចប៉ះពាល់ដល់របៀបដែលយើងយល់ និងប្រព្រឹត្តចំពោះរាងកាយរបស់យើង ។

ចំណេះចំណានខាងគោលលទ្ធិ ៖ កូរិនថូស ទី១ ៦:១៩–២០

គោលបំណងមេរៀន ៖ មេរៀននេះនឹងផ្ដល់ឱកាសដល់សិស្សឲ្យទន្ទេញសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ កូរិនថូស ទី១ ៦:១៩–២០ ដើម្បីពន្យល់អំពីគោលលទ្ធិ និងអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតជាក់ស្តែង ។

  • ការរៀបចំរបស់សិស្ស ៖ សូមពិចារណាចែកចាយជាមួយសិស្សនូវស្ថានភាពអនុវត្តនៅក្នុងមេរៀននេះ ហើយអញ្ជើញពួកគេឲ្យចាប់ផ្តើមគិតអំពីរបៀបដែលពួកគេអាចឆ្លើយតប ។

  • សម្ភារសម្រាប់សិស្ស ៖ វាអាចមានប្រយោជន៍ក្នុងការបង្ហាញស្ថានភាពនេះ ដូច្នេះសិស្សអាចប្រើវាបាន នៅពេលពួកគេអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមបែងចែកសិស្សឲ្យចូលទៅក្នុងមុខងារបំបែកជាក្រុមដើម្បីដើរតួសម្ដែងពន្យល់អំពីក្រឹត្យវិន័យព្រហ្មចារីភាព និងមូលហេតុសំខាន់ក្នុងការប្រើប្រាស់ការបង្រៀននានានៅក្នុង កូរិនថូស ទី១ ៦:១៩–២០ ។ ប្រសិនបើអាច សូមចូលស្តាប់នៅក្នុងក្រុមផ្សេងៗដែលបានបំបែករួចនោះ ដើម្បីវាយតម្លៃថា តើសិស្សយល់ច្បាស់ពីសេចក្ដីពិតនេះយ៉ាងណាដែរ ។ សូមពិចារណាប្រើប្រាស់មុខងារឈែត ដើម្បីអនុញ្ញាតឲ្យសិស្សផ្ទុករូបភាពធម្មតា រូបបែបកំប្លែង ឬរូបភាពបែបរចនា ដើម្បីបង្ហាញពី កូរិនថូស ទី១ ៦:១៩–២០

វាយតម្លៃការរៀនសូត្ររបស់អ្នក ទី ៨

គោលបំណងមេរៀន ៖ គោលបំណងនៃមេរៀននេះគឺជួយសិស្សឲ្យវាយតម្លៃលើគោលដៅទាំងឡាយ ដែលពួកគេបានដាក់ និងការរីកចម្រើនផ្ទាល់ខ្លួនដែលពួកគេបានដកពិសោធ ក្នុងអំឡុងពេលការសិក្សាព្រះគម្ពីរសញ្ញាថ្មីរបស់ពួកគេ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីភាពរីកចម្រើននៅក្នុងគោលដៅខាងវិញ្ញាណផ្ទាល់ខ្លួនរបស់ពួកគេ ។ លើសពីនេះទៀត សូមអញ្ជើញពួកគេឲ្យគិតអំពីអ្វីដែលពួកគេបានរៀន ឬគោលដៅដែលពួកគេបានដាក់ ពេលពួកគេបានសិក្សា រ៉ូម និង កូរិនថូស ទី១ ១–៧ ។

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ ដើម្បីជួយសិស្សឲ្យសញ្ជឹងគិត និងអនុវត្តភាពសាមគ្គីគ្នា សូមអញ្ជើញពួកគេឲ្យជ្រើសរើសមុខងារបង្ហាញរូបទាំងអស់ ដើម្បីពួកគេអាចមើលឃើញមនុស្សគ្រប់គ្នានៅក្នុងថ្នាក់របស់ពួកគេ ។ សមាជិកក្នុងថ្នាក់ទំនងជានឹងត្រូវបានបង្ហាញតាមលំដាប់លំដោយផ្សេងគ្នាសម្រាប់សិស្សម្នាក់ៗ ។ នៅក្នុងឧបករណ៍មួយចំនួន មុខងារនេះអាចត្រូវបានផ្លាស់ប្តូរដោយអូស និងទម្លាក់ផ្ទាំងបង្ហាញទៅតាមលំដាប់លំដោយដែលចង់បាន ។ ប្រសិនបើអាច សូមអញ្ជើញសិស្សម្នាក់ៗឲ្យដាក់មិត្តរួមថ្នាក់របស់ពួកគេតាមលំដាប់លំដោយដូចគ្នានៅលើអេក្រង់របស់ពួកគេ ។ បន្ទាប់មកព្យាយាមឲ្យសិស្សសូត្រ រ៉ូម ១៤:១៩រ៉ូម ១៥:១ ដោយឲ្យសិស្សម្នាក់ៗនិយាយម្តងមួយពាក្យៗ ដោយធ្វើតាមលំដាប់លំដោយនៅលើអេក្រង់ ។