កូរិនថូស ទី២ ១៣
« ចូរអ្នករាល់គ្នាពិចារណាខ្លួនឯងមើល តើស្ថិតនៅក្នុងសេចក្តីជំនឿឬទេ »
អ្នកដឹកនាំក្នុងនគរព្រះតែងតែជាគោលដៅនៃការរិះគន់ ។ ក្នុងអំឡុងសម័យព្រះគម្ពីរសញ្ញាថ្មី សមាជិកសាសនាចក្រមួយចំនួននៅក្រុងកូរិនថូសបានរិះគន់ប៉ុល ។ លោកបានឆ្លើយតបដោយអញ្ជើញពួកគេឲ្យពិនិត្យមើលទំនាក់ទំនងរបស់ពួកគេផ្ទាល់ជាមួយនឹងព្រះគ្រីស្ទ ។ មេរៀននេះអាចជួយអ្នកឲ្យយកឈ្នះលើការល្បួងក្នុងការរិះគន់អ្នកដទៃ រួមទាំងថ្នាក់ដឹកនាំសាសនាចក្រផងដែរ តាមរយៈការពិនិត្យមើលភាពស្មោះត្រង់របស់អ្នកចំពោះព្រះអម្ចាស់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
សំណួរស្មោះត្រង់ ឬជាការរិះគន់ ?
-
តើមានគំរូអ្វីខ្លះអំពីរបៀបដែលមនុស្សសព្វថ្ងៃនេះអាចរិះគន់ដល់ថ្នាក់ដឹកនាំសាសនាចក្រ ?
-
តើអ្វីជាភាពខុសគ្នារវាងការមានសំណួរ ឬកង្វល់ដោយស្មោះត្រង់អំពីអ្វីដែលថ្នាក់ដឹកនាំសាសនាចក្របានបង្រៀន ឬនិយាយ និងការរិះគន់បុគ្គលនោះ ?
ជាទូទៅ ការរិះគន់នរណាម្នាក់មានន័យថា ជាការវិនិច្ឆ័យពួកគេក្នុងន័យអវិជ្ជមាន ដោយលើកឡើងពីកំហុស ឬការភាន់ច្រឡំរបស់ពួកគេ ។ នៅក្នុងព្រះគម្ពីរ ការរិះគន់អាចត្រូវបានគេហៅថា ការនិយាយាអាក្រក់ ឬការរអ៊ូរទាំប្រឆាំងនឹងនរណាម្នាក់ ។
វាអាចទៅរួចក្នុងការស្គាល់កំហុស ឬចំណុចខ្សោយរបស់អ្នកដទៃ ដោយមិនចាំបាច់រិះគន់ ។ យើងកំពុងរិះគន់គេហើយ នៅពេលយើងនិយាយ ឬសរសេរអំពីអ្នកដទៃក្នុងន័យវិនិច្ឆ័យ ឬអវិជ្ជមាន ។
-
ហេតុអ្វីបានជាវាសំខាន់ដើម្បីយកឈ្នះលើការល្បួងឲ្យរិះគន់អ្នកដទៃ រួមទាំងថ្នាក់ដឹកនាំសាសនាចក្រផងដែរ ?
នៅពេលអ្នកសិក្សា កូរិនថូស ទី២ ១៣ សូមរកមើលរបៀបដែលយើងអាចចៀសវាងពីការរិះគន់ ជាពិសេសអំពីអ្នកដែលព្រះអម្ចាស់បានហៅឲ្យដឹកនាំសាសនាចក្ររបស់ទ្រង់ ។
ការរិះគន់ ការនិយាយអាក្រក់ និងការរអ៊ូរទាំ
វាហាក់ដូចជាថាពួកបរិសុទ្ធខ្លះនៅក្រុងកូរិនថូសបានរិះគន់ប៉ុលជាសាធារណៈ ( សូមមើល កូរិនថូស ទី២ ១០:១០ ; ១២:១០–១៥ ) ។ នៅក្នុង កូរិនថូស ទី២ ១៣:១–២ ប៉ុលបានអំពាវនាវពួកគេឲ្យប្រែចិត្តដោយនិយាយបែបខ្លាំងៗ ។
សូមអាន កូរិនថូស ទី២ ១៣:៣ ដោយស្វែងរកភស្ដុតាងអ្វីដែលសមាជិកមួយចំនួននៃសាសនាចក្រនៅក្រុងកូរិនថូសចង់បានពីប៉ុល ។ ការទាមទាររបស់មនុស្សទាំងនេះដើម្បីមើលភស្តុតាងដែលថា ប៉ុលពិតជាបាននិយាយជំនួសព្រះគ្រីស្ទ អាចជាភស្តុតាងបន្ថែមថាមនុស្សកំពុងរិះគន់លោកជាសាធារណៈហើយ ។ សូមអានសេចក្តីថ្លែងការណ៍ខាងក្រោមដោយប្រធាន ហិនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយ ដោយរកមើលថាតើការរិះគន់ថ្នាក់ដឹកនាំរបស់យើងអាចជះឥទ្ធិពលលើយើងយ៉ាងដូចម្តេច ។
ប្រធាន ចច ឃ្យូ ខេនិន បានផ្ដល់ការព្រមានមួយដែលខ្ញុំសូមផ្ដល់បន្តដល់បងប្អូនទុកជាការព្រមានរបស់ខ្ញុំផ្ទាល់ ។ ខ្ញុំជឿថាលោកបានមានប្រសាសន៍ពីការពិត ៖ « … គ្មាននរណាម្នាក់អាចនិយាយអាក្រក់ពីបុគ្គលដែលព្រះបានចាក់ប្រេងតាំង ហើយរិះគន់អ្នកមានសិទ្ធិអំណាចរបស់ព្រះនៅលើផែនដី ដោយពុំបានធ្វើឲ្យព្រះអាក់អន់ព្រះទ័យបានឡើយ ។ ព្រះវិញ្ញាណបរិសុទ្ធនឹងដកខ្លួនចេញពីបុគ្គលនោះ ហើយគាត់នឹងចូលទៅក្នុងភាពងងឹត ។ ហេតុដូច្នេះហើយ តើបងប្អូនឃើញថា រឿងនេះសំខាន់ប៉ុណ្ណាទេ ដែលយើងគួរតែមានការប្រុងប្រយ័ត្ននោះ ? »
( ហិនរី ប៊ី អាវរិង « The Power of Sustaining Faith » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៥៩ )
-
តើដំណើររឿងនេះបង្រៀនអ្វីខ្លះអំពីភាពខុសគ្នារវាងការរិះគន់ធៀបនឹងការអនុវត្តសេចក្តីជំនឿ និងអំពីផលវិបាកនីមួយៗ ?
-
ហេតុអ្វីបានជាអ្នកគិតថាព្រះវិញ្ញាណដកថយ នៅពេលមនុស្ស « និយាយអាក្រក់ » ឬ « រកកំហុស » អ្នកទាំងឡាយណាដែលព្រះអម្ចាស់បានហៅឲ្យដឹកនាំសាសនាចក្ររបស់ទ្រង់ ?
-
តើមានវិធីអ្វីខ្លះដែលយើងអាចប្រព្រឹត្តដោយសេចក្ដីជំនឿ ប្រសិនបើយើងមានសំណួរអំពីអ្វីដែលថ្នាក់ដឹកនាំសាសនាចក្របានបង្រៀន ឬមិនយល់ស្របនឹងអ្វីដែលថ្នាក់ដឹកនាំសាសនាចក្របានបង្រៀន ?
ចៀសវាងការរិះគន់
សូមអាន កូរិនថូស ទី២ ១៣:៥–៦ ដោយរកមើលការប្រឹក្សាដែលប៉ុលបានផ្តល់ដល់ពួកបរិសុទ្ធនៅក្រុងកូរិនថូស ដែលបានសួរថាតើព្រះអម្ចាស់បានមានព្រះបន្ទូលតាមរយៈលោកឬអត់ ។ វាអាចមានប្រយោជន៍ក្នុងការដឹងថា កាត់ចោលចេញ គឺជាអ្នកដែលមិនស័ក្តិសម ឬបានបរាជ័យក្នុងការសាកល្បង ។
ដោយផ្អែកលើអ្វីដែលប៉ុលបានបង្រៀន សូមបញ្ចប់សេចក្ដីថ្លែងការណ៍ខាងក្រោមនេះ ៖ ជំនួសឲ្យការរិះគន់ថ្នាក់ដឹកនាំសាសនាចក្រ យើងគួរតែ …
ជំនួសឲ្យការរិះគន់ថ្នាក់ដឹកនាំសាសនាចក្រ យើងគួរតែពិនិត្យមើលភាពស្មោះត្រង់របស់យើងចំពោះព្រះអម្ចាស់វិញ ។
ប្រធាន អាវរិង បានមានប្រសាសន៍ដូចខាងក្រោមអំពីអាកប្បកិរិយារបស់យើងចំពោះអ្នកដែលព្រះអម្ចាស់បានហៅឲ្យបម្រើ ។ សូមរកមើលរបៀបដែលពាក្យពេចន៍របស់លោកពង្រឹងអ្វីដែលប៉ុលបានបង្រៀននៅក្នុង កូរិនថូស ទី២ ១៣:៣, ៥ ៖
វាទាមទារឲ្យមានសេចក្ដីជំនឿដើម្បីជឿថា [ ព្រះយេស៊ូវគ្រីស្ទ ] ស្គាល់រាស្ត្រដែលទ្រង់ហៅយ៉ាងឥតខ្ចោះ ទាំងសមត្ថភាព និងសក្ដានុពលរបស់ពួកគេ ហើយដូច្នេះហើយ មិនមានកំហុសក្នុងការហៅរបស់ទ្រង់ឡើយ ។
រឿងនោះអាចនាំឲ្យមានស្នាមញញឹម ឬការគ្រវីក្បាលចំពោះអ្នកស្ដាប់ខ្លះៗនៅទីនេះ—ទាំងអ្នកដែលគិតអំពីការហៅបម្រើរបស់ខ្លួន ថាជាការខុសឆ្គងមួយ ក៏ដូចជាអស់អ្នកដែលគិតអំពីមនុស្សដែលពួកគេស្គាល់ខ្លះ ដែលមើលទៅហាក់ដូចជាមិនសមនឹងការហៅរបស់ពួកគេនៅក្នុងនគររបស់ព្រះអម្ចាស់ផងដែរ ។ ការប្រឹក្សារបស់ខ្ញុំចំពោះក្រុមទាំងពីរនេះ គឺថាសូមពន្យារពេលក្នុងការវិនិច្ឆ័យដូច្នោះ រហូតដល់អ្នកអាចមើលឃើញកាន់តែល្អប្រសើរពីអ្វីដែលព្រះអម្ចាស់ទតមើលឃើញសិន ។ ផ្ទុយទៅវិញការវិនិច្ឆ័យដែលអ្នកត្រូវធ្វើ គឺថា អ្នក មានសមត្ថភាពដើម្បីទទួលវិវរណៈ ហើយធ្វើតាមវាដោយពុំភ័យខ្លាច ។
( ហិនរី ប៊ី អាវរីង « The Lord Leads His Church » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៨២ )
-
តើដំបូន្មានរបស់ប្រធាន អាវរិង អាចជួយយើងយ៉ាងដូចម្ដេច ប្រសិនបើយើងត្រូវបានល្បួងឲ្យវិនិច្ឆ័យ ឬរិះគន់ថ្នាក់ដឹកនាំដែលព្រះអម្ចាស់បានជ្រើសរើស ?
-
តើការពិនិត្យមើលភាពស្មោះត្រង់របស់យើងចំពោះព្រះយេស៊ូវគ្រីស្ទជួយយើងមិនឲ្យនិយាយអាក្រក់ ឬវិនិច្ឆ័យអ្នកដទៃយ៉ាងដូចម្ដេច ?
ចូរអ្នករាល់គ្នាពិចារណាខ្លួនឯងមើល
នៅពេលយើងទទួលការសម្ភាសន៍ដើម្បីទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ យើងត្រូវបានសួរថាតើយើងគាំទ្រដល់ថ្នាក់ដឹកនាំសាសនាចក្រឬអត់ ។ ប្រធាន អាវរិង បានផ្ដល់យោបល់នូវសំណួរមួយចំនួន ដែលអាចជួយយើងឲ្យរៀបចំដើម្បីឆ្លើយសំណួរនេះ ។ សូមស្វែងរកការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ ពេលអ្នកសញ្ជឹងគិតពីសំណួរទាំងនេះ ។
បងប្អូនប្រហែលជាធ្លាប់ ឬនឹងត្រូវបានសួរថា តើបងប្អូនគាំទ្រដល់ប៊ីស្សពរបស់បងប្អូន ប្រធានស្តេក ពួកអ្នកមានសិទ្ធិអំណាចទូទៅ និងពួកអ្នកកាន់តំណែងទូទៅក្នុងសាសនាចក្រដែរឬទេ ។ …
… បងប្អូនអាចរៀបចំខ្លួនដោយសួរខ្លួនឯងនូវសំណួរដូចតទៅនេះ ៖
១.តើខ្ញុំធ្លាប់គិត ឬនិយាយពីភាពទន់ខ្សោយរបស់បុគ្គលដែលខ្ញុំបានសន្យាថាគាំទ្រដែរឬទេ ?
២.តើខ្ញុំធ្លាប់រកមើលភស្តុតាងថា ព្រះអម្ចាស់កំពុងដឹកនាំពួកលោកដែរឬទេ ?
៣.តើខ្ញុំធ្លាប់ធ្វើតាមការដឹកនាំរបស់ពួកលោកដោយមានមនសិការ និងដោយភក្ដីភាពដែរឬទេ ?
៤.តើខ្ញុំធ្លាប់និយាយពីភស្ដុតាងដែលខ្ញុំអាចមើលឃើញថា ពួកលោកគឺជាពួកអ្នកបម្រើរបស់ព្រះដែរឬទេ ?
៥.តើខ្ញុំអធិស្ឋានឲ្យពួកលោកជាទៀងទាត់តាមឈ្មោះរបស់ពួកលោក និងដោយអារម្មណ៍នៃសេចក្ដីស្រឡាញ់ដែរឬទេ ?
ចំពោះយើងភាគច្រើន សំណួរទាំងនេះនឹងដឹកនាំទៅរកការពិបាកចិត្តមួយចំនួន និងត្រូវការការប្រែចិត្ត ។
( ហិនរី ប៊ី អាវរិង « The Power of Sustaining Faith » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៥៩ )
ប្រសិនបើសំណួរទាំងនេះ « ដឹកនាំទៅរកការពិបាកចិត្តមួយចំនួន » សូមអធិស្ឋាន ហើយសរសេរអំពីអ្វីដែលអ្នកអាចធ្វើបានដើម្បីប្រែចិត្ត និងផ្លាស់ប្តូរ ។
វិចារណកថា និង ព័ត៌មានសាច់រឿង
តើអ្វីទៅជាគ្រោះថ្នាក់នៃការរិះគន់មនុស្សដែលព្រះអម្ចាស់បានហៅ ?
ព្យាការី យ៉ូសែប ស៊្មីធ ( ឆ្នាំ ១៨០៥–៤៤ ) បានបង្រៀន ៖
[ ប្រសិនបើមនុស្សម្នាក់ ] ក្រោកឡើងដើម្បីថ្កោលទោសដល់មនុស្សដទៃ ដោយស្វែងរកកំហុសជំទាស់នឹងសាសនាចក្រ ហើយនិយាយថាពួកគេគ្មានជម្រើសទេ ដោយសារគាត់ជាមនុស្សសុចរិត វាប្រាកដណាស់ថា មនុស្សម្នាក់នោះកំពុងស្ថិតនៅក្នុងផ្លូវឆ្ពោះទៅរកការក្បត់សាសនា ហើយប្រសិនបើគាត់ពុំប្រែចិត្តទេ នោះគាត់នឹងក្បត់សាសនាយ៉ាងពិតប្រាកដដរាបណាព្រះទ្រង់មានព្រះជន្ម ។
( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ៣១៨ )
តើការមានសំណួរជារឿងមិនអីទេមែនទេ ?
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលកាលនោះនៅក្នុងគណៈប្រធានទីមួយបានបង្រៀន ៖
តើវាមិនអីទេឬដែលចោទសួរអំពីសាសនាចក្រ ឬគោលលទ្ធិរបស់សាសនាចក្រនោះ ? មិត្តភក្ដិវ័យក្មេងជាទីស្រឡាញ់របស់ខ្ញុំអើយ យើងគឺជាមនុស្សដែលសួរសំណួរ … ដោយសារយើងដឹងថាសំណួរនាំទៅរកសេចក្ដីពិត ។ …
… អ្នកខ្លះអាចមានអារម្មណ៍អៀនខ្មាស់ ឬថាមិនស័ក្ដិសម ដោយសារពួកគេបានរកសំណួរដែលទាក់ទងទៅនឹងដំណឹងល្អ ប៉ុន្ដែពួកគេមិនចាំបាច់មានអារម្មណ៍បែបនោះទេ ។ ការសួរសំណួរមិនមែនជាសញ្ញានៃភាពទន់ខ្សោយនោះទេ វាគឺជាប្រផ្នូលមួយនៃការរីកចម្រើន ។ …
ចូរកុំខ្លាចសួរសំណួរឡើយ ។ ចូរឆ្ងល់ ប៉ុន្ដែកុំសង្ស័យឡើយ ! សូមកាន់ខ្ជាប់ទៅនឹងសេចក្ដីជំនឿ និងពន្លឺដែលអ្នកបានទទួលរួចហើយនោះជានិច្ច ។ ដោយសារយើងឃើញភាពមិនល្អឥតខ្ចោះនៅក្នុងជីវិតរមែងស្លាប់ ។ មិនមែនអ្វីៗទាំងអស់នឹងសមហេតុផលទេនៅពេលនេះ ។
( ឌៀរថើរ អេហ្វ អុជដូហ្វ « The Reflection in the Water » [ ការប្រជុំធម្មនិដ្ឋានប្រព័ន្ធអប់រំសាសនាចក្រសម្រាប់យុវមជ្ឈិមវ័យ ថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០០៩ ] នៅលើគេហទំព័រ broadcasts.ChurchofJesusChrist.org )
តើព្យាការីទំាងឡាយមិនចេះខុសទេឬ ?
សឺរី ឌូវ អតីតទីប្រឹក្សាក្នុងគណៈប្រធានសមាគមសង្គ្រោះទូទៅបានមានប្រសាសន៍ ៖
មនុស្សមួយចំនួនមានការច្របូកច្របល់ពីសំណួរនេះ ៖ ប៉ុន្តែ តើព្យាការី ដែលជាអ្នកមើលឆុត និងជាអ្នកទទួលវិវរណៈ មិនចេះខុសដែរឬទេ ? នោះជាសំណួរខុស ។ សំណួរដែលល្អជាងនេះនោះគឺ តើនរណាជា ពួកព្យាការី ? ពួកលោកគឺជាអ្នកកាន់កូនសោបព្វជិតភាពដែលបានតែងតាំងដែលផ្តល់សិទ្ធិអំណាចរបស់ព្រះអម្ចាស់ដើម្បីចែកចាយពាសពេញផែនដី ។ ពួកលោកប្រហែលជាមិនល្អឥតខ្ចោះទេ ។ ប៉ុន្តែពួកលោកគឺជាអ្នកដឹកនាំដែលបំផុសគំនិតយ៉ាងល្អឥតខ្ចោះបំផុតនៅលើផែនដី ហើយបំណងតែមួយគត់របស់ពួកលោកគឺបរិសុទ្ធឥតខ្ចោះ—គឺដើម្បីជួយយើងឲ្យស្វែងរកផ្លូវត្រឡប់ទៅផ្ទះវិញដោយចង្អុលយើងទៅរកព្រះយេស៊ូវគ្រីស្ទ ។
( សឺរី ឌូវ « Prophets » [ BYU–Pathway Worldwide devotional ថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២១ ] ទំព័រ ២ នៅលើគេហទំព័រ byupathway.org/speech )