កូរិនថូស ទី២ ៨–៩
ការមើលថែជនក្រីក្រ
ព្រះយេស៊ូវគ្រីស្ទយកព្រះទ័យទុកដាក់យ៉ាងជ្រាលជ្រៅដល់បុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ទាំងអស់ ហើយអញ្ជើញយើងឲ្យចូលរួមជាមួយទ្រង់ក្នុងការជួយដល់ជនក្រីក្រ និងអ្នកខ្វះខាតទាំងនោះ ។ ប៉ុលបានអញ្ជើញពួកបរិសុទ្ធកូរិនថូសឲ្យធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ដោយលះបង់ទ្រព្យរបស់ពួកគេដើម្បីមើលថែជនក្រីក្រ ។ មេរៀននេះអាចជួយអ្នកឲ្យធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទដោយការចែកចាយអ្វីដែលអ្នកមានជាមួយនឹងអ្នកដែលខ្វះខាត ។
សកម្មភាពរៀនសូត្រដែលអាចមាន
បញ្ហាប្រឈមដ៏ធំ
អែលឌើរ ជេហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បាននិយាយអំពីបញ្ហាប្រឈមដ៏ធំ ។ សូមគិតពីបញ្ហាប្រឈមមួយចំនួនដែលអាចបំពេញចន្លោះទទេបានដោយត្រឹមត្រូវនៅក្នុងសម្រង់សម្ដីខាងក្រោម ។
ក្នុងប្រវត្តិសាស្ត្រ ____________គឺត្រូវបានចាត់ថាជាឧបសគ្គដ៏ធំ និង ទូទៅបំផុតនៃមនុស្សលោក ។ ការរងទុក្ខជាក់ស្ដែងដែលមកពីភាពក្រីក្រ ជាទូទៅគឺខាងសាច់ឈាម តែការខូចខាតខាងវិញ្ញាណ និងខាងផ្លូវអារម្មណ៍ដែលបណ្ដាលមកពីភាពក្រីក្រ អាចកាន់តែធ្លាក់ចុះដុនដាបទៅទៀត ។
( អែលឌើរ ជែហ្វ្រី អ័រ ហូឡិន « Are We Not All Beggars? » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៤០ )
បញ្ហាប្រឈមដែលអែលឌើរ ហូឡិន បានលើកឡើងគឺ « ភាពក្រីក្រ » ដែលជាលក្ខខណ្ឌនៃការមានប្រាក់ ទំនិញ ឬមធ្យោបាយនៃការទ្រទ្រង់តិចតួច ឬគ្មានសោះ ។ ពាក្យថាភាពក្រីក្រក៏អាចសំដៅទៅលើការខ្វះខាតនូវអ្វីដែលយើងត្រូវការនៅក្នុងផ្នែកជាច្រើននៃជីវិតរបស់យើង រួមទាំងផ្នែករាងកាយ សតិអារម្មណ៍ សង្គម ឬខាងវិញ្ញាណផងដែរ ។
-
តើអ្នកដែលមានតិចជាងអ្នកដទៃមានបញ្ហាប្រឈមអ្វីខ្លះ ?
-
តើការប្រឈមទាំងនេះអាចជះឥទ្ធិពលដល់បុគ្គលណាម្នាក់ខាងសតិអារម្មណ៍ និងខាងវិញ្ញាណ ព្រមទាំងផ្លូវកាយយ៉ាងដូចម្ដេច ?
នៅពេលអ្នកសិក្សានៅថ្ងៃនេះ សូមចងចាំពីគំនិត និងអារម្មណ៍ដែលព្រះវរបិតាសួគ៌អាចនឹងបញ្ជូនទៅអ្នកតាមរយៈព្រះវិញ្ញាណបរិសុទ្ធអំពីរបៀបដែលទ្រង់អាចប្រើអ្នកដើម្បីជួយអ្នកដទៃដែលខ្វះខាត ។
ដូចដែលបានកត់ត្រានៅក្នុង កូរិនថូស ទី២ ៨:១–៨ សាវកប៉ុលបានអញ្ជើញពួកបរិសុទ្ធកូរិនថូស ឲ្យធ្វើតាមគំរូរបស់សមាជិកសាសនាចក្រនៅស្រុកម៉ាសេដូន ដែលបានផ្តល់ឲ្យពោរពេញដោយចិត្តសប្បុរសដល់ការមើលថែទាំជនក្រីក្រ ។ បន្ទាប់មក លោកបានកត់ត្រាការបង្រៀនសំខាន់ៗជាច្រើនអំពីការមើលថែជនក្រីក្រតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ។
គំរូរបស់ព្រះយេស៊ូវគ្រីស្ទ
ប៉ុលបានចែកចាយគំរូរបស់ព្រះអង្គសង្គ្រោះ ដើម្បីលើកទឹកចិត្តយើងឲ្យផ្គត់ផ្គង់តម្រូវការរបស់អ្នកដទៃដោយសេចក្តីស្រឡាញ់ដ៏ស្មោះសរ ។
សូមអាន កូរិនថូស ទី២ ៨:៩ ដោយរកមើលគំរូដែលមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួនរបស់ព្រះយេស៊ូវគ្រីស្ទក្នុងការប្រទានដល់យើង ។
-
តើអ្នកគិតថាប៉ុលចង់មានន័យយ៉ាងណា ពេលលោកសរសេរថាព្រះយេស៊ូវបានក្លាយជាអ្នកក្រ ដើម្បីឲ្យយើងក្លាយជាអ្នកមាន ?
គោលការណ៍មួយដែលយើងអាចរៀនពីសំបុត្ររបស់ប៉ុលគឺថា នៅពេលយើងយល់អំពីអ្វីគ្រប់យ៉ាងដែលព្រះអង្គសង្គ្រោះបានធ្វើសម្រាប់យើង នោះយើងនឹងកាន់តែមានបំណងដើម្បីផ្តល់ឲ្យមនុស្សដទៃ ។
សារៈសំខាន់នៃការមើលថែដល់អ្នកដែលខ្វះខាតត្រូវបានបង្រៀនពាសពេញព្រះគម្ពីរ រួមទាំងនៅក្នុងព្រះគម្ពីរមរមនផងដែរ ។ សូមអានការបង្រៀនខាងក្រោមរបស់ប៉ុល រួមជាមួយនឹងវគ្គបទគម្ពីរនៃព្រះគម្ពីរមរមនដែលទាក់ទង ដោយរកមើលអ្វីដែលវគ្គបទគម្ពីរទាំងនេះបង្រៀនអំពីការយកចិត្តទុកដាក់ចំពោះអ្នកដទៃ ។ សូមពិចារណាភ្ជាប់ទៅនឹងវគ្គបទគម្ពីរទាំងឡាយ ។
-
បំណងប្រាថ្នាចង់ឲ្យ ៖ កូរិនថូស ទី២ ៨:១២ ; ម៉ូសាយ ៤:២៤
-
តើត្រូវឲ្យប៉ុន្មាន ៖ កូរិនថូស ទី២ ៩:៦ ; អាលម៉ា ១:៣០
-
អាកប្បកិរិយាក្នុងការឲ្យ ៖ កូរិនថូស ទី២ ៩:៧ ; មរ៉ូណៃ ៧:៦–៨
-
ការដឹងគុណចំពោះព្រះ ៖ កូរិនថូស ទី២ ៩:១១–១៥ ; ម៉ូសាយ ៤:១៩–២១
-
តើអ្នកគិតថាព្រះអម្ចាស់នឹងឲ្យយើងធ្វើអ្វីខ្លះនៅសព្វថ្ងៃនេះ ដើម្បីរស់នៅតាមអ្វីដែលត្រូវបានបង្រៀននៅក្នុងវគ្គបទគម្ពីរនីមួយៗទាំងនេះ ?
អែលឌើរ ឌេល ជី រេនឡាន់ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ពីរបៀបដែលព្រះទ័យសប្បុរសរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទអាចផ្លាស់ប្តូរយើង ។
ពួកយើងម្នាក់ៗបានទទួលអំណោយទានជាច្រើនដែលយើងមិនអាចផ្ដល់ឲ្យខ្លួនឯងបាន ជាអំណោយទានជាច្រើនមកពីព្រះវរបិតាសួគ៌របស់យើង និងព្រះរាជបុត្រាសំណព្វរបស់ទ្រង់ រួមមានការប្រោសលោះតាមរយៈពលិកម្មដ៏ធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ យើងបានទទួលជីវិតលើពិភពលោកនេះ យើងនឹងទទួលបានជីវិតខាងសាច់ឈាមបន្ទាប់ពីនេះទៅ ព្រមទាំងសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើងដ៏អស់កល្ប—ប្រសិនបើយើងជ្រើសរើសយកវា—អ្វីទាំងអស់គឺដោយសារតែព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
គ្រប់ពេលដែលយើងប្រើ ទទួលប្រយោជន៍ ឬសូម្បីតែគិតពីអំណោយទានទាំងនេះ យើងគួរតែពិចារណាពីពលិកម្ម សេចក្ដីសប្បុរស និងក្ដីមេត្តាករុណារបស់អ្នកផ្ដល់ឲ្យ ។ គារវភាពចំពោះអ្នកផ្ដល់ឲ្យធ្វើឲ្យយើងមានអំណរគុណកាន់តែខ្លាំង ។ ការគិតដល់អំណោយរបស់ទ្រង់អាច និងគួរតែផ្លាស់ប្ដូរយើង ។
( ឌេល ជី រេនឡាន់ « Consider the Goodness and Greatness of God » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៤២ )
-
តើការត្រិះរិះពិចារណាអំពីព្រះទ័យសប្បុរសរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទអាចផ្លាស់ប្តូរយើងដោយរបៀបណា ?
ការមើលថែជនក្រីក្រនៅសម័យរបស់យើង
ប្រធាន រ័សុល អិម ណិលសុន បានពិពណ៌នាអំពីវិធីពីរយ៉ាងដែលព្រះអង្គសង្គ្រោះប្រើសាសនាចក្រដែលបានស្ដារឡើងវិញរបស់ទ្រង់ ដើម្បីមើលថែជនក្រីក្រជុំវិញពិភពលោកនាសម័យរបស់យើង ។ សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះ ឬអ្នកប្រហែលជាចង់មើល « The Second Great Commandment » ( លេខកូដម៉ោង ៦:១៥ ដល់ ៨:៥១ ) ដែលមាននៅគេហទំព័រ ChurchofJesusChrist.org ។
ចាប់តាំងពីគ្រានោះ អង្គការសប្បុរសធម៌ពួកបរិសុទ្ធថ្ងៃចុងក្រោយបានបិរច្ចាគច្រើនជាង ពីរប៊ីលាន ដុល្លារនៅក្នុងជំនួយដែលផ្ដល់ទៅដល់អ្នកដែលខ្វះខាតនៅទូទាំងពិភពលោក ។ ជំនួយនេះត្រូវបានផ្ដល់ទៅឲ្យអ្នកទទួលដោយពុំគិតពីសមាគមព្រះវិហារ ជាតិសាសន៍ ពូជអម្បូរ និន្នាការផ្លូវភេទ យែនឌ័រ ឬការបញ្ចុះបញ្ចូលខាងនយោបាយឡើយ ។
នោះពុំទាន់អស់នោះទេ ។ ដើម្បីជួយសមាជិកនៃសាសនាចក្ររបស់ព្រះអម្ចាស់ ដែលកំពុងមានវិបត្តិ យើងស្រឡាញ់ ហើយរស់នៅតាមច្បាប់តមអាហារពីបុរាណ [ សូមមើល អេសាយ ៥៨:៣–១២ ] ។ យើងចង់ជួយអ្នកដទៃដែលស្រេកឃ្លាន ។ ក្នុងរយៈពេលមួយថ្ងៃជារៀងរាល់ខែ យើងពុំទទួលទានអាហារ ហើយបរិច្ចាគថ្លៃចំណាយនៃអាហារ ( និងអ្វីច្រើនទៀត) ដើម្បីជួយអ្នកទាំងឡាយដែលខ្វះខាត ។
( រ័សុល អិម ណិលសុន « The Second Great Commandment » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៩៧–៩៨ )
-
តើសេចក្ដីថ្លែងការណ៍របស់ប្រធាន ណិលសុន មួយណាដែលអ្នកចាប់អារម្មណ៍ ?
-
តើអ្នកនឹងពន្យល់អំពីការតមអាហារ និងដង្វាយតមអាហារដល់អ្នកដែលមិនស្គាល់ការណ៍ទាំងនេះដោយរបៀបណា ?
-
បន្ថែមពីលើការបរិច្ចាគប្រាក់ទៅកាន់សាសនាចក្រ តើមានវិធីអ្វីខ្លះទៀតដែលយើងអាចជួយព្រះអម្ចាស់ក្នុងការមើលថែអ្នកដែលខ្វះខាតបាន ? តើនរណាបានធ្វើជាគំរូល្អដល់អ្នកអំពីគោលការណ៍នេះ ?
តើព្រះនឹងបង្គាប់ឲ្យអ្នកធ្វើអ្វី ?
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ពីតម្រូវការរបស់យើងក្នុងការទូលសូមការណែនាំពីព្រះក្នុងការជួយអ្នកទាំងឡាយដែលនៅជុំវិញយើង ។
ខ្ញុំមិនដឹងប្រាកដថា អ្នកម្នាក់ៗត្រូវបំពេញកាតព្វកិច្ចរបស់អ្នកក្នុងការជួយដល់ពួកអ្នកដែលតែងតែមិនជួយ ឬមិនអាចជួយខ្លួនគេផ្ទាល់នោះយ៉ាងណាទេ ។ តែខ្ញុំដឹងថា ព្រះដឹង ហើយទ្រង់នឹងជួយអ្នក និងដឹកនាំអ្នកក្នុងទង្វើដ៏ពេញដោយក្ដីអាណិតអាសូរនៃភាពជាសិស្សនោះ បើអ្នកមានមនសិការចង់ធ្វើ និងអធិស្ឋាន ហើយរកមើលរបៀបដើម្បីរក្សាបទបញ្ញត្តិ ដែលទ្រង់ប្រទានដល់យើងម្ដងហើយម្ដងទៀតនោះ ។
( ជែហ្វ្រី អ័រ ហូឡិន « Are We Not All Beggars? » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៤១ )
សូមធ្វើផែនការមួយដើម្បីធ្វើតាមគំនិត និងអារម្មណ៍ដែលអ្នកប្រហែលជាបានទទួលនៅថ្ងៃនេះ ដើម្បីជួយអ្នកដែលនៅជុំវិញអ្នក ។ ប្រសិនបើអ្នកមិនទាន់ប្រាកដថាតើនរណាដែលព្រះវរបិតាសួគ៌នឹងបង្គាប់ឲ្យអ្នកជួយ ឬរបៀបជួយពួកគេ សូមអធិស្ឋានទូលសូមការណែនាំ ហើយស្វែងរកឱកាសដើម្បីបម្រើអ្នកទាំងឡាយដែលនៅជុំវិញអ្នក រួមទាំងសមាជិកនៃគ្រួសាររបស់អ្នកផ្ទាល់ផងដែរ ។ ព្រះនឹងឆ្លើយតបការអធិស្ឋានរបស់អ្នកតាមវិធី និងពេលវេលារបស់ទ្រង់ផ្ទាល់ ។
វិចារណកថា និង ព័ត៌មានសាច់រឿង
តើការបរិច្ចាគដល់សាសនាចក្ររបស់ព្រះអង្គសង្គ្រោះត្រូវបានប្រើដើម្បីសម្រាលភាពក្រីក្រនៅថ្ងៃនេះដោយរបៀបណា ?
សូមចូលទៅកាន់គេហទំព័រ latterdaysaintcharities.org ដើម្បីស្វែងយល់ពីចម្លើយចំពោះសំណួរនេះ និងអ្វីៗជាច្រើនទៀត ។
សូមមើលវីដេអូ « A Child’s First Breath » ( ៣:១៣ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
សូមមើលវីដេអូ « Boys’ Home » ( ៣:២០ ) មាននៅលើគេហទំព័រ ChurchofJesusChrist.org ។
សូមមើលវីដេអូ « A Thousand Days » ( ៤:៣២ ) មាននៅលើគេហទំព័រ ChurchofJesusChrist.org ។
តើខ្ញុំអាចជួយអ្នកនៅជុំវិញខ្ញុំបានដោយរបៀបណាក្រៅពីការបរិច្ចាគប្រាក់ ?
ស៊ីស្ទើរ បូនី អិល អូស្ការសុន អតីតប្រធានយុវនារីទូទៅ បានចែកចាយគំនិតមួយក្នុងចំណោមគំនិតជាច្រើន ៖
មិត្តវ័យក្មេងរបស់ខ្ញុំអើយ ខ្ញុំអាចអះអាងថា គ្រប់ទីកន្លែងតែងតែមានអ្នកដែលឯកោមកចូលរួមក្នុងការប្រជុំសាសនាចក្រ ជាអ្នកដែលមានបញ្ហាជាច្រើន ហើយត្រូវការមិត្ត ឬអ្នកដែលមានអារម្មណ៍ថា ពួកគេពុំមានចំណែកនៅទីនោះ ។ អ្នកមានអ្វីដែលសំខាន់ដើម្បីចែកចាយក្នុងគ្រប់ការប្រជុំ ឬសកម្មភាព ហើយព្រះអម្ចាស់មានព្រះទ័យចង់ឲ្យអ្នកមើលទៅមិត្តជុំវិញខ្លួនអ្នក រួចហើយទៅបម្រើដូចជាទ្រង់នឹងបម្រើ ។
( បូនី អិល អូស្ការសុន « The Needs before Us » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ២៦ )
ព្យាការី យ៉ូសែប ស្ម៊ីធ ( ឆ្នាំ ១៨០៥–៤៤ ) បានពន្យល់ ៖
[ សមាជិកនៃសាសនាចក្រ ] ត្រូវផ្ដល់អាហារដល់អ្នកដែលស្រេកឃ្លាន ស្លៀកពាក់ឲ្យអ្នកអាក្រាត ផ្គត់ផ្គង់ដល់ស្ត្រីមេម៉ាយ ជូតទឹកភ្នែករបស់កុមារកំព្រា សម្រាលទុក្ខដល់អ្នករងទុក្ខ មិនថានៅក្នុងព្រះវិហារនេះ ឬនៅក្នុងព្រះវិហារផ្សេង ឬនៅកន្លែងមិនមែនជាព្រះវិហារអ្វីសោះ គឺគ្រប់ទីកន្លែងដែលលោករកពួកគេឃើញ ។
( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ៤២៦ )