កូរិនថូស ទី២ ១១–១២
ការស៊ូទ្រាំនឹងការសាកល្បងដោយមានសេចក្តីជំនឿទៅលើព្រះគ្រីស្ទ
សូម្បីតែសិស្សដ៏ស្មោះត្រង់បំផុតរបស់ព្រះយេស៊ូវគ្រីស្ទក៏រងទុក្ខនឹងការលំបាកក្នុងជីវិតរបស់ពួកលោកផងដែរ ។ ប៉ុលបានចែកចាយការរងទុក្ខមួយចំនួនដែលលោកបានរងទុក្ខ និងរបៀបដែលលោកអាចរកបាននូវសេចក្ដីអំណរក្នុងបទពិសោធន៍ទាំងនោះ តាមរយៈជំនួយរបស់ព្រះអង្គសង្គ្រោះ ។ មេរៀននេះអាចជួយអ្នកឲ្យពឹងផ្អែកទៅលើព្រះអម្ចាស់ នៅពេលអ្នកព្យាយាមស៊ូទ្រាំនឹងបញ្ហាប្រឈមរបស់អ្នកដោយស្មោះត្រង់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការសាកល្បងនៃជីវិត
-
តើអ្នកគិតថា អ្វីជាគោលបំណងនៃបន្លានៅលើដើមផ្កាកុលាប ?
នៅក្នុងជីវិតនេះ យើងមានបទពិសោធន៍ដ៏ល្អអស្ចារ្យជាច្រើនដែលអាចប្រៀបធៀបទៅនឹងផ្កាកុលាបបាន ។ ទោះជាយ៉ាងណាក៏ដោយ យើងក៏ប្រឈមមុខនឹងការសាកល្បង និងបញ្ហាប្រឈមដែលអាចប្រៀបធៀបជាមួយនឹងបន្លាបានផងដែរ ។
-
តើការសាកល្បង និងបញ្ហាប្រឈមអ្វីខ្លះដែលយើងអាចប្រឈមមុខក្នុងជីវិតនេះ ?
-
តើគំនិត និងសំណួរអ្វីខ្លះដែលមនុស្សអាចសួរអំពីព្រះ នៅពេលពួកគេឆ្លងកាត់ការសាកល្បង ? តើពួកគេអាចនឹងឆ្ងល់អំពីអ្វីខ្លះអំពីខ្លួនពួកគេ ?
នៅពេលអ្នកសិក្សានៅថ្ងៃនេះ សូមរកមើលសេចក្តីពិតដែលអាចជួយអ្នកឲ្យស៊ូទ្រាំដោយស្មោះត្រង់ជាមួយនឹងការសាកល្បងដែលព្រះជ្រើសរើសមិនដកចេញពីជីវិតរបស់អ្នក ដោយសារតែសេចក្តីស្រឡាញ់ និងព្រះប្រាជ្ញាញាណរបស់ទ្រង់ ។ សូមសញ្ជឹងគិតអំពីមូលហេតុដែលអ្នកត្រូវការជំនួយពីព្រះ នៅពេលអ្នកស៊ូទ្រាំនឹងការសាកល្បងទាំងនោះ ។
ការសាកល្បងរបស់ប៉ុល
សូមអាន កូរិនថូស ទី២ ១១:២៤–២៨ ដោយរកមើលការសាកល្បងមួយចំនួនដែលប៉ុលបានស៊ូទ្រាំអំឡុងពេលការងារបម្រើរបស់លោក ។
-
តើគំរូអ្វីផ្សេងទៀតដែលអ្នកអាចគិតដល់ ដែលចេញពីបទគម្ពីរ ឬពីប្រវត្តិសាសនាចក្រដែលបង្ហាញថា សូម្បីតែមនុស្សសុចរិតក៏ជួបនឹងការលំបាកដែរ ? តើព្រះជន្មរបស់ព្រះអង្គសង្គ្រោះគឺជាភស្ដុតាងនៃរឿងនេះយ៉ាងដូចម្ដេច ?
-
ហេតុអ្វីបានជាអ្នកគិតថា ព្រះវរបិតាសួគ៌អនុញ្ញាតឲ្យសិស្សដ៏ស្មោះត្រង់របស់ព្រះយេស៊ូវគ្រីស្ទរងទុក្ខខ្លាំងម្ល៉េះ ?
ទោះបីជាព្រះបានប្រទានពរដល់ប៉ុលនូវវិវរណៈដ៏អស្ចារ្យ រួមទាំងការនិមិត្តអំពីនគរសេឡេស្ទាលក៏ដោយ ( សូមមើល កូរិនថូស ទី២ ១២:១–៤ ) ក៏ប៉ុលនៅតែត្រូវស៊ូទ្រាំនឹងការសាកល្បង និងការល្បងនៃសេចក្តីជំនឿរបស់លោកដែរ ។ សូមអាន កូរិនថូស ទី២ ១២:៧ ដើម្បីមើលពីអ្វីដែលប៉ុលបានប្រៀបធៀបការសាកល្បងដែលលោកកំពុងមាន ។
-
តើ « បន្លាមួយចាត់មកក្នុងសាច់ឈាម » អាចជាការពិពណ៌នាដ៏ល្អពីការសាកល្បងផ្ទាល់ខ្លួនមួយចំនួនយ៉ាងដូចម្ដេច ?
-
តើការប្រៀបធៀបអ្វីដែលអ្នកអាចប្រើដើម្បីពិពណ៌នាអំពីការសាកល្បងជាក់លាក់មួយដែលអ្នក ឬមនុស្សជាទីស្រឡាញ់របស់អ្នកបានស៊ូទ្រាំ ? ហេតុអ្វីទៅ ?
សូមអាន កូរិនថូស ទី២ ១២:៨–១០ ដើម្បីមើលបទពិសោធន៍របស់ប៉ុលដែលអធិស្ឋានទូលសូមឲ្យ « បន្លាមួយចាត់មកក្នុងសាច់ឈាម » របស់លោកត្រូវបានដកចេញ ។ នៅពេលអ្នកអាន សូមចាំពាក្យនោះថា ព្រះគុណ គឺមានន័យថា « ជំនួយ ឬកម្លាំងពីព្រះ … ដែលត្រូវប្រទានឲ្យដោយសេចក្ដីមេត្តាករុណា និងសេចក្ដីស្រឡាញ់នៃព្រះ » ( សេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ « ព្រះគុណ » គេហទំព័រ scriptures.ChurchofJesusChrist.org; សូមមើល អេធើរ ១២:២៧ ផងដែរ ) ។
សេចក្តីពិតមួយ ដែលយើងអាចរៀនចេញពីបទពិសោធន៍របស់ប៉ុល គឺថា ព្រះអម្ចាស់ប្រហែលជាមិនដកចេញនូវបញ្ហាប្រឈមរបស់យើងជានិច្ចនោះទេ ប៉ុន្តែយើងអាចត្រូវបានពង្រឹងដោយព្រះគុណរបស់ទ្រង់ នៅពេលដែលយើងស៊ូទ្រាំនឹងការសាកល្បងដោយស្មោះត្រង់ ។
-
តើអ្នកបានឃើញសេចក្ដីពិតនេះកើតឡើងជាក់ស្ដែងនៅក្នុងព្រះជន្មរបស់ព្រះអង្គសង្គ្រោះយ៉ាងដូចម្ដេច ? ( សូមមើល លូកា ២២:៤១–៤៤ ) ។
សូមស្វែងរក និងអានយ៉ាងហោចណាស់ដំណើររឿងព្រះគម្ពីរមួយដែលបង្ហាញពីរបៀបដែលព្រះអម្ចាស់អាចប្រទានពរដល់អ្នកដែលស៊ូទ្រាំនឹងការសាកល្បងដោយសេចក្តីជំនឿទៅលើទ្រង់ ។ ( ខាងក្រោមនេះគឺជាការណែនាំអំពីដំណើររឿងដែលអ្នកអាចជ្រើសរើសបាន ) ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:១–៨; ១២២:៧–៩ ។ ( យ៉ូសែប ស្ម៊ីធ បានអធិស្ឋាន នៅពេលលោកកំពុងរងទុក្ខនៅក្នុងគុកលិបើទី ) ។
ម៉ូសាយ ២៤:៨–១៥ ។ ( ប្រជាជនរបស់អាលម៉ាជាឈ្លើយរបស់សាសន៍លេមិន ហើយត្រូវបានគ្រប់គ្រងដោយសង្ឃទុច្ចរិត ឈ្មោះអាមូឡុន ) ។
-
តើអ្នកបានរៀនអ្វីខ្លះអំពីព្រះអម្ចាស់ និងអ្វីដែលទ្រង់ប្រទានដល់អ្នកដែលស៊ូទ្រាំនឹងការសាកល្បងដោយស្មោះត្រង់ ?
-
តើពរជ័យមួយណាដែលអ្នកត្រូវការជាងគេ នៅពេលអ្នកស៊ូទ្រាំនឹងការសាកល្បងរបស់អ្នក ? ហេតុអ្វីទៅ ?
-
តើអ្នកស្គាល់នរណាម្នាក់ដោយផ្ទាល់ដែលបានស៊ូទ្រាំនឹងបញ្ហាប្រឈមដោយស្មោះត្រង់ដែរឬទេ ? តើពួកគេបានធ្វើអ្វីខ្លះដើម្បីស៊ូទ្រាំដោយភាពស្មោះត្រង់ ? តើអ្នកបានឃើញព្រះគុណរបស់ព្រះអម្ចាស់ជួយដល់ពួកគេដោយរបៀបណា ?
-
តើអ្នកគិតថាព្រះអង្គសង្គ្រោះនឹងឲ្យអ្នកធ្វើអ្វីខ្លះ ដើម្បីស៊ូទ្រាំនឹងការសាកល្បងរបស់អ្នកដោយស្មោះត្រង់ ?
សូមមើលវីដេអូ « Mountains to Climb » ( ៥:០៥ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ដោយស្វែងរកអ្វីដែលយើងអាចធ្វើបានដើម្បីស៊ូទ្រាំនឹងការសាកល្បងដោយភាពស្មោះត្រង់ ។
-
តើអ្នកបានរៀនអ្វីខ្លះអំពីការស៊ូទ្រាំនឹងការសាកល្បងដោយសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ?
ដោយផ្អែកលើអ្វីដែលអ្នកបានរៀន និងទទួលអារម្មណ៍នៅពេលអ្នកបានសិក្សា កូរិនថូស ទី២ ១២ នៅថ្ងៃនេះ សូមបន្ថែម ឬសរសេរសេចក្តីថ្លែងការណ៍ខាងក្រោមនេះឡើងវិញ ដើម្បីធ្វើឲ្យវាកាន់តែមានលក្ខណៈត្រឹមត្រូវ ។
« ប្រសិនបើយើងអធិស្ឋានដោយមានសេចក្ដីជំនឿគ្រប់គ្រាន់ទៅលើព្រះយេស៊ូវគ្រីស្ទ នោះព្រះវរបិតាសួគ៌នឹងដកការសាកល្បងណាមួយដែលយើងកំពុងឆ្លងកាត់ចេញ » ។
វិចារណកថា និង ព័ត៌មានសាច់រឿង
តើព្រះអង្គសង្គ្រោះគឺជាគំរូនៃសេចក្ដីពិតដែលបានបង្រៀននៅក្នុងមេរៀននេះយ៉ាងដូចម្ដេច ?
ប្រធាន ដាល្លិន អេក អូក នៃគណៈប្រធានទីមួយ បានចែកចាយដូចខាងក្រោមនេះអំពី លូកា ២២:៤១–៤៤ ៖
នៅត្រង់នេះ យើងមើលឃើញពីសេចក្តីជំនឿ និងការទុកព្រះទ័យទាំងស្រុងរបស់ព្រះអង្គសង្គ្រោះលើព្រះវរបិតា ។ ទ្រង់បានមានព្រះបន្ទូលថា « ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឬទ័យទ្រង់វិញ » ។ ចម្លើយរបស់ព្រះវបិតាគឺដើម្បីបដិសេធការអង្វររបស់ព្រះរាជបុត្រាទ្រង់តែមួយ ។ ដង្វាយធួនត្រូវតែបានបំពេញដោយកូនចៀមដែលគ្មានបាបទាល់តែសោះនោះ ។ ប៉ុន្តែ ទោះជាសំណើរបស់ព្រះរាជបុត្រាត្រូវបានបដិសេធក៏ដោយ ក៏ការអធិស្ឋានរបស់ទ្រង់ត្រូវបានឆ្លើយតបដែរ ។ បទគម្ពីរកត់ត្រា ៖ « នោះមានទេវតាបានលេចមកឯទ្រង់អំពីស្ថានសួគ៌មកចម្រើនកម្លាំងថ្វាយទ្រង់ » ( ក.យ.ស. លូកា ២២:៤៣ ) ។
( ដាល្លិន អេក អូក « Faith in the Lord Jesus Christ » Ensign ខែ ឧសភា ឆ្នាំ ១៩៩៤ ទំព័រ ១០០ )
តើព្រះអង្គសង្គ្រោះផ្ដល់អ្វីខ្លះដល់យើងក្នុងអំឡុងពេលនៃការសាកល្បងរបស់យើង ?
ប្រធាន ដាល្លិន អេក អូក នៃគណៈប្រធានទីមួយបានចែករំលែក ៖
ព្រះចេស្តានៃការព្យាបាលរបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ—មិនថាវាបានដកយកបន្ទុកយើងចេញ ឬពង្រឹងយើងឲ្យស៊ូទ្រាំ ហើយរស់នៅជាមួយនឹងវាដូចជាសាវកប៉ុលនោះទេ—គឺមានសម្រាប់រាល់ការរងទុក្ខនៅក្នុងជីវិតរមែងស្លាប់នេះ ។
( ដាល្លិន អេក អូក « He Heals the Heavy Laden » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៨ )
តើការតស៊ូរបស់យើងអាចជួយយើងឲ្យផ្តល់ពរជ័យដល់អ្នកនៅជុំវិញយើងដោយរបៀបណា ?
ស៊ីស្ទើរ រ៉េណា អ៊ី អាប៊ើតូ ទីប្រឹក្សាទីពីរនៅក្នុងគណៈប្រធានសមាគមសង្គ្រោះទូទៅ បានបង្រៀន ៖
ភាពស្មុគស្មាញនានារបស់បងប្អូនពុំកំណត់ពីបុគ្គលិកលក្ខណៈរបស់បងប្អូនបានទេ ប៉ុន្តែវាអាច កែលម្អ បងប្អូនបាន ។ ដោយសារតែ « បន្លាមួយចាត់មកក្នុងសាច់ឈាម » នោះបងប្អូនអាចមានលទ្ធភាពដើម្បីមានចិត្តមេត្តាចំពោះមនុស្សដទៃបាន ។
( រ៉េណា អ៊ី អាប៊ើតូ « Thru Cloud and Sunshine, Lord, Abide with Me! » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៥៩ )
តើអ្នកដែលកាន់បព្វជិតភាពអាចព្យាបាលអស់អ្នកដែលមានសេចក្ដីជំនឿឲ្យបានជាសះស្បើយដែរឬទេ ?
ប្រធាន ដាល្លិន អេក អូក នៃគណៈប្រធានទីមួយបានពន្យល់ ៖
ទោះបីជាព្រះអង្គសង្គ្រោះអាចព្យាបាលអស់អ្នកដែលទ្រង់នឹងព្យាបាលបានក៏ដោយ ប៉ុន្តែចំពោះអ្នកដែលមានសិទ្ធិអំណាចបព្វជិតភាពមិនអាចធ្វើដូចទ្រង់បានទេ ។ ការអនុវត្តសិទ្ធិអំណាចនោះនៅក្នុងជីវិតរមែងស្លាប់ត្រូវបានកំណត់ដោយព្រះរាជបំណងរបស់ទ្រង់ដែលជាម្ចាស់នៃបព្វជិតភាពនេះ ។ ហេតុដូច្នេះហើយ យើងត្រូវបានគេប្រាប់ថា អ្នកខ្លះដែលអែលឌើរផ្តល់ពរមិនបានជាសះស្បើយទេ ដោយសារពួកគាត់ត្រូវបាន « កំណត់ឲ្យស្លាប់ » [ គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៤៨ ] ។ ស្រដៀងគ្នាដែរ នៅពេលដែលសាវកប៉ុលបានស្វែងរកការព្យាបាលពី « បន្លាចាត់មកក្នុងសាច់ឈាម » ដែលបានធ្វើទុក្ខលោក ( កូរិនថូស ទី២ ១២:៧ ) នោះព្រះអម្ចាស់បានបដិសេធមិនព្យាបាលលោកទេ ។
( ដាល្លិន អេក អូក « He Heals the Heavy Laden » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៧ )